วันพุธที่ 18 พฤษภาคม พ.ศ. 2554

សិរី នៃ​កបិល​មហា​ព្រហ្ម

សហជីវិន ផល - ទិត នៅ​ពុទ្ធសាសនបណ្ឌិត្យ
(១៧ - ៤ - ៦៧)

រាល់​តែ​ពេល​ចូល​ឆ្នាំ​ថ្មី រឿង​កបិល​មហា​ព្រហ្ម​ដែល​ចោទ​បញ្ហា​អំពី​សិរី​ចំពោះ​ធម្មបាល​មាណព គេ​តែង​លើក​ឡើង​ម​សំដែង​ជា​សាធារណៈ អស់​កាល​យូរលង់​មក​ហើយ, តើ​យើង​បាន​ចាប់ភ្លឹក​នឹកនា​ដល់​ន័យ​ដ៏​មាន​ខ្លឹមសារ​របស់​ពាក្យ​ថា សិរី នេះ​ដែរ​ឬ​ទេ ? បើ​បាន​នឹកនា​ដែរ, តើ​អ្វី​ទៅ​ដែល​ហៅ​ថា សិរី ?
តាម​ប្រភព​រឿង​ព្រេង​កបិល​មហា​ព្រហ្ម​នេះ បាន​ឲ្យ​ដំណឹង​ដល់​យើង​ថា សម័យ​កាល​នោះ ពិភព​មនុស្ស​លោក ឋិត​នៅ​ក្រោម​ទេវ​បញ្ជា​របស់​ព្រហ្ម​ដែល​នៅ​ឯ​ព្រហ្មលោក ។ ព្រះ​ព្រហ្ម​បាន​ចាត់​ឲ្យ​កបិល​មហា​ព្រហ្ម​មក​គ្រប់គ្រង ដឹកនាំ​មនុស្ស​លោក​ឲ្យ​ប្រតិបត្តិ​តាម​នូវ​អ្វី​អ្វី​គ្រប់​យ៉ាង​តាម​ទេវ​ បញ្ជា ដោយ​ហេតុ​គេ​យល់​ថា មនុស្ស​លោក ជា​កូន​បង្កើត​របស់​ព្រះ​ព្រហ្ម គឺ​ព្រះ​ព្រហ្ម​ហ្នឹង​ឯង ជា​អ្នក​បង្កើត​ពិភពលោក​ទាំង​មូល ព្រម​ទាំង​មនុស្ស​សត្វ និង​សារពើ​ធម្មជាតិ​ទួទៅ ។
ប៉ុន្តែ ពិភព​មនុស្ស​លោក​នេះ ត្រូវ​បាន​ផ្លាស់​ប្ដូរ​បរិនាយក​ថ្មី​ដែល​មាន​ជាតិ​ជា​មនុស្ស​ដូច​គ្នា​វិញ ចាប់​តាំង​ពី​ខណៈ​ដែល​មាណព​ម្នាក់​មាន​សញ្ជាត​ជា​មនុស្ស​ឈ្មោះ ធម្មបាល បាន​ជោគជ័យ​លើ កបិល មហា​ព្រហ្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា ហើយ​កបិល​មហា​ព្រហ្ម​ប្រគល់​កិច្ចការ​ដឹកនាំ​មនុស្ស​លោក​ឲ្យ​ដល់​ជាតិ​ មនុស្ស រួច​លោក​កាត់​ព្រះ​សិរៈ​ក្ស័យ​ព្រះ​ជន្ម​នោះ​មក ។
សេចក្ដី​នេះ ស​ឲ្យ​ដឹង​ថា ប្រហែល​ជា​ពេល​ពី​មុន​មក ពុំ​ទាន់​មាន​ជាតិ​មនុស្ស​ណា​ម្នាក់​ដែល​មាន​សតិ​បញ្ញា អាច​នឹង​ដឹកណាំ​ពីភពលោក​យើង​នេះ​បាន​ឡើយ ទើប​ភារកិច្ច​ដឹកនាំ​នេះ ឋិត​នៅ​ក្នុង​កណ្ដាប់​ព្រះ​ហស្ដ​របស់​ព្រះ​ព្រហ្ម ។ លុះ​ក្រោយ​មក ជាតិ​មនុស្ស កាន់​តែ​ចំរើន​ការ​ចេះ​ដឹង​ឡើង​ជា​លំដាប់ រហូត​ដល់​អាច​គ្រប់គ្រង​ពិភពលោក​ដោយ​ខ្លួន​ឯង​បាន ទើប​ព្រះ​ព្រហ្ម ទ្រង់​ផ្ទេរ​ក្រសួង​គ្រប់គ្រង​ដឹកនាំ​ពិភពលោក​នេះ មក​ឲ្យ​មនុស្ស​លោក​កាន់​កាប់​ផ្ទាល់​ដោយ​ខ្លួន​ឯង​វិញ ។
ការ​កាត់​ផ្ដាច់​នូវ​សិរៈ​របស់​ព្រះ​ព្រហ្ម គឺ​ជា​និមិត្តរូប​នៃ​ការ​ផ្ទេ​អំណាច​សព្វ​យ៉ាង, បាន​សេចក្ដី​ថា ព្រះ​ព្រហ្ម លោក​ផុត​អំណាច​ដឹកនាំ​ពិភព​មនុស្ស​លោក ចាប់​តាំង​ពី​ត្រឹម​នោះ​មក ។
ដើម្បី​ជា​អនុស្សាវរីយ៍ និង​ដើម្បី​សំដែង​នូវ​កតញ្ញុតា​ចំពោះ​ព្រះ​រាជ​ហឫទ័យ​ដ៏​សប្បុរស​របស់​ព្រះ​ ព្រហ្ម ដែល​បាន​ប្រគល់​អំណាច និង​សិទ្ធ​គ្រប់​យ៉ាង​ក្នុង​កិច្ច​គ្រប់គ្រង​ដឹកនាំ​ពិភពលោក មក​ឲ្យ​មនុស្ស​លោក​ដោយ​មេត្តា​ករុណា​នេះ ទើប​បាន​ជា​មនុស្ស​លោក តែង​តែ​ធ្វើ​ពិធី​យ៉ាង​អធិក​រំឭក​ជីវប្រវត្តិ​របស់​លោក ជា​រៀង​រាល់​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ​ឯង ។
រី​ឯ​បញ្ហា ដែល​ព្រះ​ព្រហ្ម​លើក​មក​ចោទ​សួរ​ជាតិ​មនុស្ស ដើម្បី​ស្ទាបស្ទង់​មើល​សតិ​បញ្ញា​ការ​ចេះ​ដឹង​នោះ គឺ បញ្ហា​សិរី ។ 
ពាក្យ​ថា សិរី នេះ បើ​និយាយ​ឲ្យ​ខ្លី​ថា អ្វី ៗ ដែល​ជា​ប៉ែក​ខាង​ល្អ​ប្រសើរ ហៅ​ថា សិរី ទាំងអស់ ព្រោះ​វចនានុក្រម​ខ្មែរ​បាន​បញ្ជាក់​ថា សិរី គឺ លំអ, លំអ​ដែល​គួរ​ឲ្យ​ស្រឡាញ់ ; សួស្ដី, ស្រីសួស្ដី, មង្គល, ជោគ, សេចក្ដី​សុខ, សេចក្ដី​ចំរើន, បុណ្យ, ភ័ព្យ​បុណ្យ, ភព្វព្រេង, សំណាង​ល្អ, ព្រេង​សំណាង​ល្អ, ទ្រព្យ, ការ​មាន​បាន, លាភ, ឥស្សរភាព, តេជះ, អំណាច, រាជស័ក្តិ, ទិព្វ​ស័ក្តិ, ភគវតី, លក្ស្មី ។ល។
ដូច្នេះ គប្បី​យល់​ថា បាន​ជា​ព្រះ​ព្រហ្ម​លើ​យក​សិរី​មក​ចោទ​សួរ​មនុស្ស ព្រោះ​សិរី​នេះ អាច​ចាត់​ទុក​បាន​ថា ជា​និមិត្តរូប​នៃ​ឥស្សរភាព​របស់​មនុស្ស​លោក​ហ្នឹង​ឯង ។
ឥឡូវ យើង​ចង់​ដឹង​ន័យ​ខាង​ចំឡើយ របស់​ធម្មបាល​មាណព ដែល​លើក​យក​ទឹក​មក​ឲ្យ​ឈ្មោះ​ថា​សិរី​វិញ, ចំឡើយ​នោះ​ថា សិរី នេះ ពេល​ព្រឹក​ឋិត​នៅ​ត្រង់​មុខ ព្រោះ​ពួក​មនុស្ស​តែង​ភ្ញាក់​ឡើង​ពី​ដេក ហើយ​យក​ទឹក​មក​លុប​មុខ​រាល់​តែ​ពេល​ព្រឹក, ពេល​ថ្ងៃ​ត្រង់​ឋិត​នៅ​ត្រង់​ដើមទ្រូង ព្រោះ​ពួក​មនុស្ស​កាល​ណា​តែ​ក្ដៅ​ខ្លាំង តែង​តែ​យក​ទឹក​មក​លាប​ស្រឡាប​ដើមទ្រូង, ពេល​ល្ងាច​ឋិត​នៅ​ត្រង់​ជើង ព្រោះ​ពួក​មនុស្ស​តែង​យក​ទឹក​មក​លាង​ជើង​មុន​ទើប​ចូល​ដំណេក ។ បាន​សេចក្ដី​ថា បើ​ទឹក ទៅ​ទទឹក​នឹង​អវយវៈ​ណា, សិរី ក៏​ឋិត​នៅ​ត្រង់​អវយវៈ​នោះ​ដែរ គឺ ទឹក ហ្នឹង​ឯង​ជា សិរី ។
តើ​សម​ទ​ទេ ? ចំពោះ​ចំឡើយ​ធម្មបាល​មាណព​នេះ ដែល​លើក ទឹក មក​ឲ្យ​ឈ្មោះ​ថា សិរី ។
តាម​យោបល់​ខ្ញុំ ថា​សម​ហើយ ព្រោះ​សម័យ​នោះ នៅ​ប្រទេស​ឥណ្ឌា មាន​សាស្ដា​ច្រើន​ណាស់ ដែល​ប្រកាស​លទ្ធោ​ប្លែក ៗ ពី​គ្នា ។ បណ្ដា​លទ្ធិ​ទាំង​នោះ, មាន​លទ្ធិ​ខ្លះ គោរព​ភ្លើង, ខ្លះ គោរព​សត្វ​អាសិរ្ពិស, ខ្លះ គោរព​ដី, ខ្លះ គោរព​ខ្យល់ ។ល។​ខ្លះ គោរព​ទឹក ។ ដើម្បី​ឲ្យ​បាន​ចំណេញ​ឥទ្ធិពល​រៀង​ខ្លួន, សាស្ដា​ទាំង​នោះ​ក៏​ខំ​សំដែង​រឿងរ៉ាវ​ក្នុង​លទ្ធិ​របស់​ខ្លួន​ឲ្យ​ឃើញ​ អស្ចារ្យ​ផ្សេង ៗ ជា​ប្រភព​បញ្ជាក់​ថា លទ្ធិ​របស់​ខ្លួន ពិត​ជា​លទ្ធិ​ត្រឹមត្រូវ​ប្រាកដ​មែន ។ ដូច​លទ្ធិ​គោរព​គោ​ញី, មេ​លទ្ធិ​ខំ​ប្រឹង​អួត​សរសើរ អំពី​គុណ​សម្បត្តិ​គោ​ញី​ថា​ជា​ព្រះ​នៃ​មនុស្ស​លោក, លទ្ធិ​គោរព​ភ្លើង, ក៏​ប្រឹង​ពណ៌នា អំពី​លទ្ធិ​នៃ​ព្រះ​ភ្លើង​ថា ជា​ព្រះ​ន​ពិភពលោក​មនុស្ស​យើង​ដែរ ។
ឯ​លទ្ធិ​គោរព​ទឹក ក៏​ខំ​ប្រឹង​ឆ្លៀត​បញ្ចូល​ព្រះ​ទឹក ទៅ​ក្នុង​ទេវ​ប្រវត្តិ​លើក​តំកើង​ទឹក​ថា ជា​វត្ថុ​ពិសេស​បំផុត​ក្នុង​លោក ដូច​គ្នា​ដែរ ។ យ៉ាង​ហ្នឹង​ហើយ បាន​ជា​ទឹក​ក្នុង​រឿង​មហា​ព្រហ្ម​នេះ លោក​ចាត់​ទុក​ថា​ជា​សិរី​របស់​ពិភព​លោក គឺ​គេ​ចាត់​ទឹក​នេះ​ទុក​ថា ជា​វត្ថុ​ស័ក្តិសិទ្ធិ​បំផុត រហូត​ដល់​មាន​តេជះ​អាច​នឹង​រំដោះ​យក​ឥស្សរភាព​នៃ​មនុស្ស​លោក អំពី​ព្រះ​ព្រហ្ម​ដែល​ជា​កំពូល​ត្រៃលោក​បាន​ទៀត​ផង ។
ម្យ៉ាង​ទៀត ទឹក នេះ ជា​របស់​យ៉ាង​ចាំបាច់​របស់​មនុស្ស​សត្វ ព្រោះ​មនុស្ស​សត្វ​ត្រូវ​ការ​ទឹក ដើម្បី​រស់ ហើយ​ក៏​ជា​របស់​ចាំបាច់​ម្យ៉ាង​ទៀត គឺ​មនុស្ស​ត្រូវ​ការ​ប្រើប្រាស់​ទឹក​សំរាប់​ងូត​ជំរះ​កាយ, លាង​សំអាត​នូវ​អ្វី ៗ ដែល​ប្រឡាក់ និង​សំរាប់​លាប​ស្រឡាប​ឲ្យ​ត្រជាក់ ។ល។ ដូច្នេះ ល្មម​តែ​ចាត់ ទឹក ទុក​ថា ជា សិរី បាន​មែន ។
ប៉ុន្តែ បើ​ឲ្យ​រឹតតែ​ឲ្យ​សម​ជាង​នេះ​ទៅ​ទៀត គឺ​ទឹក​ដែល​ចាត់​ទុក​ថា​ជា សិរី នេះ សំដៅ​យក ទឹក​ចិត្ត ដ៏​ត្រជាក់​របស់​មនុស្ស​លោក ។ មនុស្ស​ក្នុង​លោក​នេះ តែង​មាន​ភាព​ពុំ​ស្មើ​គ្នា ដូចជា​ខ្លះ​មាន​កម្លាំង​ច្រើន, ខ្លះ​ខ្សោយ, ខ្លះ​ចេះ, ខ្លះ​ល្ងង់, ខ្លះ​មាន​ប្រាជ្ញា, ខ្លះ​អប្ប​ប្រាជ្ញា, ខ្លះ​មាន​ទ្រព្យ​ច្រើន, ខ្លះ​ក្រីក្រ, ខ្លះ​មាន​តេជះ​អំណាច, ខ្លះ​អាប់​រស្មី ។ល។ ខ្លះ​ជា​មហា​អំណាច, ខ្លះ​នៅ​ទន់ខ្សោយ ។ ការ​ខុស​សភាព​ពី​គ្នា​នេះ បើ​មនុស្ស​ក្នុង​លោក​ពុំ​យក​ទឹក​ចិត្ត​ដ៏​ត្រជាក់ មក​ប្រើ​សម្រាប់​លាង​ជំរះ​ដោះស្រាយ​បញ្ហា​ផ្សេង ៗ រវាង​គ្នា​ទេ ពិភពលោក​នេះ នឹង​ដើរ​ទៅ​រក​រណ្ដៅ​ភ្លើង​អន្ដរកប្ប​យ៉ាង​ឆាប់​រហ័ស ព្រោះ​តែ​ភ្លើង​ចិត្ត​ដ៏​ក្ដៅ ដឹក​ប្រទាញ​ទៅ ។ ដូច្នេះ សិរី សំដៅ​យក ទឹក​ចិត្ត ដ៏​ត្រជាក់​នេះ ឃើញ​ថា ត្រូវ​ហើយ​សម​ទៀត​ផង ដែល​ពុំ​ចាំបាច់​កែប្រែ​ទៀត​ឡើយ ព្រោះ​ទឹក​ចិត្ត​ដ៏​ត្រជាក់ ជា​សភាវៈ​អាច​គ្រប់គ្រង​ពិភពលោក ឲ្យ​បាន​សេចក្ដី​សុខ សេចក្ដី​ចំរើន ជោគ មង្គល តេជះ អំណាច ឥស្សរភាព ។ល។ រី​ឯ​ភ្លើង​ភ្លើង​ចិត្ត​ដ៏​ក្ដៅ​វិញ ជា​សភាវៈ​ពុំ​មែន​ជា​កត្តា​នៃ​សិរី គឺ​វា​ពុំ​អាច​គ្រប់គ្រង​ពិភពលោក ឲ្យ​កើត​សិរី​ដូច​បំណង​ព្រះ​ព្រហ្ម​បរម​ទេវៈ​នោះ​បាន​ឡើយ ។
ហេតុ​ដូច្នោះ​ហើយ បាន​ជា ទឹក នេះ លោក​ចាត់​ទុក​ថា​ជា សិរី ។
ប្រភព http://www.budinst.gov.kh/?q=node/321

0 ความคิดเห็น:

แสดงความคิดเห็น