วันพุธที่ 18 พฤษภาคม พ.ศ. 2554

ល្ខោនស្បែក

ឧកញ៉ា​ទេពពិទូ ក្រសេម គន្ថ​បណ្ឌិត រៀបរៀង
មហោស្រពភាព​ស្បែក​ល្ខោន
ការ​លេង​មហោស្រព​មួយ​យ៉ាង​ដោយ​ប្រើ​រូប​ស្បែក ដែល​ឆ្លាក់​ជា​រូប​តាម​រឿង ហៅ​ថា ភាព​ស្បែក​ល្ខោន សឹង​មាន​លក្ខណៈ​ប្រហែល​គ្នា​នឹង​ល្ខោន​មនុស្ស​ធម្មតា ។
រឿង​សម្រាប់​លេង គេ​កំណត់​លេង​តែ​រឿង​ដែល​ទាក់ទាម​ដោយ​រឿង​ព្រះ​ឥសូរ ព្រះ​នារាយណ៍ ដូច​យ៉ាង​រឿង​រាមកេរ្តិ៍​ជាដើម ដើម្បី​ជា​កិត្តិយស​ដល់​ព្រះ​ជា​ម្ចាស់​អំបាល​នោះ ដូច​គ្នា​នឹង​ល្ខោន​ខោល រឿង​ឯ​ទៀត​ក្រៅ​អំពី​នេះ​មិន​ដែល​មាន​ទំនៀម​ទម្លាប់​ទេ ទាំង​មិន​មាន​លេង​ជា​ប្រក្រតី​ដូច​ល្ខោន​ផង មាន​លេង​ម្ដង​មួយ​កាល​ចំពោះ​តែ​ក្នុង​វេលា​ដែល​មាន​ពិធី​បុណ្យ​ធំ ៗ ដូច​យ៉ាង​បុណ្យ​ចំរើន​ព្រះ​ជន្ម នឹង​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ជាដើម ។ ហេតុ​ដែល​មិន​មាន​លេង​ជា​ប្រក្រតី មក​ពី​រូប​ល្ខោន​ដែល​សម្រាប់​លេង​នោះ​មាន​តែ ១ សម្រាប់ ដូច​យ៉ាង​ទំនៀម​ដែល​លេង​ក្នុង​កាល​ឥឡូវ​នេះ មាន​តែ​រូប​រឿង​រាមកេរ្តិ៍​ប៉ុណ្ណោះ ត្រូវ​ការ​លេង​កាល​ណា​ក៏​យក​រូប​នោះ​ចេញ​លេង​រាល់​ដង​ទៅ​នឹង​ធ្វើ​រូប​ឲ្យ​ ច្រើន​តាម​ក្នុង​រឿង​ផ្សេង ៗ ទុក​លេង ក៏​ចុះ​សោហ៊ុយ​ច្រើន​ណាស់ ទាំង​គ្មាន​ទំនៀម​ទម្លាប់​លេង​ដូច​ពោល​ហើយ​ផង ហេតុ​នោះ​គេ​ទើប​លេង​តែ​ក្នុង​រឿង​រាមកេរ្តិ៍​ដដែល ។ គ្រប់​វារៈ​ដែល​លេង តែ​ប់​ទុក​ជា​មាន​លេង​ជា​ប្រក្រតី ក៏​គង់​មិន​មាន​មនុស្ស​មើល​ដូច​ល្ខោន ព្រោះ​ភាព​ស្បែក​នោះ​មិន​សូវ​មាន​រស​ជាតិ​ជា​ទី​ល្អ​មើល​ដូច​ល្ខោន មិន​មាន​សម្ផស្ស​ចិត្ត​សម្ផស្ស​ភ្នែក​ដូច​ល្ខោន ការ​ដែល​មាន​លេង​ម្ដង ៗ នោះ​ច្រើន​តែ​មនុស្ស​ជាន់​ទាប​នឹង​កូន​ក្មេង​ឈរ​មើល ។ ការ​ដែល​មាន​លេង​ម្ដង ៗ នោះ ដោយ​អ្នក​ម្ចាស់​បុណ្យ​ជួល​ដាច់​ថ្លៃ​យក​ទៅ​លេង​ឲ្យ​ភ្ញៀវ​មើល ទើប​មាន​មនុស្ស​មើល​ច្រើន ៗ ប្រសិន​បើ​យក​ថ្លៃ​ពី​អ្នក​មើល មើល​ទៅ​គង់​ជា​មិន​មាន​អ្នក​មើល​ប៉ុន្មាន​នាក់​ណាស់ ។
វិធី​ធ្វើ​ភាព​ស្បែក
វិធី​ដែល​នឹង​ធ្វើ​ភាព​ស្បែក​នោះ គេ​យក​ស្បែក​គោ​មក​ត្រាំ​ទឹក​ឲ្យ​ទន់​ហើយ យក​ទៅ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត រួច​យក​ដែក​មាន​មុខ​មុត​មក​កោស​ទាំង​សង​ខាង ឲ្យ​ស្ដើង​នឹង​ឲ្យ​រាប​ស្មើ​សាច់ ទើប​យក​ទឹក​ខ្មៅ​ដែល​លាយ​ដោយ​ធ្យូង​បាត​ឆ្នាំង ឬ​ធ្យូង​ធាង​ដូង​បុក​លាយ​នឹង​ទឹក​ហើយ​យក​មក​លាប​ស្បែក​នោះ​ឲ្យ​សព្វ​ទាំង​សង ​ខាង ប្រមាណ​មើល​ខ្មៅ​ល្អ​ហើយ យក​ទៅ​ហាល​ថ្ងៃ​ឲ្យ​ស្ងួត កាល​ស្ងួត​ហើយ​គេ​ខាត់​ឲ្យ​រលើប​ល្អ​ហើយ បើ​មិន​ចេះ​គូរ​រូប​ខ្លួន​ឯង គេ​រក​ជាង​ដែល​ចេះ​គូរ​រូប​ល្អ ៗ មក​គូរ​ជា​រូប​ផ្សេង ៗ តាម​រឿង​នោះ គូរ​ហើយ​ត្រូវ​មើល​សព្វ​គ្រប់ ឃើញ​ថា​មិន​ទាស់​ហើយ ទើប​ដាប់​ឆ្លាក់​ដោយ​ដែក​គ្រឿង​ឆ្លាក់​សឹង​មាន​មុខ​នឹង​សណ្ឋាន​ផ្សេង ៗ មាន​ពន្លាក​នឹង​ដែក​ក្រចក​ជាដើម ។ កាល​ឆ្លាក់​បាន​ច្រើន​ផ្ទាំង​ល្មម​លេង​បាន​ហើយ គេ​ទើប​ជ្រលក់ ឬ កោស​កែ​ឲ្យ​មាន​ពណ៌​ផ្សេង ៗ តាម​ដែល​ត្រូវ​ការ គឺ​បើ​ត្រូវ​ការ​ពណ៌​ស ឲ្យ​កោស​ល្បប់​ខ្មៅ​ដែល​លាប​នោះ​ចេញ​ឲ្យ​អស់​ហើយ ក៏​ទៅ​ជា​ពណ៌​ស បើ​ចង់​ឲ្យ​មាន​ពណ៌​ខៀវ ឲ្យ​យក​ចុណ​ដុះ​លាយ​នឹង​ទឹក​ផ្លែ​ក្រូច​ឆ្មា លាប​ទៅ​ក៏​ជា​ពណ៌​ខៀវ, បើ​ចង់​ឲ្យ​មាន​ពណ៌​ក្រហម ឲ្យ​យក​ទឹក​ស្បែង​នឹង​សាច់ជូរ​លាយ​គ្នា​លាប ក៏​ជា​ពណ៌​ក្រហម, បើ​ចង់​ឲ្យ​មាន​ពណ៌​លឿង ឲ្យ​យក​ទឹក​ស្បែង​លាយ​នឹង​ទឹក​ក្រូច​ឆ្មា​លាប​ដុះ ៗ ទៅ​ក៏​ជា​ពណ៌​លឿង ។ កាល​ជ្រលក់​ពណ៌​ដូច្នេះ​ស្រេច​ហើយ ទើប​យក​ឈើ​បួន​ចំរៀក​មក​គាប​សង​ខាង ធ្វើ​ជា​មេ​សម្រាប់​កាន់​ដើរ​ទៅ​មក​រាល់ ៗ រូប​នោះ​ទៅ ។
ភាព​ស្បែក​ដែល​ឆ្លាក់​ជា​រូប​ហើយ​នោះ មាន​បញ្ញត្ត​ឈ្មោះ​ថា​ផ្សេង ៗ គឺ​ភាព​ដែល​ជា​រួម​ដើរ មិន​ថា​មនុស្ស​យក្ស ឬ ស្វា ហៅ​ថា "ភាព​បទ​ចរ" ទាំងអស់ ។ ភាព​ដែល​ជា​រូប​ហោះ​ហើរ មិន​ថា មនុស្ស​យក្ខ ឬ​ស្វា ហៅ​ថា "ភាព​ហោះ" ទាំងអស់ ។ ភាព​ដែល​ផ្ជុំ​ពល​រៀប​ពល​សម្រាប់​ហែ​ស្ដេច ឬ​លើក​ទ័ព​ចេញ​ទៅ មិន​ថា មនុស្ស ឬ យក្ខ ឬ ស្វា ហៅ​ថា "ភាព​រេហ៍​ពល" ទាំងអស់ (ពួក​នេះ​សៀម​ហៅ​ថា "ខេន" ។ ក្រៅ​អំពី​នេះ​មាន​រូប​ភាព​ផ្សេង ៗ ទៀត​ជា​ច្រើន សឹង​ពុំ​អាច​រៀបរាប់​ឲ្យ​សព្វ​គ្រប់​បាន ។
ក៏​តែ​ក្នុង​រូប​អម្បាល​នោះ មាន​រូប ៣ ជា​សំខាន់​ក្នុង​រឿង​ភាព​ស្បែក​គឺ រូប​ព្រះ​ឥសូរ ១, រូប​ព្រះ​នារាយណ៍ ១ រូប​ព្រះ​ឥសី ១ រូប​ទាំង ៣ នេះ ហៅ​ថា "ភាព​ស្ដេច" ឬ "ស្បែក​ស្ដេច" ជា​ធំ​ជា​ប្រធាន​លើ​រូប​ទាំង​ពួង ។ ភាព​ស្បែក​ស្ដេច​នេះ​កាល​នឹង​ធ្វើ​ឡើង​តោង​លំបាក​បន្តិច គឺ​រូប​ព្រះ ២ អង្គ​នោះ គេ​រើស​រក​ស្បែក​គោ​ងាប់​ដែល​ត្រូវ​ខ្មោច​ព្រាយ​ធ្វើ​​មក​ធ្វើ រូប​ឥសី គេ​យក​ស្បែក​ខ្លា​ធំ ឬ ខ្លា​ឃ្មុំ​មក​ធ្វើ បើ​បាន​ស្បែក​ដូច្នេះ​មក​ធ្វើ គេ​កាន់​ថា​ជា​របស់​ពូកែ​សក្ដិ​សិទ្ធិ ។ រូប​ទាំង ៣ នេះ កាល​នឹង​ធ្វើ​អ្នក​ធ្វើ​ត្រូវ​ស្លៀក​ស​ពាក់​ស ហើយ​ត្រូវ​ប្រញាប់​គុរ​នឹង​ដាប់​ឆ្លាក់​ឲ្យ​ហើយ​ក្នុង​ថ្ងៃ​នោះ កុំ​ឲ្យ​កន្លង​រាត្រី​ទៅ​បាន ។
របស់​បូជា​គ្រូ
កាល​នឹង​ធ្វើ​រូប​ទាំង ៣ នេះ តោង​រៀប​របស់​ដង្វាយ​គ្រូ​តាម​ទំនៀម គឺ​បាយសីប៉ាក់ឆាម ១ គូ ក្រយា​បួស គឺ​បាយ​មហូប​ចំណី​ក្រៀម​ក្រស់​ដែល​មិន​លាយ​ដោយ​គ្រឿង​ចំអាប​ត្រី​សាច់​ជា​ ដើម ១ សំរាប់​នឹង​ក្បាល​ជ្រូក​ស្ងោរ ១ ប្រាក់​បិទ​ទាន ៦ បាទ ។ របស់​អម្បាល​នេះ​កាល​បូជា​គ្រូ​រួច​ហើយ​ត្រូវ​បាន​ទៅ​អ្នក​គូរ​ឆ្លាក់ ។ លុះ​ឆ្លាក់​រួច​ហើយ​គេ​លាប​ជា ៣ ពណ៌​ផ្សេង​គ្នា គឺ​រូប​ព្រះ​ឥសូរ​លាប​ពណ៌​លឿង​ខ្ចី ឬ​បិទ​មាស​ក៏​បាន រូប​ព្រះ​រាយណ៍​លាប​ពណ៌​ខៀវ ហើយ​គូរ​ជា​ក្បាច់​រចនា​តាម​គ្រឿង​សំលៀក​បំពាក់ ឲ្យ​ល្អ​វិចិត្រ​ជាង​រូប​ទាំង​ពួង ព្រោះ​រូប​ទាំង ៣ នេះ​ជា​របស់​ខំខាន់​សំរាប់​យក​មក​លេង​បើក​រោង​ជា​ដំបូង ។
វិធី​ធ្វើ​ឆាក​ឆ្លុះ
ឆាក​សំរាប់​ឆ្លុះ​ភាព​ស្បែក​នោះ​ធ្វើ​ដោយ​សំពត់​ស​យ៉ាង​ស្ដើង ហើយ​សាច់​ជ្រាក​យ៉ាង​មុង គឺ​យក​សំពត់​បែប​នោះ​មក​កាត់​ជា​ពីរ​ផ្ទាំង​ដេរ​ភ្លោះ​គ្នា ចង់​ឲ្យ​តូច​ឬ​ធំ​គប្បី​ធ្វើ​ទៅ​តាម​ត្រូវ​ការ ធ្វើ​ជា​ផ្ទៃ​ឆាក​ត្រង់​កណ្ដាល ដើម្បី​នឹង​ឲ្យ​ឆ្លុះ​ពន្លឺ​ឃើញ​ស្បែក​នោះ​ច្បាស់ ជាយ​ជុំ​វិញ​គេ​ធ្វើ​ដោយ​សំពត់​ផាឌិប​យ៉ាង​ក្រាស់ ដើម្បី​នឹង​បំបាំង​ភាព​ស្បែក​នោះ ក្នុង​វេលា​ដែល​ចេញ​លេង ដូច​យ៉ាង​ល្ខោន​ចេញ​អំពី​ឆាក​ល្ខោន រឹម​ជាយ​ទាំង ៤ នោះ​គេ​ឃ្លឹប​ដោយ​សំពត់​ពណ៌​ផ្សេង ៗ ឯ​ណា​និមួយ​ក៏​បាន រួច​ដាក់​ខ្សែ​ជា​ច្រើន​អន្លើ​តាម​ជាយ​នោះ​សំរាប់​ចង​ត្រដាង​ដូច​យ៉ាង​ឆាក​ ឆ្លុះ​កុន ឆាក​នោះ​បួន​ជ្រុង​ស្មើ​ប្រវែង​ទំហំ ៧ ហត្ថ​ក៏​មាន ១១ ហត្ថ​ក៏​មាន​ស្រេច​ហើយ​នូវ​ត្រូវ​ការ ។
រោង​លេង​ភាព​ស្បែក
វេលា​នឹង​លេង​ភាព​ស្បែក​នោះ គេ​សង់​រោង​មួយ​សំរាប់​លេង​គឺ​ធ្វើ​ជា​រោង​សសរ ៤ ទំហំ​ធំ​តូច​ធ្វើ​តាម​ឆាក​ឆ្លុះ​ដែល​ពោល​ហើយ មាន​ផ្ទៃ​ខ្ពស់​ឡើង​ពី​ដី​ប្រមាណ​ស្មើ​ក្បាល​មនុស្ស ដំបូល​ប្រក់​ស្លឹក​បញ្ឆៀង​ម្ខាង ដូច​យ៉ាង​បង្ហា ហើយ​បិទ​បាំង​ជញ្ជាំង​ទាំង ៣ ជ្រុង ទុក​តែ​ខាង​មុខ​ឲ្យ​នៅ​វាល សំរាប់​ចង​ឆាក​ឆ្លុះ​នៅ​ចុង​សសរ​ទាំង ៤ ដោត​ទង់​ប្រដាប់​ឲ្យ​ជា​ទី​ល្អ​មើល​ផង ។
វិធី​លេង​ភាព​ស្បែក
ភាព​ស្បែក​នេះ​គេ​លេង​តែ​វេលា​យប់ ព្រោះ​ត្រូវ​ការ​ពន្លឺ​ភ្លើង​ឆ្លុះ​រូប វេលា​រសៀល​ជិត​ដល់​នឹង​លេង គេ​ក៏​ជញ្ជូន​ភាព​ស្បែក​ឆាក​ឆ្លុះ​នឹង​គ្រឿង​ភ្លេង​ទៅ​រៀប​ដាក់​ក្នុង​រោង​ នោះ​ឲ្យ​ហើយ​ស្រេច​ពី​វេលា​ថ្ងៃ ។ ដល់​វេលា​ព្រលប់​ពួក​អ្នក​ទាំង​ប៉ុន្មាន គឺ​អ្នក​ជើត​អ្នក​ចរចា​អ្នក​ត្លុក​នឹង​ពួក​ភ្លេង​ពិណពាទ្យ​ក៏​ទៅ​ប្រជុំ​ គ្នា​នៅ​រោង​នោះ​ដើម្បី​លេង ខណៈ​នោះ​ម្ចាស់​បុណ្យ​គេ​យក​ទៀន ៣ ដើម​នឹង​ប្រាក់ ៣ ស្លឹង ជា​របស់​កំណល់​គ្រូ​ទៅ​ឲ្យ​ម្ចាស់​ភាព​ស្បែក ៗ យក​ទឿន ១ ដើម​ចែក​ឲ្យ​ទៅ​ពិណពាទ្យ ពួក​ពិណពាទ្យ​ទទួល​យក​ទាន​នោះ​មក​អុជ​នៅ​សំភោ ហើយ​នាំ​គ្នា​លេង​ភ្លេង​ហោម​រោង ៗ នោះ​តាំង​ភ្លេង​សាធុការ​ឡើង​ជា​ដំបូង ហើយ​ភ្លេង​ច្រៈ, ឬ​ហៅ​ថា ត្រៈ រោទ៍ ៣ បទ ចូល​ក្នុង លា​ស្មើ ជា ៦ ភ្លេង​ផង​គ្នា រួច​ហើយ​ពិណពាទ្យ​ក៏​ឈប់ អ្នក​ចរចា​ទើប​យក​ទៀន​អុជ​បូជា​នៅ​ភាព​ស្បែក ស្ដេច​ទាំង​ពីរ​អង្គ, ចំណែក​ឯ​មនុស្ស​ទាំង​ពួង​ក្នុង​ពួក​នោះ​ក៏​ហ៊ោ​ឡើង ៣ ដង អ្នក​ជើត​ក៏​លើក​រូប​ព្រះ​ឥសូរ​ឡើង​ជើត ពួក​អ្នក​ភ្លេង​ក៏​លេង​ភ្លេង​ជើត​តទៅ លំដាប់​នោះ​អ្នក​ចរចា​អុជ​ទៀន​បូជា ហើយ​ក៏​ថយ​ទៅ​ឈរ​នៅ​ទី​របស់​ខ្លួន ហើយ​លើក​ដៃ​ឃាត់​ពិណពាទ្យ​ឲ្យ​ឈប់ អ្នក​ចរចា​ក៏​ពោល​បទ​នមស្សការ​ព្រះ​ជា​ម្ចាស់ ៣ បទ តាម​ទំនៀម ។
វេលា​ចប់​បទ​ទី ១ ហើយ​ពួក​ពិណពាទ្យ​ក៏​លេង​ភ្លេង​ជើត​ទៀត អ្នក​ចរចា​ក៏​លើក​ដៃ​ឃាត់​ភ្លេង ហើយ​ពោល​បទ​ទី ២ តទៅ លុះ​ចប់​ហើយ​អ្នក​ភ្លេង​ក៏​លេង​ភ្លេង​ជើត​ទៀត អ្នក​ចរចា​ក៏​លើក​ដៃ​ឃាត់​ភ្លេង ហើយ​ក៏​ពោល​បទ​ទី ៣ តទៅ ចប់​ហើយ​អ្នក​ភ្លេង​ក៏​លេង​ភ្លេង​ជើត​ដូច​មុន ។
លំដាប់​នោះ​អ្នក​រក្សា​ចន្លុះ​ក៏​យក​ចន្លុះ ៣ ដើម​មក​អុជ​បង្វិល​ជុំ​វិញ​ជើង​ចន្លុះ (គឺ​ទី​សម្រាប់​ដុត​ចន្លុះ) ៣ ជុំ​ហើយ យក​ភ្លើង​ចន្លុះ​នោះ​ទៅ​អុជ​អាចម៍​ចន្លុះ ដែល​គរ​ទុក​នោះ ភ្លើង​ក៏​ឆេះ​ថ្គោល​ឡើង ពួក​ពិណពាទ្យ​ក៏​លេង​ភ្លេង​ជើត​ឡើង​ព្រម​គ្នា ចំណែក​ឯ​អ្នក​ចរចា​ក៏​ចេញ​មក​លត់​ទៀន​ដែល​បូជា​ស្បែក ហើយ​ក៏​ធ្វើ​ពិធី​ឱម​អាម​សេព​សំ​មន្ត​អាគម​តាម​ទំនៀម​ដែល​គេ​រៀន​សូត្រ​មក អ្នក​ជើត​ក៏​យក​ភាព​ស្បែក​មក​ឆ្លុះ​ម្ដង​ទៀត ប៉ុណ្ណេះ​ឈ្មោះ​ថា​ចប់​ពិធី​ហ៊ុម​រោង​បើក​មុខ​ព្រះ​ហើយ ។
លុះ​ហុម​រោង​បើក​មុខ​ស្រេច​ហើយ លំដាប់​នោះ​គេ​ច្រើន​ចាប់​លេង​រឿង​ស្វា​ប្រចាប់​គ្នា គេ​បញ្ចេញ​រូប​ស្វា​ស ១ ស្វា​ខ្មៅ ១ លើក​ជើត​ចេញ​មក​ពី​ខាង​ឆ្វេង ១ ពី​ខាង​ស្ដាំ ១ មក​ប្រចាប់​គ្នា​កណ្ដាល​ទី វេលា​នោះ​ពួក​ភ្លេង​ក៏​លេង​ភ្លេង​ជើត តែ​ត្រូវ​ផ្លុំ​តែ​ស្រឡៃ ១ គង​នឹង​រនាត​ឈប់​បង្អង់​សិន ចំណែក​ឯ​ស្គរ​ធំ​គេ​ត្រូវ​វាយ​ឲ្យ​ឮ​ទូង​ឡើង​ដែល​ហៅ​ថា​ជើត​ណក គឺ​ជើត​ចេញ​ក្រៅ ស្វា​ទាំង ២ ស្វា​ទាំង ២ នោះ​ប្រចាប់​គ្នា មួយ​ស្របក់​ហើយ​ក៏​លែង​គ្នា​ចេញ​ទៅ​ដោយ​សព្វ​ខ្លួន រួច​ត្រឡប់​ជើត​ចូល​មក​ចាប់​គ្នា​ទៀត​ជា​វារៈ ២ នឹង​វារៈ ទី ៣ ដូច​វារៈ​ទី ១ ភ្លេង​ក៏​លេង​ដូច​គ្នា​នឹង​វារៈ​ទី ១ ដែរ ត្រង់​នេះ​ហៅ​ដោយ​ឈ្មោះ​ថា ស្វា​ប្រចាប់​វារៈ​ទី ១ ស្វា​ប្រចាប់​វារៈ​ទី ២ ស្វា​ប្រចាប់​វារៈ​ទី ៣ ក្នុង​ខណៈ​វារៈ​ប្រចាប់​គ្នា​ទី ៣ នោះ គេ​ក៏​ជើត​រូប​ស្វា​ស ចង​ស្វា​ខ្មៅ​នឹង​ជើត​រូប​ឥសី​ចេញ​មក ពួក​ភ្លេង​ក៏​លេង​ភ្លេង​ជើត​ហើយ​ឈប់ សន្មត​ថា​ស្វា​ស​ឈ្នះ​ស្វា​ខ្មៅ ចាប់​ចង​ស្វា​ខ្មៅ​បាន​នាំ​យក​មក លុះ​មក​ជួប​នឹង​ឥសី ៗ ក៏​សុំ​ឲ្យ​លែង ដល់​មក​ត្រង់​នេះ អ្នក​ចរចា​ក៏​ចេញ​មក​ចរចា​តាម​រឿង​តែ​ត្រូវ​ធ្វើ​សំឡេង​ប៉ៃឡាំ បែប​យ៉ាង​អ្នក​ស្រុក​ក្រៅ​ដែល​និយាយ​មិន​ច្បាស់ លុះ​ចរចា​ចប់​រឿង​ហើយ ក៏​ជើត​ត្រឡប់​ទៅ​វិញ ។
តែ​ជួន​កាល​គេ​មិន​លេង​រឿង​ស្វា​ប្រចាប់​គ្នា​នេះ គេ​ចាប់​លេង​រឿង​នាង​មេខល្លា ដែល​គេ​ទុក​ជា​​រឿង​ចាប់​របាំ​ខាង​ដើម​រឿង​ដែល​មិន​លេង​នោះ ៗ គឺ​ជើត​រូប​នាង​មេខល្លារាមសូរ​អរជន​ចេញ​មក ពួក​ភ្លេង​ក៏​លេង​ភ្លេង​ជើត​តាម​នោះ ។
កាល​លេង​ចប់​បទ​ហោម​រោង នឹង​របាំ​បើក​រោស​ស្រេច​ដូច្នេះ​ហើយ គេ​ក៏​ចាប់​លេង​សាច់​រឿង​តទៅ តាម​ប្រក្រតី​ច្រើន​លេង​រឿង​រាមកេរ្តិ៍​ខាង​ដើម ត្រង់​ខរ - ទូសណ៍​នឹង​ព្រះ​លក្ខណ៍​ច្បាំង​គ្នា​ព្រោះ​រឿង​នាង​ស្វរបនខា ជាដើម ។
ចំណែក​ឯ​ភ្លេង​ដែល​លេង​នោះ គេ​លេង​តាម​ភ្លេង​ល្ខោន​ធម្មតា​ដូច​មាន​ពោល​ហើយ​ក្នុង​រឿង​ល្ខោន ។
គ្រឿង​ភ្លេង
ឯ​គ្រឿង​ភ្លេង​សម្រាប់​លេង​ភាព​ស្បែក​នេះ គេ​លេង​តែ​វង់​តូច គឺ​សម្ភោ ១ ស្គរ​ធំ ១ រនាត ១ វង់ គង ១ វង់ សាឡៃ ១ ឈឹង ១ ។ ព្រោះ​ភាព​ស្បែក​នេះ​គេ​ទុក​ជា​តូច​ជាង​ល្ខោន ទើប​ចាត់​គ្រឿង​ភ្លេង​ឲ្យ​មាន​តិច​តែ​ល្មម​សម​គួរ ។ 
ប្រភព http://www.budinst.gov.kh/?q=node/261

0 ความคิดเห็น:

แสดงความคิดเห็น