วันพุธที่ 18 พฤษภาคม พ.ศ. 2554

រឿង​ល្បែង​ប្រណាំង​ទូក​ង​ខ្មែរ

សាមណេរ ព្រាប-ឌិប វត្តលង្កា​ភ្នំពេញ
ល្បែង​ប្រណាំង​ទូកង​នេះ ជា​ល្បែង​សម្រាប់​លេង​កំសាន្ត​មួយ​យ៉ាង​ឱឡារិក របស់​ជន​ជាតិ​ខ្មែរ​ចាស់-ក្មេង-ប្រុស-ស្រី គេ​ទុក​ជា​ទំនៀម​ទម្លាប់​ខាង​ល្បែង​មួយ​យ៉ាង​ប្រសើរ របស់​ជន​ជាតិ​ខ្មែរ តាំង​ពី​បុរាណ​សម័យ រហូត​មក​ដល់​សម័យ​សព្វ​ថ្ងៃ​នេះ ក៏​មាន​និយម​លេង​ជា​ច្រើន​រាល់​ខែត្រ រាល់​ស្រុក ក្នុង​ដែន​កម្ពុជា​នេះ ។ មិន​ប៉ុន្តែ​ប៉ុណ្ណោះ​សោត​សូម្បី​ជន​ជាតិ​ដទៃ ដូច​យ៉ាង​ជន​ជាតិ​ចាម-ជ្វា​ជា​ដើម​ក៏​ចូល​ចិត្ត​លេង​ប្រណាំង​ទូក ដូច​ខ្មែរ​យើង​ដែរ ។
ឯ​ការ​លេង​ប្រណាំង​ទូក​នេះ ជន​ជាតិ​ខ្មែរ​ច្រើន​តែ​ប្រណាំង​ភ្នាល់​គ្នា​នៅ​រដូវវស្សា ដែល​ទឹក​ឡើង​លិច​ល្ហាច​ល្ហិម​សព្វ​ទី​ភូមិ​ឋាន ។
ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ម្ដង ៗ មហា​ជន​ជាតិ​ខ្មែរ​ទាំង​ក្មេង-ចាស់-ប្រុស-ស្រី គេ​ដើរ​ប្រមូល​គ្នា​រើស​រក​ទូក​ប្រណាំង​យ៉ាង​លឿន​ហើយ​ហៅ​គូ​កន​ដាក់​ចំណុះ​ ឲ្យ​ស្មើ​គ្នា បើ​ទូក​ម្ខាង​មាន​គ្នា ២០ នាក់​ទៀត ឬ​លើស​ខ្វះ​ពី​គ្នា​បន្តិច​បន្តួច​ក៏​គេ​សុខ​ចិត្ត​ព្រម​លេង​ដែរ តែ​គេ​ច្រើន​ឲ្យ​ពួក​កុមារី​នៅ​ក្រមុំ​ពេញ​ជំទង់​អង្គុយ​ខ្ទង់​ទូក​ខាង​មុខ​ ពួក​កុមារា​អង្គុយ​ខ្ទង់​ទូក​ខាង​ក្រោយ ហើយ​អ្នក​កាន់​ចង្កូត​ទូក​ប្រណាំង​នោះ គេ​ច្រើន​យក​ច្រវា​ធំ​ដង​វែង​មក​កាច់​ចង្កូត​ទូក​ផង ឯ​អ្នក​ក្រៅ​ពី​នោះ​កាន់​ច្រវា​គ្រប់​ដៃ​ទីទៃ​រៀង​ៗ ខ្លួន ហើយ​មាន​ម្នាក់​ទៀត​ហៅ​ថា​គ្រូ​បង់​បត់ ឬ​អ្នក​មាន​សំដី​ថ្វី​មាត់​គ្រាន់​បើ​អង្គុយ​លុត​ជង្គង់​ត្រង់​ច្រក​ក្បាល​ ទូក អ្នក​នេះ​កាន់​ច្រវា​លន​យ៉ាង​ល្អ​ហើយ​ជូត​ក្បាល​ផង សម្រាប់​ស្រែក​យក​ជ័យ ឬ​ស្រែក​ថា "មួយ​យ៉ូៗ" ក្នុង​កាល​ដែល​កំពុង​ប្រណាំង​គ្នា ។
កាល​បើ​រៀប​ចំ​ទូក​ប្រណាំង ស្រួល​បួល​ស្រេច​ហើយ​គេ​នាំ​គ្នា​អុំ​ប្រប្រះ​ទឹក​ឮសូរ "ភ្លុង​ៗ" ទៅ​យក​ដើម​ទី​សិន ហើយ​គេ​នាំ​គ្នា​ស្រែក​ច្រៀង​ឡើង​ថាៈ "បង​អុំ​ទុក​ទៅ-ហៃ​សារិយ៉ាំង ! ស្រី​ពៅ​យំ​តាម ហៃសារិយ៉ាំង ! ទឹក​ភ្នែក​រហាម តាម​ក្រោយ​ទូក​បង" ។
លុះ​ដល់​ដើម​ទី​ហើយ គេ​ត្រឡប់​បត់​បង្វិល​ក្បាល​មក​វិញ​ឲ្យ​ត្រឹម​ស្មើ​គ្នា​ទាំង​អស់ ក្នុង​ពេល​អុំ​ទៅ​មួយ​លើក​ៗ មាន​ទូក ២ ក៏​មាន ៣ ក៏​មាន ៤ ក៏​មាន ចាប់​អុំ​ទាំង​អស់​ស្មើ​គ្នា​តែ​ម្ដង គេ​ចាប់​អុំ​ពី​ដើម​ទី​រហូត​ដល់​ចុង​ទី​តាម​ពាក្យ​មក​សន្យា​ពី​មុន​ពេល​ ប្រណាំង ។
លុះ​ដល់​ត្រង់​កន្លែង​សន្មត​នោះ​ហើយ គេ​ឈប់​អុំ​ទាំង​អស់​គ្នា ហើយ​តាំង​ស្រែក​ហ៊ោ​ក្រេវ​ឡើង ឯ​ពួក​មនុស្ស​ម្នា​ដែល​ឈរ​មីរ​កុះ​ករ​នៅ​លើ​គោក​ឬ​បណ្ដែត​ទុក​អុំ​តាម​មើល គេ​ឃើញ​មាន​ជ័យ​ជំនះ​ឈ្នះ​ទៅ​ខាង​ទូក​ណា​ចួន​កាល​គេ​ប្រកាន់​ជា​ពួក​ៗ ដាក់​លុយ​ឬ​ដាក់​វត្ថុ​អ្វី​ភ្នាល់​គ្នា​ក៏​មាន ។
ក្នុង​ពេល​បុណ្យ​ភ្ជំបិណ្ឌ គេ​អុំ​ទូក​គ្រប់ ៣ ថ្ងៃ​ក៏​មាន តាម​បែប​បទ​ពី​បុរាណ​នាយ​មក ។
លុះ​ដល់​ថ្ងៃ​ចេញ​ព្រះ​វស្សា គេ​អុំ​ទូក​ប្រណាំង​គ្នា​ម្ដង​ទៀត​ហើយ​គេ​ច្រើន​ហៅ​ថា អុំ​ទូក​ផ្ដាច់​ព្រ័ត្រ​ផង ។ ឯ​ទូក​អុំ​ប្រណាំង​គ្នា​នោះ គេ​ចូល​ចិត្ត​រក​ទូក​ណា ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ជាង​គេ ហើយ​មាន​សណ្ឋាន​ទ្រង់​ទ្រាយ​ជា​ទូក​វែង​ដាក់​ចំណុះ​បាន​ច្រើន តែ​បើ​គ្មាន​ទូក​ល្អ​នោះ​ទេ សូម្បី​ទូក​អុំ​ធម្មតា ក៏​មាន​គេ​អុំ​ប្រណាំង​គ្នា​ជា​ច្រើន​ដែរ នេះ​ជា​ប៉ែក​ខាង​ទូក​ង​អុំ​ប្រណាំង (អាត្មា​ភាព​កាល​នៅ​ជា​គ្រហស្ថ បាន​លេង​ល្បែង​ទូក​នេះ​ជា​ញឹក​ញយ​ដែរ) ។
ឯ​ទូក​ចែវ​ប្រណាំង​វិញ ជន​ជាតិ​ខ្មែរ​ច្រើន​រើស​រក​យក​ទូក​ដែល​មាន​ជើង​ចែវ​ចំនួន ២០ ឡើង​ទៅ​ដល់ ៣០-៣១-៣២ ។ ឯ​ទូក​មាន​ចំនួន​ជើង​ចែវ​តិច មិន​សូវ​ឃើញ​មាន​យក​មក​ប្រណាំង​គ្នា​ក្នុង​ពេល​មាន​បុណ្យ​ង៉ាន​ធំ​ម្ដង​ៗ នោះ​ទេ ។
ក្នុង​ពេល​ដែល​ប្រណាំង​ទូក​នោះ មិន​ត្រូវ​និយាយ​ពាក្យ​ផ្ដេស​ផ្ដាស​មិន​ត្រូវ​នោម​ដាក់​លើ​ទូក​នោះ​ជា​ដើម ហើយ​គេ​ដោត​ទង់​ជ័យ​រូប​ប្រាសាទ​ឬ​រូប​ហនុមាន​នៅ​កន្សៃ​ទូក មាន​ម្នាក់​ទៀត​ជា​គ្រូ​បង់​បត់ ឬ​ជា​អ្នក​មាន​សំដី​ថ្វី​មាត់​គ្រាន់​បើ សម្រាប់​ស្រែក​យក​ជ័យ ឬ​ស្រែក​ថា "មួយ​យ៉ូ​ៗ" ដូច​ទូក​អុំ​ដែរ ។ លុះ​ដល់​ពេល​នឹង​ចែវ​ប្រណាំង​គ្នា អ្នក​ទាំង​នោះ​ក៏​ចែវ​ប្រប្រះ​ទឹក​ទៅ​យក​ទី​ពី​ចម្ងាយ​មក​វិញ​ល្មម​នឹង​ចែវ​ យក​ឈ្នះ​យក​ចាញ់​បាន ។
ឯ​អ្នក​ទំក្បាល​ទូក ក៏​នាំ​គ្នា​ផ្ដើម​ស្រែក​ច្រៀង​ឡើង​ថា "វើយ​ៗ កន​យើង​ប្រុង​ដៃ​ប្រុង​ជើង ម្ដេង​នេះ​ទៀត​ហើយ" មាន​បទ​ទំនុក​ច្រៀង​ក្រៅ​ពី​នេះ​ទៅ​ទៀត​ជា​ច្រើន ។ លុះ​ដល់​ទី​ហើយ គេ​ត្រឡប់​បត់​ក្បាល​ទូក​មក​វិញ​ឲ្យ​ត្រឹម​ស្មើ​គ្នា ហើយ​គេ​ចាប់​ដង​ចែវ​ប្រុង​ប្រៀប​គ្រប់​ប្រាណ ទើប​គេ​ស្រែក​ឡើង​ថាៈ ១-២-៣ ហើយ​ចែវ​ព្រឹប​ស្មើ​គ្នា​ឡើង ឯ​អ្នក​អុំ​ក្បាល​ទូក​នោះ​ក៏​ស្រែក​ឡើង​ថា "អ៊ីយ៉ូវ" ដូច្នេះ លុះ​ត្រា​តែ​ចែវ​ដល់​ទី​ទើប​ឈប់​ស្រែក ។
បើ​ទូក​ណា​ចែវ​មក​ដល់​ទី​មុន​ផុត​ស្រឡះ​ពី​ទូក​ក្រោយ ទូក​នោះ​ឈ្មោះ​ថា​ឈ្នះ តែ​បើ​ឈ្នះ​គេ​បាន​ត្រឹម​តែ​មួយ​ខ្ទង់​ឬ​ពីរ​ខ្ទង់​ទូក​ប៉ុណ្ណោះ​មិន​បាន​ ឈ្មោះ​ថា​ឈ្នះ​ទេ ទោះ​បើ​ពុំ​ព្រម​ទទួល​ថា​ចាញ់​ទេ ត្រូវ​ចែវ​ម្ដង​ទៀត​ជា​លើក​ទី​ពីរ បើ​លើក​ទី​ពីរ​មិន​ឈ្នះ​មិន​ចាញ់​ទេ គេ​ចែវ​គ្រប់ ៣ ដង​ក៏​មាន ។
ឯ​អ្នក​ឈរ​ចាំ​មើល មិន​មែន​តែ​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​គឺ​មាន​ជាតិ​យួន​ចិន​នឹង​បារាំង​ជា​ដើម ហើយ​ជាតិ​បារាំង​ច្រើន​យក​មក​ឲ្យ​ប្រណាំង​ក្នុង​ពិធី​បុណ្យ​របស់​ខ្លួន​ជា​ ច្រើន​ណាស់​ដែរ ថែម​ទាំង​ភ្នាល់​ដាក់​របស់​ផ្សេង​ៗ ឬ​ដាក់​ប្រាក់​កាស​ជា​ច្រើន​ណាស់​ផង​ក៏​មាន ។
តែ​ជន​ជាតិ​ខ្មែរ​វិញ ច្រើន​ចូល​ចិត្ត​នាំ​គ្នា​មក​ប្រណាំង​នៅ​មុខ​ព្រះ​វិហារ វត្ត​ណា​ដែល​មាន​ទឹក​នៅ​មុខ​វត្ត (រដូវ​វស្សា) គឺ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ឬ​ថ្ងៃ​ចេញ​ព្រះ​វស្សា ឬ​បុណ្យ​ហែក​ចិន បុណ្យ​ហែ​ផ្កា​ជា​ដើម​គេ​តែង​ទូក​ង​យ៉ាង​ល្អ​ស្អាត ហើយ​ចែវ​សណ្ដោង​យោង​មុខ​វ៉ែត គៃ​ហ៊ោ​ក៏​មាន ។
មួយ​វិញ​ទៀត គេ​មុន​នឹង​ចុះ​ទៅ​លើ​ទូក​ង ឬ​មុន​នឹង​អូស​ទូក​ង​នោះ​ដាក់​ចុះ​ពី​លើ​បង្គង គេ​ច្រើន​លើក​ដៃ​ធ្វើ​កំបង់​អញ្ជលី​រំលឹក​ដល់​ព្រាយ​បង់​បត់​ជា​មុន​សិន ទើប​គេ​ហ៊ាន​ប៉ះ​ពាល់​ឬ​ចុះ​ចែវ​ជា​ខាង​ក្រោយ​ព្រោះ​ទូក​ង​ល្អ​ៗ ច្រើន​មាន​ព្រាយ​បង់​បត់​ថែ​រក្សា តាំង​ពី​យក​ឈើ​មក​ធ្វើ​ជា​ទូក​ង​នោះ​ម្ល៉េះ ។
សេចក្ដី​អធិប្បាយ​អំពី​ទូក
ទូក​ង​នេះ គឺ​ជា​នាវា​មួយ មាន​លំអ​ដោយ​គំនូរ​គូ​វាស​ក្បូរ​ក្បាច់​រចនា​ជា​ទី​ភ្លូក​ភ្លឹក​ទឹក​ចិត្ត​ សត្វ​លោក​ពន់​ពេក ដើម​ឡើយ​ទូក​ង​គេ​ធ្វើ​ពី​ឈើ​សុទ្ធ​សាធ គេ​ច្រើន​រើស​យក​ឈើ​គគីរ ឬ​ឈើ​ផ្ដៀក ឬ​ឈើ​ស្រឡៅ​ធ្វើ​ជា​ទូក​ង, តែ​គេ​ច្រើន​រើស​យក​ឈើ​គគីរ​ច្រើន​ជាង​ឈើ​ទាំង​អស់ ព្រោះ​ឈើ​គគីរ​មាន​សាច់​ស្ងួត​ត្រង់ ហើយ​ច្រើន​ធំ​ជាង​ឈើ​ទាំង​អស់ ក្នុង​បណ្ដា​ឈើ ២ ៣ ឈ្មោះ​នោះ ថែម​ទាំង​យក​មក​ប្រើ​ការ​ជាប់​ថិត​ថេរ​យូរ​អង្វែង​ជាង​ឈើ​ទាំង​ពួង​ផង ។ ឯ​ឈើ​គគីរ​នេះ ច្រើន​តែ​ដុះ​នៅ​លើ​ព្រៃ​ភ្នំ​ក្រំ​ថ្ម​ដែល​ជា​ទី​ស្ដុក​ធំ គឺ​ភ្នំ​ធំ​ៗ ឬ​ព្រៃ​រហោ​ឋាន​ដែល​គេ​មិន​សូវ​ទៅ​មក នោះ​ទើប​មាន​ឈើ​គគីរ​ធំ​ៗ តែ​នៅ​ស្រុក​អាយ​យើង​នេះ​ច្រើន​តែ​មាន​ដើម​គគីរ​តូច​ៗ នឹង​យក​ធ្វើ​ជា​ទុក​មិន​បាន​ទេ ។ ព្រោះ​ទូក​ង​នេះ​គ្មាន​បំណះ ហេតុ​នេះ ទើប​គេ​ត្រូវ​រក​ឈើ​មាន​សាច់​ស្ងួត​ត្រង់​ហើយ​វែង​ផង ទើប​ធ្វើ​ជា​ទូក​ង​បាន ។
ឯ​ដើម​គគីរ​ដែល​ដុះ​នៅ​លើ​ព្រៃ​ភ្នំ​នោះ ពី​បាក​នឹង​យក​មក​ប្រើ​ការ​ពេក​ណាស់ ព្រោះ​ច្រើន​មាន​បង់​បត់ (ទេពរ័ក្ស) រក្សា​ផង ។ វេលា​ដែល​គេ​ទៅ​អារ​កាប់​យក​មក​នោះ មុន​ដំបូង​គេ​រៀប​ព្លី​ការ​បូជា មាន​រៀប​ធ្វើ​កន្ទោង មាន​ក្បាល​ជ្រូក​នឹង​ចេក​នួន​ជា​ដើម ថ្វាយ​ដល់​បង់​បត់​សិន​ហើយ​គេ​សរសេរ​ប្រកាស​បិទ​នឹង​ដើម​ឈើ​នោះ​ថា "នៅ ៧ ថ្ងៃ​ទៀត គេ​នឹង​កាប់​ឈើ​នេះ​ហើយ សូម​អស់​លោក​អ្នក​បរ​វៀស​ចេញ​ឲ្យ​ឆ្ងាយ​ទៅ" ។
លុះ​ដល់​អារ​កាប់​ឈើ​នោះ​យក​មក គេ​តម​មាត់​គ្រប់​ៗ គ្នា ទើប​បង់​បត់​នោះ​មិន​បៀត​បៀន លុះ​កាប់​បាន​យក​មក​ហើយ​គេ​ជ្រើស​រើស​រក​ជាង​ធ្វើ​ទូក​ង​ដៃ​ឯក​ទើប​គេ​ធ្វើ ។
ឯ​ការ​ធ្វើ​ទូក​ង​នេះ តាម​មតិ​របស់​ជន​ជាតិ​ខ្មែរ​ថា​ត្រូវ​ធ្វើ​ទូក​ង​ជា​សណ្ឋាន​ពស់​ព្រៃ គឺ​ក្បាល​រាង​ពស់​ព្រៃ កន្សៃ​រាង​ក​សត្វ​ប្រើស ហើយ​បាត់​ត្រង់​ទ្រកករ​ខាង​ក្បាល​ឲ្យ​ដក់​ទឹក​បន្តិច បាត​ត្រង់​ទ្រកករ​ខាង​កន្សៃ​ឲ្យ​ឡើង​ស្រយាល​ពី​ទឹក​បន្តិច ទើប​ទូក​ង​នោះ​មាន​ល្បឿន​លឿន​រត់​បាន​ទី​វែង ។
តែ​ថា​ទូក​ង​នេះ ស្រេច​នៅ​លើ​ជាង​ប៉ិន​ប្រសប​ឈ្លាស​វៃ​ចេះ​ស្ទាត់​ជំនាញ​ខាង​រចនា​ទូក​ង​នោះ មាន​ល្បឿន ហើយ​រាង​រៅ​សម​សណ្ឋាន​ជា​ទូក​ង​ប្រាកដ ។
នៅ​ក្នុង​ដែន​កម្ពុជា​នេះ​អុំ​ទូក​ង​ប្រណាំង, ទូក​ង​ចែវ​ប្រណាំង​មាន​គ្រប់​ស្រុក ភូមិ ខែត្រ វៀរ​លែង​តែ​ស្រុក​ណា​គ្មាន​ទន្លេ​ឬ​គ្មាន​ទឹក​ឡើង​ដល់​ទី​ភូមិ​សោះ ។ (អាត្មា​ភាព) បាន​ឃើញ​ទូក​ង​ប្រណាំង​នៅ​ខែត្រ​កំពង់​ឆ្នាំង​ច្រើន​ណាស់ គឺ​នៅ​វត្ត​ព្រែក​សាលា ឃុំ​ទឹកហូត ស្រុក​រលៀប្អៀរ (កំពង់​ឆ្នាំង) ជា​ដើម វត្ត​នោះ​មាន​ទូក​ង​សម្រាប់​ចែវ​ប្រណាំង​មួយ​ឈ្មោះ ស្រីស្រៀរ ចំណុះ​ជើង​ចែវ​ជាង ៣០ មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​កាល​ពី​ជាន់​មុន តែ​ឥឡូវ​នេះ ទូក​នោះ​ចាស់​គ្រាំ​គ្រា​ណាស់​ទៅ​ហើយ ។
ឯ​រឿង​ព្រេង​និទាន​ពី​ទូក​ង មិន​សូវ​មាន​និយាយ​ទេ ឃើញ​មាន​និយាយ​តែ​អំពី​រឿង​ប្រណាំង​ទូក (ចង្ហាន់​ហុយ) ក្នុង​រជ្ជសម័យ​ព្រះករុណា​ជា​អម្ចាស់​ជីវិត (ព្រះនរោត្ដម) នឹង​រឿង​ឯ​ទៀត​ខ្លះ ។
ក្នុង​សម័យ​ពុទ្ធ​កាល របស់​ពួក​នាគ (ក្នុង​រឿង​អត្តនោបុព្វកម្មរត្ថុ) គម្ពីរ​ធម្មបទដ្ឋកថា ភាគ ៧ ទំព័រ ១៣៧ បន្ទាត់​ទី ១១ ។
រឿង​ក្រៅ​អំពី​នេះ មិន​សូវ​ឃើញ​មាន​និទាន​ទេ ។
អំពី​ផល​ប្រយោជន៍​ទូក​ង
ឯ​ផល​ប្រយោជន៍​សំខាន់​ៗ របស់​ទូក​ង​នោះ​គឺ​បាន​តែ​យក​មក​ប្រើ​ការ​ប្រណាំង​ភ្នាល់​គ្នា ឬ​បាន​តែ​យក​មក​ជា​ការ​លំអ​ក្នុង​ពេល​មាន​បុណ្យ​ង៉ាន​ធំ​ៗ ដូច​បុណ្យ​កាត់​ទ័រ​សូយេត​បារាំង​សេស បុណ្យ​អុំ​ទូក​លយ​ប្រទីប ព្រះ​រាជ​ពិធី​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​នៅ​ក្រុង​ភ្នំពេញ​ជា​ ដើម ។
ទូក​ង​នេះ នឹង​នាំ​យក​មក​ផ្ទុក​ដឹក​នាំ​ទំនិញ​ចេញ​ចូល​ដូច​ទូក​កំរោល​នោះ​មិន​បាន​ឡើយ ។
សេចក្ដីៈ ដែល​បាន​អធិប្បាយ​បរិយាយ​រៀប​រាប់​មក​ប៉ុណ្ណេះ​នេះ​មាន​គោល​ការណ៍​សំខាន់ ត្រង់​ការ​ដាស់​តឿង​ក្រើន​រំលឹក​ដល់​ជន​ជាតិ​ខ្មែរ​ឲ្យ​កែ​ប្រែ​សតិ​បញ្ញា យល់​ច្បាស់​លាស់​ពី​រឿង​រ៉ាវ​ជាន់​បុរាណ​នឹង សម័យ​ឥឡូវ​នេះ​គ្រប់​គ្នា​ឡើង ។
សូម​សង្ខេប​សេចក្ដី​អធិប្បាយ​ត្រឹម​ប៉ុណ្ណេះ 
ប្រភព http://www.budinst.gov.kh/?q=node/274

0 ความคิดเห็น:

แสดงความคิดเห็น