วันพุธที่ 18 พฤษภาคม พ.ศ. 2554

ធម៌​សង្គ្រោះ

របស់​ព្រះ​មហា ឡាច វត្ត​នួនមុនីរាម ក្រុង​ភ្នំពេញ
ទេសនា​ដាក់​វិទ្យុ​ឃោសនសព្ទ​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ១៥ កើត ខែ​អស្សុជ
ឆ្នាំ​ជូត សំរិទ្ធិស័ក ព. ស. ២៤៩១ (១៨- ១០ - ៤៨)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
ខ្ញុំ​ព្រះ​ករុណា សូម​នមស្សការ ចំពោះ​ព្រះ​ពុទ្ធ ព្រះ​ធម៌ នឹង​ព្រះ​សង្ឃ ដោយ​សេចក្ដី​គោរព ជា​សង្ខេប​តែ​ប៉ុណ្ណេះ ។
លំដាប់​ពី​នេះ​ទៅ អាត្មា​ភាព នឹង​ប្រារព្ធ​សំដែង​ព្រះ​សទ្ធម្ម​ទេសនា​ដូច​ត​ទៅ​នេះ៖
ទានញ្ច បេយ្យវជ្ជញ្ច អត្ថចរិយា ច យា ឥធ
សមានត្តតា ច ធម្មេសុ តត្ថ តត្ថ យថារហំ ។
ឯតេ ខោ សង្គហា លោកេ រថស្សាណីវយាយតោ
ឯតេ ច សង្គហា នាស្ស ន មាតា បុត្តការណា
លភេថ មានបូជំ វា បិតា វា បុត្តការណាតិ ។
វេលា​នេះ អាត្មា​ភាព បាន​ដក់​ស្រង់​ព្រះ​ពុទ្ធ​ដីកា​មួយ​កន្លែង​ដែល​មាន​មក​ក្នុង​គម្ពីរ​ ទីឃនិកាយ ត្រង់​សិង្គាលោវាទ​សូត្រ យក​មក​សំដែង ដើម្បី​ថ្វាយ​ដល់​ទ្រង់​នឹង​អស់​លោក​អ្នក​សាធុ​សប្បុរស​ទាំងឡាយ​ដែល​ជា​អ្នក ​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា ជា​ហេតុ​ធ្វើ​ខ្លួន​ឲ្យ​ដល់​នូវ​អរិយធម៌ ដែល​ជា​ធម៌​របស់​ព្រះ​អរិយ​បុគ្គល​ទាំងឡាយ មាន​ព្រះ​សម្មា​សម្ពុទ្ធ​ជាដើម ។
សម​ដូច​ធម្មភាសិត ដែល​បាន​និពន្ធ​ទុក​ខាង​ដើម​ថា ទានញ្ចបេយ្យវជ្ជញ្ច ។ល។ បិតា វា បុត្តការណា ដូច្នេះ​ជាដើម ប្រែ​ថា ធម៌​សម្រាប់​សង្គ្រោះ​របស់​មនុស្ស​ក្នុង​លោក​មាន ៤ យ៉ាង គឺៈ ១- ទាន, ២ - បេយ្យវជ្ជ, ៣- អត្ថ​ចរិយា, ៤- សមានត្តតា ។
នឹង​លើក​យក​មាតិកា​ខ​ទី ១ មក​អធិប្បាយ​ជា​បព្វភាគ ឲ្យ​ឃើញ​ថា ការ​ឲ្យ​នូវ​វត្ថុ​ដែល​គួរ​ឲ្យ មាន​វត្ថុ​សម្រាប់​ទទួល​ទាន នឹង​វត្ថុ​សម្រាប់​ប្រើប្រាស់​ជាដើម នេះ​ឈ្មោះ​ថា​ទាន, ប៉ុន្តែ​ទាន​នេះ មាន​ច្រើន​យ៉ាង​គឺ មាន​ក្នុង​ព្រះ​សូត្រ ១០, ព្រះ​វិន័យ ៤, ព្រះ​អភិធម្ម ៦, តែ​បើ​បំព្រួញ​រួបរួម​នូវ​ទាន​ទាំងអស់​នោះ​ឲ្យ​ខ្លី​ចុះ​មក ដើម្បី​ជា​សេចក្ដី​ងាយ​កំណត់​សំគាល់​ចាំ​បាន​នោះ មាន​ត្រឹម​តែ​ពីរ​យ៉ាង​គឺៈ អាមិស​ទាន ១, ធម្មទាន ១ ។
ការ​ចែក​នូវ​ភោគ​ទ្រព្យ​របស់​ខ្លួន ឲ្យ​ដល់​មនុស្ស​កំសត់​ទុគ៌ត​អនាថា ឬ​សមណ​ព្រាហ្មណ៍​ដែល​បួស​ក្នុង​ព្រះ​ពុទ្ធសាសនា ឬ​បូជា​មាតា​បិតា​ដែល​លោក​មាន​គុណ​ចំពោះ​បុត្រា​បុត្រី​ទាំងអស់​គ្នា នេះ​ហៅ​ថា អាមិស​ទាន ។
បើ​ចែក​ទៅ​តាម​អ្នក​ឲ្យ​មាន​ពីរ​យ៉ាង គឺៈ ១- សង្ឃ​ទាន, ២- បាដិ​បុគ្គល​ទាន, មាតា​បិតា​ចែក​ទ្រព្យ​សម្បត្តិ​ដល់​កូន​ប្រុស​ស្រី មាន​សំពត់​អាវ​ដី​ស្រែ​ចម្ការ គោ​ក្របី​ជាដើម ឈ្មោះ​ថា​បាដិ​បុគ្គលិក​ទាន ឬ​ហៅ​ថា អសាអារណ​ទាន ។
ទាយក​ឲ្យ​ទេយ្យ​វត្ថុ​របស់​ខ្លួន​ដល់​បុគ្គល​ដទៃ មិន​ចំពោះ​មុខ​ថា​ព្រះ​ថេរ​អង្គ​នេះ​នោះ​ដូច្នេះ​ជាដើម ឈ្មោះ​ថា​សង្ឃ​ទាន ឬ​ហៅ​ថា សាធារណ​ទាន ។
ឯ​ធម្ម​ទាន​នោះ បាន​ដល់​ការ​ចែក​រំលែក​នូវ​ធម្ម​វិន័យ ដែល​ខ្លួន​បាន​រៀន​ចេះ​ចាំ​មក​ហើយ គឺ​ត្រូវ​ប្រៀន​ប្រដៅ​ណែនាំ​បុគ្គល​ដទៃ ដែល​ល្ងិត​ល្ងង់​ខ្លៅ​ជាង​ខ្លួន ឲ្យ​បាន​ដឹង​នូវ​ធម៌​ដែល​អាច​ធ្វើ​ខ្លួន​ឲ្យ​បាន​ទទួល​​យក​នូវ​សេចក្ដី​សុខ​ ក្នុង​លោក​ទាំង​ពីរ ពុំ​នោះ​សោត​ដូចជា​មន្ត្រី​ធំ - តូច ដែល​ជា​អ្នក​ចេះ​ចាំ​ច្បាប់​ក្បួន​ប៉ែក​ខាង​ផ្លូវ​លោក ត្រូវ​ប្រដៅ​ណែនាំ​ដល់​អាណា​ប្រជានុរាស្ត្រ ដើម្បី​ធ្វើ​ជាតិ​របស់​ខ្លួន​ឲ្យ​ឡើង​កាន់​អារ្យ​ធម៌​មិន​សង្កត់​សង្កិន​រឹប ​ជាន់​ដោយ​ឥស្សរភាព​របស់​ខ្លួន​ទេ នេះ​ហៅ​ថា​ធម្មទាន ។ បើ​បុគ្គល​មាន​សង្គហធម៌​ទី ១ ដក់​ជាប់​ក្នុង​ចិត្ត​ហើយ ទោះបី​គ្រហស្ថ​បព្វជិត​មន្ត្រី - តូច ក៏​អាច​ធ្វើ​ខ្លួន​ឲ្យ​ជាទី​រាប់អាន​នៃ​ជន​ដទៃ​បាន, នេះ​ជា​សង្គហធម៌​ទី ១ ។
កាល​បើ​ឲ្យ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​និយាយ​ពាក្យ​ពិរោះ គួរ​ឲ្យ​ចាប់​ចិត្ត​ផង ទោះបី​ឲ្យ​ច្រើន​ក៏​ដូចជា​ឲ្យ​តិច ព្រោះ​មិន​ពោល​វាចា​ពីរោះ​ផ្អែម​ចំពោះ​អ្នក​ផង​ដែល​ទទួល​យក​ទេយ្យ​វត្ថុ​នោះ បាន​ជា​ព្រះ​ឈ្នះ​មារ​ជា​ម្ចាស់​ទ្រង់​សំដែង​នូវ​បេយ្យវជ្ជ ជា​សង្គហធម៌​ទី ២ ។
បើ​បុគ្គល​ណា​ជា​អ្នក​មាន​វាចា​ពីរោះ​ផ្អែម គួរ​ឲ្យ​ពេញ​ចិត្ត​ចាប់​ចិត្ត​ដូច​ជា​មាតា​បិតា ហៅ​បុត្រា​បុត្រី អា​នាង ម៉ែ នាង​ដូច្នេះ ជា​ហេតុ​ធ្វើ​ចិត្ត​កូន​ឲ្យ​ស្រឡាញ់​រាប់អាន​ដោយ​សារ​ពាក្យ​នោះ​ផង ឬ​ក៏​ចៅហ្វាយ​ហៅ​រក​បាវព្រាវ ដោយ​សំដី​ទន់ភ្លន់​ពីរោះ​ផ្អែម ជា​គ្រឿង​ធ្វើ​អ្នក​បំរើ​នោះ​ឲ្យ​ស្មោះ​ស្ម័គ្រ​ចំពោះ​ខ្លួន អាច​បំរើ​ខ្លួន​ឥត​គិត​នឿយហត់​សោះ បើ​ជា​ពួក​ក្រុម​រាជការ​វិញ ត្រូវ​ពោល​ពាក្យ​រ៉ាក់ទាក់​តាម​ថ្នាក់ តាម​ជាន់ ស្គាល់​ចាស់​ព្រឹទ្ធាចារ្យ កាល​បើ​មន្ត្រី​ណា​មាន​វាចា​ដ៏​សភាព​រាបសា​ដូច្នេះ ជា​គ្រឿង​ពូត​ផ្គំ​រីក​ពូន​សេចក្ដី​ល្អ​របស់​ខ្លួន​ផង ជា​ឧបាយ​ធ្វើ​ឲ្យ​រាស្ត្រ​ស្រឡាញ់​ផង បើ​នឹង​ទៅ​ឈរ​នៅ​ទី​ណា ជា​ទី​រាប់អាន ឬ​ជា​របស់​អាណា​ប្រជានុរាស្ត្រ​បុណ្យ​ស័ក្តិ​ទៀត​សោត​ក៏​ឡើង​ដោយ​ផល​ដែល​ ខ្លួន​ប្រព្រឹត្ត​ល្អ ចុះ​បើ​មនុស្ស​មាន​សំដី​ជូរ​ប្រៃ​ល្វីង​ទ្រគោះ​បោះ​បោក​អសុរោះ ដោយ​អំណាច​ឥស្សរភាព​របស់​ខ្លួន កុំ​ថា​ឡើយ​តែ​គ្រឿង​បូជា ដោយ​ហោច​ទៅ​សូម្បី​តែ​ឈ្មោះ​ក៏​មិន​នឹក​ផង បើ​ប៉ែក​ខាង​បព្វជិត​វិញ ត្រូវ​និយាយ​ពាក្យ​ឲ្យ​សមរម្យ​តាម​ភាព​ជា​សមណ​ភេទ មិន​និយាយ​ញុះញង់​ចាក់​ដោត​ត្លុក​កំប្លែង​លេង​សើច​ក្អាកក្អាយ​ដូចជា​គ្រហស្ថ ​នោះ​ទេ ទើប​រាប់​ថា​បេយ្យវជ្ជ​ជា​សង្គហធម៌​ទី ២ ។
ការ​ឲ្យ​នឹង​និយាយ​ពីរោះ ជា​គុណ​សម្បត្តិ​ដ៏​សំខាន់​មែន​ហើយ តែ​បើ​ជា​មនុស្ស​មើល​បំណាំ មិន​ធ្វើ​កិច្ច​ធុរៈ​អ្វី​មួយ​ដែល​ជា​ប្រយោជន៍​ដល់​ពួក​ក្រុម​ញាតិ​មិត្ត​ កូន​ចៅ​ទេ ជា​ហេតុ​ធ្វើ​អំពើ​នោះ ឲ្យ​អន្តរាយ​សាប​សូន្យ​បាត់បង់​ទៅ​វិញ​ជា​មិន​ខាន ឬ​ក៏​តាំង​នៅ​ដែរ តែ​មិន​បាន​ជាប់​នៅ​យូរ​ឡើយ ព្រោះ​ហេតុ​នោះ បាន​ជា​សម្ដេច​ព្រះ​បរម​សាស្តាចារ្យ ទ្រង់​សំដែង​អត្ថ​ចរិយា ជា​សង្គហធម៌​ទី ៣ ។
បើ​បុគ្គល​ណា​មួយ​ជា​អ្នក​ធ្វើ​នូវ​អំពើ​ដែល​ជា​ប្រយោជន៍​ដល់​ជន​ដទៃ ដូច​យ៉ាង​មាតា​បិតា​ជួយ​ធ្វើ​កិច្ច​ធុរៈ កូន​ប្រុស - ស្រី មាន​សង់​គេហស្ថាន​ឲ្យ​ជាដើម ឬ​ក៏​ពួក​បព្វជិត​ដែល​ជា​អ្នក​ប្រាជ្ញ បាន​រៀន​ចេះ​ចាំ​ព្រះ​ពុទ្ធវចន​ច្រើន ហើយ​ទូន្មាន​ប្រៀន​ប្រដៅ​ដល់​គ្រហស្ថ​ដែល​មិន​ទាន់​មាន​ទាន សីល ភាវនា ឲ្យ​មាន​ទាន សីល ភាវនា​ឡើង មិន​តែ​ប៉ុណ្ណោះ សូម្បី​ពួក​ក្រុម​នាហ្មឺន​រាជការ​ធំ - តូច ដែល​ជា​អ្នក​ចេះ​ចាំ​ច្បាប់​ក្បួន​ប៉ែក​ខាង​ផ្លូវ​លោក​ច្រើន ក៏​ត្រូវ​ណែនាំ​ពួក​រាស្ត្រ​ដែរ ឬ​ក៏​ពួក​រាស្ត្រ​ចូល​ទៅ​ប្ដឹង​ក្នុង​ក្រសួង​ផ្សេង ៗ ត្រូវ​ជួយ​យក​អាសា​ផង មិន​ត្រូវ​សង្កត់​សង្កិន​អ្នក​ម្ខាង​ឲ្យ​ខូច​ប្រយោជន៍ ហើយ​ស្រឡាញ់​ពេញ​ចិត្ត​អ្នក​ម្ខាង​ដែល​បន់​ស្រន់​ដោយ​ទេព្រក្ស​នោះ​ទេ ការ​ធ្វើ​ចិត្ត​ជា​អសប្បុរស​ដូច្នេះ មិន​មែន​ជា​ឧបាយ​ធ្វើ​ប្រទេស​ជាតិ​មាតុភូមិ​ឲ្យ​ឡើង​កាន់​វឌ្ឍន​ធម៌​ឡើយ មាន​តែ​បំផ្លិច​បំផ្លាញ​ជាតិ ឬ​ធ្វើ​ជាតិ​របស់​ខ្លួន​ឲ្យ​ធ្លាក់​ថោក​ទាប បើ​បុរស​ស្ត្រី មន្ត្រី​ធំ - តូច​ឯ​ណា​លះ​វៀរ​នូវ​អំពើ​ណា​ដែល​ធ្វើ​ទៅ​មិន​សម្រេច​ប្រយោជន៍​ដល់​បុគ្គល​ ដទៃ​ទេ ត្រូវ​កុំ​ធ្វើ តែ​ត្រូវ​ធ្វើ​អំពើ​ដែល​ជា​ប្រយោជន៍​វិញ ទើប​រាប់​ថា អត្ថ​ចរិយា​ជា​សង្គហធម៌​ទី ៣ ។
ការ​ឲ្យ​នឹង​និយាយ​ពីរោះ នឹង​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍ ជា​ការ​ប្រពៃ​ណាស់​ហើយ ប៉ុន្តែ​ធ្វើ​ខ្លួន​ឲ្យ​ស្មើ​ក្នុង​កុសល​ធម៌​ទាំង​ពួង ឬ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​ស្មើ​ដល់​ជន​ដទៃ ទើប​អាច​អប់រំ​នូវ​សេចក្ដី​ល្អ​នោះ​ឲ្យ​រឹងរឹត​តែ​ឋិតថេរ​យឺនយូរ​ត​ទៅ​ទៀត ព្រោះ​ហេតុ​នោះ បាន​ជា​សម្រេច​ព្រះ​លោក​នាថ​សាស្តាចារ្យ ទ្រង់​សំដែង​នូវ​សមានត្តតា ជា​សង្គហធម៌​ទី ៤ ។
បើ​បុគ្គល​ឯ​ណា​ធ្វើ​ខ្លួន​ស្មើ​ចំពោះ​បុគ្គល​ដទៃ មិន​សំដែង​អាការ​ក្អេងក្អាង​ក្រអឺត​ក្រទម​ជា​អ្នក​សភាព​រាបសា គួរ​ឲ្យ​អ្នក​ផង​ក្រឡេក​មើល​ទៅ​តែង​ស្រឡាញ់​រាប់អាន​ដោយ​ឫកពា​មារយាទ​របស់​ ខ្លួន ដូច​យ៉ាង​ពួក​ញាតិ​មិត្ត​ដែល​មាន​វ័យ​តិច​ជាង ប៉ុន្តែ​មាន​យស​សក្តិ​បរិបូណ៌​ដោយ​ភោគ​ទ្រព្យ​សម្បត្តិ​បរិវារ ត្រូវ​គោរព​កោត​ក្រែង​ដល់​ក្រុម​ញាតិ​មិត្ត​ដែល​មាន​វ័យ​ចំរើន​ជាង ជា​ឧបាយ​មួយ​យ៉ាង ដែល​អាច​តាំង​វង្ស​ត្រកូល ឬ​ញាតិ​មិត្ត​ឲ្យ​មាន​សេចក្ដី​ស្និទ្ធស្នាល​ស្មោះ​ស្ម័គ្រ​ឥត​មាន​ល្អៀង​ឡើយ ទាំង​មាតា​បិតា​របស់​ខ្លួន​ទៀត​សោត ក៏​រីករាយ​សប្បាយ​ចិត្ត​ដោយ​សារ​កូន​ចេះ​គួរ​សម​ផង ពុំ​នោះ​សោត​ដូច​ពួក​រាជការ ត្រូវ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​ស្មើ​ក្នុង​កុសល​ធម៌​ទាំង​ពួង​ជា​គ្រឿង​ដំកល់​ ខ្លួន ឬ​ដំកើង​ខ្លួន​ឲ្យ​ល្អ​ក្នុង​លោក​ទាំង​ពីរ ម្យ៉ាង​ទៀត ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ស្មើ​ចំពោះ​ពួក​បណ្ដា​រាស្ត្រ​ដែល​មាន​វ័យ​ចាស់​ជាង​ ខ្លួន​មិន​ត្រូវ​ធ្វើ​ក្អេងក្អាង​គ្រប​សង្កត់​ជន​ដទៃ ដោយ​អានុភាព​របស់​ខ្លួន​ទេ ការ​ដែល​តាំង​ខ្លួន​មាន​សភាព​បែប​នេះ ជា​ហេតុ​ធ្វើ​ខ្លួន​ឲ្យ​ជា​ទី​រាប់អាន​របស់​មហា​ជន​មិន​ខាន​ឡើយ ទើប​រាប់​ថា​សមានត្តតា ជា​សង្គហធម៌​ទី​៤ ។
សង្គហ​វត្ថុ​ទាំង ៤ យ៉ាង​នេះ មាន​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា​ហើយ អាច​យឹត​យោង​បុគ្គល​នោះ​ឲ្យ​ឡើង​កាន់​ឋានៈ​ដ៏​ខ្ពង់ខ្ពស់ ឬ​ជា​ឧបាយ​ឲ្យ​កើត​សាមគ្គី​ធម៌ គឺ​សេចក្ដី​ព្រមព្រៀង​គ្នា​ជា​ពួក​ក្រុម​ផង ប៉ុន្តែ​សង្គហធម៌​ទាំង ៤ យ៉ាង​នេះ ដែល​ដុះ​ដាល​កើត​មាន​ឡើង​ក្នុង​សន្ដាន​នៃ​បុគ្គល​នីមួយ ៗ មិន​មែន​កើត​ឡើង​ឯង ៗ ទេ លុះ​ណា​តែ​អាស្រ័យ​គ្រឿង​ផ្សំ គឺ​ការ​សិក្សា​រៀន​សូត្រ​ទើប​កើត​ឡើង​បាន មិន​មែន​តែ​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ទេ សូម្បី​ផ្លូវ​លោក​ក៏​ដូច​គ្នា​ដែរ សម​ដូច​ព្រះ​បរម​ពុទ្ធោវាទ​ថាៈ
យោគា វេ ជាយតេ ភូមិ អយោគា ភូរិសង្ខយោ
"ប្រាជ្ញា​កើត​ឡើង​ព្រោះ​គ្រឿង​ផ្សំ ការ​អស់​ទៅ​នៃ​ប្រាជ្ញា ព្រោះ​ខ្វះ​គ្រឿង​ផ្សំ" ។
ហេតុ​នេះ យុវជន កុមារា - កុមារី​ទាំងឡាយ ត្រូវ​ខំ​ស្វះ​ស្វែង​រៀន​សូត្រ​លេខ​នព្វន្ត អក្សរសាស្ត្រ ទាំង​ប៉ុន្មាន​ឲ្យ​មាំមួន​ឡើង ដើម្បី​ពូន​ប្រាជ្ញា​របស់​អ្នក​ផង នឹង​ធ្វើ​ប្រទេស​ជាតិ​មាតុភូមិ​របស់​អ្នក​ឲ្យ​ឡើង​កាន់​វឌ្ឍន​ធម៌​ផង ព្រោះ​ថា​ក្នុង​ស្រុក​ប្រទេស​ណា​មាន​មនុស្ស​សិក្សា​រៀន​សូត្រ​ច្រើន ស្រុក​ប្រទេស​នោះ តែង​មាន​សេចក្ដី​ចំរើន​ជានិច្ច ។
បើ​ប្រាស​ចាក​ការ​សិក្សា​រៀន​សូត្រ​ហើយ កុំ​ថា​ឡើយ​តែ​ការ​កសាង​ជាតិ ដោយ​ហោច​ទៅ សូម្បី​តែ​សេចក្ដី​ចិញ្ចឹម​ជីវិត​ផ្ទាល់​ខ្លួន​ក៏​លំបាក​ដែរ បើ​យុវជន​កុមារា​កុមារី​ណា ឃើញ​សេចក្ដី​វិនាស​នឹង​សេចក្ដី​ចំរើន​ដូច​ពណ៌នា​មក​ខាង​លើ​នេះ ត្រូវ​ប្រឹងប្រែង​ក្នុង​ការ​រៀន​សូត្រឲ្យ​មុត​មាំ​មិន​ត្រូវ​ខ្ជិល​ច្រអូស​ ឡើយ ។
អាត្មា​ភាព​សំដែង​មក ក្នុង​ធម៌​សង្គ្រោះ​ទាំង ៤ យ៉ាង ព្រម​ទាំង​លើក​គាថា​យក​មក​ជា​ពស្ដុតាង ក៏​សន្មត​ថា ចប់ តែ​ប៉ុណ្ណេះ ។
ធម្ម​ទេសនា​នុភាវេន និទ្ទុក្ខា ហោន្តុ សព្វទា ដោយ​អានុភាព​នៃ​ធម្ម​ទេសនា​នេះ សូម​ពុទ្ធ​បរិស័ទ​នឹង​ជន​រួម​ជាតិ ព្រម​ទាំង​ជន​រួម​លោក​ទាំងឡាយ កុំ​ឲ្យ​មាន​ទុក្ខ​សព្វ ៗ កាល ឯវំ ។
ចប់ 
ប្រភព http://www.budinst.gov.kh/?q=node/286

0 ความคิดเห็น:

แสดงความคิดเห็น