អង់ត្វាន់ ឡាវ័រស៊ីយ៉េ (Antoine Lavoisier, 1743-1794)
អង់ត្វាន់ ឡាវ័រស៊ីយ៉េ ជាកូនក្នុងត្រកូលអ្នកពាណិជ្ជកម្មស្ដុកស្ដម្ភម្នាក់ បានទទួលការរៀនសូត្រពេញលេញតាំងពីនៅកុមារភាព ហើយបង្ហាញឲ្យឃើញនូវទេពកោសល្យខាងវិទ្យាសាស្ត្រពីកំណើត ។ នៅអាយុ ២៣ឆ្នាំ ជាមួយបណ្ដាស្នាដៃស្រាវជ្រាវអំពីរបៀបអុជបំភ្លឺ ឡាវ័រស៊ីយ៉េ បានទទួលរង្វាន់ពីបណ្ឌិតសភាវិទ្យាសាស្ត្របារាំង ។
បុព្វហេតុវិទ្យាសាស្ត្រសំខាន់របស់ ឡាវ័រស៊ីយ៉េ គឺខាងគីមី ។ លោកបានរកឃើញច្បាប់មូលដ្ឋានគីមីជាច្រើន ហើយត្រូវបានគេចាត់ទុកលោកដូចជាអ្នកដែលបានបង្កើតចេញមុខវិជ្ជាគីមីអសរីរាង្គ ។ លោកក៏បានចាប់ផ្ដើមធ្វើការស្រាវជ្រាវអំពីគីមីអសរីរាង្គ ។ ឡាវ័រស៊ីយ៉េ ជាអ្នកនិពន្ធសៀវភៅសាសនប្បញ្ញតិ Livre Canonique ដែលក្នុងនោះមានសៀវភៅមូលដ្ឋានគីមី និងសៀវភៅឧណ្ហវិទ្យា ។
ជ្រើសរើសយកផ្នែកណា ?
ដោយជាកូនអ្នកមានស្ដុកស្ដម្ភ ឡាវ័រស៊ីយ៉េ បានរៀនសូត្រយ៉ាងគ្រប់គ្រាន់តាំងពីវ័យក្មេងម្ល៉េះ ដែលតាមរយៈការរៀនសូត្រនេះតែងតែបង្ហាញឲ្យឃើញថា គេជាអ្នកស្រេកឃ្លាននូវចំណេះដឹងជានិច្ច ។ យុវជនរូបនេះជក់ចិត្ត ជក់អារម្មណ៍នឹងការរៀនសូត្រណាស់ គឺរៀនទាំងគណិតសាស្ត្រ រូបវិទ្យា គីមីវិទ្យា ទាំងអក្សរសាស្ត្រ និងមានលទ្ធភាព «ឃុំឃាំងខ្លួនឯង» នៅក្នុងផ្ទះរហូតដល់ទៅជាងកន្លះខែទៀតផង ដើម្បីអានសៀវភៅ ។
កាលអាយុ ១៨ឆ្នាំ មានមិត្តម្នាក់សួរ ឡាវ័រស៊ីយ៉េ ថា «មិត្តឯងគិតជ្រើសរើសផ្នែកណា ?» ។ ឡាវ័រស៊ីយ៉េ សើចញឹមៗ «យើងឃើញវិទ្យាសាស្ត្រមួយណាក៏គួរឲ្យជក់ចិត្តទាំងអស់ ។ បើសិនជាយើងមានខួរក្បាល១០ យើងនឹងចូលជ្រៅលើគ្រប់វិស័យ…» ។ ក៏ប៉ុន្តែដល់អាយុ២៣ឆ្នាំ ឡាវ័រស៊ីយ៉េ បានសម្រេចចិត្តជ្រើសរើសគីមីសាស្ត្រ ។
ការប្រុងប្រយ័ត្នរបស់អ្នកប្រាជ្ញ
ឡាវ័រស៊ីយ៉េ ជាអ្នកប្រុងប្រយ័ត្នបំផុតក្នុងការស្រាវជ្រាវ ។ លោកបានកសាងខឿនទ្រឹស្ដីបទអំពីភាពឆេះដាច់ចេញដំបូងបង្អស់ពី មូលដ្ឋានគីមីចម្រុះ បង្កើតចេញនូវ «ច្បាប់ការរក្សាទុករូបធាតុ» ជាដើម… ខ្លួនលោកតែងតែជាអ្នករិះគន់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះបណ្ដាការសន្និដ្ឋានរបស់ខ្លួន ។
មានម្ដងនោះ សហសេវិករបស់លោកបានជំរុញលោកឲ្យប្រកាសស្នាដៃមួយ តែអ្នកប្រាជ្ញយើងបានឆ្លើយតបវិញថា «មិនអាចប្រកាសប្រការនេះបានទេ នៅពេលដែលខ្ញុំអនុវត្តពិសោធន៍មិនទាន់បានស្រួលបួលនៅឡើយនោះ» ។ «បើអញ្ចឹងតើលោកត្រូវការពេលវេលាប៉ុន្មានឆ្នាំដើម្បីធ្វើការពិសោធន៍អង្កេតឡើងវិញ ?» ។ «បួនឆ្នាំ» ។
ភ្លើងឆេះ «អង្គធាតុដុត»
កាលមិនទាន់មាន ឡាវ័រស៊ីយ៉េ អ្នកប្រាជ្ញទាំងឡាយនៅជឿថា «ការឆេះ» គឺជាជាតិមួយផ្ទុកនៅក្នុងគ្រប់រូបធាតុទាំងអស់ ។ ឡាវ័រស៊ីយ៉េ ជាអ្នកដំបូងបង្អស់ដែលតាមរយៈការពិសោធន៍បានបញ្ជាក់ និងសន្និដ្ឋានឲ្យឃើញថា ពុំមាន «អង្គធាតុ» និងការ «ឆេះ» ទេ គឺមានត្រឹមតែជាប្រតិកម្មផ្សំគ្នាជាមួយអុកស៊ីសែនតែប៉ុណ្ណោះ ។ ការរកឃើញរបស់ ឡាវ័រស៊ីយ៉េ បានបណ្ដាលឲ្យក្រឡាប់ចក្រនៃទស្សនៈរបស់គីមីវិទូនាសម័យនោះ និងបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង ។ តែស្ថិតចំពោះភស្តុតាងជាក់ស្ដែង អ្នកទាំងអស់នោះត្រូវតែទទួលស្គាល់ទ្រឹស្ដីបទថ្មីនេះ ។
ក្នុងការជួបជុំគ្នាមួយ ឡាវ័រស៊ីយ៉េ បានសម្ដែងរឿងល្ខោនមួយមានចំណងជើងថា «ភ្លើងឆេះ អង្គធាតុដុត» ដែលភរិយារបស់លោកបានដើរតួឯក ។ ឆាកល្ខោនបានធ្វើការទិតៀនយ៉ាងទន់ភ្លន់ចំពោះបណ្ដាជនអភិរក្សនិយម ក្នុងវិទ្យាសាស្ត្រ ពីព្រោះអ្នកទាំងនោះប្រៀបបាននឹងជនឈ្លក់វង្វេងក្នុងវិមានអាទិទេព អ៊ីតាលី ដែលបានដុតសម្លាប់ ប្រូយណូ ដោយប្រឹងចចេសរឹងរូសបិទបាំងការពិតជាក់ស្ដែង ។
តម្លៃរបស់ក្បាលមួយ…
ឆ្នាំ១៧៩៤ ក្នុងទិដ្ឋភាពដ៏ស្មុគស្មាញនៃមហាចលនាបដិវត្តមូលធនបារាំង ឡាវ័រស៊ីយ៉េ ត្រូវពួកប្រតិកិរិយាមួលបង្កាច់ថា មានជាប់ទាក់ទិនក្នុងសំណូកថវិកាសមូហភាព ។ មិត្តភក្ដិបានរំលឹកលោកឲ្យរត់គេចខ្លួន តែលោកបដិសេធ ។ ពួកភេរវជនក្នុងរដ្ឋអំណាចថ្មីដែលគ្មានការគិតពិចារណាវែងឆ្ងាយបាន ចេញបញ្ជាឲ្យកាត់ទោសប្រហារជីវិតលោក ។ បានឮដំណឹងនេះភ្លាម បណ្ដាអ្នកប្រាជ្ញបារាំងដឹកនាំដោយលោក ឡាក្រង់ បានធ្វើលិខិតមួយច្បាប់សំណូមពរសូមឲ្យពិនិត្យឡើងវិញនូវបទកាត់ទោសនេះ ។ ក្នុងលិខិតមានខ្លឹមសារថា «… ក្បាលមួយ ដូចក្បាលរបស់ ឡាវ័រស៊ីយ៉េ ត្រូវធ្លាក់ចុះ គឺរាប់រយឆ្នាំទៀត មិនទាន់ជឿជាក់ថា នឹងដុះឡើងវិញនូវក្បាលមួយទៀតដូចនេះបានឡើយ...» ។
ក៏ប៉ុន្តែពយកភេរវជននេះនៅតែធ្វើព្រងើយចំពោះពាក្យទទូចសុំដ៏ស្មោះស្ម័គ្រនោះ ។ បទពិន័យត្រូវបានអនុវត្ត ។ ពីរឆ្នាំក្រោយមក ទើបបានដឹងច្បាស់ថា អ្នកប្រាជ្ញ ឡាវ័រស៊ីយ៉េ គឺជាមនុស្សម្នាក់ល្អស្អាតបរិសុទ្ធបំផុត ៕
ដកស្រង់ពីសៀវភៅកម្រងជីវិតអ្នកប្រាជ្ញ
0 ความคิดเห็น:
แสดงความคิดเห็น