วันพุธที่ 18 พฤษภาคม พ.ศ. 2554

មង្គល​ឡើង​ផ្ទះ​ថ្មី


លោក ឆយ - ស៊ីផាត រៀបរៀង
 
តាម​ធម្មតា ប្រពៃណី​ពី​បុរាណ​របស់​ប្រជាពលរដ្ឋ​​ខ្មែរ កាលណា​គេ​បាន​សង់​ផ្ទះ​ថ្មី​រួច​ហើយ គេ​តែង​តែ​ប្រកប​ពិធី​ជា​មង្គល ដើម្បី​ទៅ​នៅ​លើ​ផ្ទះ​ថ្មី​នោះ ឲ្យ​បាន​ត្រជាក់​ត្រជំ សុខដុមរមនា​មាន​ជោគជ័យ​សិរីមង្គល ។ 
ជា​បឋម អ្នក​ម្ចាស់​ផ្ទះ​គប្បី​រក​ហោរ​គន់គូរ ឫក្សជតា​រាសី ដើម្បី​រក​ថ្លៃ នឹង​ឡើង​ទៅ​នៅ​លើ​ផ្ទះ​នោះ ។ កាល​បើ​បាន​ពេលា​ល្អ​ហើយ គេ​ក៏​រៀប​ចំ​វត្ថុ​ផ្សេង​ៗ ដើម្បី​ប្រកប​ពិធី​ដែល​មាន​ជា​ការ​ចាំបាច់​គឺ : 
១- ភ្លុក​ដំរី ឬ កុយរមាស
២- គ្រឿង​អលង្ការ
៣- សំពត់​អាវ​សាវស្បៃ
៤- សាច់​ប្រាក់​សុទ្ធ ឬ​ប្រាក់​ណែន
៥- ថ្ម​បិទ​មាស​មួយ​ដុំ
៦- ដូងទុំ​បិទ​មាស​មួយ​ផ្លែ
៧- ត្រឡាច​បិទ​មាស​មួយ​ផ្លែ
៨- ល័ក្ខជុំកន្លង់
៩- ស្រូវ​គង់
១០ - ឆ្មា​ញី​សម្បុរ​បី
១១- កន្ទេល ខ្នើយ​ថ្មី មួយ​សម្រាប់
លុះ​បាន​ឫក្សពារ​ពេលា​ហើយ ត្រូវ​រៀប​ចំ​ហែ​របស់​ដែល​បាន​រៀបរាប់​មក​នេះ ជា​ក្បួន​តាម​លំដាប់​លំដោយ​ឲ្យ​មាន​អ្នក​កាន់​ទ្រ​របស់​របរ ប្រកប​ដោយ​លក្ខណៈ​ផង ដូច​ពណ៌នា​ខាង​ក្រោម​នេះ : 
១- អាចារ្យ​ចាស់ទុំ​ម្នាក់​ដើរ​នាំ​មុខ កាន់​សក្ការបូជា
២- ប្រុស​មាន​គូស្រករ​ម្នាក់ កាន់​ភ្លុក​ដំរី​ឬ​កុយរមាស តម្កល់​លើ​ពាន​ឬ​តោក
៣- ស្រី​មាន​គូស្រករ​ម្នាក់ កាន់​ពាន​តម្កល់​គ្រឿង​អលង្ការ
៤- ស្រី​ម្នាក់​កាន់​ពាន​ដាក់​សំពត់​អាវ​សាវស្បៃ
៥- ស្រី​ម្នាក់​កាន់​ពាន​សាច់​ប្រាក់​ច្រក​ក្នុង​ថង់ ឬ​ប្រាក់​ណែន
៦- ប្រុស​ម្នាក់​កាន់​ថ្ម​មណីសិលា បិទ​មាស មួយ​ដុំ
៧- ស្រី​ម្នាក់​កាន់ដូង​ទុំ​បិទ​មាស​មួយ​ផ្លែ
៨- ប្រុស​ម្នាក់​កាន់​ត្រឡាច​បិទ​មាស​មួយ​ផ្លែ
៩- ក្មេង​ប្រុស​ជំទង់​ម្នាក់​កាន់​ពាន​ដាក់​ល័ក្ខ​ជុំកន្លង់
១០- ក្មេង​ស្រី​ព្រហ្មចារីយ៍​ម្នាក់​កាន់​ស្រូវ​គង់​ដាក់​ក្នុង​ពាន ឬ តុ
១១- គព្ភីនី ស្រី​មាន​គភ៌ បី​ឆ្មា​ញី សម្បុរ​បី ពាក់​ចង្រ្កង​មាស ឬ​ប្រាក់ ។ 
១២- មនុស្ស​ប្រុស - ស្រី កាន់​កន្ទេល​ខ្នើយ
ឯ​ក្បួន​ហែ ត្រូវ​ជុំវិញ​ផ្ទះ​ថ្មី​ជា​ទក្ខិណា​ពត៌ គឺ​ហែ​ពី​ស្ដាំ​ទៅ​ឆ្វេង​ចំនួន ៣ ជុំ ។
កាលណា​ហែ​បាន​មួយ​ជុំ មក​ដល់​ជើង​ជណ្ដើរ​មុខ​អាចារ្យ​នាំ​មុខ ត្រូវ​ស្រែក​សួរ​អ្នក​ម្ចាស់​ថា : 
អឺ ! លោក​ម្ចាស់​ផ្ទះ
ពេល​នេះ អ្នក​នៅ​លើ​ផ្ទះ​មិន​ទាន់​ឆ្លើយ ។ ក្បួន​ហែ​បាន​គ្រប់​ពីរ​ជុំ អាចារ្យ​សួរ​ម្ដង​ទៀត តែ​អ្នក​នៅ​លើ​ផ្ទះ​មិន​ទាន់​ឆ្លើយ​ទៀត ។ លុះ​គ្រប់​បី​ជុំ ទើប​អាចារ្យ​ហៅ​ទៀត​ថា : 
អឺ លោក​ម្ចាស់​ផ្ទះ
ម្ដង​នេះ​អ្នក​ម្ចាស់​ផ្ទះ​ត្រូវ​ឆ្លើយ​ថា : 
អើ ចុះ​អ្នកណា ទៅ​ណា​មក​ណា នាំ​គ្នា​អ៊ូអរ​យ៉ាង​នេះ 
សូម​ទោស លោក យើង​ខ្ញុំ​មក​ពី​ឆ្ងាយ​ណាស់ សូម​ជ្រាប
ចុះ​មក​ពី​ណា អ្នក​ថា​ឆ្ងាយ តើ​អ្នក​មក​ពី​នាយ មក​ពី​នគរ​ណា
បាទ យើង​ខ្ញុំ​មក​ពី​នគរ​រាជគ្រឹះ
ចុះ​អ្នក​មក​មាន​ចិត្ត​ប៉ង​បំណង​កិច្ចការ​អ្វី 
បាទ យើង​ខ្ញុំ​បាន​លេច​ឮ​រន្ទឺ​ដឹង​ដំណឹង​ដល់​ថា លោក​ស្រី លោក​ប្រុស បាន​សង់​ផ្ទះ​ថ្មី​យ៉ាង​ធំ​ទ្រនំ​ខ្ពស់ មែន​ឬ​មិនមែន ? 
មែន តើ​អ្នក​មាន​ការ​យ៉ាង​ណា សូម​អ្នក​ថ្លែង​ការណ៍​ប្រាប់​មក​ចុះ
ដោយ ​យើង​ខ្ញុំ​បាន​ដំណឹង​នេះ ទើប​នាំ​គ្នា​យក​គ្រឿង​ត្រជាក់​ត្រជុំ ចម្រុង​ចម្រើន​មក​ជូន​ជា​ជោគជ័យ សិរីមង្គល មាន​ទាំង​កុយពុក ភ្លុក​ស្អុយ មាស​ប៉ុន​ដូង​ទុំ ប៉ុន​ត្រឡាច គ្រឿង​សំពត់​អាវសាវស្បៃ មាស​ប្រាក់ កែវ កង​ពិទូសូរ្យកាន្ត មាន​ឆ្មា​វិឡារី​សប្បុរ​បី ពាក់​ជី​ដាំ​ត្បូង បើ​លោក​ត្រូវ​ការ​ខ្ញុំ​មាន​ប្រាថ្នា​ជូន​ដោយ​ឥត​ថ្លៃ សុំ​តែ​បាយ​អាស្រ័យ​មួយ​ពេល​ប៉ុណ្ណោះ ។ 
ឯ​រឿង​បាយ​ទឹក​មិនមាន​ខ្វះ​អី បើ​ពិត​ដូច​សំដី សូម​អញ្ជើញ​នាំ​គ្នា​ឡើង​មក​ចុះ ។ 
នៅ​វេលា​អ្នក​ម្ចាស់​អនុញ្ញាត​ឲ្យ​ឡើង​ហើយ អាចារ្យ​ត្រូវ​រៀប​ចំ​សែន ក្បាល​ជណ្ដើរ ។ 
ឯ​គ្រឿង​ក្រយា​បូជា​នោះ​មាន​ដូច​តទៅ
ចំអាប​មួយ​ថាស
បង្អែម​មួយ​ថាស 
ក្បាល​ជ្រូក​ស្ងោរ​មួយ
ផ្តិល​ទឹក​មួយ​ផ្តិល ដាក់​អម្បោះ​ចំណង​ដៃ
បាយសី​ប៉ាកឆាម​មួយ​គូ 
ស្លា​ធម៌​មួយ
ការ​រៀប​ចំ​ហើយ អាចារ្យ​ត្រូវ​សំបួង​សម្រូង ប្ដឹង ទេពតា ទេព្រ័ក្ស ជំនាង​ផ្ទះ សុំ​ឲ្យ​ជួយ​អភិបាល​រក្សា ចំរើន​ស័ព្ទសារធុការ​ពរ​តទៅ ។ 
ឯ​ពាក្យ​សំបូង​សង្រូង​នេះ​យើង លើក​មក​ជូន​ជា​សណ្ដាប់​ដូច​តទៅ : 
ឱ ! តេជៈ​ម្ចាស់​ថ្លៃ ថ្ងៃ​នេះ​ថា​តា​មាន​ឫក្ស អធិមង្គល ខ្ញុំ​សូម​ប្ដឹង​ដល់ អស់​ព្រះភូមិម្ករ ទេវតា រក្សា​ភូមិ​ឋាន វិមាន​ថ្មី ត្បិត​ពេល​នេះ​លោក .....អ្នក ...... បាន​សង់​ផ្ទះ​រួច​ហើយ​ៗ រៀប​ចំ​ឡើង​នៅ​ក្នុង​ថ្ងៃ​នេះ សូម​ទេព្ដា​រក្សា​ផ្ទះ​ថ្មី​នេះ ជួយ​ពិភ័ក្តិ​រក្សា​ឲ្យ​ស័ព្ទសារធុការ​សិរីសួស្ដី​ជ័យ​មង្គល វិបុល​សុខ​គ្រប់​ប្រការ ចំរើន​លាភា​តាំង​ពី​ពេល​នេះ​រៀង​តទៅ ។
និយាយ​សំបូង​សង្រូង​រួច​ហើយ អាចារ្យ​ត្រូវ​ចាប់​ម្ហូប​ចំណី​កាត់​ត្រចៀក​ជ្រូក​មួយ​ចំណិត ដាក់​ក្នុង​កន្ទោង​មួយ រួច​ច្រូច​ទឹក​បន្តិច ដាក់​សែន​នៅ​ក្បែរ​គល់​ឈើ​មួយ​ក្នុង​របង​ផ្ទះ​ថ្មី​នោះ ។ 
លុះ ​ចប់​ការ​សែន​ហើយ ត្រូវ​យក​អម្បោះ​ចង​ក្បាល​ជណ្ដើរ រួច​ច្រូច​ទឹក​សុំ​ពរ​ជ័យ ។ កាល​អ្នក​ហែ​បាន​ឡើង​ទៅ​ដល់​លើ​ផ្ទះ​ហើយ អាចារ្យ​ត្រូវ​រៀប​ចំ​ចង​ដៃ​ប្រសិទ្ធពរ​ដល់​ម្ចាស់​ផ្ទះ គឺ​ត្រូវ​ក្រាល​កន្ទេល​ឈម​មុខ​ទៅ​រក​ទិស​ដង្ហើម​រស់ រៀប​របស់​ភស្តុភារ នៅ​ទី​ជាមួយ រួច​អញ្ជើញ​ម្ចាស់​ផ្ទះ​មក​អង្គុយ​ក្រាប​លើ​ខ្នើយ ហើយ​ចង​ដៃ​ឲ្យ​ពរ​ស័ព្ទសារធុការ​ប្រសិទ្ធ​ឲ្យ​បាន ត្រជាក់​ត្រជុំ​ចម្រុង​ចម្រើន​ជា​ភិយ្យោភាព ។ 
ត​ពី​នេះ ទៅ​ត្រូវ​និមន្ត​ព្រះសង្ឃ​ចំរើន ពុទ្ធមន្ត តាម​ប្រពៃណី​ពុទ្ធសាសនា ដើម្បី​បញ្ជៀស ឧបទ្ទវន្តរាយ​ទាំងឡាយ​ទាំងពួង នឹង​ដើម្បី​ចម្រើន​សុខ​សួស្ដី​សិរីមង្គល​ដល់​ម្ចាស់​ផ្ទះ​ថ្មី​នោះ​តទៅ ។ លុះ​ចប់​កិច្ច​ចំរើន​បរិត្ត អ្នក​ម្ចាស់​ផ្ទះ​តែង​តែ​រៀប​ចំ​លៀង​ភោជនាហារ​តាម​ការ​គួរ ។

0 ความคิดเห็น:

แสดงความคิดเห็น