ពាក្យប្រារព្ធរបស់អ្នករៀបរៀង
ទោះបីរឿងនេះ មិនត្រូវតាមទំនងគន្លងធម៌ របស់ព្រះពុទ្ធជាម្ចាស់ទាំងជារឿងដែលមិនមានប្រយោជន៍ដល់យើងដោយ ចំពោះក៏ពិត តែជារឿងដែលមិនមានប្រយោជន៍ដល់យើងដោយចំពោះក៏ពិត តែជារឿងដែលមានពស្ដុតាងពិតប្រាកដមែនភូតភរ ទាំងជារឿងដែលគេរាប់ថាជាទំនៀមទម្លាប់ ១ យ៉ាងរបស់ឥណ្ឌៀ សឹងមានមកអំពីបុរាណកាលមកហើយ ។ សម្រាប់ "អ្នកដែលស្រឡាញ់វិជ្ជាជុំខ្លួន" រមែងមិនរង្កៀសក្នុងការដែលនឹងមើលនឹងសិក្សារឿងសូម្បីដូចជារឿង នេះឡើយ អាស្រ័យហេតុនេះជាប្រមាណ រឿងលទ្ធិកម្មសុត្តីទើបមកក្នុងប្រាកដក្នុងទីនេះដើម្បីប្រយោជន៍ ដល់បុគ្គលជំពូកខ្លះ ដែលត្រូវការចង់ដឹង ។
ទោះបីរឿងនេះ មិនត្រូវតាមទំនងគន្លងធម៌ របស់ព្រះពុទ្ធជាម្ចាស់ទាំងជារឿងដែលមិនមានប្រយោជន៍ដល់យើងដោយ ចំពោះក៏ពិត តែជារឿងដែលមិនមានប្រយោជន៍ដល់យើងដោយចំពោះក៏ពិត តែជារឿងដែលមានពស្ដុតាងពិតប្រាកដមែនភូតភរ ទាំងជារឿងដែលគេរាប់ថាជាទំនៀមទម្លាប់ ១ យ៉ាងរបស់ឥណ្ឌៀ សឹងមានមកអំពីបុរាណកាលមកហើយ ។ សម្រាប់ "អ្នកដែលស្រឡាញ់វិជ្ជាជុំខ្លួន" រមែងមិនរង្កៀសក្នុងការដែលនឹងមើលនឹងសិក្សារឿងសូម្បីដូចជារឿង នេះឡើយ អាស្រ័យហេតុនេះជាប្រមាណ រឿងលទ្ធិកម្មសុត្តីទើបមកក្នុងប្រាកដក្នុងទីនេះដើម្បីប្រយោជន៍ ដល់បុគ្គលជំពូកខ្លះ ដែលត្រូវការចង់ដឹង ។
(ឧកញ៉ា ទេពពិទូរ ក្រសេម តន្ថបណ្ឌិត)
ពិធីដុតខ្លួនឲ្យស្លាប់ទៅតាមប្ដីអ្នកដែលស្លាប់ទៅមុនហើយនេះ ហៅតាមភាសាឥណ្ឌៀថា "សុត្តី" មានមកក្នុងចំពូករឿងទំនៀមទម្លាប់របស់ឥណ្ឌៀ សឹងជារឿងដែលគេអាងថា កើតមកអំពី ទេវបញ្ញាត្តិ" គឺជាទេវឱង្ការបញ្ញាត្តិទុកមកឲ្យធ្វើដូច្នោះ ដោយសេចក្ដីថាៈ
កិរិយាអ្នកមានសេចក្ដីស្វាមីភក្ដិនឹងប្ដី កាលប្ដីទទួលមរណភាពទៅហើយ ដល់វេលាគេយកសពប្ដីទៅដុតរំលាយតាមទំនៀមស្រុកទេសនោះ រមែងចូលទៅដុតខ្លួនទាំងរស់ឲ្យស្លាប់ទៅតាមប្ដី ដោយរួមជើងថ្ករជាមួយគ្នា ឲ្យសមនឹងពាក្យថាដែលគេហៅស្រីថា "សមរ" សឹងប្រែថា "អ្នករួមស្លាប់" ការសម្លាប់ខ្លួនដោយពិធីកម្មសុត្តីនេះ ឥណ្ឌៀគេកាន់ថាជាបុណ្យកុសលណាស់ណា នាងសាមីខ្លួននោះនឹងបានឡើយទៅកើតឯឋានសួគ៌រួមជាមួយនឹងប្ដី របស់ខ្លួន ដោយមិនមានឃ្លៀងឃ្លាត ។ អាស្រ័យសេចក្ដីជឿក្នុងទេវបញ្ញត្តិជាមាំ ពួកស្រីឥណ្ឌៀអ្នកដែលភក្ដីនឹងស្វាមី ក៏បានប្រណិប័តន៍តៗ គ្នាមកជាអង្វែងហើយ តាំងពីកើតទេវបញ្ញត្តិឲ្យមានសុត្តីនោះមក ស្ត្រីដែលត្រូវស្លាប់ដោយដុតខ្លួនក្នុងនគរភ្លើងដែលរំលាយសពប្ដី ប្រសិនជាមានបញ្ជីកត់ទុក មើលទៅប្រហែលជាមានចំនួនណាស់ណា ស្ទើរតែរាប់មិនអស់ទៅហើយទេដឹង ?
លុះអង់គ្លេសមកបានជាធំគ្រប់គ្រងប្រទេសនោះឃើញថា លទ្ធិកម្មសុត្តី ជារបស់អសារឥតការ ទើបត្រាជាច្បាប់បញ្ញត្តិទុកជាដាច់ខាតមិនឲ្យស្រ្តីឯណាធ្វើ ដូច្នោះតទៅ ទោះបីដូច្នោះ ក៏នៅមានស្រីខ្លះលបឆ្លៀតធ្វើជារឿយ ៗ មក តាមដែលប្រាកដក្នុងសេចក្ដីរាយការ មានដល់ទៅ ៣០ នាក់ហើយជាការក្រក្រៃពេកណាស់ ដែលនឹងគិតលុបលាងប្រវេណីដែលប្រកបដោយទេវបញ្ជារបស់ទេពជាម្ចាស់ ដែលគេនិយមមកជាយូរយាររាប់វេលាទាំង ២០០០ ឆ្នាំមកហើយ ។
ដូចយ៉ាងក្នុងឆ្នាំ ព.ស. ២៤៨០ នេះ មានអ្នកធ្វើលទ្ធិកម្មសុត្តីដល់ទៅពីរនាក់ គឺនាងម្នាក់នោះឈ្មោះ កាលាវតី នាងម្នាក់ទៀតឈ្មោះ "រូប៉ាតានី" អាយុ ២៥ ឆ្នាំនៅតំបន់ស្រុក អាករា បានធ្វើសុត្តីក្នុងខែជេស្ឋ ព.ស. ២៤៨០ ។ សុត្តីនោះ មិនមែនថាជាកិច្ចដែលធ្វើបានដោយងាយទេព្រោះ
១- ក្រវីរស្ត្រីចិត្តដាច់ដែលអាចនឹងធ្វើដូច្នោះ ២- កាលមានវីរស្ត្រីដែលអាចនឹងធ្វើហើយ ក៏តោងត្រូវគេការពារហាមឃាត់មិនឲ្យធ្វើទោះមានឥទ្ធិពលអាចនឹងចោល ខ្លួនទៅក្នុងគំនរភ្លើងបាន ក៏តោងរង់ចាំរៀបចំខ្លួនឲ្យត្រូវតាមពិធីចរិតប្រវេណីជាមុនសិន គឺតោងប្រុងប្រៀបទុកជាមុនប្រមាណ ១០ ដល់ ១២ ម៉ោងទើបធ្វើបាន ។ នាងរូប៉ាតានីកាលប្ដីស្លាប់ហើយ, ពេទ្យប្រចាំតំបបន់បានមកពិនិត្យសពនឹងប្រកាសមរណភាពក្នុងវេលាល្ងាច នៃថ្ងៃនោះ ហើយនាងក៏ស្នើរសេចក្ដីបំណងរបស់នាងឲ្យពពួកញាតិមិត្រទាំងឡាយ ជ្រាប នឹងបង្អង់ការឈាបនកិច្ចទុកដល់ថ្ងៃស្អែកឡើង ដើម្បីនាងនឹងមានឱកាសធ្វើកិច្ចដែលគួរធ្វើរបស់នាង ។
គ្រានោះ ពួកអ្នកដែលមកប្រជុំក្នុងបុណ្យនោះទាំងប្រុសទាំងស្រីទាំងអ្នក ជិតទាំងង្នកឆ្ងាយ រហូតដល់ ទៅសូម្បីខ្ញុំប្រុសខ្ញុំស្រីរបស់នាង ក៏ចូលទៅអង្វរហាមឃាត់នាងមិនឲ្យធ្វើកម្មឯណានីមួយដែលជាការ លល្មើសច្បាប់អង់គ្លេស ដែលបញ្ញត្តលុបលាងមិនឲ្យមានលទ្ធិកម្មសុត្តីជាដាច់ខាតហើយនាង មេម៉ាយក្រមុំក៏តបតាមបទបញ្ញត្តិដែលមានក្នុងគម្ពីរឥណ្ឌូ សឹងមានសេចក្ដីបញ្ញត្តិថា "មុខងាររបស់ភរិយាក៏គឺមិនព្រមចាកស្វាមីក្នុងយាមរស់ឬក្នុងយាម ស្លាប់" កាលពួកញាតិមិត្របានប៉ះនឹងបញ្ញត្តិរបស់មនុស្សនឹងទេវតាដែលនាង នាំមកអាងដូច្នោះហើយ ក៏មិនអាចនឹងហើបហាហាមប្រាមនាងដូចម្ដេចទៀត អ្នកខ្លះក៏និយាយថា "យើងត្រូវតែស្នើរសេចក្ដីដល់រាជការឲ្យបានជ្រាបតាមការ" ។
គ្រានោះ មានយោគីកន្ធាត់ម្នាក់នៅក្នុងស្រុកនោះ ជាអ្នកបំភ្លឺទំនៀមឈាបនកិច្ចក្នុងឥណ្ឌៀ ច្រើនតែធ្វើខាងក្នុងវេលាពីរបីម៉ោងជាខាងក្រោយវេលាស្លាប់ហើយ វៀរតែស្លាប់ក្នុងវេលាល្ងាច សឹងមិនអាចនឹងចាត់ការឲ្យទាន់ពេលបាន ការមរណភាពប្ដីនាងរូប៉ាតានី វេលានោះជារដូវរងាខ្លាំង នាងទើបបង្អង់ការឈាបនកិច្ចឲ្យយឺតទៅបន្តិច ដើម្បីននឹងបានត្រៀមការដែលត្រូវធ្វើ សម្រាប់ពិធីសុត្តីឲ្យរៀបរយ ។
លុះវេលារៀមអរុណរះហើយ រូប៉ាតានីក៏ចាត់ចែងបំពាក់គ្រឿងអំពរណ៍ឲ្យប្ដីយ៉ាងផ្ចិតផ្ចង់តាម ទំនៀមស្រុក ហើយក៏បែរមកតាក់តែងខ្លួនរបស់នាងវិញ គឺស្លៀកពាក់គ្រឿងរិវាហមង្គលហើយ ខ្ចាស់ផ្កាឈើនឹងមាសពេជ្រគ្រឿងប្រដាប់យ៉ាងដទៃៗ ហើយយកជាតិហិង្គុលសំបុរក្រហមស្រស់មកដៅត្រង់ថ្ងាស់របស់នាង ជាគ្រឿងសំគាល់នៃភរិយាភាពក្នុងគ្រាក្រោយបំផុត ស្រេចហើយនាងក៏បើកទ្វារចេញទៅមានកិរិយាឫកពាជាសុខធម្មតាហាក់ ដូចនាងក្រមុំដែលកំពុងបែរមុខទៅមធុមាស 1 មួយអន្លើដោយប្ដីរបស់នាង មើលទៅដូចជាមិនមែនស្រីមេម៉ាយ ដែលប្រុងនឹងដុតខ្លួនឲ្យស្លាប់ទៅតាមប្ដីទេ ។
ខណៈ ដែលនាងចេញ មានស្រីជាញាតិមិត្រ ១ ពួកបានតឿនស្មារតីឲ្យនាងត្រិះរិះជាថ្មីស្រួលសិន ក្នុងការដែលនាងធ្វើការល្មើសច្បាប់លោកដូច្នោះ តែពាក្យតបរបស់នាង ធ្វើឲ្យអ្នកអំបាលនោះស្ងាត់មាត់ច្រៀបតែម្ដងដោយថា "ពួកអ្នករាល់គ្នាដែលមកហាមឃាត់ខ្ញុំដច្នេះ នឹងត្រូវបណ្ដាសាទេពតាឲ្យបាក់ឆ្អឹងរហូតទៅ ព្រោះការដែលខ្ញុំធ្វើពិធីនេះ ធ្វើដោយសេចក្ដីស្មោះត្រង់នឹងស្វាមីសំឡាញ់ នឹង ទេពតាដែលជាទីគោរពរបស់ខ្ញុំ" ។
ខណៈនោះ គេក៏សែងគ្រែសពប្ដីរបស់នាងចេញមកដាក់នៅធរណីទ្វារអស់បួន ប្រាំមីនុត ដើម្បីទទួលទឹកពររបស់អ្នកបួស ដែលជាពិធីដំបូង គ្រានោះរូប៉ាតានីបានយកជាយសំពត់វិវាហៈរបស់នាងទៅចងភ្ជាប់នឹង គ្រែ ដើម្បីជាសញ្ញាលាក្នុងគ្រាក្រោយបំផុតថា នាងខ្ញុំជាភរិយាមិនមែនស្រីមេម៉ាយទេ កាលអ្នកបួសឲ្យពរទឹកចប់ហើយ នាងក៏ដើរបំបាំងខ្លួនទៅក្នុងពពួកនិករជន លុះទៅដល់ទីដុតហើយ រូប៉ាតានី ក៏ទៅពួនលាក់ខ្លួនក្បែរជើងថ្ករ អ្នកបួសមកសូត្រមន្តឲ្យពរម្ដងទៀត លុះចប់ហើយគេក៏លើកសពដាក់ទៅលើជើងថ្ករ គ្រឿងតូរ្យតន្ត្រីក៏ប្រគំឡើងលាន់ទ្រហឹងអឹងកងព្រមគ្នា វេលានោះព្រះភ្លើងក៏ឆេះសន្ធោរឡើង រូប៉ាតានី បានលបលាបប្រែងជោកទាំងខ្លួនហើយ ក៏ស្ទុះចូលទៅឱបប្ដីក្នុងគំនរភ្លើងក្នុងមួយរំពេចសេចក្ដីក៏ ជ្រាបទៅដល់កងក្រវែលៗ បីនាក់បានរត់ចូលមកការពារ តែមិនសម្រេច ដោយវេលានោះមានស្រី ៩ នាក់ដែលជាញាតិមិត្ររបស់នាងបានរាំងរាមិនឲ្យមកបាន ខណៈនោះ គេឮសំឡេងនាងស្រែកឆ្វេក ដោយអំណាចត្រូវកំដៅភ្លើងយ៉ាងក្ដៅដែលនាងមិនអាចនឹងទ្រាំបាន ហើយក៏បាត់ឈឹងទៅវិញ ឮតែសូរសន្ធឹកព្រះភ្លើងឆេះគឹកៗ ឡើង អ្នកបួសក៏សូត្រធម៌ឡើងម្ដងទៀតជាក្រោយបំផុតទាំងពួកគ្រហស្ថក៏ ស្រែកសូត្រឲ្យសព្ទសាធុការពរព្រមគ្នាឡើងតែរាល់ៗ គ្នា វេលានោះវិញ្ញាណរបស់ រូប៉ាតានី ក៏រលត់បាត់សូន្យឈឹងទៅដោយប្រការដូច្នោះ ! ។
ប្រភព http://www.budinst.gov.kh/?q=node/241
0 ความคิดเห็น:
แสดงความคิดเห็น