วันพุธที่ 18 พฤษภาคม พ.ศ. 2554

ប្រវត្តិ​ពង្សាវតារ ព្រះ​សង្វរ​មុនីវិសុទ្ធិវង្សា​ចារិយា​ធម្ម​ឧត្ដមបញ្ញា


ប្រវត្តិ​ពង្សាវតារ
ព្រះ​សង្វរ​មុនីវិសុទ្ធិវង្សា​ចារិយា​ធម្ម​ឧត្ដមបញ្ញា
ព្រះ​ឧបជ្ឈាយ៍​ព្រះ​នាម ទ្រឿងហ៊ាន វត្ត​កណ្ដាល
ឃុំ​ឃិក​ភឿក ខេត្ត​បាក់លីវ
ជុតិ​បញ្ញា សឺន - សាន
គ្រូ​បង្រើន​បន្ទំ​វិជ្ជា​ខេម​ភាសា​សាលា​ដើម​អម្ពិល
រៀប​រៀង
ព្រះ​សង្ចរមុនី​វិសុទ្ធិវង្សា​ចារិយា​ធម្មឧត្ដម​បញ្ញា​អង្គ​នេះ នាម​ដើម ទ្រឿង-ហ៊ាន នាម​ក្នុង​ភិក្ខុ​ភាវ​ជា​ឥន្ទ​បញ្ញា ជាតិ​ខ្មែរ​បិតា​ឈ្មោះ​ទ្រឿង ណិម ជា​អ្នក​រក​ស៊ី​ធ្វើ​ស្រែ មាតា​ឈ្មោះ​តាំង​ធី​ទៀវ ទី​លំ​នៅ ៗ ក្នុង​ភូមិ​ធម្ម​ជោ​ឃុំ​យិញភឿក​បាក់​លីវ ។
លោក​កើត​នៅ​ថ្ងៃ​អង្គារ ២ កើត​ខែ​បុស្ស​ឆ្នាំ​ជូត​អដ្ឋសក្ស ព.ស. ២៤១៨ ត្រូវ​និង​ឆ្នាំ ១៨៧៥ ក្នុង​ភូមិ​ធម្ម​ជោ ឃុំ​យិញ​ភឿក ។
អាយុ ១៣ ឆ្នាំ​នៅ​ឆ្នាំ​ជូត​សំរិទ្ធិសក្ស ព.ស. ២៤៣០ ត្រូវ​នឹង ឆ្នាំ ១៨៨៨ បាន​ចូល​ទៅ​សិក្សា​អក្ខរវិធី អំពី​សំណាក់​លោក​គ្រូ​ចៅ​អធិការ​ព្រះ​នាម ញូង វត្ត​កណ្ដាល​ភូមិ​បោស​លាន ឃុំ​យិញភឿក ការ​ដែល​សិក្សា​អក្ខរ​វិធី​នេះ មិន​បាន​ដឹង​កំណត់​ជា​ប៉ុន្មាន​ៗ ឆ្នាំ បាន​ដឹង​ថា​លោក​ត្រឡប់​ទៅ​ជួយ​ធ្វើ​ស្រែ​មាតា​បិតា​លោក​នៅ​ភូមិ​ធម្ម​ជោ ឃុំ​យិញ​ភឿក​វិញ ។
អាយុ ២២ ឆ្នាំ នៅ​ឆ្នាំ​រកា​នពសក្ស ព.ស. ២៤៤០ ត្រូវ​នឹង​ឆ្នាំ ១៨៩៧ លោក​ត្រឡប់​ចូល​មក​រៀន​ពព្វជ្ជា​វិធី ក្នុង​សំណាក់​លោក​គ្រូ​ចៅ​អធិការ​ព្រះ​នាម​ញូង​វត្ត​កណ្ដាល​ដដែល​ហើយ​ ឧបសម្បទា​ជា​ភិក្ខុ​ភាវ​ក្នុង​ពុទ្ធ​សីមា​វត្ត​កណ្ដាល ក្នុង​ថ្ងៃ ១៣ កើត​ខែ​អាសាធ​ឆ្នាំ​រកា​នោះ លោក​គ្រូ​មុនីវង្សា​ព្រះ​នាម (សំ) ជា​ឧបជ្ឈាយ៍​គង់​វត្ត​ឃ្លាំង​ខេត្ត​ឃ្លាំង លោក​គ្រូ​ធម្ម​វិន័យ​នាម​ញូង នឹង​លោក​គ្រូ​វិន័យ​កេសរ​នាម​ខៀវ​ជា​ឧបសម្បទាចារ្យ ។
កាល​ដែល​បាន​ឧបសម្ប័ទ​ហើយ ក៏​នៅ​បំរើ​ឧបសម្បទាចារ្យ​របស់​លោក​ដោយ​ប្រតិបត្តិ​ល្អ បាន​ឮ​សេចក្ដី​សរសើរ​ជាប់​មក​ដល់​ឥឡូវ​នេះ ថា​ឧបសម្បទាចារ្យ​របស់​លោក​ទាំង​ពីរ​ព្រះ​អង្គ​នោះ មាន​មេត្តា​ដល់​លោក​លើស​លែង​កូន​សិស្ស​ឯ​ទៀត​ៗ ដោយ​ឃើញ​ថា លោក​មាន​ព្យាយាម​សិក្សា​រៀន​សូត្រ​ដ៏​មាំ​ទាំ​ជា​បណ្ដា​សិស្ស​ទាំង​អស់​ដែល​ នៅ​ជា​មួយ ។
លុះ​បាន​វស្សា​គំរប់​ពីរ​ព្រះ​ជន្ម ២៤ ឆ្នាំ​ហើយ ចូល​មក​ក្នុង​ឆ្នាំ​កោរ​ឯកស័ក ព.ស. ២៤៤២ ត្រូវ​នឹង​ឆ្នាំ ១៨៩៩ មាន​ព្រះ​ទ័យ​ភ្នក​នឹក​នឹង​រៀន​ព្រះ​បរិយត្តិ​សាសនា ។
រឿង​នេះ​ខ្ញុំ​បាន​ឮ​លោក​តំណាល​ជា​ញយៗ ថា​ស្រុក​ជាន់​នោះ​នៅ​មិន​ទាន់​មាន​អ្នក​រៀន​សូត្រ​ធម៌​វិន័យ​អ្វី​ទេ គ្រាន់​តែ​ឮ​តៗ គ្នា​ថា​រៀន​អត្ថ ៗ នេះ​ក៏​នៅ​តែ​មិន​យល់​សេច​ក្ដី​ថា​ដូច​ម្ដេច​សូម្បី​គ្រាន់​តែ​ផ្លាស់​ពាក្យ ​ថា​រៀន​បាលី​យ៉ាង​នេះ​វិញ​ក៏​ស្ដាប់​បាន​ដោយ​ក្រ​ផង ឯ​ដំណើរ​នឹង​ទៅ​ភ្នំពេញ​ទៀត​ក៏​ជា​ការ​លំបាក​នឹង​ទៅ​មក​ណាស់ ពី​ព្រោះ​ពុំ​សូវ​មាន​អ្នក​ចុះ​ឡើង ហើយ​មាន​តំណាក់​កប៉ាល់​ត​ៗ ច្រើន​អន្លើ​ច្រើន​ដំណ​ផង ។
ទុក​ជា​មាន​សេចក្ដី​លំ​បាក​យ៉ាង​នោះ លោក​ក៏​គ្មាន​គិត​ធុញ​ទ្រាន់​ក្នុង​ដំណើរ​ផ្លូវ​នេះ​ទេ ចំណង​ដែល​កើត​ឡើង​នោះ​ចេះ​តែ​ច្រើន​ឡើង​ៗ ក៏​លប់​លាង​បាត់​សេចក្ដី​លំ​បាក​ទាំង​ប៉ុន្មាន​នោះ ។
ក្នុង​ខែ​ពិសាខ​ឆ្នាំ​នោះ​ហើយ ដែល​លោក​បាន​លាឧបសម្បទា​ចារ្យ​លោក​ៗ ក៏​បាន​អនុញ្ញាត្ត​ឲ្យ​តាម​សេចក្ដី​សូម បាន​រៀប​ចំ​ដំណើរ​នឹង​ទៅ​ភ្នំពេញ​ជា​មួយ​នឹង​ភិក្ខុ​សាមណេរ​ច្រើន​អង្គ​មាន​ លោក​គ្រូ​ព្រះ​ឧបជ្ឈាយ៍​ព្រះ​នាម អ៊ង ជា​ដើម បាន​ធ្វើ​ដំណើរ​តាម​កប៉ាល់​ក្រុំហ៊ុន​មេស្សា​សឺ​រី ពី​ត្រឹម​ខេត្ត​ឃ្លាំង​ដរាប​ដល់​ទៅ​ភ្នំពេញ​ជា​មួយ​គ្នា លោក​ក្នុង​ចូល​សូម​សំណាក់​នៅ​កុដិ​លោក​គ្រូ​ព្រះ​មង្គល​ទេព្វាចារ្យ ព្រះ​នាម (កុយ) ដោយ​ធ្លាប់​ស្គាល់​រាប់​អាន​តាំង​ពី​ឧបសម្បទា​ចារ្យ​លោក​មក ។
ហើយ​លោក​ប្រារព្ធ​រៀន​បាលី​ព្រះ​ត្រៃ​បិដក អំពី​លោក​គ្រូ​ទាំង​ឡាយ​ច្រើន​អង្គ មាន​លោក​គ្រូ​ធម្ម​វង្សា​ព្រះ​នាម (អ៊ុក) នឹង​លោក​គ្រូ​ព្រះ​មហា​ព្រះ​នាម (កូវ) ជា​ដើម លុះ​ដល់​ព្រះ​ជន្ម ៣២ ឆ្នាំ​នៅ​ឆ្នាំ​មមែ​នពស័ក ព.ស. ២៤៥០ ត្រូវ​និង​ឆ្នាំ ១៩៧០ លោក​ត្រឡប់​មក​គង់​នៅ​វត្ត​ដើម​វិញ ក៏​បាន​បង្ហាត់​បង្រៀន​ធម៌​វិន័យ​ពួក​បព្វជិត​នឹង​គ្រហស្ថ​ច្រើន​រូប តែ​ព្រះ​ទ័យ​មិន​ទាន់​សាប​រលាយ​ចាក​ការ​រៀន​សូត្រ​នៅ​ឡើយ​ទេ ។
ដល់​ចូល​មក​ក្នុង​ខែ​ពិសាខ​ឆ្នាំ​រកា​ឯកស័ក ព.ស. ២៤៥២ ត្រូវ​នឹង​ឆ្នាំ ១៩០៩ ក្នុង​រវាង​ព្រះ​ជន្ម ៣៤ ឆ្នាំ មាន​ព្រះ​ទ័យ​ចង់​ជាវ​សាស្រ្តា​បាលី​មក​ដំកល់​ទុក​ក្នុង​ទី​វត្ត​កណ្ដាល សេចក្ដី​ប្រាថ្នា​នោះ​ក៏​ពេញ​ទី​ឡើង នាំ​ឲ្យ​លោក​ទោ​សំរេច​វិជ្ជា​ឯ​ទីក្រុង​បាងកក​ម្ដង​ទៀត តាម​ផ្លូវ​ជើង​ទឹក​ព្រៃ​នគរ​តែ​មួយ​ព្រះ​អង្គ​លោក​តែ​លុះ​បាន​ជួប​និង​មិត្ត ​សំឡាញ់ ដែល​ធ្លាប់​ស្ដាប់​រាប់​អាន​ពី​ស្រុក​ខ្មែរ​ទៅ លោក​ក៏​បាន​ទៅ​គង់​នៅ​វត្ត​ជំនះសង្គ្រាម​ហើយ​បាន​សិក្សា​និង​លោក​គ្រូ​ អាចារ្យ​ទាំង​ឡាយ​មាន​លោក​គ្រូ​ព្រះ​មហា​ប៉ាន​ជា​ដើម ។ លោក​ក៏​សន្សំ​ជាវ​គម្ពីរ​សាស្រ្តា​បាលី​ស្លឹក​រិត​បាន​ចំនួន ២០ គម្ពីរ លុះ​ព្រះ​ជន្ម​បាន ៣៦ ឆ្នាំ​នៅ​ឆ្នាំ​រការ​ត្រីស័ក ព.ស. ២៤៥៤ ត្រូវ​នឹង​ឆ្នាំ ១៩១១ លោក​ត្រឡប់​វិល​មក​ស្រុក​វិញ ក៏​តាំង​ជា​អាចារ្យ​ប្ដើម1 ការ​រៀន​សូត្រ​ជា​យ៉ាង​មាំ​ទាំ​មាន​បង្រៀន​បាលី​នឹង​បង្ហាត់​បង្ហាញ​ភិក្ខុ​ សាមណេរ ឲ្យ​សូត្រ​ធម៌​ត្រឹម​ត្រូវ​ជា​ដើម ស្នា​ដៃ​ដែល​លោក​ធ្វើ​ឲ្យ​មាន គឺ​សៀវភៅ​ឧបោសថ​កថា​មាន​របៀប​សមាទាន​វិធី និង​កិច្ច​ធ្វើ​វត្ត​ព្រឹក​ល្ងាច​ជា​ដើម សំរាប់​ឧបាសក​ឧបាសិកា សមាទាន​ឧបោសថ​សីល​រាល់​ៗ ខែ ពី​ព្រោះ​សម័យ​នោះ​មិន​សូវ​មាន​របៀប​ធម៌​វិន័យ​ផ្សាយ​ច្រើន​ដូច​សម័យ​នេះ​ទេ ។
ដល់​មក​ថ្ងៃ​សុក្រ ៨ កើត​ខែ​ចែត្រ​ឆ្នាំ​រកា​ត្រី​ស័ក ព.ស. ២៤៦៤ ត្រូវ​នឹង​ថ្ងៃ ១៥ អាវរិល​ឆ្នាំ ១៩២១ បាន​ទទួល​គ្រឿង​ឥស្សរិយ​យស​មុនី​សារ​ភរណ​ដែល​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​ រាជា​នុកោដ្ឋ​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន ។
លុះ​ដល់​ឆ្នាំ​ម្សាញ់​ឯកស័ក ព.ស. ២៤៧៤ ត្រូវ​នឹង​ឆ្នាំ ១៩២៩ រាជ្ការ​ស្រុក​កូសាំង​ស៊ីន​បាន​បង្កើត​ឲ្យ​មាន​សាលា​បឋម​សិក្សា​ខេមរ​វិជ្ជា ​នៅ​ក្នុង​វត្ត លោក​ក៏​ព្រម​ព្រៀង​ជួយ​ទំនុក​បម្រុង​ពេញ​ទី ដរាប​ដល់​ចេញ​ស្បៀង​អាហារ​ចិញ្ចឹម​អស់​ទាំង​កូន​សិស្ស​ដែល​មក​ពី​ស្រុក​ ឆ្ងាយ ៗ ឲ្យ​នៅ​រៀន​សូត្រ​ជា​ដើម ។
មិន​តែ​ប៉ុណ្ណោះ​លោក​បាន​ទាំង​បង្ហើយ2សាលា​រៀន​មួយ​ដែល​ជា​ស្នា​ដៃ​បង​ជី​ ទួត​មួយ​លោក​ធ្វើ​ត្រា​តែ​ហើយ​ស្រេច ក៏​បាន​ប្រគល់​ឲ្យ​រាជការ​ចាត់​ចែង​បង្រៀន​តាម​ការ​ក្នុង​សាលា​នោះ ហេតុ​តែ​លោក​មាន​ព្រះ​ទ័យ​ល្អ​យ៉ាង​នេះ​ហើយ បាន​ជា​សាលា​វត្ត​កណ្ដាល​ចំរើន​ធំ​យ៉ាង​ឆាប់​ទាន់​ចិត្ត លើស​លប់​សាលា​ខ្មែរ​ទាំង​អស់​នៅ​ក្នុង​ខេត្ត ។
លុះ​ចូល​មក​ក្នុង​ថ្ងៃ ១០ រោជ​ខែ​មាឃ​ឆ្នាំ​ជា​មួយ​គ្នា លោក​បាន​តាំង​ជា​ព្រះ​ឧបជ្ឈាយ៍​ពេញ​ទី​ឡើង​ជា​ព្រះ​សង្វរ​មុនី​វិសុទ្ធិ​ វង្សា​ចារិយា​ធម្ម​ឧត្តមបញ្ញា ក្នុង​ឆ្នាំ​វក​ទោស័ក ព.ស. ២៤៧៥ ត្រូវ​នឹង​ថ្ងៃ ១៧ យូវាំង​ឆ្នាំ ១៩៣២ លោក​ស្រ្តី​ស៊ុយ​ស៊ាន​ការប៉ឺឡែស​ព្រម​ព្រៀង​នឹង​រាជការ​ស្រុក​កូសាំង​ស៊ីន បាន​នាំ​ព្រះ​ត្រៃ​បិដក​មួយ​ក្បាល​ដំបូង មក​ដំកល់​ទុក​ក្នុង​ទី​វត្ត​កណ្ដាល មាន​លោក​អាត់​មិនិស្រ្តាទ័រ​ខេត្ត​បាក់​លីវ​ជា​អធិបតី ឈ្មោះ​ប្រីយែរដឺលិស្ល និង​ទ្រីវៀងសឺនសរ បាន​លើក​ប្រគេន​ដល់​ព្រះ​ហស្ត​លោក​ហើយ​មាន​ប្រសាស្ន​ថា​រាជ្ការ​ប្រគេន​ សៀវភៅ​មួយ​ក្បាល​នេះ​ទុក​សំរាប់​វត្ត សូម​ព្រះ​តេជ​គុណ​ចាំ​ចុះ ថា​ចាប់​ដើម​ពី​ឆ្នាំ​នេះ​ទៅ​រាជ្ការ​នឹង​បម្រុង​ឲ្យ​មាន​មួយ​ចប់​ក្នុង​ទី​ វត្ត​នេះ ជា​ករត៍​ដំណែល​ព្រះ​ពុទ្ធ​សាសនា​សូម​ព្រះ​តេជ​គុណ​រក្សា​ទុក​ដោយ​ប្រ​ពៃ​ចុះ លោក​ក៏​ត្រេក​អរ​ហើយ​ទទួល​យក​ពី​ដៃ​លោក​អាត់​មិនិស្ត្រាទ័រ ។
ដល់​ចូល​មក​ក្នុង​ថ្ងៃ​សៅរ៍ ១ រោជ​ខែ​អាសាធ​ឆ្នាំ​រកា​បញ្ចស័ក ព.ស. ២៤៦៧ ត្រូវ​នឹង​ថ្ងៃ ៨ សូយេត លោក​ក៏​ចាប់​អាពាធ​គ្រុន​ក្ដៅ តែ​នៅ​និមន្ត​ចុះ​ឡើង​ក្នុង​វត្ត​បាន លុះ​គំរប់​ថ្ងៃ​នៅ​ថ្ងៃ​ចន្ទ ៣ រោជ​រោគ​នោះ​ក៏​បណ្ដាល​ទៅ​ជា​ចង្អារ​ឆាន់​ចង្ហាន់​មិន​បាន ឯ​រូប​រាង​កាយ​របស់​លោក​ក៏​នៅ​ពេញ​លេញ​ដូច​ធម្មតា​ត​ពី​ថ្ងៃ​ចន្ទ​នោះ​មក​ ព្រះ​ភក្រ្ត​ក៏​ស្រក​ស្លក់​បន្តិច​ជាង​ប្រក្រតី​ដោយ​អត់​អាហារ​សោះ។
ឯ​ថ្នាំ​ទុក​ជា​ពេទ្យ​រក្សា​យ៉ាង​ណា​ៗ ក៏​មិន​ទទួល ឯ​ការ​បួង​សួង​ទុក​ជា​ធ្វើ​ដូច​ម្ដេច​ៗ រោគ​នោះ​ក៏​ចេះ​តែ​ចំរើន​ឡើ​ៗ ឥត​ស្រាក តែ​លោក​នៅ​តែ​មាន​ពុទ្ធដិកា​ច្បាស់​លាស់​ប្រាប់​អំពី​អាការ​រោគ​ដែល​កើត​ឡើង ​នោះ​បាន​នៅ​ឡើយ ដល់​មក​ថ្ងៃ​សុក្រ ៧ រោជ​ត្រូវ​នឹង​ថ្ងៃ ១៤ សូយេត​ស្រាប់​តែ​ភ្លឹក​ភ្លេច​ស្មារតី ឥត​មាន​ពុទ្ធដិកា​ឬ​និង​ថ្ងូរ​ថ្អូញ​ថ្អែ​ថា​អ្វី​បាន​មួយ​មាត់​គ្មាន បើ​សិង្ហ​ក៏​សិង្ហ​ស្ងៀម បើ​គង់​ក៏​គង់​ស្ងៀម ដ៏រាប​ទាល់​តែ​មច្ចុសេនា​សង្រ្គប​បាន​ដួង​វិញ្ញាណ ជា​របស់​មាន​តម្លៃ លោក​ក៏​ទទួល​អនិច្ចធម្ម នៅ​វេលា​ម៉ោង ៦ រសៀល​ថ្ងៃ​សៅរ៍ ៨ រោជ​ខែ​អាសាធ​ឆ្នាំ​រកា​បញ្ច​ស័ក​ត្រូវ​នឹង​ថ្ងៃ ១៥ ខែ​សូយេត ព.ស. ២៤៧៦ គ្រិ.ស. ១៩៣៣ ៕
ប្រភព http://www.budinst.gov.kh/?q=node/188

0 ความคิดเห็น:

แสดงความคิดเห็น