ឯកសារប្រវត្តិភូមិ និងកោះនានា នៅខេត្តកោះកុង
ដោយឧកញ៉ាប្រសើរលិខិត ម៉ែន - ទន់
ធ្វើការនៅទីចាត់ការគរុកោសល្យ ភ្នំពេញ
១- ភូមិជ្រោយស្មាច់ និង កោះជិតខាង (1)
ជ្រោយស្មាច់ ស្ថិតនៅក្នុងសង្កាត់ព្រែកខ្សាច់ ស្រុកសិរីសាគរ ខេត្តកោះកុង ។ បានជាហៅថាជ្រោយស្មាច់ ព្រោះទីនេះមានដីដុះលយចេញទៅផ្ទៃសមុទ្រ ហើយមានដើមស្មាច់ដុះជាច្រើន "អ្នកខ្លះហៅពយស្មាច់" ។
ជ្រោយនេះមានប្រជាពលរដ្ឋរស់នៅជា អចិន្ត្រៃយ៍ចំនួនជាង ២០ គ្រួសារក្រៅអំពីនេះមានពួកកម្មករចំនួនជាង ២០០ នាក់ ដែលប្រកបរបរស៊ីឈ្នួលកាប់ឈើឲ្យក្រុមហ៊ុនជប៉ុន ព្រោះមានក្រុមហ៊ុនជប៉ុនមកសុំទិញឈើពីរាជការខ្មែរ បានប្រកបអាជីវកម្មនៅទីនេះ ។
នាទីភូមិជ្រោយស្មាច់ តាំងលើឆ្នេរខ្សាច់បណ្ដោយតាមមាត់សមុទ្រ មានចម្ងាយប្រហែល ៦០០ ម ទទឹងភូមិប្រហែល ៤០ ម ។ គេហដ្ឋានអ្នកស្រុកសង់ជា ២ ជួរទល់មុខគ្នា ហើយឃ្លាតដាច់ ៗ ពីគ្នា។ ផ្ទះទាំងនោះសង់អំពីឈើប្រក់ស័ង្កសីខ្លះ ប៉ុន្តែពុំសូវខ្ពស់ពីដីទេ ។ ទីធ្លាមុខផ្ទះ និងជុំវិញផ្ទះច្រើនតែដីខ្សាច់ ដូច្នេះហើយបានជានៅក្នុងភូមិ ពុំមានដំណើរអ្វីក្រៅពីដើមដូងឡើយ ហើយដូងទាំងនោះសោតក៏នៅទាប ៗ ដែរ ព្រោះភូមិនេះ ទើបនឹងរៀបចំថ្មី ។
នៅមាត់សមុទ្រមានផែមួយយ៉ាងធំ ធ្វើអំពីដែក និងឈើដែលជារបស់ក្រុមហ៊ុនជប៉ុន ធ្វើសម្រាប់នាំឈើដាក់នាវា ហើយក្រៅអំពីនេះមានរថយន្ត និងម៉ាស៊ីនស្ទូចឈើ "ឡាហ្គ្រុយ" ដែលជាសម្ភារៈក្នុងការដឹកនាំឈើចេញពីព្រៃនិង សម្រាប់ស្ទូចឈើដាក់នាវាដែរ ។
មុខរបរនៃប្រជាពលរដ្ឋនៅភូមិជ្រោយស្មាច់ មានច្រើនយ៉ាង គឺអ្នកខ្លះខាងការនេសាទត្រី ខ្លះធ្វើចំការ ខ្លះស៊ីឈ្នួលកាប់ឈើឲ្យជប៉ុន និងមានខ្លះទៀតខាងការលក់ដូរ ដូចជាលក់កាហ្វេ ទឹក្រូច នំបញ្ចុក នំក្រូច ស្រា បារី ។ល។ ប៉ុន្តែគុយទាវពុំមានលក់ទេ ។
អ្នកភូមិជ្រផយស្មាច់ កាន់លទ្ធិព្រះពុទ្ធសាសនា ប៉ុន្តែពុំទាន់មានវត្តសម្រាប់ធ្វើបុណ្យទានទេ បើគេត្រូវការធ្វើបុណ្យម្ដង ៗ គេទៅធ្វើឯវត្តស៊្អុយនៅចម្លងគោ ឬទៅវត្តភិមាន នៅកោះកុង ។ ចំណែកសាលារៀនក៏ពុំទាន់មានដែរ ព្រោះកុមារា - កុមារី នៅភូមិនេះ មានចំនួនតិចពេក ។
ភាសានិយាយនៃប្រជាពលរដ្ឋនៅភូមិ ជ្រោយស្មាច់ គឺភាសាខ្មែរ ប៉ុន្តែអ្នកទាំងនោះមានចេះភាសាចិនហៃណាំ និងភាសាសៀមផងដែរ ។ ឯជីវភាពឃើញធូធារគ្រាន់បើ ស្លៀកពាក់ច្រើនស្អាត ៗ ហើយមានប៉ុស្តវិទ្យុទទួលសម្លេងស្ទើរគ្រប់ផ្ទះ ។
នៅខាងក្រោយភូមិមានវាលស្រែ - ចំការ បណ្ដោយប្រហែល ៥០០ ម ទទឹងប្រហែល ២០០ ម បន្តអំពីនេះទៅគឺព្រៃភ្នំ ។ នៅខាងមុខភូមិ គឺសមុទ្រ ហើយនៅចម្ងាយប្រហែល ២ ទៅ ៤ គីឡូម៉ែត្រ មានកោះតូច ៗ ដង្ហែគ្នា គឺកោះស្មាច់ កោះអំពិល កោះស្ដេច កោះឆាន់ និងកោះទទឹង ។ ឯកោះទាំងនោះមានស្ថានភាពនិង ប្រវត្តិផ្សេង ៗ គ្នាដូចតទៅៈ
១- កោះស្មាច់ នៅទិសនិរតីនៃជ្រោយស្មាច់ ។ កោះនេះមានទំហំធំជាងគេក្នុងបណ្ដាកោះទាំង ៥ ។ កោះស្មាច់ពុំមានអ្នកស្រុកនៅទេ ប៉ុន្តែមានចំការដែលអ្នកស្រុកជ្រោយស្មាច់ទៅកាប់គាស់រាន នៅឡើយ ។
២- កោះអំពិល ក៏នៅទិសនិរតីជ្រោយស្មាច់ដែរ បន្ទាប់កោះស្មាច់ ។ កោះនេះមានទំហំតូចទេ ហើយថៅកែឈ្មោះ វ៉ាត នៅជ្រោយស្មាច់ បានទៅកាប់គាស់រានដាំដំណាំតែម្នាក់ឯង គឺមានដាំដូង កៅស៊ូជាដើម ។
៣- កោះស្ដេច ស្ថិតនៅខាងលិច ចំពីមុខជ្រោយស្មាច់ ហើយមានទំហំធំជាងកោះអំពិល ។ កោះនេះមានប្រជាពលរដ្ឋរស់នៅ ៥ - ៦ គ្រួសារ និងមានប៉ុស្តកងរាជតម្រួតមួយប្រចាំការនៅទីនេះ។
កោះស្ដេចមានអណ្ដូងបុរាណមួយ ហៅថាអណ្ដូងអ្នកត្រង់ "អ្នកសច្ចំ" ។ អណ្ដូងនោះមានទំហំទទឹងមាត់ប្រហែល ៤០ ស.ម. ជម្រៅប្រហែល ៥០ ស.ម. ហើយស្ថិតនៅត្រង់ដីទំនាបមួយ ដែលមានទឹកប្រៃព័ទ្ធជុំវិញ ប៉ុន្តែគួរឲ្យអស្ចារ្យណាស់ ដោយអណ្ដូងនេះមានទឹកសាបចេញជានិច្ចមិនចេះរីង ។
តាមប្រវត្តិនៃអណ្ដូងនេះថា កាលពីដើមមានស្ដេច ១ ព្រះអង្គមាននាមពុំប្រាកដ បានស្ដេចយាងមកកាន់កោះនេះ ដោយមានព្រះរាជបរិពារជាច្រើនតាមដង្ហែផង ។ ដោយនៅទីនេះមានតែទឹកសមុទ្រ ដែលមានរសជាតិប្រៃ រកទឹកសាបសោយពុំបាន ទើបព្រះអង្គទ្រង់អធិដ្ឋាន ហើយយកព្រះខាន់ជីកដីនៅកន្លែងនេះធ្វើជាអណ្ដូង ទឹកសាបក៏ចេញមកសម្រាប់ព្រះអង្គ និង ព្រះរាជបរិពារសោយ និងពិសា ឆ្អែតបរិបូណ៌ ។ អំណើះតមក អណ្ដូងនោះក៏រឹងទៅជាថ្ម ហើយកោះនេះក៏បានគេសន្មតនាមថា កោះស្ដេច ជាប់រហូតដល់សព្វថ្ងៃ ។
៤- កោះឆាន់ នៅទិសពាយ័ព្យ នៃភូមិជ្រោយស្មាច់ ហើយមានទំហំតូចជាងគេបំផុត កោះនេះមានដុំសិលា និងមានរុក្ខជាតិដុះត្រសំត្រសាយ ដូចជាកោះឯទៀត ៗ ដែរ ប៉ុន្តែពុំមានប្រជាពលរដ្ឋរស់នៅ ឬក៏កាប់គាស់ធ្វើចំការអ្វីទេ ហើយនៅឆ្ងាយពីដីគោគជាងគេផង ។
៥- កោះទទឹង នៅទិសឧត្តរនៃភូមិជ្រោយស្មាច់ ។ កោះនេះមានរាងវែង ប៉ុន្តែតូចជាងកោះស្ដេច ស្ថិតនៅជិតដីគោគជាងគេ ហើយពុំមានប្រជាពលរដ្ឋតាំងទីលំនៅ និង ពុំមានអ្នកណាប្រកបរបរស្រែចំការនៅកោះនេះទេ ។
បើគ្រាន់តែឮថា កោះទទឹង មិត្តអ្នកអានមុខជាយល់ថា មកពីកោះនេះទទឹងថ្ងៃ ប៉ុន្តែតាមការពិត ពុំមែនដូច្នោះទេ គឺមកពីកោះនេះស្ថិតនៅទទឹងមុខអ្នកដំណើរ ព្រោះបើគេបើកសំពៅទៅ ឬចែវទូកសៀរតាមមាត់សមុទ្រគេឃើញកោះនេះនៅទទឹងពីមុខ ត្រូវតែបើក ឬ ចែវវាងបន្តិច ទើបទៅមុខរួច ។
២- ប្រវត្តិឈូងយាយសែន (2)
ឈូងយាយសែន ស្ថិតនៅក្នុងសង្កាត់ព្រែកខ្សាច់ - ស្រុកសិរីសាគរ ខេត្តកោះកុង ត្រង់ចន្លោះកោះក្រសារ និងកោះកុង "ខាងត្បូងកោះកុង" ។ អ្នកស្រុកនោះខ្លះហៅថា "អៅយាយសែន" ជាប់ភាសាសៀម គឺសៀមហៅអៅ ខ្មែរហៅឈូង ។ ឯប្រវត្តិនៃឈូងយាយសែន មានដូចតទៅ ។
ជាយូរអង្វែងឆ្នាំកន្លងមកហើយ មានមេចោរស្រីម្នាក់ឈ្មោះសែន ។ មេចោរនោះចេះមន្តវិជ្ជានិងស្នៀតគុណខ្លាំងពូកែណាស់ ទោះបីទូក សំពៅ ដែលនៅឃ្លាតពីគ្នាចម្ងាយប្រហែល ១០ ម ក៏អាចលោតផ្លោះពីទូក១ ទៅទូក ១ ទៀតបានដោយងាយ ។
មេចោរសែន មានកូនចោរប្រុស ៗ ជាច្រើននាក់ទៀត ជាបរិវារ ហើយដើររាតត្បាតប្លន់អ្នកដំណើរដោយទូក សំពៅ តាមសមុទ្រ ។ មេចោរប្រុសឯទៀត ៗ ក៏ពុំហ៊ានទើសមុខនាងសែនដែរ ម៉្លោះហើយនាងសែនត្រូវមានទ្រព្យសម្បត្តិសឹងប្រៀបបាននឹងមហា សេដ្ឋី ប៉ុន្តែទោះប្លន់បានទ្រព្យសម្បត្តិច្រើនយ៉ាងនេះក៏ដោយ ក៏មេចោរកំណាចនេះពុំចែកចាយដល់កូនចោរឲ្យល្មមនឹងកម្លាំងដែលរក បានឡើយ សុខចិត្តយកទៅជីកកប់ក្នុងធរណី ពុំឲ្យអ្នកណាដឹងកន្លែងទៅវិញ ។ ដោយការល្មោភលោភលន់ហួសនេតុនេះហើយ ដែលបណ្ដាលឲ្យកូនចោរទាំងអស់កើតក្ដៅក្រហាយចិត្តហើយបានមូលមតិ គ្នាថា ពេលណាមួយនឹងសម្លាប់មេរបស់ខ្លួនឲ្យទាល់តែបាន ។
ហេតុតែបាបកម្មវាតាមទាន់ កូនចោរទាំងអស់បានប្រើឧបាយគាប់គួរនឹងនាយចៅហ្វាយ បានចាត់ចែងធ្វើម្ហូបយ៉ាងឆ្ងាញ់ ៗ ដោយមានស្រាក្រេបកំដរផង ។ កូនចោរទាំងអស់ដណ្ដើមគ្នាចាក់ស្រាជូនចៅហ្វាយបន្តិចម្នាក់ ៗ ហើយចៅហ្វាយក៏ចេះតែទទួលឥតបង្អង់ដៃទាល់តែអាសុរាវាចូលទៅកូររីក ថ្លើមប្រមាត់ ធ្វើឲ្យក្រងក់កដួលក្រោកលែងរួចតែម្ដង ។
ឱកាសល្អហុចឲ្យហើយ កូនចោរទាំងអស់ញាក់មុខដាក់គ្នា មិនយូរប៉ុន្មានក៏ទាញខ្សែមកចងដៃ ចងជើង ព័ទ្ធហើយព័ទ្ធទៀត កុំឲ្យបម្រះរួច ។ ក្រោយដែលចងជាប់ហើយកូនចោរទាំងនោះ ខ្លះបានដាវ ខ្លះលំពែង ខ្លះដំបង គិតតែពី កាប់ ចាក់ វាយ ប៉ុន្តែជាការឥតប្រយោជន៍ សែននៅតែជាសែនដដែល ឥតមានមុត ឬបែកបាក់ត្រង់ណាសោះឡើយ ។
ពិតមែនតែពុំមាន មុត ឬ បាក់ បែក ប៉ុន្តែការឈឺគ្រាំគ្រាបានធ្វើឲ្យនាងសែនរងទុក្ខវេទនាយ៉ាង ក្រៃលែង ។ ដោយដឹងខ្លួនថាបើនឹងបម្រាស់ក៏ពុំរួច និងដោយដឹងថាគាត់បានកសាងអំពើអាក្រក់ជាយូរឆ្នាំហើយ ទើបគាត់សុខចិត្តទទួលផលកម្មនោះ គឺប្រាប់ទៅកូនចោរទាំងអស់ថា "អ្នកទាំងអស់គ្នា កាប់ចាក់និងវាយខ្ញុំយ៉ាងណាក៏មិនស្លាប់ដែរ ណ្ហើយ ! កុំឲ្យខ្ញុំវេទនាយូរពេក បើចង់ឲ្យខ្ញុំស្លាប់ លុះត្រាតែយកឈើស្រួចមករុកតាមទ្វារលាមករបស់ខ្ញុំទើបខ្ញុំស្លាប់ ។
ដោយជឿតាមសេចក្ដីណែនាំនោះ កូនចោរទាំងអស់ក៏សម្រួចឈើដាំជាបង្គោល យកចុងស្រួចឡើងលើ រួចលើកគាត់ច្រកពីលើចុងស្រួចបញ្ចូលតាមទ្វារលាមក ហើយនាំគ្នាសង្កត់ទាល់តែចុងបង្គោលធ្លាយដល់មាត់ទើបឈាប់ ។ ឯវិញ្ញាណក្ខ័ន្ធនៃនាង សែន ក៏លាចាករូបកាយក្នុងពេលនោះទៅ ។
ក្រោយពីបានផ្ដាច់ជីវិតនាយចៅហ្វាយរបស់ ខ្លួនរួចហើយ កូនចោរទាំងអស់នាំគ្នាលើកសព្វគាត់ដាក់លើកន្លែងដ៏សមគួរមួយ រួចក៏ធ្វើកិច្ចសូមខមាលទោស ហើយយកឧសមកគរដុតរលាយទៅជាផេះ ។ បន្ទាប់មក ទើបចោរទាំងនោះនាំគ្នាពិចារណារកហេតុផលនៃអំពើបាប - បុណ្យ រួចក៏ប្ដេជ្ញាចិត្តថា នឹងលែងប្រព្រឹត្តអំពើចោរកម្មនេះទៀតហើយ ហើយក៏លាគ្នាទៅរកបរកបរបរផ្សេង ៗ ខ្លះខាងកសិកម្ម ខ្លះខាងការនេសាទ តាមតែការពេញចិត្តរៀងខ្លួន ។
កន្លែងដែលនាងសែន នៅស្ថិតស្ថេរជាងគេកាលនៅរស់ និងកន្លែងដែលគេសម្លាប់ ដុតគាត់នោះ នៅត្រង់ឈូងមួយ រវាងកោះក្រសាម្ខាង និងកោះកុងម្ខាង ដូច្នេះហើយបានជាអ្នកស្រុកសន្មតហៅថា ឈូងនាងសែន លុះចំណេរក្រោយមក គេហៅថាឈូងយាយសែន ដរាបដល់សព្វថ្ងៃ ។ មិនតែប៉ុណ្ណោះវិញ្ញាណក្ខន្ធ នាង សែន បានទៅកើតជាព្រាយបិសាច ហើយអ្នកស្រុកក៏នាំគ្នាហៅ ថាយាយាសែនដែរ ប៉ុន្តែបិសាចនេះពុំមានឥទ្ធិពលកាចសាហាវដើរធ្វើគេឯងទេ ។
តាមពត៌មានបន្ថែមទៀតថា ឈើដែលកូនចោរដាំជាបង្គោលរុកក្ដិតនាងសែនកាលនោះនៅរហូតដល់សព្វ ថ្ងៃ គឺឈើទំហំប៉ុនកំភួនជើង រាងបួនជ្រុង កំពស់ប្រមាណ ១ ម ៥០ ពណ៌សប្រផេះ ស្ថិតនៅត្រង់ដីចំការរបស់អ្នកស្រុកម្នាក់ឈ្មោះ យាយលីវ នាឈូងយាយសែននោះឯង ។
ម្យ៉ាងទៀតថា យាយសែននេះ កាលនៅរស់នៅឡើយមានកើតរោគឃ្លង់ផង លុះគាត់ស្លាប់ទៅ គាត់បានពន្យល់សប្តប្រាប់អ្នកស្រុកថា បើនរណាសុខចិត្តកើតរោគឃ្លង់ដូចគាត់ គាត់នឹងប្រាប់ឲ្យទៅយកកំណប់គឺមាស ១ ពាង និងប្រាក់ ១ ពាង ប៉ុន្តែពុំមានអ្នកណាម្នាក់ សុខចិត្តទទួលមរតកនេះ អំពីគាត់ឡើយ ។
៣- ភូមិពាមក្រសោប (3)
បានជាហៅថាពាមក្រសោប មកអំពីទីនេះមានដីទួលមួយដែលដុះសុទ្ធតែដើមកោងកាង ។ ដីទួលនេះ មានទទឹងប្រហែលជាង ១០០ ម បណ្ដោយវែងទៅលិចច្រើនគីឡូម៉ែត្រ ។ នៅខាងត្បូងជាផ្ទៃទឹកសមុទ្រវាលរហររហេវ ខាងកើតជាដៃសមុទ្រ និងខាងជើងមានព្រែកមួយតូច ។ ផ្ទៃសមុទ្រ ដៃសមុទ្រ និងព្រែកនេះ បានព័ទ្ធទួលនិងព្រៃដូចគេក្រសោប ហើយមានប្រជាពលរដ្ឋទៅតាំងទីលំនៅត្រង់មាត់ពាមនៃព្រែក ទើបសន្មតហៅថា ភូមិពាមក្រសោប ។
ភូមិពាមក្រសោបស្ថិតនៅក្នុងសង្កាត់កោះ កាពិ ស្រុកកោះកុង ខេត្តកោះកុង នាទិសទក្សិណនៃក្រុងខេមរភូមិន្ទ មានចម្ងាយប្រហែល ១០ គ.ម. និងមានប្រជាពលរដ្ឋរស់នៅចំនួន ១១០ គ្រួសារ ។
គេហដ្ឋានអ្នកស្រុកសង់ជា ២ ជួរអមមាត់ព្រែកហើយព័ទ្ធរហូតដល់ក្បាលជ្រោយ ។ របៀបសង់សុទ្ធតែធ្វើលើចន្ទល់កំពស់ពីដី ពី ១ ម. ទៅ ២ ម. តាមកន្លែងទាបខ្ពស់ ។ គ្រឿងសំណង់ គឺឈើប្រក់ស័ង្កសី ឬឈើប្រក់ស្លឹក ។ ទីធ្លាភ្ជាប់ពីផ្ទះមួយទៅផ្ទះមួយ សុទ្ធែតស្ពានទាំងអស់ ។ ដូច្នេះផ្ទះទាំងឡាយគេសង់ច្រើនតែជាប់ជញ្ជាំងគ្នាតាមរបៀបផ្ទះ ផ្សារ ។
នៅក្រោមផ្ទះពុំប្រាកដជាទឹក ឬគោកទេ ព្រោះធម្មតាទឹកសមុទ្ររមែងមានជោរនាច បើពេលទឹកជោរមានទឹកកំពស់ពី ០ ម ៥០ ទៅ ១ ម បើពេលទឹកនាចវិញគឺដីគោក ឬមានទឹករហែល ៗ តាមកន្លែងជ្រៅ - រាក់ នៅមុខផ្ទះមានដៃសមុទ្រ និងតួព្រែក នៅក្រោយផ្ទះមានព្រៃដែលដុះសុទ្ធតែដើមកោងកាង ។
ក្រៅអំពីផ្ទះប្រជាពលរដ្ឋ មានវត្ត ១ និងមន្ទីររាជការផ្សេង ៗ គឺសាលារៀន គិលានដ្ឋាន ក្រុមគង្គា រុក្ខា និងនសាទ កងរាជតម្រួតនិងទាហាន ប៉ុន្តែបុគ្គលិករាជការទាំងនោះ ច្រើនតែក្រុមអប់រំជាតិទេ ក្រៅអំពីនេះមាន ១ នាក់ ឬ ២ ណាក់ សម្រាប់ប្រចាំការតាមសមត្ថកិច្ចរៀងខ្លួន ។
មុខរបរនៃប្រជាពលរដ្ឋនៅភូមិពាមក្រសោប មានតែការនេសាទ ការលក់ទំនិញនិងម្ហូប - អាហារ ហើយបើតាមការសង្កេតឃើញថា ទំនិញនិងម្ហូប - អាហារទាំងនោះ ពុំដឹងជាលក់ឲ្យអ្នកណាទេ ព្រោះផ្ទះស្ទើរតែទាំងអស់ សុទ្ធតែលក់ដូរដូចគ្នា ប៉ុន្តែតាមការសួរបញ្ជាក់ទើបដឹងថា ទំនិញនិងម្ហូប - អាហារទាំងនោះ ត្រូវពួកទេសចរ និងអ្នកស្រុកមកពីដំបន់ដីគោកដូចជាខាងភូមិស្ទឹងវែង ភូមិតាចាត ភូមិដូង ភូមិតាតៃ ជាដើមបានមកលក់ និងទិញ គ្រឿងឧបភោគបរិភោគនៅទីនេះ ។
ភាសានិយាយគឺខ្មែរ តែអ្នកស្រុកចិនហៃណាំ និងសៀម ។ ចាស់ ៗ ច្រើនចេះភាសាសៀម ប៉ុន្តែចំពោះក្មេង ៗ វិញពុំសូវចេះទេ គឺចេះភាសាខ្មែរ ហើយច្បាស់លាស់ផង ព្រោះមានសាលារៀន និងចលនាអក្ខរកម្ម ។ ចំណែកខាងជំនឿវិញ គេគោរពព្រះពុទ្ធសាសនា ប៉ុន្តែមានអាស្រមអ្នកតាផងដែរ សម្រាប់ជំនឿបន្ទាប់បន្សំ ដូចជា យាយម៉ៅ និងអ្នកតាចិន ។
កុមារា កុមារី ត្រូវបានចូលរៀនគ្រប់គ្នា ប៉ុន្តែមានចំនួនច្រើនតែនៅថ្នាក់ទី ១២ - ១១ - ១០ ចាប់ពីថ្នាក់ទី ៩ - ៨ឡើងទៅ ចេះតែរលោះបន្តិចម្ដង ៗ ហើយជាពិសេសនៅថ្នាក់ទី ៧ រិតតែតិចណាស់ ព្រោះគេយល់ឃើញថា ការនេសាទអាចផ្ដល់លុយកាក់បានច្រើន ហើយទាន់ចិត្តជាងការរៀនសូត្រ ម៉្លោះហើយគេត្រូវតែទៅជួយឪពុកម្ដាយខាងការនេសាទវិញ ប៉ុន្តែទោះបីយ៉ាងនេះក៏ដោយ ក៏ក្មេងទាំងនោះបានចេះភាសានិងអក្សរសាស្ត្រខ្មែរល្មមប្រើការបាន ខ្លះហើយដែរ ។
ប្រជាពលរដ្ឋនៅភូមិពាមក្រសោប មានវិបត្តិធម្មជាតិមួយ គឺទឹកសាបសម្រាប់ទទួលទានដោយគេត្រូវដឹកនាំទឹកសាបពីទីឆ្ងាយ ៗ ដូចជាពីកោះស្រឡៅ ឬជើងគ្រក់ (ឃុនឆាង) ឬក៏ក្លងប៉ាកកា (កោះប៉ោ) ជាដើម ។
៤- ប្រវត្តិ វត្តពាមក្រសោប (វត្តសុវណ្ណភោគាទីបារាម ) (4)
វត្តពាមក្រសោម ហៅតាមផ្លូវការថា "វត្តសុវណ្ណភោគាទីបារាម" ។ វត្តនេះស្ថិតនៅត្រង់ក្បាលជ្រោយ ជាប់នឹងភូមិពាមក្រសោប ក្នុងសង្កាត់កោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។
វត្តនេះចាប់កសាងពីឆ្នាំ ១៩៤៣ មានលោកគ្រូ ព្រះនាម រើន - មុំ ជាអ្នកផ្ដួចផ្ដើម នឹងបានជាចៅអធិការ ។ ជាដំបូងមានតែរោងឧបោសថមួយ សង់អំពីឈើ ប្រក់ស្លឹក និងកុដិតូចមួយ កុដិបាយតូចមួយប៉ុណ្ណោះ លុះដល់មកឆ្នាំ ១៩៦១ ទើបរុះរើកសាងជាថ្មីទៀត ដែលមានសភាពមាំមួនជាងមុន គឺព្រះវិហារសង់អំពីអិដ្ឋប្រក់ស័ង្កសី ប៉ុន្តែពុំបានលើកខឿនឲ្យខ្ពស់ទេ ។ ក្រៅអំពីព្រះវិហារ មានកុដិធំ ១ សាលាសម្រាប់ធ្វើបុណ្យ ១ កុដិបាយ ១ ដែលសុទ្ធតែសង់អំពីឈើ ប្រក់ស័ង្គសី ។
នៅក្នុងទីធ្លាវត្តភាគខាងជើង មានសាលារៀន ១ គឺសាលាបឋមសិក្សាបំពេញវិជ្ជាពាមក្រសោបនោះឯង ។ នៅខាងជើងសាលារៀនបន្តពីព្រំវត្តទៅទៀត គឺភូមិពុទ្ធបរិស័ទដែលនៅអមមាត់ព្រែក ។ នៅខាងកើតគឺដៃសមុទ្រ ខាងត្បូងលំហរសមុទ្រ និងខាងលិចមានព្រៃលិចទឹកដែលដុះសុទ្ធតែដើមកោងកាង ។
នៅក្នុងទីវត្តក៏ដូចភូមិអ្នកស្រុក ដែរ កាលណាដល់ពេលទឹកជោរ ត្រូវលិចទឹកមានជម្រៅពី ០ ម ២០ ទៅ ០ ម ៧០ កាលណាពេលទឹកនាចត្រូវគោកវិញ ប៉ុន្តែនៅកន្លែងខ្លះពុំអាចដើរបានទេ នៅសើមល្អៀច ៗ ហើយមានកន្លែងខ្លះគោកមែនទែន គឺនៅខាងត្បូង ត្រង់ព្រះវិហារ និងនៅមុខកុដិលោក អាចឲ្យគ្រូនិងសិស្សឆ្លៀតហាត់ប្រាណបានខាងវ៉ឡីកីឡាំ ។ ដូច្នេះ ការធ្វើដំណើរពីកុដិ ១ ទៅកុដិ ១ និងពីសាលា ១ ទៅសាលា ១ សុទ្ធតែមានស្ពានភ្ជាប់គ្នា រហូតដល់ភូមិអ្នកស្រុក ។
ចៅអធិការវត្តពាមក្រសោប ដែលមានជាលំដាប់ត ៗ គ្នា ចាប់តាំងពីកើតវត្តនេះមក មានដូចតទៅ គឺលោកគ្រូ រើន - មុំ លោកគ្រូ រៀម - តូច លោកគ្រូ វៃ - ថន លោកគ្រូ សម - រុន លោកគ្រី ផាក់ - ចាង (សុទ្ធតែចាកសិក្ខាបទ) លោកគ្រូ រតន៍ - ជី និមន្តទៅធ្វើចៅអធិការវត្តកោះស្រឡៅ និងលោកគ្រូ ពុត - ផូង ជាចៅអធិការបច្ចុប្បន្ន ។
សព្វថ្ងៃនេះ វត្តពាមក្រសោប មានព្រះសង្ឃ ៤ អង្គ គឺភិក្ខុ ២ អង្គ សាមណេរ ២ អង្គ ដែលមានលោកគ្រូព្រះនាម ពុត ផូង ព្រះជន្ម ២៦ វស្សា ជាចៅអធិការ ។
៥- ចេតិយឃុនឆាង (5)
ចេតិយឃុនឆាង ស្ថិតនៅក្នុងស្រុកមណ្ឌលសេមា ខេត្តកោះកុង ទល់មុខក្រុងខេមរភូមិន្ទ នាត្រើយខាងលិច ។ ចេតិយនេះ ត្រូវបានគេកសាងលើផ្ទាំងសិលា ដូចជាកូនកោះមួយ នៅលើផ្ទៃទឹកនៃដៃសមុទ្រចម្ងាយប្រហែល ១០០ ម. ពីមាត់ច្រាំង និងប្រហែល ៥០០ ម. ខាងទិសអគ្នេយ៍ នៃសាលាស្រុកមណ្ឌលសេមា ។
ផ្ទាំងសីលាដែលចេតិយស្ថិតនៅនោះ មានទំហំបណ្ដោយប្រហែល ២០ ម និងទទឹងប្រហែល ១០ ម និងមានសភាពជាផែន ៗ ខ្ពស់ - ទាប ត្រួតលើគ្នា ។
ទ្រនាប់ខ្សាច់នៃចេតិយ ៣ ម. បួនជ្រុង ឯតួចេតិយ ចាប់ពីចង្កេះឡើងទៅលើមានរាងមូល - ស្រួច មានក្បាច់ព័ទ្ធជុំវិញជាថ្នាក់ ៗ បួនជាន់ និងមានកំពស់ប្រហែល ៥ ម. ។ តួចេតិយទាំងមូលកសាងអំពីអិដ្ឋ កំពូលបំផុតកសាងអំពីឈើ ។ អិដ្ឋដែលកសាងនោះមានបណ្ដោយប្រហែល ០ ម ៣០ និងទទឹងប្រហែល ០ ម ១៥ ខាងក្រៅមានបូកកំបោរពណ៌ស កំបោរនោះមានឃើញកំទេចសំបកលៀស - គ្រុំ ដែលអាចឲ្យយល់បានថា គេយកសំបកលៀស - គ្រុំទៅដុតធ្វើជាកំបោរ ដូចជាកំពែងស្រះសារពើយុត្តនៅឧដុង្គដែរ ។
តួចេតិយនៅល្អទាំងអស់ មានតែកំពូលដែលធ្វើអំពីឈើនោះទេ ដែលពុកបាក់ខ្លះទៅហើយ ។ នៅជើងចេតិយនិងចង្កេះចេតិយមានដើមជ្រៃលៀបដុះ ៦ កន្លែងនៅតូច ៗ នៅឡើយ ប៉ុន្តែកំពុងតែចាក់ឬស និងបន្តត្រួយជានិច្ច ។ ក្រៅពីនេះ ឃើញមានខ្មៅមានកន្ទុយមាន់ដុះនៅតាមកន្លៀតតួចេតីយនិងមានស្លែ ខ្មៅ ៗ កាន់ពាសពេញ ។
បើមើលពីចមងាយ គេឃើញចេតិយនោះហាក់ដូចជាជាប់នឹងផ្ទៃទឹក ប៉ុន្តែលុះចូលទៅជិត ទើបដឹងស្ថិតនៅលើផែនថ្មខ្ពស់ពីទឹកទៅវិញ ។ តាមជំនឿរបស់អ្នកស្រុកខ្លះ គេដំណាលថា ចេតិយនេះពុំចេះលិចទឹកទេ ទោះបីមានទឹកជំនន់យ៉ាងណាក៏ដោយ បើខ្លាំងណាស់លិចតែផែនថ្មខាងក្រោមប៉ុណ្ណោះ ។
៦- ប្រវត្តិចេតិយឃុនឆាង (6)
តាំងពីយូរឆ្នាំណាស់មកហើយពុំដឹងជា សតវត្សទីប៉ុន្មាន និងពុំដឹងជាក្នុងរជ្ជកាលនៃព្រះមហាក្សត្រអង្គណា មានគ្រួសារមួយពីរនាក់ប្ដីប្រពន្ធ មាននាមពុំប្រាកដ បានតាំងទីលំនៅ និងប្រកបរបរកសិកម្មក្នុងតំបន់មួយ នៅត្រើយខាងលិចនៃឈូងសមុទ្រ ទំនងជានៅខាងលិចសាលាស្រុកមណ្ឌលសេមាសព្វថ្ងៃ ។
គ្រួសារនេះមានធនធានគ្រាន់បើ ហើយជាអ្នកមានសទ្ធាផង ។ អ្នកនៅក្នុងភូមិជាមួយគាត់ក្ដី នៅភូមិនាងកុកក្ដី សឹងស្រឡាញ់រាប់អានគាត់គ្រប់គ្នា ។ គាត់មានគុណសម្បត្តិពិសេសមួយទៀត គឺបើអ្នកភូមិជិតខាងដែលខ្វះលុយកាក់ឬស្រូវអង្ករ តែងតែរត់រកគាត់ហើយគាត់តែងផ្ដល់ឲ្យឥតជ្រើសមុខ ។
នាពេលមួយគាត់ពិចារណារវាងប្ដីប្រពន្ធ គិតឃើញថានៅដំបន់នេះមានមនុស្សរស់នៅក្រាស់ក្រែលដែរ ប៉ុន្តែពុំទាន់មានវត្តអារាមសម្រាប់ជាទីសក្ការៈបូជា និងធ្វើបុណ្យទានហើយបើយើងកសាងជាវត្តក៏ដូចជាហួសសមត្ថភាព ដូច្នេះយើងត្រូវកសាងជាចេតិយមួយសម្រាប់ជាបូជនីយដ្ឋាន ហើយនៅរដូវខ្លះយើងនិមន្តព្រះសង្ឃមកធ្វើបុណ្យទានតាមគន្លងព្រះ ពុទ្ធសាសនា ។ គំនិតដ៏ប្រសើរនេះបានយល់ស្របគ្នាទាំង ២ នាក់ប្ដីប្រពន្ធ ហើយក៏ចាប់ជ្រើសរើសរកកន្លែងដែលត្រូវកសាងចេតិយ ។
ជាដំបូងគាត់បំរុងកសាងនៅលើដីគោក ត្រង់កន្លែងណាមួយ ប៉ុន្តែដូចជាពុំសូវរុងរឿងហើយជួនជាគាត់នឹកឃើញដល់កូនកោះមួយ ដែលមានសុទ្ធតែផ្ទាំងថ្មតម្រួតគ្នា ។ គាត់គិតឃើញម្យ៉ាងទៀតថា នៅដំបន់នេះ អ្នកស្រុកប្រកបមុខរបរខាងនេសាទក៏មាន ខាងស្រែ - ចំការក៏មាន ចំណែកទូក - សំពៅក៏មានស្ទើរតែគ្រប់គ្នា បើបានធ្វើចេតិយនៅលើកូនកោះនេះ ហើយដល់ពេលធ្វើបុណ្យទានម្ដង ៗ នាំគ្នាធ្វើជាស្ពាន និងយកទូកសំពៅមកចតឲ្យពេញត្រៀបត្រា ឃើញថាមានសភាពរុងរឿង ហើយសប្បាយផង ។
លុះជ្រើសរើសឃើញថា ត្រូវយកទីនេះធ្វើជាកន្លែងកសាងហើយ គាត់ក៏ចាត់ការឲ្យរកអិដ្ឋ នឹងដុតកំបោរនិងសម្ភារៈផ្សេង ៗ ទៀត ។ ចំណែកញាតិមិត្តជិតខាងវិញ ក៏មានសទ្ធាជួយជាកម្លាំងកាយខ្លះ ជួយជាធនធានខ្លះកសាងកើតបានជាចេតិយនេះឡើង ។
ចាប់តាំងពីពេលនោះមក ពុទ្ធបរិស័ទនៅភូមិជិតខា ដូចជា នៅភូមិនាងកុក ភូមិចាំយាម ភូមិមាត់ព្រែក (ប៉ាក្លង) កោះប៉ោ ស្ទឹងវែងជាដើម បាននិមន្តព្រះសង្ឃមកប្រជុំគ្នាធ្វើបុណ្យនៅចេតិយនេះជារៀងរាល់ រដូវ ។ ពិធីនេះមានសភាពរុងរឿងហើយសប្បាយណាស់ គេបានសង់ជាស្ពានពីដីគោកភ្ជាប់មកនឹងកូនកោះ ហើយនៅលើផ្ទៃទឹកវិញឃើញសុទ្ធតែទូក សំពៅ តម្រៀបត្រៀបត្រា ដោយមានពេលខ្លះគេអុំ និងបើកក្ដោងប្រណាំងគ្នាជាការកំសាន្តផង ។
លុះចំណេរក្រោយមក នៅភូមិឯទៀត ៗ មានវត្តសម្រាប់ធ្វើបុណ្យផងដោយចាស់ ៗ ជំនាន់មុន ស្លាប់អស់ទៅហើយផង ការប្រជុំគ្នាធ្វើបុណ្យនៅចេតិយនេះ ក៏រលាយបន្តិចម្ដង ៗ រហូតដល់ខានធ្វើសោះ ដរាបដល់សព្វថ្ងៃ ។
អ្នកផ្ដល់ពត៌មានបានបញ្ជាក់ថា រឿងចេតិយនេះមានប្រវត្តិដូចខាងលើ ឯត្រង់មានឈ្មោះថា ចេតិយឃុនឆាងនោះ ពុំដឹងជាមានមកពីត្រឹមណាទេ ប៉ុន្តែមានទិដ្ឋភាពមួយគួរឲ្យយកមកពិចារណាដែរ គឺនៅត្រើយខាងលិច ឃ្លាតពីសាលាស្រុកមណ្ឌលសេមាឆ្ងាយបន្តិចទៅមានដំណែលបុរាណមួយក្នុង ភូមិជើងគ្រក់ ឃើញស្នាមដូចជាមនុស្សអុកគូថ ហើយថាស្នាមនោះ មានរឿងដំណាលដូចតទៅៈ
ថាឃុនឆាង ជាកូនអ្នកមានសម្បត្តិច្រើន គាត់បានចាប់ចិត្តស្នេហាលើនារីម្នាក់ឈ្មោះនាងភឹម ដែលមានរូបសម្បត្តិឥតពីរ ប៉ុន្តែនាង ភឹម ពុំស្រឡាញ់ឃុនឆាងទេ ព្រោះគាត់ក្បាលតំពែក ពោះកំប៉ោង ហើយព្រហើន គឺស្រឡាញ់តែឃុន ផែន ដែលជាសុភាពបុរស ។ ពេល ១ ត្រូវឃុនឆាង និងឃុនផែន ទាត់សីប្រកួតគ្នា ដើម្បីបង្អួតនាងភឹម ដែលជាគូស្នេហារបស់ខ្លួនរៀងខ្លួន ប៉ុន្តែដោយស្នៀតរបស់ខ្លួនពុំសូវប៉ិន ឃុនឆាងក៏ភ្លាត់ជើងអុកគូទទល់ផ្អកធ្វើមាត់ស្ញេញ ធ្វើឲ្យនាងភឹម និងទស្សនិកជនសើចរឹងពោះ ។ រីឯស្នាមដែលឃុនឆាង ដួលអុកគូទកាលណោះ ក៏ទាំងក្រាំងរឹងទៅជាថ្មរហូតដល់សព្វថ្ងៃនេះ ។
៧- ប្រវត្តិកោះកាពិ (7)
ដែលបានឈ្មោះថា កោះកាពិ មកពីកោះនេះមានកំពឹសសមុទ្រច្រើន ដែលខ្មែរយើងខ្លះហៅថា គឺ សៀមហៅថា កាពិ ។ កាលពីដើមពុំមានមនុស្សនៅទេ ប៉ុន្តែក្រោយមកមានខ្មែរ - ចិន ៣ - ៤ គ្រួសារមកនៅ ដោយប្រកបមុខរបរធ្វើកាពិ ហើយក៏ជាប់ឈ្មោះថា កោះកាពិ ៗ រហូតដល់សព្វថ្ងៃ ។
កោះកាពិគួរចែកជា ២ ប្រភេទ គឺមួយប្រភេទជាដីភ្នំ មានបណ្ដោយប្រហែល ៧០០ ម ទទឹងប្រហែលជាង ១០០ ម. ស្ថិតនៅប៉ែកខាងជើងនៃកោះ តាំងនៅទទឹងថ្ងៃ ។ មួយប្រភេទទៀតជាទីទំនាប គិតចាប់ពីជើងភ្នំទៅជ្រោយគយ សៀមហៅ ឡែម ដាន គឺឡែម ថាជ្រោយ ដាន ថា គយ ក្លាយមកជា ឡាំ ឡាំ មានបណ្ដោយប្រហែលជាង ២ គ.ម. និងទទឹងប្រហែល ២០០ ម ស្ថិតនៅប៉ែកខាងត្បូងនៃកោះ ។ ខាងលិច គឺលំហរសមុទ្រឃើញទឹកនិងមេឃ ហើយនៅខាងកើត គឺព្រៃរនាម ដែលដុះសុទ្ធដើមកោងកាង លាតសន្ធឹងបណ្ដោយតាមកួកោះ ។
ប៉ែកខាងជើងជាតួភ្នំមួយមានទំហំដូច ខាងលើ ហើយមានវត្ត ១ ឈ្មោះវត្ត ប្រជុំជនក្រោយមកកែជាវត្ត សុវណ្ណបព៌ត ប៉ុន្តែគ្រាមភាសាហៅថាវត្ត កោះកាពិ ។ នៅតាមជម្រាលភ្នំខាងជើងមានសាលាបឋមសិក្សាបំពេញវិជ្ជា មានមន្ទីរកងរាជតម្រួត មានក្រុមគង្គារ រុក្ខា និងនេសាទ មានសហករណ៍ខាងនេសាទ និងសាលាសង្កាត់កោះកាពិ ។ នៅតាមជើងភ្នំខាងកើត មានផ្សារលក់ដូរអមផ្លូវ ២ ជួរយ៉ាងវែង ដែលសង់អំពីអិដ្ឋ ប្រក់ក្បឿងខ្លះ និងឈើប្រក់ក្បឿង ឬស័ង្កសីខ្លះ ។ ក្រៅពីនេះមានផ្ទះ ២ ជួរទៀតនៅអមមាត់ព្រែក ដែលច្រើនតែសង់អំពីឈើប្រក់ស័ង្កសី និងឈើប្រក់ស្លឹក គឺជាផ្ទះអ្នកប្រកបរបរនេសាទ ។ ដទៃអំពីផ្ទះលក់ដូរ និងអ្នកនេសាទ នៅមានអ្នកប្រកបអាជីវកម្មឯកជន និងអង្គការរដ្ឋផ្សេង ៗ នៅលាយឡំគ្នា ដូចជាឱសថស្ថានរង ការិយាល័យនាយដំបន់អធិការកិច្ចបឋមសិក្សា គិលានដ្ឋាន សហករណ៍ ឧបភោគបរិភោគ ក្រុមព្រះនគរបាលជាតិ រោងភាពយន្ត ដំណាងក្រុមហ៊ុន ណាំ - លឿង នៅសិង្គបុរីខាងការទិញត្រី - ប្រឡាក់ត្រី កន្លែងធ្វើក្ដាមប្រៃ កន្លែងធ្វើត្រីងៀត កន្លែងធ្វើទឹកត្រី និងធ្វើកាពិ ។
នៅភាគខាងត្បូងមានសាលាស្រុកកោះកុង, មានបន្ទាយកងរាជតម្រួត, បន្ទាយផ្នែកសឹករង និងបន្ទាយកងនាវាចរ នៅជ្រោយគយ (ឡាំដាំ) ។
ប្រជាពលរដ្ឋនៅកោះកាពិ ១៣២ គ្រួសារ ហើយប្រកបមុខរបរសំខាន់បំផុត គឺការនេសាទបន្ទាប់មកគឺការលក់ដូរ ប៉ុន្តែពុំមានប្រកបមុខរបរកសិកម្មទេ ។ នៅក្នុងភូមិមានតែដើមដូង និងដំណាំស៊ីផ្លែបន្តិចបន្តួចដូចជា ជម្ពូ មៀន ត្របែក ទឹកដោះគោ ។
ចំណែកភាសាវិញគេប្រើភាសាខ្មែរ តែគេចេះចិនហៃណាំ និងសៀម ប៉ុន្តែភាសាទាំងនោះពុំសូវជាច្បាស់លាស់ទេ គឺច្រើនប៉ៃឡាំ តាមរបៀបអ្នករស់នៅដោយជាយដែន ។ ចំពោះក្មេង ៗ ជំនាន់ក្រោយវិញពុំចេះភាសាសៀមនិងចិនទេ ហើយអាចនិយាយភាសាខ្មែរយ៉ាងច្បាស់លាស់ដោយមកពីការអប់រំនៃក្រសួង អប់រំជាតិ តាមវិធីបង្រៀនសិស្សសាលាធម្មតាផង តាមវិធីអក្ខរកម្មផង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចព្រះប្រមុខរដ្ឋ និងជាព្រះប្រធាននៃចលនាសង្គមរាស្ត្រនិយម ។
ផ្នែកខាងជំនឿ គេគោរពព្រះពុទ្ធសាសនា ប៉ុន្តែមានគេជឿវត្ថុសក្តិសិទ្ធិទៀតដែរ ដូចជាយាយម៉ៅ គ្រូបញ្ជាន់រូប និងទស្សន៍ទាយ ។
ជីវភាពពលរដ្ឋច្រើនធូរថារគ្រាន់បើ ពុំមានបញ្ហាខ្វះខាតជំពាក់ជំពិនគ្នាចងការគ្នាតាមរបៀប ៥ ជា ៦ និង ១០ ជា ១២ ឡើយ ហើយស្ទើរតែគ្រប់ផ្ទះគេពុំសូវរវល់ពីរឿងបិទទ្វារ - បង្អួចទេ មានផ្ទះខ្លះពុំមានទ្វារ - បង្អួចសោះផង ព្រោះគេពុំដែលទទួលគ្រោះថ្នាក់អំពើចោរកម្ម ។
រីឯសំលៀកបំពាក់វិញ មិនខុសអំពីប្រជាពលរដ្ឋក្នុងខេត្តឯទៀត ៗ នៅជិតរាជធានីទេ គឺពេលធ្វើការគេស្លៀកពាក់តាមតែបាន ប៉ុន្តែនៅពេលទំនេរឬមានបុណ្យទាន គេស្លៀកពាក់ហ៊ឺហា ហើយច្រើនតែរបស់មានតម្លៃផង ។ ចំណែកស្រី ៗ ច្រើនប្រើឆ័ត្រ និងតាំងយូព្រោះស្រុកនោះសម្បូណ៌ភ្លៀង ។ ចំពោះម្ហូបអាហារសោត ត្រូវការប្រើម្ទេសជាចាំបាច់ តាំងពីមនុស្សចាស់រហូតដល់កូនក្មេង ទាំងប្រុស ទាំងស្រី គឺសម្លក្ដី ទឹកជ្រលក់ក្ដី គេដាក់ម្ទេសយ៉ាងចាស់ដៃជាទីបំផុត ។
នៅកោះកាពិមានវិបត្តិមួយ ដែលពិបាកដោះស្រាយ គឺការខ្វះទឹកសាបទទួលទាន ។ ទឹកដែលគេប្រើប្រាស់ ត្រូវដឹកនាំតាំងពីកោះកុងឬកោះស្រឡៅ ឬគេត្រងដាក់ពាងនៅពេលមានភ្លៀង ។
* * *
1.អ្នកផ្ដល់ពត៌មាន គឺលោក ណាយ - សាំង អាយុ ៦៥ ឆ្នាំ និង លោក យិង - ឈែ អាយុ ៥០ ឆ្នាំ នៅភូមិជ្រោយស្មាច់ ។ ក្រៅពីនេះ តាមការ ពិនិត្យផ្ទាល់របស់អ្នកនិពន្ធ កាលពីថ្ងៃទី ១៦ - ២ - ៦៨
2.អ្នកផ្ដល់ពត៌មាន គឺលោក តាន់ - ឡឹក នាយដំបន់អធិការកិច្ចបឋមសិក្សាស្រុកកោះកុង និងលោក តាន់ - ធិន ជាប្អូនបង្កើតរបស់លោក តាន់ - ឡឹក ។ ទាំង ២ នាក់បងប្អូនមានស្រុកកំណើតនៅកោះកាពិ ហើយសព្វថ្ងៃនៅកោះកាពិទៀត ។ លោកបានផ្ដល់ពត៌មាន កាលពីថ្ងៃ ២០ - ២ - ៦៨
3.អ្នកផ្ដល់ពត៌មាន គឺលោកគ្រូព្រះនាម ពុត - ផូង ចៅអធិការវត្តសុវណ្ណភោគោទីបារាម "ពាមក្រសោប" និងការពិនិត្យផ្ទាល់ដល់ទីកន្លែងរបស់ អ្នកនិពន្ធ កាលពីថ្ងៃ២២ - ២ - ៦៨
4.អ្នកផ្ដល់ពត៌មាន គឺលោកគ្រូព្រះនាម ពុត - ផូង ចៅអធិការវត្តពាមក្រសោប និងការពិនិត្យផ្ទាល់ របស់អ្នកនិពន្ធ កាលពីថ្ងៃ ២២ - ២ - ៦៨
5.តាមការពិនិត្យផ្ទាល់ដល់ទីកន្លែងរបស់អ្នកនិពន្ធ កាលពីថ្ងៃ ១៨ - ២ - ៦៨
6.អ្នកផ្ដល់ពត៌មាន គឺលោក ខៀវ ចាន់ ស្មៀនសាលាសង្កាត់កោះកាពិដែលលោកបានដឹងដោយសារអ្នកស្រុកនៅភូមិ នាងកុក ពីឆ្នាំ ១៩៥៩ ហើយលោកផ្ដល់ឲ្យអ្នកនិពន្ធនៅថ្ងៃ ២១ - ២ - ៦៨
7.អ្នកផ្ដល់ពត៌មានគឺលោក តាន់ - ឡឹក នាយតំបន់អធិការកិច្ចបឋមសិក្សា ស្រុកកោះកុងនិងលោក ខាំ - ប៉ុនលឿ ចៅសង្កាត់កោះកាពិ ។ ក្រៅ ពីនេះ ដោយការពិនិត្យផ្ទាល់របស់អ្នកនិពន្ធ កាលពីថ្ងៃ ២០ - ២ - ៦៨ ។
ប្រភព http://www.budinst.gov.kh/?q=node/324
0 ความคิดเห็น:
แสดงความคิดเห็น