วันพุธที่ 18 พฤษภาคม พ.ศ. 2554

ចម្រៀង​បញ្ចសិខគន្ធព្វ ទេវបុត្រ

អាចារ្យ ញ. សឿង ក្រុម​ជំនុំព្រះត្រៃបិដក នៅ​ពុទ្ធសាសនបណ្ឌិត្យ
ដក​ស្រង់​អំពី​សក្កបញ្ហាសូត្រ សុត្តន្តបិដក ទីឃនិកាយ មហា​វគ្គ ភាគ ១៧
មក​រៀប​រៀង​ជា​ពាក្យ​កាព្យ
ព្រហ្មគីតិ
កាល​ដែល​ព្រះ​ជិនស្រី ទើប​ត្រាស់​ថ្មី​ហើយ​ចមភព សម្រន់​សម្រាក​ឈប់ គង់​ក្រោម​ម្លប់​អជបាល - និគ្រោធ​ដ៏​ត្រឈៃ នៅ​ក្នុង​ព្រៃ​គួរ​ត្រអាល ទី​នោះ​ចាត់​តាម​កាល ហៅ​សប្ដាហៈ​ទី​ប្រាំ។ ទ្រង់​សោយ​រស​វិមុត្តិ វិសេស​ផុត​ចាក​កង​កម្ម កិលេស​ដ៏​សាំញាំ ដែល​ដេក​ត្រាំ​ក្នុង​ហឫទ័យ ។ គឺ​រស​ព្រះ​និព្វាន ដ៏​ជា​ឋាន​ឥត​ទុក្ខ​ភ័យ ហៅ​សុខ​សែន​ប្រពៃ ទៀប​គល់​ជ្រៃ​នោះ​ឯង​ណា ។ គ្រា​នោះ​ទេវបុត្រ បរិសុទ្ធ​មាន​នាម​ថា << បញ្ចសិខគន្ធព្វា >> ឋិត​នៅ​នាតាវត្តឹង្ស ។ ជា​អ្នក​ស្ទាត់​ក្នុង​ល្បែង ត្លុក​កំប្លែង​ដ៏​រឹងប៉ឹង ពួក​ទេព​ទទួល​ដឹង ស្គាល់​ថា​ជា​អ្នក​ចំណាន ។ ចំណាប់​ក្នុង​សួគ៌ា គ្មាន​អ្នកណា​ប្រៀប​ធៀប​បាន ខាង​ការ​លេង​កំសាន្ត លំហែ​ប្រាណ​សព្វ​ៗ​កាល ។ គន្ធ័ព្វទេព​នោះ​ឯង ចិត្ត​ចំបែង​កាម​បណ្ដាល គឺ​ចង់​លេង​ក្រសាល ត្រេកត្រអាល​នឹង​ធិតា ។ នៃ​តិម្ពរុរាជ មាន​អំណាច​ដ៏​ក្លៀវក្លា ឈ្មោះ​នាង​សុរិយា វច្ឆសា​ប្រសើរ​សាយ ១។ តែ​នាង​មិន​រវល់ មិន​ព្រម​យល់​ប្រគល់​កាយ ធ្វើ​ឫក​ហាក់​នឿយ​ណាយ ព្រោះ​ឆោម​ឆាយ​នាង​ជាប់​ចិត្ត ។ ស្រឡាញ់​ប្រុស​ដទៃ ឆើត​ប្រពៃ​គួរ​ស្នេហ៍​ស្និទ្ធ មាន​នាម​ជា​កំរិត << សិខណ្ឌិទេវបុត្រ >> ។ ជា​កូន​មាតលិ សារថិបរិសុទ្ធ នៅ​ឋាន​ប្រសើរ​ផុត គឺ​ត្រៃត្រឹង្ស​សឹង​ប្រពៃ ។ ទុក​ជា​បញ្ចសិខៈ គន្ធព្វ​រិះ​គិត​លៃ រក​កល​ផ្សេង​ដទៃ ដ៏​ប្រពៃ​មក​ចែចង់ ។ នាង​នៅ​តែ​មិន​ដោយ មិន​ព្រម​ឲ្យ​ប៉ះ​ដល់​អង្គ មិន​ងាក​ភក្រ្ត​តម្រង់ ចំពោះ​ត្រង់​តិច​តួច​សោះ ។ ទើប​ត្លុក​ទេពគន្ធ័ព្វ កាន់​ពិណ​គាប់​ដោយ​ចិត្ត​ស្មោះ គគាត​ចូល​ចំពោះ កាន់​សំណាក់​នៃ​បរម ។ តិម្ពរុរាជ​បិតា លើក​ហត្ថា​ឡើង​ប្រណម្យ រឹត​ខ្សែ​ពិណ​ឲ្យ​សម នឹង​សំឡេង​របស់​ខ្លួន ។ ហើយ​តាំង​ផ្ដើម​ចម្រៀង ដេញ​ពិណ​ច្រៀង​ឡើង​ក្រអួន សម្រប​ប្រកប​ជួន ចែចង់​នួន​កនិដ្ឋា ។ ទាក់​ទង​ដោយ​ព្រះ​ពុទ្ធ ព្រះ​ធម៌​សុទ្ធ​ព្រះ​សង្ឃ​ថ្លា ចម្រុះ​លាយ​កាមា ដោយ​វាចា​ថា​ដូច្នេះ ។

ពាក្យ​ប្រាំបួន
ហៃសូរ្យាវច្ឆសាធីតារម្យ !
រៀម​សូម​ឱន​លំទោន​កាយ​ថ្វាយ​បង្គំ ដល់​ឧត្ដម​បិតា​ធំ​នៃ​កញ្ញា ។ ឆោម​នឹម​នួន​ស្ងួន​មាស​ឆ្អិន​ធុំ​ក្លិន​សាយ នាង​មាន​កាយ​ផ្សាយ​ពន្លឺ​ភ្លឺ​ផ្លេក​ថ្លា ភក្រ្ត​ផូរផង់​រង់​មូល​ក្លំ​សមនាសា ទាំង​មុខា​ហា​ញញឹម​ស្រស់​ប្រិមប្រិយ ។ សក់​ខ្មៅ​យង់​ទ្រង់​ជ្រៀងជ្រេ​វិល​វេរ​រួញ អង្កាញ់​ជ្រួញ​អង្កួញ​ខ្វង់​ខ្ញង់​ពីសី​បើ​កល្យាណ​បាន​មក​បង​ត្រកង​បី រួម​បេតី​សិរី​ឋិត​ចិត្ត​ឥត​អាក់ ។ ដូច​ដើរ​ផ្លូវ​ត្រូវ​កំដៅ​សុបសៅ​ខ្លួន ស្រេក​ទឹក​ធួន​ជួន​ប្រទះ​ស្រះ​ត្រជាក់ ត្រេកអរ​ក្ដាត់​បាត់​បារម្ភ​ក្រំ​ថ្នាំងថ្នាក់ អាស្រ័យ​ដាក់​សំណាក់​ស្រួល​ឥត​អួល​អន់ ។ ឬ​ដូច​ជា​ញាយ​ធម៌​លែង​ញ័រញាប់១ ជា​ទី​គាប់​ជាប់​ហឫទ័យ​នៃ​អរហន្ត បើ​បង​បាន​ឋាន​រួមរ័ក​ស្ម័គ្រ​នឹង​តន់ នឹង​បាន​ស្រន់​អន់​សម្រេក​ស្រេក​ក្នុង​ប្រាណ ។ បង​ក្រហល់​ទល់​ក្រហាយ​កាយ​ចំប្រប់ ស្ទើរ​សន្លប់​ថប់​ឧរា​ណា​កល្យាណ សូម​នាង​ស្ទួយ​ជួយ​ជីវិត​គិត​ឲ្យ​បាន ចូរ​ក្នុង​ប្រាណ​ក្សាន្ត​ទុក្ខ​តឹង​រឹង​អនេក ។ រៀម​សូម​អែប​នែប​នៅនិត្យ​ជិត​ថនា នៃ​កញ្ញា​ថ្លា​វរ​លក្ខណ៍​ភក្រ្ត​ល្អ​ឯក សូម​ក្រមុំ​កុំ​ខេរខឹង​ប្រឹង​ក្រកែក សូម​រំលែក​ចែក​ដាក់​ទាន​មាន​ផលា ។ បង​ងោងងប់​ទប់​មិន​បាន​ប្រាណ​ក្ដួលក្ដៅ ព្រោះ​តែ​ភ្លៅ​ពៅ​នាង​ល្អ​ស​ភ្លឺ​ថ្លា ដូច​ដំរី​ក្ដី​ចុះ​ប្រេង​រែង​ខ្លោចផ្សា ដោយ​តណ្ហា​ក្លា​ក្នុង​ចិត្ត​ឥត​គិត​ស្លាប់ ។ ចិត្ត​រៀម​ងប់​ស៊ប់​លើ​ស្ងួន​នួន​ស្នេហ៍​ស្និទ្ធ រឹង​ប្រកិត​រឹត​ប្រកាន់​ម៉ាន់​ចំណាប់ ដក​មិន​រួច​កួច​យ៉ាង​ស្អិត​ចិត្ត​ក្រឡាប់ ហាក់​ដូច​ផ្កាប់​ស្លាប់​វា​ហី​ណា​ស្រី​ពៅ ។ ដូច​ជា​ត្រី​ឆី​សន្ទូច​ខូច​ទាំង​ប្រាណ ដោះ​មិន​បាន​ច្រាន​មិន​ភ្លាត់​ជាប់​មាត់​ជ្រៅ ដួង​ចិត្ត​បង​ប៉ង​ជួប​ជួន​នួន​ឆោម​ឆ្លៅ ច្រាន​មិន​ទៅ​នៅ​មិន​ស្ងៀម​រៀម​ទុក្ខា ។ នែ​ឆោម​ឆាយ​កាយ​សសូល​បណ្ដូល​ចេក ចូរ​ក្រឡេក​ត្រេក​ត្រកង​ឱប​បង​រ៉ា ការ​ឱប​រឹត​ពិត​ជា​បង​ប៉ង​ប្រាថ្នា សូម​ជីវ៉ា​កុំ​ថា​ម្ដេច​ហើយ​គេច​ចេញ ។ កាម​នៃ​បង​ចង​ចិន្ដា​ឥត​ក្លាក្លំ តែ​ស្ដន​ក្បំ​សម​ស្រទន់​ទ្រលន់​ពេញ បែរ​ជា​ច្រើន​កើន​ចំណែក​បែក​ចំណេញ នាំ​ជន្លេញ​ពេញ​ជន្ល​ឲ្យ​វរ​ចិត្ត ។ ដូច​ជា​ទាន​មាន​តិច​តួច​ស្ដួច​ស្ដើង​ទេ ប៉ុន្តែ​គេ​រេ​គំនិត​គិត​សុចរិត ឲ្យ​ដល់​លោក​គោក​កិលេស​វិសេស​សិទ្ធិ ផល​នោះ​ពិត​រឹត​ចំណេញ​ពេញ​ទូលាយ ។ ឱ​ខ្លឹមខ្លួន​នួន​ពិសី​ស្រី​ចំឡែក រូប​ល្អ​ឯក​ប្លែក​សង្ហា​ថ្លា​ឆើតឆាយ បុណ្យ​ក្រាស់​ក្រែល​ដែល​បង​ធ្វើ​លើ​ឋាន​អាយ គឺ​ចែក​ចាយ​ថ្វាយ​ដល់​ព្រះ​ឈ្នះ​តណ្ហា ។ បុណ្យ​នោះ​នៃ​គៃ​ជំនួយ​ជួយ​ឲ្យ​បាន ជួប​កល្យាណ​ត្រាណ​ជំនិត​ជិត​កាយា កុំ​ឲ្យ​ល្អៀង​ឃ្លៀង​ចំណង់​បង់​អាសា បំណាច់​ហា​ថា​ស្រឡាញ់​បាញ់​តម្រង់ ។ ព្រះ​វិជិត​ឫទ្ធិ​វិសុទ្ធ​ផុត​ថ្លឹងថ្លែង ទ្រង់​ប្រឹងប្រែង​ស្វែង​និព្វាន​ឋាន​ផូរផង់ មិន​គិត​ម៉ាយណាយ​លំបាក​យ៉ាក​ដល់​អង្គ ព្រះ​ទ័យ​ត្រង់​ផ្ចង់​ចំពោះ​នោះ​យ៉ាង​ណា ។ រី​ខ្លួន​បង​ប៉ង​បណ្ដូល​ហើយ​ចូល​មក ប្រឹង​ស្វែង​រក​ពន្លក​ស្ងួន​នួន​បុប្ផា សូម​ឲ្យ​បាន​ប្រាណ​នែបនិត្យ​ជិត​ធីតា ត្រេក​តណ្ហា​សេយ្យា​ខាង​យ៉ាង​នោះ​ឯង ។ បើ​ទ្រមម​ព្រម​មូល​មិត្រ​ស្និទ្ធ​ស្នេហ៍​ស្នង សម​បំណង​បង​ប្រាថ្នា​ណា​ចិញ្ចែង រៀម​អរ​ពេក​ត្រេកត្រអាល​អស់​កាល​វែង ផុត​ចំបែង​រែង​ជា​សុខ​ស្រណុក​ក្រៃ ។ ដូច​ព្រះ​ពុទ្ធ​ផុត​កិលេស​វិសេស​សាល ទ្រង់​ត្រអាល​ក្រសាល​ធ្យាន​នឹង​ញាណ​ញេយ្យ ឥត​មាន​ទុក្ខ​រុក​ប្រជ្រៀត​បៀត​ព្រះ​ទ័យ លែង​មាន​ភ័យ​ជ័យ​ជំនះ​ឈ្នះ​ឥត​សល់ ។ ប្រសិន​ណា​ជា​កោសិយ សិរីឫទ្ធិ ១ឲ្យ​ពរ​ពិត​គិត​សម្រាំង​តាំង​ដំកល់ បើក​ឲ្យ​បង​ប៉ង​នឹម​នួន​ស្ងួន​និម្មល បង​លែង​ទល់​អំពល់​ចិត្ត​គិត​ទុក្ខា ។ ហៃ​កល្យាណ​មាន​រូប​ឆោម​លោម​ពណ៌​ឆើត រាងរៅ​ស្ទើត​កើត​ជា​ស្រី​រស្មី​ថ្លា រៀម​សូម​ឱន​លំទោន​កាយ​ថ្វាយ​វន្ទា ដល់​បិតា​ប៉ា​អនុជ​ត្រលុច​លន់ ។ ដែល​ឧបមា​ដូច​រុក្ខា​មាន​ផ្កា​ស ក្រអូប​ល្អ​ដ៏​គាប់​ចិត្ត​ឥត​គិត​គន់ ពួក​អ្នក​ផង​ប៉ង​តម្រេក ត្រេក​ពេក​ពន់ ណា​ល្វតល្វន់​សម្ផស្ស​ទន់​ទ្រលន់​អើយ
ភុជង្គ័លីលា
កាល​បើ​គន្ធ័ព្វ​ឆើតឆាយ ច្រៀង​ដោយ​លែប​ខាយ យ៉ាង​នេះ​ចប់​ហើយ ។ សូរ្យាធីតា ត្រាណត្រើយ នាង​ពុំ​កន្តើយ ព្រងើយ​ដូច​មុន ។ បែរ​ជា​ស្រឡាញ់​ស៊ប់ស៊ុន ចំពោះ​រូប​ឃុន ត្លុក​ទេព​គន្ធ័ព្វ ។ ដួង​ចិត្ត​នៃ​នាង​ញ័រញាប់ ស្រពោន​ស្រពាប់ ដោយ​កាម​រាគា ។ ទើប​នាង​ញញឹម​ភក្រ្តា ញ៉ឹកញ៉ក់​ឆ្លើយ​ថា ហៃ​បង​ជំនិត ។ អ្នក​បង​ចេះ​ច្រៀង​ពេក​ពិត លួង​លោម​ដួង​ចិត្ត​នៃ​ប្អូន​ពិសី ។ ចេះ​ក្រង​កែ​ចង​សំដី ចម្រៀង​បែប​ថ្មី​ប្រកប​តម្រូវ ។ ព្រះ​ពុទ្ធ​ព្រះ​ធម៌​ជា​ផ្លូវ ព្រះ​សង្ឃ​ត្រឹមត្រូវ តម្រូវ​លាយ​កាម ។ ទាល់​តែ​ប្អូន​ស្រី​ដោយ​តាម ធ្លាក់​ចិត្ត​ចុះ​ស្នាម កិលេស​តណ្ហា ។ ឱះឱ​អ្នក​បង​ថ្លៃថ្លា ព្រះ​ពុទ្ធ​នោះ​ណា មិន​ដែល​ជួប​ភក្រ្ត ។ កាល​ខ្ញុំ​ទៅ​លេង​រួម​រ័ក រាំ​ក្នុង​សំណាក់ រោង​សុធម្មា ។ ឮ​គេ​សរសើរ​រាល់​គ្នា ថា​ព្រះ​ភគវា ប្រសើរ​បំផុត ។ ជា​ប្រាជ្ញ​អង់អាច​ចំហុត ព្រះ​កាយ​បរិសុទ្ធ បញ្ចេញ​រស្មី ។ ហៃ​បង​ប៉ិន​ក្រង​សំដី ដូច្នេះ​ប្អូន​ស្រី ឥត​បី​ប្រកែក ។ ប្អូន​មិន​បាច់​គិត​រារែក ចូរ​ប្រុស​ល្អ​ឯក ចួប​គ្នា​ថ្ងៃ​នេះ ។ គន្ធ័ព្វ​មាន​ភ័ព្វ​ថា​អេះ អើ​ហ្នឹង​ហៅ​ចេះ ស្ដាប់​សូរ​ចម្រៀង ។ បំណង​ដែល​បង​ប៉ង​ទៀង គិត​ឥត​ឃ្លាត​ឃ្លៀង ត្រង់​ហ្នឹង​ហើយ​ពៅ ។ ថា​ហើយ​ញញឹម​ចូល​ទៅ អែប​នែប​និត្យ​នៅ ក្បែរ​ពៅ​សូរ្យា ។ ឱនឱប​ក្រសោប​ធីតា ព្រឺព្រួច​អាត្មា ហាក់​ដូច​ក្រឡាប់ ។ សម្ផស្ស​ប្រុស​ស្រី​ចំណាប់ តែ​ប៉ះពាល់​ប៉ាប ក្រឡាប់​ភ្នែក​វិល ។ ភ្នែក​ភ្លឺ​ទៅ​ជា​ភ្នែក​ព្រិល មៀង​មើល​រមិល​មិន​ច្បាស់​ទេ​ណា ។ ចំណង់​បើ​សម្ផស្ស​ថ្លា នៃ​ពួក​ទេព្ដា យ៉ាង​ណា​ទៅ​អេះ ។ ណ្ហើយ​ចុះ​ខ្ញុំ​សូម​ឈប់​ស្លេះ បញ្ចប់​ត្រឹម​នេះ អស់​អាថ៌​សេចក្ដី ។ ខ្ញុំ​ទើប​នឹង​រៀន​តែង​ថ្មី សូម​ពួក​កវី កុំ​បូញ​បាញ​មាត់ ។ បើ​ឃើញ​មាន​ខុស​ភ្លាំងភ្លាត់ សូម​ជួយ​ផ្ទៀងផ្ទាត់ តម្រង់​ឲ្យ​ទាន ។ មួយ​ទៀត​ខ្ញុំ​ធ្វើ​ប៉ះពាន ទៅ​លើ​ពាក្យ​គ្មាន នៅ​ក្នុង​ព្រះ​សូត្រ ។ លើស​ខ្វះ​តិច​តួច​ព្រោះ​ច្រូត កាត់​លៃ​សម្រូត សម្រួល​ឃ្លា​កាព្យ ។ សូម​កុំ​ឲ្យ​ខ្ញុំ​មាន​បាប អាក្រក់​ឆ្អេះឆ្អាប ដាប​ដល់​អបាយ ។ ព្រោះ​ខ្ញុំ​ឥត​មាន​ក្លែងក្លាយ រៀន​តែង​បរិយាយ ដោយ​ចិត្ត​ជ្រះ​ថ្លា ។ សន្មត​សង្ខេប​កាព្យា ប៉ុណ្ណេះ​ឯង​ណា និដ្ឋិតា​ចប់​ហោង ។ 
ប្រភព  http://www.budinst.gov.kh/?q=node/251

0 ความคิดเห็น:

แสดงความคิดเห็น