วันพุธที่ 18 พฤษภาคม พ.ศ. 2554

ឃរាវស​ធម៌

ព្រះ​អរិយ​កស្សប កែវ - អ៊ួច វត្ត​បទុមវតី ក្រុង​ភ្នំពេញ
ទេសនា​ដាក់​វិទ្យុ​ឃោសនសព្ទ​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ១៤ ខែ​អស្សុជ
ឆ្នាំ​ជូត សំរិទ្ធិស័ក ព. ស. ២៤៩១ (១ - ១១ - ៤៨)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
សូម​ក្រាប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ អរហន្ត​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ ព្រម​ទាំង​ព្រះ​សទ្ធម្ម នឹង​ពពួក​នៃ​ព្រះ​អរិយ​សង្ឃ ដោយ​សេចក្ដី​គោរព ។ រួច​ហើយ​អាត្មា​ភាព​នឹង​សំដែង​ព្រះ​ធម្ម​ទេសនា អំពី​ឃរាវាស​ធម៌ ជា​ធម៌​សម្រាប់​ឃរាវាស អ្នក​មាន​ផ្ទះ​សំបែង ផ្សាយ​តាម​វិទ្យុ​កម្ពុជា​ចែក​ជូន​អស់​លោក - អ្នក​ទាំងឡាយ​ស្ដាប់ ដូច​តទៅ​នេះ ។
ក៏​ធម៌​សម្រាប់​ឃរាវាស​មាន ៤ ប្រការ គឺៈ
១- សច្ចៈ = សេចក្ដី​ពិត​ត្រង់​ដល់​គ្នា​នឹង​គ្នា
២- ទមៈ = ការ​សង្កត់​ចិត្ត​ទុក
៣- ខន្តិៈ = អំណត់​អត់​ធន
៤- ចាគៈ = បែង​ចែក​របស់​ទ្រព្យ​ខ្លួន​ដល់​មនុស្ស​ដែល​គួរ​ចែក​ឲ្យ ។
អធិប្បាយៈ ជន​អ្នក​គ្រប់គ្រង​ផ្ទះ​ដែល​បាន​នាម​បញ្ញត្តិ​ថា គ្រហស្ថ​សម​គួរ​ជា​អ្នក​មាន​សទ្ធា ជឿ​ក្នុង​កម្មស្សកតាញាណ គឺ​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន បើ​មិន​ដូច្នោះ ក៏​នឹង​ស្វែង​រក​ផល​នៃ​ឃរាវាស ក្នុង​ផ្លូវ​ដែល​ប្រកប​ដោយ​ទោស មិន​ប្រយ័ត្ន​ចំពោះ​បាប​កម្ម នឹង​ធ្វើ​អ្វី​ក៏​មិន​គិត​ថា​ជា​ទុច្ចរិត​សាប​សូន្យ ជា​មនុស្ស​ឃើញ​តែ​ខាង​បាន ចំពោះ​ខ្លួន​ដោយ​ចំណែក​មួយ មិន​រើស​ផ្លូវ​រក​ស៊ី​យ៉ាង​មិច្ឆា​អាជីវៈ បៀតបៀន​អ្នក​ដទៃ​ឲ្យ​ខូច​ប្រយោជន៍, ទោស​ទាំង​ពួង​នេះ​មាន​មក​អំពី​គ្មាន​សទ្ធា​ជា​ខាង​ដើម កាល​ធ្វើ​ដូច្នោះ ការ​គ្រប់គ្រង​ឃរាវាស​ក៏​តាំង​នៅ​មិន​ជាប់ សូម្បី​តាំង​ឡើង​បាន​ហើយ​ក៏​មិន​តាំង​នៅ​យឺត​យូរ បើ​បុគ្គល​តម្រង់​នូវ​ឃរាវាស មាន​សទ្ធា​ជឿ​កម្ម​ផល ក៏​នឹង​តាំង​ខ្លួន​ទុក​ក្នុង​ផ្លូវ​ដែល​ប្រពៃ ប្រកប​ការងារ​ចាក​ទោស មិន​សំឡឹង​ឃើញ​តែ​ប្រយោជន៍​ចំពោះ​ខ្លួន ចេះ​សំឡឹង​ដល់​អ្នក​ដទៃ​ខ្លះ រក​ស៊ី​ក្នុង​ផ្លូវ​សមា​អាជីវៈ ដូច្នេះ​អាច​គ្រប់គ្រង​ផ្ទះ​សំបែង​ឲ្យ​បរិបូណ៌​បាន​ហើយ​តាំង​ត្រកូល​ឲ្យ​ថា​ វរៈ​រឹងប៉ឹង​ដោយ​បរិបូណ៌​បាន ហើយ​តាំង​ត្រកូល​ឲ្យ​ថា​វរៈ​រឹងប៉ឹង​ដោយ​បរិបូណ៌​ពេញ​លេញ ។
សទ្ធា​ជា​គុណ​ជាតិ​ដែល​គប្បី​ប្រាថ្នា​មុន ព្រោះ​ធម៌​ធម៌​សាម័ញ្ញ​របស់​គ្រហស្ថ, សម្តេច​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់ ត្រាស់​ចាត់​ជា​គុណ​បទ​របស់​បុគ្គល​អ្នក​គ្រប់គ្រង​ផ្ទះ បាន​លើក​ឡើង​តាំង​ជា​បឋម ទ្រង់​ត្រាស់​សំដែង​ចំពោះ​គុណ​ឯ​ទៀត ៤ ស្ថាន មាន​ពាក្យ​សត្យ គឺ​ពាក្យ​ពិត​ជាដើម ដោយ​សេចក្ដី​ជា​គិហិធម៌ ។
សេចក្ដី​ពិត​ត្រង់ នោះ​ជា​គុណ​សំខាន់​គួរ​គប់​រក​របស់​ប្រជាជន​តាំង​តែ​អំពី​ត្រកូល​មួយ​ដូចជា​ ស្វាមី នឹង​ភរិយា មាតា​បិតា ព្រម​ទាំង​បុត្តធីតា ។
បើ​ស្វាមី​នឹង​ភរិយា​ប្រព្រឹត្ត​ឲ្យ​ស៊ី​គំនិត​ដល់​គ្នា​នឹង​គ្នា មិន​ជា​ទី​ទុក​ចិត្ត​បាន​ទេ ចំណែក​ភរិយា​នឹង​រង្គៀស​ក្នុង​ស្វាមី​ថា ប្រហែល​មាន​សេចក្ដី​ត្រេកអរ​នឹង​ស្រី​ដទៃ ម្ល៉ោះ​ហើយ​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន ក៏​មាន​តែ​យក​ទៅ​ជប់លៀង​បុរស​ដទៃ មិន​សុចរិត​ត្រង់​នឹង​ស្វាមី​របស់​ខ្លួន ឯ​ស្វាមី​ក៏​សង្ស័យ​ក្នុង​ភរិយា​ថា ប្រហែល​ប្រព្រឹត្ត​ក្រៅ​ចិត្ត​ខ្លួន ហើយ​ទៅ​គប់​នឹង​បុរស​ដទៃ ម្ល៉ោះ​ហើយ​មិន​រក​ស៊ី​ដោយ​សុចរិត ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ខ្ជះ​ខ្ជាយ​ឥត​សណ្ដាប់ ។ ដូច្នេះ​ត្រកូល​នោះ​ក៏​រក​សេចក្ដី​សប្បាយ​គ្មាន ។ បើ​ជន​រាល់​គ្នា ប្រព្រឹត្ត​សុចរិត​ឲ្យ​ជា​ទី​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​នឹង​នៅ​ដោយ​ សេចក្ដី​ពេញ​ចិត្ត​ត្រជាក់​ចិត្ត ជួយ​ធ្វើ​គ្នា ជួយ​រក​គ្នា មាន​នាទី​រីករាយ​សប្បាយ ។
ប្រការ​មួយ​ទៀត មាតា​បិតា នឹង​បុត្ត​ក៏​ដូច​គ្នា បើ​ប្រព្រឹត្ត​មិន​ឲ្យ​ជាទី​ទុក​ចិត្ត​ទៅ​បាន ក្នុង​ការ​ជាប់​ទាក់ទង​ដោយ​ទ្រព្យ​សម្បត្តិ​ក្ដី ដោយ​ការ​គ្រប់គ្រង​គ្រួសារ​ក្ដី ដោយ​ហេតុ​យ៉ាង​ដទៃ​ក្ដី ដូច្នេះ​ត្រកូល​នោះ​ក៏​រក​សេចក្ដី​សុខ​គ្មាន បើ​ប្រព្រឹត្ត​សុចរិត​ឲ្យ​ជា​ទី​ទុក​ចិត្ត ជឿ​គ្នា​ទៅ​វិញ​ទៅ​មក ត្រកូល​នោះ​ក៏​នៅ​ជា​សុខ​សប្បាយ​ចំរើន​យឺន​យូរ​តទៅ ។
បុត្រ​ដែល​មាន​ចិត្ត​ល្អ​ជា​តួ​យ៉ាង គឺ​ព្រះ​បទុម​កុមារ ជា​ព្រះ​ឱរស​ព្រះ​ចៅ​ពារាណសី ព្រះ​បិតា​ស្ដេច​ទៅ​ក្រាប់​ប្រាម​សត្រូវ​ដែល​ចលាចល​តាម​ជាយ​ព្រះ​អាណា​ខេត្ត ទ្រង់​ប្រោស​ព្រះ​បទុម​កុមារ​រក្សា​ព្រះ​នគរ ព្រះ​មហេសី​របស់​ព្រះ​បិតា​មាន​ចិត្ត​ប្រដិព័ទ្ធ​នឹង​ព្រះ​បទុម​កុមារ តែ​ព្រះ​បទុម​កុមារ​មិន​ព្រម​ស្ម័គ្រ​រួម​សំវាស ដូច្នេះ​ចាត់​ថា​ជា​សិរី​របស់​ត្រកូល, សេចក្ដី​មិន​ត្រង់​ដល់​គ្នា​នឹង​គ្នា បើ​ប្រព្រឹត្ត​ទៅ​ក្នុង​រវាង​ចៅហ្វាយ​នាយ នឹង​បាវព្រាវ​ក្ដី ប្រព្រឹត្ត​ទៅ​ក្នុង​ញាតិ​មិត្រ​ក្ដី ក្នុង​ទី​បំផុត​រហូត​ដល់​មនុស្ស​អ្នក​ទិញ​ឬ​អ្នក​លក់​ក្ដី រីក​ទៅ​បាន​ត្រឹម​ណា សេចក្ដី​សាប​សូន្យ ក៏​រមែង​មាន​ទៅ​ត្រឹម​ណោះ ។
ចំណែក​សច្ឆៈ សេចក្ដី​ពិត​ត្រង់​ផ្សាយ​បាន​ទៅ​ត្រឹម​ណា ក្នុង​ពួក​មនុស្ស​នោះ ៗ តាំង​អំពី​ជាន់​ចៅហ្វយ​នាយ នឹង​បាវព្រាវ សេចក្ដី​ចំរើន​ក៏​មាន​ទៅ​ត្រឹម​ណោះ ។ ពុទ្ធាទិ​បណ្ឌិត ទ្រង់​ឃើញ​អំណាច​ប្រយោជន៍​ដូច្នេះ​ហើយ ទើប​ទ្រង់​ប្រដៅ​ឲ្យ​មនុស្ស​ក្នុង​លោក​មាន​សច្ចៈ គឺ​សេចក្ដី​ប្រព្រឹត្ត​ឲ្យ​សុចរិត​ទៀង​ត្រង់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​និយាយ​តែ​ពាក្យ​ពិត ឲ្យ​រក្សា​បដិញ្ញា គឺ​សញ្ញា​ដែល​ល្អ ធម៌​ល្អ ដែល​មិន​បាន​ឲ្យ​ទុក្ខ​ដល់​អ្នក​ណា ៗ ហើយ​ប្រព្រឹត្ត​ជា​ធម៌​ក្នុង​បុគ្គល នឹង​កិច្ចការ​នោះ ៗ ទ្រង់​សរសើរ​សេចក្ដី​សត្យ​ទុក មាន​ដើម​ថា​ជា​រស​ដ៏​លើស​លប់ ជាង​រស​ទាំងឡាយ​ជា​វាចា​មិន​ស្លាប់ គឺ​មិន​ចេះ​ប្រែប្រួល នឹង​ជា​ហេតុ​ឲ្យ​មាន​ឈ្មោះ​ពីរោះ​ជា​ទី​រាប់​រក​មហា​ជន ។
ការ​សង្កត់​ចិត្ត​ទុក នោះ​ជា​គុណ​ដ៏​សំខាន់​ប្រការ​មួយ​របស់​ជន​អ្នក​នៅ​រួម​គ្នា ក្នុង​ត្រកូល ក្នុង​ពួក​មនុស្ស​ទាំងឡាយ រមែង​មាន​អធ្យាស្រ័យ​ផ្សេង​គ្នា ដូច​យ៉ាង​មនុស្ស​ខ្លះ រមែង​ស្រវឹង​ទៅ​ដោយ​ទោសៈ មនុស្ស​ខ្លះ​មាន​ចិត្ត​ត្រជាក់ មាន​អ្វី​មក​ខ្ទប់​ប៉ះ​ក៏​ព្រងើយ​បាន ។ បើ​មនុស្ស​អធ្យាស្រ័យ​កាច​មិន​មាន​សតិ​ដែល​នឹង​ទប់​ទល់ តែង​ប្រព្រឹត្ត​ទៅ​តាម​សង្កិលេស​ធម៌​ដែល​កើត​ឡើង ក៏​នឹង​ចរចា​អាក្រក់​ដល់​គេ​ខ្លះ កាប់​ប្រហារ​គេ​ខ្លះ​យ៉ាង​នេះ​ជាដើម សាមគ្គី​ក៏​មិន​អាច​តាំង​នៅ​បាន, ស្វាមី​ភរិយា​ក៏​នឹង​បែក​បាក់​គ្នា​ទៅ ព្រោះ​ហេតុ​នោះ មិន​ត្រូវ​ពោល​ពាក្យ​អាក្រក់​ដល់​មនុស្ស​អ្នក​គប់​រក​ផង​ឡើយ ។ ពុទ្ធាទិ​បណ្ឌិត​ទ្រង់​ឃើញ​ទោស​យ៉ាង​នេះ ទើប​ប្រដៅ​ឲ្យ​មាន​ឧបាយ​សង្កត់​ចិត្ត​របស់​ខ្លួន ទុក​ក្នុង​កាល​ដែល​សង្កិលេស​ធម៌​អកុសល​កើត​ឡើង គ្រប​សង្កត់ កុំ​ឲ្យ​វិល​វល់​ទៅ​តាម​អំណាច​អកុសល​នោះ ៗ តែ​កិលេស​ដែល​ជា​អនុស័យ​រមែង​ដេក​សង្កត់​ទុក ដើម្បី​នឹង​កើត​ឡើង ដូច​គ្រាប់​កាំភ្លើង​ដែល​គ​ច្រក​ទុក មិន​ទាន់​លោះ​កៃ​ដូច្នោះ កាល​អារម្មណ៍​មក​ជន្ល មក​ប្រាកដ​ក្នុង​ទ្វារ រមែង​កើត​ទាន់​លំបាក​សតិ​នឹង​ឃុំ​ឃាត់​បាន ដោយ​ហេតុ​នោះ​លោក​ទើប​ប្រដៅ​ឲ្យ​មាន​សតិ​រក្សា​ទ្វារ​ខាង​ក្រៅ គឺ​ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត កាល​ណា​អារម្មណ៍ គឺ រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ មក​ប្រាកដ​ក្នុង​ទ្វារ​ខាង​ក្រៅ​ក្ដី កាល​សេចក្ដី​នឹក​គិត​កើត​ឡើង​ក្នុង​ទ្វារ​ខាង​ក្នុង​ក្ដី​កុំ​ឲ្យ​អារម្មណ៍​ អម្បាល​ណោះ ធ្វើ​ឲ្យ​ចិត្ត​សៅហ្មង​បាន ។ ជា​អ្នក​សង្កត់​ចិត្ត​ទុក​នោះ មាន​ទីឃាវុ​កុមារ​ជា​តួ​យ៉ាង ។
អំណត់​អត់​ធន នោះ​ជា​គុណ​ដ៏​សំខាន់​ប្រការ​មួយ របស់​ជន​អ្នក​ជាប់​នៅ​ក្នុង​ជំនុំ តាំង​អំពី​ត្រកូល​ជា​មួយ​គ្នា, ជន​ទាំងឡាយ​អ្នក​មាន​ចិត្ត​វិល​វល់​ដោយ​អំណាច​ទោសៈ សម​គួរ​នឹង​តាំង​នៅ​ក្នុង​ទមៈ គឺ​ចេះ​សង្កត់​ចិត្ត​ខ្លួន តែ​ថា​មិន​មែន​ជា​នាទី​អ្នក​រាល់​គ្នា នឹង​ធ្វើ​បាន​ទាំងអស់​គ្រប់​គ្នា​ទេ ព្រោះ​សង្កិលេស​ធម៌ ដែល​ជា​ម្ចាស់​ផ្ទះ​រមែង​កើត​ឡើង លំបាក​សតិ​នឹង​ឃុំ​ឃាត់​បាន​ទាន់​ទី ដូច​ពោល​ហើយ​អំពី​ខាង​ដើម បើ​ទោសៈ​កើត​ឡើង​ហើយ ញ៉ាំង​សាមគ្គី​សេចក្ដី​ព្រមព្រៀង​ឲ្យ​វិនាស​ទៅ នាំ​សេចក្ដី​ក្ដៅ​ក្រហាយ​មក​ដល់​ខ្លួន នឹង​ពួក​គណៈ ដោយ​ហេតុ​នោះ ពុទ្ធាទិ​បណ្ឌិត​ទ្រង់​ត្រេកអរ​ក្នុង​សេចក្ដី​ស្ងប់ ទើប​ទ្រង់​ប្រដៅ​ឲ្យ​ជន​តាំង​ខ្លួន​នៅ​ក្នុង​ខន្តិ​ធម៌ ឲ្យ​ចេះ​អត់​ធន់​ចំពោះ​ហេតុ​នោះ ៗ ដែល​នាំ​ឲ្យ​កើត​ទោសៈ ដើម្បី​រក្សា​ខ្លួន នឹង​អ្នក​ដទៃ​ទាំង​ពីរ​ចំណែក ។
ការ​បែង​ចែក​វត្ថុ​ឲ្យ​អ្នក​ដទៃ ជា​កិច្ច​សំខាន់​ប្រការ​មួយ​របស់​ជន​អ្នក​នៅ​ក្នុង​ពួក​គណៈ ។ ក្នុង​ត្រកូល​មួយ ស្វាមី​នឹង​ភរិយា មាតា​បិតា នឹង​បុត្ត​ធីតា ត្រូវ​សង្គ្រោះ​គ្នា ដោយ​ការ​ឲ្យ​របស់​ទ្រព្យ, ញាតិ​នឹង​ញាតិ មិត្ត​នឹង​មិត្ត ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​វិញ​ទៅ​មក ឲ្យ​នូវ​វត្ថុ​ដែល​ជា​ឧបាយ​ចង​មេត្រី, តែ​ការ​ឲ្យ​យ៉ាង​នេះ​ចាត់​ថា​សង្គ្រោះ ។ អ្នក​មាន​អធ្យាស្រ័យ​ផ្សព្វ​ផ្សាយ​មេត្តា​ដល់​មនុស្ស​ទាល់​ក្រ លះ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ឲ្យ​ដើម្បី​ទំនុក​បំរុង​ដោយ​ឋានៈ ដើម្បី​ឧបត្ថម្ភ​ផង​គ្នា ដូច្នេះ​ហៅ​ថា​ទានៈ ។ មនុស្ស​ទាំងឡាយ​កើត​មក​ក្នុង​លោក​នេះ អំពើ​កម្ម​តាក់តែង​ឲ្យ​ជា​អ្នក​មាន​ប្រភេទ​ផ្សេង​គ្នា ពួក​ខ្លះ​ទាល់​ក្រ សូម្បី​គ្រាន់​តែ​រក​ចិញ្ចឹម​ជីវិត​ក៏​បាន​ដោយ​លំបាក មនុស្ស​ខ្លះ​មិន​ធ្លាក់​ខ្លួន​ដល់​ទៅ​ម្លឹង​ទេ ប៉ុន្តែ​តាំង​ខ្លួន​ឲ្យ​មួន​មាំ​មិន​កើត មនុស្ស​ខ្លះ​ជា​សេដ្ឋី​បរិបូណ៌​ដោយ​ទ្រព្យ​សម្បត្តិ សូម្បី​ក្នុង​ផ្លូវ​ដទៃ​ក៏​នៅ​ផ្សេង ៗ គ្នា​ទៀត ដូច​មនុស្ស​ពិការ ឬ​មាន​កំឡាំង តែ​មនុស្ស​អម្បាល​ណោះ មាន​សុខ​មាន​ទុក​មិន​ច្រើន​តិច​ជាង​គ្នា បណ្ឌិត​ពិចារណា​ឃើញ​ដូច្នេះ​ហើយ ទើប​ប្រដៅ​ឲ្យ​ចេះ​មាន​ចិត្ត​អាណិត​អាសូរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ឲ្យ​ដែល​ហៅ​ថា​ទាន ។
ប្រជាជន​ទាំងឡាយ ជា​អ្នក​គ្រប់គ្រង​ផ្ទះ ចូរ​ញ៉ាំង​ធម៌ ៤ ប្រការ​នេះ ឲ្យ​លូត​លាស់​គ្រប់​ពេល គង់​បាន​សេចក្ដី​សុខ ចំរើន ក្នុង​ត្រកូល​គ្រួសារ​របស់​អ្នក​តរៀង​ទៅ ។
ចូរ​អ្នក​សាង​ធម៌​នេះ ឲ្យ​បាន​កើត​ឡើង​ដូច​ពោល​ខាង​ដើម គង់​នឹង​បាន​ចៀសវាង​អំពី​សេចក្ដី​ក្ដៅ​ក្រហាយ មាន​តែ​សេចក្ដី​សុខ​កាយ សុខ​ចិត្ត រហូត​តាំង​ពី​លោក​នេះ​ទៅ​លោក​ខាង​មុខ ។
សំដែង​អំពី​ធម៌ សម្រាប់​ឃរាវាស ៤ ប្រការ គឺៈ សច្ចៈ ១, ទម្មៈ ១, ខន្តិ ១, ចាគៈ ១, ចប់​ដោយ​សេចក្ដី​សង្ខេប​តែ​ប៉ុណ្ណេះ ឯវំ ។
ចប់ 
ប្រភព http://www.budinst.gov.kh/?q=node/290

0 ความคิดเห็น:

แสดงความคิดเห็น