วันจันทร์ที่ 16 พฤษภาคม พ.ศ. 2554

ជីវិត និង​ស្នាដៃ​របស់ ហ្សាក់ ប៊ែរនូយលី និង​ហ្សង់ ប៊ែរនូយលី



ហ្សាក់ ប៊ែរនូយលី (Jacques Bernoulli, 1654-1705)
ហ្សាក់ ប៊ែរនូយលី (Jacques Bernoulli, 1654-1705)
ក្នុង​ប្រវត្តិសាស្ត្រ​វប្បធម៌ មាន​គ្រួសារ​មួយ​ចំនួន​បាន​ទទួល​ឈ្មោះ​ដ៏​ល្បីល្បាញ​រាប់​តំណ ។ ក្នុង​ចំណោម​នោះ មាន​គ្រួសារ ប៊ែរនូយលី នៅ​បាល់ ប្រទេស​ស៊្វីស ជាដើម ។ គ្រួសារ​នេះ​បាន​ផ្គត់ផ្គង់​ឲ្យ​មនុស្ស​ជាតិ​នូវ​អ្នកគណិតសាស្ត្រ​ចំនួន​៩​រូប ក្នុង​នោះ​មាន​អ្នកគណិតសាស្ត្រ​ធំៗ​៣​រូប​គឺ ហ្សាក់​ទី​១ (១៦៥៤‑១៧០៥) ហ្សង់​ទី​១ដានីញែល (១៦៦៧‑១៧៤៨) និង (១៧០០‑១៧៨២) ។ អ្នក​គណិត​សាស្ត្រ​៣​រូប​នេះ ជា​អ្នក​ដំបូង​បង្អស់​ដែល​យល់​ច្បាស់​នូវ​មុខ​វិជ្ជា​គណនា​អនុគមន៍​ គណិតសាស្ត្រ​ដែល ញូវតុន និង លៃបឺនីស រក​ឃើញ និង​ប្រឹងប្រែង​ពង្រីក​ផ្សព្វផ្សាយ​នូវ​មុខ​វិជ្ជា​ដ៏​សំខាន់​នេះ ។ ព្រឹត្តិការណ៍​គួរ​ឲ្យ​កត់​សម្គាល់​មួយ​គឺ​ក្នុង​អំឡុង​ពេល​ជាង​២៥០​ឆ្នាំ នៅ​សាកលវិទ្យាល័យ​បាល់ ជានិច្ចកាល​មាន​សាស្ត្រាចារ្យ​ត្រកូល​ប៊ែរនូយលី​បង្រៀន ។ ចំណែក​ឯ​មុខ​តំណែង​ជា​ប្រធាន​ផ្នែក​គណិត​សាស្ត្រ​ប្រចាំ​មហាវិទ្យាល័យ​នេះ​ គឺ​គ្រួសារ​ត្រកូល​ប៊ែរនូយលី​បាន​ផ្លាស់​វេន​គ្នា ទទួល​បន្ទុក​អំឡុង​ពេល​ជាង​១០០​ឆ្នាំ ចាប់​ពី​ឆ្នាំ​១៦៨៧ (ហ្សាក់​ទី​១) រហូត​ដល់​ឆ្នាំ​១៧៩០ (ហ្សង់​ទី​២) ។
ហ្សង់ ប៊ែរនូយលី (Jean Bernoulli, 1667-1748)
ហ្សង់ ប៊ែរនូយលី (Jean Bernoulli, 1667-1748)

ខុស​បំណង​ប្រាថ្នា​របស់​ឪពុក

ហ្សាក់​ទី​១ ជា​កូន​ច្បង​ក្នុង​គ្រួសារ ។ ឪពុក​របស់​លោក​ចង់​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ក្លាយ​ទៅ​ជា​បព្វជិត តែ​ហ្សាក់​បែរ​ជា​ចូល​ចិត្ត​គណិតសាស្ត្រ ។ ឪពុក​លោក​ក៏​បាន​ស្ដី​បន្ទោស​ថា «កូន​ឯង​ជា​កូន​ច្បង​នៅ​ក្នុង​ផ្ទះ​យើង ត្រូវ​តែ​ស្ដាប់​បង្គាប់​ឪពុក ដើម្បី​ជា​គំរូ​ឲ្យ​ប្អូនៗ​យក​តម្រាប់​តាម» ។
ដើម្បី​តម្រូវ​ចិត្ត​ឪពុក ហ្សាក់​ក៏​បង្ខំ​ចិត្ត​ត្រូវ​យក​អស់​កម្លាំង​កាយ កម្លាំង​ចិត្ត រៀន​មុខ​វិជ្ជា​ទេវវិទ្យា និង​ភាសា​បរទេស ។ ក៏​ប៉ុន្តែ​លោក​មិន​អាច​បោះបង់​ចោល​ការ​រៀន​សូត្រ​គណិត​សាស្ត្រ​បាន​ឡើយ ហើយ​លោក​តែង​តែ​លួច​លាក់​រៀន​ដោយ​មិន​ឲ្យ​ឪពុក​លោក​ដឹង​ឡើយ ។
នៅ​ពេល​បាន​អាយុ​១៧​ឆ្នាំ ហ្សាក់​ធ្វើ​បាន​នូវ​លំហាត់​គណិតសាស្ត្រ​ដ៏​ពិបាក​ស្មុគស្មាញ ដូចជា​ការ​គិត​ប្រតិទិន គិត​តារាវិថី​របស់​ផ្កាយ​ដុះ​កន្ទុយ​ជាដើម ។
ទេពកោសល្យ​គណិតសាស្ត្រ​របស់​ហ្សាក់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បង្ហាញ​ច្បាស់​ឡើងៗ ។ ដល់​វ័យ​២៨​ឆ្នាំ លោក​បាន​សម្រេច​ចិត្ត​ត្រូវ​បូជា​ជីវិត​ឲ្យ​វិទ្យាសាស្ត្រ​នេះ ។ នៅ​វ័យ​៣២​ឆ្នាំ ហ្សាក់​បាន​កាន់​មុខ​តំណែង​អធិការ​ផ្នែក​គណិតសាស្ត្រ​នៃ​សាកលវិទ្យាល័យ​បាល់ ។
ប្អូន​ទី​២ របស់​ហ្សាក់​ទី​១ គឺ​ហ្សង់​ទី​១ ក៏​ជា​អ្នក​ជក់​ចិត្ត​នឹង​គណិតសាស្ត្រ​តាំង​ពី​វ័យ​កុមារ​ដែរ ។ ក៏​ប៉ុន្តែ​ឪពុក​របស់​លោក​ចង់​ឲ្យ​កូន​ក្លាយ​ទៅ​ជា​ពាណិជ្ជករ​ម្នាក់ ហេតុ​នេះ​គាត់​តែង​តែ​បង្ខំ​ឲ្យ​កូន​ទៅ​រៀន​លក់​ដូរ ។
កាល​នោះ ហ្សាក់​បាន​ក្លាយ​ទៅ​ជា​អ្នក​គណិតសាស្ត្រ​រួច​ទៅ​ហើយ ។ លោក​បាន​ទូន្មាន​ប្អូន​ប្រុស​ថា «គួរ​រៀន​គណិតសាស្ត្រ» ហើយ​មិន​យូរ​ប៉ុន្មាន ហ្សង់​ក៏​បាន​ក្លាយ​ទៅ​ជា​អ្នក​គណិត​សាស្ត្រ​ល្បីល្បាញ​មួយ​រូប​ដែរ ។ នៅ​រាល់​លើក​រំឭក​រឿង​ដើម​ឡើង​វិញ បង​ប្អូន​ទាំង​ពីរ​នាក់​តែង​តែ​និយាយ​លេង​ជាមួយ​គ្នា​ថា នៅ​ទី​បំផុត យើង​បាន​នាំ​គ្នា​ធ្វើ​អ្វីៗ​ដែល​ខុស​ស្រឡះ​ពី​បំណង​ប្រាថ្នា​របស់​លោក​ ឪពុក ។

បុព្វជិត​… គ្មាន​ទេវរូប

បុព្វជិត​ហ្សាក់ ប៊ែរនូយលី បាន​ ចាប់​ធ្វើ​សកម្មភាព​គណិតសាស្ត្រ​ពី​ដំបូង​បង្អស់​ដោយ​ការ​ស្រាវជ្រាវ​ តារាសាស្ត្រ ។ កាល​សម័យ​នោះ តាម​ផ្លូវ​សាសនា​បាន​ពន្យល់​ថា ផ្កាយ​ដុះ​កន្ទុយ​គឺ​ជា​បេសកជន​របស់​ព្រះអាទិទេព ជា​អ្នក​ឲ្យ​សញ្ញា​មហន្តរាយ​ដែល​ព្រះឥន្ទ្រ​បាន​បញ្ជា​ឲ្យ​ធ្លាក់​មក​លើ​ ផែនដី ។
ក៏​ប៉ុន្តែ ហ្សាក់ បាន​ប្រើ​គណិតសាស្ត្រ​ស្រាយ​បំភ្លឺ​ឲ្យ​ឃើញ​ដំណើរ​របស់​ផ្កាយ​ដុះ​កន្ទុយ ហើយ​ធ្វើការ​ដោះស្រាយ​ថា ផ្កាយ​ដុះ​កន្ទុយ​ក៏​ជា​ពិភព​មួយ​ធម្មតា​ដែល​មាន​ទំហំ​មិន​អាច​បង្ក​ គ្រោះថ្នាក់​លើ​ផែនដី​បាន​ឡើយ ។ បន្ទាប់​ពី​ស្នាដៃ​ស្រាវជ្រាវ​គណិតសាស្ត្រ​នេះ​បាន​ប្រកាស​ចេញ គេ​បាន​ផ្ដល់​នាម​ដល់​ហ្សាក់ ជា​បុព្វជិត​… គ្មាន​ទេវរូប ។
ដើម្បី​ឆ្លើយ​តប​នឹង​សម្ដី​វាយ​ប្រហារ​នេះ ហ្សាក់​កាន់​តែ​ប្រឹងប្រែង​ពេញ​ទំហឹង​ថែម​ទៀត​ក្នុង​ការ​ស្រាវជ្រាវ​ គណិតសាស្ត្រ​ជា​បន្ត​ទៀត ។ ដើម្បី​ជា​និម្មិត្តរូប​ឲ្យ​គោដៅ​របស់​ខ្លួន លោក​បាន​គូស​រូប​ហ្វាអេតុង (តាម​រឿង​ព្រេងនិទាន​របស់​ក្រិក ហ្វាអេតុង​ជា​រាជបុត្រ​របស់​អាទិទេព​ព្រះអាទិត្យ) ជិះ​លើ​រទេះ​ភ្លើង​ព្រះអាទិត្យ ហើយ​ចារ​អក្សរ​ធំៗ​នៅ​ពី​ក្រោម​ថា «ខ្ញុំ​កំពុង​ស្វែង​រក​ខ្លួន​ឯង​នៅ​ក្នុង​ចំណោម​ដួង​តារា​ទាំងឡាយ» ។

របៀប​យល់​មួយ​ដ៏​ល្អ​បំផុត

នៅ​ឆ្នាំ​១៦៨៤ ទស្សនាវដ្ដី​ស្រាវជ្រាវ​វិទ្យាសាស្ត្រ របស់​ទីក្រុង​ឡិបស៊ិច ប្រទេស​អាល្លឺម៉ង់ បាន​ចុះ​ផ្សាយ​លើ​ទំព័រ​ខ្លួន​នូវ​អត្ថបទ​របស់​អ្នក​គណិតសាស្ត្រ​លៃបឺនីស «របៀប​ថ្មី​នៃ​ការ​រក​អតិបរមា និង​អប្បបរមា» ព្រម​ទាំង​ឧទ្ទេស​នាម​វិធី​គណនា​អនុគមន៍​ដែល​លោក​បាន​រក​ឃើញ ។
ពីរ​នាក់​បងប្អូន ប៊ែរនូយលី បាន​គ្នា​អាន​អត្ថបទ​កាសែត​នោះ ក៏​ប៉ុន្តែ​មិន​យល់​អត្ថន័យ​សោះ ។ ហ្សាក់​ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​ឲ្យ​លៃបឺនីស ដើម្បី​សុំ​ឲ្យ​លោក​ធ្វើ​ការ​ពន្យល់​បកស្រាយ ។ ជាភ័ព្វ​អាក្រក់ ពេល​នោះ​លៃបឺនីស បាន​ដើរ​ទេសចរណ៍​នៅ​ប្រទេស​អ៊ីតាលី​ទៅ​ហើយ ។ រង់ចាំ​យូរ​ពេក មិន​ឃើញ​ការ​ឆ្លើយ​តប ហ្សាក់​ក៏​បាន​និយាយ​នឹង​ប្អូន​ថា «ចង់​យល់​អត្ថបទ​កាសែត​នោះ ជា​ការ​ល្អ​បំផុត យើង​ត្រូវ​ធ្វើ​ការ​ស្វែង​យល់​ដោយ​ខ្លួន​ឯង» ។
ហ្សង់​ជា​ប្អូន​យល់​ស្រប​នឹង​គំនិត ​នេះ ។ ភ្លាម​នោះ​បងប្អូន​ទាំង​ពីរ​នាក់​ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​ស្រាវជ្រាវ ។ ក្នុង​រយៈពេល​៣​ឆ្នាំ អ្នក​ទាំង​ពីរ​មិន​ត្រឹម​តែ​យល់​អស់​នូវ​អត្ថបទ​នោះ ថែម​ទាំង​ពង្រីក​បាន​នូវ​វិធី​គណនា​ថ្មី​ទៀត​ផង ។

វេជ្ជសាស្ត្រ ឬ​គណិតសាស្ត្រ ?

សាកលវិទ្យាល័យ​បាល់ ជា​សាកលវិទ្យាល័យ​មួយ​តូច ។ ដើម្បី​ធានា​ឲ្យ​មាន​ការងារ​ធ្វើ​នៅ​ទី​នេះ ហ្សាក់ (កាល​ណោះ​ជា​សាស្ត្រាចារ្យ​គណិត​សាស្ត្រ​នៅ​សាកលវិទ្យាល័យ) បាន​រំឭក​ហ្សង់ គួរ​តែ​ការពារ​និក្ខេបបទ​បណ្ឌិត​វេជ្ជសាស្ត្រ ដើម្បី​ថ្ងៃ​ក្រោយ​ងាយ​ស្រួល​ក្នុង​ការ​កាន់​តំណែង​ជា​សាស្ត្រាចារ្យ​ វេជ្ជសាស្ត្រ ។
ដោយ​ស្ដាប់​តាម​ដំបូន្មាន​របស់​បង នៅ​អាយុ​២៧​ឆ្នាំ ហ្សង់​បាន​ដាក់​ពាក្យ​ប្រលង​និក្ខេបបទ​ស្ដីពី «ចលនា​របស់​សាច់​ដុំ» ។ គណៈ​មេប្រយោគ​របស់​សាកលវិទ្យាល័យ​បាល់ មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង មិន​យល់​ថា តើ​និក្ខេបបទ​នេះ​ជា​សមិទ្ធិ​ស្រាវជ្រាវ​ខាង​គណិតសាស្ត្រ ឬ​ក៏​ខាង​វេជ្ជសាស្ត្រ ។
និក្ខេបបទ​នេះ ក្រៅ​ពី​ការ​សរសេរ​ផ្ដើម​សេចក្ដី​យ៉ាង​ខ្លី​ដែល​ឧទ្ទេស​នាម​អំពី​គំនិត​ធ្វើ ​ការ​វិភាគ​លើ​រចនាសម្ព័ន្ធ​ចលនា​របស់​សាច់ដុំ​ចេញ គឺ​សុទ្ធ​សឹង​ជា​វិធី​គណនា​ដោយ​គណិតសាស្ត្រ ។ ចំណុច​ពិសេស​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​គឺ​អ្នក​និពន្ធ​និក្ខេបបទ​នេះ​បាន​ ប្រើ​វិធី​គណនា​របស់​លៃបឺនីស​ដែល​ទើប​រក​ឃើញ យក​មក​ដោះស្រាយ​បញ្ហា ​ហ្សង់​បង្កើត​សមីការ​អនុគមន៍​ដើម្បី​រក​បន្ទាត់​កោង​ដែល​ស្ដែង​ពី​រូបភាព​ របស់​សាច់ដុំ​នៅ​ពេល​ទទួល​កម្លាំង​ទម្ងន់​ណា​មួយ ។

ងាយ​ស្រួល ឬ​ពិបាក ?

ឆ្នាំ​… ហ្សង់ ប៊ែរនូយលី បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប៉ារីស ។ នៅ​ទីនោះ ក្នុង​សម័យ​ប្រជុំ​មួយ​នៅ​បន្ទប់​ទទួល​ភ្ញៀវ​របស់​ទស្សនវិទូ ម៉ង់ប្រាំង ហ្សង់​បាន​ជួប​ ឡូពីតាំង ដោយ​ចៃដន្យ ។ ឡូពីតាំង ជា​អ្នក​កំពុង​តែ​ចង់​ស្វែងយល់​ពី​អត្ថបទ​កាសែត​របស់​លៃបឺនីស ។ ដោយ​ឃើញ​ឡូពីតាំង​ត្អូញ​ត្អែរ​ថា​ វិធី​គណនា​ថ្មី​របស់​លៃបឺនីស​ពិបាក​យល់​ពេក ហ្សង់​សើច​ញឹមៗ ទាញ​យក​ក្រដាស និង​ស្លាបប៉ាកា​មក​ដោះស្រាយ​លំហាត់​ដែល​ឡូពីតាំង​ពោល​ថា​ពិបាក​ពេក​នោះ ហើយ​និយាយ​ថា «នេះ​ត្រឹម​តែ​ជា​ល្បែង​របស់​កូន​ក្មេង ​ទេ មាន​អ្វី​សំខាន់​ដែល​លោក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នោះ ! បើសិន​ជា​ថា​ពិបាក​នោះ​ត្រូវ​តែ​រាប់​បញ្ចូល​លំហាត់​អំពី​បន្ទាត់​ខ្លី‑ឆាប់ (នោះ​ជា​បន្ទាត់​កោង​មួយ​ត​ភ្ជាប់​ចំណុច​២​ដែល​មិន​ស្ថិត​នៅ​លើ​បន្ទាត់​ឈរ​ ត្រង់ ហើយ​វត្ថុ​មួយ​ធ្វើ​ចលនា​សរី​នៅ​លើ​នោះ​ក្នុង​ថេរវេលា​យ៉ាង​ខ្លី​បំផុត)» ។
ឡូពីតាំង​ក៏​សំណូមពរ​ឲ្យ​ហ្សង់​បង្រៀន​ខ្លួន​នូវ​ មុខវិជ្ជា​ថ្មី​នេះ​ដើម្បី​គាត់​អាច​ធ្វើការ​ស្រាវជ្រាវ​ដោះ​ស្រាយ​លំហាត់​ បន្ទាត់​ខ្លី‑ឆាប់​នោះ ។ បន្ទាប់​ពី​ការ​សិក្សា​ជាមួយ​ហ្សង់​អស់​ចំនួន​៤​ខែ​មក ឡូពីតាំង​បាន​យល់​យ៉ាងច្បាស់​នូវ​ចរិត​នៃ​វិធី​គណនា​គណិតសាស្ត្រ ។ ៥​ឆ្នាំ​ក្រោយ​មក កូន​សិស្ស​ដ៏​ឆ្លាត​វៃ​នេះ​បាន​សរសេរ​សម្រេច​ជា​ស្ថាបពរ​សៀវភៅ​សិក្សា​ដំបូង ​បង្អស់​អំពី «ការ​វិភាគ​បណ្ដា​អនុគមន៍» ជា​ពិសេស​គឺ​ស្រាយ​បំភ្លឺ​បាន​នូវ​លំហាត់​បន្ទាត់​ខ្លី‑ឆាប់​ដែល​លោក​គ្រូ​ហ្សង់​ចាត់​ទុក​ថា​ពិបាក​នោះ ។

តើ​ចាំ​បាច់​ត្រូវ​ពិភាក្សា​ឬ​ទេ ?

ឆ្នាំ​១៧០៥ ហ្សាក់ ប៊ែរនូយលី បាន​លា​ចាក​លោក​នេះ​ទៅ​ដោយ​រោគ​របេង ។ គណៈ​នាយក​សាកលវិទ្យាល័យ​បាល់​បាន​ប្រជុំ​គ្នា​ពិគ្រោះ​ពិភាក្សា​ពី​ការ​ ជ្រើស​តាំង​អ្នក​ជំនួស​ហ្សាក់ និង​អ្នក​ទទួល​បន្ទុក​មុខ​តំណែង​ជា​អធិការ​មុខ​វិជ្ជា​គណិតសាស្ត្រ ។ អ្នក ទាំងឡាយ​ឯកភាព​គ្នា​អញ្ជើញ​ហ្សង់​ដែល​ពេល​នោះ​គាត់​ជា​សាស្ត្រាចារ្យ​ គណិតសាស្ត្រ និង​រូបវិទ្យា បង្រៀន​នៅ​មហាវិទ្យាល័យ​មួយ​ក្នុង​ប្រទេស​ហូឡង់ ។ នៅ​ពេល​ដែល​គណៈ​ដឹកនាំ​ទីក្រុង សំណូមពរ​ឲ្យ​សាកលវិទ្យាល័យ​ផ្ដល់​ដំណឹង​ពី​លទ្ធផល​នៃ​ការ​ពិភាក្សា និង​ការ​បោះឆ្នោត តាម​ទម្លាប់​ធម្មតា​របស់​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ លោក​ប្រធាន​ក្រុម​ប្រឹក្សា​វិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​បាល់​បាន​ឆ្លើយ​ ថា «នេះ​ជា​ករណី​ជ្រើស​តាំង​ដោយ​មិន​បាច់​ពិភាក្សា​ឡើយ» ។
ដើម្បី​ឆ្លើយ​តប​នឹង​ទំនុក​ទុក​ចិត្ត​របស់​ សាកលវិទ្យាល័យ នៅ​ថ្ងៃ​ទទួល​តំណែង​ថ្មី ហ្សង់​បាន​អាន​របាយការណ៍​វិទ្យាសាស្ត្រ​ធំ​មួយ​គឺ ការ​ពិគ្រោះ​អំពី​ហេតុការណ៍​ថ្មី​របស់​មុខ​វិជ្ជា​វិភាគ និង​លេខា​គណិតសាស្ត្រ​ថ្នាក់​ខ្ពស់ ។

ភាព​មហិមា​ក្នុង​វិទ្យាសាស្ត្រ

នៅ​សតវត្ស​ទី​១៨ មុខវិជ្ជា​វិភាគ​គណិតសាស្ត្រ​ត្រូវ​បាន​បណ្ដា​អ្នក​វិទ្យាសាស្ត្រ​ទទួល​ ស្គាល់​ជា​ឧបករណ៍​ដ៏​ល្អ​ប្រណិត ។​ ពេល​នោះ​បាន​លេច​ឡើង​នូវ​បញ្ហា នរណា​ជា​អ្នក​បាន​ទទួល​ស្គាល់​នូវ​សិទ្ធិ​អាទិភាព​ក្នុង​ការ​រក​ឃើញ​វិធី​ គណនា​ថ្មី​នេះ ? បណ្ដា​អ្នក​គណិត​សាស្ត្រ​អង់គ្លេស​បាន​សន្និដ្ឋាន​ថា សិទ្ធិ​អាទិភាព​នោះ​ត្រូវ​បាន​មក​ញូវតុន ។ អ្នក​គណិត​សាស្ត្រ​នៃ​ដែនដី​អឺរ៉ុប​អះអាង​ថា អ្នក​រក​ឃើញ​វិធី​គណនា​ថ្មី​នេះ​គឺ លៃបឺនីស ។ ចំណែក​សាមី​ខ្លួន​លៃបឺនីស​បែរ​ជា​ទទួល​ស្គាល់​ថា គឺ​បង​ប្អូន​ប៊ែរនូយលី ទើប​សម​ជា​អ្នក​និពន្ធ​វិធី​គណនា​ថ្មី​នេះ ហើយ​មាន​សិទ្ធិ​ទទួល​រំលែក​នូវ​កិត្តិយស​នេះ​ជាមួយ​អ្នក​ដែល​បាន​បង្កើត​ មុខវិជ្ជា​វិទ្យាសាស្ត្រ​នោះ ។ នៅ​ពេល​នោះ ហ្សង់ ប៊ែរនូយលី បាន​និយាយ​ថា «ភាព ​មហិមា​ក្នុង​វិទ្យាសាស្ត្រ​មិន​មែន​ជា​សិទ្ធិ​អាទិភាព​ទេ​តែ​គឺ​ជា​ការ​ ពង្រីក​សតិ​អារម្មណ៍​វិទ្យាសាស្ត្រ​ដើម្បី​បង្កើន​បន្ថែម​កម្លាំង​របស់​វា» ។
បន្ទាប់​ពី​មរណភាព​របស់​លៃបឺនីស (ឆ្នាំ​១៧១៦) ហ្សង់​បាន​ក្លាយ​ទៅ​ជា​អ្នក​ឈរ​ជួរ​មុខ​ក្នុង​មជ្ឈដ្ឋាន​គណិត​សាស្ត្រ​ទ្វីប ​អឺរ៉ុប ហើយ​បន្ត​ពង្រីក​មុខវិជ្ជា​វិភាគ​គណិត​សាស្ត្រ​ឈាន​ទៅ​កាន់​ចំណុច​កំពូល​ ថ្មី​ទៀត ៕
ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ


0 ความคิดเห็น:

แสดงความคิดเห็น