วันพุธที่ 18 พฤษภาคม พ.ศ. 2554

ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ

ការ​សំដែង​សេចក្ដី​គោរព​យ៉ាង​បរិសុទ្ធ
របស់​ប្រជាជាតិ​ខ្មែរ​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​លោក​គ្រូ
  នៅ​ឱកាស​ធ្វើ​បុណ្យ​ឈាបនកិច្ច
រំលាយ​សព កាល​ពី​ថ្ងៃ ៤ ណូវ៉មប្រិ៍ ឆ្នាំ ១៩៣៩
ចាប់​ផ្ដើម​តាំង​អំពី​ថ្ងៃ​ទី ១ ណូវ៉មប្រិ៍ ១៩៣៩ មក មាន​ភិក្ខុ​សាមណេរ ឧបាសក​ឧបាសិកា​ក្មេង​ចាស់​គ្រប់​វ័យ បាន​អញ្ជើញ​មក​នឹង​និមន្ត​មក តាម​ទូក, កប៉ាល់, រទេះភ្លើង, រថយន្ត ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​ក្រុង​ភ្នំពេញ​សឹង​មាន​ចំនួន​ណែនណាន់​តាន់តាប់ ។ នៅ​ខណៈ​នេះ​ពួក​ជាង​ឈើ ពួក​ជាង​ឆ្លាក់ នឹង​ជាង​គំនូរ​នាំ​គ្នា​ខំ​ធ្វើការ​ឥត​ឈប់​ដៃ នៅ​ទី​វាល​ខាង​ក្នុង​បរិវេណ​នៃ​សាលា​បាលី​ជាន់​ខ្ពស់ ជា​ទី​ធ្វើ​មេរុ​ដំកល់​មឈូស​បូជា​សព​លោក​គ្រូ​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឡើង​មួយ​រូប​ក្នុង​ការ​រៀបចំ​ការងារ​ក្នុង​ក្រសួង​ ពុទ្ឌសាសនបណ្ឌិត្យ ។
លុះ​មក​ដល់​ថ្ងៃ ៣ ណូវ៉មប្រិ៍ នៅ​ទី​កន្លែង​ព្រះ​រាជ​បណ្ណាល័យ​នឹង​វត្ត​ឧណ្ណាលោម​មាន​មនុស្ស​ហៀ​ហូរ​ចូល​ ទៅ​មិន​ដាច់ ទាំង​ព្រះ​ភិក្ខុ​សង្ឃ​នឹង​ឧបាសក​ឧបាសិកា ដែល​ធ្វើ​ដំណើរ​មក​ពី​ទី​តំបន់​នានា​ក្នុង​កម្ពុជា​ទាំងមូល នឹង​ជន​ជាតិ​ខ្មែរ​មក​ពី​ស្រុក​កូសាំងស៊ីន ក៏​នាំ​គ្នា​ដើរ​សំដៅ​ទៅ​កាន់​កុដិ​ជា​ទី​ដំកល់​ព្រះ​សព ។ នៅ​វេលា​យប់​បង្ហើយ​ការ​ដំកល់​សព​នេះ បាន​ចាត់​ឲ្យ​មាន​ធម្មទេសនា​នៅ​មុខ​ព្រះ​សព នឹង​នៅ​សាលា​បាលី​រង​វត្ត​ឧណ្ណាលោម មាន​គ្រឿង​កំចាយ​សំឡេង ដើម្បី​ផ្សាយ​សូរ​សព្ទ​នៃ​ធម៌​ទេសនា​នោះ​ឲ្យ​បាន​ឮ​រាល់​គ្នា​ទាំង​ពីរ​ អន្លើ ។
បើ​យើង​សំឡឹង​មើល​ទៅ​ក្នុង​កុដិ​ជា​ទី​ដំកល់​សព​នោះ នឹង​ប្រទះ​ឃើញ​អស់​ទាំង​ភិក្ខុ​សាមណេរ​ជា​សិស្ស​គណ នឹង​ពួក​ឧបាសក​ឧបាសិកា​របស់​លោក​មាន​ចំនួន​ជា​ច្រើន​រយ នាំ​គ្នា​អុជ​ទាន​ធូប​បូជា​ភ្ញី​ផ្កា​ជា​ការ​គោរព​ចំពោះ​មុខ​ព្រះ​សព​ដែល​ជា គ្រូ​អាចារ្យ​របស់​ខ្លួន ។ ឯ​ក្សារ​មឈូស​ជា​ទី​ដំកល់​សព​នោះ បិទ​មាស​រន្ទាល​ច្រាល​ឆ្អៅ​រចនា​ដោយ​ក្បាច់​ក្បូរ​ដ៏​វិចិត្រ​តាម​បែប​រចនា​ ខ្មែរ ឆ្លាក់​ស្ពាន់​ក្រាប់​ធ្វើ​ជា​បែប​រចនា​ផ្សេង ៗ តាម​ជុំ​វិញ​ជើង​កុះ​ដំកល់​មឈូស​នោះ ហើយ​បញ្ចាំង​ឆ្លុះ​ដោយ​ភ្លើង​អគ្គិសនី​មាន​ខ្នាត​តូច-ធំ​នឹង​ពណ៌​ផ្សេង ៗ សឹង​មាន​ពន្លឺ​ភ្លឺ​ព្រោងព្រាត​គួរ​ជា​ទី​ទស្សនា ។ មាន​កម្រង​ផ្កា​ផ្សេង ៗ ប្រដាប់​នៅ​ខាង​មុខ​ព្រះ​សព​មាន​របៀប​រៀបរយ​ល្អ មាន​ពណ៌​ផ្សេង ៗ គ្រប់​បែប ដែល​ពុទ្ធបរិសទ្យ​ទាំង​គ្រហស្ថ ទាំង​បព្វជិត​នាំ​មក​បូជា ជា​របស់​ព្រះ​ថេរ ១ រូប​និមន្ត​មក​ពី​ប្រទេស​ថៃ​ក៏​មាន របស់​ពួក​លោក​សង្ឃ​នឹង​ឧបាសក​ឧបាសិកា​ជាតិ​យួន ដែល​ចូល​មក​កាន់​លទ្ធិ​ហីនយាន​នេះ​ក៏​មាន នឹង​របស់​ពុទ្ធសាសនិក​ជន​នៅ​ស្រុក​អាយ​នេះ​ក៏​មាន ។ លោក​អគ្គ​លេខាធិការ​នៃ​ពុទ្ធសាសនបណ្ឌិត្យ បាន​ថ្លែង​សេចក្ដី​ត្រេកអរ​សោមនស្ស​របស់​បណ្ដា​មិត្រ​ជាតិ​បារាំងសែស​ប្រគេន ដល់​ព្រះ​ថេរានុត្ថេរៈ​នឹង​ជូន​ដល់​ពួក​ឧបាសក​ឧបាសិកា​ដែល​បាន​និមន្ត​មក នឹង​អញ្ជើញ​មក​ជួបជុំ​នៅ​កុដិ​ព្រះ​សពនឹង​សាលា​បាលី​វត្ត​ឧណ្ណាលោម ដោយ​បណ្ដា​មិត្រ​ជាតិ​បារាំង​សឹង​នាំ​គ្នា​កាន់​ទុក្ខ​យ៉ាង​ធំ​រួម​ជា​មួយ​ នឹង​ពុទ្ធបរិស័ទអស់​នេះ​ដែរ ។
នៅ​ថ្ងៃ ៤ ណូវ៉មប្រិ៍ ជា​ថ្ងៃ​ដែល​ត្រូវ​ដង្ហែ​ព្រះ​សព​ទៅ​បូជា​តាម​កំណត់ ។ ក្បួន​ហែ​ព្រះ​សព​នេះ​ធំ​សម្បើម​ជា​ឱឡារិក ដោយ​មាន​ចំនួន​មនុស្ស​ច្រើន​ណែនណាន់​តាន់តាប់​ហើយ​មាន​របៀប​រៀបរយ​ល្អ ហែ​កាត់​ទៅ​តាម​ភូមិ​ខ្មែរ​នៅ​ក្នុង​ក្រុង នាំ​ហែ​សំដៅ​ទៅ​កាន់​ទី​មេរុ ឯ​ក្បួន​ហែ​នេះ​មិន​មែន​ត្រឹម​តែ​មើល​ឃើញ​សំបើម​អស្ចារ្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ការ​សំលៀក​បំពាក់​នឹង​ហែរ​ជា​ជួរ​មាន​របៀប​រៀបរយ​ហើយ​ស្ងប់​ស្ងាត់ ល្អ​ណាស់ ។ ឯ​ក្បាល​ក្បួន​សុទ្ធ​តែ​ស្លៀក​ពាក់​ស​ទាំងអស់ មាន​អ្នក​កាន់​ទង់​លឿង​ព្រឿង ៗ កាន់​កាប់​ត្រួត​ក្បួន​ហែ​ដោយ​ឡែក ៗ ជា​សង្កាត់ ៗ ដើម្បី​មិន​ឲ្យ​ច្របល់​គ្នា ហើយ​ត​មក ទើប​ដល់​អ្នក​សែង​ព្រះ​ពុទ្ធរូប​ស្ពាន់​​ហែ ហើយ​មាន​ព្រះ​ថេរៈ ៣ អង្គ​ដែល​ជា​ព្រះ​រាជា​គណៈ​មាន​ស័ក្ដិ​ធំ ៗ គង់​លើ​អង្រឹង​ស្នែង មាន​អ្នក​កាន់​ក្លស់​ធំ​ពណ៌​លឿង​បាំង​ប្រគេន​លោក ហែ​តាម​ក្រោយ​ព្រះ​ពុទ្ធរូប នៅ​ជួរ​ក្រោយ​បន្ទាប់​មក​ទើប​ដល់​ទើប​ដល់​លោក​រាប់​ពាន់​រូប នឹង​សាមណេរ​ក៏​មាន​ចំនួន​ប្រហែល​គ្នា ពួក​ក្រុម​ទាហាន​នឹង​ពួក​កូន​សិស្ស​សាលា​លីសេ​ស៊ីសុវត្ថិ ។ ក្ដារ​មឈូស​ដំកល់​ព្រះ​សព​មាន​អ្នក​កាន់​ក្លស់​ធំ​ពិរ​បាំង​ពី​លើ ហើយ​ពួក​ឧបាសក​ឧបាសិកា​កាន់​ថាស តោក ដាក់​ផ្កា​ចន្ទន៍​នឹង​ផ្កា​ស្រស់​ផ្សេង ៗ ទៀន​ធូប​ភ្ញី​ផ្កា​នានា ។ តាម​ដែល​យើង​គន់​មើល​ឃើញ​មាន​ពួក​ឧបាសក​ឧបាសិកា​ស្លៀក​ពាក់​ស​មាន​ចំនួន​ ច្រើន មាន​ចំនួន​តិច​ទេ​ដែល​គ្រហស្ថ​មិន​បាន​កាន់​ទុក្ខ ពួក​នេះ​ហើយ​ត្រូវ​ទៅ​នៅ​ចុង​ក្បួន​ក្រោយ​គេ​បង្អស់ ។ ពិត​មែន​តែ​នៅ​វេលា​ឱកាស​កំពុង​ហែ​មាន​ភ្លៀង​ធ្លាក់​មក​ខ្លះ ប៉ុន្តែ​ការ​ហែ​នៅ​តែ​មាន​ដំណើរ​ស្រួល​បួស​មាន​របៀប​រៀបរយ រហូត​ទៅ​ដល់​ទី​មេរុ បណ្ដា​ស្ត្រី​ទាំង​ពួងក៏​នាំ​គ្នា​ទៅ​ធ្វើ​សក្ការ​បូជា​នឹង​សំដែង​សេចក្ដី​ គោរព​ព្រះ​សព​ដែល​ជា​ព្រះ​មហា​ថេរ​ប្រកប​ដោយ​គុណ​សម្បត្តិ​យ៉ាង​ខ្ពង់ខ្ពស់​ នោះ ក្នុង​ខណៈ​នោះ​នៅ​ទី​បរិវេណ​សាលា​បាឡី​ទាំងមូល មាន​ព្រះ​ភិក្ខុ​សង្ឃ​រាប់​ដោយ​ពាន់​អង្គ​នៅ​ជំ​វិញ​​​មេរុ តាម​របៀង​ព្រះ​រាជ​បណ្ណាល័យ​នឹង​សាលា​បាលី លើ​សួន​ស្មៅ​របស់​ពុទ្ធសាសនបណ្ឌិត្យ ព្រម​ជា​មួយ​នឹង​ពួក​គ្រហស្ថ​ដែល​មាន​ចំនួន​រាប់​ពាន់​ដែរ ។
តួ​មេរុ​នោះ ពាស​ដាស​ដោយ​សំពត់​ពណ៌​លឿង​ដូចជា​ស្បង់​ចីពរ​លោក​សង្ឃ ។ ឯ​ពួក​ឧបាសក​ឧបាសិកា​នាំ​គ្នា​ដើរ​ប្រទក្សិណ​ជុំ​វិញ​មេរុ​នោះ ៣ ជុំ ព្រម​ទាំង​ក្ដារ​មឈូស​លោក​គ្រូ​ព្រះ​សព ហើយ​គេ​នាំ​គ្នា​លើក​ទៅ​ដាក់​លើ​ទី​បូជា​នៅ​ត្រង់​កណ្ដាល​មេរុ​នោះ ។ បន្ទាប់​ពី​នោះ​មក​មាន​និមន្ត​លោក​ឆាក​នឹង​បង្សុកូល​តាម​ទំនៀម ឯ​បង្សុកូល​នោះ​និមន្ត​គណៈ​មហានិកាយ ១០០ អង្គ ធម្មយុត្ត ១០០ អង្គ មក​បង្សុកូល​ក្នុង​ឱកាស​នោះ តែ​ព្រះ​សង្ឃ​រាប់​ពាន់​អង្គ​បាន​សូត្រ​បង្សុកូល​ឡើង​ជា​ជំនួយ​ដោយ​ឡែក, លាន់​ឮ​សូរ​សព្ទ​កង​រំពង​មុខ​គួរ​ឲ្យ​ស្រងេះ​ស្រងោច​លន្លង់​លន្លោច​ពន់ពេក​ ណាស់ ។ នៅ​ខណៈ​ដែល​កំពុង​ស្ងប់​ស្ងាត់ បណ្ដា​ពួក​ទាហាន​ក្រុម​រក្សា​ស្រុក​នឹង​ទាហាន​ក្រុម​ពិជ័យ​សង្គ្រាម​បាន​ឈរ​ រាំថ​ដម្រៀប​គ្នា​ជា​ជួរ ៗ ជា​ពីរ​ជួរ ទុក​ចន្លោះ​ផ្លូវ​កណ្ដាល​សម្រាប់​ដើរ​ចូល​ទៅ​បូជា​សព ។ ឯ​ទាហាន​ក្រុម​រក្សា​ព្រះ​អង្គ​នឹង​ពួក​ភ្លេង​ម៉ានីល​ឈរ​រង់ចាំ​នៅ​មាត់​ ផ្លូវ​សួន​ច្បារ ដើម្បី​ទទួល​ព្រះ​អង្គ​ម្ចាស់​អធិបតី​ព្រះ​នាម​មុនីរេត​ទ្រង់​ស្ដេច​យាង​មក​ ជា​ដំណាង​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង អស់​ទាំង​មន្ត្រី​បារាំង-ខ្មែរ​ជាន់​ខ្ពស់​ក៏​នាំ​គ្នា​មក​ចោម​រោម​នាំ​ ស្ដេច​ចូល​ទៅ​ប្រថាប់​នៅ​កៅអី​ជួរ​មុខ បន្ទាប់​ពី​នោះ​បន្តិច​មក​ទើប​លោក​រេស៊ីដងត៍​សុប៉េរិយើរ​ជា​អធិបតី​នៃ​ រាជការ​អាណា​ព្យាបាល ព្រម​ទាំង​មន្ត្រី​ក្នុង​សំណាក់​របស់​លោក​មក​ដល់ ទើប​ព្រះ​អង្គ​ម្ចាស់​ក្សត្រា​ក្សត្រី​នឹង​អស់​លោក​កុង្សីយ៍​សេនាបតី នាំ​គ្នា​ទៅ​ទទួល​ចូល​មក ។ លុះ​លោក​ជា​មន្ត្រី​តូច-ធំ​ព្រម​ទាំង​ព្រះ​អង្គ​ម្ចាស់​ក្សត្រា​ក្សត្រី ទាំង​ជាតិ​បារាំង​ជាតិ​ខ្មែរ​មក​ជួប​ជុំ​ព្រម​គ្នា​ហើយ ទើប​លោក​អគ្គ​លេខាធិការ​នៃ​ពុទ្ធសាសនបណ្ឌិត្យ​ថ្លែង​សេចក្ដី​ជា​ដំណាង​នាម​ នៃ​ក្រសួង​នានា​ដែលនៅ​ក្រោម​បង្គាប់ ដើម្បី​សំដែង​សេចក្ដី​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ព្រះ​មហា​ថេរ​រូប​នេះ នឹង​ពណ៌នា​គុណ​ដោយ​សង្ខេប ដូច​មាន​ថ្លែង​សេចក្ដី​ក្នុង​សុន្ទរកថា​របស់​លោក​ដូច្នេះ ។
សុន្ទរកថា
ក្នុង​នាម​នៃ​ពុទ្ធសាសនបណ្ឌិត្យ, ព្រះ​រាជ​បណ្ណាល័យ, សាលា​បាលី​ជាន់​ខ្ពស់​នឹង​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក, យើង​ខ្ញុំ​សូម​សំដែង​សេចក្ដី​គោរព​នមស្សការ​ដ៏​ខ្ពង់ខ្ពស់ ចំពោះ​វិញ្ញាណ​ក្ខន្ធ​របស់​លោក​គ្រូ​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​មួយ​អង្គ​ក្នុង​ការ​រៀបចំ​សីលធម៌​ឲ្យ​មាន​ដំឡៃ​ឡើង នឹង​ធ្វើ​​ឲ្យ​ចំរើន​លូតលាស់​ឡើង​ខាង​ផ្លូវ​ចិត្ត​វិជ្ជា​យ៉ាង​ធំ​ទូលាយ​ ក្នុង​ប្រទេស​របស់​លោក ។
អស់​លោក - អ្នក​ដែល​នៅ​រួម​សហគម​នឹង​លោក ទើប​អាច​ស្គាល់​និស្ស័យ​លក្ខណៈ​ប្រចាំ​រូប​បុគ្គល​របស់​លោក​បាន ពីព្រោះ​លោក​មាន​និស្ស័យ​ជា​អ្នក​ព្យាយាម​ធ្វើ​ការងារ​យ៉ាង​ហ្មត់ចត់ ទាំង​ជា​បុគ្គល​សុភាព​រាបសារ​ជាទី​បំផុត ។
លោក​គ្រូ​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ លោក​មិន​នឹកនា​ដល់​ខ្លួន​លោក​ដែល​បាន​ទទួល​សេចក្ដី​នឿយ​ហត់ ទាំង​មិន​មាន​អំនួត​អួត​ខ្លួន​លោក​ឡើយ លោក​បាន​ខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​រួម​ជាតិ​របស់​លោក​ប៉ុណ្ណោះ ដោយ​លោក​បាន​ធ្វើ​សៀវភៅ​សំខាន់ ៗ ជា​ច្រើន​ដែល​នាំ​ឲ្យ​ចំរើន​ចំណេះ​វិជ្ជា​ជា​ចំណែក​ខាង​លទ្ធិ​សាសនា ទាំង​មិន​មាន​បំផ្លើស​ឲ្យ​ហួស​ហេតុ ដោយ​ការងារ​ជា​ថ្វី​ដៃ​របស់​លោក​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មាន​កន្លែង​លក់​សៀវភៅ​ខ្មែរ​ឡើង ឥឡូវ​កំពុង​ចំរើន​លូតលាស់​ល្អ ដោយ​ការ​បោះពុម្ព​ផ្សាយ​នៃ​ព្រះ​រាជ​បណ្ណាល័យ នឹង​ពុទ្ធសាសនបណ្ឌិត្យ សៀវភៅ​របស់​លោក​មិន​មែន​ផ្សាយ​ចេញ​ទៅ​តែ​ក្នុង​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​ទេ សូម្បី​នៅ​ស្រុក​កូសាំងស៊ីន​ដែល​ជា​ចំណែក​ខែត្រ​ខ្មែរ​ទាំង​ប៉ុន្មាន​ក៏​មាន សេចក្ដី​ត្រូវ​ការ​យក​ទៅ​រៀន​សូត្រ​ដូច​គ្នា​ដែរ ។
ក្នុង​ខណៈ​ដែល​ផ្ដើម​កសាង​ចិត្ត​វិជ្ជា​យ៉ាង​ធំ​សម្បើម​ឡើង ដោយ​ការ​រៀបរៀង​បោះពុម្ព​ព្រះ​ត្រៃបិដក ត្រូវ​ការ​អ្នក​ចាត់ចែង​កិច្ចការ ។ ឯ​លោក​គ្រូ​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូ ពិត​មែន​តែ​មាន​រាង​កាយ​មិន​សូវ​សុខ​សប្បាយ តែ​លោក​នៅ​តែ​សព្វ​ព្រះ​ទៃ​ទទួល​ភារៈ​ដ៏​ធ្ងន់​នឹង​លំបាក​នេះ​ដោយ​សេចក្ដី​ ជ្រះ​ថ្លា ។ នៅ​វេលា​ដែល​រៀបចំ​ការងារ​របស់​ក្រុម​ព្រះ​ត្រៃបិដក​ឲ្យ​មាន​ដំណើរ​ស្ងប់​ ស្រួ​លហូត​មក ព្រម​ទាំង​សេចក្ដី​ព្យាយាម​បដិភាណ នឹង​សមស័ក្ដិ ដោយ​ចិត្ត​ជ្រះ​ថ្លា​យ៉ាង​ធំ​ទូលាយ ។ ដោយ​លោក​មាន​ចិត្ត​គំនិត​ដ៏​ភ្លឺ​ថ្លា​នេះ​ហើយ ទើប​លោក​អាច​ប្រដៅ​ទូន្មាន​ដល់​ពួក​ទាហាន​ក្រុម​រក្សា​ស្រុក នឹង​ទាហាន​ក្រុម​ពិជ័យ​សង្គ្រាម​ឲ្យ​យល់​ខាង​ផ្លូវ​សីលធម៌​ច្បាស់លាស់ ហេតុ​នេះ​ហើយ​បាន​ជា​មាន​សេចក្ដី​សរសើរ​អំពី​មេ​ទាហាន​អស់​នោះ​ដោយ​មិន​មាន​ ផ្លូវ​បដិសេធ​តវ៉ា​បាន​ឡើយ ។ ទី​រឭក​ដែល​លោក​លះបង់​ទុក​ឲ្យ​ដល់​មហា​ជន​ទាំងឡាយ​នោះ គឺ​គួរ​ប្រកាន់​តាម​បែប​លោក ធ្វើ​តាម​បែប​លោក​ដោយ​សេចក្ដី​ព្យាយាម​ដ៏​ម៉ឺងម៉ាត់ ទើប​មើល​ឃើញ​ពន្លឺ​ដែល​លោក​បំភ្លឺ​ឡើង​នេះ គឺ​ថា​ធ្វើ​ឲ្យ​យើង​យល់​ច្បាស់​នូវ​ពន្លឺ​រស្មី​នៃ​សច្ចធម៌​របស់​ព្រះ​ពុទ្ធ ជា​ម្ចាស់ បុគ្គល​បែប​នេះ​រាប់​ដោយ​សតវត្សរ៍ ៗ នោះ​នឹង​ជ្រើសរើស​បាន​តែ​មួយ ៗ ទេ មិន​មាន​ច្រើន​ឡើយ ។
ចប់​សុន្ទរកថា​ដោយ​សង្ខេប​របស់​លោក​អគ្គ​លេខាធិការ នៃ​ពុទ្ធសាសនបណ្ឌិត្យ​តែ​ប៉ណ្ណេះ បន្ទាប់​អំពី​នោះ​ទៅ ថៅកែ ទា - ជាវ - លី សូត្រ​សុន្ទរកថា​ជា​ដំណាង​នាម​នៃ​ពួក​ឧបាសក​ឧបាសិកា​នឹង​សិស្ស​គណ​របស់​លោក ដូច​មាន​សេចក្ដី​សាសព្ទ​ក្នុង​សុន្ទរកថា​តទៅ​នេះ៖
សុន្ទរថា
ក្នុង​វេលា​បូជា​សព​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ នៅ​ឈាបនដ្ឋាន​ចន្លោះ​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​សៅរ៍ ៧ រោច ខែ​អស្សុជ ឆ្នាំ​ថោះ ឯកស័ក ព. ស. ២៤៨២ ត្រូវ​នឹង​ថ្ងៃ ៤ ណីវ៉មប្រិ៍ គ. ស. ១៩៣៩ ។
សូម​ក្រាប​បង្គំ​ទូល​ទ្រង់​ព្រះ​ករុណា
សូម​ជំរាប​លោក​ឡឺរេស៊ីដងត៍​សុប៉េរិយើរ
សូម​ក្រាប​ប្រណិប័តន៍​ព្រះ​តេជ​ព្រះ​គុណ
សូម​ពិត​ព្រះ​ថេរានុត្ថេរៈ
សូម​ជំរាប​អស់​លោក​ស្រី
សូម​ជំរាប​អស់​លោក
ទូល​បង្គំ​ជា​ខ្ញុំ - ខ្ញុំ​ប្របាទ​ម្ចាស់​ជា​តំណាង​នាម​នៃ​ពួក​ឧបាសក​ឧបាសិកា​ក្នុង​ក្រុង​នឹង​ ខែត្រ​ក្រៅ ដែល​រាប់អាន, ជា​កល្យាណ​មិត្រ, ជា​សិស្ស​គណ លោក​គ្រូ​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ ជា​តំណាង​នាម​ពួក​កម្មិក​សមាជិក​នៃ​ពុទ្ធិក​សមាគម​កម្ពុជ​រដ្ឋ​ផង ។
យើង​ខ្ញុំ​មាន​អំណរ​ឥត​ឧបមារ ដោយ​បាន​ទ្រង់​ព្រះ​ករុណា​ជា​តំណាង​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង, លោក​អធិបតី​រាជការ​ប្រតិកតូរ៉ាត៍, ទ្រង់​ព្រះ​ករុណា​ជា​អធិបតី​នៃ​ពុទ្ធសាសនបណ្ឌិត្យ, អស់​លោក​កុង្សីយ៍​សេនាបតី, នឹង​អស់​លោក ស្ដេច-អញ្ជើញ​មក​ជា​អធិបតី​ក្នុង​ការ​បូជា​សព​លោក​គ្រូ​ព្រះ​ឧត្ដម​មុនី​ដែល ជាទី​ស្រឡាញ់ ជាទី​ស្ដាយ អាល័យ របស់​យើង​ខ្ញុំ​នេះ ។
សូម​ទ្រង់​ព្រះ​ករុណា លោក​ឡឺរេស៊ីដងត៍​សុប៉េរិយើរ នឹង​ព្រះ​តេជ​ព្រះ​គុណ នូវ​អស់​លោក មេត្តា​បើក​ឱកាស​ឲ្យ​យើង​ខ្ញុំ​ថ្លែង​គុណ​សម្បត្តិ​របស់​លោក​គ្រូ​ព្រះ​ ឧត្ដម​មុនី​ដោយ​សង្ខេប ក្នុង​មហា​សន្និបាត​នេះ ។
លោក​គ្រូ​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ អធិបតី​រង​គណៈ​សង្គីតិកាចារ្យ​ប្រែ​ព្រះ​ត្រៃបិដក​នៅ​ពុទ្ធសាសនបណ្ឌិត្យ កើត​ក្នុង​កាល​គ្រិស្ដ​សករាជ ១៨៨០, ជន្មាយុ​បាន ៥៩ ឆ្នាំ, តាំង​ពី​ចូល​កាន់​ភេទ​បព្វជិត​រៀង​មក, ខំ​ប្រឹង​សិក្សា​គតិ​ធម៌​ព្រម​ទាំង​គតិ​លោក ដោយ​ព្យាយាម​ដ៏​មុតមាំ​ឥត​អាក់, លុះ​រៀន​បាន​ចេះដឹង​ហើយ, លោក​ខំ​ប្រឹង​ជ្រោង​ព្រះ​ពុទ្ធសាសនា​ក្នុង​កម្ពុជ​រដ្ឋ​មិន​ឲ្យ​ធ្លាក់​ចុះ​ ទាប​ស្រពាប​ទៅ, ទាំង​ខំ​ប្រឹង​ឆ្លៀត​ជួយ​សង្គ្រោះ​បណ្ដា​ជន​ដែល​ពេញ​ចិត្ត​កាន់​តាម​ឱវាទ​ របស់​លោក ឲ្យ​ចំរើន​ដោយ​ចំណេះ​វិជ្ជា​តាម​សម័យ​និយម បាន​លូត​លាស់​ចំរើន​ដោយ​ទ្រព្យ​សម្បត្តិ​ក្នុង​បច្ចុប្បន្ន​នេះ​ផង​ជា​ច្រើន ។ ព្រះ​ថេរៈ​អង្គ​នេះ បើ​តាម​ដោយ​យើង​ខ្ញុំ​សង្កេត​ឃើញ, លោក​ជា​អ្នក​ប្រាជ្ញ​មួយ​អង្គ​ក្នុង​ពួក​បណ្ឌិត្យ ដែល​បង្កើតសេចក្ដី​សុខ - ចំរើន​ក្នុង​ប្រទេស​ខ្មែរ, ជា​បែប​យ៉ាង​ឲ្យ​បណ្ដា​ជន​ខាង​ក្រោយ​យក​តម្រាប់​តាម ។
ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា កាល​បើ​បាត់​លោក​អ្នក​ប្រាជ្ញ​មួយ​នេះ​ទៅ​ហើយ, ទុក​ដូចជា​ដើម​ឈើ​ធំ​ខ្ពស់​ស្រោង​ដែល​បាក់​មែក​យ៉ាង​ធំ​មួយ​នាំ​ខាត​លំអ​នឹង ម្លប់, ទំរាំ​តែ​បែក​ខ្នែង​លូត​លាស់​ជា​បែក​ជំនួស​បាន​វិញ​នោះ​យូរ​ណាស់ ឬ​បើ​មិន​អាច​បែក​ខ្នែង​ទេ ទំរាំ​តែ​មើល​ទៅ​ឃើញ​សម​ល្មម​ដល់​ភ្នែក​ក៏​យូរ​ណាស់​ដែរ, គួរ​ឲ្យ​នឹក​ស្ដាយ​អាល័យ​ពេក​ក្រៃ ព្រោះ​បុគ្គល​មាន​សភាព​ដូច​ព្រះ​ថេរៈ​អង្គ​នេះ​មិន​សូវ​សម្បូណ៌ តែ​ថា​មិន​ដឹង​បើ​នឹង​ធ្វើ​ដូចម្ដេច ដ្បិត​ការ​ព្រាត់​ប្រាស​និរាស​នេះ​ជា​ធម្មតា​សំរាប់​សាកល​លោក ។
វេលា​នេះ យើង​ឃើញ​ក្ដារ​មឈូស​ដំកល់​សព​លោក​ដែល​ឋិត​នៅ​លើ​ជើង​ថ្ករ​ទី​បូជា, ការ​ឃើញ​នេះ​ជា​បច្ឆិម​ទស្សនៈ​របស់​យើង, តាំង​ពី​ថ្ងៃ​នេះ​រៀង​ទៅ យើង​លែង​បាន​ឃើញ​ព្រះ​ថេរៈ​អង្គ​នេះ​ទៀត​ហើយ ! ប៉ុន្តែ​កាល​ណា​បើ​យើង​បាន​ប្រទះ​ឃើញ​សៀវភៅ​ណា​មួយ ដែល​ជា​ស្នាដៃ​របស់​លោក យើង​នឹង​អាច​នឹក​ឃើញ​ភ្លាម​ថា ហាក់​ដូចជា​លោក​កំពុង​ទេសនា ឲ្យ​ឱវាទ​យើង​ស្គាល់​ខុស​ត្រូវ ព្រោះ​វាចា​របស់​លោក​នៅ ហាក់​ដូចជា​ស្ដី​និយាយ​មក​រក​យើង, ផ្សេង​គ្នា​នឹង​ការ​បាត់​ទាំង​រូប​ទាំង​វាចា ! នេះ​ហើយ ជា​គុណ​សម្បត្តិ​របស់​លោក​គ្រូ​ព្រះ​ឧត្ដម​មុនី ជាទី​ស្រឡាញ់​របស់​យើង ។
ក្នុង​ការ​បញ្ចប់​សេចក្ដី​នេះ យើង​ខ្ញុំ​សូម​បង្អោន​កាយ​វាចា​ចិត្ត​គោរព​ចំពោះ​លោក​គ្រូ​ព្រះ​ឧត្ដម​មុនី ! សូម​ឲ្យវិញ្ញាណ​ក្ខន្ធ​របស់​លោក​ស្ថិត​នៅ​ក្នុង​សុគតិ​ភព ប្រកប​ព្រម​ដោយ​សុវត្ថិភាព​គ្រប់​យ៉ាង !
លុះ​ចប់​សុន្ទរកថា​ដែល​បាន​សូត្រ​ជា​ភាសា​ខ្មែរ​នេះ​ហើយ ទើប​លោក​ឡឺរេស៊ីដងត៍​សុប៉េរិយើរ​ជា​អធិបតី​នៃ​រាជការ​អាណា​ព្យាបាល មុន​នឹង​អញ្ជើញ​ទៅ​ដាក់​ផ្កា​ខ្លឹមចន្ទន៍​បូជា​សព​លើ​ក្ដារ​មឈូស​នោះ លោក​បាន​ក្រោក​ឈរ​ឡើង ថ្លែង​សេចក្ដី​បណ្ដា​ព្រះ​ភិក្ខុ​សង្ឃ​នឹង​ឧបាសក​ឧបាសិកា​ទាំងឡាយ ដើម្បី​បញ្ជាក់​ថា ខ្លួន​លោក​ជា​អធិបតី​នៃ​រាជការ​អាណា​ព្យាបាល​នៅ​ក្រុង​កម្ពុជា​នេះ ការ​ដែល​លោក​បាន​មក​ផ្ទាល់​ខ្លួន​នេះ​ដើម្បី​សំដែង​សេចក្ដី​គោរព​ដ៏​ ខ្ពង់ខ្ពស់​ចំពោះ​ព្រះ​មហា​ថេរ​ដែល​សុគត​ទៅ តាម​ផ្លូវ​រាជការ ដោយ​រាជការ​បារាំងសែស​យល់​ច្បាស់​ថា ព្រះ​ថេរៈ​នេះ​មាន​គុណ​សម្បត្តិ​ដ៏​ឧត្ដម​មែន ។ បន្ទាប់​ពី​នោះ​មក​លោក​អធិបតី​នៃ​រាជការ​អាណា​ព្យាបាល បាន​បែរ​ទៅ​សំដែង​សេចក្ដី​គោរពចំពោះ​ភិក្ខុ​សង្ឃ​ដែល​និមន្ត​មក​ជួបជុំ​នៅ​ ទី​នោះ​ទាំង​អម្បាល​ម៉ាន ដោយ​ហេតុ​ព្រះ​ថេរានុត្ថេរៈ​អស់​នេះ ក៏​ប្រកប​ដោយ​គុណ​ធម៌​ដូច​បាន​ពោល​មក​នេះ​ដែរ ដោយ​លោក​នាំ​គ្នា​ប្រតិបត្តិ​តាម​ធម៌​វិន័យ​ដ៏​ត្រឹម​ត្រង់​ដូច​ព្រះ​មហា​ ថេរ​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ នេះ​ដែរ គឺ​ថា​លោក​នាំ​គ្នា​ទំនុក​បំរុង​ឲ្យ​បាន​ចំរើន​សីលធម៌ នឹង​ចំណេះ​វិជ្ជា​ក្នុង​ព្រះ​ពុទ្ធសាសនា​ដល់​ពួក​ឧបាសក​ឧបាសិកា​របស់​លោក​ ដូច​គ្នា​ដែរ ។
លុះ​លោក​អធិបតី​នៃ​រាជការ​អាណា​ព្យាបាល អញ្ជើញ​ទៅ​ដាក់​ផ្កា​លើ​ក្ដារ​មឈូស​គំនាប់​សព​ហើយ ទើប​ព្រះ​អង្គ​ម្ចាស់​អធិបតី ព្រះ​នាម​មុនីរេត ទ្រង់​ជូន​ភ្លើង​ឆ្នូន​ដល់​លោក ។ នៅ​វេលា​ភ្លើង​កំពុង​ឆេះ​សួរ​ទៅ​តាម​ខ្សែ​ឆ្នូន​យ៉ាង​រហ័ស​ឆ្លង​ទៅ​ឆេះ​ភ្ញី ទៀន​ដែល​ដាក់​ព័ទ្ធ​ជុំ​វិញ​នោះ ក្ដារ​មឈូស​មាន​អណ្ដាត​ភ្លើង​សន្ធោ​ឡើង មាន​ព័ណ៌​ផ្សេង ៗ ជា​ទី​ចាប់​ភ្នែក​នៃ​អ្នក​មើល ធ្វើ​ឲ្យ​សំពត់​ពណ៌​លឿង​នៅ​មេរុ​ទាំង​មូល​មាន​សណ្ឋាន​ដូចជា​ព័ណ៌​មាស ។
នៅ​វេលា​ដែល​លោក​អធិបតី​នៃ​រាជការ​ប្រតិតូរ៉ាត៍ នឹង​អញ្ជើញ​ត្រឡប់​ទៅ​វិញ លោក​បាន​ថ្វាយ​បង្គំ​លា​ព្រះ​ភិក្ខុ​សង្ឃ​ខេមរ​ជាតិ​សំដែង​ឲ្យ​ឃើញ​សេចក្ដី​ មេត្រី​យ៉ាង​ជ្រាល​ជ្រៅ ហើយ​នឹង​នាំ​ឲ្យ​ឧបាសក​ឧបាសិកា​ខ្លះ​នឹក​ស្ងើច​ថា ដោយ​សារ​តែ​បុណ្យ​លោក​គ្រូ​ព្រះ​សព​នេះ ទើប​យើង​បាន​មក​ឃើញ​លោក​អធិបតី​នៃ​រាជការ​ប្រតិតូរ៉ាត៍ សំដែង​សេចក្ដី​គោរព​ព្រះ​ភិក្ខុ​សង្ឃ ។ ដល់​មក​វេលា​យប់​អណ្ដាត​ភ្លើង​កាន់​តែ​ឆេះ​សន្ធោ​សន្ធៅ​នៅ​ជុំ​វិញ​ក្ដារ​ មឈូស ។ មហា​ជន​ក៏​នៅ​តែ​ឈរ​នៅ​ជុំ​វិញ​បរិវេណ​របៀង​សាលា​បាលី​ជាន់​ខ្ពស់ រង់​ចាំ​ស្ដាប់​ធម្ម​ទេសនា ក្នុង​វេលា​យប់​នេះ ។
ក្នុង​ឱកាស​បុណ្យ​នេះ មាន​បោះពុម្ព​សៀវភៅ​ចែក​ជា​ធម្មទាន​ផង ចំនួន ១.៥០០ ក្បាល ជា​អំណោយ​របស់​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក នឹង​ក្រុម​ព្រះ​រាជ​បណ្ណាល័យ​ខ្លះ នឹង​ចំនួន ៥០០ សៀវភៅ​ទៀត​ជា​របស់​ពុទ្ធសាសនបណ្ឌិត្យ រួម​ជា ២.០០០ ។ សៀវភៅ​នេះ​ហៅ​ថា អវសាន​កិច្ច និយាយ​ពី​បរមត្ថ​ធម៌​សុទ្ធ តែង​តាំង​ឈ្មោះ​ដូច្នេះ ព្រោះ​លោក​ទើប​នឹង​ធ្វើ​នៅ​ឱកាស​មុន​មាន​ជម្ងឺ​បន្តិច មិន​ទាន់​ចប់​មិន​ទាន់​មាន​ឈ្មោះ​ស្រាប់ តែ​ចាប់​អាពាធ​ជា​ទម្ងន់​រហូត​ដល់​ថ្ងៃ​សុគត​ទៅ ទើប​តាំង​ឈ្មោះ​សៀវភៅ​នេះ​ថា អវសាន​កិច្ច ប្រែ​ថា កិច្ច​បង្ហើយ​របស់​លោក ។ ក្រៅ​ពី​នេះ​មាន​ចែក​រូប​លោក​គ្រូ​ព្រះ​សព​ចំនួន ៣.៥០០ រូប ដើម្បី​ទុក​ជា​ទី​រឭក​ដល់​ជនានុជន​ផង ។ ឯ​លោក​គ្រូ​អាចារ្យ​សុខ ជា​សិស្ស​របស់​លោក​គ្រូ​ព្រះ​សព​នេះ ក៏​បាន​ចែក​សៀវភៅ​ដែល​លោក​ទើប​នឹង​បោះពុម្ព​ថ្មី​នៅ​រោង​ពុម្ព​នគរ​វត្ត​ ចំនួន ២០០ ក្បាល ហើយ​ថែម​ក្រោយ​ទៀត ១០០ ក្បាល ដើម្បី​ជា​ជំនួយ​ក្នុង​បុណ្យ​ឈាបនកិច្ច​នេះ​ដែរ ។ កិច្ចការ​ទាំង​អម្បាល​នេះ​ហើយ ជា​របស់​ឋិត​ថេរ​ចីរកាល​ចាំ​មិន​ភ្លេច ព្រោះ​មាន​ពស្ដុតាង​នៅ​ចំពោះ​មុខ​ក្នុង​សម័យ​ក្រោយ​ពុទ្ធសករាជ ២.៤០០ កន្លង​មក​ហើយ​នេះ ។
រៀបរាប់​អំពី​ពិធី​បុណ្យ​ឈាបនកិច្ច​លោក​គ្រូ
ព្រះ​សព​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ សន្មត​ថា
ចប់​ដោយ​សង្ខេប​តែ​ប៉ុណ្ណេះ ។ 
ប្រភព http://www.budinst.gov.kh/?q=node/168

0 ความคิดเห็น:

แสดงความคิดเห็น