วันพุธที่ 18 พฤษภาคม พ.ศ. 2554

អំពីពុទ្ធទំនាយ​សោឡសនិម្មិត


ដោយ ធន់ ហ៊ិន 
 
មាន ​រឿង​តំណាល​មក​ថា នៅ​នា​វេលា​នោះ​ឯង ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​យាង​ចូល​ព្រះ​ទែន​សយនា​ក្រឡា​ព្រះ​បន្ទំ​ដូច​សព្វ​មួយ​ដង។ ក្នុង​រាត្រី​នោះ​ព្រះ​អង្គ​ទ្រង់​ផ្ទុំ​លក់​យ៉ាង​សែន​ស្កប់​ស្កល់​ក្នុង​ ព្រះ​បន្ទំ តាំង​ពី​វេលា​រំលង​អធ្រាត្រ ទ្រង់​យល់​ព្រះ​សុបិន​និម្មិត​ឃើញ ១៦ ប្រការ​យ៉ាង​ច្បាស់​ទែង ហាក់​បី​ដូច​ជា​ទ្រង់​បាន​ទត​ឃើញ​និង​ព្រះ​នេត្រ​ស្រស់ដូច្នោះ​ដែរ។ លុះ​ព្រះ​អង្គ​តើន​ដឹង​ព្រះ​ស្មារតី​ឡើង​នៅ​នា​វេលា​ទៀប​ភ្លឺ​នោះ ព្រះ អង្គ​ទ្រង់​នៅ​ចាំ​ព្រះ​សុបិន​ទាំង​១៦ យ៉ាង​ច្បាស់ ឥត​មាន​ភ្លេច​ភ្លាំង​ដោយ​ប្រការ​ណា​មួយ​ឡើយ។ ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្តា​ថា "ព្រះ​សុបិន​នេះ ហាក់​បី​ដូច​ជា​ចម្លែក​ពន់​ពេក​ណាស់ នេះ​ច្បាស់​ជា​ប្រផ្នូល​អ្វី​ខ្លះ​មិន​លែង​ឡើយ​"។ កាល​បើ​ត្រង់​ព្រះ​តម្រិះ​ដូច្នេះ​ហើយ ព្រះ​បាទ​បសេន​ទិកោលស ក៏​ទ្រង់​ត្រាស់​ហៅ​ពូក​រាជ​អាមាត្យ​ឲ្យ​ទៅ​អញ្ជើញ​អស់​លោក​ជា​ព្រាហ្មណ៍​ បុរោហិត បណ្ឌិត​ហោរា មក​កាន់​ព្រះ​រាជ​រោង​រម្យ​ជា​បន្ទាន់។ បន្ទាប់​ពី​ទ្រង់​ស្រង់​ព្រះ​វារី​រួច​ហើយ ព្រះ​អង្គ​ទ្រង់​ព្រះ​ពស្ត្រ​តាម​ទម្លាប់ ប្រញាប់​យាង​ទៅ​កាន់​ព្រះ​រាជ​រោង​រម្យ ជួប​ជុំ​អស់​លោក​បរោហិត​ព្រាហ្មណ៍​ព្រឹទ្ធ បណ្ដិត​ហោរា ដែល​បាន​អញ្ជើញ​មក​ចាំ​គាល់​ត្រៀប​ត្រា​រួច​ជា​ស្រេច។ ព្រះ​បាទ​សម្ដេច​បសេន​ទិកោសល ទ្រង់​ត្រាស់​ទៅ​អស់​លោក​នាហ្មឺន​ទាំង​នោះ ពី​ព្រះ​បំណង​របស់​ព្រះ អង្គ​ក្នុង​ការ​បើក​អង្គ​ប្រជុំ​ជា​វិសាមញ្ញ​មួយ​នេះ។ រួច​ហើយ​ព្រះ​អង្គ​ក៏​រៀបរាប់​ជូន​អង្គ​ប្រជុំ​ទាំង​មូល​អំពី "ព្រះ​មហាសុបិន​និម្មិត​១៦ ប្រការ​" នោះ។ ក្នុង​ចំណោម​ព្រះ​រាជ​ហោរា​ក្ដី ព្រះ​រាជ​បុរោហិត​ក្ដី ដែល​បាន​រៀន​ពី​វិជ្ជា​នេះ ពុំ​មាន​អ្នក​ណា​ម្នាក់​អាច​កាត់​យល់​បាន​នូវ​ប្រផ្នូល មាន​ហោរា​ម្នាក់​ទស្សន៍ទាយ​ទាំង​ស្មាន​ៗ​ថ្វាយ​ព្រះ​មហាក្សត្រ ថា​ព្រះ​អង្គ​នឹង​ត្រូវ​ជួប​គ្រោះ​ថ្នាក់​ណា​មួយ ក្នុង​គ្រោះ​ថ្នាក់​បី​យ៉ាង​ដូច​ត​ទៅ៖
"ព្រះ​អង្គ​អាច​ខូច​រាជ​សម្បត្តិ, ពុំ​នោះ​សោត​ត្រូវ​ខូច​មហេសី, ឬ​បើ​មិន​ដូច្នោះ​ទេ ព្រះ​អង្គ​និង​ត្រូវ​សោយ​ទិវង្គត​ហើយ​"។
កាល ​បើ​ទ្រង់​សណ្ដាប់​ឮ​ទំនាយ​នោះ​ហើយ ព្រះ​បាទ​បសេន​ទិកោសល ក៏​ត្រាស់​សួរ​យោបល់​បុរោហិត​ថ្វាយ​យោបល់​ថា តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​រំដោះ​គ្រោះ​នេះ​បាន។ បុរោហិត​ថ្វាយ​យោបល់​ថា មាន​តែ​ត្រូវ​ប្រារព្ធ​ពិធី​បូជា​យញ្ញ​ប៉ុណ្ណោះ។ ដោយ​ហេតុ​ថា​ពិធី​បូជា​យញ្ញ តម្រូវ​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស និង​សត្វ​ជា​ច្រើន ទើប​ព្រះ​នាង​មល្លិកា​ជា​ព្រះ​អគ្គមហេសី​ទ្រង់​ថ្វាយ​យោបល់​ជំទាល់​ថា " ដែល​ព្រះ​អង្គ​ចង់​រស់​ខ្លួន​ឯង​ហើយ​ទៅ​សម្លាប់​គេ​ដើម្បី​បូជា​យញ្ញ​នុ៎ះ វា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ! ៗ។ ព្រះ​អគ្គមហេសី ក៏​បាន​ណែ​នាំ​ព្រះ​ស្វាមី​ឲ្យ​ទៅ​ទូល​សូរ​ព្រះ​សម្មាសម្ពុទ្ធ​មើល ដើម្បី​ចង់​ដឹង​ថា​តើ​ន័យ​មហាសុបិន​នេះ វា​ពិត​ដូច​បុរោហិត​បាន​ទូល​ថ្វាយ​មែន ឬ​មិន​មែន។
ព្រះ​បាទ​បសេន​ទិកោសល ក៏​ទ្រង់​ស្ដេច​យាង​ទៅ​កាន់​សំណាក់ នៃ​ព្រះ​បរមសាស្តា​សម្មាសម្ពុទ្ធ ដែល​កំពុង​គង់​នៅ​វត្ត​ជេតពន។ លុះ​យាង​ទៅ​ដល់​ហើយ​ព្រះ​បាទ​បសេន​ទិកោសល ក៏​លើក​ករ​ប្រណម្យ​ធ្វើ​អភិវន្ទន​កិច្ច​ចំពោះ​ព្រះ​បរមសាស្តា​ទាំង​ទូល​ព្រះ ​បរម​សាស្ដា​ពី​វត្ថុ​បំណង​នៃ​ការ​យាង​របស់​ព្រះ​អង្គ​មក​កាន់​ទី​នេះ។ ដោយ​អានុភាព​នៃ​ទិព្វ​ញាណ​របស់​ព្រះ​អង្គ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បាន​ជ្រាប​អំពី​ដំណើរ​រឿង​នេះ​រួច​ជា​ស្រេច​ទៅ​ ហើយ។ ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​លើក​ពី​ព្រះ​មហាសុបិន្ត​របស់​ព្រះ​អង្គ ម្ដង​មួយ​ៗ ទូល​ព្រះ​បរមសាស្តា។ ចំណែក​ឯ​ព្រះ​បរមសាស្តា​វិញ ព្រះ​អង្គ​ក៏​ទ្រង់​ថ្វាយ​សេចក្ដី​ថា "បពិត្រ​មហារាជ, រឿង​យល់​សប្ត​នេះ មិន​មាន​ន័យ អ្វី​ទាក់​ទង​ទៅ​នឹង​ព្រះ​អង្គ​ផ្ទាល់ ដូច​បុរោហិត​ទូល​ថ្វាយ​ទេ។ រឿង​ទាំង​អស់​វា​និង​កើត​មាន​ឡើង​នៅ​នា​អនាគត​ឯណោះ សម្រាប់​មនុស្ស​លោក​ជា​ទូទៅ​ផង និង​សម្រាប់​សាសនា​តថាគត​ផង​" ។ រួច​ហើយ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​កាត់​ព្រះ​មហាសុបិន​និម្មិត​ទាំង​អស់​នោះ​ ថ្វាយ​ព្រះ​បាទ​បសេន​ទិកោសល តាម​លំដាប់​លំដោយ ដូច​ត​ទៅ​នេះ៖
សុបិន ​ជា​គម្រប់​១, ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ​គោ​ឧសុភរាជ​បោល​ពី​ទិស​ទាំង​៤ សំដៅ​មក​ព្រះ​លាន ក្នុង​កិរិយា​សង្ខើញ​ពី​ចម្ងាយ​មក​ថា​នឹង​ជល់​គ្នា។ លុះ​បោល​មក​ដល់​ជួប​គ្នា​នៅ​លើ​ទី​ព្រះ​លាន​ខាង​មុខ​ព្រះ​បរមរាជ​វាំង គោ​ឧសុភរាជ​ទាំង​នោះ បែរ​ជា​មិន​ជល់​គ្នា​វិញ។
ព្រះ ​សម្មាសម្ពុទ្ធ​បរសាស្តា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅ​មុខ មេឃ អាកាស នឹង​ប្រែ​ប្រួល លក្ខណៈ​ខុស​ពី​ធម្មតា។ ដោយ​សារ​មនុស្ស​មិន​សូវ​កាន់​ធម៌ គឺ​ទាំង​ព្រះ​រាជា ទាំង​នាម៉ឺន ទាំង​ប្រជាជន ទាំង​សមណ​ព្រាហ្មណ៍​ច្រើន​តែ​ខ្វះ​សីលធម៌ នាំ​ឲ្យ​ទេព្តា​ពុំ​សប្បាយ​ព្រះ​ទ័យ ក៏​បណ្ដាល​ឲ្យ​ធាតុ​អាកាស​ប្រែ​ប្រួល​ភ្លៀង​បង្អុរ​មក​ពុំ​បាន​គ្រប់​គ្រាន់ ដំណាំ និង​ឈើ​ផង​ទាំង​ឡាយ ឲ្យ​ផលានុផល​មិន​បាន​បរិបូណ៌។ ជួន​កាល​មេឃ​មីរ​ងងឹត​អួរ​អាប់ ដាប​ដោយ​ពពក​ខ្មៅ ដែល​តាម​ចំណាំ​ថា​បន្តិច​ទៀត​ទៅ​នឹង​មាន​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​មក។ មនុស្ស​ម្នា​ប្រញាប់​នាំ​គ្នា​ទៅ​សា​ស្រូវ​សា​សម្លៀក​បំបាក់ រី​ឯ​អ្នក​ដំណើរ​នាំ​គ្នា​រត់​រក​ជម្រក​តែ​រៀង​ៗ​ខ្លួន ។ ស្រាប់​តែ​គេ​ពុំ​បាន​ឃើញ​ភ្លៀង​ធ្លាក់​ទៅ​វិញ។ មាន​ពេល​ខ្លះ មេឃ​ភ្លឺ​ស្រឡះ ដែល​តាម​ការ​ចំណាំ​ថា និង​គ្មាន​ភ្លៀង​ធ្លាក់​ទេ។ ប៉ុន្តែ បន្តិច​ក្រោយ​មក ក៏​ស្រាប់​តែ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​យ៉ាង​ជោគ​ជាំ។
សុបិន ​ជា​គម្រប់​២-ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ​ឈើ​មួយ​ដើម ទើប​នឹង​ដុះ​បាន​កម្ពស់​ប្រហែល​មួយ​ហត្ថ ក៏​ស្រាប់​តែ​បែក​មែក​ត្រសុំ​ត្រសាយ​សាខា មាន​ផ្កា មាន​ផ្លែ​រណេង​រណោង។
ព្រះ ​សម្មាសម្ពុទ្ធ​បរម​សាស្ត្រា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅ​មុខ មនុស្ស​ម្នា​ចេះ​ស្រឡាញ់​គ្នា និង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​នៅ​ក្មេង​ៗ​ណាស់ ព្រោះ​តែ​គេ​មាន​កិលេស​ច្រើន​ពេក គឺ​អាយុ​បាន​១៣​,១៤,១៥ ឆ្នាំ គេ​នឹង​រៀប​ការ​គ្នា​ជា​ប្ដី​ប្រពន្ធ មាន​កូន មាន​ចៅ អាយុ​ក៏​កាន់​តែ​ខ្លី ឯ​ក្មេង​ស្រី​ឆាប់​មាន​រដូវ​ណាស់។
សុបិន ​ជា​គម្រប់​៣-​ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ​មេ​គោ​ធំ​ៗ​បង្កើត​កូន​មក​ហើយ​ក្នុង​ថ្ងៃ​ ហ្នឹង រួច​ក៏​សុំ​បៅ​ដោះ​កូន​របស់​ខ្លួន។
ព្រះ ​សម្មាសម្ពុទ្ធ​បរម​សាស្តា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅមុខ មនុស្ស​កាន់​តែ​បាត់​បង់​សីលធម៌​ច្រើន មិន​សូវ​ចេះ​គោរព​មាតា​បិតា​គ្រូ​បា​អាចារ្យ​របស់​ខ្លួន​ទេ ហើយ​យូរ​ទៅ​មុខ​ទៀត​ទៅ មាតាបិតា​ត្រូវ​អង្វរ​ករ​កូន​ត្រូវ​ផ្គាប់​ចិត្ត​កូន​របស់​ខ្លួន ដើម្បី​ឲ្យ​កូន​ចិញ្ចឹម​ខ្លួន​ជា​ឪពុក​ម្ដាយ ឲ្យ​បាយ​ទទួល​ទាន។
សុបិន្ត​ជា​គម្រប់​៤-ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ​គេ​មិន​ទឹម​គោ​ធំ​ៗ​ទេ តែ​គេ​បែរ​ជា​ទឹម​គោ​តូច​ៗ​ទៅ​វិញ។
ព្រះ​សម្មាសម្ពុទ្ធ​បរម​សាស្តា​ទ្រង់​ព្យាករ ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅ​មុខ មនុស្ស​អ្នក​ចេះ​អ្នក​ដឹង មាន​ការ​ពិសោធន៍​គេ​មិន​ឲ្យ​ទទួល​ធ្វើ​ការ​ងារ​ធំ​ដុំ​ទេ គឺ​គេ​យក​តែ​ក្មេង​ៗ​ដែល​ខ្វះ​ការ​ពិសោធន៍​ឲ្យ​ធ្វើ​ការ​វិញ ម្ល៉ោះ​ហើយ​ធ្វើ​ការ​ទៅ​មាន​ត្រូវ​ខ្លះ​ខុស​ខ្លះ ដែល​បង្ក​ឲ្យ​មាន​ការ​លំបាក​ជា​ពន់​ពេក​ហោង។
សុបិន្ត ​ជា​គម្រប់​៥-ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ​មាន​សេះ​មួយ​នោះ​មាន​មាត់​ពីរ គេ​ឲ្យ​ស៊ី​ប៉ុន្មាន ក៏​វា​មិន​ចេះ​ឆ្អែត​ដែរ។
ព្រះ ​សម្មាសម្ពុទ្ធ​បរម​សាស្តា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅ​មុខ ក្រឡា​ផ្ទៃ​ក្រោម​ធ្វើ​អំពើ​អធម្មកម្ម​ពេក​ណាស់​ហោង។ ពួក​តុលាការ​ផង គេ​កាត់​ក្ដី​ប្រកប​ដោយ​សេចក្ដី​សុចរិត យុត្តិធម៌​បន្តិច​ណា​សោះ​ឡើយ គឺ​គេ​តែង​ឆ្លៀត​យក​ការ​កាត់​ក្ដី​ធ្វើ​ជា​ឱកាស​សម្រាប់​ជំរឹត​យក​មាស​ ប្រាក់ ឬ​ទ្រព្យ​សម្បត្តិ​របស់​គូ​ក្ដី​ទាំង​សង​ខាង ដោយ​ឥត​មាន​ត្រា​ប្រណី​ឡើយ ហើយ​ទោះ​បី​ជា​គូ​វិវាទ​ទាំង​សង​ខាង​សូក​ប៉ាន់​អស់​ប៉ុន្មាន​ៗ ក៏​ចៅ​ក្រម​មិន​ចេះ​ឆ្អែត​ឆ្អន់​ដែរ គឺ​គេ​នៅ​តែ​ប្រព្រឹត្ត​ដូច្នេះ​ជា​រហូត។ ឯ​អ្នក​កាត់ក្ដី​នោះ​ទៀត​សោត ច្រើន​តែ​ជា​មនុស្ស​ក្មេង​ៗ ជា​អ្នក​មិន​សូវ​មាន​ចំណេះ​វិជ្ជា​អ្វី​ជ្រៅ​ជ្រះ​ទេ។
សុបិន្ត ​ជា​គម្រប់​៦-ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ គេ​យក​ភាជន៍​មាស តម្លៃ​មួយ​សែន​តម្លឹង​ទៅ​ត្រង់​ទឹក​នោម​ឆ្កែ​ចកក។
ព្រះ ​សម្មាសម្ពុទ្ធ​បរម​សាស្តា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅ​មុខ អ្នក​ដែល​ធ្លាប់​មាន​ត្រកូល​ខ្ពង់​ខ្ពស់​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ទ័ល​ក្រ លំបាក​តោក​យ៉ាក​ថោក​ទាប ព្រោះ​ឥត​មាន​យស​សក្តិ​នឹង​គេ ។​ចំណែក​ឯ​អ្នក​ដែល​ធ្លាប់​នៅ​ក្នុង​ត្រកូល​ទាប​ថោក​វិញ គេ​ត្រូវ​បាន ឡើង​ធ្វើ​ជា​អ្នក​ដឹក​នាំ មាន​ស័ក្តិ​យស​ខ្ពស់​ត្រដែត​ត្រដឹម​ម្ល៉ោះ​ហើយ ពួក​អ្នក​ត្រកូល​ខ្ពស់​ទាំង​នោះ ត្រូវ​បង្ខំ​ចិត្ត​លើក​កូន​ស្រី​របស់​ខ្លួន​ឲ្យ​ទៅ​ធ្វើ​ជា​ភរិយា​នៃ​អ្នក​ ត្រកូល​ថោក​ទាប ដែល​មាន​ស័ក្តិ​យស មាន​អំណាច ដើម្បី​ឲ្យ​បាន​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ។
សុបិន្ត​ជា​គម្រប់​៧-ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ ឆ្កែ​ចចក​ស៊ី​ខ្សែ ដែល​បុរស​វេញ​ហើយ​នោះ​ទាល់​តែ​អស់។
ព្រះ ​សម្មាសម្ពុទ្ធ​បរម​សាស្តា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅ​មុខ ស្រី​ៗ​មាន​រាគៈ គឺ​មាន​តម្រេក​យ៉ាង​ខ្លាំង​ក្លា ចូល​ចិត្ត​ផឹក​ស្រា ស្រឡាញ់​តែ​គ្រឿង​អលង្ការ ចូល​ចិត្ត​តាក់​តែង​រាង​កាយ សប្បាយ​តែ​ខាង​ការ​ត្រាច់​ចរ​តាម​ចក្រ​ល្ហក​រក​ប្រុស​សាហាយ ឥត​គិត​គូរ​រក្សា​សីល​ទាន​សោះ សូម្បី​តែ​ការ​ងារ​ក្នុង​ផ្ទះ​សម្បែង ក៏​ពុំ​សូវ​ធ្វើ​ឲ្យ​បាន​ដិត​ដល់​ដែរ, ឯ​ប្ដី​លំបាក​ចិត្ត​ណាស់ ឥត​បាន​សុខ​សាន្ត​ទេ ព្រោះ​ហេតុ​តែ​ទុក​ប្រាក់​កាស​មិន​ចេះ​គង់ ដោយ​សារ​តែ​ប្រពន្ធ​ក្បត់​ចិត្ត គិត​តែ​ពី​ចាយ​វាយ​ខ្ជះ​ខ្ជាយ។
សុបិន្ត ​ជា​គម្រប់​៨-ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ​ក្អម​ធំ​មួយ​មាន​ទឹក​ពេញ​ព្រៀប និង​ក្អម​ទទេ​តូច​ៗ ជា​ច្រើន​នៅ​ព័ទ្ធ​ជុំ​វិញ ។ ព្រះ​អង្គ​ទ្រង់​ឃើញ​មាន​មនុស្ស​មក​ពី​ទិស​ទីទៃ​ៗ​នាំ​គ្នា​ដង​ទឹក​ចាក់​ចូល ​ទៅ​តែ​ក្នុង​ក្អម​ធំ មាន​ទឹក​ពេញ​ស្រាប់​ដែល​នៅ​ត្រង់​កណ្ដាល​នោះ ឥត​មាន​នរណា​ចាប់​ភ្លឹក​ថា នឹង​ចាក់​ទឹក​ទៅ​ក្នុង​ក្អម​ទទេ​តូច​ៗ​ទាំង​នោះ​ផង​ឡើយ។
ព្រះ ​សម្មាសម្ពុទ្ធ​បរម​សាស្តា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅ​មុខ នៅ​ក្រឡា​ផ្ទៃ​ក្រោម​នឹង​មាន​កើត​ការ​ប្រែ​ប្រួល ដោយ​អ្នក​កម្សត់​ទុរគត​នាំ​គ្នា​ជញ្ជូន​ប្រាក់​កាស​ទៅ​បំពេញ​តែ​ទូ និង​ហឹប របស់​អ្នក​មាន​ធន​ធាន​ស្រាប់​ៗ ថែម​ទាំង​ត្រូវ​កំណែន​ឲ្យ​ទៅ​ធ្វើ​ស្រែ​ចម្ការ​ច្បារ​ដំណាំ​ឲ្យ​អ្នក​ធំ ឲ្យ​អ្នក​មាន​ស្ដុក​ស្តម្ភ ចោលមុខ​របរ​របស់​ខ្លួន​អស់ ខំ​បេះ​យក​ផល​ជញ្ជូន​ដាក់​ឃ្លាំង​របស់​អ្នក​មាន​សម្បត្តិ ឥត​ឱកាស​និង​ ធ្វើ​ការ​ងារ​របស់​ខ្លួន​ឡើយ។
សុបិន្ត ​ជា​គម្រប់​៩-ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ​ស្រះ​បោក្ខរណី​មាន​ទឹក​ល្អក់​ត្រង់​កណ្ដាល ដែល​ពុំ​មាន​នរណា​ទៅ​ប៉ះ​ពាល់​សោះ​នុ៎ះ ឯ​ទឹក​តាម​ឆ្នេរ​នៅ​ច្រាំង​ជុំ​វិញ ដែល​មនុស្ស​សត្វ​ផង​តែង​តែ​ចុះ​អាស្រ័យ បែរ​ជា​ថា​ស្អាត​ល្អ ឥត​មាន​កករ​ល្អក់​បន្តិច​ណា​សោះ​ឡើយ។
ព្រះ ​សម្មាសម្ពុទ្ធ​បរម​សាស្តា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅ​មុខ ពួក​មន្ត្រី​អ្នក​រាជការ​មាន​ចិត្ត​មិន​បរិសុទ្ធ រមែង​ប្រកប​ដោយ​អគិត​ទាំង​៤​យ៉ាង គឺ​កាត់​ក្ដី​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​នេះ​១, សម្លឹង​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​គេ​នេះ​១, គ្មាន​ព្រហ្មវិហារ​ធម៌​ចំពោះ​បណ្ដារាស្ត្រ​សោះ​នេះ​១, មាន​ចិត្ត​កាច​ឃោរ​ឃៅ​នេះ​១, គឺ​គេ​ធ្វើ​បាប​រាស្ត្រ​ខ្លាំង​ពេក រហូត​ដល់​បណ្ដារាស្ត្រ​រត់​ចោល​ស្រុក​កំណើត រត់​ចោល​ការងារ​ជា​មុខ​របរ នាំ​គ្នា​ទៅ​នៅ​តាម​ដោយ​ចុង​កាត់​មាត់​ញក នា​ព្រៃ​ភ្នំ​ក្រំ​ថ្ម ឯ​ណោះ​ទៅ​វិញ ទើប​បាន​សុខ​ស្រួល បាន​រួច​រំដោះ​អស់​ពី​ទុក្ខ​ភ័យ ផុត​ក្ដី​លំបាក ។
សុបិន្ត​ជា​គម្រប់​១០-ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ បាយ​មួយ​ឆ្នាំង មាន​ឆ្អិន​ផង, មាន​ឆៅ​ផង, មាន​ជ្រាយ​ផង។
ព្រះ​សម្មាសម្ពុទ្ធ​បរម​សាស្តា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅ​មុខ​ស្រុក​ទេស​និង​មាន​កើត​ហេតុ​ភេទ ៣​យ៉ាង​ដូច​ត​ទៅ៖
ទី១-មនុស្ស​ផង​ទាំង​ឡាយ​គឺ ពួក​មន្ត្រី​រាជការ គហបតី​និង​សមណ​ជី​ព្រាហ្មណ៍​ទាំង​ឡាយ មិន​ប្រកប​ដោយ​សីលធម៌​សោះ​ឡើយ។
ទី​២-ពួក​រុក្ខ​ទេវតា, អារក្ខ​ទេវតា, អាកាស​ទេវតា​ទាំង​អម្បាល​ម៉ាន មិន​កាន់​សីល កាន់​ធម៌​ឡើយ។
ទី ​៣- នៅ​ភូមិ​ភាគ​ខ្លះ មាន​ភ្លៀង​ធ្លាក់​ច្រើន​ហួស​ពេក ទាល់​តែ​រលួយ​សំណាប រលួយ​សន្ទូង​អស់ ដំណាំ​ដាំ​ដុះ​ឲ្យ​ផល​មិន​បាន​គ្រប់​គ្រាន់​ធួន​ល្មម​និង​សេចក្ដី​ត្រូវ​ការ ​ឡើយ។
សុបិន្ត ​ជា​គម្រប់​១១-ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ គេ​យក​ខ្លឹម​ចន្ទន៍​តម្លៃ​មួយ​តម្លឹង​ទៅ​ដូរ​យក​ទឹក​ដោះ​គោ​ជូរ ផ្អូម ហើយ​ស្អុយ​ទៅ​វិញ។
ព្រះ ​សម្មាសម្ពុទ្ធ​បរម​សាស្តា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅ​មុខ​ពួក​ភិក្ខុ​សង្ឃ​ដេល​ជា​អ្នក​បួស​ក្នុង​សាសនា​តថាគត គិត​តែ​ពី​ខាង​លោភ​លន់ ចង់​បាន​បច្ច័យ​៤ ហួស​ហេតុ ព្រម​ទាំង​ចង់​បាន​ឋានៈ​ខ្ពង់​ខ្ពស់ ឥត​បើ​មាន​អៀន​ខ្មាស​សោះ​ឡើយ។ ធម៌​វិន័យ​ដែល​តថាគត​ទេសនា​ទូន្មាន​នោះ គឺ​មិន​ឲ្យ​ត្រេក​អរ​នឹង​បច្ច័យ​៤ ទេ មិន​ឲ្យ​ចង់​បាន​ឋានៈ​អ្វី​ឡើយ ឲ្យ​ខំ​តែ​កម្ចាត់​បង់​នូវ​លោភៈ ទោសៈ​មោហៈ ចេញ​ឲ្យ​ផុត​ពី​សន្តាន​ចិត្ត ឲ្យ​ខំ​ប្រព្រឹត្ត​តែ​ត្រៃ​សិក្ខា​គឺ សីល, សមាធិ, បញ្ញា ឲ្យ​បាន​មុត​មាំ មែនទែន ដើម្បី​ជា​ផ្លូវ​ទៅ​កាន់​ព្រះ​និព្វាន។ ប៉ុន្តែ លុះ​ដល់​តថាគត​ចូល​បរិនិព្វាន​អស់​កាល​កន្លង​ទៅ​ជា​យូរ​អង្វែង​ពួក​ភិក្ខុ​ ទាំង​ឡាយ​ទៅ​ជា​នាំ​គ្នា​ប្រែ​ក្លាយ​ធម៌ របស់​តថាគត ដោយ​ទេសនា​បញ្ចេញ​បញ្ចូល​ឲ្យ​តែ​ខាង​បាន​ពីរោះ​ល្បី​ល្បាញ​លើស​គេ ដើម្បី​ឲ្យ​បាន​លាភ​សក្ការៈ​ច្រើន មាន​ឋានៈ​ខ្ពង់​ខ្ពស់​ឥត​ខ្លាច​បាប​សោះ គឺ "ពួក​ភិក្ខុ​ទាំង​នោះ​ហ៊ាន​យក​ធម៌​សម្រាប់​ព្រះ​និព្វាន​ទៅ​ដូរ​យក​បច្ច័យ​ ៤"។
សុបិន្ត​ជា​គម្រប់​១២-ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ​ឃ្លោក​លិច អំបែង​អណ្តែត។
ព្រះ ​សម្មាសម្ពុទ្ធ​បរម​សាស្តា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅ​មុខ​និង​មាន​ការ​ប្រែ​ប្រួល​នៅ​ក្រឡា​ផ្ទៃ​ក្រោម ដោយ​ហេតុ​ថា អ្នក​ល្ងង់​ខ្លៅ ត្រូវ​បាន​ឡើង​ធ្វើ​ជា​អ្នក​ដឹក​នាំ មាន​ស័ក្តិ​យស​ខ្ពង់​ខ្ពស់​ត្រដែត​ត្រដឹម មាន​អំណាច រួច​ហើយ​គេ​លើក​តំកើង​តែ​មនុស្ស​ល្ងង់​ខ្លៅ​ដូច​គ្នា ឲ្យ​ស្រដី​លើ​អ្នក​ប្រាជ្ញ​បណ្ដិត តម្រូវ​ឲ្យ​អ្នក​ប្រាជ្ញ បណ្ឌិត​ស្ដាប់​បង្គាប់​អ្នក​ល្ងង់​ខ្លៅ​វិញ។
សុបិន្ត ​ជា​គម្រប់​១៣-ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ​ថ្ម​មួយ​ដុំ​ធំ​ប៉ុន​ផ្ទះ អណ្ដែត​ទឹក​ដូច​ជា​ទូក រួច​រសាត់​បាត់​ទៅ​តាម​ខ្យល់​ទៅ ។
ព្រះ ​សម្មាសម្ពុទ្ធ​បរម​សាស្តា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅ​មុខ​យសស័ក្តិ​ខ្ពង់​ខ្ពស់​នឹង​ត្រូវ​បាន​ទៅ​តែ​ខាង​ពួក​អ្នក​ឥត​ ត្រកូល ពោល​គឺ​ពួក​អ្នក​ត្រកូល​ថោក​ទាប អវិជ្ជា ត្រូវ​បាន​ឡើង​ធ្វើ​ជា​នា​ហ្មឹន​ធំ​ៗ ចំណែក​ឯ​ពួក​មាន​ត្រកូល​ល្អ​ត្រឹម​ត្រូវ​សុចរិត យុត្តិធម៌​ពិត​ៗ ត្រឡប់​ទៅ​ជា​ធ្លាក់​ខ្លួន​ក្រខ្សត់ អ្នក​ផង​លែង​គោរព​កោត​ក្រែង គឺ​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​តែ​អ្នក​ឥត​ត្រកូល​ទៅ​វិញ ។ ម្យ៉ាង​វិញ​ទៀត​គេ​នឹង​លែង​ធ្វើ​គារវកិច្ច​ចំពោះ​ព្រះ​សង្ឃ​ដែល​មាន​សីល​ល្អ ​បរិសុទ្ធ តែ​គេ​បែរ​ជា​គោរព​រាប់​អាន​ភិក្ខុ​អលជ្ជី​ដែល​ទ្រុស្ដ​សីល​ទៅ​វិញ។ ពួក​ព្រះ​សង្ឃ​ដែល​ប្រតិបត្តិ​ត្រឹម​ត្រូវ​តាម​ធម៌-វិន័យ​ ត្រឡប់​ជា​ខ្ចាត់​ព្រាត់​ពី​ទី​ប្រជុំ​សង្ឃ ទៅ​នៅ​ឯ​ក្រៅ​បាត់​អស់​ទៅ។
សុបិន្ត ​ជា​គម្រប់​១៤-ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ​សត្វ​កង្កែប​តូច​ៗ លោត​ដេញ​ខាំ​ពស់​វែក​ធំ​ៗ ហើយ​ទំ​ពា​ស៊ី​លេប​បាត់​ទៅ។
ព្រះ ​សម្មាសម្ពុទ្ធ​បរម​សាស្ដា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅ​មុខ​លោក​នឹង​អាប់​ឱន​ទៅ​នៅ​ក្នុង​គ្រា​ដែល​មនុស្ស​ទាំង​ឡាយ​សឹង​ ទៅ​ដោយ​កម្លាំង​កាម​រាគ​ដ៏​ខ្លាំង​ក្លា មាន​កិលេស​តណ្ហា​គ្រប​សង្កត់​ជាប់ បណ្ដាល​ឲ្យ​ប្តី​សី​សុខ​ចិត្ត​នៅ​ក្រោម​អំណាច​ប្រពន្ធ​ក្មេង​ៗ ទាំង​ទ្រព្យ​សម្បត្តិ​សព្វ​សារ​ពើរ​សោត ក៏​នៅ​ក្នុង​កណ្ដាប់​ដៃ​ប្រពន្ធ​ក្មេង​ៗ​ទាំង​នោះ​ដែរ។ កាល​បើ​ប្ដី​សួរ​នាំ​ពី​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​ប្រពន្ធ​ក្មេង​ៗ តែង​ស្ដី​បន្ទោស ជេរ តប​ត​ទៅ​វិញ កំហែង​ប្ដី​ឲ្យ​លុះ​ក្នុង​អំណាច​របស់​ខ្លួន​នោះ ស្មើ​ខ្ញុំ​កំដរ។
សុបិន្ត ​ជា​គម្រប់​១៥-ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ព្រះ​សុបិន​និម្មិត​ឃើញ​រាជហង្ស​ហើរ​ហែ​ហម​សត្វ​ក្អែក បើ​ក្អែក​ទៅ​ទី​ណា រាជហង្ស​ក៏​ទៅ​ទី​នោះ​ដែរ។
ព្រះ ​សម្មាសម្ពុទ្ធ​បរម​សាស្ដា​ទ្រង់​ព្យាករ​តាម​សុបិន​នេះ​ថា អំណឹះ​ត​ទៅ​មុខ​ពួក​ព្រះ​រាជា​ក្នុង​ខត្តិយ​ត្រកូល និង​ពួក​អ្នក​ដែល​ធ្លាប់​នៅ​ក្នុង​ត្រកូល​ខ្ពង់​ខ្ពស់ មាន​ចំណេះ​វិជ្ជា បែរ​ជា​ទៅ​ហែ​ហម​ពួក​ល្ងង់​ខ្លៅ​នៅ​ក្នុង​ត្រកូល​ទាប​ៗ ដែល​មាន​អំណាច​ដើម្បី​ទៅ​សុំ​បុណ្យ សុំ​សក្តិយស​ពី​ពួក​ត្រកូល​ទាប​ៗ​នោះ​វិញ។
សុបិន្ត ​ជា​គម្រប់​១៦-ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​ត្រាស់​ទូល​ទៅ​ព្រះ​បរមសាស្តា​ថា "ខ្ញុំ​ម្ចាស់​យល់​សប្ត​ឃើញ​ពពែ​ដេញ​ខាំ​ខ្លា។ បើ​តាម​សុបិន​នេះ​តើ​នឹង​មាន​កើត​ហេតុ​ភេទ​ទៅ​ជា​ប្រែ​ប្រួល​យ៉ាង​ណា​ដែរ​ទៅ ព្រះ​អង្គ​? ឱ! ព្រះ​ជា​ម្ចាស់​ខ្ញុំ​អើយ​! តាំង​ពី​កើត​មក ខ្ញុំ​ព្រះ​អង្គ​ធ្លាប់​តែ​បាន​ដឹង បាន​ឮ​ថា ធម្មជាតិ​ជា​សត្វ​ខ្លា វា​តែង​ខាំ តែង​តែ​ស៊ី​ពពែ។ ប៉ុន្តែ ខ្ញុំ​ព្រះ​អង្គ​បែរ​ជា​ឃើញ​ពពែ​ដេញ​ខាំ​ស៊ី​ខ្លា​វិញ។ មិន​តែ​ប៉ុណ្ណោះ ខ្ញុំ​ព្រះ​អង្គ​បាន​ឃើញ​ទៀត​ថា ហ្វូង​ខ្លា​គ្រាន់​តែ​ឃើញ​ពពែ​លឹម​ៗ ពី​ចម្ងាយ​ក៏​នាំ​គ្នា​ដាក់​មេ​ផាយ​បោល​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​ព្រៃ​ធំ ខំ​លាក់​ខ្លួន​ពួន​សំងំ ព្រោះ​ខ្លាច​ពពែ​ខាំ​ស៊ី ។
ព្រះ ​សម្មាសម្ពុទ្ធ​បរម​សាស្ដា​ទ្រង់​មាន​ព្រះ​ពុទ្ធដីកា​កាត់​ព្រះ​មហាសុបិន​ នេះ​ថ្វាយ​ព្រះ​បាទ​បសេន​ទិកោសល​ថា" ថ្វាយ​ព្រះ​ពរ មហារាជ, លុះ​ចំណេរ​ចីរកាល​ត​ទៅមុខ​ទៀត​ទៅ ពួក​បណ្ដា​ជន​ជា​អ្នក​ឥត​ត្រកូល ហើយ​អវិជ្ជា​ត្រូវ​ទទួល​បាន​សេចក្ដី​ប្រោស​ប្រាណ​ឲ្យ​ឡើង​ធ្វើ​ជា​នាហ្មឺន​ ធំ។ ឯ​ជន​ដែល​មាន​ពូជ មាន​ត្រកូល​ខ្ពង់​ខ្ពស់​បែរ​ទៅ​ជា​អ័ព្ទ​យស​សក្តិ ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​កម្សត់​វិញ។ អ្នក​ធំ​គេ​ជឿ​តាម​តែ​សេចក្ដី​វិនិច្ឆ័យ​របស់​មន្ត្រី​ក្មេង​ៗ ដែល​កេង​ប្រវ័ញ្ច​យក​មាស ប្រាក់ យក​ស្រែ​ចម្ការ ជា​របស់​បណ្ដារាស្ត្រ​ធ្វើ​ជា​របស់​ខ្លួន ថែម​ទាំង​ឲ្យ​ចាប់​រាស្ត្រ​ខ្លះ​ធ្វើ​ទារុណកម្ម ទាំង​កំហែង​ថា "ឯង​ម៉េច​បាន​ជា​ហ៊ាន​បៀតបៀន​នឹង​នាហ្មឺន!"។ ជួន​កាល មាន​ដល់​ទៅ​ធ្វើ​ទោស​ពៃ​កាត់​ដៃ កាត់​ជើង វាយ​ខ្នង​ផង ម្ល៉ោះ​ហើយ អ្នក​មាន​ពូជ មាន​ត្រកូល​ខ្ពង់​ខ្ពស់​ចេះ​តែ​ភ័យ​ព្រួយ​បារម្ភ ខ្លាច​គេ​រក​ឃើញ គេ​នឹង​ចាប់​ចង​យក​ខ្លួន​ទៅ​ធ្វើ​ទោស​ពៃរ៍។ ម្យ៉ាង​ទៀត ក្នុង​សាសនា​តថាគត ក៏​មាន​កើត​ហេតុ​ភេទ​ដូច​គ្នា​ដែរ គឺ​ពួក​ភិក្ខុ​ទ្រុស្ដ​សីល​ចេះ​តែ​រក​រឿង​ហេតុ​ចាប់​ទោស ចាប់​កំហុស​ពួក​ភិក្ខុ​ជា​អ្នក​មាន​សីល​ល្អ​បរិសុទ្ធ​ទៅ​វិញ ។ ដូច្នេះ ពួក​ភិក្ខុ​ដែល​មាន​សីល​ស្អាត​ល្អ​​បរិសុទ្ធ​ទាំង​នោះ ក៏​នាំ​គ្នា​រត់​រក​ទី​ពឹង​នៅ​តាម​ដង​ព្រៃ​ភ្នំ​ក្រំ​ថ្ម​អស់​ទៅ ។
ថ្វាយ​ព្រះ​ពរ មហារាជ, ព្រះ​សុបិន​និម្មិត​ទាំង​១៦ ប្រការ​នេះ ឥត​មាន​ឲ្យ​កើត​ទោស​ជា​ទុក្ខ ជា​ភយន្តរាយ​ អ្វី​ដល់​ព្រះ​អង្គ​សោះ​ឡើយ។ សូម​មហារាជ កុំ​ទ្រង់​ព្រួយ​ព្រះ​រាជ​ហឫទ័យ​!។

ចប់ ពុទ្ធទំនាយ សោឡសនិម្មិត
ស្ដី​ពី​ព្រះ​មហាសុបិន ១៦ ប្រការ​តែ​ប៉ុណ្ណះ


សម្គាល់ៈ មាន​ច្បាប់​ខ្លះ​ចែង​ថា ព្រះ​បាទ​បសេនទិកោសល​ទ្រង់​ព្រះ​សុបិន​ឃើញ​ពស់​វែក​មួយ​លូន​ចេញ​ចាប់​កង្កែប ។ លុះ​ពស់​ដេញ​ទាន់​កង្កែប ស្រាប់​តែ​កង្កែប​បែរ​ជា​លេប​ពស់​នោះ​ទៅ​វិញ ។
ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​ព្យាករ​តាម​សុបិន​និម្មិត​នេះ​ថា អំណឹះ​ទៅ​នៅ​ក្រឡា​ផ្ទៃ​ក្រោម​ពួក​ចៅ​ក្រម ប្រព្រឹត្ត​អំពើ​អយុត្តិធម៌ ពេក​ណាស់ គឺ​គេ​ពុំ​កាន់​ធម៌​សុចរិត​បន្តិច​ណា​ឡើយ ។ គេ​កាត់​ក្ដី​ឲ្យ​អ្នក​ដែល​ត្រូវ​ឈ្នះ​ទៅ​ជា​ចាញ់ រី​ឯ​អ្នក​ដែល​ត្រូវ​មាន​ទោស​ទ័ណ្ឌ​ពិត​ប្រាកដ​ត្រូវ​ចាញ់​គេ បែរ​ជា​ចៅ​ក្រម​កាត់​ឲ្យ​ឈ្នះ​ក្តី ទៅ​វិញ ដោយ​សារ​តែ​ចៅ​ក្រម​នោះ​ទទួល​សំណូក គេ ។
សុបិន​នេះ ជា​ជំនួស​សុបិន​ឃើញ "គេ​ទឹម​គោ​តូច​ៗ មិន​ទឹម​គោ​ធំ​ៗ "។
 
(កម្ពុជសុរិយា លេខ ៤ ឆ្នាំ ១៩៩៩) 
ប្រភព http://www.budinst.gov.kh/?q=node/331

0 ความคิดเห็น:

แสดงความคิดเห็น