วันพุธที่ 18 พฤษภาคม พ.ศ. 2554

សម្មទិដ្ឋិកថា

ព្រះ​អាចារ្យ​ អាំ-សាម៉ុល វត្ត​មហាមន្រ្ដី ភ្នំពេញ
ទេសនា​ដាក់​វិទ្យុ​ឃោសន​សព្ទ​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ១៥ រោច ខែ​កត្ដិក​ឆ្នាំ​កុរនព្ធស័ក
ព.ស. ២៤៩០ ត្រូវ​នឹង​ថ្ងៃ ១២ ធ្នូ ឆ្នាំ ១៩៤៧

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
ខ្ញុំ​ព្រះ​ករុណា​ សូម​ក្រាប​ថ្វាយ​បង្គំ ចំពោះ​ព្រះ​អរហំ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់ ព្រម​ទាំង​ព្រះ​សទ្ធម្ម​នឹង​ព្រះ​សង្ឃ ដោយ​សេចក្ដី​គោរព ។
ពេល​នេះ​ អាត្មា​ភាព​ត្រូវ​វេន​សំដែង​ធម្មទេសនា​ផ្សាយ​តាម​វិទ្យុ​ស័ព្ទ​អាត្មា​ភាព​ នឹង​សំដែង​អំពី សម្មាទិដ្ឋិ គឺ​អង្គ​ទី​១ ក្នុង​អដ្ឋង្គិកមគ្គ ដើម្បី​ចែក​ជូន​ពុទ្ធសាសនិក​ជន ដូច​ត​ទៅ​នេះ ៖
ទិដ្ឋិ ប្រែ​ថា "សេចក្ដី​យល់​ឃើញ", សម្មា ប្រែ​ថា "ប្រពៃ, ត្រូវ" សម្មាទិដ្ឋិ ប្រែ​ថា "សេចក្ដី​យល់​ឃើញ​ត្រូវ, យល់​ឃើញ​ប្រពៃ" ។ សម្មាទិដ្ឋិ​នោះ បាន​ខាង​បញ្ញា ដែល​ជា​សោភន​ចេត​សិក​ដ៏​ក្លា​ហាន​តោង​យក​ព្រះ​និញ្វន​មក​ជា​អារម្មណ៍ ដឹង​ច្បាស់​ក្នុង​អរិយ​សច្ចទាំង​៤ មាន​ទុក្ខ​សច្ច​ជា​ដើម ហើយ​ប្រតិ​បត្តិ​ជីក​គាស់​រំលើង​បង់​នូវ​អវិជ្ជា​នឹង​តណ្ហា​ឲ្យ​អស់​ទៅ ។ សម្មាទិដ្ឋិ​នេះ​ជា​គូ​សត្រូវ ឬ​ជា​ទំនាស់​អវិជ្ជា​នឹង​តណ្ហា​ឲ្យ​អស់​ទៅ ។ សម្មាទិដ្ឋិ​នេះ​ជា​គូសត្រូវ ឬ​ជា​ទំនាស់​នឹង​មិច្ឆាទិដ្ឋិ ។ ឯមិច្ឆាទិដ្ឋិ ប្រែ​ថា "សេចក្ដី​យល់​ឃើញ​ខុស, ពុំ​ឃើញ​ប្រពៃ" ។ ដែល​ពុំ​ឃើញ​ប្រពៃ​ដូច្នេះ​តើ​មក​អំពី​អ្វី? គឺ​មក​តែ​អំពី​អវិជ្ជា។ ឯសម្មាទិដ្ឋិ ដែល​ថា​យល់​ឃើញ​ត្រូវ​នោះ ព្រោះ​មាន​វិជ្ជា ។
ចុះ​អវិជ្ជា​ជា​ឈ្មោះ​របស់​អ្វី? វិជ្ជា​ជា​ឈ្មោះ​របស់​អ្វី? ទោស​នឹង​អានិសង្ស​របស់​អវិជ្ជា​នឹង​វិជ្ជា​នោះ​ដូច​ម្តេច?
អវិជ្ជា​ជា​ឈ្មោះ​របស់​សេចក្ដី​មិន​ចេះ​ដឹង, សេចក្ដី​មិន​ចេះ​មិន​ដឹង​ហៅ​ថា សេចក្ដី​ល្ងង់, បើ​មិន​ចេះ​អក្សរ​នឹង​លេខ ហៅ​ថា ល្ងង់​ក្នុង​អក្សរ​នឹង​លេខ, មិន​ចេះ​ធ្វើ​ការ​ណា ហៅ​ថា ល្ងង់​ក្នុង​ការ​នោះ, បើ​មិន​ចេះ​គិត​ហៅ​ថា ល្ងង់​ក្នុង​ការ​គិត, អ្នក​ណា​មាន​សេចក្ដី​ល្ងង់ អ្នក​នោះ​ឈ្មោះ​ថា​មនុស្ស​ឥត​មាន​ចំណេះ​វិជ្ជា, អ្នក​ណា​ឥត​មាន​ចំណេះ​វិជ្ជា អ្នក​នោះ​ឈ្មោះ​ថា​មនុស្ស​ល្ងង់ៗ​ នោះ​បើ​នឹង​ធ្វើ​ការ​អ្វី ការ​នោះ​ច្រើន​តែ​មិន​កើត បើ​ទុក​ជា​កើត​ក៏​ច្រើន​តែ​មិន​ល្អ, បើ​នឹង​និយាយ​ពាក្យ​ណា ពាក្យ​នោះ​ច្រើន​មិន​ប្រាកដ, បើ​នឹង​គិត​ហេតុ​ណា ហេតុ​នោះ​មិន​ចេញ​មក​សំដែង​ឲ្យ​ប្រាកដ​ថា​ខុស ឬ​ត្រូវ​បាន​ទេ ។ មនុស្ស​ល្ងង់​ឧបមា​ដូច​មនុស្ស​ខ្វាក់ ធម្មតា​មនុស្ស​ខ្វាក់​កម្រ​នឹង​ដើរ​តាម​ផ្លូវ​ត្រង់​នឹង​រហ័ស​ឆាប់​បាន​ឡើយ ព្រោះ​មាន​សេចក្ដី​ញញើត​ញញើម​រួញ​រា​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​ជា​និច្ច ម្ល៉ោះ​ហើយ​សេចក្ដី​មិន​ប្រាកដ​ក្នុង​ចិត្ត​នោះ ធ្វើ​ដំណើរ​មិន​ឲ្យ​ប្រាកដ​ថា​ទៅ​មុខ ឬ​ទៅ​ខាង ច្រើន​ទីស​ទាស​ដូច​គ្នា​នឹង​មនុស្ស​ល្ងង់ បើ​នឹង​ធ្វើ ឬ​និយាយ​ ឬ​គិត ក៏​ឥត​មាន​ប្រាកដ​ក្នុង​ចិត្ត, សេចក្ដី​មិន​ប្រាកដ​នេះ​ឯង មិន​អាច​នឹង​ធ្វើ​ប្រយោជន៍​ដែល​ខ្លួន​ត្រូវ​ការ​ឲ្យ​សម្រេច​បាន​ឡើយ ។
មាន​ពុទ្ធភាសិត​មួយ​កន្លែង​សំដែង​ថាៈ មោហៈ​គឺ​សេចក្ដី​ល្ងង់ បើ​មាន​ច្រើន​ក្នុង​សន្ដាន​ចិត្ត​អ្នក​ណា​មួយ​ហើយ អាច​នឹង​ធ្វើ​អ្នក​នោះ​មិន​ឲ្យ​ស្គាល់​សេចក្ដី​អាក្រក់​ល្អ​នឹង​ការ​ខុស​ ត្រូវ​បាន​ឡើយ ។
មាន​សុភា​សិត​មួយ​បទ​ទៀត​សំដែង​ថា៖
វិជ្ជា​វិសេស​លើស​ទ្រព្យ​ធន ចោរ​មិន​អាច់​ប្លន់​ឆក់​លួច​បាន
វិជ្ជា​គ្មាន​ថ្លៃ​នឹង​ប្រមាណ ប្រើ​ចេះ​តែ​បាន​គ្រប់​វេលា ។
បណ្ដា​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល មាន​ក្នុង​លោក​នេះ ទោះ​ជា​របស់​ឥត​វិញ្ញាណ​ដូច​យ៉ាង​លុយ​កាក់​ប្រាក់​កាស​កែវ​កង​ជា​ដើម​ក្ដី ទោះ​ជា​របស់​មាន​វិញ្ញាណ​ដូច​យ៉ាង​ខ្ញុំ​កំដរ​ប្រសុ​ស្រី​គោ​ក្របី​សេះ​ដំរី ​ជា​ដើម​ក្ដី​វិជ្ជា​ចំណេះ​ការ​ចេះ​ដឹង​ក្នុង​អក្សរ ក្នុង​លេខ​នព្វន្ដ​គុណហា ក្នុង​ភាសា​ជន​ជាតិ​តាង​ប្រទេស​ផ្សេងៗ ក្នុង​ការ​គូរ​វាស​ឆ្លាក់​ក្បូរ​ក្បាច់​រចនា ចំណេះ​វិជ្ជា​ខាង​ហត្ថកម្ម​កសិកម្ម​វណីជ្ជកម្ម​ជា​ដើម​នេះ​ឯង ប្រសើ​វិសេស​ថ្លៃ​ថ្លា​ជាង​ទ្រព្យ​សម្បត្តិ​គ្រប់​មុខ ដែល​ជា​ទ្រព្យ​ឥត​វិញ្ញាណ​មាន​វិញ្ញាណ​នោះ​វិញ ព្រោះ​ថា​ទ្រព្យ​សម្បត្តិ​ទាំង​នោះ មិន​ជា​របស់​មាន​ខ្លឹម​សារ​ឋិត​ថេរ​យូរ​ប៉ុន្មាន គង់​មាន​វិនាស​ទៅ​ដោយ​ភ័យ​ច្រើន​ប្រការ ដូច​យ៉ាង​ភ័យ​អំពី​ចោរ​លួច​ប្លន់​ឆក់​ដណ្ដើម, ភ័យ​អំពី​ភ្លើង​ឆេះ​ផ្ទះ​សម្បែង, ភ័យ​អំពី​ទឹក​លិច, ឬ​វិនាស​ទៅ​ដោយ​ល្បែង​បៀ​ប៉ោ​ជា​ដើម ។ ឯ​ចំណេះ​វិជ្ជា​នេះ ផុត​ស្រឡះ​អំពី​ភ័យ​ទាំង​ឡាយ​មាន​ចោរ​ភ័យ​ជា​ដើម​នោះ គឺ​ថា​ភ័យ​ទាំង​ឡាយ​មាន​ចោរ​ភ័យ​ជា​ដើម​នោះ មិន​អាច​នឹង​បៀត​បៀន​ចំណេះ​វិជ្ជា ដោយ​ការ​លួច​ប្លន់​ឆក់​ដណ្ដើម កំហែង​គម្រាម​ម្ចាស់​ចំណេះ​វិជ្ជា​នោះ​បាន​ឡើយ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ពោល​ថា ចំណេះ​វិជ្ជា​នោះ​វិសេស​ថ្លៃ​ថ្លា​ជាង​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ។
ម្យ៉ាង​ទៀត ចំណេះ​វិជ្ជា​នេះ នឹង​កាត់​ថ្លៃ​ថា​មាន​ដំឡៃ​ប៉ុណ្ណេះ​ ប៉ុណ្ណោះ​មិន​ទាំង​បាន​ផង, ព្រោះ​ថា​ជន​ណា​មួយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ធន​ធាន​ច្រើន តែ​ជា​អ្នក​ខ្ជិល​ច្រអូស​ក្នុង​ការ​រៀន​សូត្រ ?ជន​នោះ​បង់​បាន​ចំណេះ​វិជ្ជា​ហើយ​យក​ប្រាក់​កាស​មាន​ចំនួន​ច្រើន​ពាន់​ ច្រើន​ហ្មឺន ទៅ​ដូរ​ឬ​ទិញ​ចំណេះ​វិជ្ជា​នោះអំពី​អ្នក​ណា​មួយ ហើយ​ប៉ង​នឹង​ធ្វើ​ចំណេះ​វិជ្ជា​នោះ​ឲ្យ​រត់​ចូល​ទៅ​ក្នុង​មាត់​ឬ​ក្នុង​ ចំពោះ ដោយ​មិន​បាច់​រៀន​សូត្រ​នោះ​មិន​បាន​ឡើយ កុំ​ថា​តែ​គ្រូ​ឬ​អ្នក​មាន​ចំណេះ​វិជ្ជា​នោះ នៅ​ជា​បុថុជ្ជន​ដូច​យ៉ាង​យើង​រាល់​រូប​ឡើយ សូម្បី​តែ​ព្រះ​លោក​នាថ​ជា​ម្ចាស់ ដែល​ព្រះ​អង្គ​ជា​ឯក​អគ្គបុគ្គល​ជា​ឆ្នើម​ជន ជា​អង្គ​អរហន្ដ​យ៉ាង​ថ្លៃ​ថ្លា វិសេស​ទាំង​អម្បាល​ហ្នឹង ក៏​ព្រះ​អង្គ​មិន​អាច​នឹង​ចាប់​ទាញ​ចំណេះ​វិជ្ជា​ជា​លោកិយ​ឬ​លោកុត្តរៈ ច្រក​បញ្ចូល​ឲ្យ​ចូល​ទៅ​ក្នុង​មាត់​ឬ​ក្នុង​ពោះ​នៃ​មនុស្ស​ខ្ជិល​នោះ​បាន​ទេ កុំ​ថា​ដល់​ទៅ​ចំណេះ​វិជ្ជា​ដែល​ធំៗ ដែល​ថ្លៃ​ថ្លា​នោះ​ឡើយ សូម្បី​តែ​កំទេច​កំទី​ចំណេះ​វិជ្ជា ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ចំណេះ​វិជ្ជា​កាត់​ថ្លៃ​មិន​បាន ។ ម្យ៉ាង​ទៀត ទ្រព្យ​សម្បត្តិ​ទាំង​ពួង​ប្រើ​ចេះ​តែ​អស់​ទៅៗ​តិច​ទៅៗ, បើ​មិន​ខំ​រក​ថែម​ទៀត បាន​តែ​ខាង​ចាយ​យ៉ាង​នោះ ក៏​មុខ​ជា​ខាន​ប្រើ​ប្រាស់ ។ ឯ​ចំណេះ​វិច្ជា​វិញ​មិន​ដូច្នោះ​ទេ ប្រើ​ច្រើន​ទៅ​ក៏​រឹង​រឹត​តែ​ចំរើន​ឡើងៗ មិន​ចេះ​ថយ មិន​ចេះ​ស្រក មិន​ចេះ​អស់, ដូច​អ្នក​ចេះ​ចំណេះ​វិជ្ជា​ខាង​ច្បាប់​ទម្លាប់, អ្នក​នោះ បើ​បាន​ទៅ​សំដែង​ប្រាប់​ឬ​ពន្យល់​អ្នក​ណា ឬ​ទៅ​បង្រៀន​គេ​ហើយ ច្បាប់​ទម្លាប់​នោះ ក៏​រឹង​រឹត​តែ​ចាំ​ស្ទាត់​ប្រាកដ​ឡើង​ រឹង​រឹត​តែ​បែក​ព្រោង​ព្រាត​ឡើង, ឬ​ក៏​ដូច​ជា​អ្នក​ចវ​អកស្រ​កាព្យ​ឃ្លោង, អ្នក​នោះ​បើ​បាន​សំដែង​ប្រាប់​ពន្យល់ ឬ​តែង​ញឹក​ញយ​ហើយ អក្សរ​នឹង​កាព្យ​ឃ្លោង​នោះ ក៏​រឹង​រឹត​តែ​ស្ទាត់​ជំនាញ​សរសេរ​រហ័ស​រហួន ឯ​កាព្យ​ឃ្លោង​កាន់​តែ​ពីរោះ​ឡើងៗ បែក​ឡើងៗ លែង​ចាំ​បាច់​នឹក​នា គ្រាន់​តែ​ថា​បានៗ ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ថា ចំណេះ​វិជ្ជា​ប្រើ​មិន​ចេះ​អស់​ទេ ចេះ​តែ​ចំរើន​ទៅ​ខាង​មុខ​ជា​និច្ច ។
មិន​តែ​ប៉ុណ្ណេះ ចំណេះ​វិជ្ជា​អាច​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្រប់​ពេល​វេលា​ដោយ​ហេតុ​នេះ​ហើយ បាន​ជា​ថា​ចំណេះ​វិជ្ជា​នេះ​ជា​មិត្ត​ទី​មួយ របស់​មនុស្ស​ប្រុស​ស្រី ។ មួយ​វិញ​ទៀត ចំណេះ​វិជ្ជា​អាច​នឹង​ធ្វើ​អ្នក​ទ្រ​ទ្រង់​ ឲ្យ​គេ​កោត​ខ្លាច​គោរព​ប្រណិប័តន៍ គឺ​ថា​ជន​ណា​មួយ​ដែល​មាន​ពូជ​ពង្ស​ថោក​ទាប ឬ​មាន​រូប​វិកល​វិការៈ​យ៉ាង​ណា​ក៏​ដោយ បើ​មាន​ចំណេះ​វិជ្ជា​ចេះ​ជ្រៅ​ជ្រះ​ក្បោះ​ក្បាយ​ហើយ ជន​នោះ​បើ​ទៅ​ក្នុង​ទី​ណា​មួយ​ចំណេះ​វិជ្ជា​នេះ ក៏​ហាក់​ដូច​ជា​ទៅ​ចាប់​ទាញ​មនុស្ស​ប្រុស​ស្រី​ ឲ្យ​ក្រោក​ចាក​ទី​កន្ែលង​ឡើង គោរលព​ប្រណិប័តន៍​កោត​ក្រែង​ចំពោះ​ជន​នោះ​ឯង ។
ម្យ៉ាង​ទៀត​ចំណេះ​វិជ្ជា​នេះ អាច​នឹង​ធ្វើ​មនុស្ស​ម្នាក់​ឲ្យ​មាន​ដំឡៃ​ស្មើ​នឹង​មនុស្ស​មួយ​ពាន់​នាក់​ មួយ​ហ្មឺន​នាក់ ឬ​ច្រើន​ជាង​នេះ​ទៅ​ទៀត សេចក្ដី​នេះ​យ៉ាង​ណា ? ថា​ដូច​ជា​អ្នក​ណា​មួយ ដែល​គេ​ចេះ​ចំណេះ​ផ្លូវ​លោក​ផ្លូវ​ធម៌​សព្វ​គ្រប់​គ្មាន​ចន្លោះ ព្រម​ទាំង​ចំណេះ​វិជ្ជា​សម្រាប់​ស្រុក​ទេស​របស់​ខ្លួន នឹង​ចំណេះ​វិជ្ជា​សម្រាប់​តាង​ប្រទេស​ផ្សេងៗ ហើយ​អ្នក​នោះ​ក៏​បាន​ទទួល​នូវ​ឥស្សរភាព​ជា​ធំ បើ​ប្រសិន​ជា​មាន​កំហុស​អ្វី​គួរ​ដល់​បព្វាជនីយកម្ម​ក្ដី គួរ​ផ្ដាច់​បង់​ជីវិត​ក្ដី មនុស្ស​ប្រុស​ស្រី​ទាំង​ឡាយ ទាំង​ពាន់​ហ្មឺន​នាក់​គួរ​ប្រថុយ​ជីវិត​ប្ដូរ​ជំនួស​មនុស្ស​ម្នាក់​នេះ​ដែរ នេះ​ដោយ​ហេតុ​អ្វី? ក៏​ដោយ​ហេតុ​តែ​ចំណេះ​វិជ្ជា​នេះ​ហើយ ដែល​ជា​មនុស្ស​ម្នាក់​ឲ្យ​មាន​ដំឡៃ ប្រហែល​នឹង​មនុស្ស​ទាំង​ពាន់​ទាំង​ហ្មឺន​នាក់​នេះ​ឯង គួរ​ឲ្យ​អស្ចារ្យ​ណាស់​ហ្ន៎! ចំណេះ​វិជ្ជា​នេះ​មាន​គុណ​ប្រយោជន៍​ច្រើន​ប្រការ​ណាស់ ដោយ​ហេតុ​នេះ​ហើយ​គួរ​តែ​សាធុជន​ប្រុស​ស្រី​ក្មេង​ចាស់​គ្រហស្ថ​បព្វជិត ខំ​ស្វះ​ស្វែង​រក​រៀន​ចំណេះ​វិជ្ជា​ផ្លូវ​លោក​ផ្លូវ​ធម៌ ឲ្យ​បាន​ចេះ​ដឹង​គ្រប់ៗ គ្នា​ឡើង កុំ​គប្បី​ធ្វេស​ប្រហែស​ឡើយ ។
ម្យ៉ាង​ទៀត​អ្នក​ដែល​មាន​កូន ត្រូវ​រំឭក​ដាស់​តឿន​កូន​ឲ្យ​រៀន​ចំណេះ​វិជ្ជា​ ឲ្យ​បាន​ចេះ​ដឹង​ឡើង ព្រោះ​កូន​ដែល​គ្មាន​ចំណេះ​វិជ្ជា ជា​មនុស្ស​ល្ងង់​មិន​ប្រព្រឹត្ត​តាម​ច្បាប់​ នឹង​មាន​ប្រយោជន៍​អ្វី​ដោយ​សារ​កូន​ដូច្នោះ​ប្រៀប​ឧបមា​ដូច​ភ្នែក​ខ្វាក់ នឹង​មាន​ប្រយោជន៍​អ្វី​ដោយ​ភ្នែក​ខ្វាក់​នោះ​មាន​តែ​សេចក្ដី​អផ្សុក​ព្រួយ​ ចិត្ដ​តែ​ម្យ៉ាង ។
កូន​មាន​៣ គឺ​កូន​ដែល​មិន​ទាន់​កើត១, កូន​ដែល​កើត​ហើយ​ស្លាប់​បាត់​ទៅ​វិញ​១, កូន​ដែល​កើត​ហើយ​នៅ​រស់ តែ​ជា​មនុស្ស​ល្ងង់​ខ្លៅ​១, បណ្ដា​កូន​ទាំង​៣​នេះ គួរ​យក​កូន​២​ខាង​ដើម ព្រោះ​ថា​បើ​មាន​ទុក្ខ​ព្រួយ​ក៏​មាន​តែ​មួយ​លើក​ក៏​បាត់​ទៅ, ឯកូន​មួយ​ទី​បំផុត​នោះ​មិន​គួរ​យក​ឡើយ​ព្រោះ​កូន​នោះ​នឹង​នាំ​បណ្ដាល​ ឲ្យ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ជា​និច្ច ។
ក្នុង​គម្ពីរ​លោក​នីតិបករណៈ​សំដែង​ថា៖
មាន​កូន​មិន​ឲ្យ​កូន​សូត្រ​រៀន ចំណេះ​របៀន​ការ​នានា
មាតា​លោក​ថា​ជា​វេរា បិតា​ទុក​ជា​សត្រូវ​ធំ ។
កូន​ពេញ​រូប​ពាស​ពត់​មិន​ឡើង ហៅ​ថា​មិន​ថ្កើង​ក្នុង​ជំនុំ
ប្រៀប​ដូច​កុក​គ្រោង​ចូល​ទ្រនំ កណ្ដាល​ជំនុំ​នៃ​រាជ​ហង្ស ។
ដែល​នា​សុភាសិត​ខ្លះ​មក​ទុក​ក្នុង​ទី​នេះ ដើម្បី​ឲ្យ​ឃើញ​ថា សេចក្ដី​ល្ងង់​នេះ បើ​កើត​មាន​ដល់​អ្នក​ណា​ហើយ នឹង​ត្រឡប់​ទៅ​ជា​ទោស ធ្វើ​អ្នក​នោះ​ឲ្យ​បាន​ដល់​នូវ​សេចក្ដី​មិន​ចំរើន នឹង​ទន់​ទាប​ថយ​ថោក តាំង​ពី​ជាតិ​នេះ​ដរាប​ដល់​ជាតិ​ខាង​មុខ ។ ឯ​ទោស​នៃ​សេចក្ដី​ល្ងង់​ដែល​នឹង​ឃើញ​ក្នុង​ជាតិ​នេះ ដូច្នេះ៖
១- បើ​ល្ងង់​ក្នុង​វិធី​អក្សរ គឺ​មិន​ចេះ​សរសេរ មិន​ចេះ​មើល នឹង​នាំ​ឲ្យ​ខាត​បង់​នូវ​ប្រយោជន៍​ដូច្នេះ គឺ​មិន​អាច​មើល​សាស្រ្ដា ឬ​សៀវភៅ​ ដែល​មាន​ច្បាប់​ប្រដៅ​នាំ​ឲ្យ​កើត​គំនិត​ប្រាជ្ញា ឬ​មិន​អាច​សរសេរ​សំបុត្រ​កត់​ហេតុ​ណា​នីមួយ ដែល​ខ្លួន​ត្រូវ​ការ​ផ្ញើ​ទៅ​ញាតិ​មិត្ត​បាន ។
២- អ្នក​ដែល​មិន​មាន​ចំណេះ​វិជ្ជា​អ្វី បើ​នៅ​អាស្រ័យ​ជ្រក​កោន​ក្នុង​សំណាក់​អ្នក​ធំ​ហើយ ចេះ​គោរព​ប្រណិប័តន៍​យ៉ាង​ណា​ក៏​ដោយ អ្នក​ធំ​នោះ​ ក៏​មិន​អាច​លើក​តំកើង​អ្នក​នោះ ឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ​យស​ស័ក្ដិ​បាន​ឡើយ ព្រោះ​លោក​យល់​ថា​ជា​មនុស្ស​ល្ងង់ បើ​គ្រាន់​បើ​ណាស់ បាន​ត្រឹម​តែ​សេចក្ដី​សុខ​ជាន់​ទាប់​ប៉ុណ្ណោះ តែ​ក៏​គង់​មិន​រួច​អំពី​ជា​អ្នក​បំរើ​គេ​ដែរ ។
៣- មនុស្ស​ល្ងង់​នោះ បើ​មាន​យសស័ក្ដិ ដោយ​អំណាច​ព្រេង​សំណាង​ជួយ​ឧបត្ថម្ភ បើ​និយាយ​ការ​អ្វី​ទៅ​រក​គេ គេ​ពុំ​សូវ​ជឿ​តាម​ពុំ​កោត​ខ្លាច ព្រោះ​ដឹង​ថា ខ្លួន​ជា​មនុស្ស​ល្ងង់ ។
៤- មនុស្ស​ល្ងង់ ជា​មនុស្ស​ខ្សត់​មិត្ត​សំឡាញ់ ព្រោះ​គេ​មិន​សូវ​ត្រូវ​ការ​យក​ខ្លួន​ធ្វើ​ជា​មិត្ត​សំឡាញ់​ឡើយ ព្រោះ​ហេតុ​អ្វី? ព្រោះ​គេ​ដឹង​ថា ខ្លួន​ជា​មនុស្ស​ល្ងង់ បើ​នឹង​ពឹង​រក​យក​ទៅ​ធ្វើ​ការ​អ្វី ឬ​ជួយ​ពិគ្រោះ​ការ​អ្វី​ក៏​មិន​កើត​ទាំង​អស់ បើ​ទុក​ណា​ជា​មាន​មិត្ត​សំឡាញ់ ក៏​ច្រើន​តែ​បាន​មិត្ត​សំឡាញ់​ដែល​ជា​មនុស្ស​ល្ងង់​ដូច​គ្នា ។
៥- មនុស្ស​ល្ងង់​បើ​ជា​អ្នក​រក​ស៊ី ក៏​មិន​អាច​នឹង​ធ្វើ​សម្បត្តិ​ ឲ្យ​ចំរើន​ដូច​អ្នក​ដែល​ចេះ​ដឹង​បាន​ឡើយ ព្រោះ​ខ្លួន​មិន​ស្គាល់​កាល​គួរ​នឹង​កាល​មិន​គួរ ។
៦- មនុស្ស​ល្ងង់​មិន​ដែល​បាន​សេចក្ដី​សរសើរ អំពី​សំណាក់​អ្នក​ប្រាជ្ញ​ណា​មួយ​ដល់​ម្តង​ឡើយ បើ​បាន​សរសើរ​ខ្លះ​តែ​អំពី​សំណាក់​នៃ​មនុស្ស​ល្ងង់​ជាង​ខ្លួន ។ ទោស​នៃ​សេចក្ដី​ល្ងង់​សង្ខេប​ខ្លី​តែ​ប៉ុណ្ណោះ ។
អនិសង្ស​នៃ​ការ​ចេះ​ដឹង ដែល​ឃើញ​ច្បាស់​ក្នុង​ជាតិ​នេះ ដូច្នេះ៖
១- បើ​ចេះ​វិធី​លេខ​ឬ​អក្សរ គឺ​ចេះ​សរសេរ​ឬ​មើល នឹង​នាំ​ឲ្យ​មាន​ប្រយោជន៍ អាច​មើល​សាស្រ្ដា​ឬ​សៀវភៅ ដែល​ជា​ច្បាប់​ប្រដៅ នាំ​ឲ្យ​កើត​គំនិត​ប្រាជ្ញា ឬ​អាច​សរសេរ​សំបុត្រ​គត់​ហេតុ​ណា​នីមួយ ដែល​ខ្លួន​ត្រូវ​ការ​ផ្ញើ​ទៅ​ញាតិ​មិត្រ​បាន ។
២- អ្នក​ដែល​មាន​ចំណេះ​វិជ្ជា បើ​នៅ​ធ្វើ​ការ​ក្នុង​សំណាក់​អ្នក​ធំ ដោយ​យក​ចិត្ត​ទុក​ដាក់ អ្នក​ធំ​នោះ​លោក​នឹង​ស្រឡាញ់​រាប់​អាន ហើយ​អាច​ទំនុក​បំរុង​ឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ យស​ស័ក្ដិ​ថ្កើង​ថ្កាន​ឡើង​បាន ព្រោះ​លោក​យល់​ថា​ខ្លួន​មាន​ចំណេះ​វិជ្ជា ។
៣- អ្នក​មាន​ចំណេះ​វិជ្ជា បើ​ជា​អ្នក​មាន​យសស័ក្ដិ ក៏​មាន​សេចក្ដី​ថ្កំ​ថ្កើង​រុង​រឿង​ក្នុង​ទី​ប្រជុំ បើ​និយាយ​ការ​អ្វីៗ គេ​ក៏​ជឿ​ស្ដាប់​តាម ព្រោះ​គេ​យល់​ថា​ជា​អ្នក​ចេះ ។
៤- អ្នក​ចេះ ជា​មនុស្ស​សម្បូណ៌​ទៅ​ដោយ​មិត្រ​សំឡាញ់ ព្រោះ​ថា អ្នក​ឯទៀត​គេ​ច្រើន​ត្រូវ​ការ​យក​អ្នក​មាន​ចំណេះ​វិជ្ជា​នោះ ធ្វើ​ជា​ទី​ពឹង​ក្នុង​ពេល​ដែល​មាន​កិច្ច​ធុរៈ​អ្វីៗ​បាន ។
៥- អ្នក​ចេះ​ បើ​តាំង​ខ្លួន​ជា​អ្នក​រក​ស៊ី​តាម​ធម្មតា​វិញ ក៏​មាន​សេចក្ដី​ចំរើន​ក្នុង​ការ​រក​ស៊ី​នោះ ព្រោះ​ជា​អ្នក​មាន​គំនិត​ចេះ​គិត​ស្គាល់​ទំនង​នៃ​ការ​រកស៊ី​ មាន​ស្គាល់​ការ​គួរ​នឹង​មិន​គួរ​ជា​ដើម ។
៦- អ្នក​មាន​ចំណេះ​វិជ្ជា រមែង​បាន​ទទួល​នូវ​សេចក្ដី​សរសើរ អំពី​សំណាក់​អ្នក​ប្រាជ្ញ​ជា​រឿយៗ ។
ហេតុដូច្នេះ អស់​លោក​ទាំង​ឡាយ​គួរ​ខ្ពើម គួរ​ស្អប់​សេចក្ដី​ល្ងង់ ពុំ​បណ្ដោយ​ចិត្ត​ឲ្យ​សេចក្ដី​ល្ងង់​ចូល​មក​លុក​លុយ​បាន​ឡើយ គួរ​តាំង​សេចក្ដី​ព្យាយាម ប្រឹង​ប្រែង​ស្វះ​ស្វែង​រក​រៀន​ចំណេះ​វិជ្ជា​ មក​ទុក​ដាក់​ក្នុង​ខ្លួន ដើម្បី​នឹង​បំបាត់​បង់​នូវ​សេចក្ដី​ល្ងង់​ចេញ​បន្ដិច​ម្ដងៗ ជា​លំដាប់​ត​ទៅ ។
វិជ្ជា​ជា​ឈ្មោះ​របស់​សេចក្ដី​ចេះ​ដឹង បើ​អ្នក​ណា​មាន​ចំណេះ​វិជ្ជា​ហើយ​អ្នក​នោះ រមែង​បាន​នូវ​អានិសង្ស​ដូច​ពណ៌នា​មក​នេះ ។ ហេតុ​ដូច្នេះ ចូរ​ពួក​យុវជន យុវនារី​ទាំង​ឡាយ ខំ​រក​រៀន​ចំណេះ​វិជ្ជា ឲ្យ​បាន​ចេះ​ដឹង​មាំ​មួន ដើម្បី​នឹង​ជួយ​ជ្រោម​ជ្រែង​ជាតិ សាសនា មហាក្សត្រ របស់​យើង​ឲ្យ​បាន​ថ្កុំ​ថ្កើង​រុង​រឿង ឲ្យ​បាន​ដើរ​ទាន់​សម័យ​នឹង​គេ​ឡើង ។
អាត្មាភាព​សំដែង​អរិយមគ្គទី​១ គឺ​សម្មាទិដ្ឋិ ចប់​ដោយ​សង្ខេប​តែ​ប៉ុណ្ណេះ ។ 
ប្រភព http://www.budinst.gov.kh/?q=node/285

0 ความคิดเห็น:

แสดงความคิดเห็น