วันอังคารที่ 3 พฤษภาคม พ.ศ. 2554

សង្ឃ​វរ្ម័ន​ថេរៈ ឬ សង្ឃ​បាល​ត្ថេ​រៈ


 សង្ឃ​វរ្ម័ន​ថេរៈ ឬ សង្ឃ​បាល​ត្ថេ​រៈ ជា​បណ្ឌិត​សង្ឃ​ខ្មែរ​នា​សម័យ​នគរ​ភ្នំ ឬ ហ្វ៊ូណន ដែល​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​ការបកប្រែ​គម្ពីរ​ព្រះពុទ្ធសាសនា​ពី​ភាសាបាលី ឬ សំស្ក្រឹត​ឱ្យទៅជា​ភាសា​ចិន ហើយ​ត្រូវបាន​ព្រះ​ចៅ​អធិរាជ្យ​ចិន​តែងតាំង​ជា​ព្រះរាជគ្រូ​របស់ព្រះអង្គ​ផង​ទៀត ។ ព្រះ​ថេរៈ​ខ្មែរ​អង្គ​នេះ​បាន​ចំណាយ​ពេល​ធ្វើការ​នៅ​ប្រទេស​ចិន​រហូត​អស់​ជន្មាយុ​នៅ​ទីនោះ​ពោលគឺ​ព្រះអង្គ​មិន​បាន​និមន្ត​វិល​មក​នគរ​ភ្នំ​ដែល​ជា​មាតុប្រទេស​របស់​ព្រះអង្គ​វិញ​ឡើយ ។​
​ការលេចឡើង​ជា​រូបរាង​នូវ​គម្ពីរ​វិមុត្តិ​មគ្គ ( Path of Freedom=​វិថី​ឆ្ពោះទៅរក​ការ​រួច​ផុត​)​ជា​ភាសា​ខ្មែរ ជា​គម្ពីរ​ដ៏​មាន​វ័យ​ចំណាស់​ក្នុង​ព្រះពុទ្ធសាសនា​ថេរៈវាទ ធ្វើឱ្យ​យើង​បានដឹង​ថា​ខេមរៈ​បណ្ឌិត​សង្ឃ​នគរ​ភ្នំ ព្រះនាម សង្ឃ​វរ្ម័ន​ថេរៈ ឬ សង្ឃ​បាល​ត្ថេ​រៈ មាន​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធសាសនា ភាសា​ឥណ្ឌា និង ភាសា​ចិន​ដ៏​ជ្រៅជ្រះ​ដែល​អាណាចក្រ​ចិន​ដ៏​មាន​មនុស្ស​រាប់ពាន់​លាន​នាក់​មិន​អាច​រក​អ្នកប្រាជ្ញ​ណា​ម្នាក់​ឱ្យ​ស្មើនឹង​ព្រះ​ថេរៈ​ខ្មែរ​រូប​នេះ
​យើង​ហ៊ាន​និយាយ​បែប​នេះ ដោយ​បន្ទាប់ពី​បាន​សិក្សា​ប្រវត្តិ​គម្ពីរ​វិមុត្ត​មគ្គ ឃើញថា គម្ពីរនេះ​ត្រូវបាន​បកប្រែ​ពី​ភាសាបាលី ឬ ភាសាសំស្ក្រឹត​ដោយ​ព្រះសង្ឃ​វរ្ម័ន​ត្ថេ​រៈ ដែល​ត្រូវបាន​ស្នើសុំ​មក​នគរ​ភ្នំ​ដោយ​ព្រះ​ចៅ​អធិរាជ្យ​ចិន ព្រះនាម វូ ។ ប្រសិនបើ​មាន​អ្នកប្រាជ្ញ​រូប​ណាមួយ​ក្នុងស្រុក​មាន​សមត្ថភាព​ផ្នែក​ព្រះពុទ្ធសាសនា ផ្នែក​ភាសា​ឥណ្ឌា និង ភាសា​ចិន ស្មើ​នឹង​ព្រះ​ថេរៈ​ខ្មែរ​អង្គ​នេះ​នោះ ម្ល៉េះ​សម​ព្រះ​ចៅ​អធិរាជ្យ​ចិន មុខ​ជា​មិន​បាន​ស្នើសុំ​ព្រះ​ថេរៈ​អង្គ​នេះ​ពី​នគរ​ភ្នំ​ឱ្យទៅ​បំពេញ​កាតព្វកិច្ច​នេះ​រហូត​ដល់​តាំង​ព្រះ​ថេរៈ​រូប​នេះ​ជា​រាជគ្រូ​របស់​ព្រះអង្គ​ឡើយ ។​
​គម្ពីរ​ដែល​ព្រះ​ថេរៈ​បណ្ឌិត​រូបនេះ​បាន​បកប្រែ​មាន​ចំនួ​១១​មុខ ឬ ៤៨​ក​ណ្ឌ មានដូចជា​អសោក​សូត្រ វិមោក្ស​មាគ៌ និង គម្ពីរ​វិមុត្តិ​មគ្គ ជាដើម ។​
​ប្រវត្តិ​របស់​ព្រះ​ថេរៈ​អង្គ​នេះ​យើង​ដកស្រង់​ចេញពី​គម្ពីរ​វិមុត្តិ​មគ្គ ជា​ភាសា​ខ្មែរ ដែល​រៀបរៀង​ដោយ ធម្ម​បណ្ឌិត ហេង មណី​ចិន្តា មាន​សេចក្តី​ដូចតទៅ​នេះ
ក្នុង​រជ្ជសម័យ​នៃ​រាជវង្ស រី​យ៉ូ (Riyo) មាន​ព្រះសង្ឃ​មួយអង្គ​ព្រះនាម សង្ឃ​វរ្ម័ន ដែល​ជា​បញ្ញវ័ន្ត​បរទេស ។ លោក​មាន​ចរិយា​វត្ត​ដ៏​ឧត្តម​ណាស់ និង មាន​លក្ខណៈ​គួរ​ឱ្យ​គយគន់ ។ លោក​ជា​អ្នក​ដែល​ពូកែ​ជជែក​ដ៏​មាន​ជំនាញ ។ ពេល​ដែល​ចូលមក​ដល់​រាជធានី​នេះ ព្រះអង្គ​ស្នាក់នៅ​វត្ត​ហ្សួ​ក្វាន់​ជិ ( មហា​វិទ​រ្សនា​រាម​) ។ ព្រះ​ចៅ​អធិរាជ​ព្រះនាម វូ (Bu) ទ្រង់​លើកតម្កើង និង គោរព​ចំពោះ​ព្រះថេ​រៈណាស់ និង គោរព​ប្រណិបត្តិ​លោក​ដោយ​ការយកចិត្តទុកដាក់​ជាខ្លាំង ព្រះ​ថេរៈ​ត្រូវ​ព្រះ​ចៅ​អធិរាជ​សុំ​និមន្ត​ឱ្យ​ប្រែ​គម្ពីរ​ពុទ្ធសាសនា​ជាច្រើន​នៅក្នុង ជូ​កូ​ដេន (Jukoden=​អាយុ​ប្រភា​វិ​ហារៈ​) វត្ត​សេន​អ៊ុន​ក្វាន់ (Sen-un-kwanមេឃ​វិហារ ) ។ ព្រះ​ថេរៈ​បាន​ប្រែ​ព្រះ​សូត្រ​ដែល​មានឈ្មោះ​ថា មហា​អសោក​សូត្រ វិមោក្ស​មាគ៌​សូត្រ និង គម្ពីរ​ជាច្រើន​ទៀត​ដែល​ក្នុងនោះ​មាន​ទាំង​គម្ពីរ​វិមុត្តិ​មគ្គ​ដ៏​មាន​វ័យ​ចំណាស់ ដែល​ជា​ការនិពន្ធ​របស់​ព្រះអរហន្ត ឧ​បតិ​ស្សៈ ផងដែរ ។ មាន​ព្រះសង្ឃ​ព្រះនាម​ហូ​សូ ព្រះនាម អិន​ដុន​អ៊ុ និង ច្រើន​អង្គ​ទៀត​ជា​អ្នក​ជួយ​កិច្ចការ​ ។​
​ធម្ម​បណ្ឌិត ហេង មណី​ចិន្តា បាន​បន្ត​ពណ៌នា​ប្រវត្តិ​របស់​ព្រះសង្ឃ​វរ្ម័ន នៅក្នុង​គម្ពីរ វិមុត្តិ​មគ្គជា​ភាសា​ខ្មែរ​ទៀតថា​៖
​ ​
ប្រវត្តិ​ព្រះ​ថេរៈ​សង្ឃ​វរ្ម័ន មាន​ចារ​ទុក​មួយ​កន្លែង​ទៀត​នៅ​ទំព័រ​២០៦០ នៃ​ព្រះ​ត្រៃបិដក​ចិន​ដដែលនិងមាន​សេចក្តី​ពិស្តា​ជាង​ដូចតទៅ​នេះ៖
​ ​
ព្រះនាម​សង្ឃ​វរ្ម័ន តាំងតែ​ពី​នៅ​ក្មេង ព្រះ​ថេរៈ​ជា​មនុស្ស​មាន​ការ​ឆ្លាត​វៃ​ណាស់ ។ បន្ទាប់​ពី​សិក្សា​ព្រះធម៌​ដោយ​ជ្រៅជ្រះ​ហើយ ព្រះអង្គ​ក៏​បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ និង ពូកែ​នៅក្នុង​ព្រះ​អភិធម្ម​ណាស់ ព្រមទាំង​មាន​ព្រះកិត្តិនាម​ល្បីល្បាញ​នៅក្នុង​ដែនដី​ទាំងឡាយ​នៃ​សមុទ្រ​ភាគខាងត្បូង​ទៀតផង
​បន្ទាប់ពី​បាន​បញ្ចប់​ការសិក្សា ( ប្រហែល​ជា​ការសិក្សា​ព្រះ​អភិ​ធម្ម ) លោក​ក៏​សិក្សា​នូវ​ព្រះ​វិន័យ​បិដ​ក ។ លោក​ដក់​ព្រះទ័យ​នៅ​ក្នុង​ការផ្សព្វផ្សាយ​ព្រះធម៌​របស់​ព្រះ​ជិនស្រី​ណាស់ ហើយ​នៅពេល​ដែល​បានដឹងថា ពេលវេលា​ដូច​ជា​មក​ដល់​ហើយ​ក្នុង​ការផ្សព្វផ្សាយ​នូវ​ព្រះ​អរិយ​សច្ចៈ​ទៅកាន់​ដែនដី​សៃ​(Sai=Canton) នោះ ព្រះអង្គ​ក៏​និមន្ត​ធ្វើដំណើរ​មក​កាន់​រាជធានី​ដោយ​នាវា​សមុទ្ទ ។
​លោក​គង់​នៅ​ក្នុង​វត្ត​ម​ហ​វិទ​រ្សនា​រាម ហើយ​បាន​ក្លាយទៅជា​អន្តេវាសិក​(​សិស្ស​) សិក្សា​គម្ពីរ​វៃ​បុល្យៈ​(Vaipulya) ជាមួយនឹង​ព្រះ​ថេរៈ​ព្រះនាម​គុណ​ភ​ទ្រៈ​(Gunabhadra)​ដែល​ជា​សមណៈ​មកពី​ប្រទេស​ឥណ្ឌា ។ ចំណេះដឹង​របស់​ព្រះសង្ឃ​វរ្ម័ន​ថេរៈ ទូលំទូលាយ និង ជ្រៅជ្រះ​ណាស់ ហើយ​ព្រះអង្គ​ថែមទាំង​មាន​ការស្និទ្ធស្នាល​នឹង​ភាសា និង គម្ពីរ​ប្រទេស​ដទៃ​ទៀត​ជាច្រើន​ផងដែរ ។
​ព្រះសង្ឃ​វរ្ម័ន​ថេរៈ​មាន​ព្រះកាយ​និង​ព្រះទ័យ​បរិសុទ្ធ​និង​មិន​សូវ​ចូល​ចិត្ត​នឹង​ការសន្ទនា​គ្នា​ទេ ។ នៅក្នុង​បន្ទប់​ដែល​ដាច់​ពី​គេ​របស់​ព្រះអង្គ លោក​គង់​នៅ​និង​ធ្វើការ​ដោយ​ភាព​ធម្មតា​បំផុត ។
​នៅក្នុង​ឆ្នាំ​ទី​៥ នៃ​រជ្ជសម័យ​តេង​ក្វាន់​(Tenkwan) ព្រះ​ចៅ​អធិរាជ​បាន​ប្រទាន​នូវ​និវេសន ដ្ឋាន​ចំនួន​៥​កន្លែង​ដល់​ព្រះ​ថេរៈ គឺ​៖ ជូ​កូ​ដេន ( Jukoden) ករិ​នេន​ដិ​ន (Karinenden=​សួន​បុប្ផា​ព្រែ ) ស្ហូ​ក្វាន​ជិ​(Shokwanji) និង ហ្វូណន​ក្វាន់ ( Funankwan=​ការិយាល័យ​ហ្វ៊ូណន​) នៅក្នុង​រាជធានី​ឈ្មោះ យ៉ូ​តូ (Yoto=​អាទិត្យ​ធានី​) ។
​ព្រះសង្ឃ​វរ្ម័ន​ថេរៈ បាន​បំពេញ​ការងារ​បកប្រែ​អស់​រយៈពេល​១៧​ឆ្នាំ ( អត្ថបទ​របស់​អរិយ​បណ្ឌិតោ ប៉ាង ខាត់ ថា​១៦​ឆ្នាំ ) ។ សៀវភៅ​ដែល​លោក​បកប្រែ​មាន​ចំនួន​ដល់​ទៅ​១១​មុខ ឬ៤៨​កណ្ឌ​តាមបែប​ភាសា​ចិន​ដែល​មាន​ដូចជា​អសោក​សូត្រ វិមោក្ស​មាគ៌ ជាដើម ។
​នៅពេល​ដែល​ការបកប្រែ​ចាប់ផ្តើម​ម្តងៗ ព្រះ​ចៅ​អធិរាជ វូ តែងតែ​យាង​មក​កាន់​វត្ត ជូ​កូ​ដេន ដោយផ្ទាល់​ព្រះអង្គ​ដើម្បី​ទ្រង់​ព្រះ​សណ្តាប់​ការបរិយាយ​ធម៌​របស់​ព្រះសង្ឃ​វរ្ម័ន ហើយ​ព្រះ​ចៅ​អធិរាជ​ទ្រង់​កត់ត្រា​នូវ​ពាក្យ​ដែល​ប្រែ​នោះ​ដោយផ្ទាល់​ព្រះ​ហ​ស្ថ​។ រួច​ព្រះអង្គ​ក៏​ប្រគល់​នូវ​សំណៅ​នៃ​ការ​ប្រែ​នោះ​ទៅឱ្យ​ក្រុម​អាល័ក្ស​ដើម្បី​កត់ត្រា និង ចាត់ចែង​បោះពុម្ព​តទៅ ។ ព្រះ​ចៅ​អធិ​រាជ្យ​ទ្រង់​បាន​ត្រាស់​បង្គាប់​ឱ្យ​ស​មណៈ ហូ​សូ (Hoso) និង ស​មណៈ អេកូ (Echo) និង ស​មណៈសូ​ឈិ (Sochi)ដើម្បី​ជួយ​កិច្ចការ​ព្រះសង្ឃ​វរ្ម័ន​ថេរៈ ។ សេចក្តី​ប្រែជា​ភាសា​ចិន​របស់​ព្រះសង្ឃ​វរ្ម័ន​ថេរៈ មាន​លក្ខណៈ​ខ្ពង់ខ្ពស់ និង ត្រឹមត្រូវ​ត្រង់​ទៅនឹង​ច្បាប់​ដើម​ណាស់ ។ ព្រះ​ចៅ​អធិរាជ​ទ្រង់​យក​ព្រះទ័យ​ទុកដាក់​នឹង​ព្រះ​ថេរៈ ដោយ​ព្រះទ័យ​ស្មោះស្ម័គ្រ និង គោរព​ណាស់ ហើយ​បាន​ស្ថាបនា​ព្រះ​ថេរៈ​ឱ្យទៅជា​ព្រះរាជ​គ្រូ​ប្រចាំ​ព្រះរាជដំណាក់​របស់​ព្រះ​អង្គ​ទៀត​ផង ។ មាន​ពាក្យ​គេ​និយាយថា ព្រះ​ថេរៈ​បាន​ធ្វើ​ការផ្លាស់ប្តូរ​ទំនៀមទម្លាប់​ជា​ច្រើន​របស់​ប្រជាជន ។​
ព្រះសង្ឃ​វរ្ម័ន​ថេរៈ ពុំ​ចេះ​លាក់​ទុក​ឬ​ប្រមូល​ទ្រព្យសម្បត្តិ​ដែល​ទា​យក​ទាយិកា​ប្រគេន​ទេ គឺ​ព្រះអង្គ​តែងតែ​យក​ទេយ្យវត្ថុ​ទាំងអស់នោះ​ទៅ​កសាង​វត្ត​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា អារ​ព្ធ​វិរ្យា​រា (Arabdha-viryarama) ។ មាន​លោក​រដ្ឋមន្ត្រី​ម្នាក់​ឈ្មោះ រិន​សេណូ​កូ (Rinsenoko) ក៏​មាន​ការ​ជាប់ចិត្ត​ចំពោះ​ព្រះ​ថេរៈ​ខ្លាំង​ណាស់​ដែរ ។
​លុះ​ក្នុង​ឆ្នាំ​ទី​៥​នៃ​រជ្ជសម័យ ហ្វុត​ស៊ឺ ( Futsu) ព្រះសង្ឃ​វរ្ម័ន​ថេរៈ ក៏បាន​ចូល​មរណភាព​នៅ​ឯ​វត្ត​ស្ហូ​ក្វាន់​ជិ ក្នុង​ព្រះ​ជន្មាយុ​៦៥​ព្រះវស្សា
​ធម្ម​បណ្ឌិត ហេង មណី​ចិន្តា បាន​បន្ត​ការពិគ្រោះ​ទៀតថា បើ​តាម​តួលេខ​នេះ យើង​អាច​រកឃើញ​ថា ព្រះសង្ឃ​វរ្ម័ន​ថេរៈ ប្រសូត្រ​ក្នុង​ឆ្នាំ​៤៥៥ នៃ គ​.​ស ។ និមន្ត​ដល់​ប្រទេស​ចិន​នៅ​មណ្ឌល​កង់​តុង​នា​ឆ្នាំ​៥០៣ និង ទទួលមរណភាព​ក្នុង​ឆ្នាំ​៥២០ ​ប៉ុន្តែ ​អត្ថបទ
​ព្រះ​អរិយ​បណ្ឌិតោ ប៉ាង ខាត់ និង សៀវភៅ​បរទេស​ខ្លះទៀត​ថា ខេមរៈ​បណ្ឌិត​សង្ឃ​រូប​នេះ​ប្រសូត្រ​ក្នុង​ឆ្នាំ​៤៦០ ទៅ​ដល់​ប្រទេស​ចិន​នៅ​ឆ្នាំ ៥០៦ និង ទទួលមរណភាព​ក្នុង​ឆ្នាំ​៥២៤
​ធម្ម​បណ្ឌិត ហេង មណី​ចិន្តា បាន​កត់សំគាល់ថា មាន​ចំណុច​មួយ​ដែល​យើង​គួរកត់សំគាល់​ដែរ​គឺ​សេចក្តី​ដែល​មាន​នៅ​ក្នុង​ព្រះ​ត្រៃបិដក​ចិន​នោះ​និយាយថា ព្រះសង្ឃ​វរ្ម័ន​ថេរៈ លោក​ដក់​ព្រះទ័យ​នៅ​ក្នុង​ការផ្សព្វផ្សាយ​ព្រះធម៌​របស់​ព្រះ​ជិនស្រី​ណាស់ ហើយ​នៅពេល​ដែល​បានដឹងថា ពេលវេលា​ដូច​ជា​មក​ដល់​ហើយ​ក្នុង​ការផ្សព្វផ្សាយ​នូវ​ព្រះ​អរិយ​សច្ចៈ​ទៅកាន់​ដែនដី​សៃ​(Sai=Canton) នោះ ព្រះអង្គ​ក៏​និមន្ត​ធ្វើដំណើរ​មក​កាន់​រាជធានី ដោយ​នាវា​សមុទ្ទ ។តាម​ន័យ​នេះ​គឺ​ហាក់ដូចជា​លោក​និមន្ត​ទៅ​ដោយ​ខ្លួន​ព្រះអង្គឯង​
​ប៉ុន្តែ​អត្ថបទ​ព្រះ​អរិយ​បណ្ឌិតោ ប៉ាង ខាត់ និង អត្ថបទ​បរទេស​ខ្លះ​ទៀត​និយាយ​ថា លោក​ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​ចិន​ដោយ​ព្រះមហាក្សត្រ
​ចំណុច​នេះ​យើង​យល់​ស្រប​នឹង​ទស្សនៈ​របស់ ធម្ម​បណ្ឌិត ហេង មណី​ចិន្តា ដែលថា មូលដ្ឋាន​នៃ​ព័ត៌មាន​នេះ​អាច​យកជាការ​បាន​ទាំងពីរ គឺ​ប្រទេស​ចិន​ប្រក​ដ​ជា​បានដឹងថា មាន​ព្រះសង្ឃ​នគរ​ភ្នំ​ដែល​ពូកែ​ល្បី​ខាង​ពុទ្ធ​សាសនា និង ភាសា​ឥណ្ឌា ជា​ពិតប្រាកដ ហើយ​ប្រហែលជា​ស្នើសុំ​មក​នគរ​ភ្នំ ។ ខាង​នគរ​ភ្នំ​ក៏​ប្រាកដជា​មាន​ទំនាក់ទំនង​ខ្លាំងណាស់​ជាមួយ​ព្រះសង្ឃ​អង្គ​នេះ ព្រោះ​ជំនាន់​នោះ ជន​ធម្មតា​មិនអាច​នឹង​មាន​សមត្ថភាព​រៀន​ភាសាសំស្ក្រឹត ឬ ពុទ្ធសាសនា​ដោយ​ជ្រៅជ្រះ​បានទេ បើសិនជា​មិន​ស្ថិតនៅ​ក្នុង​វណ្ណៈ​ខ្ពង់ខ្ពស់ ឬ មាន​ខ្សែស្រឡាយ​ជាមួយ​មហាក្ស័ត្រ ព្រមទាំង​មាន​ព្រះនាម​ល្បីល្បាញ​ដោយ​មិន​មាន​ការ​បៀតបៀន​ពី​ពួក​ព្រាហ្មណ៍ ។ ម្យ៉ាងទៀត​ព្រះមហាក្ស័ត្រ​ខ្មែរ ក៏​មិន​ចេះ​តែ​បញ្ជូន​ជន​ដែល​គ្មាន​ប្រយោជន៍​ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​ដែរ ឬ ក៏​មិន​ចេះ​តែ​អនុញ្ញាត្ត​ឱ្យ​នរណា​ក៏​អាច​ធ្វើ​ដំណើរ​ទៅ​ចិន​បាន​ដែរ​នោះ​ទេ ព្រោះ​ចរាចរណ៍​នៅពេលនោះ ​គឺ​ត្រូវ​ធ្វើ​តាម​នាវា និងមានការ​អនុញ្ញាត្ត​ច្បាស់លាស់​ណាស់​ទើប​អាច​ចេញ​ទៅ​បាន
​គួរកត់សំគាល់​ថា បន្ទាប់​ពី​ព្រះសង្ឃ​វរ្ម័ន​ថេរៈទៅ ព្រះរាជា​ខ្មែរ​ដែល​ជំនាន់​នោះ​គឺ​ព្រះបាទ​កៅណ្ឌិ​ន្យ​ជ័យវរ្ម័ន​នោះ បាន​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​មួយ​រូប​ទៀត​ទៅ​ប្រទេស​ចិន​ព្រះនាម មន្ទ្រ​សេនៈ ។ ទោះ​យ៉ាងណា​គេ​ពុំ​សូវ​ឃើញ​មាន​ការ​ចារិក​ដែលថា​ព្រះ​ចៅ​អធិរាជ​ចិន​គោរព​ប្រណិបត្តិ​ព្រះ​ថេរៈ​អង្គនេះ​ដូច​ព្រះសង្ឃ​វរ្ម័ន​ឡើយ
​ករណី​នេះ​ធម្ម​បណ្ឌិត ហេង មណី​ចិន្តា មាន​ទស្សនៈ​ថា ការ​ដែល​ព្រះ​ចៅ​អធិរាជ្យ​ចិន​សុខចិត្ត​តែងតាំង​ព្រះសង្ឃ​វរ្ម័ន​ឱ្យមាន​ឋានៈ​ជា​ព្រះរាជ​គ្រូ​នេះ ខ្ញុំ​គិតថា​មិន​ត្រឹមតែ​ព្រោះ​ព្រះ​ថេរៈ​មានចំណេះដឹង​ខាង​ភាសា និង ពុទ្ធសាសនា​នោះទេ គឺ​ប្រាកដជា​មាន​លាយឡំ​ទៅដោយ​កិច្ចការ​នយោបាយ និង ការទូត​ជាមួយ​ហ្វ៊ូណន​មិនខាន ហើយ​ក៏​នឹង​អាច​ថា​ព្រះ​ថេរៈ​មាន​ជាប់​ខ្សែស្រឡាយ​ជា​ក្ស័ត្រ​ផងដែរ ព្រោះ​ប្រទេស​ចិន​មាន​ការប្រកាន់​ខ្លាំង​ណាស់​នឹង​រឿង​ពូជ​អំបូរ ខ្សែស្រឡាយ និង ជនជាតិ​ ។​
​ ​ នៅក្នុង​សំនៀង​ជា​ភាសា​ចិន ព្រះសង្ឃ​វរ្ម័ន មាន​ព្រះនាម​ថា សេង​ជី​ប៉ូ​ឡូ​ ដែល​ន័យ​នេះ​អាច​ប្រែជា​ភាសាបាលី​ថា សង្ឃ​បាលៈ , បើ​ជា​ភាសាសំស្ក្រឹត​ថា សង្ឃ​វរ្ម័ន ។
​ធម្ម​បណ្ឌិត ហេង មណី​ចិន្តា មាន​ទស្សនៈ​ថា គួរ​ប្រែ​ព្រះនាម​ព្រះ​បណ្ឌិត​សង្ឃ​ខ្មែរ​រូប​នេះ​ថា សង្ឃ​វរ្ម័ន ជាជាង​ថា សង្ឃ​បាលៈ ព្រោះ​លោក​មាន​ទស្សនៈ​ដូចតទៅ​នេះ ។​
​ ​-
ប៉ូ​ឡូ ជា​ភាសា​ចិន អាច​ប្រែ​ថា បាលៈ (​បាលី​) ក៏បាន , វរ្ម័ន ជា​ភាសាសំស្ក្រឹត ក៏បាន ។​
​ ​-
ក្នុងសម័យ​នគរ​ភ្នំ ភាសា​ដែល​មាន​ឥទ្ធិពល​លើ​ខ្មែរ​នា​ពេល​នោះ​គឺ​ភាសាសំស្ក្រឹត ។​
​ ​-
ព្រះ​ថេរៈ​ប្រាកដជា​មាន​ជាប់​ខ្សែស្រឡាយ​ជា​សន្តតិវង្ស​ជាមួយនឹង​មហាក្ស័ត្រ​នគរ​ភ្នំ​ជាមិនខាន​ដែល​ជា​វង្ស វរ្ម័ន ។ ម្យ៉ាងទៀត​ការប្រើ វរ្ម័ន ជំនួស បាលៈ នេះ ព្រោះ​ចង់​បញ្ជាក់​ប្រាប់​ឱ្យ​ប្រទេស​ដែល​ជា​ពុទ្ធ​មណ្ឌល​ដែល​នៅ​ក្បែរ​ខ្មែរ​យើង​ទាំងឡាយ​ដឹងថា សេង​ជី​ប៉ូ​ឡូ នេះ​គឺជា​ខ្មែរ ហ្វ៊ូណន ឬ នគរ​ភ្នំ​ពិតៗ មិនមែន​ហ្វ៊ូណន​-​ថៃ ឬ ហ្វ៊ូណន​-​ភូមា ឬ ហ្វ៊ូណន​-​មន ទេ ព្រោះ​ជំនាន់​នោះ​មាន​តែ​ខ្មែរ​ទេ​ដែល​ប្រើ​វង្ស វរ្ម័ន​

0 ความคิดเห็น:

แสดงความคิดเห็น