วันพุธที่ 18 พฤษภาคม พ.ศ. 2554

ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ នៅ​ខែ​កត្តិក


វិទ្យាស្ថាន​សូម​ចុះ​ផ្សាយ​ទាំង​ស្រុង​នូវ​អត្ថបទ​ដែល​បាន​ ដក​ស្រង់​ចេញ​ពី​សៀវភៅ ព្រះរាជ​ពិធី​ទ្វាទសមាស បោះពុម្ព​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ។ ពិធីមួយ​ចំនួន​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​​ ត្រូវ​បាន​កែ​សម្រួល​ខ្លះ​នា​ពេល​បច្ចុប្បន្ន​ដោយ​យោល​ទៅ​តាម​សម័យ​កាល​នៃ​ ការ​វិវឌ្ឍរបស់​សង្គម ។
ស សុខនី
ព្រះ​រាជ​ពិធី​ធំ​ៗ ៣ មុខ គឺ​ព្រះ​រាជ​ពិធី​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ តែង​មាន​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ។ ព្រះ​រាជ​ពិធី​ទាង​នេះ ធ្វើ​នៅ​ក្នុង​ទន្លេ​ចតុម្មុខ នឹង​នៅ​កំពង់​ផែ ខាង​មុខ​ព្រះ​បរម​រាជ​វាំង អស់​ថិរវេលា ៣ ថ្ងៃ គឺ​ថ្ងៃ ១៤ កើត ១៥ កើត នឹង ១ រោច ខែ​កត្តិក ។
តាម​កំណត់​ព្រះ​រាជ​ពិធី ក្នុង​រជ្ជកាល​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម​-សុរាម្រិត ព.ស. ២៥០១ គ.ស. ១៩៥៨ មាន​សេចក្ដី​ដូច​រៀបរាប់​តទៅ ៖
ព្រះ​រាជ​ពិធី​អុំទូក នឹង​បណ្ដែត​ប្រទីប ឥត​មាន​ប្រកាន់​ឈ្មោះ​ថ្ងៃ​ទេ ប្រកាន់​តែ​លំដាប់​ថ្ងៃ គឺ​១៤-១៥​កើត នឹង ១ រោច ខែ​កត្តិក​ប៉ុណ្ណោះ ដូច​រៀបរាប់​ខាង​មុខ ៖
ថ្ងៃ​ទី ១ គឺ​ថ្ងៃ ១៤ កើត ខែ​កត្តិក
ម៉ោង ១៦ គឺ​ម៉ោង ៤ រសៀល ប្រណាំង​ទូក​ង ទូក​មួង ។
ទូក ​ដែល​ត្រូវ​មក​ប្រណាំង​នោះ ប្រហែល ៣០ គូ មក​ពី​វត្ត​ក្នុង​ខែត្រ​ផ្សេង​ៗ ដែល​នៅ​ជិត​មាត់​ទន្លេ មាន​ខែត្រ​កណ្ដាល នឹង​ខែត្រ​កំពង់​ចាម ជា​ដើម ។
របៀប ​ប្រណាំង​ទូក គេ​ផ្គូ​គ្នា​ជា​គូ ២ ចេញ​ប្រណាំង​ត ៗ គ្នា​ជា​លំដាប់​លំដោយ​បណ្ដោយ​ទឹក​​តាម​ដង​ទន្លេ​កំពង់​ឆ្នាំង ដើម​ទី​ទន្ទឹម​នឹង​ភ្នំ​ដូន​ពេញ ចុង​ទី​ចំមុខ​ព្រះ​រាជ​ដំណាក់​ផែ ផ្គូ​ប្រណាំង ២ គូ ឬ ៣ គូ ម្ដង​ក៏​មាន ច្រើន​ជាង​នោះ​ក៏​មាន ចុះ​មក​ដល់​ចុង​ទី ហើយ​សារ​ត្រឡប់​ឡើង​ទៅ​ផ្គូ​ម្ដង​ទៀត សារ​ចុះ​សារ​ឡើង ៣ លើក​ក្នុង ១ ថ្ងៃ គ្រប់​ទាំង ៣ ថ្ងៃ ។
នៅ​ពេល​ប្រណាំង​ទូក ភ្លេង​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ភ្លេង​ពិណពាទ្យ​ប្រគំ​នៅ​ព្រះ​រាជ​ដំណាក់​​ផែ តាម​រយៈ​ទូក​ចុះ​ឡើង ។
ព្រះ ​រាជ​វង្សានុវង្ស តំណាង​រាស្ត្រ ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ នាហ្មឺន​សព្វ​មុខ​មន្ត្រី​ទាំង​ទាហាន​ទាំង​ស៊ីវិល មន្ត្រី​កិត្តិយស ប្រជុំ​នៅ​ព្រះ​ទីនាំង​មករ ព្រះ​ទីនាំង​បល្ល័ង្ក តាំង​ពី​ម៉ោង ២ រសៀល​ចាំ​ក្រាប​បង្គំ​គាល់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី ដែល​នឹង​ស្ដេច​យាង​មក​ប្រថាប់​ក្នុង​ព្រះ​រាជ​ដំណាក់​ផែ នៅ​វេលា​ម៉ោង ៤-១០ នាទី​រសៀល ។
ទាហាន​ក្រុម​រក្សា​ព្រះ​អង្គ ក្រុម​ខេមរភូមិន្ទ ចាំ​គោរព​អម​សង​ខាង​ផ្លូវ តាំង​ពី​មុខ​ទ្វារ​ព្រះ​បរម​រាជ​វាំង រហូត​ដល់​មាត់​ច្រាំង, ទាហាន​សេះ​ក្រុម​រក្សា​ព្រះ​អង្គ ចាំ​គោរព​អម​តាម​មាត់​ជណ្ដើរ ដែល​ស្ដេច​ចុះ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ ។ ប្រធាន​រដ្ឋ​សភា ប្រធាន​ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ រង់​ចាំ​ក្រាប​បង្គំ​ទទួល​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី នៅ​មាត់​ជណ្ដើរ​ខាង​លើ ហើយ​តាម​ហែ​ព្រះ​អង្គ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ ។
ម៉ោង ១៦ គឺ​ម៉ោង ៤-១០ នាទី​រសៀល ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី​ស្ដេច​យាង​ចេញ​ពី​ព្រះ​បរម​រាជវាំង ទៅ​គង់​ប្រថាប់​ក្នុង​ព្រះ​រាជ​ដំណាក់​ផែ ត្រា​តែ​រួច​ព្រះ​រាជ​ពិធី ។
កាល ​ទ្រង់​ស្ដេច​យាង​ចេញ មាន​ក្រុម​ឧត្ដម​ប្រឹក្សា​ព្រះ​រាជា នឹង​ព្រះ​រាជ​បរិពារ​ផ្ទាល់​ព្រះ​អង្គ​តាម​ហែ មាន​ភ្លេង​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ប្រគំ​គោរព ។
សូម​ជ្រាប​ថា ក្នុង​ព្រះ​រាជ​ពិធី​នេះ តាំង​ពី​ថ្ងៃ​ដំបូង​រហូត​ដល់​ថ្ងៃ​បង្ហើយ គ្រឿង​ទ្រង់​នឹង​សំលៀក​បំពាក់, សម្រាប់​ព្រះ​រាជា ព្រះ​ពស្ត្រ​ព័ណ៌ ព្រះ​ភូសា​ស័ក្ដិ​ព្រះ​អង្សា ឬ​ស្នាប់​ព្រះ​ជង្ឃ ព្រះ​ភូសា​ស បើក​ព្រះ​សូរង ស័ក្ដិ​ព្រះ​អង្សា ។ សម្រាប់​នាហ្មឺន​សព្វ​មុខ​មន្ត្រី សំពត់​ព័ណ៌ អាវ​កុត​ស ស័ក្ដិ​ស្មា ឬ​ខោ​ជើង​វែង អាវ​បើក​ក​ស ។ សម្រាប់​ទាហាន ខោ​វែង​ឯក​សណ្ឋាន​តាម​ក្រុម ។ គ្រឿង​ឥស្សរិយ​យស " បារ៉េត " ។
ម៉ោង ១៩ គឺ​ម៉ោង ៧ យប់ អុជ​ប្រទីប​ជ្វាលា​នៅ​ព្រះ​រាជ​ដំណាក់​ផែ នឹង​ទូក​កប៉ាល់ ។
នៅ ​ពេល​ដំណាល​គ្នា​នោះ បណ្ដែត​ប្រទីប​ដែល​រចនា​រូប​ភាព​ផ្សេងៗ ។ បណ្ដា​ប្រទីប​ទាំង​នោះ ប្រទីប​របស់​ព្រះ​មហាក្សត្រ​មាន​ត្រា​មកុដ​ជា​សញ្ញា, ប្រទីប​របស់​ទី​ស្ដី​ការ​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​មាន​រូប​សីមា​ជា​ សញ្ញា, ប្រទីប​របស់​ទី​ស្ដី​ការ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​មាន​រូប​ត្រា​ជូ (ជញ្ជីង) ជា​សញ្ញា ជា​ដើម សុទ្ធ​តែ​តាំង​លើ​ទូក​លើ​កប៉ាល់​តូច​ៗ រចនា​ដោយ​អគ្គិសនី​ព័ណ៌​ផ្សេងៗ ។ មាន​កប៉ាល់​ ១ សណ្ដោង​ប្រទីប​ទាំង​នោះ​មក​ប្រជុំ​នៅ​មុខ​ព្រះ​រាជ​ដំណាក់​ផែ ។ មុន​ពេល​ចេញ​ដំណើរ​ហែ​តាម​ដង​ទន្លេ ប្រទីប​ព្រះ​មហា​ក្សត្រ​ដែល​នៅ​មុខ​គេ​បំផុត អែប​ចូល​ទៅ​ជិត​ព្រះ​រាជ​ដំណាក់​ផែ ហើយ​ព្រះ​រាជា​ទ្រង់​អុជ​ប្រទីប​នោះ​ផ្ទាល់​ព្រះ​អង្គ ដោយ​ព្រះ​ឈុត​ឈ្នួន​ដង​វែង ដែល​ឧកញ៉ា​ព្រះ​ស្ដេច​ចាងហ្វាង​សង្ឃការី​ថ្វាយ​ទ្រង់ ។ ប្រទីប​ដែល​ព្រះ​រាជា​ទ្រង់​អុជ​នោះ ជា​ទៀន​ក្រមួន​សុទ្ធ ខ្នាត​តូចៗ ហៅ​ទៀន​រ៉ាវ ដែល​បិទ​រាយ​ភ្ជាប់​នៅ​រាង​ប្រទីប​មាន​ចំនួន ៥០០ ដើម ព្រះ​មហា​ក្សត្រ​ទ្រង់​អុជ ៣ ដើម ហើយ​សម្ដេច​ព្រះ​មហាក្សត្រិយានី ព្រះ​ទាំង​សម្ដេច​ព្រះ​ឧបយុវរាជ​ទ្រង់​អុជ ៣ ដើម​ៗ មួយ​ព្រះ​អង្គ​ទៀត ។ រួច​ព្រះ​រាជ​វង្សានុវង្ស​ទ្រង់​អុជ នឹង​នាហ្មឺន​ធំ ២ ដែល​នៅ​គាល់​ជិត​ព្រះ​ករុណា​អុជ​ត ៗ ទៅ​ដរាប​ដល់​គ្រប់​ទៀន​រ៉ាវ ៥០០ ដើម ។ រួច​ហើយ​កប៉ាល់​សណ្ដោង​ប្រទីប​នោះ​ចេញ​បែរ​មុខ​ទៅ​ខាង​ជើង មាន​ល្បឿន​គ្រឿន ៗ សន្សឹម ៗ ច្រាស​ទឹក​ទោ​តាម​ទន្លេ​កំពង់​ឆ្នាំង ដល់​មុខ​វត្ត​ភ្នំ​ដូនពេញ ហើយ​វិល​ត្រឡប់​ចុះ​បណ្ដោយ​ទឹក​មក​វិញ ដល់​មុខ​ព្រះ​រាជ​ដំណាក់​ផែ​ត្រឡប់​ឡើង​ច្រាស​ទឹក​ទៅ​វិញ​ទៀត សារ​ចុះ សារ​ឡើង ៣ លើក ដរាប​ដល់​ម៉ោង ២២ គឺ​ម៉ោង ១០ យប់​ទើប​ឈប់ ។
ពី​ម៉ោង ២១ គឺ​ម៉ោង ៩ យប់​ដល់​អាធ្រាត បញ្ចាំង​ភាពយន្ត​នៅ​វាល​ព្រះ​មេរុ ចែក​ជូន​មហាជន​ទស្សនា ។
ពី ​ម៉ោង ២២ គឺ​ម៉ោង ១២ យប់​ដល់​ភ្លឺ ពួក​កញ្ញា​នារី​ច្រៀង​សកវាទិ៍​ក្នុង​ព្រះ​រាជ​ដំណាក់​ផែ ដោយ​មាន​ប្រគំ​ភ្លេង​មហោរី ភ្លេង​ពិណពាទ្យ យ៉ាង​ពីរោះ​ក្រ​លួច​គួរ​សវនា ។
ថ្ងៃ​ទី ២ គឺ​ថ្ងៃ ១៥ កើត ខែ​កត្តិកម៉ោង ១៦ គឺ​ម៉ោង ៤ រសៀល ប្រណាំង​ទូក​ង ទូក​មួង ដោយ​មាន​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ភ្លេង​ពិណពាទ្យ ប្រគំ​តាម​រយៈ​ទូក​ចុំ​ឡើង​ដូច​ថ្ងៃ​ទី ១ ។
ព្រះ​រាជ​ វង្សានុវង្ស រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ អនុរដ្ឋលេខាធិការ តំណាង​រាស្ត្រ ក្រុម​ប្រឹក្សា​ព្រះ​រាជាណាចក្រ នាហ្មឺន​សព្វ​មុខ​មន្ត្រី (ទាហាន ស៊ីវិល) មន្ត្រី​កិត្តិយស ចូល​ក្រាប​បង្គំ​គាល់ នៅ​កន្លែង​ដដែល ដូច​ថ្ងៃ​ទី ១ ។
ម៉ោង ២៤ គឺ​ម៉ោង ១២ យប់ ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ មាន​របៀប​ដូច​រៀបរាប់​តទៅ ៖
ពួក ​ព្រះ​ក្រាល​រៀប​ចំ​ក្រាល​កម្រាល​នៅ​ទី​ខាង​លើ​មាត់​ច្រាំង ត្រង់​​ជណ្ដើរ​ចុះ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ នៅ​ចំ​កណ្ដាល​កម្រាល​នោះ​មាន​រៀប​រណ្ដាប់​អំបាល​នេះ គឺ អំបុក ២ តោក​ធំ ដូង​ខ្ចី ១០ ផ្លែ ចេក​ពង​មាន់ ១០ ស្និត ទៀន​ធំ ១៤ ដើម (តំណាង​ខែត្រ ១៤) ដោយ​មាន​ជើង​ដំកល់​សម្រាប់​បង្វិល​សម្រក់​គ្រប់​ទាំង ១៤ ដើម ។ រៀប​រួច​ហើយ​ដល់​ម៉ោង ២៤ គឺ​ម៉ោង ១២ យប់ ព្រះ​ចន្ទ​ពេញ​វង់​ត្រង់​ចំ​ពី​លើ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង សម្ដេច​ព្រះ​មហា​ក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ ទ្រង់​ស្ដេច​ចេញ​មក​គង់​ប្រថាប់​កណ្ដាល​ទី​ប្រជុំ ដោយ​ជួបជុំ​ព្រះ​រាជ​វង្សានុវង្ស គណៈ​រដ្ឋ​មន្ត្រី នឹង​នាហ្មឺន​សព្វ​មុខ​មន្ត្រី​គង់​អង្គុយ​គាល់​ត្រៀប​ត្រា ។ លុះ​ជួប​ជុំ​ហើយ ឧកញ៉ា​ព្រះ​ស្ដេច​ចាងហ្វាង​ក្រុម​សង្ឃការី ក្រាប​ថ្វាយ​បង្គំ​ចូល​ទៅ​អុជ​ទៀន​ថ្វាយ​ព្រះ​រតនត្រ័យ នឹង​ទេវតា នាំ​នមស្ការ​ព្រះ​រតនត្រ័យ ហើយ​សូត្រ​ប្រកាស​ទេវតា​ដោយ​ពាក្យ​ប្រកាស​ដូច​តទៅ​នេះ ៖
ភោន្តោ ទេវ​សង្ឃា​យោ បពិត្រ​អស់​ពពួក​ទេព​និករ​អ​មរ​មេឃ​ទាំង​មួយ​សែន​កោដិ​ចក្រវាឡ មាន​ទេពតា​ដែល​ឋិត​នៅ​ក្នុង​ឋាន​ឆកាមាវចរ​សួគ៌​ទាំង​៦ ជាន់ គឺ​ឋាន​ចតុម្មហ​រាជិកា តាវត្តិង្ស យាមា តុស្សិត និម្មានរតី បរ​និម្មិត មាន​សម្ដេច​ព្រះ​អមរិន្ទ្រា​ទេវរាជ ជា​ដើម នឹង​ឋាន​សោឡស​ព្រហ្ម​លោក ១៦ ជាន់ មាន​សម្ដេច​ព្រះ​មហា​ព្រហ្ម​ជា​ប្រធាន ព្រម​ទាំង​ភុម្ម​ទេវា រុក្ខ​ទេវា អារក្ខ​ទេវា អាកាស​ទេវា បណ្ដា​ដែល​ឋិត​នៅ​ក្នុង​ព្រៃ​ភ្នំ និគម​ជនបទ ច្រក​ជ្រោះ​ជ្រលង​ដង​អូរ កុម្ភីរ​ជលសា ស្ទឹង បឹងបួ ជួរ​ទន្លេ នឹង​ទេពតា​ដែល​ឋិត​នៅ​គ្រប់​វត្ត​អារាម ក្នុង​ខែត្រ​ខ័ណ្ឌ​ពន្ធ​សីមា ព្រះ​រាជ​ណាចក្រ​កម្ពុជា មាន​ទេវតា​រក្សា​ស្វេតច្ឆត្រ នឹង​ទេវតា​រក្សា​ព្រះ​អង្គ​កន្លោង ទេវតា​រក្សា​ព្រះ​ដំណាក់​ផែ​ជា​ដើម ។
អាយន្ត្វេត្ថ សមាគមេ យើង​ខ្ញុំ​ទាំង​អស់​សូម​អញ្ជើញ​ទេពតា​គ្រប់​ព្រះ​អង្គ ស្ដេច​យាង អញ្ជើញ មក​សន្និបាត​ប្រជុំ ក្នុង​ព្រះ​រាជ​ដំណាក់​ផែ​នេះ​ជា​ក្រសិណ ។
ដ្បិត ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ (នរោត្ដម​1 សុរាម្រិត វិសុទ្ធ​មហា​ខត្តិយវង្ស វិសុទ្ធិ​ហរិពង្ស គុណា​តិរេក ធម្ម​ចរិយោត្ដម បរម​បពិត្រ ព្រះ​ចៅ​ព្រះ​រាជ​អាណាចក្រ​កម្ពុជាធិបតី ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ នាយក​រដ្ឋ​មន្ត្រី) ទ្រង់​មាន​ព្រះ​រាជ​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា បាន​រៀប​ព្រះ​រាជ​ពិធី​បុណ្យ​ចុះ​ព្រះ​រាជ​ដំណាក់​ផែ ហើយ​ទ្រង់​ត្រាស់​បង្គាប់​មន្ត្រី​ខ្ញុំ​រាជការ​គ្រប់​ដំណែង​ឲ្យ​រៀប​ តាក់តែង​អុំ​ទូក លយ​ព្រះ​កន្ទោង អុជ​កាំជ្រួច​រន្ទា ប្រទីប​ជ្វាលា​មាន​រស្មី​ភ្លឺ​ព្រោងព្រាត រុង​រឿង​ល្អ​ជាទី​អស្ចារ្យ មាន​ទាំង​ដូរ្យដន្ត្រី​រាំ​ប្រគំ​ថ្វាយ​ព្រះ​រតនត្រ័យ នឹង​ព្រះ​ចង្កូម​កែវ ដែល​ទ្រង់​ព្រះ​សណ្ឋិត​គង់​នៅ​ក្នុង​ឋាន​ភុជង្គ​នាគ នឹង​ព្រះ​ពុទ្ធ​បាទ​ដែល​នៅ​ក្នុង​ស្ទឹង​យោនក​បុរី នឹង​ព្រះ​ចូឡាមុនី(?) ដែល​ទ្រង់​សណ្ឋិត​នៅ​ក្នុង​ឋាន​តាវត្តឹង្ស ព្រម​ទាំង​ព្រះ​ចេតិយ​ដែល​ទ្រង់​ព្រះ​សណ្ឋិត​ក្នុង​ឋាង​ព្រហ្ម​លោក ព្រម​ទាំង​បូជា​ដល់​ទេពតា​គ្រប់​ព្រះ​អង្គ, ព្រះ​រាជ​ពិធី​បុណ្យ​នេះ (ចូល​ពី​ថ្ងៃ​អង្គារ ១៤ កើត​ខែ​កត្តិក ឆ្នាំ​ច​សំរិទ្ធិស័ក ព.ស. ២៥០១ ត្រូវ​នឹង​ថ្ងៃ ២៥ ខែ​វិច្ឆិកា ឆ្នាំ ១៩៥៨ ដរាប​ដល់​ថ្ងៃ​ពុធ ១៥ កើត ខែ​កត្តិក2 នេះ) ជា​ថ្ងៃ​ពេញ​បូណ៌មី​ព្រះ​ចន្ទ​ពេញ​វង់ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​រៀប​គ្រឿង​សក្ការៈ អំបុក ចេក ដូង ថ្វាយ ប្រះ​ខែ បូជា​ចំពោះ​ព្រះ​បរម​រូប​ព្រះ​ស​ស​បណ្ឌិត​បរម​​ពោធិសត្វ ដែល​ទ្រង់​ព្រះ​សណ្ឋិត​តាំង​នៅ​ក្នុង​វង់​ព្រះ​ចន្ទ​សព្វ​ថ្ងៃ​នេះ នឹង​បញ្ច​វលាហកៈ ទាំង ៥ ព្រះ​អង្គ ព្រម​ទាំង​ទេពតា​គ្រប់​ព្រះ​អង្គ តាម​ព្រះ​រាជប្បវេណី​អំពី​បុរាណ​រៀង​មក លុះ​ដល់​ថ្ងៃ (ព្រហស្បតិ៍3) ១ រោច ខែ - ឆ្នាំ​ដដែល​នេះ ពិធី​ផ្ដាច់​ព្រ័ត្រ​ជា​កិច្ច​សម្រេច​ព្រះ​រាជ​ពិធី​បុណ្យ ។
ហេតុ​នេះ សូម​ទេពតា​គ្រប់​ព្រះ​អង្គ​ស្ដេច​យាង អញ្ជើញ​ធ្វើ​ទស្សនកិច្ច នឹង​សេព​សោយ​នូវ​គ្រឿង​សក្ការៈ​បូជា​ជា​ទី​កំសាន្ត​តាម​សព្វ​ព្រះ​ហ្ឫទ័យ ស្រេច​ហើយ​សូម​មេត្តា​ជួយ​ឧបត្ថម្ភ​គាំ​ពារ (ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី សម្ដេច​ព្រះ​ឧបយុវរាជ នាយក​រដ្ឋ​មន្ត្រី​4) សូម​កុំ​ឲ្យ​មាន​រោគា​ព្យាធិ​ចូល​មក​បៀតបៀន​ក្នុង​ព្រះ​អង្គ​ឡើយ សូម​ទ្រង់​មាន​ជោគជ័យ មាន​តេជះ ឈ្នះ​សឹក​សត្រូវ​គ្រប់​ទិសានុទិស ហើយ​សូម​ទ្រង់​បាន​ប្រកប​នូវ​ព្រះ​សុខ​ភាព​នឹង​វឌ្ឍនភាព ទ្រង់​តាំង​នៅ​ក្នុង​សិរី​រាជ​សម្បត្តិ ឲ្យ​បាន​ថ្កុំថ្កើង​រុងរឿង​អស់​កាល​ជា​អង្វែង ព្រម​ទាំង​ព្រះ​រាជ​វង្សានុវង្ស គណៈ​រដ្ឋមន្ត្រី ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ​កម្ពុជា រដ្ឋ​សភា នាហ្មឺន​តូច​ធំ ខ្ញុំ​រាជការ​ប្រុស-ស្រី នឹង​អាណា​ប្រជានុរាស្ត្រ ដែល​ជា​ពលរដ្ឋ​ទាំង​អស់ នៅ​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជាធិបតី​នេះ ក៏​សូម​ឲ្យ​បាន​សេចក្ដី​សុខ - ចំរើន​គ្រប់​គ្នា​ទាំង​អស់​ត​ទៅ ។
ម្យ៉ាង​ទៀត យើង​ខ្ញុំ​ទាំង​ឡាយ សូម​បួងសួង​ចង់​ដឹង​នៅ​ឧទកធារា ដែល​ទេពតា​គ្រប់​ព្រះ​អង្គ មាន​បញ្ច​វលាហកៈ​ជា​ដើម​បង្អោរ​ទឹក​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​ក្នុង​ព្រះ​រាជ ​អាណាចក្រ​កម្ពុជា​ទាំង ១៤ ខែត្រ ក្នុង​ឆ្នាំ (កុរ​នក្សត្រ​ឯកស័ក ព.ស. ២៥០២​5) នៅ​ខាង​មុខ​នេះ តើ​ខេត្ត​ណា​មាន​ភ្លៀង​ច្រើន​ជាង​ខេត្ត​ណា យើង​ខ្ញុំ​សូម​សន្មត​ទៀន​ទាំង ១៤ នេះ ជា​តំណាង​ទឹក​ភ្លៀង​គ្រប់​ខេត្ត​ទាំង​អស់ គឺ​ទៀន​ទី ១ តំណាង​ទឹក​ភ្លៀង​ខេត្ត​កណ្ដាល ទៀន​ទី ២ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់​ចាម ទៀន​ទី ៣ តំណាង​ទឹក​ភ្លៀង​ខេត្ត​​បាត់​ដំបង ទៀន​ទី ៤ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពត ទៀន​ទី ៥ តំណាង​ទឹក​ភ្លៀង​ខេត្ត​ព្រៃវែង ទៀន​ទី ៦ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់ឆ្នាំង ទៀន​ទី ៧ តំណាង​ទឹក​ភ្លៀង​ខេត្ត​តាកែវ ទៀន​ទី ៨ តំណាង​ទឹក​ភ្លៀង​ខេត្ត​ស្វាយ​រៀង ទៀន​ទី ៩ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់​ធំ ទៀន​ទី ១០ តំណាង​ទឹក​ភ្លៀង​ខេត្ត​សៀមរាប ទៀន​ទី ១១ តំណាង​ទឹក​ភ្លៀង​ខេត្ត​ក្រចេះ ទៀន​ទី ១២ តំណាង​ទឹក​ភ្លៀង​ខេត្ត​កំពង់​ស្ពឺ ទៀន​ទី​១៣ តំណាង​ទឹក​ភ្លៀង​ខេត្ត​ពោធិ៍សាត់ ទៀន​ទី​១៤ តំណាង​ទឹក​ភ្លៀង​ខេត្ត​ស្ទឹង​ត្រែង6 ។
សូម​ទេពតា​នឹង​មហា​ព្រហ្ម បញ្ចវលាហកៈ​គ្រប់​ព្រះ​អង្គ​មេត្តា​បង្អោរ​ទឹក​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​ ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ឲ្យ​បាន​បរិបូណ៌​ដើម​ឆ្នាំ​នឹង​កណ្ដាល​ឆ្នាំ​ចុង​ឆ្នាំ ឲ្យ​បាន​គ្រប់​ខេត្ត​ទាំង​អស់ ហើយ​សូម​ឲ្យ​កើត​ផលានុផល គឺ ស្រូវ​អង្ករ សណ្ដែក ល្ង ពោត ក្របាស ថ្នាំ ឲ្យ​បាន​បរិបូណ៌។​​​​​​
ប្រកាស​ទេវតា​ចប់​ ហើយ ព្រះ​រាជា​ទ្រង់​ស្ដេច​អុជ​ទៀន​ទាំង ១៤ ដើម រួច​បង្វិល​ទៀន​ទាំង ១៤ សម្រក់​ផ្សង សុំ​ទឹក​ភ្លៀង​ឲ្យ​បរិបូណ៌​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​កើត​ផលានុផល​ដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជា​ពលរដ្ឋ ។
លុះ​ផ្សង​ រួច ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​ព្រះ​បរម​រាជានុញ្ញាត​ព្រះ​រាជ ​ទាន​រណ្ដាប់​ដង្វាយ​ទាំង​ឡាយ មាន​អំបុក​ចេក​ជាដើម ដល់​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ទាំងឡាយ​ឲ្យ​ទទួល​ព្រះ​រាជ​ទាន​ជា​ទី​កំសាន្ត ​សប្បាយ ។
ទំនៀម​អក​អំបុក សំពះ​ព្រះ​ខែ ខាង​ពិធី​រាស្ត្រ​មាន​របៀប​រៀប​ចំ​នឹង​រណ្ដាប់​ប្រហែល​ព្រះ​រាជ​ពិធី​ដែរ ហើយ​ក្នុង​ពេល​អក​ពួក​រាស្ត្រ​គេ​តែង​ងើយ​មុខ​ឡើង​មើល​ទៅ​ដួង​ព្រះ​ចន្ទ ដែល​នៅ​កណ្ដាល​អម្ពរ​ចំ​ពី​លើ​សិរសា ប្រណម្យ​អញ្ជលី ហើយ​ទើប​ចាប់​អំបុក​ឡើង​អក, ខាង​ព្រះ​រាជ​ពិធី​ក៏​ធ្វើ​ដូច្នេះ​ដែរ គ្រាន់​តែ​មាន​របៀប​នឹង​រណ្ដាប់​ឧត្ដុង្គ​ឧត្ដម​ជាង​ពិធី​រាស្ត្រ​ប៉ុណ្ណោះ ។
ក្នុង ​ថ្ងៃ ១៥ កើត ក្រៅ​ពី​ព្រះ​រាជ​ពិធី​សំពះ​ព្រះ​ខែ តាំង​ពី​ម៉ោង ១៤ គឺ​ម៉ោង ៤ រសៀល​រហូត​ដល់​ភ្លឺ មាន​ព្រះ​រាជ​ពិធី​ដទៃ​ដូច​ថ្ងៃ​ទី ១ ។
ថ្ងៃ​ទី ៣ គឺ​ថ្ងៃ ១ រោច ខែ​កត្តិក
ម៉ោង ១៤ គឺ​ម៉ោង ២ រសៀល ប្រណាំង​ទូក​ង ទូក​មួង ដោយ​មាន​ដន្ត្រី​ព្រះ​រាជ​ទ្រព្យ ភ្លេង​ពិណពាទ្យ ប្រគំ​តាម​រយៈ​ទូក​ចុះ​ឡើង​ដូច​ថ្ងៃ​ទី ១ ។
ព្រះ​រាជ​ វង្សានុវង្ស រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខាធិការ តំណាង​រាស្ត្រ ក្រុម​ប្រឹក្សា​ព្រះ​រាជ​អាណាចក្រ នាហ្មឺន​សព្វ​មុខ​មន្ត្រី ទាំង​ទាហាន​ទាំង​ស៊ីវិល មន្ត្រី​កិត្តិយស ចូល​ក្រាប​បង្គំ​គាល់ នៅ​កន្លែង​ដដែល ដូច​ថ្ងៃ​ទី ១ ។
ម៉ោង ១៥,៣០ នាទី គឺ​ម៉ោង ៣ កន្លះ​រសៀល អង្គ​ទូត​អញ្ជើញ​មក​ក្រាប​បង្គំ​គាល់​ព្រះ​ករុណា ជា​អម្ចាស់​ជីវិត​លើ​ត្បូង នឹង​សម្ដេច​ព្រះ​មហាក្សត្រិយានី តាម​សេចក្ដី​អញ្ជើញ ។
​​ ចាងហ្វាង​ក្រុម​ព្រះ​រាជ​មន្ទីរ ព្រះ​រាជង្គរក្ស​ទី ១ ចាំ​ទទួល​នៅ​ត្រង់​ជណ្ដើរ​ចុះ​ទៅ​ព្រះ​រាជ​ដំណាក់​ផែ ។
ទាហាន ​ក្រុម​រក្សា​ព្រះ​អង្គ ក្រុម​ខេមរភូមិន្ទ ក្រុម​ភ្លេង​កង​វរ​សេនា​តូច​រក្សា​ព្រះ​អង្គ គោរព​គំនាប់​នៅ​វេលា​អញ្ជើញ​មក​ដល់ នឹង​ត្រឡប់​ទៅ​វិញ ។
លុះ​ជួបជុំ​ហើយ ចាត់​ការ​ប្រណាំង​ទូក​កាត់​ព្រ័ត្រ ដោយ​របៀប​ដូច​តទៅ​នេះ ៖
ថ្ងៃ ​ទី ៣ គឺ​ថ្ងៃ ១ រោច ខែ​កត្តិក ជា​ថ្ងៃ​បង្ហើយ មាន​ការ​ប្រណាំង​ទូក​កាត់​ព្រ័ត្រ​យ៉ាង​ឧឡារិក​ជាង​ថ្ងៃ​មុន​ៗ គឺ​លើក​ទី ១ លើក​ទី ២ ផ្គូ​ទុក​ជា​គូ ៗ ដូច​ថ្ងៃ​ទី ១ ទី ២ ដែរ, ប្លែក​តែ​លើក​ទី ៣ ក្រោយ​បំផុត​ភ្ជុំ​ពួក​ទូក​ទាំង​អស់​នៅ​ដើម​ទី ទូក​ចែវ​ដោយ​ទូក​ចែវ ទូក​អុំ​ដោយ​ទូក​អុំ ហើយ​ទូក​ទាំង​នោះ ចេញ​ស្រប​ស្មើ​គ្នា​មក​ទាំង​ហ្វូង បែរ​មុខ​មក​ខាង​ត្បូង​បណ្ដោយ​ទឹក មាន​អាការ​ដូច​ជា​ខំ​នាំ​គ្នា​បណ្ដេញ​ទឹក​ឲ្យ​ស្រក​ហូរ​ចុះ​ទោ​សមុទ្រ​ឆាប់ ៗ ។
ការ​ប្រណាំង​ទុក​នេះ មាន​បោះ​យុថ្កា​ភ្ជាប់​សំប៉ាន ១ ចំ​កណ្ដាល​ទន្លេ ៤ មុខ ត្រង់​មុខ​ព្រះ​រាជ​តំណាក់​ផែ មាន​ភ្នាក់ងារ​ម្នាក់​ស្លៀក​ខោ​ខៀវ​ពាក់​ងាវ​ក្រហម អង្គុយ​លើ​សំប៉ាន​នោះ​កាន់​ដំបង​ចាំ​វាយ​ស្គរ​តូច​មួយ នៅ​ពេល​ដែល​ពួក​ទុក​មក​ដល់​ទី​នោះ ១ លើក ៗ ជា​សទ្ទសញ្ញា តាំង​ពី​លើក​ទី ១ ទី ២ រហូត​ដល់​លើក​ទី ៣ ក្រោយ​បំផុត ឲ្យ​ដំណឹង​ថា​ទូក​ណា​ឈ្នះ​ទូក​ណា​ចាញ់ ។ ធ្វើ​ដូច្នេះ​តាំង​ពី​ថ្ងៃ​ដំបូង តែ​នៅ​ថ្ងៃ​ក្រោយ​បំផុត​សន្មត​ហៅ​ថា " ព្រះ​រាជ​ពិធី​កាត់​ព្រ័ត្រ " ។
ពេល​នោះ​ល្អ​មើល​ជាង​ពេល​ទៀត មហា​ជន​រាប់​ម៉ឺន​នាក់​ដែល​រង់​ចាំ​ទស្សនា មាន​នេត្រា​បាញ់​តម្រង់​ទៅ​ទូក ទៅ ទី​កាត់​ព្រ័ត្រ​នោះ​គ្រប់ ៗ គ្នា​ដោយ​សេចក្ដី​រីករាយ​យ៉ាង​មហិមា​រៀង​ខ្លួន ។
អស់​ព្រះ​រាជ​ពិធី​អុំ​ទូក​ត្រឹម​ប៉ុណ្ណេះ
កំណត់​សម្គាល់លេខយោង
១. ត្រង់​វង់​ក្រចក​នេះ សម្រាប់​ចុះ​ព្រះ​បរម​នាម​នៃ​ព្រះ​រាជា​ដែល​ទ្រង់​រាជ្យ ក្នុង​រជ្ជកាល​ដែល​ទ្រង់​ធ្វើ​ព្រះ​រាជ​ពិធី​នេះ ។
២. ត្រង់​វង់​ក្រចក​នេះ សម្រាប់​កាល​បរិច្ឆេទ​ដែល​ធ្វើ​ព្រះ​រាជ​ពិធី​រៀង​រាល់​ឆ្នាំ ។
៣. ត្រង់​វង់​ក្រចក​នេះ សម្រាប់​ចុះ​ព្រះ​បរម​នាម​ក្នុង​រជ្ជកាល​ដែល​ធ្វើ​ព្រះ​រាជ​ពិធី​នេះ ។
៤. ត្រង់​វង់​ក្រចក​នេះ សម្រាប់​ចុះ​ព្រះ​បរម​នាម​​ក្នុង​រជ្ជកាល​ដែល​ធ្វើ​ព្រះ​រាជ​ពិធី​នេះ ។
៥. សម្រាប់​ចុះ​កាល​បរិច្ឆេទ​នៃ​ព្រះ​រាជ​ពិធី​នេះ ។
៦. ចំនួន​នេះ កំណត់​តាម​ខែត្រ​ក្នុង​ព្រះ​រាជ​អាណាចក្រ​ដែល​មាន​ក្នុង​សម័យ​ធ្វើ​ព្រះ​រាជ​ពិធី​នេះ
ប្រភព  http://www.budinst.gov.kh/?q=node/312

0 ความคิดเห็น:

แสดงความคิดเห็น