Le serment des fonctionnaires de
SURYAVARMAN 1er
933 çaka
(កម្ពុជសុរិយា លេខ ១ ឆ្នាំ ១៩៩៤)
គេបានរកឃើញអត្ថបទនៃពាក្យសម្បថ របស់តម្រួតភាគ (ស្រុក) ថ្នាក់ ឯក - ទោ - ត្រី - ចត្វា នៅក្នុងសិលាចារឹក ដែលបានចារលើមេទ្វារនៃគោរៈបុរៈខាងកើតបរិវេណខាងក្នុងនៃព្រះបរម រាជវាំងគឺ ក្លោងទ្វារដែលនាំចូលទៅរកប្រាសាទភិមានអាកាស ។ នៅគោបុរៈខាងកើតនោះ គេឃើញមានសិលាចារឹកចំនួន ៨ ផ្ទាំង ដែលមានអត្ថបទចំនួន ១១ បន្ទាត់ ខាងដើមជាពាក្យសម្បថ រួចអត្ថបទបន្ទាប់ ជាបញ្ជីរាយនាមមន្ត្រី និងឈ្មោះស្រុក ដែលមន្ត្រីទាំងនោះគ្រប់គ្រង ។ ទោះបីមន្ត្រីទាំងឡាយនោះ ធ្វើពាក្យសម្បថតាមថ្នាក់គឺ ថ្នាក់ឯកដោយឡែក ថ្នាក់ទៅដោយឡែក ... ក៏ដោយ ក៏អត្ថបទនៃពាក្យសម្បថ មានទម្រង់ និងខ្លឹមសារដូចគ្នាបេះបិទ ។
សិលាចារឹកទាំងនោះ សរសេរជាភាសាខ្មែរបុរាណ ដោយមានចុះកាលបរិច្ឆេទ ឆ្នាំ ៩៣៣ គ.ក. (មហាសករាជ) ។ អត្ថបទសិលាចារឹកទាំង ៨ ផ្ទាំង ដែលរកឃើញនៅគោបុរៈខាងកើត នៃបរិវេណកំផែងព្រះរាជវាំងនោះ មានភាពទ្រុឌទ្រោមរេចរឹល និងរលប់បាត់ជាច្រើនអន្លើ មិនអាចប្រមូលផ្ដុំបានជាអត្ថបទពេញលេញបានឡើង ។ តែជាភ័ព្វសំណាងល្អ ក្រោយមក គេបានរកឃើញសិលាចារឹកដូចគ្នានេះ ៗ ផ្ទាំងទៀត ដែលមានឃ្លាខ្លះនៅល្អ អាចយកទៅបំពេញចំណែកខ្វះចន្លោះនៃអត្ថបទសិលាចារឹកទាំង ៨ ខាងដើម ។ លោក អាយម៉ូនីញេ និងលោក ហ៊្ស. សឺដែស បានផ្គុំសិលាចារឹកទាំង ៩ ផ្ទាំងនោះ ហើយចងក្រងអត្ថបទដើមបានទាំងស្រុងឡើងវិញ ។
នៅខាងក្រោមពាក្យសម្បថ គេឃើញមានបញ្ជីរាយនាមមន្ត្រីរាជការថ្នាក់ទី ១ ទី ២ ទី ៣ និងទី ៤ ។ លោក អាយម៉ូនីញេ បានសរសេរថា ឈ្មោះដែលមានក្នុងអត្ថបទខាងក្រោយពាក្យសម្បថទាំងនោះ ជានាមរបស់ចៅហ្វាយខែត្រ (ចៅហ្វាយភូមិភាគ) ដែលតាមការប៉ាន់ស្មានរបស់គាត់ ថាមានរហូតដល់ ៤០០ នាក់ ។ គាត់បានសន្និដ្ឋានថា នៅជំនាន់នោះ ប្រទេសកម្ពុជាយើងអាចមានខេត្តតូច ៗ ឬភូមិភាគចំនួន ៤០០ ដែរ ។
ប៉ុន្តែ លោក ហ៊្ស. សឺដែស ដែលបានសិក្សាសិលាចារឹកដដែលនេះ នៅពេលក្រោយមក បាត់កត់សំគាល់ថា គាត់បានរាប់ឈ្មោះមន្ត្រីទាំងនោះទៅ ឃើញថាចំនួនសរុបទាំងអស់ គិតទាំងផ្នែករលុបផងនោះ មានប្រហែឬលតែ ២០០ នាក់ប៉ុណ្ណោះ ។
សិលាចារឹកទាំង ៨ ផ្ទាំងនេះ សរសេរជាអក្សរខ្មែរបុរាណរាងមូល ហើយច្បាស់ មានបន្ទាត់ត្រង់ស្មើល្អណាស់ និងមានទំហំប៉ុន ៗ គ្នា ដែលលោកអាយម៉ូនីញេសន្និដ្ឋានថា ទំនងជាសរសេរដោយដៃអ្នកចារតែម្នាក់គត់ ។
ខាងក្រោយនេះគឺ អត្ថបទពាក្យសម្បថទាំងស្រុង ដែលយើងសរសេរឡើងវិញ តាមលំនាំខ្មែរបុរា ដោយប្រើអក្សរខ្មែរទំនើប និងអត្ថបទបកប្រែ ជាភាសាខ្មែរបច្ចុប្បន្ន ។
អត្ថបទប្រែជាភាសាខ្មែរទំនើប
មហាសករាជ ៩៣៣, ប្រាំបួនកើត ខែភទ្របទ ថ្ងៃអាទិត្យ ។ នេះគឺពាក្យសច្ចាប្រណិធាន (របស់ទូលព្រះបង្គំទាំងអស់គ្នា) ។ (ទូលបង្គំ) យើង (ខ្ញុំ) ទាំងអស់គ្នា ជាតម្រួតរបស់ភាគ (តំបន់) ថ្នាក់ឯក (ទោ - ត្រី - ចត្វា) នៅពេលស្បថ (ទូលបង្គំ) យើង (ខ្ញុំ) សូមសច្ចាកាត់ដៃ ថ្វាយអាយុ និងថ្វាយនូវកតញ្ញូភក្តីភាពដ៏បរិសុទ្ធ ផូរផង់ ចំពោះព្រះករុណាព្រះបាទសម្ដេច គ្រីសូយ៌្យវម៌្មទេវៈ (សូរ្យវរ្ម័នទី ១) ដែលបានសោយរាជ្យជាសកល នៅឆ្នាំ ៩២៣ នៃមហាសករាជ នៅចំពោះមុខព្រះភ្លើង, ព្រះរតនៈ និងព្រាហ្មណាចារ្យទាំងឡាយ ។ (ទូលបង្គំ) យើង (ខ្ញុំ) មិនបង្គំ (គោរព) គម្ដែងផ្ទៃក្រោមដទៃទៀតទេ (ក្រៅពីព្រះអង្គ) ឡើយ ពុំ (ធ្វើជា) ខ្មាំង និងពុំចំណុះខ្មាំង (ចូលដៃ សមគំនិតជាមួយខ្មាំងសត្រូវ) ពុំធ្វើប្រការអ្វីដែលអាចនឹងនាំមកនូវសេចក្ដីវិនាស (ចំពោះព្រះអង្គ) ឡើយ ។ រាល់អំពើផងទាំងឡាយដែលជាផលនៃស្វាមីភក្ដីភាពរបស់ (ទូលបង្គំ) យើង (ខ្ញុំ) ចំពោះព្រះករុណាព្រះបាទ គ្រីសូយ៌្យវម៌្មទេវៈ (ទូលបង្គំ) យើង (ខ្ញុំ) នឹងខិតខំប្រឹងប្រែងធ្វើអោយបានសម្រេច ។ ទោះបីមានចម្បាំង (ទូលបង្គំ) យើង (ខ្ញុំ) ប្ដេជ្ញាច្បាំងដោយស្មោះអស់ពីចិត្ត ដោយឥតស្ដាយអាយុជីវិតឡើយ ។ ដោយស្វាមីភក្ដីផាព (ចំពោះព្រះរាជា) (ទូលបង្គំ) យើង (ខ្ញុំ) មិនរត់ចោលចម្បាំងឡើយ ។ ទោះគ្មានចម្បាំង ប្រសិនបើ (ទូលបង្គំ) យើង (ខ្ញុំ) ស្លាប់ដោយសារជំងឺបៀតបៀន គឺថា សូមអោយ (ទូលបង្គំ) យើង (ខ្ញុំ)ទាំងអស់គ្នា បានទទួលនូវផល (រង្វាន់) ជាអ្នកមានកតញ្ញូ ភក្ដី ចំពោះអម្ចាស់របស់ខ្លួន ។ ប្រសិនបើអាយុជីវិតរបស់ (ទូលបង្គំ) យើង (ខ្ញុំ) អាចទាន់ព្រះរាជការ (អាចបំរើការងាររាជការ) តទៅ រហូតដល់ពេលស្លាប់ (ក្នុងមុខងារ) (ទូលបង្គំ) យើង (ខ្ញុំ) នឹងបំរើកិច្ចការនោះ ដោយហេតុថា (ទូលបង្គំ) យើង (ខ្ញុំ) មានស្វមីភ័ក្តិ (ចំពោះព្រះរាជា) ។ ប្រសិនបើមានព្រះរាជការ ដែលព្រះមហាក្សត្រ (ទ្រង់ត្រាស់) បន្ទូលប្រើ (ទូលបង្គំ) យើង (ខ្ញុំ) ទៅទីឆ្ងាយ ដោយសារមានព្រឹត្តិការណ៍ ដែលព្រះរាជាបានឮគេនិយាយនោះ (ទូលបង្គំ) យើង (ខ្ញុំ) នឹងរកវិធីស្វែងយល់រឿងនោះឲ្យបានល្អិតល្អន់ និងប្ដេជ្ញាធ្វើតាមពាក្យសច្ចាប្រណិធានរបស់ខ្លួនអោយបាន ខ្ជាប់ខ្ជួន រឿង ៗ ខ្លួន ។ ប្រសិនបើក្នុងចំណោម (ទូលបង្គំ) យើង (ខ្ញុំ) ទាំងអស់គ្នានោះ មានអ្នកមិនធ្វើតាមពាក្យសច្ចាប្រណិធាននេះ ចំពោះព្រះមហាក្សត្រ ដែលសោយរាជ្យដ៏យូរលង់ ក្រោយ ៗ ទៀត (ទូលបង្គំ) យើង (ខ្ញុំ) សូមព្រះអង្គដាក់ព្រះរាជទោសទណ្ឌគ្រប់ប្រការចុះ ។ ប្រសិនបើ (ទូលបង្គំ) យើង (ខ្ញុំ) មានល្បិចកលមិនគោរពខ្ជាប់ខ្ជួននូវពាក្យសម្បថនេះ សូមឲ្យ (ទូលបង្គំ) យើង (ខ្ញុំ) ធ្លាក់ទៅកើតក្នុងឋាននរកទាំង ៣២ ជាន់ អស់កាលដ៏យូរ ដរាបណានៅមានព្រះអាទិត្យ និងព្រះចន្ទ ។ ប្រសិនបើ (ទូលបង្គំ) យើង (ខ្ញុំ) ទាំងអស់គ្នា បំពេញបានល្អបរិសុទ្ធ តាមពាក្យសច្ចាប្រណិធាននេះ សូមព្រះគម្ដែងផ្ទៃក្រោម ទ្រង់ព្រះមេត្តាព្រះរាជទាន (ប្រើ) អោយ (ទូលបង្គំ) យើង (ខ្ញុំ) បានថែទាំនូវការ ស្ថាបនាជាកុសលរបស់ស្រុកទេសយើង និងផ្ដល់នូវភាពស្ថិតស្ថេរ សម្បូរ រុងរឿងនៃវង្សត្រកូលរបស់ (ទូលបង្គំ) យើង (ខ្ញុំ) ដោយហេតុថា (ទូលបង្គំ) យើង (ខ្ញុំ) មានកតញ្ញូ ភក្ដីចំពោះល្អងធូលីព្រះបាទ (គម្ដែងផ្ទៃក្រោម) សម្ដេចព្រះ ស៌ូ្យវម៌្មទេវៈ ដែលព្រះអង្គទ្រង់បានសោយរាជ្យជាសកល នៅឆ្នាំ ៩២៤ នៃមហាសករាជ ។ សូមអោយផល (រង្វាន់) នៃអ្នកមានស្វាមីភ័ក្តិចំពោះព្រះរាជា ជាអម្ចាស់របស់ខ្លួន កើតមានដល់ (ទូលបង្គំ) យើង (ខ្ញុំ) ចាប់ពីលោកនេះ រហូតដល់បរលោក ។
យី ធន់
សេចក្ដីបញ្ជាក់របស់អ្នកបកប្រែ
សេចក្ដីប្រែជាភាសាខ្មែរទំនើបនេះ ជាការសម្រួលតាមអត្ថបទជាភាសាខ្មែរបុរាណផង និងតាមអត្ថបទប្រែរបស់លោក ហ៊្ស. សឺដែស ផង ។ ការបន្លែមពាក្យខ្លះ ធ្វើអោយឃ្លាខ្លះឃ្លាតឆ្ងាយពីអត្ថបទបុរាណ ប៉ុន្តែយើងខិតខំថែរក្សាន័យរបស់ឃ្លាអោយនៅដដែល ដោយគ្រាន់តែសម្រួលអោយអ្នកអានយល់បានដោយងាយប៉ុណ្ណោះ ។
ប្រភព http://www.budinst.gov.kh/?q=node/322
0 ความคิดเห็น:
แสดงความคิดเห็น