วันพุธที่ 18 พฤษภาคม พ.ศ. 2554

ព្រះ​រាជ​ពិធី​ចង​សំរោង​មាស

នៅ​មាន​ព្រះ​រាជ​ពិធី ១ យ៉ាង​មាន​លក្ខណៈ​នឹង​អាការៈ​ប្រហែល​គ្នា​នឹង​ពិធី​ចង​កថា​ដែល​ពោល​មក​ហើយ ជា​ករណីយ​កិច្ច​របស់​ព្រះ​មហា​ក្សត្រយ៍ ១ យ៉ាង​ហៅ​ថា "ព្រះ​រាជ​ពិធី​ចង​សំរោង" ។
ដែល​ហៅ​ថា​សំរោង​នោះ ព្រោះ​គេ​យក​មាស​ទៅ​ធ្វើ​ឲ្យ​មាន​សណ្ឋាន ទ្រង់​ទ្រាយ​ដូច​ផ្លែ​សំរោង មិន​មែន​ជា​អាថ៌កំបាំង​ជ្រៅ​ជ្រះ​ជាង​នេះ​ទៅ​ទៀត​ទេ ហើយ​ធ្វើ​ឲ្យ​មាន​ប្រហោង​សម្រាប់​នឹង​ដោត​ខ្សែ​ផង មាន​ចំនួន ៥ គ្រាប់ អាចារ្យ​ចារ​បញ្ចុះ​មន្ត​អាគម​ដូច​កូន​សង្កត់ ហើយ​មាន​ខ្សែ​មាស ១ ខ្សែ​សម្រាប់​ដោត​ចង ដូច​យ៉ាង​កូន​សង្កត់ ។
ព្រះ​រាជ​ពិធី​នេះ​សម្រាប់​ធ្វើ​ឲ្យ​ស្រ្តី ១ ចំពូក គឺ​ក្នុង​វេលា​ដែល​ព្រះ​អគ្គ​មហេសី ឬ​ព្រះ​ស្នម្ភ ទ្រង់​គភ៌ មាន​គភ៌​បាន ១-២ ខែ​ហើយ ព្រះ​ករុណា​ជាអំម្ចាស់​ជីវិត​លើ​ត្បូង ក៏​ត្រាស់​បង្គាប់​ឲ្យ​ចាត់​ធ្វើ​ព្រះ​រាជ​ពិធី​នោះ​ឡើង ។ ចៅ​ភ្នាក់ងារ​ក៏​រៀប​ចំ​តែង​តាំង​អាសនៈ​នឹង​ប្រទីប​ជ្វាលា​នៅ​ព្រះ​ទីន័ង​ឯ​ ណា​នីមួយ ហើយ​ពួក​ព្រាហ្មណ៍​រាជ​គ្រូ​ក៏​និមន្ត​ព្រះ​ពុទ្ធ​រូប​សំខាន់​ដែល​សម្រាប់​ ធ្វើ​ពិធី នឹង​ទេវ​រូប គឺ​រូប​ព្រះ​ឥសូរ ព្រះ​នារាយណ៍ ព្រះ​ពិឃណេស (ភ័គណេស) មក​ប្រតិស្ឋាន​ជា​ប្រធាន​នៅ​គ្រែ​ពិធី ។ វេលា​យប់​និមន្ត​ព្រះ​សង្ឃ​មក​ចំរើន​ព្រះ​បរិត្ត អ្នក​សាមី​ខ្លួន​ក៏​ចេញ​មក​អង្គុយ​ស្ដាប់​ព្រះ​បរត្តិ​ក្នុង​ទី​នោះ​ផង ។
ព្រឹក​ឡើង​ព្រះ​ករុណា ទ្រង់​អង្គាស​ថ្វាយ​ចង្ហាន់​សង្ឃ​ក្នុង​ទី​ដែល​ធ្វើ​ពិធី​នោះ លុះ​ព្រះ​សង្ឃ​ឆាន់​ហើយ ព្រាហ្មណ៍​រាជ​គ្រូ​អញ្ជើញ​អ្នក​សាមី​ខ្លួន មក​អង្គុយ​លើ​អាសនៈ ១ ដែល​ក្រាល​ដោយ​សំពត់​ស សឹង​តាំង​នៅ​ចំពោះ​មុខ​គ្រែ​ពិធី ព្រះ​រាជ​គ្រូ​បង្វិល​ពពិល ១៩ ជុំ​ហើយ យក​ម្សៅ​ក្រអូប​ដែល​គេ​បំរុង​ទុក​ចូល​ទៅ​ចឹម (គឺ​ដៅ) នៅ​ថ្ងាស នឹង​បាទ​ដៃ​ទាំង​សង​ខាង​អ្នក​សាមី​ខ្លួន​នោះ រួច​ហើយ​ព្រះ​ករុណា ទ្រង់​ចឹម ១ សារ​ទៀត​តាម​កន្លែង​ដដែល​នោះ ។ លំដាប់​នោះ​ព្រះ​រាជ​គ្រូ​លើក​យក​សំរោង​មាស​ដែល​ដាក់​ក្នុង​ពាន​មាស ចូល​ទៅ​ថ្វាយ​ព្រះ​ករុណា ៗ ទ្រង់​ទទួល​យក​ទៅ​បំពាក់​នៅ​កណ៍ ឬ​ចង​ចង្កេះ​នៃ​អ្នក​ដែល​មាន​គភ៌ ខណៈ​នោះ​ព្រះ​សង្ឃ​ក៏​សូត្រ​ជយន្តោ ដើម្បី​សួស្ដី​ជ័យ​មង្គល​ដល់​អ្នក​នោះ​នឹង​បុត្រ​ក្នុង​ឧទរ ។

ប៉ុណ្ណេះ​ឈ្មោះ​ថា​ស្រេច​ព្រះ​រាជ​ពិធី​ចង​សំរោង​មាស ។
ព្រះ​រាជ​ពិធី​នេះ ពោល​ដោយ​ប្រយោជន៍​នឹង​សេចក្ដី​បំណង​ក៏​ដើម្បី​សេចក្ដី​សុខ​សម្រាន ប្រាស​ចាក​ឧប​ទ្រព​អន្តរាយ ដល់​មាតា​នឹង​បុត្រ​ក្នុង​ឧទរ តែ​ព្រះ​រាជ​ពិធី​នេះ​មិន​សូវ​ប្រើ ឬ​មិន​ប្រើ​មន្ត​អាគម​ដូច​ពិធី​ចង​កថា​របស់​រាស្រ្ត ហើយ​មាន​ទាំង​ពិធី​សង្ឃ​លាយ​ផង ដោយ​ហេតុ​ព្រះ​ប្រីជាញាណ​ទ្រង់​ឈ្វេង​យល់​ដល់​ប្រយោជន៍​មែន ៗ ផង មិន​មែន​ត្រឹម​តែ​ឲមអាម​ប៉ុណ្ណោះ ។ 
ប្រភព http://www.budinst.gov.kh/?q=node/179

0 ความคิดเห็น:

แสดงความคิดเห็น