วันพุธที่ 18 พฤษภาคม พ.ศ. 2554

និទាន​សុភាសិតកាម​ជា​ហេតុ

មហា ឱម- ណាគ្រី
ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ប្រែ​រៀប​រៀង
ក្នុង​កាល​ដ៏​កន្លង​យូរ​លង់ ព្រះ​រាជា​ក្រុង​ពារាណសី​មួយ​អង្គ​ទ្រង់ លុះ​ក្នុង​អំណាច​សេចក្ដី​ប្រាថ្នា ទ្រង់​មិន​ឆ្អែត​ឆ្អន់​ល្មម​គ្រាន់​ក្នុង​ព្រះ​រាជហ្ឬទ័យ​ចំពោះ​រាជ​ស​ ម្បត្តិ​ដែល​ទ្រង់​គ្រប់​គ្រង​នោះ​ឡើយ ទ្រង់​មាន​សេចក្ដី​លោភ​ចង់​បាន​រាជសីមា​អាណាចក្រ​ឯ​ទៀត​ៗ មិន​មាន​កំណត់ ។
ក៏​ក្នុង​កាល​នោះ ព្រះ​ពោធិសត្វ​ឧប្បត្តិ​កើត​ជា​សក្កទេវរាជ កាល​ទ្រង់​រំពឹង​រំពៃ​លៃ​គំនិត​គិត​មើល​ការ​ប្រព្រឹត្តិ​ទៅ​នៃ​មនុស្ស​និករ​ ក្នុង​មនុស្ស​លោក​ដោយ​ទិព្វ​នេត្រ ទ្រង់​ជ្រាប​ហេតុ​ក្ដី​បំណង​នៃ​ព្រះ​រាជា​នោះ​ហើយ​ទើប​ទ្រង់​ត្រិះ​រិះ​ថា "បើ​អាត្មា​អញ ព្រងើយ​កន្តើយ​ហើយ លោក​សន្និវាស​ក៏​នឹង​ក្ដៅ​ក្រហាយ ព្រោះ​សេចក្ដី​ប្រាថ្នា​របស់​ព្រះ​រាជា​អង្គ​នេះ​មិន​ខាន, បើ​ដូច្នេះ​អាត្មា​អញ​នឹង​ទៅ​ផ្ចាញ់​ផ្ចាល់​ព្រះ​អង្គ​ឲ្យ​ទ្រង់​អៀន​ខ្មាស ហើយ​ឲ្យ​រម្ងាប់​ព្រះ​ហឫទ័យ​នោះ បែរ​ឆ្ពោះ​មក​កាន់​សេចក្ដី​ស្ងប់​វិញ" ។
កាល​ទ្រង់​តម្រិះ​យ៉ាង​នេះ​ហើយ ទើប​ទ្រង់​ហោះ​ចុះ​មក​ដោយ​ក្លែង​ភេទ​ជា​ព្រាហ្មណ​មាណព ចូល​ទៅ​គោរព​គាល់​ព្រះ​រាជា​ក្រាប​ទូល​ថា" សូម​តេជះ ! ខ្ញុំ​ព្រះ​អង្គ​បាន​ដើរ​ទៅ​ឃើញ​នគរ​ឧត្ដរ​បញ្ចាល, នគរ​ន្ទប័ត្ថ​នឹង​នគរ​សាកេត, រាជធានី​ទាំង ៣ នេះ សឹង​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​ស្រណុក​ក្សេម​ក្សាន្ត​សប្បាយ ធញ្ញាហារ​ទាំងឡាយ ក៏​បរិបូណ៌​ពោរ​ពេញ​ឥត​ខ្វះ​ខាត​ទាំង​ពល​ដំរី ពល​សេះ ពល​រទេះ ពល​ថ្មើរ​ជើង​ក៏​មាន​គ្រប់​គ្រាន់​អាច​ចេញ​ត​តាំង​ច្បាំង​នឹង​បច្ចាមិត្រ​ បាន​គ្រប់​វេលា ទាំង​សម្បូណ៌​ដោយ​សម្បត្តិ​យ៉ាង​សម្បើម មាន​មាស​ប្រាក់​លុយ​កាក់​កែវ​កង​ជា​ដើម ។ បើ​ព្រះ​អង្គ​មាន​ព្រះ​រាជ​បំណង​ចង់​បាន​នគរ​ទាំង​នោះ ខ្ញុំ​ព្រះ​អង្គ​នឹង​សូម​ព្រះ​រាជ​ទាន​ពល​ត្រឹម​បន្តិច​បន្តួច​រ៉ាប់​រង​ ទទួល យក​អាសារ​ទៅ​រឹប​ជាន់​ដណ្ដើម​យក​នគរ​ទាំង​នោះ​ឲ្យ​បាន​ដោយ​ឧបាយ ហើយ​នឹង​លើក​ថ្វាយ​ដល់​ព្រះ​អង្គ" ។
ព្រះ​រាជា​កាល​ទ្រង់​ជ្រាប​ថា នឹង​បាន​នគរ​ដ៏​មាំមួន​ទាំង​នោះ ក៏​ទ្រង់​សោមនស្ស​ចុះ​ព្រះហ្ឬទ័យ យល់​ព្រម​ឲ្យ​ព្រាហ្មណៈ​មាណព​នោះ​នាំ​ទ័ព​ទៅ​ច្បាំង កំណត់​វេលា​លើក​ទ័ព​ទៅ​ក្នុង​ថ្ងៃ​រះ​ឡើង ។ តែ​ទ្រង់​ភ្លេច​មិន​បាន​ព្រះ​រាជ​ទាននិវេសនដ្ឋាន កន្លែង​សំណាក់​អាស្រ័យ​នឹង​ស្បៀង​អាហារ​ដល់​ព្រាហ្មណៈ​មាណព​នោះ​សោះ ។
លុះ​ថ្ងៃ​រះ​ឡើង ព្រះ​អង្គ​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ឲ្យ​តម្រៀប​ពល​ឲ្យ​ចាត់​ទ័ព​យ៉ាង​ ស្រេច ត្រាស់​ឲ្យ​អាមាត្យាធិបតី​ទាំង​ឡាយ​ចូល​គាល់​ត្រាស់​ខសន្យា​ដែល​ទ្រង់​ សន្និដ្ឋាន​នឹង​ព្រាហ្មណៈ​មាណព ដោយ​សព្វ​គ្រប់ នឹង​ត្រាស់​ឲ្យ​ហៅ​មាណព​នោះ​ចូល​គាល់ ។ លំដាប់​នោះ ក៏​ត្រូវ​អាមាត្យាធិបតី​ទាំង​ឡាយ​ទូល​តឿន​ឲ្យ​ទ្រង់​រលឹក​ដល់​ការ​ដែល​មិន​ បាន​ប្រទាន​និវេសនដ្ឋាន​នឹង​ស្បៀង​អាហារ ដល់​ព្រាហ្មណៈ​មាណព​នោះ​ព្រោះ​ដូច្នោះ កាល​អាមាត្យាធិបតី​ទូល​សួរ ក៏​ទ្រង់​មិន​អាច​ប្រាប់​បាន​ក្នុង​ទី​បំផុត​ទ្រង់​បង្គាប់​ប្រាប់​ឲ្យ​ទៅ​ តាម​រក​ព្រាហ្មណៈ​មាណព​គ្រប់​ផ្លូវ​ថ្នល់​ច្រក​ល្ហក​ផ្សេង ៗ ក្នុង​ទី​ក្រុង​តែ​មិន​ប្រទះ​សោះ ។
ព្រះ​រាជា​គ្រា​ទ្រង់​ជ្រាប​ថា មិន​ឃើញ​ព្រាហ្មណៈ​មាណព​នោះ ក៏​អន់​ព្រះ​ហ្ឬទ័យ​យ៉ាង​ខ្លាំង​ទ្រង់​កើត​ទោមនស្ស​ទុក្ខ​ម្នេញ​ពេញ​ទៅ​ដោយ​ សោក​ស្ដាយ​យ៉ាង​លើស​លុប​លើស​លន់​ថា "ឱ ! ឥស្សរិយ​យស​ដ៏​ខ្ពស់​មហិមា​ដែល​អាត្មា​អញ​សំដៅ​ប៉ង​បំណង​ទុក​មក វិនាស​ខូច​អស់​ហើយ​ហ្ន៎ !!" ។ ទ្រង់​មាន​ព្រះ​រាជហ្ឬទ័យ​ខ្វក់​ខ្វល់ ក្រហល់​ក្រហាយ​សោក​ស្ដាយ​ព្រោះ​សេចក្ដី​ប្រាថ្នា​រួបរឹត រហូត​ដល់​ធ្លាក់​ព្រះ​លោហិត​យ៉ាង​ខ្លាំង បណ្ដាល​ទៅ​ជា​បក្ខន្ទិកាពាធ គឺ​ជម្ងឺ​ធ្លាក់​ឈាម​ពី​មាត់ ពួក​ពេទ្យ​មិន​អាច​ថែរក្សា​ឲ្យ​សះ​ជា​បាន​ព្រះ​ជា​រោគ​ចិត្ត​ឥត​ឃើញ​ស្លាក​ ស្នាម​អ្វី​បន្តិច​ឡើយ ។
សម្ដេច​សក្ករទេវរាជ ទ្រង់​ពិចារណា​ឃើញ​ថា ឥឡូវ​នេះ​អាកា​ប្រឈួន​ព្រោះ​សេចក្ដី​ប្រាថ្នា​របស់​ព្រះ​រាជា​កើត​ឡើង​ហើយ ល្មម​ដល់​ការ​ដែល​អាត្មា​អញ​នឹង​ថ្វាយ​ដម្បូន្មាន ឲ្យ​ទ្រង់​ភ្ញាក់​កំណើត​កើត​គំនិត​ឃើញ​ត្រូវ​មក​រក​ផ្លូវ​ស្ងប់​វិញ" ។ ទើប​ស្ដេច​ទ្រង់​យាង​មក​ដោយ​ក្លែង​ភេទ​ជា​ព្រាហ្មណ៍​បាន​ចូល​ទៅ​ធានា​ទទួល​ ក្នុង​ការ​រក្សា​ព្រះ​រាជា​ពាធ មុន​ដំបូង​ព្រះ​រាជា​ត្រាស់​នឹង​អាមាត្យ​ថា​ពេទ្យ​មុន ៗ ទាំង​អស់ មិន​អាច​កែ​ខៃ​ជម្ងឺ​នេះ​បាន ព្រាហ្មណ៍​នោះ​នឹង​ថែរក្សា​ដូច​ម្ដេច​កើត ? ចូរ​ឲ្យ​រង្វាន់​ហើយ​បង្គាប់​ឲ្យ​ត្រឡប់​ទៅ​វិញ​ចុះ ។ ទើប​ព្រាហ្មណ៍​ទូល​តប​ថា មិន​ចង់​បាន​រង្វាន់​អ្វី​ឡើយ គឺ​មាន​សេចក្ដី​តាំង​ចិត្ត​នឹង​ថ្វាយ​ការ​រក្សា​ព្យាបាល​រោគ​តែ​ម្យ៉ាង​ ប៉ុណ្ណោះ ។ គ្រា​ព្រះ​រាជា​ទ្រង់​អនុញ្ញាត​ហើយ ទើប​ក្រាប​ទូល​សួរ​អាការ​សមុដ្ឋាន​នៃ​រោគ ព្រះ​រាជា​ត្រាស់​ឲ្យ​ស្ដាប់​ដោយ​សព្វ​គ្រប់ ហើយ​ត្រាស់​អញ្ជើញ​ព្រាហ្មណ៍​ឲ្យ​ដាក់​ឱសថ​ដោយ​ពាក្យ​ថាៈ
ទីក្រុង​ដែន​ទាំង​បី                     ខ្ញុំ​ឃ្មាត​ខ្មី​ប្រាថ្នា​មក
បញ្ចាល​នឹង​កេកក                    កុរុរាជធានី ។
ជាង​នេះ​ណា​ព្រាហ្មណ៍​ណា    ខ្ញុំ​ប្រាថ្នា​យ៉ាង​ពេញ​ទី
អញ្ជើញ​ដាក់​ថ្នាំ​តាម​ពិធី          ចិត្ត​វកវីរ​កាម​នាំ​ទៅ ។
មាណព​ទើប​ទូល​ថា អាការ​ដែល​ទ្រង់​ប្រឈួន​នេះ នឹង​ថ្វាយ​ការ​រក្សា​ដោយ​ឱសថ​ធម្មតា​មិន​បាន​ទេ តែ​នឹង​សូម​ថ្វាយ​ការ​រក្សា​ដោយ​ឱសថ​ម្យ៉ាង​គឺ​ញាណ​ហើយ​ក្រាប​ទូល​ដោយ​ពាក្យ ​ជា​សុភាសិត​ថាៈ
បើ​ពស់​ចឹក​គង់​ពេទ្យ​ពស់​ចេះ​ផ្សែ​ផ្សំ                  គឺ​ដាក់​ថ្នាំ​រម្ងាប់​ពិស​កំណាច​បាន
បើ​ខ្មោច​ធ្វើ​គង់​គ្រូ​ខ្មោច​ចេះ​លំអាន                    កែ​ខៃ​បាន​ដោយ​អាគមមន្ត​គាថា ។
ឯ​ចំណែក​ប៉ែក​ជម្ងឺ​ឈឺ​ព្រោះ​កាម                       ចិត្ត​រហាម​តាម​ចំណង​នៃ​តណ្ហា
តើ​សំដៅ​នៅ​ស្លាក​ស្នាម​កន្លែង​ណា                  នរណា​ហ្ន៎​អាច​ដាក់​ថ្នាំ​ជម្ងឺ​ចិត្ត
ដល់​ជន​ល្មើស​ធម៌​នោះ​កើត ? ។
ឥន្ទព្រាហ្មណ៍ កាល​សំដែង​ដូច​នេះ​ហើយ ទើប​ពោល​ត​ទៅ​ឲ្យ​ទ្រង់​ជ្រាប ដោយ​ព្រះ​អង្គ​ឯង​ថា "មហារាជ ! មិន​គួរ​ឡើយ​ដែល​ទ្រង់​គ្រាន់​តែ​ឮ​សូរ​សៀង​សំនៀង​ស័ព្ទ​ប្រាប់​ត្រឹម​ ប៉ុណ្ណោះ ក៏​ចុះ​ព្រះ​ទ័យ​លៃ​បំណង​ប៉ង​ប្រាថ្នា​ការ​ក្នុង​លោក​ឲ្យ​ជោក​ដល់​ម្ល៉េះ​ទេ នេះ​ព្រោះ​សេចក្ដី​ប្រាថ្នា​ទើប​ក្លាយ​ទៅ​ជា​សមុដ្ឋាន​នៃ​ការ​ប្រឈួន​ដ៏​ ខ្លាំង​ក្លា​ស្ទើរ​នឹង​អស់​ព្រះ​ជន្ម សូម​ព្រះ​អង្គ​ទ្រង់​រំពៃ​រំពឹង​ពិនិត្យ​គិត​មើល​ដោយ​ព្រះ​អង្គ​ឯង​ចុះ​ថា ព្រះ​អង្គ​ទ្រង់​ប្រាថ្នា​រាជ​សម្បត្តិ​ទាំង​ប៉ុណ្ណោះ​យក​មក​ធ្វើ​ម៉េច ? បើ​ប្រសិន​ជា​ទ្រង់​បាន​គ្រប់​គ្រង​រាជ​សម្បត្តិ​ក្នុង​នគរ​ទាំង​នោះ ទ្រង់​នឹង​បរិភោគ​ឧបភោគ​ទាំងឡាយ​លើស​ពី​មួយ​ឆ្អែត​ទៅ​ឬ ? ព្រះ​អង្គ​ទ្រង់​សោយ​ក្រយា​ស្ងោយ​មិន​ហួស​ពី​មួយ​ឆ្អែត​ដោយ​ពិត មិន​គួរ​តាំង​ព្រះ​ហ្ឬទ័យ​ឲ្យ​ថ្លស់​ធ្លោយ​ទៅ​ក្នុង​អំណាច​តណ្ហា​ឬ​កាម​គឺ​ ចំណង់​ការ​​ចង់​នេះ ឡើយ​ដែល​ឈ្មោះ​ថា​កាម​ឬ​តណ្ហា​នេះ ជា​មូល​នៃ​វិបត្តិ​គ្រប់​ប្រការ កាល​ចំរើន​កើន​ឡើង​លើ​រូប​ណា រមែង​ធ្វើ​នរៈ​នោះ​ឲ្យ​បាន​ទទួល​ទុក​ទោស​ទាំង​ក្នុង​លោក​នេះ ដូច​ទ្រង់​បាន​ជួប​ប្រទះ​ក្នុង​ពេល​នេះ​ឯង ទាំង​ក្នុង​លោក​ខាង​មុខ អាច​នាំ​ទៅ​សោយ​ទុក្ខ​ក្នុង​អបាយ​មាន​នរក​ជា​ដើម" ។ ឥន្ទព្រាហ្មណ៍​បាន​សម្ដែង​អំពី​កាមាទីនវទោស នឹង​ពណ៌នា​គុណ​នៃ​ការ​ស្ងប់​ចាក​កាម​ឲ្យ​ទ្រង់​ជ្រាប​ដោយ​ច្បាស់​លាស់ ។
ព្រះ​រាជា​កាល​ទ្រង់​សវនាការ​ពាក្យ​ពន្យល់​ដោយ​និរយភ័យ​ព្រម​ទាំង​ឱវាទ​នោះ​ ហើយ ក៏​ទ្រង់​កើត​ព្រះ​ប្រាជ្ញា​ញាណ​គឺ​សេចក្ដី​ដឹង​ច្បាស់​ឡើង​ភ្លាម ប្រាជ្ញា​ញាណ​នោះ ទុក​ដូច​ជា​ឱសថ​យ៉ាង​វិសេស កំចាត់​សោក​ឲ្យ​បាត់​ប្រឈួន​ក្នុង​ខណៈ​នោះ​ឯង ។ ត​អំពី​នោះ ក៏​ទ្រង់​លះ​លែង​សេចក្ដី​ប្រាថ្នា​ឈប់​យាត្រា​លើក​ទ័ព​ទៅ​ញាំ​ញី​រដ្ឋ​សីមា​ អាណាចក្រ​ដទៃ​ៗ ទ្រង់​ពេញ​ព្រះ​ហ្ឬទ័យ​ក្នុង​រាជ​សម្បត្តិ​របស់​ព្រះ​អង្គ ទ្រង់​បំពេញ​កុសល​ចរិយា​ផ្សេង ៗ នឹង​គ្រប់​គ្រង​ប្រជាជន​ដោយ​ធម៌ ស្រុក​នគរ​ក៏​ចំរើន​រុង​រឿង​សុខ​សាន្ត​បាន​សប្បាយ​ធូរ​ទូលាយ​ត​រៀង​ទៅ​ហោង ។
(រឿង​នេះ​ប្រែ​ចាក​កាម​នឹត​សុត្តជាតក ខុទ្ទនិកាយ ទុកនិបាត)
គតិ​របស់​រឿង
រឿង​នេះ បាន​គតិ​ដែល​គួរ​គិត​យ៉ាង​នេះ
១- ក្ដី​បំណង​ប៉ង​ប្រាថ្នា តម្រេក​ត្រេក​ត្រអាល ស្រើប​ស្រាល​តក់​ស្លុត​រន្ធត់ រំភើប​ញាប់​ញ័រ​កក្រើក​ខ្វើក​តាម​ខ្យល់​ខ្វល់​តាម​រលក​ហៅ​ថា "តណ្ហា" ជា​សភាវៈ​ឥត​មាន​រូប​រាង​រៅ​សណ្ឋាន​ទ្រង់​ទ្រាយ​យ៉ាង​នេះ យ៉ាង​នោះ​ទេ គ្រាន់​តែ​ជា​នាម​ធម៌ សម្រាប់​កសាង​កំណើត​ឲ្យ​សត្វ កើត​ក្នុង​ភព​បី​ជា​ថ្មី​ទៀត ច្រើន​រាប់​មិន​បាន​ប្រមាណ​មិន​អស់, ជា​សភាវៈ​ដក់​ដិត​ជិត ជាប់​នៅ​ក្នុង​ចិត្ត​គំនិត​របស់​មនុស្ស​សត្វ​ទេពតា​ទួទៅ នាំ​ឲ្យ​ត្រូវ​ការ​ចំណង់​ចង់​បាន​វត្ថុ​កាម​នឹង​កិលេស​កាម គឺ រូប សំឡេង ក្លិន រស សម្ផស្ស សក្តិយស​កេរ្តិ៍​ឈ្មោះ ទ្រព្យ​សម្បត្តិ អាយុ ពណ៌ កំឡាំង​នឹង​សេចក្ដី​សុខ ។
២- ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​តាម​ពិត​ថា មនុស្ស​សត្វ​ទេពតា​ទាំង​អស់​សុទ្ធ​តែ​លិច​លង់​ទៅ​ក្នុង​ផ្លូវ​តណ្ហា​ជា​ និច្ច ចង់​បាន​នេះ ចង់​បាន​នោះ មិន​ឈប់​ឈរ មិន​ឆ្អែត​ឆ្អន់ មិន​គ្រប់​គ្រាន់ មិន​ធុញ​ទ្រាន់​មិន​ជិន​ណាយ បាន​ហើយ​ចង់​បាន​ទៀត ឆ្លៀត​រក​មក​បន្ថែម​គ្មាន​ផ្លូវ​បន្ធូរ​បន្ថយ​ដោយ​មិន​ចេះ​ធួន​ល្មម ។ វត្ថុ​កាម​នឹង​កិលេស​កាម ដែល​រក​បាន​មក​មិន​មែន​យក​ទៅ​ណា គឺ​ត្រូវ​ការ​បំពេញ​បំពោរ​កាយ​ឲ្យ​សប្បាយ​ដល់​ចិត្ត​ប៉ុណ្ណោះ រន្ធ​ភ្នែក​តូច​សោះ​ទេ តែ​យក​រូប​មក​ដាក់​មិន​ចេះ​ពេញ ឬ​ថា​ភ្នែក​មិន​ចេះ​ឆ្អែត​នឹង​ការ​មើល​រូប​សោះ រន្ធ​ត្រចៀក​នោះ​ក៏​តូច​ដែរ​តែ​មិន​ឆ្អែត​នឹង​សម្លែង ច្រមុះ​មិន​ឆ្អែត​នឹង​ក្លិន អណ្ដាត​មិន​ឆ្អែត​នឹង​រស កាយ​មិន​ឆ្អែត​នឹង​សម្ផស្ស ម្រាម​ដៃ​មិន​ឆ្អែត​នឹង​ចិញ្ចៀន កដៃ​មិន​ឆ្អែត​នឹង​ខ្សែ​ដៃ ឬ​នាឡិកា​ដៃ ត្រចៀក​មិន​ឆ្អែត​នឹង​កាវ-ទំហូ ក​មិន​ឆ្អែត​នឹង​ខ្សែ​ក សេដ្ឋី​មិន​ឆ្អែត​នឹង​បុណ្យ​សេដ្ឋី មេឃុំ​មិន​ឆ្អែត​នឹង​យស​មេឃុំ​ចៅ​ហ្វាយ​ស្រុក​មិន​ឆ្អែត​នឹង​យស​ចៅ​ហ្វាយ​ ស្រុក ចៅហ្វាយ​ខត្ត​មិន​ឆ្អែត​នឹង​យស​ចៅ​ហ្វាយ​ខេត្ត រដ្ឋមន្ត្រី​មិន​ឆ្អែត​នឹង​យស​រដ្ឋមន្ត្រី មហាក្សត្រិយ៍​មិន​ឆ្អែត​នឹង​រាជ​សម្បត្ត ដូច​សមុទ្រ​មិន​ឆ្អែត​នឹង​ទឹក ភ្លើង​មិន​ឆ្អែត​នឹង​ឧស​ដូច្នោះ ចេះ​តែ​សេចក្ដី​ខ្វះ​ខាត​នៅ​ជា​និច្ច ម្ល៉ោះ​ហើយ​ក៏​ខំ​ប្រឹង​ប្រែង​ស្វែង​រក​វត្ថុ​កាម​នឹង​កិលេស​កាម​នោះ មក​បម្រើ​កាយ​ចិត្ត​ឥត​គិត​ដល់​ការ​នឿយ​ហត់ ព្រះ​សុគត​សម្ពុទ្ធ​ទើប​ត្រាស់​ថា "ឩនោ លោកោ អតិត្តោ តណ្ហា ទាសោ សត្វ​លោក​មាន​សេចក្ដី​ខ្វះ​ខាត​នៅ​ជា​និច្ច មិន​ចេះ​ឆ្អែត​មិន​ចេះ​ឆ្អន់ សុទ្ធ​តែ​ជា​បាវ​ព្រាវ​ខ្ញុំ​កំដរ​របស់​តណ្ហ" ។
៣- ក្នុង​បណ្ដា​ហេតុ ឬ សមុដ្ឋាន​នៃ​ទុក្ខ​សោក​រោគ​ភ័យ​តាំង​ពី​ចំណែក​តូច រហូត​ដល់​ចំណែក​ធំ មិន​មាន​អ្វី​ដែល​ក្រៃ​លែង​ជាង​អវិជ្ជា​សេចក្ដី​មិន​ដឹង​តាម​ពិត គំនិត​ដឹង​ខុស ចូល​ចិត្ត​ខុស​នេះ​ទេ ។ ព្រោះ​ថា​អវិជ្ជា​កាល​កើត​ឡើង​ក្នុង​ចិត្ត រមែង​រុំ​រឹត​ទឹក​ចិត្ត​ឲ្យ​ងងល់​ងងឹត​ឥត​ពន្លឺ​រស្មី និយាយ​ខុស ធ្វើ​ខុស ធ្វើ​ខុស​ជា​និច្ច ។ ព្រោះ​ដូច្នោះ មនុស្ស​ដែល​មាន​អវិជ្ជា​ជា​ក្អែល​នៅ​ខាង​ក្នុង​ហើយ ទើប​មាន​ចំណុច​ចំណង់​ចង់​បាន​អ្វី​ៗ មិន​កំណត់ ដោយ​ខុស​បទ​មិន​ត្រូវ​បែប ឃ្លៀង​ឃ្លាត​ចាក​ធម៌ ទុក​ជា​នរណា​ក្ដៅ​ក្រហាយ​ដោយ​សារ​ខ្លួន​យ៉ាង​ណា ក៏​មិន​គិត ។ អវិជ្ជា​នឹង​តណ្ហា ទើប​មាន​ដំណើរ​ជា​គូ​គ្នា ប្រែ​ថា "ព្រោះ​មិន​ដឹង​តាម​ពិត ទើប​នាំ​ចិត្ត​ឲ្យ​គិត​ប្រាថ្នា" ។ តណ្ហា គឺ​សេចក្ដី​ប្រាថ្នា​នេះ​ឯង​ជា​ទុក្ខ​សមុទ័យ​គឺ​ហេតុ​ឲ្យ​កើត​ទុក្ខ, ឲ្យ​កើត​យ៉ាង​ណា​ខ្លះ ? ឲ្យ​កើត​ទុក្ខ​យ៉ាង​នេះ​គឺ​ហេតុ​ឲ្យ​កើត​ទុក្ខ, ឲ្យ​កើត​ទុក្ខ​យ៉ាង​ណា​ខ្លះ ? ឲ្យ​កើត​ទុក្ខ​យ៉ាង​នេះ​គឺ​នាំ​ឲ្យ​កើត​ទុក្ខ​ក្នុង​ការ​ស្វែង​រក បើក​មិន​បាន​សម​បំណង​ក៏​ឲ្យ​កើត​ទុក្ខ ប្រសិន​បើ​រក​បាន​មក ក៏​កើត​ទុក្ខ​នឹង​ការ​ថែរក្សា​ទៀត ភ័យ​ថប់​វានាស​ទៅ​វិញ ដោយ​អគិភ័យ ឧទកភ័យ ចោរ​ភ័យ​ឬ​ឧបស័គ្គ​ណា​មួយ ។ "ទ្រព្យ​ច្រើន​ព្រួយ​រក្សា ទ្រព្យ​តិច​ណា​ព្រួយ​រិះ​គិត" នឹង​នាំ​ឲ្យ​បាន​ជួប​ប្រទះ​ជាតិ​ទុក្ខ ជរា​ទុក្ខ មរណ​ទុក្ខ​ជា​ដើម ។
៤- តណ្ហា​តែង​មាន​គ្រប់​គ្នា​ជា​ធម្មតា តែ​ថា​កុំ​ឲ្យ​ជ្រុល​ជ្រួស​ហួស​ជ្រុង​ពេក កុំ​ឲ្យ​ល្មោភ​លោភ​ល្មើស​ល្មម​ព្រម​នៅ​ក្រោម​តណ្ហា​រហូត​ដល់​ហៅ​ថា "តណ្ហា​ខ្វាក់" នោះ​មិន​កើត​ទេ ព្រោះ​តណ្ហា​ខ្វាក់​ឥត​គិត​បាប​បុណ្យ​គុណ​ទោស​អ្វី​ឡើយ គិត​ឲ្យ​តែ​ខាង​បាន ឲ្យ​តែ​ប្រទះ​ដៃ​ឥត​ស្គាល់​អាយុ​ជីវិត​ទ្រព្យ​សម្បត្តិ​កូន​ប្រពន្ធ​នរណា ត្រូវ​សម្លាប់​សំឡេះ​ក៏​សម្លាប់​សម្លេះ ត្រូវ​លួច​ក៏​លួច​ប្លន់​ក៏​ប្លន់ ត្រូវ​ចាក់​កាប់​ក៏​ចាក់​កាប់ ត្រូវ​ស៊ី​ក៏​ស៊ី ផឹក​ក៏​ផឹក​ជា​ដើម កាល​បើ​បណ្ដែត​បណ្ដោយ​តាម​តណ្ហា​ខ្វាក់​បែប​នេះ ប្រាកដ​ជា​ខ្នោះ​ឃ្នាង​គុក​ច្រវាក់​គ្រោះ​ថ្នាក់​បក់​ដៃ​ហៅ​ហើយ លុះ​ស្លាប់​ទៅ ត្រូវ​ទទួល​ទុក្ខ​ក្នុង​អបាយ​ទៀត ។
៥- កាម​ឬ​តណ្ហា​រាប់​ថា​ជា​ទោស​របស់​ចិត្ត​យ៉ាង​សំខាន់ ជន​ដែល​ត្រូវ​កាម​តណ្ហា​គ្រប​សង្កត់ រមែង​ងងឹត​មិន​ដឹង​ខ្លួន​ប្រហែល​នឹង​មនុស្ស​ខ្មោច​ចូល​ត្រឡប់​ត្រូវ​ទៅ​ជា​ ខុស​ៗ ទៅ​ជា​ត្រូវ​វិញ, ដើម្បី​ប្រើ​ឧបាយ​ជួយ​ជន​ពួក​នេះ​ឲ្យ​ដឹង​ខ្លួន ក្រៅ​ចាក​អ្នក​មាន​បញ្ញា​ក្នុង​សមុដ្ឋាន​នៃ​រោគ​នេះ​ហើយ មិន​មាន​នរណា​នឹង​ជួយ​បាន ថ្នាំ​ធម្មតា​យក​ទៅ​កែ​កុន​រក្សា​ឲ្យ​ជា​សះ​ស្បើយ​មិន​បាន​ឡើយ ។
វិធី​រក្សា​ការពារ​រោគ​ចិត្ត​ដូច្នេះ ដែល​បាន​ផល​មក​ហើយ គឺ
ក/ ជួយ​ដាស់​តឿន​ក្រើន​រំលឹក អ្នក​ដែល​ត្រូវ​រោគ​តណ្ហា​គ្រប​សង្កត់​ឲ្យ​កើត​ហិរិអៀន​ខ្មាស​ដល់​ចិត្ត ឱត្តប្បៈ ខ្ពើម​រអើម​ខ្លាច​រអា​ចំពោះ​បាប ។
ខ/ ពន្យល់​ឲ្យ​ឃើញ​ទោស​នៃ​កាម​តណ្ហា​ថ​ជា​អណ្ដូង​នៃ​ទុក្ខ​សោក​រោគ​ភ័យ​ទាំង​ ពួង នឹង​ឲ្យ​ឃើញ​គុណ​នៃ​សេចក្ដី​ប្រាស​ចាក​តណ្ហា​ថា​ជា​ប្រឡាយ​នាំ​មក​នូវ​ សេចក្ដី​ត្រជាក់​ត្រជំ ស្ងប់​ស្ងាត់​សុខ​ស្ងៀម​នៃ​ចិត្ត ។
ពុទ្ធ​ភាសិត
យស្ស តិណ្ណោ កាមបង្កោ មទ្ទិតោ កាមកណ្ដ កា
មោហក្ខយមនុប្បត្តោ សុខទុក្ខេ ន វេធតិ ។
បុគ្គល​ឯ​ណា​ឆ្លង​នៅ​ភក់                 គឺ​កាម​លាមក​ដ៏​សាវា
នឹង​ញាំ​ញី​ដក​នូវ​បន្លា                      គឺ​កាម​តណ្ហា​ចាក​ចិត្ត​ជាប់ ។
បុគ្គល​នោះ​ឯង​នឹង​អស់​ទៅ            នូវ​មោហៈ​ធម៌​ជា​លំដាប់
ជា​អ្នក​មិន​តក់​ស្លុត​ញ័រ​ញាប់            ក្នុង​សុខ​ទុក្ខ​សព្វ​ប្រការ​ឡើយ ។
ចប់
ប្រភព http://www.budinst.gov.kh/?q=node/275

0 ความคิดเห็น:

แสดงความคิดเห็น