วันพุธที่ 18 พฤษภาคม พ.ศ. 2554

ល្ខោន​ខោល

ឧកញ៉ា​ទេពពិទូ ក្រសេម គន្ថ​បណ្ឌិត រៀបរៀង
អធិប្បាយ​រឿង​ល្ខោន​ខោល
ល្ខោន​ខោល​នេះ ក៏​រាប់​រួម​នៅ​ក្នុង​ល្ខោន​ដរ តែ​មាន​បំណង​ដោយ​ឡែក​ផ្សេង​អំពី​ល្ខោន គឺ​ល្ខោន​នោះ​គេ​លេង​រឿង​ផ្សេង ៗ មិន​មាន​កំណត់ ចំណែក​ឯ​ល្ខោន​ខោល​នោះ គេ​កំណត់​លេង​ចំពោះ​តែ​រឿង​ដែល​ទាក់ទាម​ដោយ​រឿង​ព្រះ​ជា​ម្ចាស់ គឺ​ព្រះ​ឥសូរ ព្រះ​នារាយណ៍ ដែល​ជា​ព្រះ​ក្នុង​សេយ្យសាស្ត្រ គឺ​លេង​រឿង​អវតា (បែង​ភាគ) សឹង​ជា​ប្រវត្តិ​របស់​ព្រះ​ជា​ម្ចាស់​នោះ ដើម្បី​ប្រកាស​កិត្តិគុណ​សេចក្ដី​ខ្លាំង​ពូកែ​នឹង​ក្លាហាន​របស់​ព្រះ​ជា​ ម្ចាស់ នឹង​អ្នក​ដែល​ព្រះ​ជា​ម្ចាស់​បាន​បែង​ភាគ​ឲ្យ​មក​កើត ដូច​យ៉ាង​ព្រះ​រាម, តាម​ក្នុង​ក្បួន​ថា លេង​រឿង​ដូច្នេះ​ជា​ហេតុ​ឲ្យ​កើត​មង្គល​សួស្ដី​ដល់​អ្នក​លេង នឹង​ជា​ទី​ប្រោស​ប្រាណ​របស់​ព្រះ​ជា​ម្ចាស់ ទើប​គេ​និយម​លេង​មក​ដល់​ឥឡូវ​នេះ តែ​មនុស្ស​ក្នុង​សម័យ​នេះ​មិន​សូវ​មាន​អ្នក​យល់​ដូច​ពោល​មក​ខាង​លើ​នេះ​ទេ គេ​យល់​ត្រឹម​តែ​ថា​ជា មហោស្រព ១ យ៉ាង​សម្រាប់​លេង​ជា​គ្រឿង​សប្បាយ​រីករាយ ហើយ​ក៏​លេង​តាម​កាល តាម​សម័យ​ដែល​គួរ​លេង តាម​ប្រក្រតី​មាន​លេង​តែ​ក្នុង​ព្រះ​រាជ​ពិធី​ធំ ៗ របស់​ស្ដេច​ផែនដី អ្នក​ក្រៅ​មិន​ដែល​ឃើញ​មាន​លេង​ទេ ។
រឿង​អវតារ​នោះ មាន​ដល់​ទៅ ១០ រឿង, ៩ រឿង​ខាង​ដើម​ជា​រឿង​ដែល​មាន​រួច​មក​ហើយ នៅ ១ រឿង​ខាង​ចុង​បំផុត​ថា នឹង​មាន​មក​ក្នុង​អតីតកាល ក្នុង ១០ រឿង​នោះ​រាប់​រឿង​រាមកេរ្តិ​ចូល​មួយ​ថា​ជា​រឿង​ព្រះ​អវតារ រឿង​នេះ​ក្នុង​ប្រទេស​កម្ពុជា​មាន​គេ​ចេះ​ដឹង​ដោយ​ច្រើន រឿង​ឯ​ទៀត​ជា​របស់​កំបិទ​កំបាំង មិន​សូវ​មាន​អ្នក​ណា​ចព​ដឹង ហេតុ​នោះ តែ​កាល​ណា​ត្រូវ​លេង​ល្ខោន​ខោល គេ​ក៏​លេង​តែ​រឿង​រាមកេរ្តិ​នោះ​ឯង ក្នុង​រឿង​នោះ មាន​ទាំង​មនុស្ស ទាំង​យក្ខ ទាំង​ស្វា ៣ សាសន៍​ផង​គ្នា, ពួក​អ្នក​លេង​អំបាល​នោះ​ក៏​តោង​ហាត់​ក្បាច់​លេង​ផ្សេង​គ្នា តាម​ភាព​របស់​អ្នក​ទាំង ៣ សាសន៍​នោះ គឺ​អ្នក​ដែល​ត្រូវ​ធ្វើ​ជា​មនុស្ស (រួម​ទាំង​ទេវតា​ផង) ក៏​ហាត់​រាំ​តាមលំនាំ​ក្បាច់​រាំ​ក្នុង​បរិច្ឆេទ​ទី ២ ដែល​ពោល​មក​ហើយ អ្ន​ដែល​ត្រូវ​ធ្វើ​ជា​យក្ខ​នឹង​ស្វា​ផ្សេង​ទៅ​ទៀត ក្បាច់​រាំ​បែប​នេះ មិន​ដែល​ប្រទះ​ឃើញ​ក្បួន​ខ្នាត​ដើម​ដែល​ជា​ឫស​គល់​នោះ​ទេ ជា​មាន​ដូម្ដេច​ខ្លះ ប៉ុន្មាន​បែប ប៉ុន្មាន​យ៉ាង មិន​ប្រាកដ អ្នក​ហាត់​រាំ​តោង​អាស្រ័យ​សិក្សា​ត ៗ មក​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​តាម​ដែល​រួបរួម​ក្នុង​វេលា​នេះ ឃើញ​ក្បាច់​យក្ខ​មាន ... យ៉ាង ក្បាច់​ស្វា​មាន ... ដូច​មាន​តទៅ​នេះ ។
ក្បាច់​ល្ខោន​ខោល ក្បាច់​យក្ខ
ក្បាច់​ទសក័ណ្ឋ​ចេញ​ស្ដី​រាជការ​ទី ១
របៀប​បង្គុយ - ទសក័ណ្ឋ​ទ្រង់​គ្រឿង​រាជ្យ​ពេញ​យស អង្គុយ​លុត​ជង្គង់​លើ​ព្រះ​ទែន ដៃ​ទាំង​ពីរ​កាន់​អាវុធ​រូប​នាគ​ចុង​ដើម មុខ​ទ្រង់​ងើយ​ស្ងើន​ឡើង​បន្តិច ជា​កិរិយា​សំដែង​អានុភាព​ដ៏​ឃោរឃៅ ។
ក្បាច់​ទសក័ណ្ឋ​ចេញ​ស្ដី​រាជការ​ទី ២
របៀប​អង្គុយ - ទសក័ណ្ឋ​ទ្រង់​គ្រឿង​ដូច​មុន អង្គុយ​បញ្ឈរ​ជង្គង់​ខាង​ស្ដាំ ទម្រេត​ខ្លួន​ទៅ​ខាង​ឆ្វេង​បន្តិច ដៃ​ស្ដាំ​កាន់​អាវុធ​រូប​នាគ ដាក់​ដៃ​គង​លើ​ជង្គង់​ស្ដាំ ឲ្យ​ចុង​ដៃ​នឹង​ជង្គង់​ស្មើ​គ្នា, ជា​កិរិយា​សំបើម ។
ក្បាច់​ទសក័ណ្ឋ​ចេញ​ស្ដី​រាជការ​ទី ៣
របៀប​អង្គុយ - អង្គុយ​តាម​ឥរិយាបថ​ដូច​ទី ២ ប្លែក​តែ​ផ្អៀង​ក្បាល​ទៅ​ខាង​ស្ដាំ​បន្តិច ដៃ​កាន់​អាវុធ​ដាក់​លើ​ជង្គង់​ស្ដាំ ត្រង់​ពាក់​កណ្ដាល​កំភួន​ដៃ ។
ក្បាច់​យក្ខ​ទី ១
របៀប​រាំ - ឈរ​បោះ​ជើង​ឆ្វេង​ទៅ​មុខ​យ៉ាង​ពេញ​ជំហាន បង្កើច​មេ​ជើង​ឲ្យ​តាំង​ឡើង​លើ ដៃ​ឆ្វេង​លើក​រា​ចេញ​ទៅ​មុខ មេ​ដៃ​បំបត់​មក​រក​បាត​ដៃ, ដៃ​ស្ដាំ​ដាក់​ទៅ​ស្ដាំ កាន់​អាវុធ​បញ្ឈ​គល់​ឡើង​លើ ។
ក្បាច់​យក្ខ​ទី ២
របៀប​រាំ - ឈរ​បង់​ជំទែង​ញែក​ជង្គង់​ចេញ​ទាំង​សង​ខាង ចំអើត​ខ្លួន​ចេញ​ទៅ​ស្ដាំ​ខ្លះ ទៅ​ឆ្វេង​ខ្លះ ដៃ​ស្ដាំ​កាន់​អាវុធ​ពាក់​កណ្ដាល​លើក​ងា​ឡើង, ដៃ​ឆ្វេង​ដាក់​ចុះ​ក្រោម​បំពត់​ខ្នង​ដៃ​ចូល​ក្នុង ម្រាម​ចង្អុល​ដៃ​ចង្អុល​ចាំ​មក​ភ្លៅ​ឆ្វេង​របស់​ខ្លួន ។
ក្បាច់​យក្ខ​ទី ៣
របៀប​រាំ - ដូច​គ្នា​នឹង​បែប​ទី ២ ប្លែក​តែ​ដៃ​ឆ្វេង​ផ្ងារ​បាត​ដៃ​ចេញ ឲ្យ​ម្រាម​ដៃ​ចុះ​ក្រោម ។
ក្បាច់​យក្ខ​ទី ៤
របៀប​រាំ - ឈរ​បង់​ជំទែង​ពេញ​ទី ជង្គង់​ទាំង​ពីរ​វាត​ចេញ​ទៅ​ខាង​ទាំង​សង​ខាង, ដង​ខ្លួន​តាំង​ត្រង់, ដៃ​ឆ្វេង​លើក​ខ្ពស់​ហុច​ទៅ​ឆ្វេង ផ្ងារ​បាត​ដៃ ឲ្យ​ម្រាម​ដៃ​ទាំង ៤ សំយុង​ចុះ​ក្រោម មេ​ដៃ​បំពត់​ទទឹង​បាត​ដៃ, ដៃ​ឆ្វេង​កាន់​អាវុធ​ត្រង់​ពាក់​កណញដាល​យក​មក​ផ្ទប់​នៅ​ពោះ ។
ក្បាច់​យក្ខ​ទី ៥
របៀប​រាំ - ឈរ​បង់​ជំទែង​ពេញ​ទី ជង្គង់​ទាំង​ពីរ​វាត​ចេញ​ទៅ​ឆ្វេង​ទៅ​ស្ដាំ ដង​ខ្លួន​ទម្រេត​មក​ខាង​ស្ដាំ​បន្តិច មុខ​មើល​ឆៀង​ទៅ​ឆ្វេង, ដៃ​ឆ្វេង​លើក​ខ្ពស់ ហុច​ទៅ​ឆ្វេង ដូច​ក្បាច់​ទី ៤, ដៃ​ស្ដាំ​គាន់​អាវុធ​ត្រង់​ពាក់​កណ្ដាល​ឲ្យ​ខាង​គល់​ឡើង​លើ ហើយ​លោត​ត្រង់​ចេញ​ទៅ​ស្ដាំ ។
ក្បាច់​យក្ខ​ទី ៦
របៀប​រាំ - ឈរ​បង់​ជំទែង​ដូច​ក្បាច់​ទី ៥ តែ​បញ្ជប់​ជង្គង់​ឆ្វេង​ឲ្យ​ញោច​ទៅ​ខាង​ឆ្វេង​បន្តិច, ដៃ​ឆ្វេង​លើក​រា​ទៅ​ឆ្វេង តែ​ឲ្យ​ម្រាម​ទ្រេត​មក​ក្រោយ, ដៃ​ស្ដាំ​កាន់​អាវុធ​ត្រង់​ពាក់​កណ្ដាល ឲ្យ​គល់​ចុះ​ក្រោម លើក​យារ​ទៅ​ស្ដាំ ។ មុខ​ងើយ​បែប​ក្រឡេក​មើល​ឆ្ងាយ ។
ទសកណ្ឌ​ចូល​ឧទ្យាន
របៀប​តែង​ខ្លួន - តែង​ពេញ​យស​ដូច​មុន តែ​គ្មាន​កាន់​អាវុធ ទៅ​ជា​កាន់​ផ្លិត​ក្រដាស​ជំនួស នឹង​ប្រដាប់​ដោយ​ផ្កា​ក្រង​នៅ​ដៃ​ស្ដាំ ត្រចៀក​ស្ដាំ​បង់​ក្រមា​សំយោក​ជាយ​ទាំង​ពីរ​ទៅ​ក្រោយ សំដែង​កិរិយា​សប្បាយ​រីករាយ ។
ទសកណ្ឋ​រាំ
ក្បាច់​ជជាយ​ទី ១
របៀប​រាំ - តែង​ខ្លួន​ដូច​កាល​ចូល​ឧទ្យាន តែ​គ្មាន​កាន់​ផ្លិត, ដំបូង​ចេញ​មក ដៃ​ទាំង​ពីរ​ផ្ទឹម​ចង្កេះ ។
ទសកណ្ឋ​រាំ
ក្បាច់​ជជាយ​ទី ២
របៀប​រាំ - ឈរ​ជា​ជំហរ​យក្ខ គឺ​ឈរ​បង់​ជំទែង តែ​បន្ទោរ​ជង្គង់​នឹង​ខ្លួន​ទៅ​ឆ្វេង​បន្តិច ដៃ​ឆ្វេង​ជីប​ម្រាម​ពីរ ដាក់​ប្រទល់​គ្នា​នឹង​ដៃ​ស្ដាំ ពី​ខាង​មុខ​ដៃ​ស្ដាំ​នោះ​ត្បៀត​ផ្លិត​ផង ។
ទសកណ្ឋ​រាំ
ក្បាច់​ជជាយ​ទី ៣
របៀប​រាំ - ឈរ​ដោយ​ជើង​ស្ដាំ ជើង​ឆ្វេង​លើក​ខ្ពស់, ដៃ​ទាំង​ពីរ​លើក​ហុច​ត្រង់​ទៅ​មុខ នឹង​ជីប​ម្រាម​ពីរ​ទាំង​សង​ខាង តែ​ដៃ​ស្ដាំ​នោះ​ត្បៀត​ផ្លិត​ផង ។
ទសកណ្ឋ​រាំ
ក្បាច់​ជជាយ​ទី ៤
របៀប​រាំ - ឈរ​ដោយ​ជើង​ស្ដាំ បន្ទន់​ជង្គង់​ទៅ​មុខ​បន្តិច, ជើង​ឆ្វេង​លើក​ខ្ពស់ សំយុង​ចុង​ជើង​ចុះ​ក្រោម ដៃ​ឆ្វេង​ត្រង់​ចេញ​ទៅ​ឆ្វេង ជីប​ម្រាម​ពីរ​ឡើង​លើ ម្រាម​ឯ​ទៀត​លា​ក្រញាង​ចេញ, ដៃ​ស្ដាំ​បោះ​ទៅ​ក្រោយ ឲ្យ​ចុង​ដៃ​សណ្ដូក​ចុះ​ទាប​បន្តិច ជីប​ម្រាម​ពីរ នឹង​ត្បៀត​ផ្លិត​ផង ។
ទសកណ្ឋរាំ
ក្បាច់​ជជាយ​ទី ៥
របៀប​រាំ - ឈរ​ឈាន​ជើង​ឆ្វេង​ទៅ​មុខ, ដង​ខ្លួន​បន្ទោរ​ទៅ​មុខ​ឆៀង​ឆ្វេង​បន្តិច ដៃ​ឆ្វេង​ធ្វើ​ក្រងុង​ចេញ​ទៅ​មុខ ដៃ​ស្ដាំ​បោះ​ទៅ​ក្រោយ ត្បៀត​ផ្លិត​បញ្ឈរ​ឡើង ទាំង​រំសាយ​ផ្លិត​ឲ្យ​លា​ចេញ​ផង1 ។
ក្បាច់​ភ្លេង​រួស
របៀប​រាំ - ឈរ​បន្ទន់​ជង្គង់​ចេញ​ទៅ​ខាង ចុង​ជើង​ទាំង​ពីរ​ក៏​បំបែរ​ចេញ​ទៅ​ខាង ៗ ដៃ​ទាំង​ពីរ​លើក​ជ្រែង​ចេញ​ទៅ ហើយ​បំពត់​ចុង​ដៃ​មក​រក​ខ្លួន, មុខ​ទ្រង់​ងើយ​បន្តិច ក្នុង​ខណៈ​នេះ ទន្ត្រំ​ជើង​ទាំង​ពីរ​ផង ។
(វេលា​នោះ​ភ្លេង​នឹង​ប្រែ​បទ​លេង​ឲ្យ​រួស) ។
ទសកណ្ឋ​សោក
របៀប​ឥរោយាបថ - អង្គុយ​បត់​ជង្គង់​ឆ្វេង​ដាក់​រាប បញ្ឈរ​ជង្គង់​ស្ដាំ ដៃ​ស្ដាំ​ដាក់​គង​លើ​ជង្គង់​ស្ដាំ ហើយ​ចាប់​កាន់​ដៃ​ឆ្វេង បន្ទន់​ក្បាល​ទៅ​ខាង​ស្ដាំ​ធ្វើ​ល្ងៀក សំដែង​កិរិយា​ទុក្ខ​សោក ។ អាវុធ​ដាក់​ខាង​ខ្លួន ។
មេ​ក្បាច់​ធំ របស់​ក្បាច់​យក្ខ​មាន​តែ​ប៉ុណ្ណេះ វេលា​រាំ​តោង​រាំ​ទៅ​ជា​លំនាំ​ផ្សេង ៗ ដើម្បី​ភ្ជាប់​ត​ពី​ក្បាច់ ទៅ​ក្បាច់ ត្រង់​កន្លែង​ខ្លះ​ក៏​យក​ក្បាច់​រាំ​របស់​មនុស្ស​នោះ​ទៅ​រាំ​ផង ត្រង់​កន្លែង​ដែល​សំខាន់ ៗ ទើប​បញ្ចេញ​ក្បាច់​យក្ខ​ពេញ​ទី ។
អធិប្បាយ​ក្បាច់​ស្វា
អ្នក​ដែល​ត្រូវ​ធ្វើ​ជា​ស្វា គេ​តែង​ខ្លួន​ទំនង​ជា​ស្វា​នឹង​ពាក់​មុខ​រូប​ស្វា ជា​ស្វា​ស​ឬ​ស្វា​ខ្មៅ តោង​ស្លៀកពាក់​ពណ៌​តាម​នោះ បើ​ជា​ស្ដេច​ស្វា​តោង​មាន​ពាក់​សង្វា​ផង ។
ក្បាច់​ស្វា​ទី ១
របៀប​រាំ - ឈរ​បង់​ចំទែង​ពេញ​ទី បន្ទន់​ជង្គង់​ឲ្យ​ញោច​ទៅ​ខាង​មុខ​បន្តិច ខ្លួន​ចំអើត​ចេញ​ទៅ​មុខ​ឆៀង​ស្ដាំ ដៃ​ស្ដាំ​កាន់​អាវុធ​ខ្លី គឺ​ជា​ត្រី​សូល ឬ​ដំបង​ខ្លី ឲ្យ​ចុង​ចុះ​ក្រោម ។
ក្បាច់​ស្វា​ទី ២
របៀប​រាំ - របៀប​ជំហរ​ដូច​ទី ប្លែក​តឺ​ដៃ​ឆ្វេង​លើក​លាត​ចេញ​ទៅ​មុខ ហើយ​បំបត់​ក​ដៃ​ចូល​មក​នឹង​ជីប​ម្រាម​ពីរ ដៃ​ស្ដាំ​កាន់​អាវុធ​ដាក់​ពី​មុខ​ត្ង់​រវាង​ពោះ បំបត់​ក​ដៃ​ចុះ​ក្រោម ឲ្យ​ចុង​អាវុធ​ឡើង​លើ តែ​ឲ្យ​នៅ​ពី​ក្រៅ​ដៃ ។
ក្បាច់​ស្វា​ទី ៣
របៀប​រាំ - កិរិយា​ជំហរ​ដូច​មុន ប្លែក​តែ​ដៃ​ឆ្វេង​ច្រត់​ចុះ​ត្រង់​រវាង​ពាក់​កណ្ដាល​ផ្លូវ ដៃ​ស្ដាំ​កាន់​អាវុធ​លើក​ងា​ឡើង ឲ្យ​ចុង​អាវុធ​ចុះ​ស្រប​តាម​ដៃ ។
ក្បាច់​ស្វា​ទី ៤
របៀប​រាំ - កិរិយា​ជមហរ​ដូច​មុន ប្លែក​តែ​ដៃ​ឆ្វេង​ដាក់​ផ្ងារ​ចេញ​ទៅ​មុខ តែ​ឲ្យ​ដៃ​ទាប​ចុះ ដៃ​ស្ដាំ​លើក​ងា​ឡើង ឲ្យ​ចុង​អាវុធ​ឡើង​លើ ។
ក្បាច់​ស្វា​ទី ៥
របៀប​រាំ - កិរិយា​ជំហរ​ដូច​មុន ប្លែក​តែ​ដៃ​ឆ្វេង​លើក​ខ្ពស់​ចេញ​ទៅ​មុខ ម្រាម​ដៃ​ធ្វើ​បែប​ជា​មាត់​ស្វា​ហា ។
ក្បាច់​ស្វា​ទី ៦
របៀប​រាំ - កិរិយា​ជំហរ​នឹង​លើក​ដៃ​ដូច​មុន ប្លែក​តែ​ក​ដៃ​ឆ្វេង​បត់​ចូល​ហើយ​ជីប​ម្រាម​ពីរ ។
ក្បាច់​ជើត
របៀប​រាំ - ក្បាច់​នេះ​ដូច​គ្នា​នឹង​ក្បាច់​ទី ៥ ប្លែក​តែ​ក្បាច់​នេះ​ដៃ​ឆ្វេង​ដាក់​ត្រង់​ស្មើ​ចេញ​ទៅ​មុខ ។
ក្បាច់​មើល​ចំហៀង
របៀប​រាំ - ឈរ​ញែក​ជើង​ចេញ បញ្ជក់​ជង្គង់​ចេញ​ទៅ​ឆ្វេង​ទៅ​ស្ដាំ ខ្លួន​អើត មើល​ទៅ​ចំហៀង​ខាង​ឆ្វេង, ដៃ​ឆ្វេង​ធ្វើ​ដូច​ក្បាច់​ទី ៥, ដៃ​ស្ដាំ​កាន់​អាវុធ​ដាក់​ពី​មុខ​ភ្លៅ ឲ្យ​ចុង​ចេញ​ទៅ​ក្រៅ ។
ក្បាច់​ស្វា​លង់​ទ្រនេស
របៀប​រាំ - ដើរ​បន្ទន់​ជង្គង់ ដៃ​ឆ្វេង​ដាក់​លើ​ជង្គង់​ឆ្វេង ដៃ​ស្ដាំ​យួរ​ឡើង ខ្លួន​ផ្អៀង បត់​ក​ល្ងៀក ជា​កិរិយា​អស់​កម្លាំង​ល្ហិតល្ហៃ ។
ក្បាច់​គគ្រាម
របៀប​រាំ - ជើង​ឆ្វេង​បោះ​ទៅ​មុខ បញ្ឈរ​ជង្គង់​ឡើង ជើង​ស្ដាំ​សណ្ដូក​ត្រង់​ទៅ​ក្រោយ ដៃ​ទាំង​ពីរ​ដាក់​ត្រៀប​លើ​ជង្គង់​ឆ្វេង ខ្លួន​អើត​ទៅ​លើ​ជង្គង់​ឆ្វេង​នោះ ។
ក្បាច់​ឆក់
របៀប​រាំ - អង្គុយ​ចំតោត ដៃ​ឆ្វេង​យួរ​ដាក់​ពី​មុខ ដៃ​ស្ដាំ​លូក​ទៅ​ខាង​ស្ដាំ​ខ្លួន, មួល​ខ្លួន​ងាក​មើល​ទៅ​ឆ្វេង​ឆៀង​ខាង​ក្រោយ ។
ក្បាច់​លប
របៀប​រាំ - ជើង​ឆ្វេង​បោះ​ទៅ​មុខ បញ្ឈរ​ជង្គង់​ជើង​សណ្ដូក​ទៅ​ក្រោយ បែរ​មុខ​ឆៀង​ទៅ​ឆ្វេង ដៃ​ទាំង​ពីរ​យួរ​ដាក់​ពី​មុខ ជា​អាការ​ស្វា​តែង​ធ្លាប់​ធ្វើ​ដូច្នោះ ។
ចប់​ក្បាច់​ល្ខោន​ខោល 
ប្រភព http://www.budinst.gov.kh/?q=node/270

0 ความคิดเห็น:

แสดงความคิดเห็น