วันพุธที่ 18 พฤษภาคม พ.ศ. 2554

ពិធី​ក្រាល​គ្រង​កឋិន

ព្រះ​មហា​ឧត្ដម​វិជ្ជា កែ - អឿន (វីរិយប្បញ្ញោ)
វត្ត​ព្រះ​ព្រហ្មរតន៍ ខែត្រ​សៀមរាប រៀបរៀង
ព្រះ​ទេព​សត្ថា សូរ - ហាយ ពិនិត្យ​កែ​សម្រួល
ក្នុង​ទីនេះ នឹង​រៀបរៀង​បាលី​សម្រាប់​វេរ​កឋិន ព្រម​ទាំង​កិច្ច​ផ្សេង ៗ មាន​ពិធី​ក្រាល​គ្រង​កឋិន​ជាដើម ទុក​ជា​បែប​ក្នុង​បុណ្យ​កឋិនទាន ។
បាលី​វេរ​កឋិនទាន​ដល់​ព្រះ​សង្ឃ
1ឥមំ ទុស្សំ កឋិនចីវរំ សង្ឃស្ស ទេម ។ ទុតិយម្បិ, តតិយម្បិ ។
ប្រែ​ថា "(បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចំរើន​អើយ) យើង​ខ្ញុំ​ទាំងឡាយ​សូម​វេរ​នូវ​សំពត់​នេះ ជា​សំពត់​កឋិន​ចីវរ ប្រគេន​ចំពោះ​ព្រះ​សង្ឃ ។ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង" ។
ឬ​នឹង​វេរ​ដោយ​បាលី​ផ្សេង​ទៀត​ក៏​បាន ដូច​មាន​ខាង​ក្រោម​នេះ
2មយំ ភន្តេ ឥមំ វត្ថំ កឋិនចីវរំ សង្ឃស្ស និយ្យាទេម សាធុ ភន្តេ សង្ឃោ ឥមំ វត្ថំ កឋិនចីវរំ បដិគ្គណ្ហតុ បដិគ្គហេត្វាន ឥមិនា អត្ថរតុ ឥមា កឋិនទានបត្តិយោ សមិជ្ឈន្តុ មាតាបិតាទីនំ គុណវន្តានញ្ច អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។ ទុតិយម្បិ, តតិយម្បិ ។
ប្រែ​ថា "បពិត្រ​ព្រះ​សង្ឃ​ដ៏​ចំរើន ! យើង​ខ្ញុំ​ទាំងឡាយ​សូម​វេរ​ថ្វាយ​នូវ​សំពត់​នេះ ជា​កឋិន​ចីវរ ចំពោះ​ព្រះ​សង្ឃ, បពិត្រ​ព្រះ​សង្ឃ​ដ(​ចំរើន ! សូម​ព្រះ​សង្ឃ​ទទួល​យក​នូវ​សំពត់​ជា​កឋិន​ចីវរ​នេះ, លុះ​ទទួល​រួច​ហើយ សូម​និមន្ត​ក្រាល​គ្រង​ដោយ​សំពត់​កឋិន​ចីវរ​នេះ, សូម​ចំណែក​បុណ្យ​នៃ​កឋិន​ទាន​ទាំង​អម្បាល​នេះ​សម្រេច ដើម្បី​សេចក្ដី​ចំរើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ដល់​លោក​អ្នក​ដ៏​មាន​គុណ​ទាំងឡាយ មាន​មាតា​បិតា​ជាដើម​ផង ដល់​យើង​ខ្ញុំ​ទាំងឡាយ​ផង អស់​កាល​ជា​អង្វែង​ទៅ​ហោង ។ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង" ។
បាលី​វេរ​គ្រឿង​បរិក្ខា​ជា​បរិវារ​កឋិន
យេនម្ហាកំ 3 កឋិនំ គហិតំ កឋិនានិសង្សានិ តស្សេវ ទេម ។ ទុតិយម្បិ, តតិយម្បិ ។
ប្រែ​ថា "បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចំរើន​អើយ ! រី​កឋិន​នៃ​យើង​ខ្ញុំ​ទាំងឡាយ គឺ​លោក​ម្ចាស់​អង្គ​ណា បាន​ទទួល​កាន់​យក​ហើយ យើង​ខ្ញុំ​ទាំងឡាយ សូម​វេរ​នូវ​គ្រឿង​បរិក្ខា​ជា​បរិវារ​នៃ​កឋិន​ទាំងឡាយ ប្រគេន​ដល់​លោក​ម្ចាស់​អង្គ​នោះ ។ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង" ។
ក្នុង​អដ្ឋកថា​ពន្យល់​ថា យេនម្ហាកំ ។ល។ តស្សេវ ទេម ដូច្នេះ, ព្រះ​សង្ឃ​មិន​ជា​ឥស្សរៈ​ធំ​លើ​គ្រឿង​បរិក្ខារ​ជា​បរិវារ​កឋិន​នោះ​ទេ, បើ​ទាយក​ចង់​ឲ្យ​ព្រះ​សង្ឃ​ជា​ឥស្សរៈ​ធំ​លើ​គ្រឿង​បរិក្ខារ​ទាំង​នោះ ហើយ​នឹង​ចង់​បាន​ផលានិសង្ស​ច្រើន ត្រូវ​វេរ​ដោយ​បាលី​ផ្សេង​វិញ, ក្នុង​ទីនេះ​នឹង​រៀបរៀង​បាលី​វេរ​គ្រឿង​បរិក្ខារ​ជា​បរិវារ​របស់​កឋិន​ដល់​ ព្រះ​សង្ឃ ទុក​ជា​បែប​ថាៈ
យមំ1 ភន្តេ ឥមេ កឋិនបរិក្ខារេ សង្ឃស្ស និយ្យេទេម សាធុ ភន្តេ សង្ឃោ ឥមេ កឋិនបរិក្ខារេ បដិគ្គណ្ហតុ មាតាបិតាទីនំ គុណវន្តានញ្ច អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សយខាយ ។ ទុតិយម្បិ, តតិយម្បិ ។
ប្រែ​ថា "បពិត្រ​ព្រះ​សង្ឃ​ដ៏​ចំរើន ! យើង​ខ្ញុំ​ទាំងឡាយ​សូម​វេរ​ថ្វាយ​នូវ​គ្រឿង​បរិក្ខារ​ជា​បរិវារ​កឋិន​ ទាំងឡាយ​នេះ​ដល់​ព្រះ​សង្ឃ, បពិត្រ​ព្រះ​សង្ឃ​ដ៏​ចំរើន ! សូម​ព្រះ​សង្ឃ​ទទួល​យក​នូវ​គ្រឿង​បរិក្ខារ​ជា​បរិវារ​កឋិន​ទាំងឡាយ​នេះ ដើម្បី​សេចក្ដី​ចំរើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ដល់​លោក​អ្នក​ដ៏​មាន​គុណ​ទាំងឡាយ មាន​មាតា​បិតា​ជាដើម​ផង ដល់​យើង​ខ្ញុំ​ទាំងឡាយ​ផង អស់​កាល​ជា​អង្វែង​ទៅ​ហោង ។ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង" ។
បាលី​វេរ​ផ្កា​ប្រាក់
មយំ ភន្តេ សទ្ធាបស្សន្នា ឥធ អារាម (សេនាសន2ករណត្ថាយ) ឥមានិ ហិរញ្ញបុប្ផានិ សង្ឃស្ស បវារេម ។
សាធុ ភន្តេ សង្ឃោ វិនយានុរូបំ កប្បិយការកស្ស ហត្ថេ ឋបិតានិ ឥមានិ ហិរញ្ញបុប្ផានិ បដិជានាតុ មាតាបិតាទីនំ គុណវន្តានញ្ច អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។ ទុតិយម្បិ, តតិយម្បិ ។
ប្រែ​ថា "បពិត្រ​ព្រះ​សង្ឃ​ដ៏​ចំរើន ! យើង​ខ្ញុំ​ទាំងឡាយ​មាន​សទ្ធា​ជ្រះ​ថ្លា បាន​លះបង់​នូវ​ផ្កា​គឺ​ហិរញ្ញវត្ថុ​ទាំងឡាយ​នេះ សូម​បវារណា​ដល់​ព្រះ​សង្ឃ (ដើម្បី​កសាង​សេនាសនៈ) ក្នុង​វត្ត​នេះ ។ បពិត្រ​ព្រះ​សង្ឃ​ដ៏​ចំរើន ! សូម​ព្រះ​សង្ឃ​ទទួល​ដឹង​នូវ​ផ្កា​គឺ​ហិរញ្ញវត្ថុ​ទាំងឡាយ​នេះ ដែល​យើង​ខ្ញុំ​ទាំងឡាយ បាន​ដំកល់​ទុក​ហើយ​ក្នុង​ដៃ​នៃ​កប្បិយការកៈ​ដ៏​សម​គួរ​ដល់​វិន័យ ដើម្បី​សេចក្ដី​ចំរើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ គ្រប់​ប្រការ​ដល់​លោក​អ្នក​មាន​គុណ​ទាំងឡាយ មាន​មាតា​បិតា​ជាដើម​ផង, ដល់​យើង​ខ្ញុំ​ទាំងឡាយ​ផង អស់​កាល​ជា​អង្វែង​ទៅ​ហោង ។ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង" ។
កាល​បើ​ទាយក​វេរ​អង្គកឋិន នឹង​គ្រឿង​បរិក្ខារ​ជា​បរិវារ​កឋិន​រួច​ហើយ ត្រូវ​ជំនុំ​សង្ឃ​ចាត់​ភិក្ខុ​ពីរ​រូប (គឺ​ភិក្ខុ​ដែល​ត្រូវ​សូត្រ​កឋិន) ឲ្យ​ប្រកាស​សេចក្ដី​ដល់​ជំនុំ​សង្ឃ ដែល​ធ្លាប់​ហៅ​ថា ក្រើន​កឋិន ។
ក្នុង​ទី​នេះ នឹង​រៀបរៀង​ជា​បែប​ទុក​តាម​ទម្លាប់​ដែល​ធ្លាប់​ធ្វើ​មក ។
ភិក្ខុ​ចាស់​ក្រើន​ថាៈ
ភន្តេ បពិត្រ​ជំនុំ​សង្ឃ​ដ៏​ចំរើន ! រី​អង្គ​កឋិនទាន​នេះ ជា​កឋិនទាន​របស់ (...1) មាន​បសាទស្សទ្ធា​ជ្រះ​ថ្លា​ជឿជាក់​ក្នុង​បវរ​ពុទ្ធសាសនា បាន​បរិច្ចាគ​ធនធាន​ចាត់ចែង​ធ្វើ​ជា​អង្គកឋិនទាន​នេះ ដង្ហែ​ចូល​មក​វេរ​ប្រគេន​ចំពោះ​ព្រះ​សង្ឃ ដែល​គង់​ចាំ​ព្រះ​វស្សា​គ្រប់​កំណត់​ត្រៃមាស​ក្នុង​អារាម​វត្ត (...2) នេះ ជា​សំពត់​ដ៏​ស្អាត​បរិសុទ្ធ​ផុត​ចាក​មន្ទិល ហាក់​ដូចជា​សំពត់​ទិព្វ​កោសេយ្យព័ស្ត្រ អណ្ដែត​ត្រសែត​ធ្លាក់​ចុះ​មក​អំពី​អាកាស មក​ប្រតិស្ឋាន​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ​នេះ នឹង​បាន​ស្មោះ​ចំពោះ​ភិក្ខុ​អង្គ​ណា​មួយ​នោះ​ក៏​ទេ ។ ហេតុ​នេះ បើ​ភិក្ខុ​អង្គ​ណា​មាន​ត្រៃចីវរ​ទុព្វលភាព ដាច់​ដាច ហើយ​ឆ្លៀវឆ្លាស​វាងវៃ​ក្នុង​កឋិនត្ថារកិច្ច​គឺ​ចេះ​បុព្វករណៈ ៧ មាតិកា ៨ បលិពោធ ២ នឹង​អានិសង្ស ៥ ប្រការ​ជាដើម ដោយ​សព្វ​គ្រប់ ក៏​សូម​ឆ្លើយ​មក កុំ​បី​អិមអៀន​ឡើយ ជំនុំ​សង្ឃ​នឹង​បង្វែ​ប្រគេន​ឲ្យ​ភិក្ខុ​អង្គ​នោះ​ក្រាល​គ្រង​ក្នុង​កាល​ ឥឡូវ​នេះ​ហោង ។
ភិក្ខុ​ខ្ចី​ក្រើន​តប​ទៅ​វិញ​ថាៈ
ឥទានេវ ខោ ភន្តេ អតិសុន្ទរំ បកាសិតំ
បពិត្រ​ព្រះ​ករុណា​ដ៏​ចំរើន ! ពាក្យ​ដែល​ព្រះ​ករុណា​ម្ចាស់​បាន​ប្រកាស​មក​អម្បាញ់​មិញ​នេះ ពិរោះ​ណាស់​ហើយ, រី​ផិក្ខុ​សង្ឃ ដែល​គង់​ចាំ​វស្សា​ក្នុង​អារាម​នេះ សឹង​មាន​ត្រៃចីវរ​ល្មម​ប្រើប្រាស់​គ្រប់គ្រាន់​ហើយ មិន​ទាន់​ទុព្វលភាព​ទេ តែ​បើ​តាម​យោបល់​របស់​ខ្ញុំ​ព្រះ​ករុណា​យល់​ឃើញ​ថាៈ គួរ​ព្រះ​សង្ឃ​បង្វែ​ប្រគេន​ដល់​ព្រះ​តេជ​ព្រះ​គុណ (...3) ព្រោះ​លោក​ប្រកប​ដោយ​អង្គ​សម្បត្តិ​ច្រើន​ប្រការ គឺៈ
១- លោក​ជា​ព្រះ​ថេរៈ​ដឹង​រាត្រី​ច្រើន, បួស​ហើយ​អស់​កាល​យូរ​ជា​អធិការ​នៃ​សង្ឃ, ជា​វិចារកៈ​របស់​សង្ឃ ។
២- លោក​ជា​អ្នក​ទ្រទ្រង់​នូវ​ធម្ម​វិន័យ ។
៣- លោក​ជា​អ្នក​ឆ្លៀវឆ្លាស​ក្នុង​កឋិនត្ថារកិច្ច​ជាដើម ហើយ​មាន​សមត្ថភាព​គួរ​នឹង​ក្រាល​កឋិន​បាន, បពិត្រ​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ ! បើ​ព្រះ​សង្ឃ​យល់​ពញរម​តាម​យោបល់​របស់​ខ្ញុំ​ព្រះ​ករុណា ដែល​បាន​ប្រកាស​មក​ហើយ​នេះ សូម​មេត្តា​បន្លឺ​នូវ​សទ្ទសញ្ញា​ថា "សាធុ" គ្រប់ ៗ អង្គ​ទៅ​ហោង ។
កាល​បើ​ក្រើន​រួច​ហើយ ជំនុំ​សង្ឃ​ត្រូវ​ប្រគល់​សំពត់​កឋិន​ឲ្យ​ទៅ​ភិក្ខុ​អ្នក​ក្រាល ដោយ​ញ្ញត្តិ​ទុតិយកម្ម​វាចា តាម​ពុទ្ធានុញ្ញាត​ក្នុង​គម្ពីរ​មហា​វគ្គ​ថាៈ
សុណាតុ មេ ភន្តេ សង្ឃោ, ឥទំ សង្ឃស្ស កឋិនទុស្សំ ឧប្បន្នំ ។ យទិ សង្ឃស្ស បត្តកល្លំ, សង្ឃោ ឥមំ កឋិនទុស្សំ ឥត្ថន្នាមស្ស1 ភិក្ខុនោ ទទេយ្យ កឋិនំ អត្ថរិតុំ ។ ឯសា ញ្ញត្តិ ។
សុណាតុ មេ ភន្តេ សង្ឃោ, ឥទំ សង្ឃស្ស កឋិនទុស្សំ ឧប្បន្នំ ។ សង្ឃោ ឥមំ កឋិនទុស្សំ ឥត្ថន្នាមស្ស1 ភិក្ខុនោ ទេតិ កឋិនំ អត្ថរិតុំ ។ យស្សាយស្មតោ ខមតិ ឥមស្ស កឋិនទុស្សស្ស ឥត្ថន្នាមស្ស1 ភិក្ខុនោ ទានំ កឋិនំ អត្ថរិតុំ, សោ តុណ្ហស្ស យស្ស នក្ខមតិ សោ ភាសេយ្យ ។ ទិន្នំ ឥទំ សង្ឃេន កឋិនទុស្សំ ឥត្ថន្នាមស្ស ភិក្ខុនោ កឋិនំ អត្ថរិតុំ ។ ខមតិ សង្ឃស្ស តស្មា តុណ្ហី ឯវមេតំ ធារយាមិ ។
"បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចំរើន ! សូម​ព្រះ​សង្ឃ​ស្ដាប់​ពាក្យ​ខ្ញុំ, សំពត់​កឋិន​នេះ កើត​ឡើង​ដល់​សង្ឃ​ហើយ ។ បើ (ការ​នេះ) មាន​កាល​គួរ​ដល់​សង្ឃ​ហើយ, សង្ឃ​គួរ​ឲ្យ​សំពត់​កឋិន​នេះ ទៅ​ភិក្ខុ (ឈ្មោះ​នេះ) ដើម្បី​ក្រាល​កឋិន ។ នេះ​ជា​ពាក្យ​ផ្តៀង ។ បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចំរើន ! សូម​ព្រះ​សង្ឃ​ស្ដាប់​ពាក្យ​ខ្ញុំ, សំពត់​កឋិន​នេះ កើត​ឡើង​ដល់​សង្ឃ​ហើយ ។ (ឥឡូវ) សង្ឃ​ឲ្យ​សំពត់​កឋិន​នេះ ទៅ​ភិក្ខុ (ឈ្មោះ​នេះ) ដើម្បី​ក្រាល​កឋិន គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា លោក​ដ៏​មាន​អាយុ​អង្គ​នោះ​នៅ​ស្ងៀម មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​និយាយ​ឡើង ។ សំពត់​កឋិន​នេះ សង្ឃ​ឲ្យ​ទៅ​ភិក្ខុ (ឈ្មោះ​នេះ) ហើយ ដើម្បី​ក្រាល​កឋិន ។ (ការ​នេះ) គួរ​ដល់​សង្ឃ​ហើយ ព្រោះ​ហេតុ​នោះ បាន​ជា​សង្ឃ​ស្ងៀម ខ្ញុំ​ចាំ​ទុក​នូវ​ការ​នេះ​ដោយ​ភាព​ដែល​សង្ឃ​ស្ងៀម​យ៉ាង​នេះ" ។
កាល​បើ​សង្ឃ​សូត្រ​ប្រគល់​សំពត់​កឋិន ដោយ​ញ្ញត្តិ​ទុតិយកម្ម​វាចា​ដូច្នេះ​ហើយ, បើ​សំពត់​កឋិន​នោះ​ទាយក​ធ្វើ​បរិកម្ម​សម្រេច​មក​ជា​ស្បង់​ចីពរ​សង្ឃាដី​រួច​ ហើយ ភិក្ខុ​ត្រូវ​ការ​ក្រាល​ដោយ​ស្បង់​ឬ​ចីពរ​ឬ​សង្ឃាដី គប្បី​បច្ចុទ្ធរ៍​ដក​ស្បង់​ចីពរ​សង្ឃាដី​ចាស់​ចេញ ហើយ​ធ្វើ​កប្បពិន្ទុ - អធិដ្ឋាន​ស្បង់​ចីពរ​សង្ឃាដី​ថ្មី​ឡើង ។
ឯ​ពិធី​ដក​ដូច្នេះ
ដក​សង្ឃាដី​ថាៈ ឥមំ សង្ឃាដឹ បច្ចុទ្ធរាមិ "អាត្មា​អញ​ដក​នូវ​សង្ឃាដី​នេះ" ។
ដក​ឧត្តរាសង្គ (ចីពរ) ថាៈ ឥមំ ឧត្តរាសង្គំ បច្ចុទ្ធរាមិ "អាត្មា​អញ​ដក​នូវ​ឧត្តរាសង្គៈ (ចីពរ) នេះ" ។
ដក​អន្តរវាសកៈ (ស្បង់) ថាៈ ឥមំ អន្តរវាសកំ បច្ចុទ្ធរាមិ "អាត្មា​អញ​ដក​នូវ​ស្បង់​នេះ" ។
ដក​ចីពរ - ស្បង់ - សង្ឃាដី​រួច​ហើយ ត្រូវ​ធ្វើ​កប្បពិន្ទុ​ចីវរ​ថ្មី​ដែល​បំរុង​ក្រាល​កឋិន​នោះ ត្រង់​ជ្រុង ឬ​មុមចីវរ​ដោយ​ពណ៌ ៣ យ៉ាង​ពណ៌​ណា​មួយ​ដែល​មាន​សំដែង​ក្នុង​សិក្ខាបទ​ស្រាប់ ។
ឯ​ពិធី​ពិន្ទុ​កប្ប​ដូច្នេះ
ឥមំ ពិន្ទុកប្បំ ករោមិ "អាត្មា​អញ​ធ្វើ​នូវ​ពិន្ទុ​កប្ប​នេះ" ។ ត​ពី​នេះ​ត្រូវ​អធិដ្ឋាន​ចីវរ​ថ្មី​ឡើង, ពិធី​អធិដ្ឋាន​នេះ​ដូច្នេះ
អធិដ្ឋាន​សង្ឃាដី​ថាៈ ឥមំ សង្ឃាដឹ អធិដ្ឋាមិ ។ ទុតិយម្បិ, តតយម្បិ "អាត្មា​អញ​អធិដ្ឋាន​នូវ​សង្ឃាដី​នេះ ។ អស់​វារៈ​ពីរ​ដង​ផង, អស់​វារៈ​បី​ដង​ផង" ។
អធិដ្ឋាន​ឧត្តរាសង្គៈ​ថាៈ ឥមំ ឧត្តរាសង្គំ អធិដ្ឋាមិ ។ ទុតិយម្បិ, តតយម្បិ "អាត្មា​អញ​អធិដ្ឋាន​នូវ​ឧត្តរាសង្គៈ​នេះ" ... ។
អធិដ្ឋាន​អន្តរវាសកៈ​ថាៈ ឥមំ អន្តរវាសកំ អធិដ្ឋាមិ ។ ទុតិយម្បិ, តតយម្បិ "អាត្មា​អញ​អធិដ្ឋាន​នូវ​អន្តរវាសក​នេះ" ... ។
កាល​ប់​ធ្វើ​អធិដ្ឋាន​រួច​ហើយ ត្រូវ​ក្រាល​កឋិន​ដោយ​ចីវរ​ណា​មួយ​តាម​ត្រូវ​ការ ហើយ​គប្បី​បញ្ចេញ​វាចា​ឲ្យ​ជំនុំ​សង្ឃ​បាន​ឮ​ច្បាស់ ។
បើ​ចង់​ក្រាល​ដោយ​សង្ឃាដី​ថាៈ ឥមាយ សង្ឃាដិយា កឋិនំ អត្ថរាមិ "ខ្ញុំ​ក្រាល​កឋិន​ដោយ​សង្ឃាដី​នេះ" ។
បើ​ចង់​ក្រាល​ដោយ​ចីពរ​ថាៈ ឥមាយ ឧត្តរាសង្គេន កឋិនំ អត្ថរាមិ "ខ្ញុំ​ក្រាល​កឋិន​ដោយ​ឧត្តរាសង្គៈ (ចីពរ) នេះ" ។
បើ​ចង់​ក្រាល​ដោយ​អន្តរវាសកៈ​ថាៈ ឥមាយ អន្តរវាសកេន កឋិនំ អត្ថរាមិ "ខ្ញុំ​ក្រាល​កឋិន​ដោយ​អន្តរវាសកៈ (ស្បង់) នេះ" ។
កាល​បើ​ភិក្ខុ​បាន​ក្រាល​កឋិន​តាម​បែប​នេះ​រួច​ហើយ ត្រូវ​ចូល​ទៅ​ជិតសង្ឃ​ឬ​គណៈ​ឬ​បុគ្គល គ្រង​ចីពរ​ស្មា​ម្ខាង​អង្គុយ​ច្រហោង ប្រណម្យ​អញ្ជលី​ឡើង ពោល​ប្រាប់​ឲ្យ​លោក​ទាំង​នោះ អនុមោទនា​ថាៈ អត្ថតំ អាវុសោ1 សង្ឃស្ស កឋិនំ, ធម្មិកោ កឋិនត្ថារោ, អនុមោទថ "ម្នាល​លោក​ដ៏​មាន​អាយុ ! កឋិន​របស់​សង្ឃ​ខ្ញុំ​ក្រាល​រួច​ហើយ, ការ​ក្រាល​កឋិន (នុ៎ះ) ប្រកប​ដោយ​ធម៌, សូម​លោក​ទាំងឡាយ​អនុមោទនា​ចុះ" ។
ចំណែក​ខាង​ភិក្ខុ​អ្នក​អនុមោទនា​វិញ ត្រូវ​គ្រង​ចីពរ​ស្មា​ម្ខាង អង្គុយ​ច្រហោង​ប្រណម្យ​អញ្ជលី​ឡើង​ពោល​អនុមោទនា​ថាៈ អត្ថតំ ភន្តេ សង្ឃស្ស កឋិនំ, ធម្មិកោ កឋិនត្ថារោ, អនុមោទាម "បពិត្រ​លោក​ម្ចាស់​ដ៏​ចំរើន កឋិន​របស់​សង្ឃ លោក​ក្រាល​រួច​ហើយ, ការ​ក្រាល​កឋិន (នុ៎ះ) ប្រកប​ដោយ​ធម៌ យើង​សូម​អនុមោទនា" ។
ឬ​នឹង​អនុមោទនា​មួយ​បែប​ទៀត​ក៏​បានៈ អត្ថតំ ភន្តេ1 សង្ឃស្ស កឋិនំ, ធម្មិកោ កឋិនត្ថារោ, អនុមោទាម2 "បពិត្រ3ព្រះ​ករុណា​ដ៏​ចំរើន ! កឋិន​របស់​សង្ឃ ដែល​សង្ឃ​បាន​ឲ្យ​ហើយ​ដល់​លោក ៗ បាន​ក្រាល​ហើយ, , កឋិន​ដែល​លោក​បាន​ក្រាល​ហើយ​នេះ ជា​ធម៌​សម​គួរ​តាម​ពុទ្ធានុញ្ញាត, ខ្ញុំ​ព្រះ​ករុណា​ទាំងឡាយ សូម​អនុមោទនា គឺ​ថា​ត្រេកអរ​តាម​ផ្លូវ​កឋិន" ។
ចប់​វិធី​ក្រាល​គ្រង​កឋិន 
ប្រភព http://www.budinst.gov.kh/?q=node/299

0 ความคิดเห็น:

แสดงความคิดเห็น