วันพุธที่ 18 พฤษภาคม พ.ศ. 2554

អំពី​សម្លៀក​បំពាក់​ខ្មែរ


របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ នៅ​ពុទ្ធសាសនបណ្ឌិត្យ ក្រុង​ភ្នំពេញ
ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​បាន​កើត​ឡើង​ចំនួន ១៨ ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​មាន​ជន​ជា​ច្រើន​ណាស់​ពុំ​ទាន់​ស្គាល់​ក្រសួង​នេះ​នៅ​ឡើយ ។
ជន​ខ្លះ​ដេល​បាន​ឮ​សូរ​ឈ្មោះក្រសួង​នេះ តែង​លាន់​ថា "យី ! ស្រុក​ខ្មែរ​យើង​មាន​ក្រសួង​ទំនៀម​ទម្លាប់​ដែរ ចុះ​ក្រសួង​នេះ​ធ្វើការ​អ្វី​ខ្លះ​ទៅ មាន​ប្រយោជន៍​យ៉ាង​ណា​ទៅ ? " ។ ពាក្យ​ឆ្ងល់​បែប​នេះ បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ជា​កន្លែង​កប់ ព្រោះ​គេ​គិត​ស្មាន​ថា​ជា​ការ​ឥត​ប្រយោជន៍ ។
ក្នុង​ខណៈ​នេះ យើង​សូម​ជំរាប់​អស់​លោក​អ្នក​ដែល​តែង​តែ​សួរ​រក​ប្រយោជន៍​ក្រុម​ជំនុំ​ទំនៀម ​ទម្លាប់​ថា ក្រុម​ជំនុំ​នេះ​មាន​ដំណែង​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​ស្គាល់​របស់​ អ្វី​ទាំង​ប៉ុន្មាន ដែល​ជា​ប្រពៃណី​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រក្សា​ទុក​នូវ​ប្រពៃណី​នេះ​ទៅ​អនាគត​ផង ។ កន្លង​យូរ​ទៅ​លុះ​ប្រទេស​ខ្មែរ​យើង​មាន​អារ្យធម៌​កាន់​តែ​ចំរើន​ឡើង ច្រើន​តែ​ភ្លេច​ទំនៀម​ទម្លាប់​បុរាណ​ទាំងឡាយ រក​ឫស​រក​គល់​ពុំ​ឃើញ ។
ហេតុ​ដូច្នោះ​ហើយ បាន​ជា​ក្រុម​ជំនុំ​ខំ​ស្រាវជ្រាវ​រក​ប្រពៃណី​អស់​ទាំង​នេះ​មក​រក្សា​ទុក តទៅ​មុខ​ជន​ណា​ចង់​ដឹង​រឿងរ៉ាវ​នេះ​មុន​ជា​នឹង​មក​រក​ឃើញ​នៅ​មន្ទីរ​ក្រុម​ ជំនុំ​នៃ​ពុទ្ធ​សាសនបណ្ឌិត្យ ក្រុង​ភ្នំពេញ​ស្រាប់ ។
ក្នុង​រឿង​នេះ យើង​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា រឿងរ៉ាវ​ទាំងប៉ុន្មាន​សុទ្ធ​តែ​ពីរោះ​ពីសា បើ​កាល​ណា​មាន​គោល​ចារិក​ត្រឹម​ត្រូវ​ល្អ ហើយ​នឹង​រៀប​រាប់​ឲ្យ​បាន​សព្វ​គ្រប់​ផង ។
លុះ​អំណើះ​ទៅ​អនាគត ជីវភាព​នៃ​ខ្មែរ​យើង​បាន​ចំរើន​ខ្លាំង​ឡើង រឿងរ៉ាវ​ទាំងនេះ​អាច​ជួយ​ឲ្យ​ខេមរជន​ជាន់​ក្រោយ សំដែង​នូវ​សាវតារ​ជាតិ​របស់​ខ្លួន​បាន ។
ម្យ៉ាង​ទៀត នាំ​ឲ្យ​ជន​នានា​ប្រទេស​ឃើញ​ច្បាស់​ថា ជន​ជាតិ​ខ្មែរ​មាន​អារ្យធម៌​ប្រហែល​គ្នា​នឹង​ប្រទេស​ណា យ៉ាង​ណា​ខ្លះ ហើយ​នឹង​ប្លែក​ពី​គេ យ៉ាង​ណា​ខ្លះ ។
ក្រុម​ជំនុំ​សង្ឃឹម​ថា ការ​បង្កើត​ឲ្យ​មាន​ក្រសួង​ទំនៀម​ទម្លាប់​ខ្មែរ​ឡើង នាំ​ឲ្យ​អ្នក​ចេះ​ចាំ​ទំនៀម​ទម្លាប់​ខ្មែរ​ទាំងឡាយ សរសេរ​តែង​រឿង​ផ្សេង​ៗ​ផ្ញើ​ទៅ​ក្រុម​ជំនុំ​តាម​ដែល​ខ្លួន​បាន​ចេះ​ចាំ ។
ក្នុង​ឆ្នាំ ១៩៥១ ដែល​ទើប​នឹង​ដាច់​ទៅ​នេះ ក្រុម​ជំនុំ​បាន​ទទួល​ឯកសារ​ចំនួន​ជាង ២០០ ប្លែក​ៗ គ្នា ឃើញ​ថា​ច្រើន​ពេក​ណាស់ ដូច្នេះ​យើង​សូម​រើស​យក​តែ​រឿង​មួយ​មក​អធិប្បាយ​ជូន​សិន ក្នុង​ខណៈ​នេះ "អំពី​សម្លៀក​បំពាក់​ខ្មែរ ដោយ​មាន​បណ្ដា​ជន​ជាតិ​ជា​ច្រើន​ចង់​ដឹង​ដោយ​ច្បាស់​លាស់" ។
រឿង​នេះ ការសែត​កម្ពុជា​បាន​នាំ​មក​ពណ៌នា​ម្ដង​រួច​ហើយ ។
កាល​សម័យ​បុរាព ខ្មែរ​អ្នក​ចេះ​ធ្វើ​ម្ហូប​ក្ដី ចេះ​សិល្ប​អាគម​ក្ដី ចេះ​ចាំ​ទំនៀម​ផ្សេង ៗ ក្ដី ចេះ​ស្ទាត់​ខាងការ​ត្បាញ​រវៃ​ក្ដី ចេះ​សង់​ផ្ទះ ចេះ​ធ្វើ​រទេះ​គោ ឬ​ធ្វើ​របស់​ឯ​ទៀត​ៗ ក្តី បង្រៀន​តែ​ត្រឹម​កូន​ចៅ​ខ្លួន​ប៉ុណ្ណោះ បើ​កូន​ចៅ​នោះ​យក​ចិត្ត​ទុក​ដាក់​ក៏​ចេះ​ចាំ ធ្វើ​ដំណាង​ឪពុក​ម្ដាយ​ទៅ បើ​កូន​មិន​រវល់​ទេ អំណើះ​ពី​ឪពុក​ម្ដាយ​ទៅ គ្មាន​អ្នក​ណា​ដទៃ​នឹង​អាច​ចេះ​ផង ម៉្លោះ​ហើយ​បាន​ជា​ខ្មែរ​ច្រើន​តែ​ល្ងង់ ដោយ​មិន​បាន​គិត​កត់​ត្រា​ទុក​ជា​ក្បួន ថែម​ទាំង​ចង់​លាក់​ចំណេះ​ផង ប៉ុន្តែ​ជា​យូរ​ឆ្នាំ​ក្រែល​មក​ហើយ ខ្មែរ​បាន​លះ​ចោល​គំនិត​នេះ ហើយ​អ្នក​ចេះ​ដឹង​គេ​ចូល​ចិត្ត​ចែក​ចំណេះ​ទៅ​អ្នក​ឯទៀត​ឲ្យ​បាន​ច្រើន​គ្នា ខ្លះ​ទៀត​ក៏​ខំ​កត់ត្រា​ទុក​ដើម្បី​កុំ​ឲ្យ​កប់​ទៅ​ជា​មួយ​នឹង​មរណភាព​បាន ។
យើង​តែង​ដឹង​ថា សម្លៀក​បំពាក់​ជា​គ្រឿង​សំគាល់​ជាតិ បុគ្គល​និមួយ ៗតែង​មាន​ចិត្ត​រីករាយ​ចំពោះ​ការ​ស្លៀក​ពាក់ នូវ​សម្លៀក​បំពាក់​របស់​ជាតិ​ខ្លួន ជា​ជាង​ខ្ចី​របៀប​ជាតិ​ដទៃ​មក​ស្លៀក​ពាក់​ជា​ដរាប ។ បើ​ដូច្នេះ គួរ​តែ​យើង​ខំ​តុបតែង​សម្លៀក​បំពាក់​យើង​ឲ្យ​ផល​ប្រសើរ​ល្អ ហើយ​ដើម្បី​មិន​ឲ្យ​សាប​សូន្យ​ប្រពៃណី​ខ្មែរ​សុទ្ធ​ៗ ផង ។
អស់​លោក អ្នក​ទាំងឡាយ​ជ្រាប​ស្រាប់​ហើយ ថា​បណ្ដា​រាស្ដ្រ​ខ្មែរ​សព្វ​ថ្ងៃ​កំពុង​តែ​វែក​រក​ផ្លូវ​ចេញ​ពី​ព្រៃ​ស្បាត គឺ​សេចក្ដី​អាប់ឱន​ទៅ​រក​សេចក្ដី​ចំរើន ទាំង​សម្លៀក​បំពាក់​សោត ក៏​ចេះ​តែ​ផ្លាស់​ប្ដូរ​រូប​រាង​ទៅ​តាម​កាល​សម័យ​ដែរ ។ ការ​ដែល​យើង​នាំ​មក​ពណ៌នា​ដូច​មាន​តទៅ​ខាង​មុខ មិន​មែន​យើង​ចង់​ឲ្យ​អស់​លោក អ្នក​អាន អ្នក​ស្ដាប់​វិល​ត្រឡប់​ថយ​ក្រោយ​ទេ គឺ​គ្រាន់​តែ​ឲ្យ​ស្គាល់​ឲ្យ​ជ្រាប​ឲ្យ​ដឹង​សាវតារ​របស់​របស់​ខ្លួន​យ៉ាង​ណា ​ខ្លះ ទាំង​នានា​ជាតិ​ក៏​និយម​រិះរក​គោល​ចារឹក ដើម​កំណើត​ទំនៀម​ទម្លាប់​របស់​គេ​ឲ្យ​ស្គាល់​តាម​ពីត​យ៉ាង​នេះ​ដែរ ។
តាម​សេចក្ដី​កត់​ហេតុ​របស់​អ្នក​ដំណើរ​ជាតិ​ចិន​ឈ្មោះ ជាវ -តា- គួន នឹង​សេចក្ដី​ឲ្យ​ការ​របស់​សមាជិក​ប្រចាំ​ខែត្រ​ខ្លះ មាន​ទំនង​ស្រប​គ្នា​ជា​ច្រើន ។
ក្នុង​ចំណោម​នេះ អ្នក​អង្គ​ម្ចាស់ នរោត្តម- សុខានារី បាន​ឲ្យ​ការ​ប្លែក ។ ហេតុ​នេះ​យើង​សូម​ស្រង់​សេចក្ដី​នោះ​យក​មក​ពណ៌នបា​ជូន​អស់​លោក​អ្នក​អាន​ ស្ដាប់​ដូច​មាន​តទៅ​នេះ
អំពី​សម្លៀក​បំពាក់​ខ្មែរ​សម័យ​បុរាណ
(តាម​ដែល​អ្នក​អង្គ​ម្ចាស់ នរោត្តម- សុខានារី ឲ្យ​ការ​មក)
យើង​សព្វ​ថ្ងៃ​មិន​អាច​ដឹង​បាន​ដោយ​សព្វ​គ្រប់ អំពី​សំលៀក​បំពាក់​របស់​បុព្វ​បុរស​យើង​ទេ ដោយ​ទំនៀម​នេះ កន្លង​ជា​យូរ​អង្វែង​ណាស់​ទៅ​ហើយ​ផង ដោយ​យើង​ពុំ​មាន​ឯកសារ ឬ​សៀវភៅ​ឯណា​កត់ត្រា​ទុក ថា​ក្នុង​សម័យ​នេះ​គេ​ស្លៀក​ពាក់​បែប​នេះ សម័យ​នោះ​គេ​ស្លៀក​ពាក់​បែប​នោះ​ផង តែ​ដោយ​ការ​សង្កេត​មើល​តាម​រូប​ចម្លាក់ ដែល​មាន​សេស​សល់​អំពី​ប្រាសាទ​បុរាណ​បាក់​បែក​មក យើង​ក៏​អាច​យល់​បាន​ថា ក្នុង​សម័យ​នោះ​បុព្វបុរស​យើង​ស្លៀក​សំពត់​ចង​ក្បិន អាវ​ក​មូល ដៃ​ធ្លាក់​មក​ត្រឹម​កំភួន​ដៃ ឬ​អាវ​ក​មូល​តូច​ដៃ​វែង​ស្ដួច​ឱប​ជាប់​នឹង​សាច់ ធ្លាក់​មក​ត្រឹម​ចង្កេះ ចំណែក​ស្រ្តី​វិញ​ឃើញ​ស្លៀក​សំពត់​សំឡុយ​ពានា​ស្បៃ ឬ​ស្លៀក​សំឡុយ​ខ្លួន​ទទេ​មួយ​កំណាត់​ក៏​មាន ។
ចំណែក​ឯ​ល្ខោន​ព្រះ​រាជទ្រព្យ របស់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ដែល​រក្សា​របៀប​ស្លៀក​ពាក់​របស់​ខ្មែរ​អំពី​បុរាណ ឥត​មាន​ប្រែប្រួល​នោះ​យើង​ឃើញ​ថា បុរស​ស្លៀក​ខោ​ពី​ក្នុង ជើង​តូច​ធ្លាក់​ដល់​ត្រឹម​កំភួន​ជើង ហើយ​មាន​ស្លៀក​សំពត់​ចងក្បិន​ពី​លើ​ខោ​ថែម​ទៀត ព្រម​ទាំង​មាន​ចង​ផ្ទាំង​ក្រណាត់​តូច​វែង​នៅ​ពី​ខាង​មុខ នឹង​នៅ​សង្ខាង​ចង្កេះ​ផង នេះ​ចំណែក​បុរស ឯ​ចំណែក​ស្រ្តី​ឃើញ​ស្លៀក​សំពត់​សំឡុយ ពាក់​ស្បៃ ឬ​ពានា​ផួយ​ប៉ាក់​ឌិន​មាស​ប្រាក់ ។ យើង​ក៏​បាន​ឃើញ​ខ្លះ​ដែរ កាល​ពី​ដើម​ប្រុស​ខ្មែរ​ដែល​ប្រកាន់​ទំនៀម​បុរាណ ស្លៀក​សំពត់​ចង​ក្បិន​ជា​មួយ​នឹង​អាវ​កុត​ក​ត្រង់ ឬ​អាវ​ឡេវ​កាឌុំ ដែល​ហៅ​ថា​អាវ​ចិន ឬ​ជា​មួយ​នឹង​អាវ​ក​មូល​ដស​ខ្លីធ្លាក់​ស្មើ​កែង​ដៃ ឬ​ជា​មួយ​នឹង​អាវ​ក​សន្ទះ ដៃ ធ្លាក់​ត្រឹម​ក​ដៃ ចួន​កាល​ក៏​ស្លៀក​ខោ​ដែរ ដែល​យើង​ហៅ​ថា​ខោ​ចិន ។ ឯ​ស្រ្តី​ខ្មែរ​វិញ ឃើញ​ស្លៀក​សំពត់​សំឡុយ សំពត់​ចង​ក្បិន ពាក់​អាវ​មាន​ស្មា​តែ​ខាង​ឆ្វេង ហើយ​ពានា​ក្រមា​វែង ដែល​ហៅ​តាម​ភាសា​សៀម​ថា​ផាហ៊ុំ លើ​ស្មាទាំង​សង​ខាង​សំយុង​ជាយ​ទៅ​ខាង​មុខ ឬ​ពាក់​អាវ​បំពង់​វែង ក​មូល​ដៃ តូច ធ្លាក់​ដល់​ក​ដៃ ខ្លួន​តូច​ចង្អៀត​ក្លំ ធ្លាក់​ដល់​ត្រឹម​កំភួន​ជើង បង់​ក​ក្រមា អាវ​ម៉ាឡាយូ បង់​ក​ក្រមា អាវ​សន្ទះ បង់​ក​ក្រមា នឹង​អាវ​ហាតាខិប ក្រវាត់​ក្រមា​ឈៀង​មួយ​ចំហៀង​ខ្លួន ។
សំពង់​ចង​ក្បិន កាល​អំពី​សម័យ​ព្រេង​នាយ មាន​តែ​បុរស​ទេ ដែល​ស្លៀក​សំពត់​ចង​ក្បិន ស្រ្តី​មិន​ឃើញ​ស្លៀក​ទេ ។ ឯ​សំពត់​ចងក្បិន​ដែល​គេ​ស្លៀក​សម័យ​បុរាណ​ក៏​មិន​ដូច​យើង​សម័យ​បច្ចុប្បន្ន​ ទេ បើ​តាម​រូប​ចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​បុរាណ គេ​ឃើញ​ស្លៀក​ខើច​ៗ នៅ​ពាក់​កណ្ដាល​ភ្លៅ សូម្បី​ពួក​ល្ខោន​ព្រះ​រាជ​ទ្រព្យ ដែល​ជា​សិល្បៈ​រក្សា​ទុក​នូវ​ទំនៀម​ទម្លាប់​សម្លៀក​បំពាក់​បុរាណ​មួយ​បែប ក៏​ឃើញ​ស្លៀក​សំពត់​ចង​ក្បិន​ខើច​ៗ នៅ​លើ​ក្បាល​ជង្គង់​ដែរ ។ ឯ​ទំហុំ​សំពត់ សម័យ​បុរាណ​ប្រហែល​ប៉ុន​គ្នា​នឹង​ទំហំ​សំពត់​សម័យ​បច្ចុប្បន្ន​ដែរ​មើល​ទៅ គឺ​ទទឹង ១ ម៉ែត្រ បណ្ដោយ ៣ ម៉ែត្រ ២០ ។ របៀប​ស្លៀក​នោះ​ឃើញ​ថា​ខុស​គ្នា​ច្រើន អំពី​បុរាណ​គេ​កង្កាញ់​ជីប​ជាយ​សំពត់​ទាំង​សង​ខាង​ឲ្យ​នៅ​តែ​ប្រវែង​មួយ​ជុំ ​ចង្កេះ រួច​ហើយ​គេ​ស្លៀក​ដាក់​ជាយ​សំពត់​នោះ​ត្រួត​លើ​គ្នា ចង​ជា​ថ្នក់​ហើយ​គេ​ក្រវាត់​ខ្សែ​ក្រវាត់​ដើម្បី​មិន​ឲ្យ​របូត ។ ឯ​ជាយ​សំពត់​ដែល​ជីប​សង​ខាង​គេ​ភ្ជាប់​ដាក់​តម្រួត​លើ​គ្នា ហើយ​គេ​យក​ចុង​ជាយ​ខាង​ក្រោម​ស៊ក​តាម​ប្រឡោះ​ជើង​ទាំង​សង​ខាង យក​មក​ចុក​នៅ​ចង្កេះ​ខាង​ក្រោយ ចំណែក​សំពត់​ចង​ក្បិន​ដែល​យើង​ស្លៀក​ក្នុង​បច្ចុប្បន្ន​នេះ​ក៏​មាន​ទំហុំ​ ប្រហែល​គ្នា​ដែរ តែ​របៀប​ស្លៀក​ខុស​គ្នា គឺ​គេ​យក​សំពត់​មក​ស្លៀក​ទុក​ចោល​ជាយ​ទាំង​សង​ខាង នៅ​វែង​អន្លាយ​អូស​ដី ហើយ​មាន​ប្រវែង​ស្មើ​មុខ​ស្មើ​ក្រោយ ទោះ​ខុ​សគ្នា​ក៏​ខុស​បន្តិច​បន្តួច​ចំនួន​ត្រឹម​មួយ​ទះ​ប៉ុណ្ណោះ រួច​គេ​ផ្គួប​ជាយ​ទាំង​សង​ខាង​រួម​គ្នា ហើយ​គេ​មូរ រួច​ហើយ​គេ​ស៊ក​តាម​ប្រឡោះ​ជើង​ទាំង​សង​ខាង យក​ចុង​ទៅ​ចុក​នៅ​ចង្កេះ​ខាង​ក្រោយ ឯ​សំរុង​សំពត់​ដែល​ស្លៀក​ហើយ​ឲ្យ​ធ្លាក់​ចុះ​នៅ​ត្រឹម​ស្មង​ជើង ។
(នៅមាន​ត) 
ប្រភព http://www.budinst.gov.kh/?q=node/307

0 ความคิดเห็น:

แสดงความคิดเห็น