วันพุธที่ 18 พฤษภาคม พ.ศ. 2554

រឿង​ទំនៀម​ទំលាប់​ខ្មែរ (វិធី​រក្សា​គភ៌)


ព្រះ​មហា​វិទូរ​ក្រសេម រៀប​រៀង
ខ្មែរ​យើង​ជាប់​និស្ស័យ​ជឿ​វេទមន្ត មន្ត អាគម តាម​លទ្ធិ​សៃយសាស្ត្រ​មក​ជា​យូរ​អង្វែង​ឆ្នាំ​ហើយ ទោះ​បី​វេលា​នេះ​បាន​ឈ្មោះ​ថា​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ហើយ ក៏​នៅ​មិន​ទម្លាក់​ចោល​លទ្ធិ​ចាស់​នោះ​ទាំង​អស់​បាន​ទៅ​បាន នៅ​មាន​ដោយ​មក​ខ្លះ យក​មក​ប្រព្រឹត្ត​លាយ​ឡំ​នឹង​ព្រះ​ពុទ្ធ​ក៏​មាន​ជា​ច្រើន​ខ សូម្បី​មាន​ផ្លូវ​ដទៃ​ល្មម​នឹង​ចៀស​វាង​បាន មិន​បាច់​ធ្វើ​តាម​លទ្ធិ​នោះ​ក៏​មិន​ហ៊ាន​ចៀស​វាង​ឬ​បោះ​បង់​ចោល​តែ​ម្ដង ដោយ​ខ្លាច​នេះ​ខ្លាច​នោះ​ដែល​ជា​របស់​ខ្លួន​មើល​មិន​ឃើញ ដូច​យ៉ាង​វិធិ​រក្សា​គភ៌ ឬ​ហៅ​ថា​ផ្ដុង​គភ៌1 អ្នក​ខ្លះ​នោះ​ជា​អ្នក​ដែល​បាន​បន់​សុំ​កូន​ក្ដី អ្នក​ដែល​មិន​បាន​បន់​សុំ​ក្ដី កាល​ណា​ដឹង​ថា​មាន​គភ៌​ហើយ រមែង​ខ្វល់​ខ្វាយ​រក​គ្រូ​អាចារ្យ ឬ​លោក​សង្ឃ​ឯ​ណា​នីមួយ​ដែល​ចេះ​មន្ត​អាគម ឲ្យ​ធ្វើ​ជា​របស់​សម្រាប់​ការពារ​អន្តរាយ ដែល​ហៅ​ថា កថា​កូន​សង្កាត់ ខ្សែ​ចង្កេះ ឯ​ណា​នីមួយ​មក​នៅ​កណ្ឋ៍​ឬ​ចង​នៅ​ចង្កេះ ដើម្បី​បង្ការ​ខ្មោច​បិសាច ព្រាយ ដូច​យ៉ាង​ដែល​ហៅ​ថា ព្រាយ​ព្រះ​ខ្លា​ជា​ដើម ដោយ​ជឿ​ថា របស់​អំបាល​នោះ​មាន​អានុភាព​អាច​នឹង​កំចាត់​ភ័យ ឧបទ្រព អន្តរាយ នឹង​អពមង្គល​ទាំង​ពួង​បាន ហើយ​នឹង​អាំច​លើក​ឲ្យ​មាន​រាសី ជោគ​ជ័យ សិរី​សួស្ដី នឹង​មង្គល​ទាំង​ពួង​ឡើង​បាន ។
លក្ខណៈ​កថា
ឯ​នឹង​ធ្វើ​ជា កថា ជា​កូន​សង្កត់ ឬ​ខ្សែ​ចង្កេះ នោះ​ទៅ​តាម​វិស័យ​របស់​អាចារ្យ​អ្នក​ធ្វើ អាចារ្យ​ណា​ចេះ​ធ្វើ​អ្វី ក៏​ប្រាប់​ឲ្យ​សាមី​ខ្លួន​រក​របស់​នោះ​មក​ក៏​មាន ទៅ​តាម​ធន​ធាន​របស់​អ្នក​សាមី​ខ្លួន​ក៏​មាន ទៅ​តាម​សេចក្ដី​ត្រូវ​ការ​ចំពោះ​វត្ថុ​ក៏​មាន ។
កថា​នោះ​គេ​ធ្វើ​ដោយ​ផែន​មាស- ប្រាក់- ទង្វា- ស្ពាន់ ឬសំណ​ឯ​ណា​នីមួយ​ក៏​បាន គឺ​គេ​ផែ​របស់​ជា​ផែន​ស្ដើង​ហើយ​កាត់​ជា ៤ ជ្រុង​ទ្រវែង ទំហំ​បណ្ដោយ​ប្រមាណ ៤ សង្ទីម៉ែត្រ ទទឺង​ប្រមាណ ៣ សង្ទីម៉ែត្រ យក​ទៅ​ឲ្យ​អាចារ្យ ៗ ឲ្យ​រៀប​យក​បាយ​សី ស្លា​ធម៌​មក​តាំង អុច​ទៀន​ធូប​បូជា​គ្រូ​តាម ទំនៀម​ហើយ ទើប​យក​ផែន​មាស​ឬ​ផែន​ប្រាក់ នោះ​មក​ប្រសិទ្ធី​សូត្រ​សែព​ដោយ មន្ត អាគម នឹង​ចារ​បញ្ចុះ​យ័ន្ត បញ្ចុះ​មន្ត អាគម នៅ​ចន្លោះ​យ័ន្ត ជា​តួ​អក្សរ​រាយ​មួយ ៗ ហើយ​មូរ​ឲ្យ​មូល​ឲ្យ​នៅ​មាន​ប្រហោង​ក្នុង សណ្ឋាន​ដូច​ចារ ឬ​បំពង់​ម្ជុល តែ​មូរ​ឲ្យ​តួ​អក្សរ​នៅ​ខាង​ក្នុង ហើយ​យក​ខ្សែ​មាស ឬ​អំបោះ​ដែល​វេញស្អាត​មក​ដោត ចង​ក្រវាត់​នៅ​ចង្កេះ ដូច​យ៉ាង​ក្រវាត់​ខ្សែ​ក្រវាត់​ក៏​បាន ចង​ប្រសប់​មុខ​ហើយ​ពាក់​នៅ​កណ្ឋ៍ ។ បើ​ធ្វើ​យ៉ាង​តូច​ហោច​ចុះ​មក មិន​បាច់​មាន​បាយ​សី នឹង​ស្លា​ធម៌​ទេ គ្រាន់​តែ​អុច​ទៀន​ធូប​ហើយ​តាំង​ប្រសិទ្ធី​បញ្ចុះ​យ័ន្ត នឹង​មន្ត​អាគម​តែ​ម្ដង ។ កថា​នេះ​ទម្លាប់​ប្រើ​តែ​ស្រី ៗ ប្រុស​មិន​សូវ​មាន​ប្រើ ។
លក្ខណៈ​កូន​សង្កត់
ឯ​កូន​សង្កត់​នោះ​គេ​ធ្វើ​ដោយ​សំណ​ក៏​មាន ធ្វើ​ដោយ​ឈើ​មាន​ខ្លឹម​អំពិល ខ្លឹម​ចម្បី​ជា​ដើម​ក៏​មាន តែ​ច្រើន​ធ្វើ​ដោយ​សំណ​មាន​លក្ខណៈ​នឹង​សណ្ឋាន​ដូច​អង្កាំ តែ​ធំ​ប្រមាណ​ប៉ុន​ម្រាម​ដៃ ហើយ​យក​ខ្សែ​អំបោះ​មក​ដោត​ដូច​យ៉ាង​កថា ជូន​ទៅ​អាចារ្យ ៗ ក៏​ឲ្យ​រៀប​បាយ​សី ស្លាធម៌ នឹង​ទៀន​ធូប​មក​តាំង​នៅ​ទី​មួយ​ដ៏​សមគួរ​ហើយ​យក​ខ្សែ​កូន​សង្កត់​នោះ មក​ឆ្វាយ​ដាក់​លើ​ជើង​ពាន​ដាក់​ពី​ខាង​មុខ ហើយ​អុច​ទៀន​ធូប​តាំង​ពិធី​ប្រសិទ្ធី គឺ​សូត្រ​សែព​ឲមអាម​បញ្ចូល​មន្ត​អាគម​នៅ​កូន​សង្កត់​នឹង​ខ្សែ​នោះ​តែ​ម្ដង​ មិន​បាន​ចារ​បញ្ចុះ​ដូច​ជា​កថា រួច​ហើយ​យក​មក​ក្រវាត់​នៅ​ចង្កេះ​អ្នក​សាមី​ខ្លួន ។
កូន​សង្កត់​មួយ​យ៉ាង​ទៀត គេ​ធ្វើ​ដោយ​សំពត់​ស គឺ​គេ​យក​សំពត់​ស​មក​សរសេរ​បញ្ចុះ​យ័ន្ត​នឹង​មន្ត​ដូច​យ៉ាង​កថា ជួន​កាល​មាន​ទាំង​ថ្នាំ​ដាក់​ផង ហើយ​មូរ​ខ្ចប់​ឲ្យ​មូល​ទុក​ប្រហោង​ក្នុង​ដូច​យ៉ាង​កូន​សង្កត់​សំណ ដេរ​ក្លាស់​ឲ្យ​ណែន កុំ​ឲ្យ​ររុស​ហើយ​ដោត​ខ្សែ​ក្រវាត់​ដូច​គ្នា ។
ប្រយោជន៍​ដែល​ប្រើ​កូន​សង្កត់​តាម​សេចក្ដី​និយម​ដែល​គេ​ធ្លាប់​ប្រើ​រៀង​មក​ ថា ដើម្បី​ការពារ ខ្មោច អាប ព្រាយ ធ្មប់​អំពើ នឹង​គ្រាប់​កាំភ្លើង ហើយ​ច្រើន​ប្រើ​តែ​ប្រុស ៗ ស្រី​មិន​សូវ​មាន​ប្រើ​ទេ ។
លក្ខណៈ​ខ្សែ​ចង្កេះ
ឯ​ខ្សែ​ចង្កេះ​ក្នុង​ទី​នេះ ចំពោះ​យក​តែ​ខ្សែ​អំបោះ​ស ១ យ៉ាង ខ្សែ​ដទៃ​ប្រើ​មិន​បាន វេលា​ដែល​នឹង​វេញ អាចារ្យ​ចំណាំ​តែ​កំណត់​ចំនួន​សរសៃ​អំបោះ​ឲ្យ​វេញ គឺ​ឲ្យ​យក​ក្នុង ១ ធ្លុង ៧ សរសៃ ឬ ៩ សរសៃ ត្រកួញ​ឲ្យ​ខ្មាញ់​ហើយ​វេញ​បញ្ចូល​គ្នា​ទៅ ។ ស្រេច​ហើយ​យក​ទៅ​ជូន​អាចារ្យ ៗ តាំង​ពិធី​ប្រសិទ្ធី​សែព​មន្ត​អាគម​ដាក់​ខ្សែ​នោះ ដូច​គ្នា​នឹង​កូន​សង្កត់ តែ​ជួន​កាល​មាន​ចង​ថ្នាំ​នៅ​ខ្សែ​នោះ​ផង ហើយ​ឲ្យ​ក្រវាត់​ដូច​ពោល​ហើយ ។
ប្រយោជន៍​ដែល​ប្រើ​ខ្សែ​ចង្កេះ ក៏​ដូច​គ្នា​នឹង​ប្រើ​កថា ហើយ​ច្រើន​តែ​ស្រី ៗ ប្រុស​មិន​សូវ​ប្រើ ។ ទំនៀម​អំបាល​នេះ​ក៏​រួម​នៅ​ក្នុង​លទ្ធិសៃយសាស្រ្ត​សនោះ​ឯង ។
ក្នុង​ទី​បំផុត​នេះ សុំ​ឲ្យ​ជ្រាប​ថា ការ​ចង​កថា​ក្ដី កូន​សង្កត់​ក្ដី ឬ​ខ្សែ​ចង្កេះ​ក្ដី មិន​មែន​សុទ្ធ​តែ​ចង​ទាំង​អស់​គ្នា​ទេ ច្រើន​ចង​តែ​អ្នក​បន់​សុំ​កូន នឹង​អ្នក​ដែល​អារិស​កូន ៗ មិន​សូវ​គង់ នឹង​អ្នក​ដែល​មាន​គភ៌​ជា​ដំបូង អ្នក​ក្រៅ​អំពី​នេះ នឹង​អ្នក​ដែល​ជឿ​ស៊ប់​ក្នុង​ព្រះ​ពុទ្ធ​សាសនា គេ​មិន​ពឹង​អានុភាព​នៃ​របស់​អំបាល​នេះ​ក៏​មាន​ជា​ច្រើន វេលា​មាន​គភ៌​ឡើង គេ​ច្រើម​ប្រើ​ផឹក​ថ្នាំ ត្រជាក់ ថ្នាំ​ក្រអូប ដែល​គេ​ធ្វើ​អំពី​កេសរ​ផ្កា​ឈូក​នឹង​ផ្កា​ម្លឹះ​ជា​ដើម ប្រយោជន៍​ឲ្យ​សម្រាល​កូន​ងាយ​ក៏​មាន​ជា​ច្រើន ។ 
ប្រភព http://www.budinst.gov.kh/?q=node/176
 

0 ความคิดเห็น:

แสดงความคิดเห็น