วันพุธที่ 18 พฤษภาคม พ.ศ. 2554

សាវតារ​វត្ត​អដ្ឋារស

នៅ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ ស្រុក​ឧដុង្គ ខែត្រ កណ្ដាល
អ្នក​អង្គ​ម្ចាស់​ក្សត្រី នរោត្ដម = សុខានារី
ធ្វើ​ការ​នៅ​ក្រសួង​ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ
រៀបរៀង

ប្រទេស​កម្ពុជា​យើង​ទាំង​មូល គេ​តែង​ធ្វើ​ព្រះ​វិហារ​បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​ទាំងអស់ ពុំ​ដែល​មាន​នរណា​មួយ​ធ្វើ​វត្ត ធ្វើ​ព្រះ​វិហារ​បែរ​មុខ​ទៅ​ទិស​ដទៃ​ឯ​ទៀត​ឡើយ ។ សេចក្ដី​និយម​ប្រកាន់​តាម​ទំនៀម​ទម្លាប់​អំពី​បូរាណ​មក​នេះ ព្រោះ​គេ​យល់​ឃើញ​ថា ព្រះ​ពុទ្ធ​អង្គ​កាល​នៅ​វេលា​ដែល​ទ្រង់​បាន​ត្រាស់​សម្មា​សម្ពោធិញ្ញាណ ទ្រង់​គង់​បែរ​ព្រះ​ភ័ក្រ្ត​ឆ្ពោះ​ទៅ​ទិស​ខាង​កើត ។
ប៉ុន្តែ​អ្នក​ទាំងឡាយ​បាន​សង្កេត​ឃើញ​ទេ ? នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង​ទាំង​មូល មាន​តែ​ព្រះ​វិហារ​មួយ​ទេ​ដែល​គេ​ធ្វើ​បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង ដែល​អ្នក​ស្រុក​យើង​ធ្លាប់​និយម​ធ្វើ​យ៉ាង​នេះ​សោះ ។ ព្រះ​វិហារ​នោះ ឈ្មោះ​ថា << អដ្ឋារស >> សាង​នៅ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ក្នុង​ស្រុក​ឧដុង្គ ខែត្រ កណ្ដាល ។ សេចក្ដី​ចំឡែក​ប្លែក​អស្ចារ្យ​នេះ​ហើយ ដែល​នាំ​ឲ្យ​ខ្ញុំ​កើត​អំពល់​រវល់​នៅ​ពុំ​សុខ​ដើរ​ស៊ើប​សួរ​អ្នក​ដែល​ខ្ញុំ​ ស្គាល់​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​ស្គាល់​ថា​ជា​អ្នក​ចេះ​ដឹង​ខាង​ទំនៀម​ទម្លាប់​របស់​ខ្មែរ​យើង​ អំពី​បុរាណ ហើយ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ដូច​បំណង ។
អ្នក​ព្រឹទ្ធាចារ្យ​ដែល​បាន​និទាន​រឿង​នេះ​ប្រាប់​ខ្ញុំ គឺ​ជា​ព្រះ​រាជ​វង្សានុវង្ស​មួយ​ព្រះ​អង្គ​ទ្រង់​ជរា​ណាស់​ទៅ​ហើយ កាល​ពី​ដើម​ទ្រង់​គង់​នៅ​ភ្នំពេញ​ដែរ តែ​ក្នុង​រវាង​ប៉ុន្មាន​ឆ្នាំ​នេះ ទ្រង់​ស្ដេច​ទៅ​គង់​នៅ​ឧដុង្គ ។ កាល​ពី​ដើម​ទ្រង់​ធ្លាប់​ស្គាល់​តែ​សេចក្ដី​រុងរឿង សេពគប់​តែ​នឹង​ចំណោម​ធំ​គាល់​បំរើ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្តិ​យ៉ាង​ជិត​ដឹត​ញិកញាប់ ហើយ​ធ្លាប់​ស្ដេច​ទៅ​មក​រាប់អាន​នឹង​មន្រ្តី​ំ​ៗ រដ្ឋមន្រ្តី​ឯ​ទៀត​ជា​ច្រើន ។ ហេតុ​ដែល​ខ្ញុំ​មិន​ចេញ​ព្រះ​នាម​នេះ ដោយ​ទ្រង់​ពុំ​យល់​ព្រម​ផង ។ ទ្រង់​សព្វ​ព្រះ​ទ័យ​តែ​សេចក្ដី​ស្ងប់ស្ងាត់​ពុំ​ឲ្យ​មាន​អ្នកណា​ទៅ​រុក​គួន ​រំខាន​ដល់​ទ្រង់​ឡើយ ។ សេចក្ដី​ដែល​មាន​តទៅ​នេះ គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់ :
កាល​នៅ​ក្នុង​សតវត្សរ៍​ទី​១៣ គឺ​នៅ​ក្នុង​សម័យ​អង្គរ ព្រះ​ចៅ​ប្រទេស​ចិន​ទ្រង់​បាន​ចាត់​បេសកជន​ជា​ច្រើន​ក្រុម​ឲ្យ​ដើរ​មើល ស៊ើប​សួរ​ក្នុង​ប្រទេស​នា​នា តើ​បណ្ដា​ជន​មាន​អារ្យធម៌​របៀប​ណា​ខ្លះ ។ បើ​អារ្យធម៌​ប្រទេស​ណា​ថ្កុំថ្កើង​រុងរឿង​នោះ ត្រូវ​លួច​កត់​យក​មក​ប្រតិបត្តិ​ផ្សាយ​ក្នុង​ប្រទេស​ចិន ឬ​ប្រទេស​ចិន​នឹង​សុំ​ចង​សម្ពន្ធ​មិត្ត​នឹង​ប្រទេស​នោះ ។ បើ​ប្រទេស​ណា​ហើយ​ប្រកប​ដោយ​នូវ​អារ្យធម៌​ដ៏​ឱនអាប់ ប្រទេស​ចិន​នឹង​គិត​ទំនុក​បំរុង ឬ​មួយ​យក​ធ្វើ​ជា​ប្រទេស​ចំណុះ ។
កាល​នោះ​ក្រុម​បេសកជន​ចិន បាន​ចូល​មក​មើល​ស៊ើប​សួរ​ក្នុង​ប្រទេស​ខ្មែរ​យើង​សព្វ​គ្រប់​ហើយ ក៏​ត្រឡប់​ទៅ​ទូល​ព្រះ​ចៅ​ក្រុង​ចិន​វិញ​ថា
<< ប្រទេស​ខ្មែរ​ជា​ប្រទេស​ថ្កុំថ្កើង​រុងរឿង​មាន​ឥទ្ធានុភាព តែ​ឥឡូវ​នេះ​ចុះ​អាប់​ឱន​ជាង​កាល​ពី​មុន​បន្តិច​ហើយ, អ្នក​ស្រុក​នៅ​ដើរ​ជើង​ទទេ, បរិភោគ​អាហារ​នឹង​ដៃ, ក្បាល​ទទេ, ពុំ​សូវ​ឃើញ​មាន​ប្រើប្រាស់​អ្វី​ឲ្យ​បាន​ងាយ​ស្រួល​ទេ, ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ទេ ប្រទេស​ខ្មែរ​មុខ​ជា​នឹង​ជួប​ប្រសព្វ​នឹង​សេចក្ដី​ថ្កុំថ្កើង​ឡើង​វិញ​លើស​ ដើម​ជា​អស្ចារ្យ >> ។ ព្រោះ​ថា​ពួក​បេសកជន​ទាំង​នោះ​បាន​មក​ឃើញ​ទី​មួយ​កន្លែង ដែល​ក្បួន​ចិន​សែ​ថា ទី​កន្លែង​នោះ​អាច​នឹង​ឲ្យ​ផល​ល្អ​ផ្សេង​ៗ​ដល់​ប្រទេស ។ ទី​កន្លែង​នុះ គឺ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​យើង​សព្វ​ថ្ងៃ ដែល​នៅ​ក្នុង​ស្រុក​ឧដុង្គ ។ ពួក​បេសកជន​បាន​មើល​ឃើញ​ភ្នំ​នេះ​មាន​រាង​ដូចជា​សត្វ​មករ គឺ​តួ​ខ្លួន​សត្វ​មករ​នៅ​ត្រង់​ចេតិយ​ត្រៃត្រឹង្ស, ក្បាល​នឹង​ពុក​មាត់​មករ​នៅ​ត្រង់​ចេតិយ​ទន្ទឹម, រី​ឯ​កន្ទុយ​មករ​នៅ​ត្រង់​ព្រះ​ពុទ្ធរូប​ចូល​និព្វាន ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ នៅ​លើ​កំពូល​ភ្នំ​ថែម​ទាំង​មាន​រូង​មួយ​ធំ​ជ្រៅ​ស្រឡូង​ចុះ​ទៅ​ក្រោម​ផង ។ ពួក​ចិន​យល់​ឃើញ​ថា មិន​យូរ​ប៉ុន្មាន​សត្វ​មករ​នឹង​កំរើក​ចេញ​មក​តាម​រូង​នេះ ហើយ​តាម​ក្បួន​ចិនសែ​ថា បើ​ប្រទេស​ឯណា ឬ​ទី​ឯណា​មាន​សត្វ​មករ​ផុះ​ឡើង​ប្រទេស​នោះ​ទីនោះ នឹង​មាន​រិទ្ធិ​អំណាច​ថ្កុំថ្កើង​រុងរឿង​អស្ចារ្ស ពុំ​មាន​ប្រទេស​ឯណា​អាច​នឹង​តស៊ូ​បាន​ឡើយ ។ ដូច្នេះ ដើម្បី​ជា​សេចក្ដី​សុខ​ដល់​ប្រទេស​ចិន​ទៅ​អនាគត មន្រ្តី​ចិន​ទាំងឡាយ​ទូល​ស្ដេច​ចិន​សូម​ឲ្យ​លើក​ទ័ព​មក​វាយ​យក​ប្រទេស​ខ្មែរ ​ធ្វើ​ជា​ចំណុះ​ឲ្យ​ហើយ ។ ស្ដេច​ចិន​ទ្រង់​ព្រះ​តំរិះ​ថា ធ្វើ​យ៉ាង​នេះ​ឃើញ​ដូចជា​រំលោភ​លើ​ប្រទេស​ខ្មែរ​ពេក​ណាស់, ម្យ៉ាង​ទៀត​ប្រទេស​ខ្មែរ​នៅ​ខ្លាំង​ពូកែ​ថ្កុំថ្កើង​នៅ​ឡើយ ប្រទេស​ចិន​ពុំ​អាច​នឹង​វាយ​យក​បាន​ដោយ​ងាយ​ទេ បើ​ទោះ​បី​ជា​ប្រទេស​ខ្មែរ​គង់​តែ​ច្បាំង​ចាញ់​ប្រទេស​ចិន​ក៏​ពិត​មែន​ហើយ ប៉ុន្តែ​ប្រទេស​ចិន​មុខ​ជា​លំបាក​វេទនា​ខ្លួន​អស់​ពល​យោធា មាន​ទុក្ខ​វេទនា​ដល់​បណ្ដាជន​មិន​ខាន​ឡើយ ។ ដូច្នេះ​ស្ដេច​ក្រុង​ចិន​ទ្រង់​ព្រះ​តំរេះ​រក​កល​ឧបាយ​ផ្សេង​ៗ​ទៅ​វិញ ។
ដំបូង​ឡើយ, ដើម្បី​នឹង​បន្សាប​កុំ​ឲ្យ​ប្រទេស​ខ្មែរ​បាន​លូតលាស់​តទៅ​ទៀត, ពួក​ចិន​គិត​សន្ធប់​រូង​ភ្នំ​នោះ​ឲ្យ​ជិត កុំ​ឲ្យ​សត្វ​មករ​ចេញ​មក​រួច ។ បើ​យក​ដុំ​ថ្ម​សន្ធប់​រូង​នោះ ខ្លាច​ក្រែង​ថ្ងៃ​ក្រោយ​មក​ខ្មែរ​យល់​គំនិត​នឹង​គាស់​ចេញ​វិញ​បាន ។ បើ​ដូច្នេះ ពួក​ចិន​ស៊ើប​ទៅ​ឃើញ​ថា​ប្រទេស​ខ្មែរ​កាន់​ព្រះ​ពុទ្ធសាសនា​មុតមាំ​ណាស់ នៅ​ទី​ឋាន​ណា​ដែល​មាន​ព្រះ​ពុទ្ធរូប, មាន​ព្រះ​វិហារ ខ្មែរ​ពុំ​ហ៊ាន​ទៅ​រំលាង​រំលើង​ទីនោះ​ទេ ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ស្ដេច​ក្រុង​ចិន ឲ្យ​មន្រ្តី​ចិន​មក​សុំ​ធ្វើ​ព្រះ វិហារ​នៅ​លើ​កំពូល​ភ្នំ ។
ដំបូង, ពួក​ចិន​ចាប់​កសាង​ព្រះ​ពុទ្ធរូប​មុន​គេ រួច​តមក ទើប​បាន​ធ្វើ​ព្រះ វិហារ​នឹង​សីមា​តាម​ទម្លាប់​ទំនៀម​អ្នក​ស្រុក ព្រម​ទាំង​តាម​ក្បួន​ហោរាសាស្រ្ត​ចិន​ផង ហេតុ​នេះ​ហើយ​បាន​ជា ព្រះ​វិហារ​នោះ​បែរ​មុខ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង គឺ​ឆ្ពោះ​ទៅ​រក​ប្រទេស​ចិន ។ នាម​ព្រះ​វិហារ យើង​ពុំ​ដឹង​ជា​ពួក​ចិន​ឲ្យ​ឈ្មោះ​ដូម្ដេច​ទេ តែ​ជនជាតិ​ខ្មែរ ដោយ​ឃើញ​ព្រះ​ពុទ្ធរូប​ធំ​អស្ចារ្យ​មាន​កំពស់ ១៨ ហត្ថ ក៏​នាំ​គ្នា​ហៅ​ថា << ព្រះ​វិហារ អដ្ឋារស >> ។ តមក​ស្ដេច​ក្រុង​ចិន​ឲ្យ​មន្រ្តី​ចិន​នាំ​ប្រស្នា​៣ ខ​មក​ថ្វាយ​ព្រះ​រាជា​ប្រទេស​ខ្មែរ​ដោះស្រាយ បើ​ដោះស្រាយ​ប្រស្នា​ទាំង​៣​នេះ​ពុំ​បាន នោះ​ប្រទេស​ខ្មែរ​ត្រូវ​ទៅ​ចំណុះ​ប្រទេស​ចិន ត្រូវ​យក​សួយសារអាករ​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចិន​រាល់​ឆ្នាំ ។ ឯ​ប្រស្នា​របស់​ស្ដេច​ក្រុង​ចិន​ទាំង​៣​នោះ ដូច​មាន​តទៅ​នេះ ។
ដំបូង, មន្រ្តី​ចិន​ម្នាក់​ដែល​ជា​អ្នក​នាំ​ប្រស្នា​ពី​ស្ដេច​ក្រុង​ចិន មក​ថ្វាយ​ស្ដេច​ខ្មែរ​ឲ្យ​ដោះស្រាយ​នោះ ក្រោក​ឈរ​ឡើង​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​រាជា​នូវ​អស់​មន្រ្តី​ខ្មែរ​ទាំងឡាយ ហើយ​ធ្វើ​អាការ​ដូច​តទៅ​នេះ ។
ប្រស្នា​ទី​១ មន្រ្តី​ចិន​ចំកោង​ខ្នង លា​ដៃ​ទាំង​ពីរ ធ្វើ​របៀប​ដូច​ឱប​របស់​អ្វី​យ៉ាង​ធំ ។
ប្រស្នា​ទី​២ មន្រ្តី​ចិន​ក្ដាប់​ដៃ​ម្ខាង លើក​ឡើង​កំពស់​មុខ ។
ប្រស្នា​ទី​៣ មន្រ្តី​ចិន​បោះ​ដៃ​ម្ខាង​ត្រង់​ទៅ​មុខ ហើយ​លា​ម្រាមដៃ​ទាំង​៥​ក្រញ៉ាង ។
ហើយ​ថ្វាយ​កាល​កំណត់​ស្ដេច​ខ្មែរ​ថា​៧​ថ្ងៃ នឹង​ត្រឡប់​មក​គាល់​សុំ​ព្រះ​រាជ​ទាន​សេចក្ដី​ដោះស្រាយ ។

(មានត) 
ប្រភព http://www.budinst.gov.kh/?q=node/294

0 ความคิดเห็น:

แสดงความคิดเห็น