วันพุธที่ 18 พฤษภาคม พ.ศ. 2554

ទំនៀម​អ្នក​ស្រុក​ប៉ៃលិន

លោក លី - ធាមតេង រៀបរៀង
 
 
ភូមិភាគ​ប៉ៃលិន​ជា​ដំបន់​មួយ​ដែល​អ្នក​ស្រុក ​យើង​ចាប់​អារម្មណ៍ ដោយ​ហេតុ​ភូមិភាគ​នេះ​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ពី​រជធានី​ផង ដោយ​មាន​របរ​ជីក​ត្បូង​ប្លែក​ពី​គេ​ផង​នឹង​ដោយ​មនុស្ស​ដែល​រស់​នៅ​ទី​នោះ​ សុទ្ធសឹង ជា​ជនជាតិ​កូឡា​ផង ។ កាល​ណា​បើ​ជា​ជនជាតិ ប្លែក​ដូចនេះ ទំនៀម​ទម្លាប់​នៃ​អ្នក​ស្រុក​នោះ​ក៏​ប្លែក​ដែរ តាំង​ពី​របប​រស់​នៅ​រហូត​ដល់​របរ​រកស៊ី​ជំនឿ​សាសនា ឬ​សោល្បៈ​ផសេង ៗ ។ ហេតុ​ដូច​នេះ ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ ដែល​មាន​ភារៈ​រក្សា​ទុក​ឯកសារ​ទំនៀម​ទម្លាប់​គ្រប់​ប្រភេទ មាន "ការ​រស់​នៅ​អ្នក​ស្រុក" ជា​អាទិ​នោះ ក៏​បាន​ថែរក្សា​ទុក​នូវ​ឫកសារ​ទាំងឡាយ​ដែល​ស្ដីពី​ជីវភាព​នៃ​អ្នក​ស្រុក​ ខ្មែរ​យើង​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស​គឺ​ពពួក​អ្នក​រស់​នៅ​តាម​ស្រុក​ឆ្ងាយ ៗ ឬ​អ្នក​ស្រុក​ដើម ដូចជា​ខ្មែរ​លើ គួយ ស្ទៀង ស្អូច​ជាដើម ។ មិន​តែ​ប៉ុណ្ណោះ យើង​បាន​ទាំង​ចាត់ការ​រាវរក ប្រមែ​ប្រមូល​បន្ថែម​ឯកសារ​ថ្មី ៗ ទៀត ព្រម​ទាំង​បាន​ចាត់​ការ​ឲ្យ​សមាជិក​ទៅ​ស៊ើប​សួរ​ដល់​កន្លែង​ទាំង​នោះ​ផង ។ ក៏​ប៉ុន្តែ​ដោយ​មធ្យោបាយ​ស្ដួចស្ដើង យើង​ពុំ​អាច​ធ្វើ​ការ​នេះ​ឲ្យ​អស់​ហើយ​ភ្លាម ៗ ទេ ត្រូវ​តែ​ធ្វើ​ជញ្ជាប ៗ តាម​លទ្ធភាព​ដែល​ធ្វើ​ទៅ​បាន ។ កាល​ណា​ប្រមូល​បាន ល្មម​ជំរាប​ជូន​ជន​រួម​ជាតិ​យើង​ឲ្យ​បាន​ជ្រាប​ខ្លះ​នោះ យើង​ក៏​រៀបរាប់​ជា​អត្ថបទ បោះពុម្ព​ផ្សាយ​ម្ដង តែ​បើ​មាន​នៅ​ខ្វះ​ខាត​ត្រង់​ណា​ទៀត យើង​ក៏​ព្យាយាម​ស៊ីប​សួរ​ស្រាវជ្រាវ​យក​មក​បំបេញ​ឯកសារ​ទុក​តទៅ​ទៀត ។ ហេតុ​នេះ បើ​លោក​អ្នក​អាន​ទាំងឡាយ បាន​ជ្រាប​ការ​ពិត​លើស​ពី​សេចក្ដី​អធិប្បាយ​ទាំង​នេះ ក៏​សុំ​មេត្តា​សរសេរ​ផ្ញើ​ទៅ​ក្រុម​ជំនុំ​យើង​ដើម្បី​ទុក​បន្ថែម​ទៅ​ បោះពុម្ព​គ្រា​ក្រោយ​ទៀត ។
នៅ​ពេល​នេះ យើង​លើក​យក​ទំនៀម​រស់​នៅ របស់​ពួក​កុឡា នៅ​បប៉ៃលិន​មក​អធិប្បាយ​ដូច​តទៅ ៖
១- ដើម​កំណើត​ស្រុក​ប៉ៃលិន
ពាក្យ​ថា "ប៉ៃលិន" នេះ ដើម​ហេតុ​ក្លាយ​មក​ពី​ពាក្យ "ភេ​លេង" តាម​សេចក្ដី​និទាន​ថា កាល​នោះ មាន​ពពួក​អ្នក​បរ​បាញ់​មួយ​ក្រុម​តែង​ស្វះស្វែង​មក​ធ្វើ​ប្រមាញ់​នៅ​ភូមិភាគ ​ព្រៃ​ភ្នំ ត្រង់​ស្រុក​ប៉ៃលិន​សព្វ​ថ្ងៃ​នេះ ។ កាល​នោះ ពួក​ប្រមាញ់​ទាំង​នេះ ប្រទះ​ឃើ​មាន​អូរ​ធំ ៗ នៅ​តាម​ច្រក​ភ្នំ​ដី​ជ្រាល​ទំនាប ជា​ជ្រលង​មួយ​កន្លែង ហើយ​មាត់​អូរ​នេះ គេ​តែង​ប្រទះ​ឃើញ​សត្វ​ភេ មក​ប្រឡែង​ប្រលូក​គ្នា​តែ​កន្លែង​នេះ ។ កាល​ណា​វា​ឃើញ​មនុស្ស វា​ក៏​ផ្អើល​រត់​ប្រសាច​ចូល​ព្រៃ​បាត់​ទៅ ។ ត្រង់​មាត់​អូរ​នេះ​ទៀត ដែល​ពួក​ប្រមាញ់​រើស​បាន​ដុំ​ថ្ម ដែល​ភ្លឺ​ថ្លា នាំ​យក​ទៅ​ស្រុក​ភូមិ​ចែក​គ្នីគ្នា​មើល​ដុំ​ថ្ម​ចំឡែក ៗ ផង ។ ត​មក​ពួក​កុឡា​ដែល​ជា​អ្នក​មាន​រប​ខាង​ច្នៃ​ត្បូង ទិញ - លក់​ត្បូង​ខេត្ត​ចន្ទប៊ុន (ចន្ទបុរ) ប្រទេស​សៀម ក៏​ឃើញ​ដុំ​ថ្ម​ល្អ ៗ ទាំង​នេះ សាក​សួរ​ពួក​អ្នក​ប្រមាញ់​ថា​តើ​បាន​ថ្ម​នេះ​មក​ពី​ណា ? ពួក​នេះ​ក៏​ប្រាប់​គេ​ថា​បាន​ពី​ក្នុង​ព្រៃ​ភ្នំ​ត្រង់​កន្លែង "ភេ​លេង" ។ ត​មក​ពួក​កុឡា​នោះ​នាំ​គ្នា​តាម​រក​មក​ដល់​ទី​នេះ​ទៅ ហើយ​ក៏​នាំ​គ្នា​ហៅ​សំគាល់​កន្លែង​នេះ​ថា "ភេ​លេង ៗ" ដូច្នេះ​រហូត​មក ក៏​ប៉ុន្តែ​ដោយ​ពួក​នោះ​អាន​តាម​សំឡេង​សៀម ក៏​នាំ​ឲ្យ​ឃ្លៀងឃ្លាត​បន្តិច​ទៀត​ទៅ​ជា "ផេលិន" ដែល​សរសេរ​ជា​អក្សរ​ឡាតាំង​ក្លាយ​ទៅ​ជា (Pailin = ប៉ៃលិន) ដូច​សព្វ​ថ្ងៃ​នេះ​ទៅ ។
២- ទំនៀ​រស់​នៅ​នៃ​ពួក​កុឡា
ដែល​សំគាល់​ថា​ជា​ទំនៀម​រស់​នៅ​នេះ គឺ​សំដៅ​យក​របៀប​របប​នៃ​ពួក​កុឡា​ទាំង​មូល​មក​និយាយ តាំង​ពី​ចាប់​កំណើត​កើត​ជា​រូប​មក​រហូត​ដល់​រៀន​សូត្រ រៀប​អាពាហ៍​ពិពាហ៍ ធ្វើ​បុណ្យ​ទាន របរ​រក​ស៊ី​បុណ្យ​សព ។ល។ ប៉ុន្តែ​ពុំ​អាច​បាន​ល្អិតល្អន់​ក្នុង​មួយ​មុខ ៗ ទេ គ្រាន់​តែ​គោល ៗ សំរាប់​ឲ្យ​យល់​បាន​ហូរហែ​គ្នា​ខ្លះ ៗ ប៉ុណ្ណោះ ។ សេចក្ដី​អធិប្បាយ​មាន​ដូច​តទៅ ៖
ក- កំណើត .- តាម​ទំនៀម​អ្នក​ស្រុក​នេះ បើ​មាន​កូន​កើត​នៅ​ក្នុង​គ្រួសារ​និមួយ ៗ ទំនៀម​បង្កក់​ឆ្មប​មិន​ប្លែក​ពី​អ្នក​ស្រុក​​ធម្មតា​ប៉ុន្មាន​ទេ ។ រី​អ្នក​ដែល​ទៅ​សួរ​ជួយ​អបអរ​សាទរ​នឹង​ទារក​កើត​ថ្មី​នោះ គេ​មាន​ទំនៀម​មួយ គឺ​មាតា​បិតា​ទារក​ត្រូវ​រៀបចំ​ផ្តឹល​ទឹក​សំបួរ​មួយ​ធំ អប់​ក្រមួន​សុទ្ធ​ក្រអូប​ឈ្វេង ដាក់​នៅ​កណ្ដាល​ផ្ទះ ត្រង់​កន្លែង​ដែល​ផ្ដេក​ទារក​នោះ កាល​ណា​ភ្ញៀវ​មក​ដល់ ម្ចាស់​ផ្ទះ​ត្រូវ​លើក​ផ្តឹល​ទឹក​នេះ​នូវ​ភ្ញៀវ ហើយ​ភ្ញៀវ​ទទួល​យក រួច​គេ​ក៏​ប្រោះ​ព្រំ​ទឹក​នេះ​បន្តិច​ទៅ​លើ​ទារក​ប្រសិទ្ធី​ឲ្យ​បាន​សុខ​ អាយុ​យឺនយូរ ។ ម្ចាស់​ផ្ទះ​ត្រូវ​អរគុណ​នឹង​ភ្ញៀវ​នេះ ក៏​ជូន​បារី​មួយ​ទៅ​ភ្ញៀវ​វិញ ។ សុំ​បញ្ជាក់​ថា ទំនៀម​ពួក​កុឡា​គេ​និយម​បារី​ណាស់ គឺ​ទាំង​ស្រី​ទាំង​ប្រុស​ជក់​បារី​ទាំងអស់​គ្នា ប៉ុន្តែ​បារី​នោះ​មិនមែន​ដូច​បារី​យើង​ធម្មតា​ទេ គឺ​មាន​ជាតិ​ថ្នាំ​ជក់​តិច​តួច​ណាស់ គេ​លាយ​នឹង​ស្លឹក​ឈើ ហើយ​យក​សន្ទះ​សន្ទប​ស្លា​ស្ដើង ៗ មូរ​ពី​ក្រៅ​ឲ្យ​មាន​ទំហំ​ប៉ុន​មេ​ដៃ​ក៏​មាន ប៉ុន​មេ​ជើង​ក៏​មាន ប្រវែង ២ សង្ទីម៉ែត្រ ដូច្នេះ​ហើយ​បាន​ជា​ការ​ជូន​បារី​ទៅ​វិញ​ទៅ​មក​នោះ ទុក​ជា​វត្ថុ​សំខាន់​មួយ​ដែរ ។
ខ- ការ​រៀន​សូត្រ .- ចំពោះ​ការ​រៀន​សូត្រ​នៃ​កុមារ​ជនជាតិ​កុឡា, តាម​ទំលាប់​ពី​ដើម​មក ក្មេង​ស្រី​ពុំ​សូវ​រៀន​ទេ, ឯ​ក្មេង​ប្រុស គេ​នាំ​ឲ្យ​ទៅ​នៅ​វត្ត កាល​ណា​បាន​អាយុ ៨ - ៩ ឆ្នាំ ឬ ១០ ឆ្នាំ​ហើយ ។ ពី​ដើម ការ​សិក្សា​ភាសា - អក្សរ របស់​ជនជាតិ​កុឡា ច្រើន​តែ​រៀន​អក្សរ​នឹង​ភាសា​ភូមា (ទំនង​ដើម​ហេតុ​មក​ពី​ពួក​នេះ​មាន​ដើម​កំណើត​ពី​ប្រទេស​ភូមា ក៏​ខំ​រក្សា​ចំណេះ​គេ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ រាជការ​យើង​បាន​បង្កើត​សាលា​រៀន​គ្រប់គ្រាន់​ហើយ​ពួក​អ្នក​ទាំង​នេះ​ក៏​រួម​ ជា​ជាតិ​ខ្មែរ​ពេញលេញ​ទៅ​ហើយ​នោះ គេ​នាំ​គ្នា​រៀន​តែ​អក្សរ​ខ្មែរ​វិញ​ដូច​សាលា​យើង​ធម្មតា​ដែរ) ។ ប៉ុន្តែ​ទំនៀម​គេ​នៅ​ជាប់​មក​ត្រង់​ដែល​កុលបុត្រ​ដែល​បាន​ទៅ​រៀន​សូត្រ​ហើយ តោង​តែ​បួស​ជា​សាមណេរ​ឬ​ជា​ភិក្ខុ​ទើប​គេ​ទទួល​ជា​ពេញ​លក្ខណៈ ។ វិធី​បំបួស​នេះ គេ​ធ្វើ​យ៉ាង​ឧឡារិក​ណាស់ បើ​ទោះបី​ជា​ឪពុក​ម្ដាយ​ពុំ​សូវ​សម្បូណ៌​ធនធាន​ក៏​គង់​មាន​មា​ក្លើ​ញាតិ​ មិត្ត​ណា​ម្នាក់ ទទួល​ឧបត្ថម្ភ​ដែរ ហើយ​ការ​ឧបត្ថម្ភ​កុលបុត្រ​ឲ្យ​បួស​នេះ ទៅ​ជា​ជំនឿ​មួយ​របស់​អ្នក​ស្រុក​និយម​ថា​នឹង​បាន​កុសល​ច្រើន ម៉្លោះ​ហើយ​មាន​អ្នក​ចូល​ចិត្ត​ឧបត្ថម្ភ​ក៏​ច្រើន​គ្នា ។
តាម​ទំលាប់​ដែល​គេ​ធ្វើ​រួច​មក​ហើយ អ្នក​បួស​នៅ​ស្រុក​នេះ ពុំ​សូវ​បាន​យូរ​ឆ្នាំ​យូរ​វស្សា​ទេ ច្រើន​តែ​មួយ​វស្សា ឬ​ខ្លះ​ទៀត​បួស​គ្រាន់​តែ​បំពេញ​កិច្ច​ប៉ុន្មាន​ថ្ងៃ​ទៅ​ក៏​មាន តែ​បើ​ខាន​បួស​គឺ​មិន​បាន​ឡើយ​។ ដូច្នេះ​បើ​នឹង​ទទួល​រាប់រក​បុរស​ពេញ​លក្ខណៈ​បាន​នោះ គឺ​ចំពោះ​បុរស​ដែល​បាន​បួស​រៀន ។
តាម​ទំលាប់​ពី​ដើម​មក ការ​សិក្សា​របស់​អ្នក​ស្រុក​នេះ មិន​មាន​ប្រាថ្នា​យក​ចំណេះ​ទៅ​ធ្វើ​ជា​នាម៉ឺន​មន្ត្រី​អ្វី​ឡើយ គឺ​គេ​រៀន​ឲ្យ​ចេះ​ល្មម​តែ​កត់ត្រា​កិច្ចការ​បន្តិច​បន្តួច​ក្នុង​គ្រួសារ ឬ​សំរាប់​អាន​ក្បួន​តម្រា​ធម៌​អាថ៌​តែ​ប៉ុណ្ណោះ ។ ចំណែក​នៅ​ពេល​សព្វ​ថ្ងៃ ដោយ​សម្បូណ៌​សាលា​រៀន គេ​ក៏​បាន​ចេះ​ដឹង​ច្រើន ហើយ​មាន​ធ្វើ​ជា​អ្នក​រាជការ​ខ្លះ ៗ ដែរ ។
គ- អាពាហ៍​ពិពាហ៍ .- ចំពោះ​ការ​រៀប​អាពាហ៍​ពិពាហ៍​កូន​ចៅ​នៅ​ស្រុក​នេះ ក៏​ជា​ទំនៀម​មួយ​អឹកធឹក​ណាស់​ដែរ ។
តាម​ទំលាប់​មួយ​ប្លែក គឺ គូ​ស្រករ​ថ្មី​និមួយ ៗ នោះ គេ​ច្រើន​និយម​ឲ្យ​ស្គាល់​ចិត្ត​ថ្លើម​គ្នា​ជា​មុន ដោយ​គេ​អនុញ្ញាត​ឲ្យ​សាមី​ខ្លួន​បាន​ប្រាស្រ័យ​គ្នា​ខ្លះ ៗ ជា​មុន ដូចជា​ជួប​គ្នា​ក្នុង​ពិធី​បុណ្យ​ទាន ឬ​ឡើង​ចុះ​ផ្ទះ​រាប់អាន​គ្នា​តាម​គន្លង​ញាតិ​មិត្ត​ត្រឹមត្រូវ ។ ការ​ស្គាល់​គ្នា​ជា​មុន​នេះ នាំ​ឲ្យ​សាមី​ខ្លួន​ស្ទង់​មើល​ចិត្ត​ថ្លើម​គ្នា​ខ្លះ ៗ ។ កាល​បើ​សាមី​ខ្លួន​ព្រមព្រៀង​ហើយ ចាស់​ទុំ​ក៏​ស្ដី​ដណ្ដឹង​តាម​ទំនៀម​ជា​ក្រោយ ។ ការ​ស្ដី​ដណ្ដឹង​នេះ គេ​ច្រើន​ធ្វើ​តាម​រយៈ "ដង្ខៅ" ដែល​ជា​មនុស្ស​ចាស់​ព្រឹទ្ធាចារ្យ​ម្នាក់​មាន​ចរិយា​ត្រឹមត្រូវ​អ្នក​ភូមិ​ ទទួល​គោរព​ប្រណិបតន៍​គ្រប់ ៗ គ្នា ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​អ្នក​ស្រុក​នេះ គេ​រក្សា​វិន័យ​តាម​ទំនៀម​ទម្លាប់​គេ​ល្អ​ហ្មត់ចត់​ណាស់ ព្រោះ​តែ​គេ​គោរព​ដង្ខៅ​ប្រចាំ​ភូមិ​នេះ ។ 
លុះ​បាន​ពេលា​កំណត់​រៀបការ​ហើយ ឪពុក​ម្ដាយ​ត្រូវ​ដើរ​ជំរាប​ភ្ញៀវ ដោយ​យក​បារី​ទៅ​ជូន​មួយ ៗ គ្រប់​គ្នា ជា​ការ​គួរសម​ផង ។ ដល់​ថ្ងៃ​ការ​រៀប​លាង​នំនែក​ទឹក​តែ ឥត​បាយ​សំឡ​ទេ ។ ដង្ខៅ​អញ្ជើញ​មក​ធ្វើ​ជា​អធិបតី​ពិធី​នេះ អង្គុយ​ពែនភ្នែន​នៅ​ក្បាល​កន្ទេល​ដែល​កូន​ប្រុស​ស្រី​សំពះ​អង្គុយ​ផ្ទឹម​ គ្នា ។ ឯ​សំលៀក​បំពាក់​សាមី​ខ្លួន​ទាំង​ពីរ​នាក់​ក្នុង​ពិធី​នេះ គេ​និយម​តាម​បែប​ស្រុក​គេ​ដែរ គឺ​ប្រុស​ស្លៀក​សារុង​សៀត​ថ្នក់​ពី​មុខ​ពាក់​អាវ​ស​ដៃ​ធំ​ខើច​ត្រឹម​ចង្កេះ ឯ​ស្ត្រី​វិញ​ក៏​ពាក់​អាវ​របៀប​គ្នា​នេះ​ដែរ តែ​ស្លៀក​សំពត់​សំឡុយ​មាន​ជរ​ជាយ នឹង​មាន​ផ្កា​ធំ ៗ លើ​ក្បាល​គរ​មូរ​សក់​ឲ្យ​ឡើង​ជា​មួយ​ពំនូក​ហើយ​យក​ផ្កា​ស្រស់​ក្រង​ជា​ភួង​ ពាក់​ព័ទ្ធ​ពំនូក​សក់​នោះ ឬ​ក៏​យក​ខ្សែ​លោហធាតុ​មាន​រស្មី​ភ្លឺ ៗ ចង​ព័ទ្ធ​ជុំ​វិញ​ក៏​បាន ។ នៅ​ចំហៀង​ខាង​ស្ដាំ មាន​ផ្កា​មួយ​បាច់​ក្រង​ជា​រំយោល​ភ្ជាប់​នឹង​ចំណង​នេះ​ផង ។ លុះ​ក្រោយ​មក ដែល​គេ​និយម​អ៊ុតសក់ គេ​ក៏​គ្រាន់​តែ​យក​កម្រង​ផ្កា​មួយ​មក​ចង​ចំហៀង​សក់​ក្បាល​ខាង​ស្ដាំ​ធ្វើ​ លំនាំ​ដូច​ក្បាំង 1 ណា​ក៏​បាន ។
នៅ​ពេល​ព្រឹក​មុន​នឹង​សំពះ​ផ្ទឹម​ឲ្យ​ដង្ខៅ​ ប្រសិទ្ធីពរ​នេះ មាន​ពិធី​ដង្ហែ​កូន​កំឡោះ​ទៅ​កាន់​ផ្ទះ​ខាង​ស្រី​យ៉ាង​អឹកធឹក គឺ​អ្នក​ដង្ហែ​កូន​កំឡោះ​ដើរ​កាន់​ផ្កា​មួយ​បាច់​ម្នាក់ ៗ ច្រើន​គ្នា ស្លៀក​ពាក់​ស្អាត​តាម​ទំលាប់​គេ គឺ ស្លៀក​សារុង​អាវ​បំពង់​ខ្លួន​ខ្លី​ដៃ​ធំ​មាន​ឆ្នួត​ក្បាល​ឬ​ពាក់​មួក ។ លុះ​ក្បួន​ហែ​ទៅ​ដល់​ទ្វារ​របង​ផ្ទះ​ខាង​ស្រី​ហើយ​ត្រូវ​ពួក​ខាង​ស្រី​គេ​ នាំ​គ្នា​ឈរ​រាំង​ផ្លូវ​ចូល លុះត្រា​តែ​ពួក​ខាង​ប្រុស​ឲ្យ​អ្នក​ផ្លូវ​ទៅ​និយាយ​សុំ​ផ្លូវ​សិន ។ ការ​សុំ​ផ្លូវ​នេះ គេ​ច្រើន​តែ​និយាយ​ពង្វេះ​ពង្វាង​ជា​ប្រការ​ផ្សេង ៗ ដូចជា សួរ​ថា​ផ្ទះ​នេះ​មាន​ត្បូង​លក់​ទេ ? បើ​គេ​ឆ្លើយ​ថា​មាន​ក៏​សុំ​មើល, គេ​ទារ​ឈ្នួល​រង្វាន់​ប៉ុន្មាន ៗ ទើប​ឲ្យ​មើល​។ ពួក​ខាង​ប្រុស​ក៏​ថា​ព្រម ហើយ​ក៏​ហុច​លុយ​កាក់​ឬ​វត្ថុ​អ្វី​មួយ​ជា​និមិត្តរូប រួច​ក៏​នាំ​កូន​កំឡោះ​ចូល​ទៅ ។
កាល​ឡើង​ទៅ​ដល់​លើ​ផ្ទះ​ហើយ កូន​កំឡោះ​អង្គុយ​លើ​កន្ទេល បត់​ភ្លៅ​កង្កែប​បែប​ជំទើត​ជើង​បន្តិច រង់ចាំ​កូន​ក្រមុំ​ដែល​នៅ​ក្នុង​បន្ទប់ ។ ពេល​នោះ​គេ​មាន​ធ្វើ​ពិធី​សុំ​អនុញ្ញាត​ឲ្យ​កូន​ស្រី​ចេញ​ម្ដង​ទៀត ប្រហែល​នឹង​គ្នា​កាល​ចូល​ក្នុង​របង​ផ្ទះ​ដូច្នោះ​ដែរ គឺ​មាន​ត​ថ្លៃ​គ្នា​ថា បើ​ឲ្យ​កូន​ស្រី​ចេញ​តើ​ឲ្យ​រង្វាន់​អ្វី​ខ្លះ ? ខាង​ប្រុស​ស្រែក​ឡើង​ថា "ឲ្យ​ត្បូង​ឬ​ឲ្យ​ប្រាក់​តាម​ការ​គួរ" រួច​ទើប​គេ​នាំ​កូន​ស្រី​មក​អង្គុយ​ផ្ទឹម ចំពោះ​មុខ​ដង្ខៅ​និង​ចាស់​ទុំ​ទាំងអស់ ។ ដូចជា​យើង​បាន​រ៉ាយរ៉ាប់​រួច​មក​ហើយ​ខាង​លើ ។
ថ្ងៃ​ដែល​រៀប​អាពាហ៍​ពិពាហ៍​រួច​ហើយ មាន​ទំនៀម​ដើរ​សួរ​ភ្ញៀវ​គឺ​ញាតិ​មិត្ត​ដែល​នៅ​ជិត​ខាង​ភូមិ​ផង​របង​ជា​មួយ ។ ទំនៀម​នេះ គេ​ត្រូវ​មាន​កាន់​បារី​និង​មាន​ទឹក​មួយ​ផ្ដិល​យក​ទៅ​ជា​មួយ​ផង កាល​បើ​ដល់​ផ្ទះ​ណា​មួយ​ចូល​ទៅ​ជំរាប​សួរ​គួរសម​នឹង​គេ​ហើយ ត្រូវ​យក​ផ្តិល​ទឹក​និង​បារី​ជូន​ទៅ​ភ្ញៀវ ហើយ​ភ្ញៀវ​តែង​តែ​យក​ផ្កា​មួយ​មក​ជ្រលក់​ទឹក​ផ្ដិល​នោះ រលាស់​ដាក់​លើ​ចុង​ដៃ​គូ​ស្វាមី​ភរិយា​ថ្មី ហើយ​សៀត​ផ្កា​នោះ​លើ​សក់​កូន​ស្រី​ជា​និមិត្តរូប​ការ​ជូនពរ អាយុ វណ្ណៈ សុខៈ ពលៈ ។
ឃ- របរ​រកស៊ី .- ជនជាតិ​កុឡា មិន​សូវ​ជា​អ្នក​កុង​កាប់​ក្នុង​របរ​រកស៊ី​ប៉ុន្មាន​ទេ គឺ​គេ​និយម​រកស៊ី​តាម​សម្រួល ។ ការងារ​ធំ​របស់​គេ​គឺ​ការ​ជីក​ត្បូង​មួយ​មុខ​ប៉ុណ្ណោះ ហើយ​ការងារ​នេះ ច្រើន​តែ​ប្រុស ៗ ទេ​ដែល​ជា​អ្នក​ធ្វើ​ចំណែក​ស្រី ៗ ច្រើន​ជា​អ្នក​ធ្វើ​ការ​ផ្ទះ​មាន​ការ​ដណ្ដាំ​ស្ល និង​បោស​ជ្រះ​ផ្ទះ​សំបែង​ជាដើម បើ​សល់​ពេល​ទំនេរ​គេ​ពិភាក្សា​គ្នា​លេង​ជា​មួយ​អ្នក​ជិត​ខាង​ដែល​ស្រុក​នេះ​ គេ​ចូល​ចិត្ត​ទៅ​មក​ឡើង​ចុះ​និយាយ​គ្នា​លេង អង្គុយ​លេង​ជា​មួយ​គ្នា​ណាស់ ។ ពេល​ព្រឹក គេ​រៀបចំ​ប្រដាប់​ប្រដា​ទៅ​ជីក​ត្បូង ហើយ​ប្រមូល​អាចម៍​ដី​ដាក់​មួយ​ដុំ លុះ​ដល់​ថ្ងៃ​ឡើង​ខ្ពស់​បន្តិច ប្រមាណ​ជា​ម៉ោង ១០ គេ​ជញ្ជូន​កំទេច​ដី​នោះ​ទៅ​កាន់​ទី​បង្អូរ​ទឹក ដែល​មាន​ជីក​ជា​ស្នាម​ភ្លោះ​ប៉ុន ៗ កន្ទេល​កន្សែង​បង្អូរ​ទឹក​ទុក​ឲ្យ​នៅ​ជាប់​ក្នុង​នោះ​ត្រឹម​ចង្កេះ​ឬ​ត្រឹម​ ចុង​ដង្ហើម ។ គេ​យក​ចង្អេ​មក​កើប​អាចម៍​ដី​ដែល​ជញ្ជូមន​មក​នោះ​ម្ដង​មួយ​ចង្អេ​យក​ទៅ​រែង​ ក្នុង​ទឹក​គ្រវី ៗ ឲ្យ​ជ្រុះ​ផង់​ដី​ម៉ដ្ឋ ៗ ទៅ​តាម​ទឹក​អស់​ទៅ នៅ​សល់​តែ​ដី​គ្រាប់​ទ្រើស ៗ ហើយ​គេ​វី​មើល​ក្នុង​នោះ​ម្ដង ៗ បើ​ប្រសិន​មាន​ត្បូង​នៅ​ក្នុង​នោះ វា​ក៏​ភ្លឺ​ផ្លេក​ឡើង គេ​ក៏​រើស​យក​មក​ទុក​ទៅ, តែ​បើ​គ្មាន​គ្រា់​ត្បូង​ទេ គេ​ក៏​ជះ​កំទេច​ដី​នោះ​ចោល​ទៅ រួច​កើប​ថ្មី​មក​ធ្វើ​ដូច​មុន​ទៀត ។ ដូច្នេះ ជួន​កាល​ក៏​បាន ៥ - ៦ គ្រាប់​ក្នុង​មួយ​ថ្ងៃ ជួន​ក៏​ច្រើន ជួន​ក៏​ទទេ​ក៏​សឹង​មាន ។ ប៉ុន្តែ​អាចម៍​ដី​ដែល​គេ​កើប​រែង​លាង​ទឹក​នោះ គេ​ប៉ាន់​ឲ្យ​ល្មម​តែ​តាម​កំឡាំង​គេ​ធ្វើ​មួយ​ព្រឹក​ប៉ុណ្ណោះ តែ​ថ្ងៃ​រសៀល​គេ​ត្រូវ​ឈប់ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ។
ដំណាំ​សំខាន់​ជាង​គេ​គឺ​ដើម​ផ្កា និង​ដើម​ឈើ​ស៊ី​ផ្លែ​ខ្លះ ដូចជា​សាវមាវ, ភ្ញៀវ មាក់ប្រាង ។ល។ ដំណាំ​ទាំង​នេះ​មិន​សំរាប់​លក់ដូរ​ទេ គ្រាន់​តែ​អាស្រ័យ​ក្នុង​គ្រួសារ និង​ចែក​អ្នក​ជិត​ខាង​ប៉ុណ្ណោះ ។ ឯ​ផ្កា​វិញ ជា​ដំណាំ​ចាំ​បាច់​ណាស់ ព្រោះ​ផ្ទះ​និមួយ ៗ សុទ្ធ​តែ​មាន​តាំង​អាសនៈ​ព្រះ​ពុទ្ធ​រូប ដ៏​មាន​ភ្ញី​ផ្កា​ទៀន​ធូប​និង​មាន​កំណាត់​ពណ៌​ព័ទ្ធ​ព័ន្ធ​ជា​សន្ធយា​ជា​ ពិតាន​ផង, នៅ​ចំ​កណ្ដាល​ផ្ទះ ។ ម៉្លោះ​ហើយ​ការ​តុបតែង​នេះ​ត្រូវ​ការ​ផ្កា​ជា​បំផុត ។ ក្រៅ​ពី​តុបតែង​ជា​គ្រឿង​សក្ការៈ គេ​ត្រូវ​ការ​យក​ផ្កា​ជា​លំអ​រាងកាយ​ច្រើន​ទៀត​ដូចជា​ស្ត្រី ៗ យក​សៀត​សក់​ក្បាល ឬ ធ្វើ​កម្រង​ចង​លំអ​ផ្នួង​សក់​ជាដើម ។ ក្នុង​ពេល​គួរសម​នឹង​ភ្ញៀវ​នៅ​ពិធី​ផ្សេង ៗ ក៏​និយម​យក​ផ្កា​ធ្វើ​ជា​របស់​ជំនូន​មួយ​យ៉ាង​សំខាន់​ដែរ ។
ទើប​តែ​នៅ​ពេល​សព្វ​ថ្ងៃ​នេះ បង - ប្អូន​កុឡា​យើង និយម​របរ​កសិកម្ម​ច្រើន​ឡើង តាម​សេចក្ដី​ដាស់តឿន​នៃ​រាជរដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម ហើយ​របរ​ជីល​ត្បូង​ក៏​គេ​ពុំ​សូវ​ធ្វើ​ខ្លួន​ឯង​ដែរ គឺ​ទុក​ភារៈ​ឲ្យ​ពពួក​អ្នក​ស្រុក​ក្រៅ​ដែល​ទៅ​ពី​ខេត្ត​ផ្សេង ៗ ជា​អ្នក​រក​ត្បូង​ម្ដង ឯ​អ្នក​ស្រុក​គ្រាន់​តែ​ជា​អ្នក​ទទួល​ទិញ​ធ្វើ​ជា​ឈ្មួញ​ទៅ​វិញ ។ 
ង- ពិធី​បុណ្យ​ផ្សេង ៗ .- ពិធី​បុណ្យ​ជា​សំខាន់​សំរាប់​ជនជាតិ​កុឡា គឺ​បុណ្យ​តាម​ពុទ្ធសាសនា ប៉ុន្តែ​មាន​ការ​ក្លាយ​ឃ្លៀង​ឃ្លាត​ខ្លះ ៗ ទៅ​តាម​ទំនៀម​ស្រុក ។ អ្នក​ស្រុក​នេះ​ទាំងអស់​ជា​ពុទ្ធសាសនិក ដូច​យើង​បាន​និយាយ​បន្តិច​រួច​មក​ហើយ​ថា គ្រប់​ផ្ទះ​សុទ្ធ​តែ​តាំង​អាសនៈ​ព្រះ​ពុទ្ធ​រូប​ជា​លំអ ម៉្លោះ​ហើយ​ពិធី​បុណ្យ​ក៏​និយម​ធ្វើ​ជា​ញឹក​ញាប់​ណាស់ ។ ប៉ុន្តែ​ក្នុង​ទី​នេះ​យើង​លើក​យក​តែ​ពិធី​សំខាន់ ៗ តាម​ទំនៀម​ទំលាប់​មក​និយាយ​ប៉ុណ្ណោះ ដូចជា​បុណ្យ​ភ្ជុំ​បិណ្ឌ បុណ្យ​សព​ជាដើម ។
ដូច​បុណ្យ​ភ្ជុំ, ដល់​ថ្ងៃ​ភ្ជុំ​នេះ​គេ​រៀបចំ​អឹកធឹក​ណាស់ អ្នក​ស្រុក​ធ្វើ​នំ​នែក​តាំង​ពី​មួយ​ថ្ងៃ​មុន លុះ​ដល់​ព្រឹក​នោះ គេ​ក្រោក​តាំង​ពី​ម៉ោង ៣ ឬ​ម៉ោង ៤ ភ្លឺ ដើម្បី​រៀបចំ​គ្រឿង​នំ​នែក​បាយ​ទឹក​សម្រាប់​ដាក់​បាត្រ​ព្រះ​សង្ឃ ។
គេ​រើស​រក​ទី​វាល​ធំ​មួយ ដែល​នៅ​កណ្ដាល​ភូមិ​ល្មម​ជួបជុំ​គ្នា​បាន​ស្រួល​រៀបចំ​ធ្វើ​ពិធី​ដាក់​បាត្រ ​នេះ គឺ​គេ​ធ្វើ​របង​ដូចជា​រាជវតិ​ពីរ​ជួរ បត់បែន​ខ្វាត់ខ្វែង​ក្នុង​ទី​វាល​នោះ ។ ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​ដែល​យក​ម្ហូប​មក ត្រូវ​រក​កន្លែង​តម្កល់​គ្រឿង​ប្រដាប់​ទាំង​នោះ​តាម​ការ​គួរ ។ ដែល​ថា​គេ​ភ្ជាក់​ពី​យប់​នោះ គឺ​ភ្ញាក់​ដើម្បី​រៀបចំ​កន្លែង​ទាំង​នោះ​ផង និង​ទៅ​រៀប​ម្ហូប​ដង្វាយ​ព្រះ​ឯ​លើ​កំពូល​ភ្នំ (ភ្នំយ៉ាត) ផង ។ ម្ហូប​ដង្វាយ​ព្រះ​នោះ គេ​និយម​លើក​ទៅ​ម្នាក់​មួយ​តុ ដ៏​មាន​ម្ហូប​ចំណី​គ្រប់​មុខ​យ៉ាង​ល្អ ៗ សំរិត​សំរាំង​បំផុត ប៉ុន្តែ​ម្ហូប​នោះ សុទ្ធ​តែ​មាន​ប្រោះព្រំ​ទឹកអប់​ក្រអូប​ឈ្ងុយឈ្ងប់​សព្វ​សាយ (តាម​ពិត​បរិភោគ​មិន​កើត​ទេ ព្រោះ​ក្លិន​ទឹកអប់​ខ្លាំង​ណាស់) ។ ម្ហូបម្ហា​នេះ​ច្រើន​ក្រៃលែង​ណាស់ ដាក់​តម្កល់​ពាស​ពេញ ឬ​បង្គរ​លើ​គ្នា​ផង​ក៏​មាន នៅ​ពី​មុខ​ព្រះ​ពុទ្ធរូប ។
ចំណែក​ព្រះ​សង្ឃ កាល​បើ​ព្រលឹម​ស្វាង​ភ្លាម, គេ​និមន្ត​លោក​គ្រប់​វត្ត​ទាំងអស់​ដែល​មាន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន​មក ​ទាំងអស់ ។ លោក​បើក​បាត្រ​ហើយ និមន្ត​តាម​ជួរ​រាជវតិ​នោះ, ឧបាសក​ទាយក​​ទាំង​នេះ នៅ​ឈរ​សងខាង​រាជវ័តិ ហើយ​ដណ្ដើម​គ្នា​ដាក់​បាត្រ ។ បើ​បាត្រ​នោះ​ពេញ​ហូរហៀរ​ហើយ គេ​យក​ទៅ​ចាក់​គរ​ទុក​ម្ដង លាយឡំ​គ្នា​នៅ​មួយ​កន្លែង រួច​យក​បាត្រ​មក​បិណ្ឌ​ម្ដង​ទៀត លុះ​ត្រា​តែ​អស់​ម្ហូប​អាហារ​អ្នក​ស្រុក​ទាំង​នោះ ។
រី​ឯ​បុណ្យ​សព​វិញ មាន​ទំនៀម​ប្លែក​ណាស់ ដ្បិត​ទំលាប់​អ្នក​ស្រុក​នេះ គេ​មិន​សោក​សង្រេង​ខ្លាំង​ក្លា​ទេ គេ​តម្កល់​សព​ក្នុង​ក្ដាមឈូស​លើ​ជើង​កោស នៅ​មុខ​ផ្ទះ​សាមី​ខ្លួន​នោះ ដែល​មាន​សង់​រោង​ធំ​ទូលាយ ហើយ​មាន​លេង​ភ្លេង​រងំ​ផង ។ មិន​តែ​ប៉ុណ្ណោះ ក្នុង​រយៈ ៣ ថ្ងៃ​ដែល​គេ​តម្កល់​សព គេ​មាន​ចាត់ចែង​លេង​ល្បែង​ផ្សេង ៗ (ពី​ដើម​លេង​ស៊ីសង​មែនទែន ដូចជា ធួ យីគី ជាដើម តែ​ឥឡូវ​លេង​ត្រឹម​ចត្រង្គ រែក​អ្វី ៗ ទៅ​វិញ) ។ ដង្ខៅ​នៃ​ភូមិ​ជា​មេ​រៀបចំ​ពិធី​នេះ​ទាំង​ធ្វើ​ទក្ខិណានុប្បទាន​ផង ។
គ្រប់​បី​ថ្ងៃ​ហើយ ទើប​ដង្ហែ​សព​ទៅ​បូជា ជា​សម្រេច​កិច្ច ។
ទំនង​នេះ ប្រហែល​ជា​មក​ពី​គេ​យល់​ថា អ្នក​ដែល​ស្លាប់​នេះ គឺ​បាន​ឆ្លង​ផុត​ទុក្ខ​វដ្ដសង្សា​ហើយ បាន​ជា​គេ​ជួយ​អបអរ​សាទរ​យ៉ាង​នេះ​ទេ​ដឹង ?
 
(កម្ពុជសុរិយា​លេខ ៦-៧ ឆ្នាំ ១៩៦៥)
ប្រភព http://www.budinst.gov.kh/?q=node/323

0 ความคิดเห็น:

แสดงความคิดเห็น