របស់ព្រះវិន័យធម្ម យូរ - ប៉ុណ្ណ
នៅវត្តឧណ្ណាលោម
ជាក្រុមជំនុំព្រះត្រៃបិដកក្នុងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
វេលានេះ អាត្មាភាពនឹងសំដែងអំពីសង្គហធម៌ ដែលជាធម៌សម្រាប់សង្គ្រោះដល់គ្នានឹងគ្នា ។, សូមអស់លោកអ្នកទាំងឡាយចាំស្ដាប់ដុចសំដែងតទៅនេះៈ
កិច្ចឬឧបាយដែលសម្រាប់សង្គ្រោះឬស្រោចស្រង់គ្នានឹងគ្នាឲ្យបានមូលមិត្រហៅថា សង្គហៈ ។ សង្គហៈនេះចែកចេញជា ៤ យ៉ាងគឺៈ
១- ទានៈ ការចែករលែកឲ្យ
២- បេយ្យវជ្ជៈ ការពោលពាក្យពីរោះ គួរឲ្យចាប់ចិត្ត
៣- អត្ថចរិយា ការប្រព្រឹត្តឲ្យជាប្រយោជន៍ដល់គ្នានឹងគ្នា
៤- សមានត្តតា ភាពជាអ្នកតាំងខ្លួនឲ្យស្មោះស្មើចំពោះបុគ្គលផងគ្នា ។
សង្គហធម៌ទាំង ៤ យ៉ាងនេះ តែងប្រមូលជនទាំងឡាយឲ្យមូលមិត្រគ្នាក្នុងសកលលោក ។ បើសង្គហធម៌នេះមិនមានហើយ សាមគ្គីគឺការព្រមព្រៀងមូលមិត្រគ្នា ក៏នឹងធ្លុះធ្លាយបែកបាក់ទៅពុំខាន ។ ព្រះពុទ្ធជាម្ចាស់ទ្រង់សរសើរសង្គហធម៌នេះ ថាជាកិច្ចយ៉ាងប្រសើរបំផុតក្នុងលោក ។
ឯការសង្គ្រោះនេះ ជាបវេណីរបស់បុគ្គលអ្នកស្ថិតនៅក្នុងទីជាបព្វការី ដូចជាមាតាបិតាមានភារៈខាងសង្គ្រោះបុត្រធីតា, អាចារ្យមានភារៈខាងសង្គ្រោះសិស្ស, ចៅហ្វាយនាយមានភារៈខាងសង្គ្រោះទាសកម្មករ, ឥស្សជនមានព្រះរាជាជាដើម មានភារៈខាងសង្គ្រោះដល់ប្រជារាស្ត្រ ។
ជនដែលបានធ្វើសេចក្ដីសង្គ្រោះចំពោះរូបណាមួយហើយ ជននោះឈ្មោះថាជាបព្វការី, ជនជាបព្វការីនោះក៏គួរទទួលយកកិច្ចដែលគេត្រូវធ្វើមកវិញ ។ សូម្បីតែជនអ្នកតូចមិនគិតប្រយោជន៍ផ្ទាល់ខ្លួន ហើយមានចិត្តមេត្តាសង្គ្រោះដល់ញាតិឯទៀត ៗ ក៏គង់មានអ្នកដទៃគេរាប់អាន ជួយលើកដំកើងឲ្យទៅកាន់ទីជាធំបាន ។ ព្រោះហេតុនោះបានជាព្រះពុទ្ធជាម្ចាស់ ទ្រង់មានបំណងនឹងនាំសត្វឲ្យបានសម្រេចគុណសម្បត្តិគឺការតាំង ខ្លួនត្រូវក្នុងធម៌ ទើបទ្រង់សំដែងនូវសង្គហឧបាយនេះទុកជាផ្លូវដូចន័យដែលបានពោលមក ខាងដើម រួមចូលដោយសង្ខេបជា ៤ គឺៈ ទានៈ បេយ្យវជ្ជៈ អត្ថចរិយា, សមានត្តតា ដូច្នេះ ។
ទី ១ ទានៈ ការឲ្យនោះ ចែកចេញជា ២ យ៉ាង គឺឲ្យសំដៅចំពោះរូបបុគ្គលម្នាក់ ៗ ហៅថាអសាធារណទាន ១, ឲ្យជាសាធារណៈទួទៅមិនសំដៅចំពោះរូបបុគ្គលម្នាក់ ៗ ហៅថា សាធារណទាន ១ ។ ដូចជាមាតាបិតាឲ្យអាហារ គ្រឿងប្រដាប់ស្លៀកពាក់ដល់បុត្រធីតាក្នុងវេលាដែលនៅកំឡោះក្រមុំ ឬឲ្យទ្រព្យសម្បត្តិធ្វើជាដើមទុន ឲ្យទីឋានផ្ទះសម្បែង ក្នុងកាលដែលបុត្រធីតាចំរើនវ័យហើយ, ចៅហ្វាយនាយឲ្យភោគសម្ប័ទដល់ទាសកម្មករ ញាតិមិត្រចែកចាយគ្រឿងប្រើប្រាស់ នឹងភោជនាហារដល់គ្នីគ្នា ។ បុត្រធីតាដែលមានផ្ទះសម្បែងហើយ បានជូនភោជនាហារ គ្រឿងស្លៀកពាក់ដល់មាតាបិតាដែលចាស់ជរា, ទាសកម្មករធ្វើការងារ ឬជូនរបស់ដល់ចៅហ្វាយនាយជាហេតុសំដែងសេចក្ដីចងមេត្រីទៅរកចៅហ្វាយ នាយ, យ៉ាងនេះហៅថា អសាធារណទាន គឺបូជាឬតបគុណចំពោះរូបបុគ្គលម្នាក់ ៗ ។
ឥស្សរជន ឬអ្នកមានទ្រព្យសម្បត្តិ ជាអ្នកមានចិត្តផ្សាយមេត្តាអាណិតអាសូរប្រណីដល់មហាជន ហើយលះបង់សេចក្ដីកំណាញ់ បរិច្ចាគទ្រព្យជួសគេឲ្យលើកថ្នល់ ជីកព្រែក ធ្វើស្ពាន ដើម្បីជាផ្លូវគមនាគមន៍ទៅមកបានស្រួល, សង់សាលា ដាំដើមឈើ ជីកស្រះដើម្បីជាទីសំណាក់អាស្រ័យដល់មនុស្សអាគន្តុកៈ តាំងបង្កើត ឬទំនុកបម្រុងធ្វើផ្ទះពេទ្យជាទីព្យាបាលរោគសព្វយ៉ាង, តាំងបង្កើត ឬទំនុកបម្រុងសាលាបង្រៀនជាទីឲ្យចំណេះវិជ្ជាដល់កុមារាកុមារី ។ យ៉ាងនេះហៅថាឲ្យឬសង្គ្រោះជាសាធារណៈមិនចំពោះរូបបុគ្គល ។ ទានមានសភាពយ៉ាងនេះអាចឲ្យសេចក្ដីសុខដ៏ធំទូលាយ ជាងឲ្យចំពោះរូបបុគ្គលម្នាក់ ៗ ព្រោះពង្រីកមេត្តាចិត្តផ្សាយទៅក្នុងលោកទាំងមូល ។ ទានៈការឲ្យឬសង្គ្រោះដោយផ្សាយមេត្តាចិត្តយ៉ាងនេះ ចាត់ជាបារមី ១ ហៅថា ទានបារមី ។ ទាមបារមីនេះព្រះពុទ្ធជាម្ចាស់ធ្លាប់បានបំពេញបានសន្សំមកច្រើន ជាតិឥតគណនាឡើយ, លុះព្រះអង្គបានត្រាស់ហើយទ្រង់សំដែងនូវសង្គហទាននេះ ថាជាកន្លែង ឬដំណើរនៃសេចក្ដីសុខក្នុងលោកនេះ នឹងលោកខាងមុខ, នេះជាសង្គហទី ១ ។
ទី ២ បេយ្យវជ្ជៈ បើគ្រាន់តែឲ្យប៉ុណ្ណោះ ប៉ុន្តែមិនបានពោលពាក្យពិរោះគួរឲ្យចាប់ចិត្តផងទេ, វត្ថុដែលឲ្យនោះ បើទុកជាច្រើនយ៉ាងណាក៏ដោយចុះ ក៏ប្រាកដហាក់ដូចជាតិច, បើពោលពាក្យពិរោះគួរឲ្យស្រណោះចាប់ចិត្ត, ភ័ស្ដុភាដែលឲ្យនោះ សូម្បីតិចតួចសោះ ក៏ប្រាកដហាក់ដូចជាច្រើន, ព្រោះធ្វើឲ្យកើតសេចក្ដីស្រឡាញ់ពេញចិត្ត ធ្វើអ្នកដែលមានឧបការៈឲ្យជាទីរាប់អានក្រៃលែងឡើង។ ព្រោះហេតុនោះបានជាព្រះពុទ្ធជាម្ចាស់ទ្រង់ចាត់បេយ្យវជ្ជៈ ថាជាសង្គហទី ២ ។
បេយ្យវជ្ជៈ ប្រែថាពាក្យដែលពិរោះគួរពេញចិត្ត គួរចាប់ចិត្ត ចែកចេញជា ២ យ៉ាងគឺៈ បិយវាចា បានខាងវាចាពីរោះទន់ផ្អែម ធ្វើអ្នកនិយាយឲ្យជាទីស្រឡាញ់របស់អ្នកស្ដាប់ ១, អត្តសញ្ហិតា វាចា វាចាប្រកបដោយប្រយោជន៍ ១ ។
បិយវាចា អាចនឹងទាញចិត្តមនុស្សក្នុងលោកឲ្យស្រឡាញ់រាប់អានគ្នាបាន, ដូចជាមាតាបិតា ចរចានឹងបុត្រធីតាដោយពាក្យទន់ផ្អែមដូចហៅថា កូន ថា នាង ដូច្នេះជាដើម ពាក្យនេះគួរឲ្យចាប់ចិត្តដល់បុត្រធីតាពន់ពេក ធ្វើឲ្យកើតសេចក្ដីស្រឡាញ់ ។ បុត្រធីតាដែលចេះនិយាយពាក្យពិរោះគួរឲ្យចាប់ចិត្ត, មាតាបិតាក៏ស្រឡាញ់ពេញចិត្ត ។ ជនជាឥស្សរដែលឈ្លាសក្នុងការបដិសន្ថារពោលពាក្យរាក់ទាក់ប្រស្រ័យ រួសរាយដល់អ្នកតូចទួទៅគ្រប់ជាន់ គ្រប់ថ្នាក់, រមែងធ្វើខ្លួនឲ្យជាទីស្រឡាញ់ពេញចិត្តរបស់មនុស្សទាំងឡាយ ចេះនិយាយដឹកនាំអ្នកតូចឲ្យមានគំនិតធ្វើកិច្ចការដោយសេចក្ដី ប្រឹងប្រែង ហើយឲ្យជាសុចរិតបានផង ។ វាចាទន់ភ្លន់នេះឯង បើទុកជាមនុស្សនោះពីដើមធ្លាប់ទាស់ទែងខ្វែងគំនិតគ្នា ដល់ទៅមើលមុខគ្នាមិនត្រង់ក៏ដោយ កាលបើបានឮសំដីពិរោះញយ ៗ ក៏អាចនឹងស្រាយកំហឹងនោះបាន ។ ដូចពាក្យបុរាណលោកពោលថា "សំដីជាឯ្ លេខជាទោ" សំដីនេះលើកទុកជាទីមួយ ចំណេះវិជ្ជាលើកទុកជាទីពីរ ។ អ្នកដែលមានចំណេះយ៉ាងណាក៏ដោយចុះ, ប៉ុន្តែបើពោលវាចាមិនជាទីគាប់ចិត្តជាវាចាគំរោះគំរើយមិនពេញ ចិត្តអ្នកស្ដាប់ អ្នកមានចំណេះនោះ ក៏ឥតមានគេរាប់រកទៅវីញ ។ ជនអ្នកខ្សត់ខ្សោយចំណេះវិជ្ជាសោះទេ, ប៉ុន្តែបើមានវាចាពិរោះ ចេះឱនលំទោនសុភាពរាបសាល្អគួរឲ្យពេញចិត្ត, គង់មានអ្នកដទៃគេរាប់រកគេជួយសង្គ្រោះ គេបូជា ឬឲ្យវត្ថុនេះនោះពុំខាន ។ ទាំងនេះក៏ដោយសាវាចាពិរោះ ។ ប៉ុន្តែមនុស្សម្នាក់ ៗ មិនត្រូវធ្វើខ្លួនឲ្យឥតចំណេះវិជ្ជាទេ, ត្រូវតែខំប្រឹងរៀនសូត្រជាដរាប ។
អត្ថសញ្ហិតា វាចា វាចាប្រកបដោយប្រយោជន៍ ។ ជនអ្នកស្រឡាញ់សេចក្ដីសុខ-ចំរើន និយាយតែសំដីណាដែលប្រកបដោយប្រយោជន៍ ជាសំដីមានតម្លៃឲ្យអ្នកស្ដាប់ចូលចិត្តចង់ស្ដាប់, ហើយអ្នកស្ដាប់នោះ យកទៅធ្វើតាម ប្រតិបត្តិតាមទៅ ក៏រមែងកើតផលកើតប្រយោជន៍ ។ សំដីយ៉ាងនេះ ចាត់ជាសំដីបានការ ជាសំដីអ្នកប្រាជ្ញ ។
ព្រះបរមសាស្ដា ទ្រង់ទេសនាដឹកនាំវេនយ្យសត្វ ឲ្យឃើញដោយបញ្ញាថា យ៉ាងនេះជាធម៌ យ៉ាងនោះមិនមែនជាធម៌, ទ្រង់ពន្យល់ឲ្យលះអកុសលចេញ ហើយឲ្យសមាទានយកកុសលធម៌វិញ ឲ្យអាចហានឲ្យរីករាយក្នុងធម៌នោះ ៗ ទ្រង់បណ្ដុះសេចក្ដីរាប់អានរបស់មហាជនទាំងគ្រហស្ថទាងបព្វជិតឲ្យ មានកំឡាំងតាំងនៅអស់កាលដ៏យូរអង្វែង ។ ព្រះពុទ្ធសាសនាដែលនឹងអាចតាំងនៅបានរហូតមកដល់សព្វថ្ងៃនេះ ក៏អាស្រ័យ ព្រះពុទ្ធវាចា ជាសច្ចវាចា ជាអត្ថសញ្ហិតា វាចា, វាចាពិត, វាចាមានប្រយោជន៍ ។ វាចាមានប្រយោជន៍នេះ ជាសំដីកាត់ថ្លៃពុំបាន ។ ការពោលពាក្យពីរោះយ៉ាងនេះ ចាត់ជាសង្គហធម៌ទី ២ ។
ទី ៣ អត្ថចរិយា កិរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នានោះ គឺ បើប្រសិនជាឲ្យ ឬនិយាយពាក្យពីរោះ ជាគុណចាប់ចិត្តចងមេត្រីទុកបានយ៉ាងស្និទក៏ពិត, ប៉ុន្តែបើជាមនុស្សចេះតែមើលបំណាំគ្នាទៅវិញទៅមក មិនប្រព្រឹត្តប្រយោជន៍ដល់គ្នានឹងគ្នា គឺថាមិនហុចប្រយោជន៍ឲ្យ គ្រាន់តែឲ្យរបស់ប្រើប្រាស់ នឹងនិយាយតាមការសម្រួលប៉ុណ្ណោះ ការជិតស្និទ្ធនោះក៏នឹងសាបរលាបទៅវិញបានដោយងាយ ។ ព្រោះហេតុនោះ អត្តចរិយាការប្រព្រឹត្តជាប្រយោជន័ដល់គ្នានឹងគ្នានេះ ក៏ជាគុណយ៉ាងសំខាន់អាចយឹតយោងគ្នានឹងគ្នាឲ្យទៅកាន់សេចក្ដី សុខ-ចំរើនតវែងទៅបាន ។
ឯការយឹតយោងឲ្យប្រយោជន៍ដល់គ្នានឹងគ្នានោះ ដូចជាមាតាបិតាខ្វល់ខ្វាយធ្វើប្រយោជន៍ឲ្យបុត្រធីតា គឺខំស្វះស្វែងរកទ្រព្យសម្បត្តិ ចំណេះវិជ្ជា ផ្ដល់ឲ្យបុត្រធីតាតាមជាន់តាមថ្នាក់, ចំណែកបុត្រធីតាវិញក៏ជួយខ្វល់ខ្វាយក្នុងកិច្ចការរបស់មាតាបិតា គឺថាត្រូវចិញ្ចឹមគាត់ដោយការតបគុណ ។ ឥស្សរជនជួយធុរៈដល់អ្នកត្រូវការពឹងពាក់ព្យាបលទំនុកបម្រុងឲ្យមាន កេរ្តិ៍ឈ្មោះយសសក្ដិ៍ ប្រកដក្នុងទីប្រជុំជន, រមែងជាទីនិយមរាប់អានរបស់អ្នកពឹងពាក់, អ្នកដែលពឹងពាក់សោតទៀតក៏ត្រូវធ្វើកិច្ចការរបស់លោកឲ្យសម្រេចតាម ទំនងដែលលោកប៉ុនប៉ង ធ្វើខ្លួនឲ្យលោកជឿជាក់នឹងទុកចិត្តបាន ឲ្យលោកស្រឡាញ់រឹងរឹតតែខ្លាំងឡើង ។
មិត្រសំឡាញ់ ក៏ត្រូវជួយខ្វល់ខ្វាយកិច្ចធុរៈគ្នាទៅវិញទៅមក ដោយកម្លាំងកាយខ្លះ ដោយកំឡាំងវាចាខ្លះ កំឡាំងគំនិតខ្លះ កំឡាំងទ្រព្យខ្លះ ឲ្យសមតាមទំនងពុទ្ធភាសិតថា អត្ថម្ហិ ជាតម្ហិ សុខា សហាយា មិត្រសំឡាញ់ទាំងឡាយ កាលបើធុរៈកើតឡើង, រមែងជួយនាំឲ្យបានសេចក្ដីសុខ ទើបមានមេត្រីចិត្តរាប់រកគ្នាយ៉ាងស្និទ្ធ ។ សូម្បីញាតិក៏ដូចគ្នា ត្រូវតែជួយធុរៈគ្នាតាមលំដាប់ញាតិ, មិនចាំបាច់ញាតិសាច់សាលោហិតជិតគ្នាទេ ឲ្យតែរួមជាតិជាមួយគ្នា ក៏ត្រូវតែជួយផ្ដល់ប្រយោជន៍ឲ្យតាមសមគួរ យ៉ាងនេះទើបរាប់រកគ្នាទៅពេលមុខបានស្រួលល្អ ។ ឯការដឹកនាំតាមផ្លូវធម៌ទៀតសោត ក៏ត្រូវបបួលគ្នាឲ្យបរិច្ចាគធនធានធ្វើកុសលដើម្បីញ៉ាំងគ្នីគ្នា ឲ្យស្រុះស្រួលគំនិតក្នុងការបុណ្យនោះ ឲ្យចេះស្និទ្ធស្នាលគ្នាតទៅ ។ ដូចជនអ្នកមានសីលធម៌ល្អ អាចដឹកនាំអ្នកឥតសទ្ធា ឥតសីល ឲ្យមានសីល កំណាញ់ស្វិតស្វាញ ឲ្យមានចិត្តទូលាយបរិច្ចាគទ្រព្យធ្វើបុណ្យ អ្នកល្ងង់ខ្លៅឲ្យមានប្រាជ្ញា ។ យ៉ាងនេះឈ្មោះថាប្រព្រឹត្តប្រយោជន៍ដល់គ្នានឹងគ្នា រាប់ថាជាសង្គហ ទី ៣ ។
ទី ៤ សមាត្តតា ភាពជាអ្នកតាំងខ្លួនឲ្យស្មោះស្មើទៅរកបុគ្គលផងគ្នាតាមសមគួរ នោះ, គឺបុគ្គលសូម្បីគ្រាន់តែឲ្យ ឬនិយាយពាក្យពិរោះព្រមទាំងជួយខ្វល់ខ្វាយធ្វើប្រយោជន៍ ឬណែនាំប្រាប់ប្រយោជន៍ដល់គ្នានឹងគ្នាតែប៉ុណ្ណោះ, តែបើមិនចេះរៀបចំខ្លួនប្រាណឲ្យសមតាមអត្តភាព គឺមិនស្គាល់ធំ-តូច-ខ្ពស់-ទាប ជាអ្នកប្រកាន់មានះ ក្អេងក្អាងមើលងាយគេ ធ្វើឫកពាក្រអឺតក្រអោងយ៉ាងនេះទេ, សេចក្ដីរាប់អានគ្នាក៏នឹងសាបរលាបទៅវិញ ។ លុះតែអាស្រ័យនូវសេចក្ដីស្មោះស្មើ តាំងខ្លួនឲ្យសមតាមអត្តភាពផង, ទើបសេចក្ដីរាប់អាននោះនឹងមានកម្លាំងអាចតាំងនៅបានយូរអង្វែងទៅ បាន ។
ជនអ្នកមានវ័យតិច សូម្បីវិសេសជាងដោយយសសក្ដិ ដោយអំណាច ដោយភោគសម្ប័ទ ដោយបរិវារប៉ុនណា, ក៏ត្រូវតាំងខ្លួនឲ្យសមតាមបែបភាព យសសក្ដិជាដើមប៉ុណ្ណោះ, គឺត្រូវតែគំនាប់គាប់សួរដល់ជនអ្នកមានវ័យចំរើនជាងខ្លួន, ពីដើមមកធ្លាប់រាប់អានយ៉ាងណា ខាងក្រោយមកក៏ត្រូវរាប់អានយ៉ាងនោះ ។ ជនទាំងឡាយ ដែលបានទទួលសេចក្ដីគោរពកោតក្រែងយ៉ាងនេះហើយ, ក៏រមែងស្រឡាញ់ពេញចិត្តសំដែងអាការរាប់រកទៅវិញ ។
ពួកញាតិដែលមានវ័យស្មើ ៗ គ្នាទៀតសោត ក៏ត្រូវសំដែងសេចក្ដីរាប់អានគ្នាដោយពេញចិត្តចំពោះញាតិផងគ្នា, ទោះនិយាយស្ដីក្ដី ធ្វើការងារអ្វីក្ដី ដេក-ដើរ-ឈរ-អង្គុយក្ដី ក៏ត្រូវប្រតិបត្តិ ត្រូវធ្វើ ត្រូវនិយាយស្ដីឲ្យសមតាមអត្តភាពរបស់ខ្លួន ។ ញាតិដែលជាអ្នកធំមានមេត្តារាប់រកញាតិដែលជាអ្នកតូច ស្និទ្ធស្នាលគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក ដើម្បីគាំពារវង្សត្រកូលរបស់ខ្លួនឲ្យចំរើន, សេចក្ដីសាមគ្គីនៃញាតិនេះ, រមែងញ៉ាំងសេចក្ដីសុខឲ្យកើតមានទួទៅសព្វគ្នា, ដូចមានពុទ្ធភាសិតថា ធីរោ ច សុខ សំវាសោ ញាតីនំវ សមាគមោ អ្នកប្រាជ្ញដែលមានមនុស្សមកនៅរួមជាមួយហើយ, រមែងញ៉ាំងសុខឲ្យកើតដូចជាគ្នាជួបជុំ គឺសេចក្ដីព្រមព្រៀងនៃញាតិដូច្នោះដែរ ។
មួយទៀតជនដែលអាស្រ័យនៅក្នុងគណៈដូចជាភិក្ខុសង្ឃ ដែលអាស្រ័យនៅជាមួយគ្នាបាន ក៏ដោយអំណាចមានធម៌ស្មើគ្នា ។ បើមិនដូច្នោះទេ ក៏មិនអាចនឹងរក្សាសាមគ្គីឲ្យគង់នៅបានឡើយ ។ ព្រោះហេតុនោះ បានជាលោកដែលជាប្រធាននៃគណៈត្រូវបំភ្លឺដើម្បីឲ្យមនុស្សទាំងឡាយ ក្នុងគណៈ និយមធ្វើតាមសណ្ដាប់ធ្នាប់របស់គណៈ កំចាត់បង់នូវមនុស្សដែលល្មើសចេញ ហើយរក្សាសាមគ្គីរបស់គណៈឲ្យតាំងនៅមាំមួនឡើង ។
សមានត្តតានេះ បើធ្វើឲ្យសមដល់ហេតុផលរបស់បុគ្គលឬគណៈហើយ រមែងយឹតយោងបុគ្គលនឹងគណៈនោះ ឲ្យតាំងនៅក្នុងសាមគ្គីធម៌យ៉ាងជិតស្និទ្ធបាន នេះចាត់ជាសង្គហទី ៤ ។
សង្គហធម៌ទាំង ៤ ចប់តែប៉ុណ្ណេះ ។
កាលបើចប់ធម៌ទេសនាហើយសូមផ្សាយចំណែកកុសល ដល់អស់លោក-អ្នកទាំងឡាយ ដែលឋិតនៅក្នុងកម្ពុជរដ្ឋទាំងមូល សូមឲ្យបានសេចក្ដីសុខ-ចំរើនតរៀងទៅ ។
ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា
សោកប្បត្តា ច និស្សោកា ហោន្តុ សព្វេបិ បាណិនោ ។
សព្វសត្វទាំងឡាយដែលដល់នូវសេចក្ដីទុក្ខ ក៏ឲ្យបាត់ទុក្ខទៅ, ដែលដល់នូវភ័យ ក៏ឲ្យបាត់ភ័យទៅ, ដែលដល់នូវសេចក្ដីសោក ក៏ឲ្យបាត់សោកទៅ (ដោយអំណាចធម៌ទេសនានេះ) ។
សំដែងអំពីសង្គហធម៌ ៤ យ៉ាងចប់តែប៉ុណ្ណេះ
ប្រភព http://www.budinst.gov.kh/?q=node/271
0 ความคิดเห็น:
แสดงความคิดเห็น