วันพุธที่ 18 พฤษภาคม พ.ศ. 2554

ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ

ការ​សំដែង​សេចក្ដី​គោរព​យ៉ាង​បរិសុទ្ធ
របស់​ប្រជាជាតិ​ខ្មែរ​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​លោក​គ្រូ
  នៅ​ឱកាស​ធ្វើ​បុណ្យ​ឈាបនកិច្ច
រំលាយ​សព កាល​ពី​ថ្ងៃ ៤ ណូវ៉មប្រិ៍ ឆ្នាំ ១៩៣៩
ចាប់​ផ្ដើម​តាំង​អំពី​ថ្ងៃ​ទី ១ ណូវ៉មប្រិ៍ ១៩៣៩ មក មាន​ភិក្ខុ​សាមណេរ ឧបាសក​ឧបាសិកា​ក្មេង​ចាស់​គ្រប់​វ័យ បាន​អញ្ជើញ​មក​នឹង​និមន្ត​មក តាម​ទូក, កប៉ាល់, រទេះភ្លើង, រថយន្ត ដើម្បី​ធ្វើ​ដំណើរ​មក​កាន់​ក្រុង​ភ្នំពេញ​សឹង​មាន​ចំនួន​ណែនណាន់​តាន់តាប់ ។ នៅ​ខណៈ​នេះ​ពួក​ជាង​ឈើ ពួក​ជាង​ឆ្លាក់ នឹង​ជាង​គំនូរ​នាំ​គ្នា​ខំ​ធ្វើការ​ឥត​ឈប់​ដៃ នៅ​ទី​វាល​ខាង​ក្នុង​បរិវេណ​នៃ​សាលា​បាលី​ជាន់​ខ្ពស់ ជា​ទី​ធ្វើ​មេរុ​ដំកល់​មឈូស​បូជា​សព​លោក​គ្រូ​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឡើង​មួយ​រូប​ក្នុង​ការ​រៀបចំ​ការងារ​ក្នុង​ក្រសួង​ ពុទ្ឌសាសនបណ្ឌិត្យ ។
លុះ​មក​ដល់​ថ្ងៃ ៣ ណូវ៉មប្រិ៍ នៅ​ទី​កន្លែង​ព្រះ​រាជ​បណ្ណាល័យ​នឹង​វត្ត​ឧណ្ណាលោម​មាន​មនុស្ស​ហៀ​ហូរ​ចូល​ ទៅ​មិន​ដាច់ ទាំង​ព្រះ​ភិក្ខុ​សង្ឃ​នឹង​ឧបាសក​ឧបាសិកា ដែល​ធ្វើ​ដំណើរ​មក​ពី​ទី​តំបន់​នានា​ក្នុង​កម្ពុជា​ទាំងមូល នឹង​ជន​ជាតិ​ខ្មែរ​មក​ពី​ស្រុក​កូសាំងស៊ីន ក៏​នាំ​គ្នា​ដើរ​សំដៅ​ទៅ​កាន់​កុដិ​ជា​ទី​ដំកល់​ព្រះ​សព ។ នៅ​វេលា​យប់​បង្ហើយ​ការ​ដំកល់​សព​នេះ បាន​ចាត់​ឲ្យ​មាន​ធម្មទេសនា​នៅ​មុខ​ព្រះ​សព នឹង​នៅ​សាលា​បាលី​រង​វត្ត​ឧណ្ណាលោម មាន​គ្រឿង​កំចាយ​សំឡេង ដើម្បី​ផ្សាយ​សូរ​សព្ទ​នៃ​ធម៌​ទេសនា​នោះ​ឲ្យ​បាន​ឮ​រាល់​គ្នា​ទាំង​ពីរ​ អន្លើ ។
បើ​យើង​សំឡឹង​មើល​ទៅ​ក្នុង​កុដិ​ជា​ទី​ដំកល់​សព​នោះ នឹង​ប្រទះ​ឃើញ​អស់​ទាំង​ភិក្ខុ​សាមណេរ​ជា​សិស្ស​គណ នឹង​ពួក​ឧបាសក​ឧបាសិកា​របស់​លោក​មាន​ចំនួន​ជា​ច្រើន​រយ នាំ​គ្នា​អុជ​ទាន​ធូប​បូជា​ភ្ញី​ផ្កា​ជា​ការ​គោរព​ចំពោះ​មុខ​ព្រះ​សព​ដែល​ជា គ្រូ​អាចារ្យ​របស់​ខ្លួន ។ ឯ​ក្សារ​មឈូស​ជា​ទី​ដំកល់​សព​នោះ បិទ​មាស​រន្ទាល​ច្រាល​ឆ្អៅ​រចនា​ដោយ​ក្បាច់​ក្បូរ​ដ៏​វិចិត្រ​តាម​បែប​រចនា​ ខ្មែរ ឆ្លាក់​ស្ពាន់​ក្រាប់​ធ្វើ​ជា​បែប​រចនា​ផ្សេង ៗ តាម​ជុំ​វិញ​ជើង​កុះ​ដំកល់​មឈូស​នោះ ហើយ​បញ្ចាំង​ឆ្លុះ​ដោយ​ភ្លើង​អគ្គិសនី​មាន​ខ្នាត​តូច-ធំ​នឹង​ពណ៌​ផ្សេង ៗ សឹង​មាន​ពន្លឺ​ភ្លឺ​ព្រោងព្រាត​គួរ​ជា​ទី​ទស្សនា ។ មាន​កម្រង​ផ្កា​ផ្សេង ៗ ប្រដាប់​នៅ​ខាង​មុខ​ព្រះ​សព​មាន​របៀប​រៀបរយ​ល្អ មាន​ពណ៌​ផ្សេង ៗ គ្រប់​បែប ដែល​ពុទ្ធបរិសទ្យ​ទាំង​គ្រហស្ថ ទាំង​បព្វជិត​នាំ​មក​បូជា ជា​របស់​ព្រះ​ថេរ ១ រូប​និមន្ត​មក​ពី​ប្រទេស​ថៃ​ក៏​មាន របស់​ពួក​លោក​សង្ឃ​នឹង​ឧបាសក​ឧបាសិកា​ជាតិ​យួន ដែល​ចូល​មក​កាន់​លទ្ធិ​ហីនយាន​នេះ​ក៏​មាន នឹង​របស់​ពុទ្ធសាសនិក​ជន​នៅ​ស្រុក​អាយ​នេះ​ក៏​មាន ។ លោក​អគ្គ​លេខាធិការ​នៃ​ពុទ្ធសាសនបណ្ឌិត្យ បាន​ថ្លែង​សេចក្ដី​ត្រេកអរ​សោមនស្ស​របស់​បណ្ដា​មិត្រ​ជាតិ​បារាំងសែស​ប្រគេន ដល់​ព្រះ​ថេរានុត្ថេរៈ​នឹង​ជូន​ដល់​ពួក​ឧបាសក​ឧបាសិកា​ដែល​បាន​និមន្ត​មក នឹង​អញ្ជើញ​មក​ជួបជុំ​នៅ​កុដិ​ព្រះ​សពនឹង​សាលា​បាលី​វត្ត​ឧណ្ណាលោម ដោយ​បណ្ដា​មិត្រ​ជាតិ​បារាំង​សឹង​នាំ​គ្នា​កាន់​ទុក្ខ​យ៉ាង​ធំ​រួម​ជា​មួយ​ នឹង​ពុទ្ធបរិស័ទអស់​នេះ​ដែរ ។
នៅ​ថ្ងៃ ៤ ណូវ៉មប្រិ៍ ជា​ថ្ងៃ​ដែល​ត្រូវ​ដង្ហែ​ព្រះ​សព​ទៅ​បូជា​តាម​កំណត់ ។ ក្បួន​ហែ​ព្រះ​សព​នេះ​ធំ​សម្បើម​ជា​ឱឡារិក ដោយ​មាន​ចំនួន​មនុស្ស​ច្រើន​ណែនណាន់​តាន់តាប់​ហើយ​មាន​របៀប​រៀបរយ​ល្អ ហែ​កាត់​ទៅ​តាម​ភូមិ​ខ្មែរ​នៅ​ក្នុង​ក្រុង នាំ​ហែ​សំដៅ​ទៅ​កាន់​ទី​មេរុ ឯ​ក្បួន​ហែ​នេះ​មិន​មែន​ត្រឹម​តែ​មើល​ឃើញ​សំបើម​អស្ចារ្យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ការ​សំលៀក​បំពាក់​នឹង​ហែរ​ជា​ជួរ​មាន​របៀប​រៀបរយ​ហើយ​ស្ងប់​ស្ងាត់ ល្អ​ណាស់ ។ ឯ​ក្បាល​ក្បួន​សុទ្ធ​តែ​ស្លៀក​ពាក់​ស​ទាំងអស់ មាន​អ្នក​កាន់​ទង់​លឿង​ព្រឿង ៗ កាន់​កាប់​ត្រួត​ក្បួន​ហែ​ដោយ​ឡែក ៗ ជា​សង្កាត់ ៗ ដើម្បី​មិន​ឲ្យ​ច្របល់​គ្នា ហើយ​ត​មក ទើប​ដល់​អ្នក​សែង​ព្រះ​ពុទ្ធរូប​ស្ពាន់​​ហែ ហើយ​មាន​ព្រះ​ថេរៈ ៣ អង្គ​ដែល​ជា​ព្រះ​រាជា​គណៈ​មាន​ស័ក្ដិ​ធំ ៗ គង់​លើ​អង្រឹង​ស្នែង មាន​អ្នក​កាន់​ក្លស់​ធំ​ពណ៌​លឿង​បាំង​ប្រគេន​លោក ហែ​តាម​ក្រោយ​ព្រះ​ពុទ្ធរូប នៅ​ជួរ​ក្រោយ​បន្ទាប់​មក​ទើប​ដល់​ទើប​ដល់​លោក​រាប់​ពាន់​រូប នឹង​សាមណេរ​ក៏​មាន​ចំនួន​ប្រហែល​គ្នា ពួក​ក្រុម​ទាហាន​នឹង​ពួក​កូន​សិស្ស​សាលា​លីសេ​ស៊ីសុវត្ថិ ។ ក្ដារ​មឈូស​ដំកល់​ព្រះ​សព​មាន​អ្នក​កាន់​ក្លស់​ធំ​ពិរ​បាំង​ពី​លើ ហើយ​ពួក​ឧបាសក​ឧបាសិកា​កាន់​ថាស តោក ដាក់​ផ្កា​ចន្ទន៍​នឹង​ផ្កា​ស្រស់​ផ្សេង ៗ ទៀន​ធូប​ភ្ញី​ផ្កា​នានា ។ តាម​ដែល​យើង​គន់​មើល​ឃើញ​មាន​ពួក​ឧបាសក​ឧបាសិកា​ស្លៀក​ពាក់​ស​មាន​ចំនួន​ ច្រើន មាន​ចំនួន​តិច​ទេ​ដែល​គ្រហស្ថ​មិន​បាន​កាន់​ទុក្ខ ពួក​នេះ​ហើយ​ត្រូវ​ទៅ​នៅ​ចុង​ក្បួន​ក្រោយ​គេ​បង្អស់ ។ ពិត​មែន​តែ​នៅ​វេលា​ឱកាស​កំពុង​ហែ​មាន​ភ្លៀង​ធ្លាក់​មក​ខ្លះ ប៉ុន្តែ​ការ​ហែ​នៅ​តែ​មាន​ដំណើរ​ស្រួល​បួស​មាន​របៀប​រៀបរយ រហូត​ទៅ​ដល់​ទី​មេរុ បណ្ដា​ស្ត្រី​ទាំង​ពួងក៏​នាំ​គ្នា​ទៅ​ធ្វើ​សក្ការ​បូជា​នឹង​សំដែង​សេចក្ដី​ គោរព​ព្រះ​សព​ដែល​ជា​ព្រះ​មហា​ថេរ​ប្រកប​ដោយ​គុណ​សម្បត្តិ​យ៉ាង​ខ្ពង់ខ្ពស់​ នោះ ក្នុង​ខណៈ​នោះ​នៅ​ទី​បរិវេណ​សាលា​បាឡី​ទាំងមូល មាន​ព្រះ​ភិក្ខុ​សង្ឃ​រាប់​ដោយ​ពាន់​អង្គ​នៅ​ជំ​វិញ​​​មេរុ តាម​របៀង​ព្រះ​រាជ​បណ្ណាល័យ​នឹង​សាលា​បាលី លើ​សួន​ស្មៅ​របស់​ពុទ្ធសាសនបណ្ឌិត្យ ព្រម​ជា​មួយ​នឹង​ពួក​គ្រហស្ថ​ដែល​មាន​ចំនួន​រាប់​ពាន់​ដែរ ។
តួ​មេរុ​នោះ ពាស​ដាស​ដោយ​សំពត់​ពណ៌​លឿង​ដូចជា​ស្បង់​ចីពរ​លោក​សង្ឃ ។ ឯ​ពួក​ឧបាសក​ឧបាសិកា​នាំ​គ្នា​ដើរ​ប្រទក្សិណ​ជុំ​វិញ​មេរុ​នោះ ៣ ជុំ ព្រម​ទាំង​ក្ដារ​មឈូស​លោក​គ្រូ​ព្រះ​សព ហើយ​គេ​នាំ​គ្នា​លើក​ទៅ​ដាក់​លើ​ទី​បូជា​នៅ​ត្រង់​កណ្ដាល​មេរុ​នោះ ។ បន្ទាប់​ពី​នោះ​មក​មាន​និមន្ត​លោក​ឆាក​នឹង​បង្សុកូល​តាម​ទំនៀម ឯ​បង្សុកូល​នោះ​និមន្ត​គណៈ​មហានិកាយ ១០០ អង្គ ធម្មយុត្ត ១០០ អង្គ មក​បង្សុកូល​ក្នុង​ឱកាស​នោះ តែ​ព្រះ​សង្ឃ​រាប់​ពាន់​អង្គ​បាន​សូត្រ​បង្សុកូល​ឡើង​ជា​ជំនួយ​ដោយ​ឡែក, លាន់​ឮ​សូរ​សព្ទ​កង​រំពង​មុខ​គួរ​ឲ្យ​ស្រងេះ​ស្រងោច​លន្លង់​លន្លោច​ពន់ពេក​ ណាស់ ។ នៅ​ខណៈ​ដែល​កំពុង​ស្ងប់​ស្ងាត់ បណ្ដា​ពួក​ទាហាន​ក្រុម​រក្សា​ស្រុក​នឹង​ទាហាន​ក្រុម​ពិជ័យ​សង្គ្រាម​បាន​ឈរ​ រាំថ​ដម្រៀប​គ្នា​ជា​ជួរ ៗ ជា​ពីរ​ជួរ ទុក​ចន្លោះ​ផ្លូវ​កណ្ដាល​សម្រាប់​ដើរ​ចូល​ទៅ​បូជា​សព ។ ឯ​ទាហាន​ក្រុម​រក្សា​ព្រះ​អង្គ​នឹង​ពួក​ភ្លេង​ម៉ានីល​ឈរ​រង់ចាំ​នៅ​មាត់​ ផ្លូវ​សួន​ច្បារ ដើម្បី​ទទួល​ព្រះ​អង្គ​ម្ចាស់​អធិបតី​ព្រះ​នាម​មុនីរេត​ទ្រង់​ស្ដេច​យាង​មក​ ជា​ដំណាង​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង អស់​ទាំង​មន្ត្រី​បារាំង-ខ្មែរ​ជាន់​ខ្ពស់​ក៏​នាំ​គ្នា​មក​ចោម​រោម​នាំ​ ស្ដេច​ចូល​ទៅ​ប្រថាប់​នៅ​កៅអី​ជួរ​មុខ បន្ទាប់​ពី​នោះ​បន្តិច​មក​ទើប​លោក​រេស៊ីដងត៍​សុប៉េរិយើរ​ជា​អធិបតី​នៃ​ រាជការ​អាណា​ព្យាបាល ព្រម​ទាំង​មន្ត្រី​ក្នុង​សំណាក់​របស់​លោក​មក​ដល់ ទើប​ព្រះ​អង្គ​ម្ចាស់​ក្សត្រា​ក្សត្រី​នឹង​អស់​លោក​កុង្សីយ៍​សេនាបតី នាំ​គ្នា​ទៅ​ទទួល​ចូល​មក ។ លុះ​លោក​ជា​មន្ត្រី​តូច-ធំ​ព្រម​ទាំង​ព្រះ​អង្គ​ម្ចាស់​ក្សត្រា​ក្សត្រី ទាំង​ជាតិ​បារាំង​ជាតិ​ខ្មែរ​មក​ជួប​ជុំ​ព្រម​គ្នា​ហើយ ទើប​លោក​អគ្គ​លេខាធិការ​នៃ​ពុទ្ធសាសនបណ្ឌិត្យ​ថ្លែង​សេចក្ដី​ជា​ដំណាង​នាម​ នៃ​ក្រសួង​នានា​ដែលនៅ​ក្រោម​បង្គាប់ ដើម្បី​សំដែង​សេចក្ដី​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ព្រះ​មហា​ថេរ​រូប​នេះ នឹង​ពណ៌នា​គុណ​ដោយ​សង្ខេប ដូច​មាន​ថ្លែង​សេចក្ដី​ក្នុង​សុន្ទរកថា​របស់​លោក​ដូច្នេះ ។
សុន្ទរកថា
ក្នុង​នាម​នៃ​ពុទ្ធសាសនបណ្ឌិត្យ, ព្រះ​រាជ​បណ្ណាល័យ, សាលា​បាលី​ជាន់​ខ្ពស់​នឹង​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក, យើង​ខ្ញុំ​សូម​សំដែង​សេចក្ដី​គោរព​នមស្សការ​ដ៏​ខ្ពង់ខ្ពស់ ចំពោះ​វិញ្ញាណ​ក្ខន្ធ​របស់​លោក​គ្រូ​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​មួយ​អង្គ​ក្នុង​ការ​រៀបចំ​សីលធម៌​ឲ្យ​មាន​ដំឡៃ​ឡើង នឹង​ធ្វើ​​ឲ្យ​ចំរើន​លូតលាស់​ឡើង​ខាង​ផ្លូវ​ចិត្ត​វិជ្ជា​យ៉ាង​ធំ​ទូលាយ​ ក្នុង​ប្រទេស​របស់​លោក ។
អស់​លោក - អ្នក​ដែល​នៅ​រួម​សហគម​នឹង​លោក ទើប​អាច​ស្គាល់​និស្ស័យ​លក្ខណៈ​ប្រចាំ​រូប​បុគ្គល​របស់​លោក​បាន ពីព្រោះ​លោក​មាន​និស្ស័យ​ជា​អ្នក​ព្យាយាម​ធ្វើ​ការងារ​យ៉ាង​ហ្មត់ចត់ ទាំង​ជា​បុគ្គល​សុភាព​រាបសារ​ជាទី​បំផុត ។
លោក​គ្រូ​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ លោក​មិន​នឹកនា​ដល់​ខ្លួន​លោក​ដែល​បាន​ទទួល​សេចក្ដី​នឿយ​ហត់ ទាំង​មិន​មាន​អំនួត​អួត​ខ្លួន​លោក​ឡើយ លោក​បាន​ខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​រួម​ជាតិ​របស់​លោក​ប៉ុណ្ណោះ ដោយ​លោក​បាន​ធ្វើ​សៀវភៅ​សំខាន់ ៗ ជា​ច្រើន​ដែល​នាំ​ឲ្យ​ចំរើន​ចំណេះ​វិជ្ជា​ជា​ចំណែក​ខាង​លទ្ធិ​សាសនា ទាំង​មិន​មាន​បំផ្លើស​ឲ្យ​ហួស​ហេតុ ដោយ​ការងារ​ជា​ថ្វី​ដៃ​របស់​លោក​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មាន​កន្លែង​លក់​សៀវភៅ​ខ្មែរ​ឡើង ឥឡូវ​កំពុង​ចំរើន​លូតលាស់​ល្អ ដោយ​ការ​បោះពុម្ព​ផ្សាយ​នៃ​ព្រះ​រាជ​បណ្ណាល័យ នឹង​ពុទ្ធសាសនបណ្ឌិត្យ សៀវភៅ​របស់​លោក​មិន​មែន​ផ្សាយ​ចេញ​ទៅ​តែ​ក្នុង​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​ទេ សូម្បី​នៅ​ស្រុក​កូសាំងស៊ីន​ដែល​ជា​ចំណែក​ខែត្រ​ខ្មែរ​ទាំង​ប៉ុន្មាន​ក៏​មាន សេចក្ដី​ត្រូវ​ការ​យក​ទៅ​រៀន​សូត្រ​ដូច​គ្នា​ដែរ ។
ក្នុង​ខណៈ​ដែល​ផ្ដើម​កសាង​ចិត្ត​វិជ្ជា​យ៉ាង​ធំ​សម្បើម​ឡើង ដោយ​ការ​រៀបរៀង​បោះពុម្ព​ព្រះ​ត្រៃបិដក ត្រូវ​ការ​អ្នក​ចាត់ចែង​កិច្ចការ ។ ឯ​លោក​គ្រូ​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូ ពិត​មែន​តែ​មាន​រាង​កាយ​មិន​សូវ​សុខ​សប្បាយ តែ​លោក​នៅ​តែ​សព្វ​ព្រះ​ទៃ​ទទួល​ភារៈ​ដ៏​ធ្ងន់​នឹង​លំបាក​នេះ​ដោយ​សេចក្ដី​ ជ្រះ​ថ្លា ។ នៅ​វេលា​ដែល​រៀបចំ​ការងារ​របស់​ក្រុម​ព្រះ​ត្រៃបិដក​ឲ្យ​មាន​ដំណើរ​ស្ងប់​ ស្រួ​លហូត​មក ព្រម​ទាំង​សេចក្ដី​ព្យាយាម​បដិភាណ នឹង​សមស័ក្ដិ ដោយ​ចិត្ត​ជ្រះ​ថ្លា​យ៉ាង​ធំ​ទូលាយ ។ ដោយ​លោក​មាន​ចិត្ត​គំនិត​ដ៏​ភ្លឺ​ថ្លា​នេះ​ហើយ ទើប​លោក​អាច​ប្រដៅ​ទូន្មាន​ដល់​ពួក​ទាហាន​ក្រុម​រក្សា​ស្រុក នឹង​ទាហាន​ក្រុម​ពិជ័យ​សង្គ្រាម​ឲ្យ​យល់​ខាង​ផ្លូវ​សីលធម៌​ច្បាស់លាស់ ហេតុ​នេះ​ហើយ​បាន​ជា​មាន​សេចក្ដី​សរសើរ​អំពី​មេ​ទាហាន​អស់​នោះ​ដោយ​មិន​មាន​ ផ្លូវ​បដិសេធ​តវ៉ា​បាន​ឡើយ ។ ទី​រឭក​ដែល​លោក​លះបង់​ទុក​ឲ្យ​ដល់​មហា​ជន​ទាំងឡាយ​នោះ គឺ​គួរ​ប្រកាន់​តាម​បែប​លោក ធ្វើ​តាម​បែប​លោក​ដោយ​សេចក្ដី​ព្យាយាម​ដ៏​ម៉ឺងម៉ាត់ ទើប​មើល​ឃើញ​ពន្លឺ​ដែល​លោក​បំភ្លឺ​ឡើង​នេះ គឺ​ថា​ធ្វើ​ឲ្យ​យើង​យល់​ច្បាស់​នូវ​ពន្លឺ​រស្មី​នៃ​សច្ចធម៌​របស់​ព្រះ​ពុទ្ធ ជា​ម្ចាស់ បុគ្គល​បែប​នេះ​រាប់​ដោយ​សតវត្សរ៍ ៗ នោះ​នឹង​ជ្រើសរើស​បាន​តែ​មួយ ៗ ទេ មិន​មាន​ច្រើន​ឡើយ ។
ចប់​សុន្ទរកថា​ដោយ​សង្ខេប​របស់​លោក​អគ្គ​លេខាធិការ នៃ​ពុទ្ធសាសនបណ្ឌិត្យ​តែ​ប៉ណ្ណេះ បន្ទាប់​អំពី​នោះ​ទៅ ថៅកែ ទា - ជាវ - លី សូត្រ​សុន្ទរកថា​ជា​ដំណាង​នាម​នៃ​ពួក​ឧបាសក​ឧបាសិកា​នឹង​សិស្ស​គណ​របស់​លោក ដូច​មាន​សេចក្ដី​សាសព្ទ​ក្នុង​សុន្ទរកថា​តទៅ​នេះ៖
សុន្ទរថា
ក្នុង​វេលា​បូជា​សព​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ នៅ​ឈាបនដ្ឋាន​ចន្លោះ​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​សៅរ៍ ៧ រោច ខែ​អស្សុជ ឆ្នាំ​ថោះ ឯកស័ក ព. ស. ២៤៨២ ត្រូវ​នឹង​ថ្ងៃ ៤ ណីវ៉មប្រិ៍ គ. ស. ១៩៣៩ ។
សូម​ក្រាប​បង្គំ​ទូល​ទ្រង់​ព្រះ​ករុណា
សូម​ជំរាប​លោក​ឡឺរេស៊ីដងត៍​សុប៉េរិយើរ
សូម​ក្រាប​ប្រណិប័តន៍​ព្រះ​តេជ​ព្រះ​គុណ
សូម​ពិត​ព្រះ​ថេរានុត្ថេរៈ
សូម​ជំរាប​អស់​លោក​ស្រី
សូម​ជំរាប​អស់​លោក
ទូល​បង្គំ​ជា​ខ្ញុំ - ខ្ញុំ​ប្របាទ​ម្ចាស់​ជា​តំណាង​នាម​នៃ​ពួក​ឧបាសក​ឧបាសិកា​ក្នុង​ក្រុង​នឹង​ ខែត្រ​ក្រៅ ដែល​រាប់អាន, ជា​កល្យាណ​មិត្រ, ជា​សិស្ស​គណ លោក​គ្រូ​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ ជា​តំណាង​នាម​ពួក​កម្មិក​សមាជិក​នៃ​ពុទ្ធិក​សមាគម​កម្ពុជ​រដ្ឋ​ផង ។
យើង​ខ្ញុំ​មាន​អំណរ​ឥត​ឧបមារ ដោយ​បាន​ទ្រង់​ព្រះ​ករុណា​ជា​តំណាង​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង, លោក​អធិបតី​រាជការ​ប្រតិកតូរ៉ាត៍, ទ្រង់​ព្រះ​ករុណា​ជា​អធិបតី​នៃ​ពុទ្ធសាសនបណ្ឌិត្យ, អស់​លោក​កុង្សីយ៍​សេនាបតី, នឹង​អស់​លោក ស្ដេច-អញ្ជើញ​មក​ជា​អធិបតី​ក្នុង​ការ​បូជា​សព​លោក​គ្រូ​ព្រះ​ឧត្ដម​មុនី​ដែល ជាទី​ស្រឡាញ់ ជាទី​ស្ដាយ អាល័យ របស់​យើង​ខ្ញុំ​នេះ ។
សូម​ទ្រង់​ព្រះ​ករុណា លោក​ឡឺរេស៊ីដងត៍​សុប៉េរិយើរ នឹង​ព្រះ​តេជ​ព្រះ​គុណ នូវ​អស់​លោក មេត្តា​បើក​ឱកាស​ឲ្យ​យើង​ខ្ញុំ​ថ្លែង​គុណ​សម្បត្តិ​របស់​លោក​គ្រូ​ព្រះ​ ឧត្ដម​មុនី​ដោយ​សង្ខេប ក្នុង​មហា​សន្និបាត​នេះ ។
លោក​គ្រូ​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ អធិបតី​រង​គណៈ​សង្គីតិកាចារ្យ​ប្រែ​ព្រះ​ត្រៃបិដក​នៅ​ពុទ្ធសាសនបណ្ឌិត្យ កើត​ក្នុង​កាល​គ្រិស្ដ​សករាជ ១៨៨០, ជន្មាយុ​បាន ៥៩ ឆ្នាំ, តាំង​ពី​ចូល​កាន់​ភេទ​បព្វជិត​រៀង​មក, ខំ​ប្រឹង​សិក្សា​គតិ​ធម៌​ព្រម​ទាំង​គតិ​លោក ដោយ​ព្យាយាម​ដ៏​មុតមាំ​ឥត​អាក់, លុះ​រៀន​បាន​ចេះដឹង​ហើយ, លោក​ខំ​ប្រឹង​ជ្រោង​ព្រះ​ពុទ្ធសាសនា​ក្នុង​កម្ពុជ​រដ្ឋ​មិន​ឲ្យ​ធ្លាក់​ចុះ​ ទាប​ស្រពាប​ទៅ, ទាំង​ខំ​ប្រឹង​ឆ្លៀត​ជួយ​សង្គ្រោះ​បណ្ដា​ជន​ដែល​ពេញ​ចិត្ត​កាន់​តាម​ឱវាទ​ របស់​លោក ឲ្យ​ចំរើន​ដោយ​ចំណេះ​វិជ្ជា​តាម​សម័យ​និយម បាន​លូត​លាស់​ចំរើន​ដោយ​ទ្រព្យ​សម្បត្តិ​ក្នុង​បច្ចុប្បន្ន​នេះ​ផង​ជា​ច្រើន ។ ព្រះ​ថេរៈ​អង្គ​នេះ បើ​តាម​ដោយ​យើង​ខ្ញុំ​សង្កេត​ឃើញ, លោក​ជា​អ្នក​ប្រាជ្ញ​មួយ​អង្គ​ក្នុង​ពួក​បណ្ឌិត្យ ដែល​បង្កើតសេចក្ដី​សុខ - ចំរើន​ក្នុង​ប្រទេស​ខ្មែរ, ជា​បែប​យ៉ាង​ឲ្យ​បណ្ដា​ជន​ខាង​ក្រោយ​យក​តម្រាប់​តាម ។
ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា កាល​បើ​បាត់​លោក​អ្នក​ប្រាជ្ញ​មួយ​នេះ​ទៅ​ហើយ, ទុក​ដូចជា​ដើម​ឈើ​ធំ​ខ្ពស់​ស្រោង​ដែល​បាក់​មែក​យ៉ាង​ធំ​មួយ​នាំ​ខាត​លំអ​នឹង ម្លប់, ទំរាំ​តែ​បែក​ខ្នែង​លូត​លាស់​ជា​បែក​ជំនួស​បាន​វិញ​នោះ​យូរ​ណាស់ ឬ​បើ​មិន​អាច​បែក​ខ្នែង​ទេ ទំរាំ​តែ​មើល​ទៅ​ឃើញ​សម​ល្មម​ដល់​ភ្នែក​ក៏​យូរ​ណាស់​ដែរ, គួរ​ឲ្យ​នឹក​ស្ដាយ​អាល័យ​ពេក​ក្រៃ ព្រោះ​បុគ្គល​មាន​សភាព​ដូច​ព្រះ​ថេរៈ​អង្គ​នេះ​មិន​សូវ​សម្បូណ៌ តែ​ថា​មិន​ដឹង​បើ​នឹង​ធ្វើ​ដូចម្ដេច ដ្បិត​ការ​ព្រាត់​ប្រាស​និរាស​នេះ​ជា​ធម្មតា​សំរាប់​សាកល​លោក ។
វេលា​នេះ យើង​ឃើញ​ក្ដារ​មឈូស​ដំកល់​សព​លោក​ដែល​ឋិត​នៅ​លើ​ជើង​ថ្ករ​ទី​បូជា, ការ​ឃើញ​នេះ​ជា​បច្ឆិម​ទស្សនៈ​របស់​យើង, តាំង​ពី​ថ្ងៃ​នេះ​រៀង​ទៅ យើង​លែង​បាន​ឃើញ​ព្រះ​ថេរៈ​អង្គ​នេះ​ទៀត​ហើយ ! ប៉ុន្តែ​កាល​ណា​បើ​យើង​បាន​ប្រទះ​ឃើញ​សៀវភៅ​ណា​មួយ ដែល​ជា​ស្នាដៃ​របស់​លោក យើង​នឹង​អាច​នឹក​ឃើញ​ភ្លាម​ថា ហាក់​ដូចជា​លោក​កំពុង​ទេសនា ឲ្យ​ឱវាទ​យើង​ស្គាល់​ខុស​ត្រូវ ព្រោះ​វាចា​របស់​លោក​នៅ ហាក់​ដូចជា​ស្ដី​និយាយ​មក​រក​យើង, ផ្សេង​គ្នា​នឹង​ការ​បាត់​ទាំង​រូប​ទាំង​វាចា ! នេះ​ហើយ ជា​គុណ​សម្បត្តិ​របស់​លោក​គ្រូ​ព្រះ​ឧត្ដម​មុនី ជាទី​ស្រឡាញ់​របស់​យើង ។
ក្នុង​ការ​បញ្ចប់​សេចក្ដី​នេះ យើង​ខ្ញុំ​សូម​បង្អោន​កាយ​វាចា​ចិត្ត​គោរព​ចំពោះ​លោក​គ្រូ​ព្រះ​ឧត្ដម​មុនី ! សូម​ឲ្យវិញ្ញាណ​ក្ខន្ធ​របស់​លោក​ស្ថិត​នៅ​ក្នុង​សុគតិ​ភព ប្រកប​ព្រម​ដោយ​សុវត្ថិភាព​គ្រប់​យ៉ាង !
លុះ​ចប់​សុន្ទរកថា​ដែល​បាន​សូត្រ​ជា​ភាសា​ខ្មែរ​នេះ​ហើយ ទើប​លោក​ឡឺរេស៊ីដងត៍​សុប៉េរិយើរ​ជា​អធិបតី​នៃ​រាជការ​អាណា​ព្យាបាល មុន​នឹង​អញ្ជើញ​ទៅ​ដាក់​ផ្កា​ខ្លឹមចន្ទន៍​បូជា​សព​លើ​ក្ដារ​មឈូស​នោះ លោក​បាន​ក្រោក​ឈរ​ឡើង ថ្លែង​សេចក្ដី​បណ្ដា​ព្រះ​ភិក្ខុ​សង្ឃ​នឹង​ឧបាសក​ឧបាសិកា​ទាំងឡាយ ដើម្បី​បញ្ជាក់​ថា ខ្លួន​លោក​ជា​អធិបតី​នៃ​រាជការ​អាណា​ព្យាបាល​នៅ​ក្រុង​កម្ពុជា​នេះ ការ​ដែល​លោក​បាន​មក​ផ្ទាល់​ខ្លួន​នេះ​ដើម្បី​សំដែង​សេចក្ដី​គោរព​ដ៏​ ខ្ពង់ខ្ពស់​ចំពោះ​ព្រះ​មហា​ថេរ​ដែល​សុគត​ទៅ តាម​ផ្លូវ​រាជការ ដោយ​រាជការ​បារាំងសែស​យល់​ច្បាស់​ថា ព្រះ​ថេរៈ​នេះ​មាន​គុណ​សម្បត្តិ​ដ៏​ឧត្ដម​មែន ។ បន្ទាប់​ពី​នោះ​មក​លោក​អធិបតី​នៃ​រាជការ​អាណា​ព្យាបាល បាន​បែរ​ទៅ​សំដែង​សេចក្ដី​គោរពចំពោះ​ភិក្ខុ​សង្ឃ​ដែល​និមន្ត​មក​ជួបជុំ​នៅ​ ទី​នោះ​ទាំង​អម្បាល​ម៉ាន ដោយ​ហេតុ​ព្រះ​ថេរានុត្ថេរៈ​អស់​នេះ ក៏​ប្រកប​ដោយ​គុណ​ធម៌​ដូច​បាន​ពោល​មក​នេះ​ដែរ ដោយ​លោក​នាំ​គ្នា​ប្រតិបត្តិ​តាម​ធម៌​វិន័យ​ដ៏​ត្រឹម​ត្រង់​ដូច​ព្រះ​មហា​ ថេរ​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ នេះ​ដែរ គឺ​ថា​លោក​នាំ​គ្នា​ទំនុក​បំរុង​ឲ្យ​បាន​ចំរើន​សីលធម៌ នឹង​ចំណេះ​វិជ្ជា​ក្នុង​ព្រះ​ពុទ្ធសាសនា​ដល់​ពួក​ឧបាសក​ឧបាសិកា​របស់​លោក​ ដូច​គ្នា​ដែរ ។
លុះ​លោក​អធិបតី​នៃ​រាជការ​អាណា​ព្យាបាល អញ្ជើញ​ទៅ​ដាក់​ផ្កា​លើ​ក្ដារ​មឈូស​គំនាប់​សព​ហើយ ទើប​ព្រះ​អង្គ​ម្ចាស់​អធិបតី ព្រះ​នាម​មុនីរេត ទ្រង់​ជូន​ភ្លើង​ឆ្នូន​ដល់​លោក ។ នៅ​វេលា​ភ្លើង​កំពុង​ឆេះ​សួរ​ទៅ​តាម​ខ្សែ​ឆ្នូន​យ៉ាង​រហ័ស​ឆ្លង​ទៅ​ឆេះ​ភ្ញី ទៀន​ដែល​ដាក់​ព័ទ្ធ​ជុំ​វិញ​នោះ ក្ដារ​មឈូស​មាន​អណ្ដាត​ភ្លើង​សន្ធោ​ឡើង មាន​ព័ណ៌​ផ្សេង ៗ ជា​ទី​ចាប់​ភ្នែក​នៃ​អ្នក​មើល ធ្វើ​ឲ្យ​សំពត់​ពណ៌​លឿង​នៅ​មេរុ​ទាំង​មូល​មាន​សណ្ឋាន​ដូចជា​ព័ណ៌​មាស ។
នៅ​វេលា​ដែល​លោក​អធិបតី​នៃ​រាជការ​ប្រតិតូរ៉ាត៍ នឹង​អញ្ជើញ​ត្រឡប់​ទៅ​វិញ លោក​បាន​ថ្វាយ​បង្គំ​លា​ព្រះ​ភិក្ខុ​សង្ឃ​ខេមរ​ជាតិ​សំដែង​ឲ្យ​ឃើញ​សេចក្ដី​ មេត្រី​យ៉ាង​ជ្រាល​ជ្រៅ ហើយ​នឹង​នាំ​ឲ្យ​ឧបាសក​ឧបាសិកា​ខ្លះ​នឹក​ស្ងើច​ថា ដោយ​សារ​តែ​បុណ្យ​លោក​គ្រូ​ព្រះ​សព​នេះ ទើប​យើង​បាន​មក​ឃើញ​លោក​អធិបតី​នៃ​រាជការ​ប្រតិតូរ៉ាត៍ សំដែង​សេចក្ដី​គោរព​ព្រះ​ភិក្ខុ​សង្ឃ ។ ដល់​មក​វេលា​យប់​អណ្ដាត​ភ្លើង​កាន់​តែ​ឆេះ​សន្ធោ​សន្ធៅ​នៅ​ជុំ​វិញ​ក្ដារ​ មឈូស ។ មហា​ជន​ក៏​នៅ​តែ​ឈរ​នៅ​ជុំ​វិញ​បរិវេណ​របៀង​សាលា​បាលី​ជាន់​ខ្ពស់ រង់​ចាំ​ស្ដាប់​ធម្ម​ទេសនា ក្នុង​វេលា​យប់​នេះ ។
ក្នុង​ឱកាស​បុណ្យ​នេះ មាន​បោះពុម្ព​សៀវភៅ​ចែក​ជា​ធម្មទាន​ផង ចំនួន ១.៥០០ ក្បាល ជា​អំណោយ​របស់​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក នឹង​ក្រុម​ព្រះ​រាជ​បណ្ណាល័យ​ខ្លះ នឹង​ចំនួន ៥០០ សៀវភៅ​ទៀត​ជា​របស់​ពុទ្ធសាសនបណ្ឌិត្យ រួម​ជា ២.០០០ ។ សៀវភៅ​នេះ​ហៅ​ថា អវសាន​កិច្ច និយាយ​ពី​បរមត្ថ​ធម៌​សុទ្ធ តែង​តាំង​ឈ្មោះ​ដូច្នេះ ព្រោះ​លោក​ទើប​នឹង​ធ្វើ​នៅ​ឱកាស​មុន​មាន​ជម្ងឺ​បន្តិច មិន​ទាន់​ចប់​មិន​ទាន់​មាន​ឈ្មោះ​ស្រាប់ តែ​ចាប់​អាពាធ​ជា​ទម្ងន់​រហូត​ដល់​ថ្ងៃ​សុគត​ទៅ ទើប​តាំង​ឈ្មោះ​សៀវភៅ​នេះ​ថា អវសាន​កិច្ច ប្រែ​ថា កិច្ច​បង្ហើយ​របស់​លោក ។ ក្រៅ​ពី​នេះ​មាន​ចែក​រូប​លោក​គ្រូ​ព្រះ​សព​ចំនួន ៣.៥០០ រូប ដើម្បី​ទុក​ជា​ទី​រឭក​ដល់​ជនានុជន​ផង ។ ឯ​លោក​គ្រូ​អាចារ្យ​សុខ ជា​សិស្ស​របស់​លោក​គ្រូ​ព្រះ​សព​នេះ ក៏​បាន​ចែក​សៀវភៅ​ដែល​លោក​ទើប​នឹង​បោះពុម្ព​ថ្មី​នៅ​រោង​ពុម្ព​នគរ​វត្ត​ ចំនួន ២០០ ក្បាល ហើយ​ថែម​ក្រោយ​ទៀត ១០០ ក្បាល ដើម្បី​ជា​ជំនួយ​ក្នុង​បុណ្យ​ឈាបនកិច្ច​នេះ​ដែរ ។ កិច្ចការ​ទាំង​អម្បាល​នេះ​ហើយ ជា​របស់​ឋិត​ថេរ​ចីរកាល​ចាំ​មិន​ភ្លេច ព្រោះ​មាន​ពស្ដុតាង​នៅ​ចំពោះ​មុខ​ក្នុង​សម័យ​ក្រោយ​ពុទ្ធសករាជ ២.៤០០ កន្លង​មក​ហើយ​នេះ ។
រៀបរាប់​អំពី​ពិធី​បុណ្យ​ឈាបនកិច្ច​លោក​គ្រូ
ព្រះ​សព​ព្រះ​ឧត្ដម​មុនី អ៊ុម - ស៊ូរ សន្មត​ថា
ចប់​ដោយ​សង្ខេប​តែ​ប៉ុណ្ណេះ ។ 
ប្រភព http://www.budinst.gov.kh/?q=node/168

ចូឡ​បទុម​ជាតក

ឃុន​សោភ័ណ​ភក្ដី អិម - ភន ប្រែ​នឹង​រៀប​រៀង
ធម្មតា​មនុស្ស​ទាំង​អស់​ក្នុង​លោក​នេះ រមែង​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​រក​គ្នា​ដោយ​សេចក្ដី​សង្រ្គោះ​ទៅ​វិញ​ទៅ​មក ដូច​យ៉ាង​មាតា​បិតា នឹង​បុត្ត​ធីតា​គ្រូ​បា​អាចារ្យ​នឹង​សិស្សា​នុសិស្ស ស្វាមី​នឹង​ភរិយា​ជា​ដើម ។ អ្នក​ដែល​បាន​ធ្វើ​សេចក្ដី​សង្រ្គោះ​គេ​មុន​ដំបូង​ឈ្មោះ​ថា​បុព្វការី អ្នក​ដែល​បាន​ទទួល​សេចក្ដី​សង្រ្គោះ​អំពី​សំណាក់​បុព្វការី​បុគ្គល​នោះ ហើយ​សំដែង​សេចក្ដី​តប​គុណ​វិញ ឈ្មោះ​ថា​កតញ្ញូកតវាទី , បុគ្គល​ទាំង​ពីរ​ពួក​នេះ​បើ​បាន​ប្រព្រឹត្ត​ស្មោះ​ត្រង់​នឹង​គ្នា​ទៅ​វិញ​ទៅ ​មក រមែង​បាន​សេចក្ដី​សុខ - ចំរើន ក្នុង​លោក​នេះ​នឹង​លោក​ខាង​មុខ ឯ​បុគ្គល​ទី​ពីរ​ដែល​ហៅ​ថា​កតញ្ញូកតវាទី​នោះ ឃើញ​ថា​កម្រ​មាន​ណាស់​ក្នុង​លោក​នេះ សម្បូរ​តែ​ខាង​បុគ្គល​ដែល​រមិល​គុណ​ឬ​បំភ្លេច​គុណ​គេ​ចោល​ដែល​ហៅ​ថា​អកតញ្ញូ ។ តាម​ច្បាប់​និយម​ទុក​មក​ថាៈ អ្នក​ដែល​លុប​គុណ​រមិល​គុណ វេរ​ឃ្នើ​គុណ​គេ នឹង​ទៅ​ជា​មនុស្ស​អាក្រក់​បំផុត​ក្នុង​បណ្ដា​មនុស្ស​ទាំង​អស់ ហើយ​នឹង​ត្រូវ​ទទួល​រង​ទុក្ខ​ទោស​ភ័យ​អន្តរាយ​ដោយ​អនេកកប្បការ ក្នុង​ឥធលោក​នឹង​បរលោក​ជា​ប្រាកដ ។ សូម​ស្រង់​យក​ចូឡបទុម​ជាតក​មក​ប្រតិស្ឋ​ទុក​ក្នុង​ទី​នេះ ដើម្បី​ឲ្យ​ឃើញ​ជា​ព័ស្ដុតាង ហើយ​គ្រាន់​ជា​គ្រឿង​ប្រដាប់​សតិ​បញ្ញា​នៃ​អស់​លោក​ដូច​សេចក្ដី​ត​ទៅ​នេះ៖
អតីតេ ពារាណសីរញ្ញោ សត្ត បុត្តា អហេសុំ ។
តេសំសព្វជេជ្ឋកោ បទុមោ នាម កុមារោ ពោធិ​សត្តោ ។
បពិត្រ​អើយ ក្នុង​កាល​ដ៏​ខ័ណ្ឌ​ខាំង​កំបាំង​ស្ងាត់​កន្លង រំលង​យូរ​ណាស់​ទៅ​ហើយ ឰដ៏​កាល​នោះ ព្រះ​ចៅ​ក្រុង​ពារាណសី មាន​ព្រះ​រាជ​បុត្រ ៧ អង្គ ។ បណ្ដា​ព្រះ​រាជ​ឱរស​ទាំង ៧ អង្គ​នោះ បទុម​រាជ​កុមារ​ពោធិសត្វ​ជា​បង​ច្បង​លើ​រាជ​កុមារ​ទាំង​អស់ ។ កាល​នោះ​ព្រះ​ចៅ​ក្រុង​ពារាណសី​ជា​ព្រះ​វរ​រាជ​បិតា ទ្រង់​ព្រះ​ចិន្ដា​ថាៈ ព្រះ​រាជ​កុមារ​ទាំង​នេះ​ត​ទៅ មុខ​ជា​នឹង​នាំ​គ្នា​សម្លាប់​អញ ហើយ​ដណ្ដើម​យក​រាជ​សម្បត្តិ​តែ​សព្វ ៗ ខ្លួន​ពុំ​ខាន​ឡើយ , លុះ​ទ្រង់​ព្រះ​ចិន្ដា​ឈ្វេង​យល់​ដូច្នេះ​ហើយ ក៏​កើត​សេចក្ដី​រង្កៀស​សង្ស័យ​ចំពោះ​ព្រះ​រាជ​បុត្រា​ទាំង​នោះ ទើប​មាន​ព្រះ​បន្ទូល​ថាៈ ហៃ​បុត្រ​ស្ងួន​សំឡាញ់​មាស​ឪពុក​ទាំង​ឡាយ​អើយ ! បា​កុំ​នៅ​ក្នុង​ទី​នេះ​ឡើយ ចូរ​បា​នាំ​គ្នា​ចេញ​ទៅ​នៅ​ក្នុង​ទី​ដទៃ​សិន​ទៅ ទម្រាំ​តែ​ដល់​គ្រា​ដែល​អំណើះ​ឥត​អំពី​បិតា​ទៅ សឹម​បា​នាំ​គ្នា​ទទួល​យក​រាជ​សម្បត្តិ​ជា​ខាង​ក្រោយ​ចុះ ។ ឯ​ព្រះ​រាជ​កុមារ​ទាំង​នោះ ព្រម​ទាំង​ភរិយា​របស់​ខ្លួន ក៏​នាំ​គ្នា​ថ្វាយ​បង្គំ​លា​ព្រះ​វរ​មាតា - បិតា​ហើយ​ចេញ​ទៅ​អំពី​នគរ​លុះ​ដើរ ៗ ទៅ​បាន​ទៅ​ដល់​ផ្លូវ​ដាច់​ស្រយាល​ក៏​ដាច់​បាយ​ដាច់​ទឹក​នៅ​ក្នុង​កណ្ដាល​ អធ្វាន៍ រក​ស្បៀង​អាហារ​បរិភោគ​ពុំ​បាន ក៏​បបួល​គ្នា​កាប់​សម្លាប់​ភរិយា​នៃ​ព្រះ​រាជ​កុមារ​ពៅ​ជា​មុន ចែក​សាច់​ជា ៣ ចំណែក​ហើយ​បរិភោគ​សាច់​ដែល​ជា​ចំណែក​របស់​ខ្លួន​តែ​រៀង ៗ ខ្លួន ។
នឹង​ថ្លែង​ឯ​ព្រះ​បរម​ពោធិសត្វ​អគ្គ​មហា​បុរស​រ័ត្ន ព្រះ​អង្គ​ត្រូវ​បាន​ពីរ​ចំណែក គឺ​ព្រះ​អង្គ ១ ចំណែក ភរិយា​របស់​ព្រះ​អង្គ ១ ចំណែក ។ គឺ​បណ្ដា​ចំណែក​ពីរ​ដែល​ខ្លួន​នឹង​ប្រពន្ធ​បាន​មក​នោះ​ព្រះ​អង្គ​បាន​ដំកល់​ ទុក ១ ចំណែក ៗ រៀង​រាល់​ថ្ងៃ​មិន​បរិភោគ​ឡើយ បរិភោគ​តែ ១ ចំណែក​ជា​មួយ​នឹង​ភរិយា ។ ឯ​កុមារ​ទាំង​នោះ ក៏​សម្លាប់​ស្រ្ដី​ទាំង ៦ នាក់ ក្នុង ១ ថ្ងៃ​មួយ ៗ យក​សាច់​មក​ចែក​គ្នា​បរិភោគ​តាម​ន័យ​នេះ​រៀង​រាល់​ថ្ងៃ រហូត​មក​ដល់​ថ្ងៃ​ជា​គំរប់ ៦ ។ ចំណែក​ព្រះ​បរម​ពោធិ​សត្វ​អគ្គ​មហា​បុរស​រ័ត្ន​ហេតុ​តែ​ព្រះ​អង្គ​មាន​ ប្រាជ្ញា​ឈ្លាស​វៃ បាន​រំលែក​ទុក​ចំណែក​ដែល​ត្រូវ​បាន​ខ្លួន​មួយ​ចំណែក ៗ តែ​រាល់ ៗ ថ្ងៃ ទើប​ដល់​មក​ថ្ងៃ​ទី ៧ ដែល​ត្រូវ​វេន​សម្លាប់​ភរិយា​របស់​ខ្លួន​នោះ​ព្រះ​អង្គ​នៅ​សល់​ចំណែក​ទាំង ៦ ដែល​បាន​រំលែក​លាក់​ទុក​ពី​ថ្ងៃ​មុន ៗ មក ។ ព្រះ​អង្គ​ក៏​បាន​ចំណែក​ទាំង ៦ ដល់​ព្រះ​រាជ​កុមារ​ទាំង​ឡាយ ដែល​មាន​ប្រាថ្នា​ដើម្បី​នឹង​សម្លាប់​ភរិយា​របស់​ព្រះ​អង្គ ហើយ​ទ្រង់​ពោល​ថាៈ ម្នាល​អ្នក​ទាំង​ឡាយ ក្នុង​ថ្ងៃ​នេះ អ្នក​ទាំង​ឡាយ ចូរ​បរិភោគ​ចំណែក​ទាំង​នេះ​សិន​ចុះ ចាំ​ដល់ថ្ងៃ​ស្អែក​សឹម​យើង​នឹង​គិត​លៃ​លក​ត​ទៅ​ទៀត ។ លុះ​ដល់​វេលា​រាត្រី កាល​ព្រះ​រាជ​កុមារ​ទាំង​លក់​កំពុង​ដេក​លក់​ស៊ប់ ព្រះ​អង្គ​ក៏​នាំ​ភរិយា​របស់​ព្រះ​អង្គ​រត់​គេច​ទៅ​អំពី​ទី​នោះ ។ លុះ​ដើរ​ឆ្ងាយ​បន្តិច​ទៅ​ភរិយា​អស់​កំឡាំង​មិន​អាច​ដើរ​ទៅ​ទៀត​បាន ទើប​ព្រះ​អង្គ​ក៏​លើក​ភរិយាបញ្ជិះ​លើ​ស្មា​ហើយ​ខំ​ប្រឹង​ដើរ​ទៅ , កាល​ព្រះ​អាទិត្យ​រះ​ឡើង​ពេញ​ពន្លឺ ក៏​បាន​ឆ្លង​ផ្លូវ​ឆ្ងាយ​ដាច់​ស្រយាល​នោះ​ផុត ។ ឯ​ភរិយា​បាន​និយាយ​ថាៈ បពិត្រ​អ្នក​ជា​ស្វាមី ខ្ញុំ​ស្រេក​ទឹក​ខ្លាំង​ណាស់ ។ ព្រះ​បរម​ពោធិសត្វ កាល​ណា​បើ​រក​ទឹក​ពុំ​បាន​ឲ្យ​ភរិយា​ផឹក ក៏​ជង្គង់​ខ្លួន​ដោយ​ព្រះ​ខាន់​ដ៏​មុត យក​ឈាម​ឲ្យ​ភរិយា​ផឹក ។ ជន​ទាំង​ពីរ​នាក់ ស្វាមី​ភរិយា​នោះ ដើរ​ជា​លំដាប់​ទៅ បាន​ដល់​មហា​គង្គា ១ ក៏​ធ្វើ​បណ្ណ​សាលា ១ នៅ​ក្បែរ​ទន្លេ​គង្គា​នោះ ហើយ​ក៏​នាំ​គ្នា​នៅ​ក្នុង​ទី​នោះ​ទៅ ។ កាល​នោះ​មាន​ពួក​មនុស្ស​ជា​ច្រើន ចាប់​បាន​ចោរ​ម្នាក់​ដែល​មាន​ទោស​កំហុស​ចំពោះ​ព្រះ​រាជា​ហើយ​នាំ​យក​ទៅ​កាត់ ​ដៃ-ជើង-ត្រចៀក នឹង​ច្រមុះ​ឲ្យ​កំបុត​អស់ ហើយ​ដាក់​នៅ​ក្នុង​ពោង​ពាយ​បណ្ដែត​ចោល​ទៅ​ក្នុង​ទន្លេ​គង្គា​នោះ​ទៅ ។ ឯ​បុរស​កំបុត​ក៏​ស្រែក​ថ្ងូរ​ដោយ​សំរែក​ដ៏​ខ្លាំង ហើយ​អណ្ដែត​ទៅ​ដល់​ទី​នោះ ។ ព្រះ​បរម​ពោធិសត្វ​បាន​ឮ​សំឡេង​នោះ​ហើយ​ក៏​ទៅ​ស្រង់​លើក​បុរស​កំបុត​នោះ ដោយ​សេចក្ដី​ករុណា​អាណិត​អាសូរ​នាំ​យក​ទៅ​កាន់​បណ្ណ​សាលា បាន​ធ្វើ​រណប្បតិកម្ម​គឺ​ករិយា​បិទ​រុំ​ដំបៅ​ដោយ​កិច្ច​ទាំង​ឡាយ​មាន​លាង​ នឹង​លាប​រុំ ដោយ​សំពត់​ជា​ដើម ។ ឯ​ភរិយា​ព្រះ​បរម​ពោធិសត្វ​មហា​បុរស​រ័ត្ន ខ្ពើម​រអើម​បុរស​កំបុត​នោះ​ពន់​ពេក ចេះ​តែ​ខាក​ស្ដោះ ៗ រាល់ ៗ​ថ្ងៃ ។ កាល​នោះ​ព្រះ​បរម​ពោធិសត្វ​តែង​ទុក​បុរស​កំបុត​នោះ​ឲ្យ​នៅ​ក្នុង​អាស្រម​ជា​ មួយ​នឹង​ភរិយា ហើយ​ទ្រង់​ចេញ​ទៅ​ស្វែង​រក​ផលាផល​ដោយ​ព្រះ​អង្គ​ឯង នាំ​យក​មក​ចិញ្ចឹម​រក្សា ទ្រង់​ថែ​រក្សា​បុរស​កំបុត​រៀង​រាល់​ថ្ងៃ ទាល់​តែ​បាន​សះ​ជា​របួស​នោះ​ដោយ​ស្រួល​បួល ។ ឯ​នាង​ជា​ស្រី​អប្រិយ​មាន​ចិត្ត​គំនិត​អាក្រក់ ក្បត់​ចិត្ត​ស្វាមី​កាល​បាន​ឱកាស​ស្ងាត់​ហើយ ក៏​លប​លួច​ចង​ចិត្ត​ប្រតិព័ទ្ធ​នឹង​អា​កំបុត​ឥត​មាន​ចិត្ត​កោត​ក្រែង​ដល់​ ស្វាមី​បន្តិច​បន្តួច​ឡើយ ហើយ​ក៏​បាន​ប្រព្រឹត្ត​មិច្ឆាចារ​ជា​មួយ​នឹង​អាកំបុត​នោះ​ទៅ , មិន​តែ​ប៉ុណ្ណោះ​សោត គិរ​រក​កល​ឧបាយ​នឹង​សម្លាប់​ព្រះ​ពោធិសត្វ​ជា​ស្វាមី​របស់​ខ្លួន​ចោល ហើយ​ក៏​ធ្វើ​ជា​ក្លែង​និយាយ​ថាៈ បពិត្រ​អ្នក​ស្វាមី​ កាល​ដែល​ខ្ញុំ​ជិះ​លើ​ស្មា​អ្នក​ចេញ​ផុត​អំពី​ផ្លូវ​ឆ្ងាយ​ដាច់​ស្រយាល​នោះ​ មក បាន​ឃើញ​ភ្នំ ១ ធំ ហើយ​ខ្ញុំ​ក៏​បាន​តាំង​សច្ចា​ប្រណិធាន​បួង​សួង​បន់​ស្រន់​ថាៈ បពិត្រ​លោក​ទេវតា​រក្សា​ភ្នំ​ជា​ម្ចាស់​ខ្ញុំ​អើយ ! បើ​សិន​ណា​ជា​ខ្ញុំ​ព្រម​ទាំង​ស្វាមី​របស់​ខ្ញុំ​ជា​បុគ្គល​ឥត​មាន​ជម្ងឺ​ ដំកាត់​អ្វី ហើយ​បាន​រស់​រួច​ជីវិត​កាល​ណា ខ្ញុំ​នឹង​ត្រឡប់​មក​ធ្វើ​ពលិកម្ម​បូជា​ដល់​លោក​ក្នុង​កាល​នោះ​ពុំ​ខាន , ឥឡូវ​នេះ​ដល់​ពេល​ដែល​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​ពលិកម្ម​បូជា​ដល់​ទេវតា​នោះ ។ នាង​ថា​តែ​ប៉ុណ្ណេះ​ហើយ ក៏​នាំ​ព្រះ​ពោធិសត្វ​ទៅ​ឯ​ភ្នំ​នោះ លុះ​ដល់​ហើយ​ទើប​និយាយ​នឹង​ព្រះ​ពោធិសត្វ​ជា​ស្វាមី​ថាៈ បពិត្រ​អ្នក​ជា​ស្វាមី , ខ្លួន​អ្នក​ជា​ទេវតា​ដ៏​ឧត្ដម​បំផុត ខ្ញុំ​នឹង​ដើរ​ប្រទក្សិណ​អ្នក ៣ ជុំ ហើយ​ថ្វាយ​បង្គំ​អ្នក​ជា​មុន​សិន រួច​ហើយ​សឹម​ធ្វើ​ពលិកម្ម​បូជា​ដល់​ទេវតា​ក្នុង​កាល​ជា​ខាង​ក្រោយ ។ ស្រី​អប្រិយ​ពោល​ពាក្យ​យ៉ាង​នេះ​ហើយ ក៏​ឲ្យ​ព្រះ​ពោធិ​សត្វ​ឈរ​បែរ​មុខ​ឈម​ទៅ​រក​ជ្រោះ​ភ្នំ ហើយ​ធ្វើ​អាការ​ហាក់​ដូច​ជា​ស្រី​មាន​ប្រាថ្នា ដើម្បី​ថ្វាយ​បង្គំ​បូជា​ដោយ​ផ្កា​ភ្ញី​ទាំង​ឡាយ ឈរ​នៅ​ពី​ខាង​ក្រោយ​ខ្នង​ហើយ​ច្រាន​ព្រះ​ពោធិសត្វ​ទំលាក់​ទៅ​ក្នុង​ជ្រោះ​ ភ្នំ​នោះ​ទៅ ។ រួច​ហើយ​ក៏​ម្នី​ម្នា​ត្រឡប់​វិល​ទៅ​កាន់​សំណាក់​បុរស​កំបុត​នោះ​វិញ​ដោយ​ ប្រញាប់​ប្រញាល់ ។ ឯ​ព្រះ​ពោធិសត្វ​មហា​បុរស​រ័ត្ន កាល​ដែល​ធ្លាក់​ចុះ​ទៅ​ក្នុង​ជ្រោះ​នោះ ហេតុ​តែ​បុណ្យ សម្ភារ​ព្រះ​បារមី​ដែល​ព្រះ​អង្គ​បាន​កសាង​ទុក​មក​ពី​បុព្វ​ជាតិ ក៏​ធ្លាក់​ទៅ​ទើរ​លើ​គុម្ព​ឈើ​ស៊ុម​ទ្រុំ ១ លើ​ចុង​ឧទុម្ពរ ( ដើម​ ល្វា ) ១ ដើម ដែល​ជា​ឈើ​ឥត​បន្លា​តែ​ទ្រង់​មិន​អាច​ដើរ​ចុះ​ទៅ​ក្នុង​ទី​ដទៃ​បាន​ឡើយ ក៏​បេះ​ផ្លែ​ឧទុម្ពរ​អង្គុយ​បរិភោក្ដា​នៅ​លើ​ប្រគាប​មែក​ឈើ​នោះ​ឯង ។ ជួន​ជា​ពេល​នោះ មាន​ស្ដេច​ទន្សង ១ មាន​សេរីរាវយវៈ​ដ៏​ធំ ជា​សត្វ​ធ្លាប់​ឡើង​អំពី​ជើង​ភ្នំ​ទៅ​រក​ស៊ី​ផ្លែ​ល្វា​នោះ ។ សត្វ​ទន្សោង​នោះ កាល​ឡើង​មក​ស៊ី​ផ្លែ​ឈើ​នោះ​ស្រាប់​តែ​ក្រឡេក​មើល​ទៅ​ឃើញ​ព្រះ​បរម​ពោធិ​ សត្វ ក៏​មាន​សេចក្ដី​វិស្សាសៈ​ស្និទ្ធ​ស្នាល​នឹង​ព្រះ​អង្គ ទើប​សួរ​រក​ហេតុ​ដែល​ព្រះ​ពោធិសត្វ​មក​ក្នុង​ទី​នោះ , កាល​បាន​ស្ដាប់​ដឹង​នូវ​សេចក្ដី​នោះ​សព្វ​គ្រប់​ហើយ ក៏​ឲ្យ​ព្រះ​បរម​ពោធិសត្វ​អគ្គ​មហា​បុរស​រ័ត្ន​អង្គុយ​នៅ​លើ​ខ្នង​របស់​ ខ្លួន​ហើយ​វារ​ឡើង​អំពី​ជ្រោះ​ភ្នំ​នាំ​ចេញ​ទៅ​ដាក់​នៅ​នា​មហា​មគ៌ា ហើយ​ក៏​ត្រឡប់​វិល​ចូល​ទៅ​កាន់​ព្រៃ​បាត់​ទៅ​វិញ ។ ឯ​ព្រះ​បរម​ពោធិសត្វ​ទ្រង់​ទៅ​កាន់​បច្ចន្តគ្រាម​ហើយ​នៅ​ក្នុង​ស្រុក​នោះ , លុះ​អំណើះ​ឥត​អំពី​ព្រះ​វរ​រាជ​បិតា​ទៅ​ក៏​បាន​ទទួល​សោយ​រាជ្យ​ជា​ស្ដេច​ ទ្រង់​ព្រះ​រាម​​ថា​ព្រះ​បាទ​បទុម​រាជ គ្រប់​គ្រង​រាជ​សម្បត្តិ​ជា​ដំណ​ត​វង្ស​មក ព្រះ​អង្គ​បាន​សាង​សាលា​សម្រាប់​ឲ្យ​ទាន ៦ ខ្នង ហើយ​ចំណាយ​ទ្រព្យ​ក្នុង ១ ថ្ងៃ ៦ សែន​កហានណៈ​ឲ្យ​ទាន​តែ​រាល់ ៗ ថ្ងៃ​ឥត​មាន​លោះ​ថ្ងៃ​ណា​មួយ​ឡើយ ។
កាល​នោះ​ស្រី​បាប​អប្រិយ​កាឡ​កណ្ណី​ជួជាតិ​ឥត​ល័ក្ខណ៍​នោះ បាន​បញ្ជិះ​អា​កំបុត​លើ​ស្មា​ដើរ​ចេញ​មក​អំពី​ព្រៃ ត្រាច់​ដើរ​ទៅ​ស្វែម​រក​សូម​ទាន​បាយ​ចំណី​គេ​សព្វ​ច្រក​ល្ហក​ឥត​មាន​សោះ​ ចន្លោះ ក្នុង​ផ្លូវ​ជា​លំ​នៅ​នៃ​មនុស្ស​ម្នា​មហា​ជន​ផង យក​មក​ចិញ្ចឹម​រក្សា​បុរស​ពិការ​នោះ​ជា​ធម្មតា​កាល​បើ​មាន​គេ​សួរ​ថាៈ បុរស​នេះ​ត្រូវ​ជា​អ្វី​នឹង​នាង វា​ក៏​តាំង​ពោល​ថ្លែង​រៀប​រាប់​ប្រាប់​ថា យើង​ទាំង​ពីរ​នាក់​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា គឺ​ខ្លួន​ខ្ញុំ​ជា​ធីតា​ខាង​ឪពុក​ខាង​ឪពុក​ធំ​ខាង​ម្ដាយ​នៃ​បុរស​នេះ , ឯ​បុរស​នេះ ជា​កូន​របស់​ម្ដាយ​មីង​ខ្ញុំ ពួក​ចាស់​ទុំ​បាន​ផ្សុំ​ផ្គុំ​ខ្ញុំ​ឲ្យ​ជា​ភរិយា​នៃ​បុរស​ពិការ​ នេះ ។ ខ្លួន​ខ្ញុំ​ក៏​ស៊ូ​តែ​ខំ​ប្រឹង​ថែ​រក្សា​ស្វាមី​របស់​ខ្លួន សូម្បី​មាន​ទោស​ធ្ងន់​ដល់​ថ្នាក់​ដែល​គេ​ត្រូវ​សម្លាប់​ចោល​យ៉ាង​នេះ​ក៏​ដោយ ចេះ​តែ​ខំ​ត្រេច​ស្វះ​ស្វែង​រក​សូម​ទាន​បាយ​ចំណី​គេ​យក​មក​ចិញ្ចឹម​រក្សា​ គ្នា​ទៅ ។ ពួក​មនុស្ស​បាន​ឮ​សំដី​សាស័ព្ទ​រៀប​រាប់​កុហក​ប្រាប់​ដូច្នេះ​ហើយ​ក៏​គិត​ ថាៈ នាង​នេះ​ជា​មាន​សេចក្ដី​គោរព​ប្រតិបត្តិ​ប្ដី​ណាស់​តើ ក៏​នាំ​គ្នា​ឲ្យ​បាយ​បបរ​ជា​ច្រើន បាន​ឲ្យ​ទាំង​កញ្រ្ចែង​ផ្ដៅ ១ យ៉ាង​ជាប់​មាំ ហើយ​ប្រាប់​ថាៈ នាង​ឯង​ចូរ​ដាក់​ប្ដី​របស់​នាង​ឲ្យ​អង្គុយ​នៅ​ក្នុង​កញ្រ្ចែង​នេះ ហើយ​ទូល​ដើរ​ទៅ​ចុះ ដើម្បី​កុំ​ឲ្យ​លំបាក​នឹង​បញ្ជិះ​លើ​ស្មា​ពេក ។ នាង​នោះ​ក៏​ធ្វើ​តាម​បង្គាប់​ដែល​គេ​ប្រាប់ ដូច្នោះ​ហើយ​ទូល​ដើរ​រៀង ៗ ទៅ​ដល់​ក្រុង​ពារាណសី ក៏​ដាក់​អា​កំបុត​ចុះ​អំពី​ក្បាល​ឈប់​សម្រាក​បរិភោគ​អាហារ​ចំណី ក្នុង​សាលា​សម្រាប់​ឲ្យ​ទាន​នោះ រួច​ហើយ​នឹង​ត្រាច់​រង្គាត់​ទៅ​ដើរ​ទៅ​មុខ​ទៀត ។ គាប់​ជួន​ជា​ពេល​នោះ​ព្រះ​បរម​ពោធិ​សត្វ ព្រះ​អង្គ​ចេញ​ទៅ​ក្នុង​រោង​ទាន ដើម្បី​ព្រះ​រាជ​ទាន​ម្ហូប​ចំណី​ដល់​ពួក​មនុស្ស​ម្នា​មហា​ជន​ផង​ទាំង​ឡាយ​ ដោយ​ផ្ទាល់​ព្រះ​ហស្ដ​ព្រះ​អង្គ​ឯង រួច​ហើយ​ត្រឡប់​ចូល​ទៅ​កាន់​ព្រះ​រាជ​និវេសន៍​វិញ ។ ស្រាប់​តែ​ឃើញ​ស្រ្ដី​នោះ​ត្រង់​ផ្លូវ​ដែល​ទ្រង់​យាង​ចូល​ទៅ ហើយ​ក៏​ត្រាស់​សួរ​អស់​សួរ​អស់​មនុស្ស​ម្នា​មហាជន​ទាំង​ឡាយ​ថាៈ អ្វី​នេះ​ហ្នឹង ! អស់​ពួក​មនុស្ស​ទាំង​នោះ​ក៏​ក្រាប​បង្គំ​ទូល​ថាៈ បពិត្រ​ព្រះ​សម្មតិ​ទេព នាង​នេះ​ជា​ស្រ្ដី​មាន​សេចក្ដី​គោរព​កោត​ក្រែង​ដល់​ប្ដី​របស់​ខ្លួន ។ ព្រះ​បរម​ពោធិ​សត្វ ព្រះ​អង្គ​ក៏​ទ្រង់​ប្រើ​រាជ​បំរើ​ឲ្យ​ទៅ​ហៅ​នាង​នោះ​មក​ហើយ​ទ្រង់​ជ្រាប​ ច្បាស់​ថា​ជា​ភរិយា​របស់​ព្រះ​អង្គ​ពី​ដើម ទើប​ទ្រង់​ឲ្យ​គេ​លើក​បុរស​ពិកល​ពិការ​នោះ​ចេញ​មក​អំពី​ខាង​ក្នុង​កញ្រ្ចែង ហើយ​ត្រាស់​សួរ​សព្វ​គ្រប់​អន្លើ ។ នាង​នោះ​ក៏​បាន​ថ្លែង​សាស័ព្ទ​សេចក្ដី​ក្រាប​ទូល​សព្វ​គ្រប់​សព្វ​គ្រប់​តាម ​ន័យ​ដែល​បាន​ថ្លែង​រួច​មក​ហើយ​ក្នុង​ខាង​ដើម ។ ព្រះ​រាជ​ទ្រង់​ត្រាស់​សួរ​បញ្ជាក់​ថាៈ នាង​ឯង​ក្រែង​ជា​ភរិយា​របស់​បទុម​កុមារ​ជា​ធីតា​របស់​ស្ដេច​ឯ​ណោះ​មែន​ឬ ? ហើយ​ជា​ស្រី​មាន​ឈ្មោះ​យ៉ាង​នេះ​បាន​ផឹក​ឈាម​ក្នុង​ជង្គង់​របស់​អញ ហើយ​នាង​ឯង​ផិត​ក្បត់​ចិត្ត​អញ​ទៅ​លប​លួច​ចង​ចិត្ត​ប្រដិព័ទ្ធ ស្រឡាញ់​អា​កំបុត​នេះ​បាន​ច្រាន​អញ​ទំលាក់​ទៅ​ក្នុង​ជ្រោះ​ភ្នំ​មែន​ឬ ? ឥឡូវ​នេះ នាង​ឯង​ងងើល​ពក​ថ្ងាស​មក​ក្នុង​ទី​នេះ​ដោយ​ស្មាន​ថា​អញ​ស្លាប់​បាត់​ក្នុង​ ជ្រោះ​ភ្នំ​នោះ​ទៅ​ហើយ ។ រួច​ហើយ​ទ្រង់​ត្រាស់​បង្គាប់​ទៅ​ពួក​​រាជ​អាមាត្យ​ថាៈ នែ​អ្នក​ទាំង​ឡាយ​រាល់​គ្នា ចូរ​អ្នក​ទាំង​ឡាយ​យក​អង្រែ​មក​សំពង​សម្លាប់​អា​កំបុត​ចង្រៃ​អប្រិយ​នេះ ឲ្យ​ឆាប់ ៗ ទៅ ហើយ​ចូរ​នាំ​គ្នា កាត់​ត្រចៀក ច្រមុះ នៃ​ស្រ្ដី​បាប​អប្រិប​កាឡណ្ណី​អប្ប​ល័ក្ខណ៍​នេះ​ឲ្យ​ឆាប់​កុំ​ទុក​វា​ឡើយ ។ ព្រះ​ពោធិសត្វ​ដែល​ទ្រង់​ធ្វើ​អាការៈ​គំរាម​កំហែង​យ៉ាង​នេះ ដើម្បី​បង្អន់​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​មិន​បាន​ឲ្យ​គេ​ធ្វើ​ដូច្នោះ​ឡើយ ។ រួច​ហើយ​ព្រះ​អង្គ​ទ្រង់​ប្រើ​រាជ​អាមាត្យ​ឲ្យ​ចង​កញ្រ្ចែង​លើ​ក្បាល​នាង​ នោះ​ដូច​ដើម​វិញ ហើយ​ឲ្យ​ដាក់​អា​កំបុត​ទៅ​ក្នុង​កញ្រ្ចែង​នោះ ហើយ​ទ្រង់​ត្រាស់​ឲ្យ​អាមាត្យ​នាំ​ចេញ​យក​ទៅ​ចោល​ឲ្យ​ផុត​អំពី​ព្រំ​ប្រទល់​ ដែន​របស់​ព្រះ​អង្គ ។ 
ប្រភព http://www.budinst.gov.kh/?q=node/186

ឯកនិបាតជាតក

២- នក្ខត្តជាតកំ
អាចារ្យ ហិម អាំងស្បុកទ័រត្រួតសាលាវត្ត
ប្រែ​ពី​បាលី​មក​ជា​ភាសា​ខ្មែរ
នក្ខត្តំបដិមានេន្តិ ឥទំសត្ថាជេតវនេវិហរន្តោ អញ្ញតរំ អាជិវកំអារព្ភកថេសិ ។ (សេចក្ដី​ថា) កាល​ព្រះ​បរម​សាស្ដា​ចារ្យ​ទ្រង់​ប្រថាប់​ក្នុង​ព្រះ​វិហារ​ឈ្មោះ​ជតវន ព្រះ​អង្គ​ទ្រង់​ប្រារព្ធ​ចំពោះ​នូវ​អាជិវក ១ រូប​ហើយ​ទ្រង់​សំម្ដែង​នូវ​ព្រះ​ធម៌​ទេស្នា​នេះ​ថា នក្ខតំបដិមានេន្តំ ដូច្នេះ​ជា​ដើម បាន​ឮ​រៀប​មក​ថា (ក្នុង​សម័យ​មួយ) មាន​កុល​បុត្រ​មួយ មាន​ប្រកតី​នៅ​ក្នុង​នគសាវត្ថី​ទៅ​ស្ដី​ដណ្ដឹង​នាង​ធិតា​នៃ​ត្រកូល​មួយ​នៅ​ ក្នុង​ជន​បទ ដើម្បី​ផ្សំ​ផ្គុំ​នឹង​បុត្រ​ប្រុស​របស់​ខ្លួន​តាម​ប្រវេណី លោក​បាន​ព្រម​ព្រៀង​គ្នា​ហើយ បាន​កំណត់​វេលា​នឹង​រៀប​មង្គល​ការ កាល​ជិត​ថ្ងៃ​កំណត់​នោះ​ហើយ​កុល​បុត្រ​នោះ​បាន​សាក​សួរ​អាជិវក ដែល​ធ្លាប់​មក​កាន់​ត្រកូល​នៃ​ខ្លួន​ថា លោក​បើ​ខ្ញុំ​នឹង​ធ្វើ​មង្គល​ការ​កូន​ក្នុង​ថ្ងៃ​ឈ្មោះ​នោះ​តើ​ល្អ​ឬ​មិន​ ល្អ ។ អាជិវក​អាក់​អន់​ចិត្ត​ថា​ពី​មុន​កំណត់​គេ​មិន​សួរ​គេ​មិន​យល់​យើង​ជា​អ្នក​ សិក្សា​ស្ទាត់​ក្នុង​ក្បួន​នោះ បើ​ដូច្នោះ​យើង​ពោល​បំផ្លាញ​មង្គល​ការ​នេះ ហើយ​អាជិវក​ថា​នែ​អ្នក​ថ្ងៃ​នោះ​ជា​ថ្ងៃ​កាច​អាក្រក់​ណាស់ អ្នក​កុំ​ធ្វើ​មង្គល​ការ​ក្នុង​ថ្ងៃ​នោះ​ឡើយ ថា​បើ​អ្នក​មិន​ជឿ​ចេះ​តែ​ធ្វើ​ទៅ​ហើយ ក៏​នឹង​ដល់​នូវ​សេចក្ដី​វិនាស​ធំ​មិន​ខាន (ចូរ​អ្នក​ធ្វើ​មង្គល​ការ​ក្នុង​ថ្ងៃ​ដ៏​ទៃ​ទៅ​វិញ) ។ ត្រកូល​នោះ​ធ្លាប់​ជឿ​អាជិវក​នោះ​ណាស់​បាន​ជា​ត្រឡប់​ឈប់​ធ្វើ​មង្គល​ការ​ ក្នុង​ថ្ងៃ​ដែល​កំណត់​នោះ​ទៅ​វិញ(កំណត់​ថា​នឹង​ធ្វើ​មង្គល​ការ​ក្នុង​ថ្ងៃ​ ដ៏​ទៃ​គ្មាន​បាន​ឲ្យ​ដំណឹង) ចំណែក​ឯ​ត្រកូល​ខាង​ស្រី​ដែល​នៅ​ក្នុង​ជន​បទ លុះ​ដល់​ថ្ងៃ​កំណត់​នោះ​ហើយ ក៏​រៀប​ចាត់​ចែង​ប្រុង​ប្រៀប​បម្រុង​ទុក​ស្រេច ។ ហើយ​អង្គុយ​ចាំ​មើល​ផ្លូវ​ជន​ដែល​នៅ​ក្នុង​នគរ លុះ​បាន​ដឹង​ច្បាស់​ប្រាកដ​ថា​ជន​នៅ​ក្នុង​នគរ​មិន​មក​មែន​ហើយ ក៏​គិត​ថា​ជន​នៅ​ក្នុង​នគរ​គេ​កំណត់​ថ្ងៃ​ពី​ខ្លួន​ឯង គេច​ជា​មិន​មក​វិញ​ក៏​ពី​ខ្លួន​ឯង (ធ្វើ​ឲ្យ​យើង​បង់​គំនិត) របស់​នឹង​រៀប​បម្រុង​ក៏​នឹង​ទៅ​ជា​ឥត​ប្រយោជន៍​ទទេ ជន​ដែល​នៅ​ក្នុង​ជន​បទ​តូច​ចិត្ត​ណាស់ ក៏​លើក​នាង​ធិតា​ឲ្យ​ទៅ​ត្រកូល​ដែល​គេ​ត្រូវ​ការ បង្ខំ​ឲ្យ​រៀប​មង្គល​ការ​ដោយ​របៀប​នោះ​ហើយ​ទៅ ។
ឯ​ជន​ដែល​នៅ​ក្នុង​នគរ​ក៏​រៀប​ដំណើរ​នាំ​បណ្ដា​ការ​ដោយ​របៀប​ធំ​ណាស់​អស់​ពី ​ចិត្ត​ទៅ​ដល់​ក្នុង​ថ្ងៃ​ដទៃ​ហើយ​សូម​រៀប​មង្គល​ការ​ជន​ដែល​នៅ​ក្នុង​ជន​បទ ​ដោះ​សា​ថា ថ្ងៃ​ដែល​អ្នក​កំណត់​នេះ​ខ្ញុំ​ក៏​បាន​រៀប​ប្រដាប់​ប្រដា​សព​គ្រប់​ចាំ​អ្នក លុះ​អ្នក​មិន​មក​ក្នុង​ថ្ងៃ​នោះ​ៗ បណ្ដា​ការ​ខ្ញុំ​ចាត់​ចែង​ជ្រុល​អស់​ទៅ​ហើយ និង​ចោល​ឲ្យ​ឥត​ប្រយោជន៍​ដូច​ម្ដេច​បាន ហេតុ​នោះ​ខ្ញុំ​លើក​នាង​ធិតា​នោះ​ឲ្យ​ទៅ​ត្រកូល​ដ៏​ទៃ​ទៅ ឥឡូវ​នេះ​គេ​រៀប​មង្គល​ការ​ដោយ​របៀប​នោះ​រួច​ទៅ​ហើយ ។ ជន​ដែល​​នៅ​ក្នុង​នគរ​ប្រកាន់​ថា​ចុះ​ពី​ថ្ងៃ​មុន​អ្នក​ព្រម​មូល​មាត់​ថា​ ឲ្យ​នាង​ធិតា​នោះ​មក​កូន​ខ្ញុំ ថ្ងៃ​នេះ​ម្ដេច​ក៏​គេច​ឲ្យ​ទៅ​គេ​វិញ ។ ជន​ដែល​នៅ​ក្នុង​ជន​បទ​ប្រកែក​ថា អ្នក​កំណត់​ថ្ងៃ​ដោយ​ខ្លួន​ឯង អ្នក​មិន​មក​ក៏​ដោយ​ខ្លួន​ឯង (ដោយ​មើល​ងាយ​ខ្ញុំ) បាន​ជា​ខ្ញុំ​ឲ្យ​ធិតា​ខ្ញុំ​មាន​ប្ដី​រួច​ទៅ​ហើយ (អ្នក​ចេះ​គិត​ដូច​ម្ដេច​បាន) មាន​តែ​អ្នក​វិល​ទៅ​វិញ​ដោយ​ដំណើរ​នោះ​ចុះ ។ ជន​ដែល​នៅ​ក្នុង​នគរ​ដឹង​កំហុស​របស់​ខ្លួន​ទាល់​គំនិត​សូរ​បង់​ខាត មិន​បាន​នាង​ធិតា​ខាត​បង់​ទាំង​បណ្ដា​ការ​យ៉ាង​ធំ​វិល​មក​វិញ​ដៃ​ទទេ ។
រឿង​ខូច​ខាត​មង្គល​ការ​នៃ​ត្រកូល​នោះ​គឺ ពួក​អាជិវក​ក៏​ចរចារ​ផ្សាយ​ទៅ​ក្នុង​ពួក​ព្រះ​ភិក្ខុ​សង្ឃ ឲ្យ​ជាក់​ច្បាស់​ថា​ខ្លួន​ជា​អ្នក​បង្ខូច ។ (ក្នុង​សម័យ​មួយ) ភិក្ខុ​ទាំង​ឡាយ​ជួប​ជុំ​ក្នុង​រោង​ជុំ​នំ​ប្ដើម​ពោល​ឡើង​ថា មង្គល​ការ​នៃ​ត្រកូល​នោះ ខូច​ខាត​ដោយ​ពួក​អាជិវក​នោះ​បំផ្លាញ​ទេ​តើ ។ រឿង​រ៉ាវ​នេះ​មិន​បាត់​ស្ងាត់​ក៏​ជ្រាប​ដល់​ព្រះ​ស្រោត​ទិព​ថ្លៃ​នៃ​ព្រះ​ដ៏ ​មាន​ព្រះ​ភាគ ព្រះ​អង្គ​ទ្រង់​យាង​ទៅ​កាន់​ទី​ប្រជុំ​នោះ​ហើយ​ទ្រង់​ត្រាស់​សួរ​ថា អ្នក​ទាំង​ឡាយ​ប្រជុំ​គ្នា​ពោល​អំពី​រឿង​អ្វី​ឥឡូវ​នេះ ។ ភិក្ខុ​ទាំង​ឡាយ​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​យើង​ទាំង​ឡាយ ពោល​អំពី​រឿង​អាជិវក​បំផ្លាញ​មង្គល​ការ​នៃ​ត្រកូល​នោះ​ព្រះ​អង្គ ។ ព្រះ​ពិជិតមារ​ទ្រង់​មាន​ព្រះ​ពុទ្ធ​ដិកា​ថា នែ​ភិក្ខុ​ទាំង​ឡាយ​អាជិវក​នេះ​បំផ្លាញ​មង្គល​ការ​របស់​ត្រកូល​នោះ មិន​តែ​ក្នុង​កាល​ឥឡូវ​នេះ​ទេ អាជិវក​នេះ​ធ្លាប់​បំផ្លាញ​តាំង​ពី​មុន​មក​មែន​ពិត្យ ហើយ​ព្រះ​អង្គ​ទ្រង់​នាំ​មក​នូវ​អតិត​និទាន​ថា ។ នែ​ភិក្ខុ​ទាំង​ឡាយ​កាល​កន្លង​រម្លង​យូរ​ទៅ​ហើយ កាល​នោះ​មាន​ស្ដេច​ទ្រង់​ព្រះ​នាម​ថា ព្រះ​បាទ​ព្រហ្មទត្តរាជ​សោយ​រាជ​ក្នុង​ព្រះ​នគរ​ឈ្មោះ​ពារាណសី កាល​នោះ​មាន​ត្រកូល​មួយ​មាន​ប្រកតី​នៅ​ក្នុង​នគរ​នោះ ទៅ​និយាយ​ដណ្ដឹង​នាង​ធិតា​នៃ​ត្រកូល​នៅ​ក្នុង​ជន​បទ ដើម្បី​ផ្សំ​ផ្គុំ​នឹង​បុត្រ​ប្រុស​របស់​ខ្លួន មូល​មាត់​ហើយ​កំណត់​ថ្ងៃ​ខែ​នឹង​រៀប​មង្គល​ការ ។ ក្រោយ​នោះ​ក៏​បាន​សាក​សួរ​អាជិវក​ជា​កុលូចដ្ឋាក​ថា លោក​ខ្ញុំ​នឹង​ធ្វើ​មង្គល​ការ​កូន​ប្រុស​ខ្ញុំ​ក្នុង​ថ្ងៃ​ឈ្មោះ​នោះ​តើ​ល្អ ​ឬ​មិន​ល្អ ។ អាជិវក​នោះ​កើត​ទោមនស្ស​ដោយ​គិត​ឃើញ​ថា ត្រកូល​នេះ​គេ​សួរ​គ្រាន់​តែ​សាក​ល្បង​យើង​ទេ​តើ មិន​មែន​ជា​ជឿ​យើង​ថា​ចេះ​ដឹង​ប៉ុន្មាន​ទេ បើ​ដូច្នោះ​យើង​ពោល​ពាក្យ​ទទេ​កុំ​ឲ្យ​ត្រកូល​នេះ ធ្វើ​មង្គល​ការ​នោះ​កើត​ឡើយ​ហើយ​ប្រាប់​ថា នែ​អ្នក​ថ្ងៃ​នោះ​ជា​ថ្ងៃ​កាច​អាក្រក់​ណាស់​អ្នក​កុំ​ធ្វើ​បើ​អ្នក​ខំ​តែ​ ធ្វើ​ក្នុង​ថ្ងៃ​នោះ​នឹង​ដល់​នូវ​គ្រោះ​ធំ​មិន​ខាន ត្រកូល​នោះ​ជឿ​អាជិវក​នោះ​ណាស់​បាន​ជា​បង្អង់​ខាន កំណត់​ទៅ​ថ្ងៃ​ដ​ទៃ​វិញ (មិន​បាន​ឲ្យ​ដំណឹង) ។
ឯ​ជន​ដែល​នៅ​ក្នុង​ជន​បទ​ដល់​ពេល​ជិត​កំណត់​នោះ ក៏​ខ្វល់​ខ្វាយ​ចាត់​ចែង​របៀប​សព្វ​គ្រប់​ហើយ ទន្ទឹង​មើល​ផ្លលូវ​ជន​ដែល​នៅ​ក្នុង​នគរ លុះ​បាន​ដឹង​ច្បាស់​ប្រាកដ​ជា​ជន​នៅ​ក្នុង​នគរ​មិន​មក​មែន​ហើយ ក៏​កើត​រម្ខាន​ថា​អ្នក​នេះ​ពោល​ពាក្យ​ពុំ​ពិត្យ​ឲ្យ​យើង​បង់​គំនិត​ខូច​ខាត​ ទ្រព្យ​របស់​ដែល​រៀប​ចំ នឹង​កេរ្តិ៍​ឈ្មោះ​ជា​ធំ​បំផុត កើត​ក្ដៅ​ក្រហាយ​ដូច្នោះ​ហើយ ក៏​ហៅ​ត្រកូល​ដទៃ​មក​ហើយ លើក​នាង​ធិតា​នោះ​បង្ខំ​ឲ្យ​របៀប​មង្គល​ការ ដោយ​របៀប​រៀប​ចំ​នោះ​ហើយ​ស្រេច​ទៅ ។ ជន​ដែល​នៅ​ក្នុង​នគរ លុះ​ដល់​ថ្ងៃ​ដែល​ខ្លួន​កំណត់​តែ​ម្នាក់​ឯង ក៏​រៀប​ដំណើរ​ដឹក​នាំ​បណ្ដាការ​ដោយ​របៀប​ដ៏​ស្ដុក​ស្ដម្ភ​ទៅ​ដល់​ក្នុង​ថ្ងៃ ​ដទៃ​ទៀត ហើយ​សូម​រៀប​មង្គល​ការ​តាម​បំណង ។ ជន​ដែល​នៅ​ក្នុង​ជន​បទ​និយាយ​ដោះ​ដៃ​ថា នែ​អ្នក​ខ្ញុំ​ប្រុង​ប្រៀប​ប្រដាប់​ប្រដា​សន្ធឹក​សន្ធាប់​ណាស់​ក្នុង​ថ្ងៃ​ កំណត់​របស់​អ្នក​នោះ ដល់​បាត់​អ្នក​មិន​ឃើញ​មក ខ្ញុំ គិត​ថា​អ្នក​មុខ​ជា​លែង​មក​ហើយ ខ្ញុំ​ក៏​លើក​នាង​ធិតា​នោះ​ឲ្យ​ទៅ​ត្រកូល​ដទៃ​ទៅ​វិញ គេ​រៀប​មង្គល​ការ​ដោយ​របៀប​ដែល​រៀប​ចាំ​អ្នក​នោះ​រួច​ទៅ​ហើយ ។ ជន​ដែល​នៅ​ក្នុង​នគរ​វា​ថា ចុះ​ដែល​អ្នក​មូល​មាត់​ថា​ឲ្យ​ខ្ញុំ​ស្រេច​ហើយ ម្ដេច​ក៏​គេច​កែ​ដូច្នោះ​ទៅ​វិញ ។ ជន​ដែល​នៅ​ក្នុង​ជន​បទ​វិវាទ​ថា អ្នក​កំណត់​ថ្ងៃ​ខែ​ដោយ​ខ្លួន​ឯង មិន​មក​វិញ​ក៏​ដោយ​ខ្លួន យ៉ាង​នេះ​ហេតុ​ពី​អ្នក​មើល​មក​យើង​ថា​មិន​ស្មើ​មុខ ។ ជន​ដែល​នៅ​ក្នុង​នគរ​ពោល​ត្រង់​ថា ខ្ញុំ​បាទ​សួរ​ឬក្ស​ពារ​អាជិវក ៗ ថា​មិន​ល្អ​បាន​ជា​ខ្ញុំ​មិន​មក​ជន​ដែល​នៅ​ក្នុង​ជន​បទ​ថា​ការ​នេះ​ហួស​ទៅ​ ហើយ ចូរ​អ្នក​វិល​ទៅ​ដោយ​ដំណើរ​នោះ​វិញ​ចុះ ។
កាល​នោះ​មហា​បុរស​គឺ​ព្រះ​បរម​ពោធិ៍​សត្វ​ជា​អ្នក​ប្រាជ្ញ​មាន​ការ​ផ្សេង ៗ ត្រេច​ពី​ក្នុង​នគរ​ពារាណសី ចូល​ទៅ​កាន់​ជន​បទ​នោះ ក្នុង​ពេល​ដែល​ជន​ទាំង​ឡាយ​នោះ​កំពុង​កើត​វិវាទ​គ្នា​នឹង​គ្នា ព្រះ​មហា​បុរស​ក៏​ជ្រាប​ហេតុ​វិវាទ​នោះ​សព្វ​គ្រប់ ទើប​អធិប្បា​ថា អ្នក​ដែល​រាប់​អាន​ប្រកាន់​នក្ខត្តឬក្ស​ថា ថ្ងៃ​នេះ​ល្អ​ថ្ងៃ​នេះ​អាក្រក់​នោះ​មាន​ប្រយោជន៍​ពី​ណា តែង​ខាត​ប្រយោជន៍​ខាត​លាភ​ជា​ដរាប ដូច​ជន​ដែល​នៅ​ក្នុង​នគរ​ព្រោះ​ទេ​ជឿ​ពួក​អាជិវក​មើល​ឬក្ស​ពារ​ឲ្យ​ទើប​ខាត​ ប្រយោជន៍​ធំ​ដូច្នេះ ។ ហើយ​ព្រះ​មហា​បុរស​សំម្ដែង​គាថា​នេះ​ដូច្នេះ​ថា៖
នក្ខត្តំ​បដិមានេន្តំ អត្ថោពាលំឧបច្ចគា
អត្ថោអត្ថស្សនក្ខត្តំ កឹករិស្សន្តិតារកាតិ ។
(សេចក្ដី​ថា) ប្រយោជន៍​តែង​កន្លង​បង់​នូវ​បុគ្គល​ពាល ដែល​រាប់​អាន​នូវ​នក្ខត្តឬក្ស គឺ​គន់​គូរ​រក​ឬក្ស​ពារ​ល្អ​អាក្រក់ ប្រយោជន៍​ដែល​បុគ្គល​ស្វែង​រក​បាន ក៏​ជា​ឬក្ស​ពារ​នៃ​ប្រយោជន៍ ផ្កាយ​ទាំង​ឡាយ​នៅ​ក្នុង​អាកាស ក៏​នឹង​ធ្វើ​ជា​ឬក្ស​ពារ​ដូច​ម្ដេច​បាន ។
ចំណែក​ឯ​ជន​ដែល​នៅ​ក្នុង​នគរ ជា​អ្នក​ជឿ​ឬក្ស​ពារ​តាម​អាជិវក ក៏​បង់​ខាត​ប្រយោជន៍​ធំ ខាន​បាន​នាង​ធិតា​នោះ​ផង​បង់​ខាត​បណ្ដា​ការ នឹង​ដំណើរ​ទៅ​មក​ដោយ​អធិ​អទ្ធំ​នោះ​ផង​ក៏​ត្រឡប់​វិល​មក​ផ្ទះ​វិញ​ដោយ​ស្ងួត ​ស្ងប់​មិន​រីក​រាយ ។
ព្រះ​បរម​លោក​នាថ​សាស្ដា​ចារ្យ​ទ្រង់​មាន​ព្រះ​ពុទ្ធ​ដិកា​ថា​ម្នាល​ភិក្ខុ​ ទាំង​ឡាយ​អាជិវក​ដែល​ធ្វើ​មង្គល​ការ របស់​ជន​ដែល​នៅ​ក្នុង​នគរ​ឲ្យ​អន្តរាយ មិន​តែ​ក្នុង​កាល​ឥឡូវ​នេះ​ទេ អាជិវក​នេះ​ធ្លាប់​បំផ្លាញ​ឲ្យ​វិនាស​តាំង​ពី​ដើម​មក យ៉ាង​នេះ​ឯង ។
ហើយ​ព្រះ​អង្គ​ទ្រង់​សម្ដែង​នូវ​ប្រជុំ​ជាតកថា នែ​ភិក្ខុ​ទាំង​ឡាយ​អាជិវក​ក្នុង​កាល​នោះ​មក​ជា​អាជិវក​ឥឡូវ​នេះ ត្រកូល​ទាំង​ឡាយ​ក្នុង​កាល​នោះ មក​ជា​ត្រកូល​ទាំង​ឡាយ​ក្នុង​ឥឡូវ​នេះ ព្រះ​មហា​បុរស​ដែល​ពោល​នូវ​ព្រះ​គាថា នោះ​មិន​គឺ​អ្នក​ឯ​ណា​ដទៃ​ឡើយ គឺ​អង្គ​អញ​តថាគត​នេះ​ឯង​ហោង ។
នក្ខត្តជាតកំនិដ្ឋិតំ
អត្តនាមត្យាធិប្បាយ
រឿង​រ៉ាវ​ជា​គម្រប់ ២ នេះ​ខ្ញុំ​ខំ​ខ្វល់​ខ្វាយ​ឆ្លៀត​ប្រែ​រៀប​រៀង​ដោយ​សេចក្ដី​ពេញ​ចិត្ត​ក្នុង​ សុភាសិត​ហើយ​នឹង​រឿង​រ៉ាវ​នេះ ទុក​ជា​ព្រះ​ធំ៌​នឹង​ដក​ចិត្ត​ឲ្យ​ផុត​អំពី​មង្គល​ភ្ញាក់​ផ្អើល​ទៅ​បាន ព្រោះ​បណ្ដា​ជន​គ្រប់​រូប​ទាំង​ខ្ញុំ​នឹង​គេ តែង​តែ​ជឿ​ប្រកាន់​ឫក្ស​ពារ​ពេលា​ថា​ជា​គ្រឿង​សែស​ក្នុង​លោក ម្លោះ​ហើយ​បើ​នឹង​ធ្វើ​ការ​អ្វី​មាន​ធ្វើ​បុណ្យ​ជា​ដើម នោះ​តែង​ត្រាច់​ទៅ​រក​គ្រូ​អាចារ្យ​គន់​គូរ​រក​ឫក្ស​ពារ​ជា​ដរាប ច្រើន​ពេញ​ចិត្ត​តែ​ខែញី​នឹង​ថ្ងៃ​អណ្ដែត ចៀស​ចាក​ខែ​ឈ្មោល​ថ្ងៃ​លិច​នឹង​ថ្ងៃ​កាល​កិណី​ជា​ដើម មិន​ហាន​ធ្វើ​ហេតុ​ខ្លាច​ចង្រៃ​នឹង​ខ្លាច​មាន​គ្រោះ​ថ្នាក់​ផ្សេង​ៗ បាន​ជា​ខំ​រាប់​អាន​បបោស​អង្អែល​មិន​ហាន​លះ​បង់​ឡើយ ជំនឿ​ដែល​ជឿ​យ៉ាង​នេះ​យូរ​យា​ណាស់​មក​ហើយ បើ​គិត​តាម​គំនិត​លោក​អ្នក​ប្រាជ្ញ​បូរាណ​មាន​ព្រះ​សម្មាសម្ពុទ្ធ​ជា​ដើម ដែល​លោក​ពោល​នូវ​សុភាសិត​នឹង​រឿង​រ៉ាវ​នេះ ឃើញ​ថា​ការ​ប្រកាន់​ឫក្ស​ពារ​នេះ រាក់​ណាស់​សាប​រលាប​ណាស់ ព្រោះ​ខ្លាច​តែ​ចង្រៃ​នឹង​ខ្លាច​គ្រោះ​ថ្នាក់​តែ​ប៉ុណ្ណោះ ត្រង់​ដែល​ខាត​វេលា​ខូច​ប្រយោជន៍​របស់​ខ្លួន​ព្រោះ​ចាំ​ដល់​ថ្ងៃ​ល្អ​ឲ្យ​ ខាត​លាភ នោះ​គិត​មិន​ឃើញ​សោះ ។ ពុទ្ធ​សាសនិក​ជន ជន​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា នោះ​គេ​មិន​សូវ​អើ​ពើ​ក្នុង​មង្គល​ភ្ញាក់​ផ្អើល​នោះ​ឡើយ គេ​ជឿ​តែ​កម្ម​នឹង​ផល​របស់​កម្ម​ថា បុគ្គល​ឯ​ណា​សម្អាត​កាយ​វាចា​ចិត្ត​ជា​សុចរិត​ល្អ​បុគ្គល​នោះ​នឹង​បាន​ទទួល​ នូវ​រង្វាន់​ល្អ​គឺ សេចក្ដី​សុខ​ចម្រើន​អំពី​ផល​សុចរិត​នោះ បុគ្គល​ឯ​ណា​មិន​សម្អាត​កាយ​វាចា​ចិត្ត​ជា​ទុក្ខ​រិត​អាក្រក់ បុគ្គល​នោះ​នឹង​បាន​នូវ​រង្វាន់​អាក្រក់​គឺ សេចក្ដី​ទុក្ខ​ព្រួយ​លំ​បាក​អំពី​ផល​ទុច្ចរិត​នោះ​ឯង មិន​ឃ្លៀង​ឃ្លាត​ឡើយ ។ មាន​សុភាសិត​ក្នុង​បុព្ពណ្ហ​សូត្រ​ក្នុង​គម្ពីរ​មជ្ឈិម​និកាយ​ដូច្នេះ​ថា៖
សុនក្ខត្តំសុមង្គលំ សុបភាសំសុហដ្ឋិតំ សុខណោសុមុ ហុត្តោច សុយិដ្ឋំព្រហ្មចារីសុ ។ បទក្ខិណំកាយកម្មំ វាចាកម្មំ បទក្ខិណំ បទក្ខិណំមនោកម្មំ បណិធីតេបទក្ខិណា ។ បទក្ខិណានិ-កត្វាន លភន្តតេបទក្ខិណេ ។ (សេចក្ដី​ថា) នក្ខតឫក្ស ល្អ​ក្ដី មង្គល​ល្អ​ក្ដី រស្មី​ល្អ​ក្ដី ព្រះ​អាទិត្យ​រះ​ឡើង​ល្អ​ក្ដី យាម​ល្អ​ក្ដី​ការ​បូជា​ល្អ​ក្ដី ក្នុង​បុគ្គល​ទាំង​ឡាយ​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ ។ អំពើ​ដែល​បុគ្គល​ធ្វើ​ដោយ​កាយ​ជា​ខាង​ស្ដាំ ដោយ​វាចា​ជា​ខាង​ស្ដាំ ដោយ​ចិត្ត​ជា​ខាង​ស្ដាំ ការ​ដំកល់​ទុក​របស់​ជា​ខាង​ស្ដាំ ។ បុគ្គល​ទាំងឡាយ លុះ​បាន​ធ្វើ​នូវ​អំពើ​ទាំងឡាយ ជា​ខាង​ស្ដាំ​ហើយ​តែង​បាន​នូវ​ប្រយោជន៍​ទាំង​ឡាយ​ជា​ខាង​ស្ដាំ​ដែរ ។
សេចក្ដី​យល់​របស់​ខ្ញុំ​ថា គ្រោះ​នឹង​ឧបទ្រព​ចង្រៃ​ទាំងឡាយ​ជា​ដើម តែង​មក​តែ​ពី​ផល​ទុច្ចរិត ថា​បើ​បុគ្គល​មាន​អំពើ​ទុច្ចរិត​ក្នុង​កាយ​វាចា​ចិត្ត​ហើយ ទោះ​រក​ឫក្ស​ពារ​ពេលា​បន់​ស្រន់​សែន​ព្រេន​ប្រកក់​ប្រសិទ្ធ​យ៉ាង​ណា​ផង ក៏​ពុំ​រួច​ពី​គ្រោះ​ថ្នាក់​ជា​ដើម​នោះ​ឡើយ ព្រោះ​សភាវ​អស់​ទាំង​នោះ​មិន​ឈ្នះ​កំឡាំង​កម្ម​ពៀរ​ទេ កម្ម​ពៀរ​នេះ​មាន​កំឡាំង​ឈ្នះ​កំឡាំង​អ្វី ៗ ទាំង​អស់​ដោយ​ពិត ៕
ប្រភព http://www.budinst.gov.kh/?q=node/191

សត្តធន​សូត្រ

ឲកញា​ភក្តី​រាជា​យ៉ាំង​អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់
រៀប​រៀង
ឯវម្មេសុតំ ឯកំសម​យំភគវា សាវត្ថិ​យំ​វិហរតិ ជេតវនេ​អនាថ​បិណ្ឌិកស្សអារាមេ ។
ឯតំ​សុត្តំ រីសត្តធន​សូត្រ គឺ​ខ្ញុំ​អានន្ទ​ថេរ​ស្តាប់​យើយ​អំពី​ទី​ចំពោះ​ព្រះ​ភក្រ្ត​នៃ​ព្រះ​ដមាន​ បុណ្យ​ជា​ម្ចាស់, ដោយ​អាការ​តែ​ម្តង ក៏​ចង់​ចាំ​ទ្រ​ទ្រង់​ដោយ​សោត​វិញ្ញាណ​វិថី​មាន​មនោ​វិញ្ញាណ​ជា​ប្រធាន ពុំ​មាន​ឲ្យ​ឃ្លៀង​ឃ្លាត​ដោយ​អក្ខរ​ព្យញ្ជន​ឯ​ណា​និមួយ​ឡើយ ,
ក្នុង​កាល​សម័យ​ថ្ងៃ ១ សម្តេច​ព្រះ​បរម​គ្រូ​សាស្តា​ជា​ម្ចាស់​ទ្រង់​សម្រេច​ព្រះ​ឥរិយាបថ​ទាំង ៤ គង់​នៅ​ក្នុង​វិហារ​ព្រះ​ជេតពន​ជា​អារាម​នៃ​អនាថ​បិណ្ឌិក​សេដ្ឋី សាង​ថ្វាយ​ទៀប​ក្រុង​សាវត្ថី​រាជា​ធានី​និវេស​ស្ថាន គ្រា​កាល​នោះ​ឯង ព្រះ​ដមាន​ព្រះ​ភាគ​ជា​ម្ចាស់ ទ្រង់​បន្ទូលត្រាស់​ហៅ​នូវ​ព្រះ​ភិក្ខុ​ទាំង​ឡាយ​ថា ភិក្ខវោ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទើប​ព្រះ​ភិក្ខុ​ទាំង​ឡាយ​ឆ្លើយ​ទទួល​ព្រះ​ពុទ្ធ​ដិកា​ថា ភទ្ទន្តេ​ដូច្នេះ សម្តេច​ព្រះ​ជិន​វង្ស​ត្រាស់​ថា សត្ថិមានិ ភិក្ខ​វេធ​នានិ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​ទាំង​ឡាយ​នេះ​មាន ៧ ប្រកា​កតមានិត្ត ទ្រព្យ​ទាំង​ឡាយ ៧​ប្រការ​នេះ សទ្ធាធនំ ទ្រព្យ​គឺ​សទ្ធា ១ សីល​ធនំ ទ្រព្យ​គឺ​សីល​១, ហិរិធនំ ទ្រព្យ​គឺ​ហិរិ១, ឱតប្បធនំ ទ្រព្យ​គឺ​ឱតប្ប១, សុតធនំ ទ្រព្យ​គឺ​សុត១, ចាគធនំ ទ្រព្យ​គឺ​ចាគ​១, បញ្ញាធនំ ទ្រព្យ​គឺ​បញ្ញា​១, កតមញ្ចភិក្ខ​វេ សទ្ធាធនម ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​សទ្ធា​តើ​ដូច​ម្តេច, ឥធភិក្ខវេ អរិយ​សាវ​កោស​ទ្ធោ​ហោតិ, ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អឬិយ​សាវក​ក្នុង​សាសនា​នេះ មាន​សទ្ធា​ជឿ​នូវ​ពោធិញាណ​នៃ​ព្រះ​តថាគត​ដូច្នេះ​គឺ, ឥតិបិ សោភគវ អរហំ សម្មា​សម្ពុទ្ធោ វិជ្ជាចរណ​សម្បន្នោ សុគតោ លោកវិទូ អនុត្ត​រោ​បុរិសទ​ម្មសារថិ សត្ថាទេវ​មនុស្សានំ ពុទ្ធោ ភគវាតិ, ដូច្នេះ​ថា ព្រះ​ដ៏​មាន​ព្រះភាគ​ជា​ម្ចាស់​នោះ ជា​ព្រះ​អរហំ ដោយ​ហេតុ​ដូច្នេះ​ផង, ជា​ព្រះ​សម្មា​សម្ពុទ្ធ ដោយ​ហេតុ​ដូច្នេះ​ផង, ដល់​ព្រម​ដោយ​វិជ្ចា ៣ វិជ្ជា​៨​ នឹង​ចរណ ១៥ ដោយ​ហេតុ​ដូច្នេះ ខ្លះ, សុគតោ មាន​ព្រះ​ដំណើរ​ល្អ​ដោយ​ហេតុ​ដូច្នេះ​ខ្លះ, អនុត្តរោ​បុរិសទម្មសារថិ ជា​នាយ​សារ​ថី ទូន្មាន​នូវ​បុរស​គួរ​ដល់​ទូន្មាន​មាន​បុគ្គល​ដទៃ​ក្រៃ​លែង​ពុំ​មាន ដោយ​ហេតុ​ដូច្នេះ​ខ្លះ, សត្ថា​ទេវមនុស្សានំ ជា​សាស្តា​ប្រដៅ​នៃ​ទេវតា​នឹង​មនុស្ស​ទាំង​ឡាយ ដោយ​ហេតុ​ដូច្នេះ​ខ្លះ, ពុទ្ធោ ត្រាស់​ដឹង (គឺ​ថា​រីក​ពេញ​ទី) ដោយ​ហេតុ​ដូច្នេះ​ខ្លះ, ភាគវា មាន​ចំណែក​គឺ​បារមី​ធម៌ ដោយ​ហេតុ​ដូច្នេះ​ខ្លះ, ឥទំវុច្ចតិ​ភិក្ខ​វេសទ្ធាធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​នេះ​ឯង​គឺ​តថាគត ពោល​ថា​ទ្រព្យ​គឺ​សទ្ធា, កតមញ្ច​ភិក្ខ​វេសីលធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​សីល​តើ​ដូច​ម្តេច, ឥធភិក្ខ​វេ​អរិយ​សាវកោ បាណាតិ​បា​តា​បដិវិរតោ​ហោត, អទិន្នា​ទា​នាប​ដិវិរ​តោ​ហោតិ កាមេ​សុមិច្ឆា​ចារាប​ដិវិរ​តោ​ហោតិ, មុសាវា​ទាប​ដិវិរ​តោ​ហោតិ សុរា​មេរយម​ជ្ជបមាទដ្ឋា​នាប​ដិរិវតោ​ហោតិ,ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា វៀរ​ចំពោះ​ចាក​បាណា​តិ​បាត ការ​សម្លាប់​សត្វ​មាន​ជីវិត, វៀរ​ចំ​ពោះ​ចាក​អទិន្នាទាន ​ការ​កាន់​យក​នូវ​ទ្រព្យ គឺ​ម្ចាស់​ពុំ​បាន​ឲ្យ​ដោយ​កាយ​ដោយ​វាចា, វៀរ​ចំពោះ​ចាក​មុសាវាទ ការ​ពោល​កុហក់​បញ្ឆោត, វៀរ​ចំពោះ​ចាក​សុរាមេរយ​មជ្ជបមាទ​ដ្ឋាន, ហេតុ​ជា​ទី​ដំកល់​នូវ​សេចក្តី​ប្រមាទ​គឺ​ក្រេប​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា ៥ យ៉ាង​នឹង​មេរយ​៥​យ៉ាង, ​ឥទំវុច្ច​តិភិក្ខ​វេសីលធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ ព្រះ​តថា​គត​ពោល​ថា ទ្រព្យ​គឺ​ហិរិ​តើ​ដូច​ម្តេច ,ឥធភិក្ខវេ អរិយ​សាវកោ ហិរិមា​ហោតិ បិរិយ​តិកាយ​ទុច្ចរិតេន វចីទុច្ច​រិតេន មនោ​ទុច្ចរិ​តេន​ហិរិយ​តិ បាប​កានំ អកុសលានំ ធម្មានំ សមា​បត្តិយា, ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា​នេះ មាន​សេចក្តី​អៀន​ខមាស់​អមពី​កាយ​ទុច្ច​រិត ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ ខ្មាស់​អំពី​ចីទុច្ចរិត ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​វាចា ខ្មាស់​អំពី​មនោទុច្ចរិត, ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​ចិត្ត, ខ្មាស់​អមពី​កិរិយា​ដល់​ព្រម​នៃ​ធម៌​ទាំង​ឡាយ ដ៨លាមក​ជា​អកុសល​ឥទំ​វុច្ច​តិភិក្ខ​វេហិរិធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ​តថាគត​ពោល​ថា ទ្រព្យ​គឺ​ហិរិ, កតមញ្ចភិក្ខ​វេឱតប្បធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​គឺ​ឱតប្ប​តើ​ដូច​ម្តេច,ឥធភិក្ខ​វេ អរិយ​សាវកោ ឱតប្បីហោតិ ឱតប្បតិកាយ​ទុច្ចរិតេន វចីទុច្ចរិតេន មនោទុច្ចរិតេន ឱតប្បតិ បាប​កានំ​អកុសលានំ ធម្មានំ សមាបត្តិយា,ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយសាវក​ក្នុង​សាសនា​នេះ មាន​សេចក្តី​ក្តៅ​ក្រហាយ​តក់​ស្លុត អមពី​កាយ​ទុច្ចរិត អមពីវចី​ទច្ចរិត, អំពី​មនោទុច្ចរិត អំពី​កិរិយា​ដល់​ព្រម​នៃ​ធម៌​ទាំង​ឡាយ ដ៏​លាមក​ជា​អកុសល, ឥទំវុច្ចតិភិក្ខ​វេ​ឱតប្បធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​នេះ​ឯង​ហើយ គឺ​តថាគត​ពោល​ថា​ទ្រព្យ​គឺ​ឱតប្បកត​មញ្ចភិក្ខវេសុតធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​គឺ​សុត​តើ​ដូច​ម្តេច ,ឥធភិក្ខ​វេអរិយសាវកោ ពហុស្សុតោ​ហោតិ សុតធរោ​សុត​សន្និច្ចយោ យេ​តេ​ធម្មា​អាទិកល្យាណា មជ្ឈេក​ល្យាណា បរិយោសាន​កល្យាណា សាត្ថំ​សព្យញ្ជនំ កេវ​លំបរិបុណ្ណំ​បរិសុទ្ធំ ព្រហ្មចរិយំ​អភិវទន្តិ តថា​រូប​ស្សធម្មា​សុតា​ហោន្តិ​ធតា​វច​សាប​រិចិត្តា មនសានុបេក្ខិតា​ ទិដ្ឋិយា​សុប្បដិវទ្ធា​ឥទំវុច្ចតិសុត​ធនំ, ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា​នេះ ជា​ពហូសូត្រ អ្នក​ទ្រ​ទ្រង់​នូវ​សូត្រ អ្នក​សន្សម​នូវ​សូត្រ ធម៌​ទាំង​ឡាយ​ឯណា​មាន​ពីរោះ​ក្នុង​ខាង​ដើម មាន​ពីរោះ​ក្នុង​កណ្តាល​មាន​ពីរោះ​ក្នុង​ទី​បំផុត សម្តែង​នូវ​ព្រហ្មចរិយ​ប្រកប​ដោយ​អត្ថ​ប្រកប​ដោយ​ព្យញ្ជន បរិសុទ្ធ​បរិបូរណ៌ ពុំ​មាន​សេស​សល់​ធម៌​ទាំង​ឡាយ​មាន​សភាព​ដូច្នោះ គឺ​អរិយ​សាវក​នោះ ស្តាប់​ហើយ​ទ្រ​ទ្រង់​ហើយ ស្ទាត់​ហើយ​ដោយ​វាចា សំឡឹង​រឿយៗ ដោយ​ចិត្ត​ចាក់​ឆ្លុះ​ដោយ​ប្រពៃ​ដោយ​ទិដ្ឋិ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ​តថាគត​ពោល​ថា ទ្រព្យ​គឺ​សុត, កតមញ្ច​ភិក្ខ​វេចាគ​ធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​ចាគ​តើ​ដូច​ម្តេច,ឥធភិក្ខវេ អរិយសាវកោ វិតមល​មច្ឆេរេន ចេតសា​អគារំ​អជ្ឈាវសតិ មុត្តចាគោ បីយតបាណី វោស្សគ្គរតោ​យាច​យោ​គោ ទាន​សំវិភាគ​រតោ,
ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក ក្នុង​សាសនា​នេះ មាន​ចិត្ត​មាន​មន្ទិល គឺ​សេចក្តី​កំណាញ់ ប្រាស​ចេញ​ហើយ មាន​ទាន​បរិច្ចាគ​រួច​ស្រឡះ​ហើយ មាន​ដៃ​របស់​ខ្លួន​លាង​ស្អាត​ហើយ ត្រេក​អរ​ហើយ​ក្នុង​កិរិយា​លះ​បង់ មុខ​គួរ​ដល់​កិរិយា​សូម​ត្រេក​អរ​ហើយ​ក្នុង​ទាន​នឹង​ចំណែក​ស្មើ នៅ​គ្រប​គ្រង​នូវ​ផ្ទះ, ឥទំវុច្ចតិ​ភិក្ខ​វេចាគ​ធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ​តថាគត​ពោល​ថា​ទ្រព្យ​គឺ​ចាគ, កតមញ្ចភិក្ខ​វេបញ្ញាធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​បញ្ញា​តើ​ដូច​ម្តេច,ឥធភិក្ខ​វេអរិយ​សាវកោ បញ្ញាវាហោតិ ឧភយត្ថគា​មិនិយា​ខយញ្ច អត្ថញ្ច គន្តុំ បរិច្ឆិន្ទិតុំ បញ្ញាយ​សម​ន្នាគ​តោ​អរិយាយ​និព្វេ​ធិតាយ សម្មាទុក្ខ​ខយ​គាមិយា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា​នេះ មាន​បញ្ញា​ប្រកប​ដោយ​បញ្ញា​ដ៏​ប្រសើរ ជា​គ្រឿង​ត្រាស់​ដឹង​ដើម្បី​ដល់ ដើម្បី​កំណត់ នូវ​កិរិយា​អស់​ទៅ នូវ​កិរិយា​ចំរើន​ជា​ទី​ដល់​ក្នុង​ហេតុ​ទាំង​ពីរ ជា​ទី​ដល់​នូវ​សេចក្តី​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ,ឥទំវុច្ចតិភិក្ខ​ វេបញ្ញាធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ហើយ​គឺ​តថាគត​ពោល​ថា ទ្រព្យ​គឺ​បញ្ញា ឥមានិខោភិក្ខវេសត្តធនានិ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​ទាំង​ឡាយ​នេះ ហៅ​ថា​ទ្រព្យ​៧​ប្រការ ព្រះ​បរម​សាស្តា​ចារ្យ ព្រះ​អង្គ​ញាំង​សូត្រ​ឲ្យ​ចប់​ហើយ ព្រះ​អង្គ​កាន់​យក​នូវ​កំបូល​ទេសនា ដោយ​បទ​គាថា​ទាំង​ឡាយ​ថា,
សទ្ធាធនំ​សីល​ធនម ហិរិឱតប្បិយធនំ សុតញ្ចចាគោច​បញ្ញា​វសត្តមំ​យស្សឯតាធនាសន្តិ ឥត្ថិ​យាបុរិសស្សវា អទឡិ​ទ្ធោ​តិតី​អាហុ អមោឃំតស្សជីវិតំ តស្មាសទ្ធញ្ចសីល​ញ្ចបសាទធម្មទស្សនម អនុយុញ្ជថមេធាវី សរំពុទ្ធានសាសនន្តិ,
អធិប្បាយ​ថា ទ្រព្យ​ទាំង​ឡាយ​នេះ ទ្រព្យ​គឺ​សទ្ធា ១, ទ្រព្យ​គឺ សីល១, ទ្រព្យ​គឺ​ហិរិ១, គឺ​ឱតប្ប១ គឺ​សុត​១, គឺចាគ១, ទ្រព្យ​ជា​គំរប់​៧ គឺ​បញ្ញា​១, មាន​ដល់​បុគ្គល​ឯណា ទោះ​ជា​ស្រ្តី​ក្តី, បុរសក្តី, អ្នក​ប្រាជ្ញ​ទាំង​ឡាយ ហៅ​នូវ​បុគ្គល​នោះ​ថា ពុំ​មែន​មនុស្ស​ក្រខ្សត់​ឡើយ ជីវិត​របស់​អ្នក​នោះ ពុំ​បាន​សោះ​សូន្យ​ទទេ ហេតុ​ដូច្នោះ​បុគ្គល​ជា​អ្នក​ប្រាជ្ញ កាល​នឹក​រលឹក​នូវ​ពាក្យ​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទាំង​ឡាយ​ហើយ​ចូល​ ប្រកប​រឿយៗ​នូវ​សទ្ធា​នឹង​សីល នូវ​កិរិយា​ខើញ​នូវ​បសាទ​ធម៌​នេះ​ហោង ៕

សត្តធន​សុត្តំនិដ្ឋិតំ ចប់​សត្តធនសូត្រ​តែ​ប៉ុណ្ណេះ 
ប្រភព http://www.budinst.gov.kh/?q=node/194

វិធី​តុប​តែង​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​ចម្រើន​ឡើង នៅ​ក្នុង​នគរ​កម្ពុជា

ដើម្បី​នឹង​បាន​តប​ស្នង​ឆ្លង​សទ្ធា របស់​ព្រះ​រាជ​បណ្ណាល័យ​ ដែល​បាន​ផ្សាយ​ធម៌​នឹង​វិន័យ​ច្រើន​មុខ​​នៅ​នា​នគរ​ខេមរ​នេះ ជា​សេចក្ដី​ប្រយោជន៍​ធំ​ដល់​កល្យាណ​សប្បុរស​ទាំង​អស់​គ្នា ខ្ញុំ​សូម​អធិប្បាយ​ជា​បែប​ខ្លី​ៗ អំពី​ព្រះ​ពុទ្ធ​សាសនា ក្នុង​នគរ​កម្ពុជា​យើង​នេះ ។
បពិត្រ​សាធុ​ជន​ទាំង​ឡាយ សាសនា​​ព្រះ​ឈ្នះមារ​ជា​ម្ចាស់​ក្នុង​បូរី​យើង​សព្វ​ថ្ងៃ​នេះ ពុំ​បាន​រុងរឿង​វិសេស​ប៉ន្មាន​ទេ ព្រះ​ពុទ្ធសាសនា​ដែល​បាន​ថ្កុងថ្កើង​រុងរឿង​ឡើង​ដោយ​សារ​តែ​ពុទ្ធិបរិស័ទ​ឈឺ ​ឆ្អាល​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ គោរព​ប្រតិបត្តិ​ធម៌​និង​វិន័យ ត្រឹម​ត្រូវ​ត្រង់​តាម​ពុទ្ធោវាទ សម​នឹង​សេចក្ដី​ដែល​មាន​ក្នុង​បច្ឆុមពុទ្ធវចន​ ដែល​ព្រះ​អណាវរញាណ​បាន​ប្រារព្ធ ចំពោះ​នឹង​ព្រះ​អានន្ទ នៅ​ក្នុង​នគរ​កុសិនារា ។
ខ្ញុំ​មាន​ចិត្ត​សង្ស័យ​ណាស់ ហេតុដូចម្ដេច​បាន​ជា​នគរ​ខ្មែរ​យើង សាសនា​ព្រះ​ភគវន្តមុនី​សាស្ដា​ពុំ​បាន​ប្រសើរ​ប៉ុន្មាន តាម​សេចក្ដី​អត្តកាត់​ប្រមាណ​ស្មាន​របស់​ខ្ញុំ យល់​ឃើញ​ថា ដូច​នេះ ។
ប្រការ ១- ពួក​ប្រាជ្ញរាជ​បណ្ឌិត​ជាតិ​ខ្មែរ​មាន​តិច​ណាស់
ប្រការ ២- ពួក​ប្រាជ្ញ​រាជ​បណ្ឌិត​នោះ ពុំ​មាន​ធម៌​សាមគ្គី​សម​គ្គារស​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​កិរិយា​សម្ដែង​ចែង​អធិប្បាយ​ផ្សាយ​ធម៌​នឹង​វិន័យ ។
ប្រការ ៣- ពុទ្ធសាសនិក​ជន​មាន​លទ្ធិ មាន​ប្រកាន់​អួត​អាង​ថា​ខ្លួន​សិក្សា​ធម៌​វិន័យ​ត្រឹម​ត្រូវ​ហើយ តាម​បង្គាប់​របស់​គ្រូ​អាចារ្យ​អំពី​ដើម​រៀង​មក ។
ប្រការ ៤- ពុទ្ធសាសនិក​ជន​នោះ បែក​ទៅ​ជា​ពួក​ជា​កង​ជា​និកាយ ពុំ​មាន​ចិត្ត​វិស្សារាប់​អាន​គ្នា ហេតុ​ទាំង ៤ ប្រការ​នេះ​ជា​ប្រធាន ធ្វើ​ឲ្យ​សាសនា​ព្រះ​អនា​វរញាណ​ពុំ​ចម្រើន​កើន​ឡើង​ឲ្យ​ជា​ភិយ្យោភាព​ ក្រៃលែង​តទៅ​ទៀត​បាន ។
សប្បុរស​គប្បី​យល់​ថា​តម្រិះ​វិជ្ជា កើត​មាន​មក​អំពី​សូត្រ​រៀន​ដូច​មាន​បូរាណ​ភាសិត​មួយ​ថា ចេះ​មក​ពី​រៀន មាន​មក​ពី​រក​ក្នុង​នគរ​ខ្មែរ​យើង​មាន​​សាលា​បរិយត្តិ​បាលី​មួយ ជា​ទី​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​បរិបូណ៌​ច្រើន​ឡើង ដើម្បី​នឹង​បាន​ជួយ​ពត់​តម្រង់​ព្រះ​ពុទ្ធ​សាសនា ព្រះ​វិន័យ​បិដក​សឹង​មាន​ក្នុងមន្ទីរ​នោះ​គ្រប់​គ្រាន់​ល្មម​ប្រើ​ការ​បាន​ ដោយ​ងាយ​ស្រួល​ណាស់ គួរ​យើង​ទាំងអស់​គ្នា​សូត្រ​រៀន​ព្រះ​បរិយត្តិ​ឲ្យ​ចេះ​ដឹង ប្រឹង​ជួយ​សាលា​បាលី​ដែល​ជា​អាយុ​ព្រះ​ពុទ្ធ​សាសនា ជា​រាជ​កេរ្តិ៍​របស់​ព្រះ​ករុណា​បរម​រាជា​នុកោដ្ឋ​ជា​ម្ចាស់​ជីវិត​យើង បុប្ផា​ផ្កា​ទាំង​ឡាយ​ស្រស់​ល្អ​ស្រួល​ក្នុង​វេលា​ដែល​ដើម​រុក្ខា​មាន​ជីវិត ​រស់​នៅ បើ​ប្រសិន​ណា​ជា​ដើម​រុក្ខា​ត្រូវ​កំដៅ​ព្រះ​អាទិត្យ​ខ្លាំង​បេក ស្លាប់​ទៅ​កាល​ណា​បុប្ផា​ទាំង​ឡាយ​នោះ នឹង​ស្រពោន​ស្រទន់​ស្លោក​រុសរាយ​លើ​បថវីថាន​ពុំ​ខាន បាន​សេចក្ដី​គណនា​ឧបមា​បីដូច​ជា​សាលា​បរិយត្តិ បើ​ពុំ​បាន​រុង​រឿង​តទៅ ព្រះ​ពុទ្ធសាសនា​ក៏​សឹង​វិនាស​បន្តិច​ម្ដង​ៗ​ពី​នគរ​ខ្មែរ​យើង ហេតុ​យើង​គប្បី​ពិចារណា​ឲ្យ​បាន​ផូរផង់​ឆ្ងាយ​ទូលាយ នឹង​បាន​ឃើញ​យល់​នៅ​ប្រយោជន៍​របស់​សាលា​នេះ​បុគ្គល​ណាមួយ​មាន​ចិន្ដា​សទ្ធា​ ជួយ​ជ្រំជ្រែង សាលា​បាលី​បុគ្គល​នោះ​ខ្ញុំ​ហាន​ពោល​ថា​បាន ធ្វើ​បដិបត្តិ​បូជា​ដល់​សម្ដេច​ព្រះ​ជិន​ស្រី​ម្ចាស់​លោក ។
ក្នុង​ច្បាប់​នា​គ្រប់​ប្រទេស​គ្រប់​តំបន់ ដែល​សម្រាប់​ប្រៀន​ប្រដៅ​បណ្ដា​រាស្ត្រ នោះ​គេ​តែង​រំឭក​ដល់​ធម៌​សាមគ្គី​សាមគ្គា គឺ​សេចក្ដី​ព្រម​ព្រៀង​គ្នា​ក្នុង​កិរិយា​ធ្វើ​ការ​និមួយ​ៗ សេចក្ដី​ព្រម​ព្រៀង​គ្នា​នាំ​មក​នូវ​សេចក្ដី​សុខ បណ្ដាល​សេចក្ដី​ចម្រើន​ឲ្យ​កើន​ឡើង ធម៌​នេះ​អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត​ក្នុង​ខេមរមណ្ឌល​ពុំសូវ​មាន​ គួរ​ណាស់​គិត​ឃើញ​ថា អាត្មា​អញ​ពុំ​ស្គាល់​ធម៌​វិន័យ​ឲ្យ​បាន​អស់​លក្ខណ​ទេ​មាន​គេ​ឯ​ទៀត​ដែល​គេ​ បាន​សិក្សា​ច្រើន​ចេះ​ជាង​អាត្មា​អញ គួរ​អញ​រាប់​អាន​គេ ដើម្បី​នឹង​បាន​សង្គ្រោះ ជួយ​ជ្រោមជ្រែង​ពួក​ខ្លៅ​ល្ងង់​កុំ​ឲ្យ​អវិជ្ជា​មក​គ្រប់​សង្កត់​ពេក អ្នក​ប្រាជ្ញ​ណា​គិត​បែប​នេះ ខ្ញុំ​ពោល​ថា​អ្នក​ប្រាជ្ញ​នោះ​បាន​ធ្វើ​បដិបត្តិ​បូជា​ហើយ​ដល់​ព្រះ​ដ៏​មាន ​បុណ្យ​អនន្តគុណ​ជា​ម្ចាស់​លើ​ត្រៃ​ភព ។
ពុទ្ធ​សាសនិក​ជន​ទាំង​អស់​សិក្សា​ធម៌​វិន័យ​អំពី​សំណាក់​សាស្តាចារ្យ​ផ្សេង​ ៗ គ្នា មាន​គ្រូ​អាចារ្យ​ខ្លះ​ក៏​ចេះ​ធម៌​អាថ៌​ជ្រៅជ្រះ​ជម្រះ​មន្ទិល​សង្ស័យ​បាន មាន​ខ្លះ​ចេះ​ស្ដួច​ស្ដើង ហើយ​ដំកើង​ដំឡើង​ស័ក្ខិ​ខ្លួន​ជា​អ្នក​ចេះ​ដឹង​ពហុសូត្រ ប្រឹង​ប្រដៅ​ឲ្យ​កូន​សិស្ស​ប្រតិបត្តិ​តាម​ក្បួន​ខ្នាត​កម្លៅ​របស់​ខ្លួន​ ជួន​ត្រូវ​ជួន​ខុស ចំណែក​ខាង​កុលបុត្រ​វិញ ក៏​ប្រឹង​ប្រែង​ជឿ​គ្រូ​អស់​ពី​ពោះ អួត​ប្រាប់​គេ​ថា​គ្រូ​អាត្មា​ចេះ​នាស់ ជួន​កាល​ប្រព្រឹត្ត​លើ​ខុស​បង់ ប្រកាន់​ថា​ជា​ត្រូវ​តម្រូវ​តាម​ឱវាទ​គ្រូ​បាធ្យាយ កុល​បុត្រ​ធ្វើ​បែប​នេះ កុល​បុត្រ​នោះ ឈ្មោះ​ហៅ​ថា​ ធ្វើ​បញ្ញា​ពុំ​ឲ្យ​មាន​រស្មី ហៅ​ថា​មនុស្ស​គ្មាន​តេជ​ក៏​បាន កុបុត្រ​ទាំង​អស់​គ្នា​ត្រូវ​គិត​ឲ្យ​ឃើញ​ថា ពាក្យ​ឯណា ដែល​ពោល​ទៅ​ហើយ​នាំ​នៅ​សេចក្ដី​សុខ​ដល់​រូប​អ្នក​ដទៃ នឹង​រូប​អាត្មា ពាក្យ​នេះ​ជា​ពាក្យ​ត្រូវ កិរិយា​ធ្វើ​ទាន​សីល​ភាវនា​ឯ​ណា​១​ដែល​ត្រឹម​ត្រូវ​តាម​ពុទ្ធ​បញ្ញត្តិ នឹង​ពុទ្ធានុញ្ញាត គ្មាន​ច្រឡំ​ច្រឡូក​នឹង​សាសន៍​ដទៃ កិរិយា​នោះ​ហៅ​ថា​របស់​ពុទ្ធបរិស័ទ​ពិត​ប្រាកដ កុលបុត្រ​ណា​គិត​ឃើញ​ដូច​នេះ​ កុលបុត្រ​នោះ​ខ្ញុំ​ពោល​ថា បាន​ធ្វើ​បដិបត្តិ​បូជា​ដល់​ព្រះ​បរម​គ្រូ​លោក​នាថ​សាស្តា​លើ​ទេវតា​មនុស្ស​ យក្ស​ទាំង​ឡាយ ។
កុលបុត្រ​អួត​អាង​​ប្រកាន់​ដោយ​រៀង​ខ្លួន​​នៅ​គ្រូ​អាចារ្យ​នាំ​បំបែក​ទៅ​ជា ​ពួក ម្លោះ​ហើយ​សាមគ្គី​សាមគ្គា​មាន​ទៅ​ដោយ​ពួក​ ដោយ​កង​ដូច​ជា​បណ្ដា​រាស្ត្រ​ចិន មិន​ទួទៅ​មិន​ចេះ​ស្រឡាញ់​រាប់​អាន​អ្នក​នៅ​ក្នុង​ម្លប់​សាសនា​ជា​មួយ ធ្វើ​បែប​នេះ​ហៅ​ថា​មនុស្ស​ពុំ​ចេះ​ស្រឡាញ់​ជាតិ បើ​ប្រសិន​ណា​ជា​យើង​នាំ​គ្នា​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​យើង​ដូច​នេះ​ត​រៀង ​ទៅ ព្រះ​ពុទ្ធ​សាសនា​​នឹង​វិនាស​អន្តរាយ​ដោយ​ស្នាដៃ​របស់​យើង​ពុំ​ខាន ។ ខ្ញុំ​សូម​លើក​យក​វត្ថុ​និទាន​មួយ​មក​អធិប្បាយ​ជូន​មហា​សប្បុរស​ទាំង​អស់​ គ្នា គ្រាន់​ជា​ទី​សណ្ដាប់​គិត​ត​ទៅ​កាល​ក្រោយ​ៗ​ទៀត ។
សេចក្ដី​អធិប្បាយ​ថា កាល​ពី​អតីត​ប្រព្រឹត្ត​កន្លង​ទៅ​ហើយ​មាន​ពាណិជ្ជ ១០០ នាក់ នាំ​ទំនិញ​ទៅ​លក់ បើក​ភត្រា​ឆ្ពោះ​ទៅ​កាន់​នគរ​មួយ លុះភេត្រា​បាន​ដល់​កណ្ដាល​មហា​សមុទ្រ​កាល​ណា ក៏​កើត​ហេតុ​វិវាទ​ឈ្លោះ​គ្នា ក្នុង​វិធី​គិត​ប្រាក់​ចំណូល​ចំណាយ ម្លោះ​ហើយ​ពួក​ពាណិជ្ជ​ក៏​ពុំ​បាន​សេចក្ដី​សុខ​រៀង​ខ្លួន​ឡើយ ខ្លះ​ចូល​ចិត្ត​ថា គួរ​នាំ​ទំនិញ​បក​ត្រឡប់​មក​គេហដ្ឋាន​វិញ​ខ្លះ​ថា​គួរ​នាំ​ទំនិញ​ទៅ​លក់​ឲ្យ ​ងស់​សិន​ទើប​នឹង​គិត​គ្នា​ជា​ក្រោយ​ទៀត ប្រកែក​ជជែក​គ្នា​ទៅ​វិញ​ទៅ​មក ទោស​គឺ​ខឹង​ក៏​មាន​ឡើង​រាល់​ខ្លួន អ្នក​ខ្លះ​ស្ទុះ​ទៅ​សម្រូត​ក្ដោង​ផ្ដាច់​ខ្សែ​សាវ អ្នក​ខ្លះ​ចែវ​ភេត្រា​ទៅ​កាន់​ខាង​មុខ អ្នក​ខ្លះ​ចែវ​ចំពោះ​ថយ​មក​ក្រោយ ភេត្រា​ទៅ​ណា​ពុំ​រួច លុះ​ព្រះ​អាទិត្យ​ជិត​អស្ដង្គត់​វេលា​ណា ព្ធ​ដ៏កាល​​នោះ​មាន​វាយោ​ពាយុ​១​យ៉ាង​ធំ មក​បក់​ផាត់​សំពៅ​នោះ​ធ្លុះ​ធ្លាយ​លិច​ទៅ ឯ​ពួក​ពាណិជ្ជ​ទាំង ១០០ នាក់ ក៏​បាន​ទៅ​ជា​ចំណី​របស់​ត្រីឆ្លាម​ថ្ករពិន្ទ​ក្នុង​មហា​សមុទ្រ​ជ្រៅ ។
សប្បុរស​ស្ដាប់​រឿង​នេះ​ចុះ ឯ​សំពៅ​នោះ​មាន​ឧបមា​បីដូច​​ជា​ព្រះ​ពុទ្ធ​សាសនា ពួក​ពាណិជ្ជ​ទាំង ១០០ នាក់ ដូច​ជា​ពុទ្ធសាសនិកជន​រាល់​គ្នា បញ្ជី​ដូច​ជា​កិរិយា​ប្រតិបត្តិ​ដល់​ធម៌​នឹង​វិន័យ បើ​ប្រសិន​ណា​ជា​យើង​គ្មាន​សេចក្ដី​រាប់​អាន​គ្នា​ពឹង​គ្នា រក​គន្លង​ពិត​របស់​ពុទ្ធភាសិត ប្រព្រឹត្ត​តែ​គិត​រក​ហេតុ​ថ្កើង​រឿង​សាសនា​ព្រះ​សាក្យមុនីគោតម​បរម​គ្រូ នឹង​វិនាស​ឆាប់​ដូច​ជា​ភេត្រា​របស់​នាយ​ពាណិជ្ជ ឯ​រូប​អាត្មា​យើង​រក​សេចក្ដី​សុខ​បាន​មក​ពី​បទ​ណា ក្នុង​ឥធលោក​និង​បរលោក​នាយ យើង​សោយ​ទុក្ខ​វេទនា​ដូច​ពាណិជ្ជ ក្នុ​ពោះ​សត្វ​ត្រី​ក្នុង​សមុទ្រ ។
ខ្ញុំ​ពន្យល់​អំពី​របៀប​ធ្វើ​ព្រះ​ពុទ្ធ​សាសនា ឲ្យ​ចម្រើន​ឡើង​ពុំ​ទាន់​បរិបូណ៌​អស់​សេចក្ដី​នៅ​ឡើយ ប៉ុន្តែ​ខ្ញុំ​សូម​សមតិ​ចាត់​ថា​ជា​ចប់​ចុះ តាម​សម័យ​ខ្ញុំ​មាន​ពេល​ខ្លី​ពេក​ណាស់ ប៉ុន្តែ​មុន​ឈប់​អធិប្បាយ​នេះ ខ្ញុំ​សូម​ធ្វើ​បណាម​១ រំឭក​ដល់​ព្រះ​ករុណា​ស៊ីសុវត្ថិ៍​បរមរាជានុកោដ្ឋ និង​ដល់​គុណ​វិសេស​របស់​ព្រះ​រាជ​បណ្ណាល័យ​ជា​បទ​ឃ្លោង​ខាង​ក្រោម​នេះ ។
អហំ​តាំង​ថា ខ្ញុំ​សូម​បង្គំ​ដោយ​ហត្ថា ដល់​ព្រះ​មហាករុណា​ក្សត្រ ខត្តិយាស៊ីសុវត្ថិ៍ ។ បរមរាជានុកោដ្ឋ ព្រះ​ទ័យ​សោត​ល្អ​​សែន​ថ្វាត់ ព្រះ​បញ្ញា​ថ្លា​ក្ដាត់ បាន​ចាត់​ចែង​តែង​សាសនា ។ បង្កើត​បណ្ណាល័យ ជា​និស្ស័យ​នៃ​បណ្ដា ពុទ្ធ​បរិសទ្យា នាំ​បញ្ញាញាណ​សម្ភារ ។ ព្រះ​រាជបណ្ណាល័យ​វិស័យ​ក្រៃ​ក្រពារ​នា ផ្សាយ​ធម៌​វិន័យា កើន​លាភាជន​ទាំង​ឡាយ ។ ប្រៀប​ធៀប​ដូច​ព្រះ​ច័ន្ទ្រ​រះ​ចាក់​ស្បាន់​ស្រស់​ក្បស់​ក្បាយ កណ្ដាល​ស្រុក​យើង​អាយ កើត​សប្បាយ​កាយមុហិមា ។ កំចាត់​បំបាត់​សោក ទាំង​ងងុយ​ងោក​រោគ​អវិជ្ជា ចេះ​ស្គាល់​ដល់​ធម្មា វិន័យ​ត្រឹម​ត្រូវ​ត្រង់ ។ សាសនា​ព្រះ​សម្ពុទ្ធ ចៅចោម​ម្កុដ​ល្អ​កន្លង នឹង​បាន​ធំ​ចម្បង ដូច​បំណង​អ្នក​រាល់​គ្នា ដែល​កបដួងទ័យា ជួយព្យាបាល​បណ្ណាល័យ ។ ទិញ​សៀវភៅ​សូត្រ​រៀន ទុក​ទូន្មាន​ប្រៀន​ដួង​ចៃ ឲ្យ​ស្គាល់​រាល់​តម្លៃ វចន​ថ្លៃ​ព្រះ​សាស្ដា​ ។ សព្វ​ទុក្ខ​នឹង​សព្វ​លោក ទាំង​សព្វរោគ​ដ៏​ហាន​ក្លា កុំ​បី​ពាល់​កាយ ដល់​មហា​ជន​រាល់​អង្គ ។ ទេវតា​ក្នុង​លោក​ធាតុ សូម​ខ្មី​ឃ្មាត​ឆ្លៀត​តម្រង់ ធ្វើ​សាសនា​ឲ្យ​ត្រង់ ត្រូវ​គន្លង​ទំនង​ខ្នាត ។ ធ្វើ​ចិត្ត​អស់​សត្វ​លោក ពុំ​ស្មោក​គ្រោក​ខំ​ឱហាត រៀន​សូត្រ​សិល្ប៍​សាស្ត្រ សង្វាត​គិត​ការ​ល្អ​ហើយ ។ 
ប្រភព http://www.budinst.gov.kh/?q=node/201

ធម្មវិភាវិនី

ព្រះ​គ្រូ​សុវឌ្ឍញ្ញាណ សូរ - ហាយ ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក
រៀប​រៀង
ប្រែ​តាម​អត្ថ​នឹង​វីគ្គហៈ​របស់​ធម្មៈ
ពាក្យ​ថា​ធម្មៈ​ឬ​ធម៌​ព្រះ​សម្ពុទ្ធ​ទ្រង់​សំដែង​សំដៅ​យក​សេចក្ដី​ច្រើន​ យ៉ាង​ដែល​ធ្លាប់​មាន​ប្រាកដ​មក​ក្នុង​គម្ពីរ​ព្រះ​សូត្រ​ព្រះ​វិន័យ នឹង​ព្រះ​អភិធម្ម​ដោយ​ច្រើន ពាក្យ​នេះ​ហាក់​ដូច​ជា​សម្រាប់​ប្រើ​សាធារណៈ​ក្នុង​ទី​ផ្សេង ៗ ស្រេច​ហើយ​តែ​នឹង​សមរម្យ​ទៅ​តាម​ដំណើរ​សេចក្ដី​ដូច​ត​ទៅ​នេះ៖
១ - ធម្មៈ ប្រែ​ថា « សភាវៈ​គឺ​សេចក្ដី​ពិត ឬ​ថា​ចិត្ត​នឹថ​ចេតសិក​ខាង​កុសល, អកុសល​នឹង​អព្យាកតៈ » ដូច​បទ​ថាៈ កុសលា ធម្មោ​អកុសលា ធម្មា អព្យាកតា ធម្មា ។
២ - ធម្មៈ ប្រែ​ថា « ប្រាជ្ញា » ដូច​បទ​ថាៈ សច្ចំ ធម្មោធិតិ នាកោ, សច្ចៈ ធម្មៈ ធិតិ ចាគៈ ( នេះ​ជាយ​រាវាស​ធម៌ ) ពាក្យ​ថា​ធម្មៈ ក្នុង​ទី​នេះ ជា​ឈ្មោះ​ប្រាជ្ញា ។
៣ - ធម្មៈ ប្រែ​ថា « ប្រាជ្ញា » ដូច​បទ​ថាៈ ធម្មោ ហវេ រក្ខតិ ធម្មចារី បុណ្យ​ហ្នឹង​ឯង​រមែង​រក្សា​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌ ។
៤ - ធម្មៈ ប្រែ​ថា « បញ្ញត្តិ ឬ​លំនាំ​ភាសា​គឺ​ច្បាប់​ដែរ​គេ​តាំង​ទុក​នឹង​លំនាំ​សំឡេង » ដូច​បទ​ថាៈ បញ្ញត្តិ​ធម្មា និរុត្តិ​ធម្មា ធម៌​គឺ​បញ្ញត្តិ ធម៌​គឺ​លំនាំ​ភាសា ។
៥ - ធម្មៈ ប្រែ​ថា « អាបត្តិ » ដូច​បទ​ថាៈ ចត្តារោ ងារាជិកា ធម្មា អាបត្តិ​បារាជិក ៤ ។
៦ - ធម្មៈ ប្រែ​ថា « បរិយត្តិ​គឺ​ការ​សិក្សា » ដូច​បទ​ថាៈ ឥធ ភិក្ខវេ ធម្មំ បរិយោបុណាតិ សុត្តំ គេយ្យំ ។ ល ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ភិក្ខុ​ក្នុង​សាសនា​នេះ​តែង​រៀន​នូវ​បរិយត្តិ​គឺ​ សុត្ត តេយ្យ ។ល ។
៧ - ធម្មៈ ប្រែ​ថា « ទេសនា » ដូច​បទ​ថាៈ ធម្មំ វោ ភិក្ខវេ ទេសិស្សាមិ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នឹង​សំដែង​ធម៌​ទេសនា​ចំពោះ​អ្នក​ទាំង​ឡាយ ។
៨ - ធម្មៈ ប្រែ​ថា « និស្សត្តិនិជ្ជីវៈ គឺ​សភាវៈ មិន​មែន​ជា​សត្វ មិន​មែន​ជា​ជីវិត » ដូច​បទ​ថាៈ តស្មឹ ខោ បន សមយេ ធម្មា ហោន្តិ សភាវៈ​ដែល​មិន​មែន​ជា​សត្វ​ជា​បុគ្គល មិន​មែន​ជា​ជីវិត រមែង​មាន​ក្នុង​សម័យ​នោះ​េង ។
៩ - ធម្មៈ ប្រែ​ថា « ប្រក្រតី, ធម្មតា » ដូច​បទ​ថាៈ អនិច្ចា វត សង្ខារា ឧប្បទវយធម្មិនោ ឱហ្ន៎​សង្ខារ​ទាំង​ឡាយ​មិន​ទៀង​មាន​ការ​កើត​ឡើង​នឹង​សូន្យ​ទៅ​ជា​ប្រក្រតី​ឬ ​ជា​ធម្មតា ។
១០ - ធម្មៈ ប្រែ​ថា « វិការៈ​គឺ​របស់​ប្រែ​ប្រួល » ដូច​បទ​ថាៈ វយធម្មា សង្ខារា សង្ខារ​ទាំង​ឡាយ មាន​ការ​សាប​សូន្យ​ជា​គ្រឿង​ប្រែប្រួល ។
១១ - ធម្មៈ ប្រែ​ថា «គុណ​ឬ​ពរ » ដូច​បទ​ថាៈ ន ហិ ធម្មោ អធម្មោ ច ឧភោ សមវិបាកិនោ, ចត្តារោ ធម្មា វឌ្ឍន្តិ សភាវៈ​ពីរ​យ៉ាង​គឺ​គុណ ១ ទោស ១ ឲ្យ​ផល​មិន​ស្រប​គ្នា​ទេ, ពរ ៤ ប្រការ​រមែង​ចំរើន ។
១២ - ធម្មៈ ប្រែ​ថា « ការ​ប្រព្រឹត្តិ​មាន​សណ្ដាប់​ធ្នាប់​ល្អ ឬ​ឫកពា » ដូច​បទ​ថាៈ សីលវា កល្យាណ​ធម្មោ បុគ្គល​មាន​សីល​មាន​សណ្ដាប់​ធ្នាប់​ល្អ ។ សោតា​បន្នោ អវិនិបាតធម្មោ សោតាបន្ន​បុគ្គល​មាន​សណ្ដាប់​ធ្នាប់​មិន​ធ្លាក់​ចុះ ។ ពាលា ធម្មា បណ្ឌិតា ធម្មា ឫកពា​ជា​របស់​ជនពាល ជា​របស់​បណ្ឌិត ។
១៣ - ធម្មៈ ប្រែ​ថា « សមាធិ » ដូច​បទ​ថាៈ ភាវិតធម្មោ កតសមណ​ធម្មោ មាន​សមាធិ​ចំរើន​ហើយ មាន​សមាធិ​បរិកម្ម​ស្រេច​ហើយ ។
១៤ - ធម្មៈ ប្រែ​ថា « បច្ចុប្បន្ន » ដូច​បទ​ថាៈ ធម្មដ្ឋិតតា ធម្មនិយាមតា ស្ថិត​នៅ​ឬ​កំណត់​នៅ​ក្នុង​បច្ចុប្បន្ន ។ ទិដ្ឋិធម្មិកោ អត្ថោ ប្រយោជន៍​បច្ចុប្បន្ន ។
១៥ - ធម្មៈ ប្រែ​ថា « ហេតុ ឬ​ប្រវេណី » ដូច​បទ​ថាៈ ធម្មប្បដិសម្កិទា ធម្មញ្ញតា បែក​ធ្លាយ​ប្រាជ្ញា​ក្នុង​ហេតុ ដឹង​ច្បាស់​ហេតុ ។ ឯសំ ធម្មោ សនន្តនោ ប្រវេណី​នេះ ជា​របស់​មាន​មក​ក្នុង​កាល​មុន ។
១៦ - ធម្មៈ ប្រែ​ថា « សាសនា » ថា « សេចក្ដី​ពិត » ដូច​បទ​ថាៈ ស្វាក្ខាតោ ធម្មោ សាសនា​មាន​លំអ​បទ​ដើម​ឬ​ពីរោះ​បទ​ដើម ។ ញេយ្យធម្មោ ញាត​ធម្មោ សេចក្ដី​ពិត​ដែល​តថាគត​គប្បី​ដឹង សេចក្ដី​ពិត​ដែល​តថាគត​ដឹង​ហើយ ។ ធម្មានុធម្មប្បដិបន្នោ បុគ្គល​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​សមគួរ​ដល់​សេចក្ដី​ពិត ។
១៧ - ធម្មៈ ប្រែ​ថា « បរមត្ថសច្ច » ថា « មគ្គផល - និព្វាន » ដូច​បទ​ថាៈ ទិដ្ឋធម្មោ បត្តធម្មោ បាន​ឃើញ​បរមត្ថសច្ច បាន​លុះ​បរមត្ថសច្ច ។ ភធិគតោ ខោ ធម្មោ មគ្គផល និព្វាន​តថាគត​បាន​ហើយ ។ ឧទាហរណ៍ ដែល​សំដែង​មក​នេះ​ជា​សេចក្ដី​រួប​រួម​អត្ថ​របស់​ពាក្យ​ថា​ធម្មៈ​ប៉ុណ្ណេះ ។
លំដាប់​ពី​នេះ​នឹង​ពោល​អំពី​វិគ្គហៈ របស់​ធម្ម ត​ទៅ​ទៀត ធម្មស័ព្ទ​នេះ​មាន​វិត្គហៈ ច្រើន​យ៉ាង តែ​ក្នុង​ទី​នេះ នឹង​ស្រង់​យក​ត្រឹម ៥ យ៉ាងៈ
១ - ចក្ខុសុ អងាយេសុ សំសារេ សត្តេ អបតមានេ នារេតីតិ ធម្មោ សភាព​គឺ​សេចក្ដី​ពិត​ឯ​ណា រមែង​ទ្រទ្រង់​នូវ​សត្វ​ទាំង​ឡាយ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​ទាំង ៤ ឬ​ក្នុង​សំសារវដ្ត​សភាព​នោះ​ឈ្មោះ​ថា​ធម៌ ។
២ - សលក្ខណំ នារេតីតិ ធម្មោ សភាព​ឯ​ណា​រមែង​ទ្រទ្រង់​ទុក​នូវ​លក្ខណៈ​របស់​ខ្លួន​គឺ​កុសល​ទាំង ៤ មាន​កាមាវចរ​កុសល​ជា​ដើម សភាព​នោះ​ឈ្មោះ​ថា​ធម៌ ។
៣ - បាបកេ អកុសលេ ធម្មេ ធុនាតីតិ ធម្មោ សភាព​ឯ​ណា​រមែង​កំចាត់​នូវ​អកុសល​ធម៌​ដ៏​លាមក​ចេញ ( ចាក​ខន្ធ​សន្ដាន ) សភាព​នោះ​ឈ្មោះ​ថា​ធម៌ ។
៤ - សោតា​បន្នោទីហិ អរិយេហិ នារិយតីតិ ធម្មោ ​សភាព​ឯ​ណា​ដែល​ព្រះ​អរិយ​ទាំង​ឡាយ មាន​ព្រះ​សោតា​បន្ន​បុគ្គល​ជា​ដើម តែង​ទ្រទ្រង់​ទុក ( ចាំ​ទុក​ក្នុង​សន្ដាន ) សភាព​នោះ​ឈ្មោះ​ថា​ធម៌ ។
៥ - យថា​នុសិដ្ឋំ បដិបជ្ជមានេ ចតូសុ អបាយេសុ អបតមានេ សត្តេ កត្វា ធារេតីតិ ធម្មោ សភាព​ឯណា​ទ្រទ្រង់​ធ្វើ​នូវ​ពួក​សត្វ​ដែល​ប្រតិបត្តិ​សមគួរ​ដល់​ពាក្យ​ប្រៀន ​ប្រដៅ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​ទាំង ៤ សភាព​នោះ​ឈ្មោះ​ថា​ធម៌ ។
អត្ថ​នឹង​វិគ្គហៈ របស់​ធម្មៈ ដូច​ពោល​មក​នេះ​ជា​សេចក្ដី​ជ្រាល​ជ្រៅ​ទៅ​តាម​បែប​ហួស​វិស័យ​សោត​វិញ្ញាណ​ របស់​អ្នក​ដែល​មិន​បាន​រៀន បែប​ផែន​ប្រែ​បាលី តែ​ទុក​ជា​យ៉ាង​ណា​ក៏​គង់​យល់​សេចក្ដី​ខ្លះ​ពុំ​ខាន ។ ពាក្យ​ថា​ធម្មៈ​ឬ​ធម៌​មួយ​ម៉ាត់​នេះ បើ​ទុក​ជា​មិន​មាន​បទ​គុណ​ស័ព្ទ គឺ​កុសល​ឬ​អកុសល​នៅ​ជិត​ខាង គង់​យើង​សង្កេត​យល់​បាន​តាម​ដំណើរ​សេចក្ដី ។ ធម្ម​ស័ព្ទ​នេះ​កម្រ​នឹង​និយាយ​ឲ្យ​ច្បាស់ ប្រែ​ស្រាយ​ឲ្យ​ចំ​មក​ជា​ពាក្យ​ខ្មែរ​យើង​បាន ដំណើរ​នេះ​ជា​វិស័យ​របស់​អ្នក​រៀន​វិធី​ប្រែ​បាលី​ទើប​អាច​នឹង​យល់​បាន​ដោយ​ ងាយ ប៉ុន្តែ​អ្នក​ដែល​មិន​បាន​រៀន​របៀប​ប្រែ​បាលី​ក៏​គង់​មាន​ន័យ​ក្នុង​ផ្ទៃ​ សេចក្ដី​នោះ ៗ បើក​ឱកាស​ឲ្យ​យល់​បាន ដូច​យល់​ថា​នេះ​ជា​ភាវេតព្វ​ធម៌ ( ធម៌​គួរ​ចំរើន ) នេះ​ជា​បហាគព្វ​ធម៌ ( ធម៌​គួរ​លះបង់ ) តែ​ប៉ុណ្ណេះ​ក៏​អាច​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​សាសនា​ធម៌​បាន ឬ​ធម៌​ដែល​មាន​មក​ក្នុង​ពួក​ផ្សេង ៗ យើង​អាច​សន្និដ្ឋាន​បាន​ឥត​ភ័ន្តច្រឡំ​ថា នេះ​ជា​ធម៌​ដ៏​ល្អ នេះ​ជា​ធម៌​ដ៏​លាមក​ដូច្នេះ​ជា​ដើម ។
សេចក្ដី​របស់​ធម្មៈ ដែល​មាន​ក្នុង​អត្ថ​នឹង​វិគ្គហៈ ដូច​ពោល​មក​នេះ​សំដៅ​យក​វត្ត​ចរិយា​ដែល​គួរ​ប្រព្រឹត្ត​បាន​ទាំង​ផ្លូវ​លោក​ ផ្លូវ​ធម៌ ឬ​សេចក្ដី​ល្អ​ដែល​ជា​ច្បាប់​ម្យ៉ាង សម្រាប់​បន្ថយ​កំឡាំង​សេចក្ដី​អាក្រក់​របស់​ពួក​មនុស្ស ដើម្បី​លើក​កំឡាំង​សេចក្ដី​ល្អ​ឲ្យ​មាន​បរិបូណ៌ នឹង​បាន​ឈាន​ទៅ​រក​សេចក្ដី​ចំរើន​ឲ្យ​មាន​ដំឡៃ មាន​បែប​ផែន​សណ្ដាប់​ធ្នាប់​ល្អ​ប្លែក​អំពី​ពួក​សត្វ​តិច្ឆាន ព្រោះ​ថា​ការ​បរិភោគ​ក្ដី ដេក​ក្ដី ភិត​ភ័យ​ក្ដី រួម​សំវាស​នឹង​មេថុន​ក្ដី ទាំង ៤ យ៉ាង​នេះ​មាន​ស្មើ​គ្នា ទាំង​មនុស្ស​ទាំង​សត្វ​តិរច្ឆាន​ប៉ុន្មាន ធម៌​ទុក​ជា​ក្រិត្យ​ក្រម​សម្រាប់​ប្រព្រឹត្ត​ឲ្យ​សម​ស័ក្តិ​ជា​មនុស្ស ឬ​ថា​ធម៌​នេះ​ជា​សញ្ញាប័ត្រ​សម្រាប់​មនុស្ស​ក៏​បាន ព្រោះ​ថា​មនុស្ស​យើង​ត្រូវ​តែ​ដំកល់​ខ្លួន​នៅ​ក្នុង​សីលធម៌​ណាមួយ ទុក​ជា​គោល​ដ៏​សំខាន់​សម្រាប់​ត្រកូល​របស់​ខ្លួន​បើ​មិន​ច្រើន​ក៏​តិច ដែល​ហៅ​ថា​ត្រកូល​មាន​ធម៌​ដើម្បី​ជា​តម្រាប់​ដល់​បុត្ត​ធីតា​ត​រៀង​ទៅ កាល​បើ​ប្រាស​ចាក​សីលធម៌​ហើយ​មុខ​ជា​នឹង​រសាត់​អណ្ដែត​ទៅ ប្រទះ​ប៉ះ​ទង្កិច​នឹង​សេចក្ដី​ទុក្ខ​លំបាក ដូច​ចក​នឹង​សំឡី​ដែល​រសាត់​អណ្ដែត​ទៅ​តាម​ខ្យល់ ឬ​ដូច​រថយន្ត​នឹង​នាវា​ដែល​គ្មាន​ចង្កូត​គ្មាន​គ្រឿង​ទប់ មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​សីលធម៌​ខ្ជាប់​ខ្ជួន​នោះ​ដូច​រថយន្ត​នឹង​នាវា​ ដែល​មាន​ចង្កូត មាន​យុថ្កា​សម្រាប់​ទប់ ។
ពិត​ណាស់ ព្រះ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​សំដែង​ទុក​ហើយ​នោះ​ជា​ច្បាប់​ដ៏​ល្អ ​វិសេស សម្រាប់​តម្រូវ​ដល់​ប្រជាជន​ជាតិ​មនុស្ស​គ្រប់​ជាន់ បើក​ឱកាស​ឲ្យ​ប្រព្រឹត្ត​ប្រតិបត្តិ​ជឿ​កាន់ ដើម្បី​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ​ឈម​មុខ​ត្រង់​ទៅ​រក​សេចក្ដី​សុខ​ក្សេម​ ក្សាន្ត​ចៀស​ចាក​គ្រោះ​ថ្នាក់ ទុក្ខ​ភ័យ​តាំង​អំពី​លោក​នេះ រហូត​ដល់​ខាង​មុខ ។
អំពី​ប្រវត្តិ​នឹង​កិត្តិគុណ​របស់​ធម្មៈ​ក្នុង​ពុទ្ធ​សាសនា៖
ធម្មៈ​គឺ​សេចក្ដី​ពិត​តែង​ចាប់​កំណើត​នៅ​ក្នុង​លោក​ជា​ធម្មតា ស្ថិត​នៅ​ជា​ចន្លោះ​នៃ​សេចក្ដី​វិនាស ធម្មតា​វត្ថុ​អ្វី ៗ ទាំង​អស់​ក្នុង​លោក មាន​ប្រាក់​មាស​ជា​ដើម​ដែល​បុគ្គល​តាក់​តែង​សិទ្ធ​សូន​ធ្វើ​ឡើង រមែង​មាន​រូប​ប្រែ​ប្រួល​ទៅ​ផ្សេង ៗ តាម​កាល​សម័យ​ដែល​និយម​រាប់​អាន ជួន​កាល​វត្ថុ​ដែល​មិន​មែន​ជា​ប្រាក់​មាស​សុទ្ធ​ទេ តែ​គេ​ក្រឡៃ​ធ្វើ​ដោយ​ក្លែង​ក្លាយ​ឲ្យ​មាន​ព័ណ៌​ដូច​ប្រាក់​មាស​សុទ្ធ​ក៏​ បាន ប៉ុន្តែ​របស់​ក្រឡៃ​នោះ​មិន​យូរ​ប៉ុន្មាន​នឹង​ប្រាកដ​ដល់​ភ្នែក​អ្នក​ផង​ដែល ​អាច​ដឹង​បាន ។ របស់​នោះ​រមែង​ត្រឡប់​ទៅ​ជា​របស់​ថោក​ទាប​ឥត​ថ្លៃ នាំ​ឲ្យ​ខូច​សេចក្ដី​ប្រាថ្នា​របស់​អ្នក​ត្រូវការ​ទួទៅ ក្នុង​ទី​បំផុត​របស់​ដែល​បន្លំ​នោះ​ប្រែ​ទៅ​ជា​វត្ថុ​ប្រើ​ប្រាស​ពុំ​កើត សេចក្ដី​នេះ​យ៉ាង​ណា​មិញ ក្បួន​តម្រា​ច្បាប់​ទម្លាប់ ក្នុង​លិទ្ធិ​ណា​មួយ ដែល​គេ​ហៅ​ថា​ធម៌ ដោយ​សេចក្ដី​សន្មតិ​របស់​គេ​ដែល​តាក់​តែង​ឡើង​ដោយ​ឧបាយ​មិន​សម​ហេតុ​ផល គឺ​ថា​ដំណើរ​មិន​ពិត, ក្បួន​ច្បាប់​ទាំង​នោះ គង់​ត្រូវ​អ្នក​ផង​ដែល​មាន​ប្រាជ្ញា​ល្អ យល់​ទាស់​ឬ​ចាប់​សេចក្ដី​ខុស​បាន ថា​ជា​លទ្ធិ​មិន​ពិត បើ​ជា​មិន​មាន​អ្នក​ណា​ចាប់​ថ្នាក់​បាន​ភ្លាម ៗ ក៏​គង់​គេ​ដឹង​បាន ឬ​គេ​រាង​ចាល​ក្នុង​កាល​ដែល​ឲ្យ​ផល​មិន​ស័ក្ដិ​សិទ្ធិ លទ្ធិ​នោះ​ក៏​ទៅ​ជា​របស់​រៀវរោយ សាប​រលាប លែង​មាន​អ្នក​ណា​ចុះ​ចូល​ត្រូវការ​ប្រតិបត្តិ​ជឿ​កាន់​ក៏​យ៉ាង​នោះ​ដែរ ចំណែក​ខាង​ធម្មៈ គឺ​សេចក្ដី​ពិត​ជា​សភាព​មាន​អាយុ​ជីវិត​រស់​នៅ​ក្នុង​លោក មិន​ចេះ​រៀវរោយ​ថយ​ចុះ​ដូច្នេះ​ឡើយ ។
ស្វាក្ខាធម៌ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​របស់​យើង ទ្រង់​បាន​ត្រាស់​ដឹង​ឡើង​ហើយ ទ្រង់​ប្រកាស​ប្រដៅ​ប្រជាជន​ក្នុង​លោក កាល​ដើម​ដំបូង មិន​សូវ​មាន​មនុស្ស​ជ្រះ​ថ្លា​ជឿ​កាន់​ច្រើន​ប៉ុន្មាន លុះ​ដល់​កាល​ខាង​ក្រោយ​មក ទើប​ពួក​ទេវតា​នឹង​មនុស្ស​បាន​ដឹង​ឮ​សុះសាយ​ច្រើន​គ្នា​ស្ងើច​សរសើរ ថា ឱហ្ន៎​នេះ​ជា​ធម៌​ពិត ប្រព្រឹត្ត​ទៅ​តាម​សេចក្ដី​សុខ​ក្សេម​ក្សាន្ត រួច​នាំ​គ្នា​ប្រតិបត្តិ​កាន់​តាម រហូត​បាន​មគ្គផល​និព្វាន​តាម​និស្ស័យ​វាសនា យ៉ាង​សក្ដិសិទ្ធិ​ដូច​ទឹក​សម្រាប់​លត់​ភ្លើង ។ ធម្មៈ គឺ​សេចក្ដី​ពិត នៃ​អាយុ​ជីវិត​ដ៏​មាំមួន ជា​របស់​មិន​ចេះ​ចាស់​មិន​ចេះ​ស្លាប់ អាច​រស់​នៅ​ទាំង​មាន​ដំឡៃ​អង្វែង​ត​ទៅ​មិន​ចេះ​ចុះ​ថ្លៃ​ឡើយ សេចក្ដី​នេះ​គប្បី​សន្និដ្ឋាន​បាន​ដោយ​ងាយ ដូច​យ៉ាង​ព្រះ​ធម៌​របស់​ព្រះ​សម្ពុទ្ធ​នៃ​យើង​ទាំង​ឡាយ ដែល​ព្រះ​អង្គ​សំដែង​ឡើង​តាម​ពិត មិន​វីបរីត​ខុស​ចាក​សេចក្ដី​ពិត បើ​យើង​គិត​តាំង​អំពី​ឆ្នាំ​ដែល​ព្រះ​អង្គ​បរិនិព្វាន​មក​ដល់​ឥឡូវ​នេះ​បាន ២៤៨៩ ឆ្នាំ​ហើយ ទោះ​បី​យូរ​អង្វែង​មក​ប៉ុណ្ណោះ ព្រះ​ធម៌​ក៏​នៅ​ថ្មី​ទៀង​ទាត់​ដដែល​ដូច​ប្រក្រតី​ឥត​មាន​ចាស់​គ្រាំ​គ្រា ប្រែ​ប្រួល ខូច​ដំឡៃ​យ៉ាង​ណា ៗ ឡើយ សម​ដូច​ពុទ្ធ​ភាសិត​ថាៈ
ជីន្តេិ វេ រាជរថា សុចិត្តា អថោ សរីរម្បិ ជរំ ឧបេតិ
សតញ្ច ធម្មោ ន ជរំ ឧបេតិ សន្ដោ ហវេ សព្ភិ បវេទយន្តិ
សេចក្ដី​ថា រាជ​រថ​ទាំង​ឡាយ ដែល​នាយ​ជាង​រចនា​ល្អ​ហើយ រមែង​ចាស់​គ្រាំ​គ្រា​ទៅ​ពុំ​បាន មិន​ត្រឹម​តែ​រថ​ទាំង​ឡាយ​ប៉ុណ្ណោះ​ឡើយ ទោះ​ទាំង​សរីរៈ​រាង​កាយ ( របស់​សត្វ​ទាំង​ឡាយ ) ក៏​គង់​ដល់​នូវ​សេចក្ដី​ចាស់​គ្រាំ​គ្រា​ដូច្នោះ​ដែរ មាន​តែ​ធម៌​របស់​ពួក​សម្បុរស​ទើប​មិន​ដល់​នូវ​សេចក្ដី​ចាស់​គ្រាំ​គ្រា ពួក​សប្បុរស​តែង​ចរចារ​ជា​មួយ​នឹង​សប្បុរស​ផង​គ្នា យ៉ាង​នេះ​ឯង ។ ពុទ្ធ​ភាសិត​ដូច​ពោល​មក​នេះ​ជា​គ្រឿង​អាង​ដើម្បី​បញ្ជាក់​ពាក្យ​ថា​ធម៌​ឲ្យ​ ឃើញ​ពិត ថា​ជា​សភាព​មិន​ចេះ​ចាស់​គ្រាំ​គ្រា កាល​បើ​មិន​មាន​សេចក្ដី​ចាស់​ទេ សេចក្ដី​ឈឺ​ចាប់​ក៏​មិន​មាន កាល​បើ​មិន​មាន​សេចក្ដី​ឈឺ​ចាប់​ទេ សេចក្ដី​ស្លាប់​ក៏​មិន​មាន ។ ពាក្យ​ថា​ធម្មៈ​ដែល​អធិប្បាយ​មក​នេះ​សំដៅ​យក​សេចក្ដី​ពិត ដែល​សំដែង​អំពី​សេចក្ដី​ល្អ​អាក្រក់ ជា​សភាព​ឥត​រូប មាន​តែ​នាម ៗ ដែល​ចាប់​កំណើត​នៅ​ក្នុង​លោក​សម្រាប់​ដឹង​បាន​ដោយ​បញ្ញា​ចក្ខុ​ប៉ុណ្ណោះ ឥត​មាន​នរណា​ស្រាវជ្រាវ​រក​ប្រវត្តិ​ឲ្យ​ឃើញ​ថា​ធម៌​នេះ​ចាប់​កំណើត​ពី​កាល​ ណា ៗ បាន​ឡើយ ដូច​ភ្លើង​នឹង​ខ្យល់​ដែល​គេ​មិន​អាច​ដឹង​ដើម​កំណើត​បាន​ដូច្នោះ​ដែរ គឺ​ជា​ធម្មជាតិ​តែង​កើត​មាន​នៅ​ក្នុង​លោក​ជា​ធម្មតា ។
សេចក្ដី​ខាង​លើ​នេះ ល្មម​យល់​បាន​ថា អំពើ​ល្អ​អាក្រក់​ជា​របស់​ឋិត​ឋេរ​រស់​នៅ​ពាស​ពេញ​លោក ទាំង​មគ្គផល​និព្វាន ក៏​មាន​នៅ​ប្រាកដ​មិន​ត្រូវ​វិនាស​បាត់​បង់​ចាក​លោក​ដោយ​អន្តរាយ​ណា​មួយ សូម្បី​លោក​ធាតុ​ទាំង​មូល​ត្រូវ​ភ្លើង​ឆេះ អំពើ​នឹង​មគ្គផល​និព្វាន​អាច​តាំង​នៅ​ដដែល ទោះ​បី​នរណា​ក៏​លុប​លាង​ចេញ​ពុំ​បាន ចំណែក​ខាង​ពាក្យ​រចែក​រចាក​ថា ធម៌​ថ្មី​ធម៌​ចាស់ នោះ​នឹង​ទន្រ្ទាន​ចូល​មក​កាត់​កំផែង​គឺ​សេចក្ដី​ពិត​មិន​បាន​ឡើយ ។ បុណ្យ​គឺ​អំពើ​ល្អ បាប​គឺ​អំពើ​អាក្រក់​គុណ​គឺ​សេចក្ដី​ចំរើន ទោស​គឺ​សេចក្ដី​វិនាស ទាំង ៤ យ៉ាង​នេះ​ជា​ដើម ឈ្មោះ​ថា​ប្រវត្តិ​គឺ​ដំណឹង​ឬ​កំណើត​របស់​ធម៌ ដែល​ជា​សេចក្ដី​ពិត​មាន​នៅ​ប្រចាំ​លោក​សូម្បី​ក្នុង​កាល​កប្ប​ខាំង​កំបាំង​ បាត់​ស្ងាត់ គឺ​កាល​ដែល​មិន​មាន​ព្រះ​ពុទ្ធ​ត្រាស់​ឡើង ឬ​មិន​មាន​អ្នក​ប្រាជ្ញ​ក៏​ដោយ​ក៏​គង់​បុណ្យ បាប គុណ ទោស ឋិតថេរ​តាំង​នៅ​ជា​ប្រក្រតី​ឥត​មាន​សាប​រលាប​រលត់​បាត់​ទេ តាំង​ប្រជាជន​ក្នុង​លោក​ក៏​មិន​ដែល​ឮ​និយាយ​ថា ឥឡូវ​នេះ​បុណ្យ បាប គុណ ទោស គាស់​គ្រាំ​គ្រា​ណាស់ ឈឺ​ដុន​ដាប​ណាស់ ឬ​ថា ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ​ឡើយ ពាក្យ​ដែល​គេ​និយាយ​រចែក​រចាក​ជា ធម៌​ថ្មី ធម៌​ចាស់​នោះ​ត្រឡប់​ទៅ​ជា​ឥត​ប្រយោជន៍​ទទេ ។ បើ​បុគ្គល​ប្រុស​ស្រី​ឯ​ក្នុង​លោក​មាន​កាយ​វាចា​ចិត្ត ប្រព្រឹត្ត​ល្អ​ត្រូវ​តាម​សីលធម៌ មាន​ព្រហ្មវិហារ​ផ្សាយ​ទៅ​ក្នុង​ពួក​សត្វ មាន​កតញ្ញូកតវេទី ចំពោះ​លោក​អ្នក​មាន​គុណ​គឺ​មាតា​បិតា​ជា​ដើម បុគ្គល​នោះ​ក៏​រមែង​បាន​បុណ្យ​ចួប​ប្រទះ​សេចក្ដី​ចំរើន បើ​ជា​មាន​កាយ​វាចា​ចិត្ត ប្រព្រឹត្ត​អាក្រក់​ខុស​ចាក​សីលធម៌​មិន​មាន​ព្រហ្ម​វិហារ​ផ្សាយ​ទៅ​ក្នុង​ ពួក​សត្វ មិន​មាន​កតញ្ញូកតវេទី​ចំពោះ​លោក​អ្នក​មាន​គុណ​ទេ ក៏​រមែង​បាន​បាប ទទួល​ទោស​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​មាន​នរណា​ប្រគល់​បុណ្យ​ប្រគល់​បាប​ឲ្យ​ទេ នេះ​ជា​សេចក្ដី​សំដែង​ឲ្យ​ឃើញ​ថា បុណ្យ​បាប​មិន​ចេះ​វិនាស អ្នក​ណា​ធ្វើ​ក្នុង​កាល​ណា អ្នក​នោះ​ត្រូវ​បាន​ក្នុង កាល​នោះ​ឬ​កាល​ខាង​មុខ ៗ ។ បុណ្យ​បាប​គុណ​ទោស​ទាំង​នេះ​ឯង​ហៅ​ថា​ធម៌, មួយ​ទៀត​ក្នុង​គម្ពីរ​អដ្ឋកថា​ឧទាន​ខុន្ទរា​និកាយ មាន​សេចក្ដី​ថា​ពួក​ធម៌​ជា​កុសល ហៅ​ថា​សកធម៌ គឺ​ជា​ផ្លូវ​ដ៏​ពិត​មួយ​យ៉ាង​សម្រាប់​នាំ​មក​នូវ​សុខ​សួស្ដី នាំ​មក​នូវ​សេចក្ដី​ចំរើន ដល់​បុគ្គល​អ្នក​ប្រព្រឹត្ត​សុចរិត, ពួក​អកុសល​ហៅ​ថា​បរធម៌​គឺ​ជា​ផ្លូវ​ពិត​ដោយ​ឡែក សម្រាប់​នាំ​មក​នូវ​ទុក្ខ នាំ​មក​នូវ​សេចក្ដី​វិនាស​ដល់​បុគ្គល​អ្នក​ប្រព្រឹត្ត​ទុច្ចរិត ចំណែក​ខាង​ពួក​កុសល​ធម៌ មាន​សីល សមាធិ បញ្ញា ជា​ដើម​ដែល​ធ្វើ​ប្រយោជន៍​ឲ្យ​ដល់​ខ្លួន​ដូច​ជា មាតា​បិតា​ធ្វើ​ប្រយោជន៍​ដល់​បុត្ត​ធីតា ព្រោះ​ហេតុ​នោះ​ទើប​លោក​ហៅ​ថា​សកធម៌, ពួក​អកុសល​ធម៌ មាន​រាគៈ ទោសៈ មោហៈ ជា​ដើម ដែល​នាំ​បណ្ដាល​ធ្វើ​ប្រយោជន៍​ឲ្យ​វិនាស ដូច​ជា​បច្ចាមិត្ត ជា​សឹក​សត្រូវ​មក​ពី​ខាង​ក្រៅ មក​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍ ព្រោះ​ហេតុ​នោះ​ទើប​លោក​ហៅ​ថា​បរធម៌ ។
បុណ្យ បាប គុណ​ទោស សកធម៌ បរធម៌ ដូច​សំដែង​មក​នេះ ឈ្មោះ​ថា​ប្រវត្តិ​របស់​ធម៌ ដែល​ជា​ដើម​ពូជ​ចាប់​កំណើត​កើត​ឯង​ហើយ​ចាក់​ឫស​ជាប់​នៅ​ទៀង​ទាត់​ជា​ធម្មតា មិន​ចេះ​ចាស់​គ្រាំ​គ្រា​ឬ​វិនាស​សាប​សូន្យ​ដោយ​ពិត តែ​ជា​របស់​ស្ងាត់​កំបាំង​អំពី​បញ្ញា​របស់​បុថុជ្ជន ដូច​ភ្លើង​ជា​របស់​មាន​នៅ​ទៀង​ទាត់​តែង​ចាប់​កំណើត​ដាច់​នៅ​នឹង​អាកាស ឬ​នៅ​ក្នុង​ដើម​ឈើ កាល​បើ​គេ​ចេះ​វិជ្ជា​ខាង​គ្រឿង​ផ្សំ ត្រូវ​តាម​ហេតុ​ផល​ល្អ ភ្លើង​ក៏​ឆេះ​លះ​អណ្ដាត​ឡើង បើ​មិន​ចេះ​គ្រឿង​ផ្សំ​ទេ ភ្លើង​មិន​អាច​ឆេះ​ឡើង​បាន​មួយ​ទៀត​ភេសជ្ជៈ​ថ្នាំ​កែ​រោគ​ដែល​កើត​អំពី​ជាតិ ​ឈើ ឬ​អំពី​ធាតុ​អ្វី​ផ្សេង ៗ ក៏​ជា​របស់​ស្ថិត​នៅ​មាន​នៅ​ជា​ធម្មតា មិន​ចេះ​វិនាស, គ្រូ​ពេទ្យ​អ្នក​ចេះ​ចាំ​ក្បួន​តម្រា​រមែង​ផ្សំ​ធាតុ​ឬ​លំអិត​អ្វី​ផ្សេង ៗ ឲ្យ​ទៅ​ជា​ភេសជ្ជៈ​កែ​រោគ​បាន​ដោយ​ងាយ ពាក្យ​ដែល​យើង​ធ្លាប់​និយាយ​ថា ភ្លើង​រលត់ នេះ​ជា​សេចក្ដី​សន្មតិ​គឺ​ភ្លើង​គ្រាន់​តែ​រលត់​បាត់​អំពី​ចង្កៀង​ប៉ុណ្ណោះ នឹង​ថា​រលត់​បាត់ ទៅ​ចាក​លោក​មែន​ទែន​ក៏​ទេ សេចក្ដី​យ៉ាង​ណា​មិញ ដំណឹង​នឹង​កិត្តិគុណ​ព្រះ​ធម៌​ជា​សភាព​ដែល​ពិត​ប្រាកដ​រមែង​មាន​នៅ​ដោយ​ មាំមួន មិន​ចេះ​ប្រែ​ប្រួល​វិនាស​សាប​សូន្យ មិន​ចេះ​ស្លាប់​ក៏​យ៉ាង​នោះ​ដែរ ។ ពាក្យ​ដែល​យើង​និយាយ​ថា​ព្រះ​ធម៌​សាប​សូន្យ ឬ​ថា​សាសនា​រៀវរោយ នេះ​ជា​សម្មតិ​វោហារ​គ្រាន់​តែ​ជា​ពាក្យ​សម្រាប់​ប្រើ​ហៅ​បណ្តោះ​អាសន្ន ឬ​ពាក្យ​ថា សាប​សូន្យ​រៀវរោយ​នោះ​គ្រាន់​តែ​សំដៅ​យក​ថា​ព្រះ​ធម៌​សាប​សូន្យ​ចាក​ខន្ធ​ សន្ដាន​របស់​បុគ្គល​អ្នក​សិក្សា​រៀន​សូត្រ​ប្រតិបត្តិ​ប៉ុណ្ណោះ ។ មគ្គផល​និព្វាន​ឈ្មោះ​ថា​កិត្តិគុណ​របស់​ធម៌ តែង​ឮ​ខ្ចរ​ខ្ចាយ​នៅ​ក្នុង​លោក​ដោយ​ហូរ​ហែរ​ជា​ដរាប​មក​មិន​ដាច់ ព្រោះ​ហេតុ​នោះ​បុគ្គល​អ្នក​ស៊ើប​ដំណឹង​រក​ធម៌​ក្នុង​លោក​នេះ តែង​មាន​តែ​រាល់ ៗ កាល តាម​សេចក្ដី​ប្រតិបត្តិ​ក្នុង​សាសនា​របស់​គេ ប៉ុន្តែ​ច្រើន​តែ​ប្រទះ​ទៅ​លើ​ផ្លូវ​វាង ដោយ​អំណាច​អវិជ្ជា​នាំ​សត្វ​ឲ្យ​វង្វេង ឬ​ដោយ​គំនិត​យល់​ខុស​តាម​លិទ្ធិ​របស់​គ្រូ​ដោយ​ខ្លួន ៗ ។ ក្នុង​កាល​ចន្លោះ​ព្រះ​ពុទ្ធ​ត្រាស់​ឡើង​គង់​ប្រាកដ​ថា មាន​បុគ្គល​ខ្លះ​ក្នុង​លោក​មាន​ចិត្ត​នឿយ​ណាយ​ចាក​កាម​គុណ នឹក​ភ្នក​ចង់​ស្វះ​ស្វែង​រក​ប្រវត្តិ​ពង្សាវតារ ដែល​ជា​ក្រសែ​នៃ​មោក្ខ​ធម៌​គឺ​ព្រះ​និព្វាន ហើយ​លះ​ភេទ​គ្រហស្ថ​ចេញ​ចាក​កាមារម្មណ៍ កាន់​ភេទ​ជា​តាបស​ឥសី​ប្រព្រឹត្ត​តប​វត្ត​ដើម្បី​ស្រូត​ទៅ​រក​ព្រះ​និព្វាន​ ជា​ធម្មតា ។ តាបស​ខ្លះ​ប្រទះ​បាន​តែ​ត្រឹម​ឈាន​សមាបត្តិ ឬ​អភិញ្ញា​ជា​លោកិយ​ប៉ុណ្ណោះ តាបស​ខ្លះ​ឃ្វាង​រហូត​ដោយ​ហេតុ​ខ្វះ​គ្រឿង​ផ្សំ ឬ​មាន​គ្រឿង​ផ្សំ​ធាតុ​វិជ្ជា​ប្រាជ្ញា​ស្មារតី​មិន​ទាន់​គ្រប់​គ្រាន់, ព្រះ​សម្ពុទ្ធ​របស់​យើង កាល​នៅ​ជា​ពោធិសត្វ ក៏​នៅ​ក្នុង​ពួក​តាបស​ដូច្នោះ​ដែរ ព្រះ​អង្គ​តែង​ជាប់​ព្រះ​ហ្ឫទ័យ​ក្នុង​ការ​ស្វែង​រក​ព្រះ​ធម៌​ទោះ​បី​ព្រះ​ អង្គ​បាន​ជា​ក្សត្រិយ៍​សោយ​រាជ្យ ដែល​គួរ​ស្រវឹង​ក្នុង​សម្បត្តិ​នឹង​យស​បរិវារ ទ្រង់​ក៏​មិន​ភ្លេច​អំពី​ដំណឹង​បុណ្យ​បាប តែង​ពេញ​ព្រះ​ហ្ឫទ័យ​ក្នុង​ភេទ​តាបស​ជា​រឿយ ៗ ខំ​ប្រព្រឹត្តិ​វត្ត​យ៉ាង​ឧក្រឹដ្ឋ​ជាង​តាបស​ឯ​ទៀត ៗ ជា​ដរាប​អស់​ច្រើន​ជាតិ​ណាស់ ។ ព្រះ​មហា​បុរស​មាន​ព្យាយាម​ក្លៀវក្លា អន្ទោក​អន្ទោល​មិន​តក់​មិន​លែង​ចោល​អំពី​ការ​ស្វែង​រក​មោក្ខធម៌​ព្រោះ​ អាស្រ័យ​ការ​ដឹង​ថា​មុខ​ជា​នឹង​បាន​ដូច​ប្រាថ្នា ព្រះ​អង្គ​ខំ​ប្រឹង​សន្សំ​សេចក្ដី​ល្អ​ល្អះ​សេចក្ដី​អាក្រក់ ចំណាំ​ប្រវត្តិ​របស់​ព្រះ​អង្គ​នឹង​ព្រះ​ធម៌​ដែល​ព្រះ​អង្គ​ធ្លាប់​ ប្រតិបត្តិ​មក​រៀង​រាប​ដរាប​ដល់​បច្ចិម​ជាតិ ទើប​បាន​គ្រឿង​ផ្សំ​ធាតុ​សព្វ​គ្រប់​ដែល​ហៅ​ថា​បារមី​ធម៌ ១០ ប្រការ​នោះ​ឯង ។
លុះ​ព្រះ​បរម​ពោធិសត្វ​មាន​បារមី​ធម៌ ចូល​មក​គ្រប់​គ្រាន់ ក៏​បាន​រំពឹង​ស្រាវជ្រាវ​រក​ពង្សាវតារ​ព្រះ​ធម៌​ជា​អនុលោម​ប្បដិលោម បាន​ឃើញ​ជាក់​ច្បាស់​ដោយ​សព្វ​ញ្ញុត​ញ្ញាណ ហើយ​ទ្រង់​សំដែង​បើក​បង្ហើប​បង្ហាញ​ធម៌​នោះ ៗ ដល់​ពួក​ពុទ្ធ​បរិស័ទ​ឲ្យ​ភ្លឺ​ច្បាស់​ហាក់​ដូច​ជា ព្រះ​ច័ន្ទ​រះ​ឡើង​ក្នុង​ថ្ងៃ ១៥ កើត ។ ព្រះ​ធម៌​ដែល​ចាប់​កំណើត​នៅ​ក្នុង​ផ្ទៃ​លោក​ធាតុ​ជា​យូរ​លង់​មក​ហើយ​នោះ​ ស្រាប់​តែ​ផុះ​អណ្ដែត​ឡើង ហាក់​ដូច​ជា​ប្រសូត​ចាក​លោក​ធាតុ​មក​ប្រតិស្ឋាន​ថ្មី ៗ ចំពោះ​ព្រះ​ភ័ក្រ្ត​ព្រះ​ដ៏​មាន​ព្រះ​ភាគ នេះ​ឯង​ហៅ​ថា​ព្រះ​អង្គ​ត្រាស់​ដឹង ។ មូល​ហេតុ​ដែល​នាំ​ឲ្យ​ពួក​តាបស​ឯ​ទៀត ៗ ក្ដី​តាបស​គឺ​ព្រះ​ពោធិសត្វ​ក្ដី ខំ​សង្វាត​បំពេញ​បារមី​ធម៌​ទាំង​នោះ ក៏​ព្រោះ​អាស្រ័យ​ការ​ដឹង​ក្លិន​ក្រអូប ការ​ចាំ​ប្រវត្តិ​នឹង​កិត្តិគុណ​របស់​ធម្មៈ​ជាប់​ហែ ៗ មក ដូច​ដំណឹង​ថា​មាស​ពេជ្រ​ជា​បច្ច័យ នាំ​ឲ្យ​គេ​ស្វែង​រក​មាស​ពេជ្រ គឺ​អាស្រ័យ​ការ​ដឹង​ជា​ដើម​ហេតុ ទើប​មាន​ការ​ស្វែង​រក​ជា​ខាង​ក្រោយ ត ៗ មក​រហូត​បាន​ដូច​ប្រាថ្នា ដំណឹង​ថា​មគ្គផល​ថា​និព្វាន​ក៏​រមែង​មាន​ក្លិន​ក្រអូប​ជាប់​នៅ​ក្នុង​លោក សូម្បី​មគ្គផល​ជា​ធម៌​នាំ​សត្វ​ឲ្យ​ឆ្លង​ឡើង​ចាក​លោក ព្រះ​និព្វាន​ជា​គុណ​ជាតិ​ផុត​ស្រឡះ​ចាក​លោក​ហើយ​ក៏​ពិត​មែន តែ​កិត្តិស័ព្ទ​រមែង​សល់​នៅ​ក្នុង​លោក​មិន​ចេះ​សាប​សូន្យ ។ លុះ​ព្រះ​អង្គ​បរិបូណ៌​ដោយ​ប្រាជ្ញា​ស្មារតី គ្រប់​គ្រាន់​ដោយ​សេចក្ដី​ត្រិះរិះ​ជ្រាប​ច្បាស់​ចំពោះ​ព្រះ​អង្គ​ហើយ​ទើប​ ទ្រង់​លើក​ស្រង់ ស្រាវជ្រាវ​ប្រមូល​យក ព្រះ​ធម៌​ដែល​មាន​នៅ​ក្នុង​លោក​ស្រាប់​នោះ​មក​សំដែង​សើរើ​ចែក​រលែក​ឲ្យ​មាន​ មេ​មាតិកា​ដោត​ក្រង​តម្រៀប ដូច​មាន​កម្រង​មាន​របៀប​ជា​គោល​ចារឹក​រាក់​ជ្រៅ សង្ខេប​ពិស្ដារ​ច្បាស់​លាស់​ជាក់​ស្ដែង​ឡើង​ដើម្បី​ឲ្យ​ពួក​ពុទ្ធ​បរិស័ទ​ និកាយ​របស់​ព្រះ​អង្គ ងាយ​ស្ដាប់​ងាយ​ពិចារណា​រក​ផ្លូវ​ប្រតិបត្តិ​ពួក​ប្រជាជន​អ្នក​មាន​សេចក្ដី​ ជ្រះ​ថ្លា​ក្នុង​ធម៌ គោរព​ចំពោះ​ព្រះ​អង្គ​ក៏​នាំ​គ្នា​ហៅ​ថា​ព្រះ​អង្គ​បាន​ត្រាស់ ដរាប​មក ។ ធម៌​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ទាំង​នោះ ក៏​គឺ​ធម៌​ដែល​ធ្លាប់​មាន​ស្រាប់​នៅ​ក្នុង​លោក​នោះ​ឯង ។ ព្រះ​បរម​សាស្ដាចារ្យ បាន​ត្រាស់​ដឹង​ធម៌​ឡើង​ក្នុង​លោក​ក្នុង​កាល​ណា​ម្ដង ៗ គួរ​ហៅ​ថា​អគ្គ​សង្គាយនា​មួយ​លើក​ហើយ ក្នុង​កាល​នោះ​រាប់​ថា សង្គាយនា​មុន​ដំបូង​បង្អស់ ជា​គុណ​ដ៏​ប្រសើរ​បំផុត​ធំ​បណ្ដាច់​ជាង​សង្គាយនា​របស់​ព្រះ​អរហន្ត​ទាំង​ឡាយ ដែល​ធ្វើ​ក្នុង​កាល​ជា​ខាង​ក្រោយ ។
ពណ៌នា​មក​អំពី​អត្ថ​នឹង​វិគ្គហៈ របស់​ធម្មៈ
ព្រម​ទាំង​ប្រវត្តិ​នឹង​កិត្តិគុណ​របស់​ធម្មៈ​ចប់​តែ​ប៉ុណ្ណោះ ។ 
ប្រភព http://www.budinst.gov.kh/?q=node/243

ធម្មាធិប្បាយ សោវចស្សតា

« ភាព​ជា​អ្នក​ដែល​គេ​ស្ដី​ថា​ងាយ​ឬ​ងាយ​ទូន្មាន »
លោក ស៊ីន - ហាន រៀបរៀង
បុគ្គល​ជា​ឥស្សរៈ​ក្ដី ជន​ជា​អ្នក​មាន​គុណ​សម្បត្តិ​ព្រម​ទាំង​មាន​អំណាច​វាសនា​ក្ដី តែង​មាន​មេត្តា​ប្រណី​ចំពោះ​អ្នក​តូច​ប្រាថ្នា​ឲ្យ​អ្នក​តូច​ស្ទុះ​លឿន​ទៅ​ កាន់​សេចក្ដី​ចំរើន រមែង​ទូន្មាន​ប្រៀន​ប្រដៅ​អ្នក​តូច​ឲ្យ​តាំង​នៅ​ក្នុង​គុណ​ធម៌​ផ្សេង ៗ ដើម្បី​ឲ្យ​ប្រព្រឹត្ត​ត្រឹម​ត្រង់​រៀបរយ​ល្អ ។ បើ​អ្នក​តូច​បាន​តាំង​នៅ​ក្នុង​ឱវាទ​បែប​នោះ​ហើយ នឹង​មាន​សួស្ដី​មង្គល​ភ្លឺ​រុង​រឿង​ព្រម​ទាំង​មាន​កិត្តិគុណ​ប្រាកដ​ច្បាស់​ ក្នុង​លោក ។ អ្នក​ដែល​មិន​តាំង​នៅ​ក្នុង​គុណ​ធម៌​បែប​នោះ​ទេ, សឹង​មាន​ន័យ​ផ្សេង​គ្នា ។
សេចក្ដី​អធិប្បាយ​នៃ​បុគ្គល​ទាំង​ពីរ​ប្រភេទ​នេះ ត្រូវ​ពោល​ឲ្យ​ជាក់​ច្បាស់​ដល់​លក្ខណៈ​ជា​មុន, ក៏​ឯ​លក្ខណៈ​ជា​អ្នក​ដែល​គេ​ស្ដី​ថា​ក្រ, ទូន្មាន​ប្រៀន​ប្រដៅ​ក្រ, គឺ​បាន​ដល់​មនុស្ស​មាន​មានះ នឹង​ទិដ្ឋិ​រឹង​ត្អឹង​ជា​អ្នក​ប្រាថ្នា​លាមក​លើក​ខ្លួន សង្កត់​សង្កិន​អ្នក​ដទៃ, មាន​សេចក្ដី​ក្រោធ​ប្រចាំ​នៅ​ក្នុង​សន្ដាន​ចង​សេចក្ដី​ក្រោធ​ទុក ជា​អ្នក​មាន​សេចក្ដី​ឈ្នានីស សូម្បី​នឹង​ពោល​វាចា​ឡើង​សោត​ក៏​អាក្រក់ បង្ហាញ​ឲ្យ​ឃើញ​បាន​ថា​លាយ​ឡំ​ដោយ​ទោសៈ​ពិត, កាល​បើ​មាន​អ្នក​ដទៃ​ដាស់​តឿន​ដោយ​ផ្លូវ​ដែល​ត្រូវ ក៏​ជជែក​ប្រកែក ​និយាយ​ផ្ចញ់​ឬ​ស្ទាក់​ដំណើរ​អ្នក​ដាស់​តឿន​ឲ្យ​គាំង​និយាយ​តប​ត​មិន​រួច, ហើយ​ក្លែង​និយាយ​បន្លប់​ត្រឡប់​ត្រឡិន​យក​រឿង​ដទៃ​ឆ្ងាយ ៗ មក​ពោល​សំដែង​សេចក្ដី​ក្រោធ​សេចក្ដី​ប្រទូសរ៉ាយ​ឲ្យ​ច្បាស់​ប្រាកដ, ទាំង​មាន​ឥស្សាមច្ឆរិយៈ នឹង​កល​កិច្ច​ពុត​ត្បុត​ច្រើន​ប្រការ នេះ​ជា​លក្ខណៈ​របស់​អ្នក​ដែល​គេ​ស្ដី​ថា​ក្រ, ទូន្មាន​ប្រៀន​ប្រដៅ​ក្រ ។ កាល​បើ​ប្រព្រឹត្ត​តាម​ឱវាទ​របស់​វុឌ្ឍបុគ្គល​រហូត​ដល់​មាន​សេចក្ដី​មិន​ជឿ - ស្ដាប់​ចំពោះ​ច្បាប់ រដ្ឋបាល​តុលាការ​ទៀត​ទេ រមែង​មាន​ទោសានុទោស​តាម​សមគួរ​ដល់​កំហុស​ដែល​បាន​ប្រព្រឹត្ត​ល្មើស ។ ឯ​ភាព​នៃ​បុគ្គល​ជា​អ្នក​ដែល​គេស្ដី​ថា​ក្រ, ទូន្មាន​ប្រៀន​ប្រដៅ​ក្រ, គង់​តែ​នឹង​បាន​ទទួល​ផល​អាក្រក់​ណា​មួយ​ជា​ប្រាកដ ។ ព្រោះ​ហេតុ​នោះ​ទើប​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ប្រដៅ​មិន​ឲ្យ​បុគ្គល​ជា​បុរស​ ស្ដ្រី​ប្រព្រឹត្ត​កាន់​កាប់​សេចក្ដី​ប្រដៅ​ក្រ​ទុក​ក្នុង​ខ្លួន​ឡើយ ដោយ​ហេតុ​ព្រះ​សម្ពុទ្ធ​ប្រាថ្នា​ផល​មិន​ដូច​គ្នា, បាន​ជា​ទ្រង់​ប្រៀន​ប្រដៅ​ឲ្យ​ជា​អ្នក​ដែល​គេ​ស្ដី​ថា​ងាយ​ទូន្មាន​ប្រៀន​ ប្រដៅ​ងាយ​វិញ។
សោរចស្សតា​នេះ បើ​អធិប្បាយ​សេចក្ដី​តាម​អនុមាន​សូត្រ​មជ្ឈិម​និកាយ មជ្ឈិម​បណ្ណា​សកៈ ដែល​ព្រះ​មោគ្គល្លាន​ត្ថេរ​សំដែង​ទុក​នោះ​មាន​សេចក្ដី​ថាៈ កាល​អ្នក​ដទៃ​ទូន្មាន​ប្រដៅ​ដោយ​ផ្លួវ​ដ៏​ល្អ ក៏​មាន​សេចក្ដី​អត់​ធន់​តាំង​ចិត្ត​ស្ដាប់​ដោយ​គោរព, ប្រាថ្នា​តែ​សេចក្ដី​ល្អ​ដល់​ខ្លួន​នឹង​អ្នក​ដទៃ មិន​លើក​ខ្លួន​មិន​សង្កត់​សង្កិន​គេ, មិន​ជា​អ្នក​ប្រាថ្នា​ខឹង​ក្រោធ មិន​បាន​ចង​សេចក្ដី​ខឹង​ក្រោធ​ទុក, មិន​ច្រណែន​ឈ្នានីស​ព្រោះ​សេចក្ដី​ក្រោធ​ខឹង, មាន​វាចា​ដ៏​ពិរោះ​សុភាព​រាបសា, មិន​បាន​ជជែក​វែក​និយាយ​ផ្ចញ់​ផ្ចាល់​ស្ទាក់​ផ្លូវ​ត្រឡប់​លើក​ទោស​ដល់​អ្នក ​ដទៃ, បើ​អ្នក​ដទៃ​ដាស់​តឿន​ហើយ មិន​បាន​យក​រឿង​រ៉ាវ​ដទៃ​មក​និយាយ​បន្លប់​ត្រឡប់​ត្រឡិន​ទេ, ទាំង​មិន​មាន​សេចក្ដី​ប្រទូសរ៉ាយ, សេចក្ដី​ក្រោធ​ខឹង​នឹង​សេចក្ដី​តូច​ចិត្ត​ឡើយ, ជា​អ្នក​បញ្ចេញ​វាចា​ឲ្យ​សម​នឹង​សេចក្ដី​ប្រព្រឹត្ត​របស់​ខ្លួន មិន​លុប​លាង​គុណ​គេ, មិន​លើក​ខ្លួន​ផ្ទឹម​នឹង​គេ, មិន​ជា​អ្នក​មាន​សេចក្ដី​កំណាញ់​ឫស្យា​នឹង​អាង​អួត​ មាន​មារយាទ​រម្យទម​រៀបរយ មិន​ចចេស​ចចើង​ស្មើង​កន្រ្ទើង​ប្រកែ​ប្រកាន់​ខ្លួន ។ កាល​បើ​ប្រកប​ដោយ​ធម៌​ទាំង​នេះ​ហើយ ត្រូវ​មាន​យោនិសោ​មនសិការ ត្រិះរិះ​ឲ្យ​ឃើញ​ជាក់​ច្បាស់​ដោយ​ប្រាជ្ញា​ញាណ ហើយ​កត់​សំគាល់​នាំ​យក​ទៅ​ប្រតិបត្តិ, សម​ដូច​ពុទ្ធ​ភាសិត​ថាៈ « សុស្សសំ លភតេ បញ្ញំ អ្នក​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​រមែង​បាន​បញ្ញា » ។ ទាំង​ត្រូវ​ធ្វើ​សេចក្ដី​ដឹង​ខ្លួន​ឲ្យ​ទាន់ ហើយ​ធ្វើ​ដំណើរ​បដិបទា​ឲ្យ​សម​ដល់​កាល​សម័យ សម​ដូច​ពុទ្ធ​ភាសិត​ថាៈ
អត្តោនញ្ចេ បិយំ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ
តិណ្ណមញ្ញតរំ យាមំ បដិជគ្គេត្យ បណ្ឌិតោ ។
សេចក្ដី​ថាៈ បណ្ឌិត​បើ​ដឹង​ថា​ខ្លួន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ឯង​ហើយ ត្រូវ​តែ​រក្សា​ថ្នាក់​ថ្នម​ខ្លួន​នោះ​ទុក​ឲ្យ​ល្អ​ក្នុង​យាម ( វ័យ ) ទាំង​បី​ណា​មួយ​កុំ​ខាន ។
អធិប្បាយ​ថាៈ ក្នុង​មួយ​រាត្រី​ចែក​ជា​យាម​បី ដែល​មាន​ឈ្មោះ​ហៅ​ថា​យាម​បាន​ដូច​ត​ទៅ​នេះ វេលា​នៃ​អាយុ​ខ័យ​ដែល​ចាត់​ជា​វ័យ​បី ក៏​គួរ​ហៅ​ថា​យាម​បាន​ដូច​គ្នា, ព្រោះ​ហេតុ​ដូច្នោះ ទើប​សម្ដេច​ព្រះ​វិជិតមារ​ទ្រង់​សម្ដែង​ធម្មីកថា​នេះ ហៅ​វ័យ​ថា​ជា​យាម ដើម្បី​ឲ្យ​មាន​សេចក្ដី​ស្រប​គ្នា លុះ​បុគ្គល​ជា​អ្នក​ស្ដី​ថា​ងាយ ទូន្មាន​​ប្រដៅ​ងាយ​បាន​ដឹង​ច្បាស់​ថា​ខ្លួន​ខុស គួរ​ប្រកប​កិច្ច​ជា​ប្រយោជន៍​សម្រាប់​ខ្លួន​ឲ្យ​សម្រេច​ក្នុង​យាម​ដើម ( បឋម​វ័យ ) បើ​ថា​ទៅ​ដឹង​ខ្លួន​ក្នុង​យាម​ទី​បំផុត ក៏​គួរ​ប្រញាប់​ប្រញាល់​ធ្វើ​ឲ្យ​សម្រេច​ទាន់​ពេល​វេលា កុំ​បង្អែ​បង្អង់​ថា​ចាំ​ធ្វើ​ក្នុង​ថ្ងៃ​ស្អែក​ឬ​ថ្ងៃ​ក្រោយ​ឡើយ កាល​បើ​រារង់​បណ្ដោះ​បណ្ដៃ​ដូច្នេះ​នឹង​ត្រឡប់​ក្លាយ​ទៅ​ជា​សេចក្ដី​ប្រមាទ ដឹក​នាំ​ចិត្ត​ឲ្យ​ទ្រេត​ទ្រោត​ទីស​ទាស​ខុស​ត្រូវ ហេតុ​នេះ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថាៈ
« ទន្ទំ ហិ ករតោ បុញ្ញំ បាប់ស្មឹ រមត៍ មនោ »
កាល​ធ្វើ​សេចក្ដី​ល្អ​យឺត​យូរ​ពេក​ទៅ ចិត្ត​ក៏​រមែង​ត្រេកអរ​ក្នុង​សេចក្ដី​អាក្រក់ ។ គួរ​នឹក​ដល់​ព្រះ​បរម​ពុទ្ធោ​វាទ​មួយ​ខ​ទៀត​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ត្រាស់​ថាៈ
« អជ្ជេវ កិច្ចមាតប្បំ កោ ជញ្ញា មរណ សុវេ »
ត្រូវ​តែ​ប្រឹង​ធ្វើ​កិច្ច​ក្នុង​ថ្ងៃ​នេះ​ឲ្យ​ហើយ​កុំ​ខាន, ព្រោះ​អ្នក​ណា​នឹង​អាច​ដឹង​បាន​ថា​សេចក្ដី​ស្លាប់​នឹង​មាន​មក​ក្នុង​ថ្ងៃ​ ស្អែក ? ។
អធិប្បាយ​ថាៈ គួរ​តែ​ធ្វើ​សេចក្ដី​ព្យាយាម​ឲ្យ​សម្រេច​កិច្ច​ដែល​ជា​ប្រយោជន៍​សម្រាប់​ ខ្លួន​ក្នុង​ថ្ងៃ​នេះ កុំ​រារង់​អល់​ឯក​បណ្ដោះ​បណ្ដៃ​ទៅ​ថ្ងៃ​ស្អែក​ឡើយ, ព្រោះ​ថា​គ្មាន​អ្នក​ណា​មួយ​អាច​ដឹង​បាន​ថា​អាត្មា​អញ​នឹង​ស្លាប់​ក្នុង​ ថ្ងៃ​នេះ​ឬ​ថ្ងៃ​ស្អែក​ទេ ។ ការ​ប្រញាប់​ខ្វល់​ខ្វាយ​ប្រកប​កិច្ច​ដេល​ជា​ប្រយោជន៍​ឲ្យ​ទាន់​កាល​សម័យ​ របស់​វ័យ​ចាត់​ជា​ផល​របស់​សោវចស្សតា ។ ក្នុង​ច្បាប់​ព្រះ​ពុទ្ធ​សាសនា​និយម​រាប់​អាន​យក​សោវចស្សតា​ធម៌​នេះ​ថា​ជា​ សេចក្ដី​ល្អ​របស់​អ្នក​ប្រព្រឹត្ត​ទាំង​ផ្លូវ​លោក​នឹង​ផ្លូវ​ធម៌​ទួទៅ ។
អ្នក​មាន​ប្រាជ្ញា​គួរ​ឃើញ​គុណ​របស់​សោ​វចស្សតា ដែល​ឲ្យ​ផល​អស្ចារ្យ ដូច​ទីឃាវុ​កុមារ​ដែល​បាន​ជា​សេចក្ដី​ធំ​លើ​ផែន​ទាំង​ពីរ គឺ​ដែន​កាសី​នឹង​កោសល ក៏​ព្រោះ​ផល​នៃ​គុណ​ធម៌​នេះ​ឯង​ដូច​សំដែង​ត​ទៅ​នេះ
កាល​ព្រះ​បាទ​ព្រហ្មទត្ត​នគរ​ពារាណសី ដែន​កាសី​លើក​ទ័ព​ទៅ​វាយ​ដែន​កោសល​បាន, ព្រះ​បាទ​ទីឃីតិ នគរ​សាវត្ថី​ដែន​កោសល​ទ្រង់​នាំ​ព្រះ​មហេសី​មាន​គភ៌​ទៅ​ក្នុង​ទី​បំផុត​ដែន, ថ្ងៃ​ក្រោយ​ទ្រង់​ប្រសូត​រាជ​បុត្រ​សន្មត​ព្រះ​នាម​ថា « ទីឃាវុ » ។ លុះ​ទីឃាវុ​កុមារ​បាន​វ័យ​ចំរើន​ល្មម​ដឹង​ក្ដី ព្រះ​បាទ​ព្រហ្មទត្ត​ចាប់​ព្រះ​បាទ​ទីឃីតិ​បាន​ឲ្យ​នាំ​ទៅ​សម្លាប់, គ្រា​នោះ​ទីឃាវុ​មក​ទាន់ ព្រះ​បាទ​ទីឃីតិ​ទ្រង់​ប្រដៅ​ថា « នែ​ទីឃាវុ​អ្នក​កុំ​ឃើញ​កាល​វែង​ពេក​ខ្លី​ពេក, ធម្មតា​ពៀរ​ពុំ​ដែល​រម្ងាប់​ដោយ​ពៀរ​ទេ តែង​សម្លាប់​ដោយ​ការ​ពុំ​ចង​ពៀរ » ទ្រង់​ផ្ដាំ​ស្រេច​គេ​ក៏​សម្លាប់​ទៅ ។
ចំណេរ​មក​ខាង​ក្រោយ ទីឃាវុ​បាន​ចូល​ថ្វាយ​ខ្លួន​ជា​ខ្ញុំ​រាជការ​យ៉ាង​ស្និទ្ធ​នឹង​ព្រះ​បាទ​ ព្រហ្មទត្ត, ថ្ងៃ​មួយ​ព្រះ​បាទ​ព្រហ្មទត្ត​ទ្រង់​ស្ដេច​ទៅ​ប្រពាត​ព្រៃ ទីឃាវុ​ជា​នាយ​សារថី​បរ​រាជ​រថ ។ ទីឃាវុ​បាន​ឱកាស​ក៏​បរ​រាជ​រថ​ទៅ​មុន​ពួក​ពល ។ វេលា​នោះ​ព្រះ​បាទ​ព្រហ្មទត្ត​ទ្រង់​ផ្ទំ​កើយ​ភ្លៅ​ទីឃាវុ​ដោយ​នឿយ​ព្រះ​កាយ ​ពល, កំពុង​តែ​ផ្ទំ​ស្កល់, ទីឃាវុ​លើក​ព្រះ​ខ័ន​ឡើង​ប៉ង​នឹង​សម្លាប់ តែ​នឹក​ភ្នក​ដល់​បណ្ដាំ​ព្រះ​បិតា​ក៏​ឈប់​ទៅ​វិញ គ្រាន់​តែ​ស្រែក​សន្ធាប់​ឲ្យ​ព្រះ​បាទ​ព្រហ្មទត្ត​ជ្រាប​ថា ជា​រាជ​បុត្រ​ព្រះ​បាទ​ទីឃីតិ​ប៉ុណ្ណោះ ។ គ្រា​នោះ​ក្សត្រ​ទាំង​ពីរ​ក៏​ប្រទាន​អភ័យ​ទៅ​វិញ​ទៅ​មក​ហើយ​ទ្រង់​ស្ដេច​ ត្រឡប់​ទៅ​ព្រះ​នគរ​វិញ, ព្រះ​បាទ​ព្រហ្មទត្ត​ក៏​ប្រទាន​ដែន​ទាំង​ពីរ​គឺ​ដែន​កោសល​នឹង​ដែន​កាសី​ឲ្យ​ ទីឃាវុ ព្រម​ទាំង​ប្រទាន​ព្រះ​រាជ​ធីតា​ជា​ព្រះ​រាជ​មហេសី​ផង ។
ព្រះ​បាទ​ទីឃាវុ​បាន​គ្រង​រាជ​ជា​ធំ លើ​ដែន​ទាំង​ពីរ​ក៏​ដោយ​សារ​ជា​បុគ្គល​ងាយ​ប្រដៅ គឺ​ស្ដាប់​ព្រះ​រាជោវាទ​យ៉ាង​ខ្លី​របស់​ព្រះ​បាទ​ទីឃីតិ​ជា​ព្រះ​បិតា​ដូច​ ពោល​មក​ខាង​ដើម​ហើយ​យក​ទៅ​ធ្វើ​តាម​លក្ខណៈ​សោវចស្សតា​នេះ​ឯង ។
ហេតុ​បេះ​បាន​ជា​ព្រះ​បរម​សាស្ដា​ទ្រង់​ត្រាស់​គុណ​ធម៌​នេះ​ថា​ជា​ធានាថករណ​ ធម៌ ក្នុង​នាថករណ​ធម្ម​សូត្រ​ទ្រង់​ត្រាស់​ថា​ជា​សួស្ដី​មង្គល ក្នុង​មង្គល​សូត្រ អ្នក​ដែល​តាំង​នៅ​ក្នុង​គុណ​សម្បត្តិ​ដូច្នេះ​ហើយ ព្រះ​អង្គ​ក៏​ទ្រង់​ត្រាស់​សរសើរ​ទុក ដើម្បី​ឲ្យ​អនុបរិស័ទ​នឹង​បាន​តាម​យក​ជា​តម្រាប់ ។ ដូច​យ៉ាង​ព្រះ​រាធត្ថេរ​លោក​ជា​អ្នក​ដែល​គេ​ស្ដី​ថា​ងាយ, ទូន្មាន​ប្រៀន​ប្រដៅ​ងាយ, កាល​បើ​ឧបជ្ឈាយ៍​នឹង​អាចារ្យ​ស្ដី​ថា ពោល​ប្រៀន​ប្រដៅ​ក៏​ធ្វើ​តាម​ឥត​ប្រកែក ដោយ​លោក​តាំង​នៅ​ក្នុង​លក្ខណៈ​នៃ​គុណ​ធម៌​នេះ ទាំង​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រមាទ​ហើយ​ព្យាយាម​ខ្នះ​ខ្នែង​ប្រតិបត្តិ​ ដរាប​ដល់​បាន​សម្រេច​ព្រះ​អរហត្ត​ជា​បរិយោសាន ។ ហេតុ​នោះ ទើប​ព្រះ​អង្គ​ទ្រង់​ប្រទាន​ឱវាទ​ដល់​បរិស័ទ ដើម្បី​ធ្វើ​ខ្លួន​ឲ្យ​បាន​ទៅ​ជា​អ្នក​ដែល​គេស្ដី​ថា​ងាយ, ទូន្មាន​ប្រៀន​ប្រដៅ​ងាយ ជា​ហេតុ​នៃ​សេចក្ដី​ល្អ​គ្រប់​បែប, សាធុជន​ដែល​ដឹង​ថា​ខ្លួន​ឯង​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​នឹង​ប្រាថ្នា​សេចក្ដី ​ល្អ​ដល់​ខ្លួន គួរ​ប្រព្រឹត្តិ​កាន់​តាម​លក្ខណៈ សោវចស្សតា​នឹង​បាន​ទៅ​ជា​ពន្លឺ​ចំពោះ​ខ្លួន​ឯង រហូត​ដល់​ពួក​គណៈ​នឹង​ប្រទេស​ជាតិ ។
ចប់ 
ប្រភព http://www.budinst.gov.kh/?q=node/249