วันพุธที่ 18 พฤษภาคม พ.ศ. 2554

និទាន​សុភាសិតកាម​ជា​ហេតុ

មហា ឱម- ណាគ្រី
ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ប្រែ​រៀប​រៀង
ក្នុង​កាល​ដ៏​កន្លង​យូរ​លង់ ព្រះ​រាជា​ក្រុង​ពារាណសី​មួយ​អង្គ​ទ្រង់ លុះ​ក្នុង​អំណាច​សេចក្ដី​ប្រាថ្នា ទ្រង់​មិន​ឆ្អែត​ឆ្អន់​ល្មម​គ្រាន់​ក្នុង​ព្រះ​រាជហ្ឬទ័យ​ចំពោះ​រាជ​ស​ ម្បត្តិ​ដែល​ទ្រង់​គ្រប់​គ្រង​នោះ​ឡើយ ទ្រង់​មាន​សេចក្ដី​លោភ​ចង់​បាន​រាជសីមា​អាណាចក្រ​ឯ​ទៀត​ៗ មិន​មាន​កំណត់ ។
ក៏​ក្នុង​កាល​នោះ ព្រះ​ពោធិសត្វ​ឧប្បត្តិ​កើត​ជា​សក្កទេវរាជ កាល​ទ្រង់​រំពឹង​រំពៃ​លៃ​គំនិត​គិត​មើល​ការ​ប្រព្រឹត្តិ​ទៅ​នៃ​មនុស្ស​និករ​ ក្នុង​មនុស្ស​លោក​ដោយ​ទិព្វ​នេត្រ ទ្រង់​ជ្រាប​ហេតុ​ក្ដី​បំណង​នៃ​ព្រះ​រាជា​នោះ​ហើយ​ទើប​ទ្រង់​ត្រិះ​រិះ​ថា "បើ​អាត្មា​អញ ព្រងើយ​កន្តើយ​ហើយ លោក​សន្និវាស​ក៏​នឹង​ក្ដៅ​ក្រហាយ ព្រោះ​សេចក្ដី​ប្រាថ្នា​របស់​ព្រះ​រាជា​អង្គ​នេះ​មិន​ខាន, បើ​ដូច្នេះ​អាត្មា​អញ​នឹង​ទៅ​ផ្ចាញ់​ផ្ចាល់​ព្រះ​អង្គ​ឲ្យ​ទ្រង់​អៀន​ខ្មាស ហើយ​ឲ្យ​រម្ងាប់​ព្រះ​ហឫទ័យ​នោះ បែរ​ឆ្ពោះ​មក​កាន់​សេចក្ដី​ស្ងប់​វិញ" ។
កាល​ទ្រង់​តម្រិះ​យ៉ាង​នេះ​ហើយ ទើប​ទ្រង់​ហោះ​ចុះ​មក​ដោយ​ក្លែង​ភេទ​ជា​ព្រាហ្មណ​មាណព ចូល​ទៅ​គោរព​គាល់​ព្រះ​រាជា​ក្រាប​ទូល​ថា" សូម​តេជះ ! ខ្ញុំ​ព្រះ​អង្គ​បាន​ដើរ​ទៅ​ឃើញ​នគរ​ឧត្ដរ​បញ្ចាល, នគរ​ន្ទប័ត្ថ​នឹង​នគរ​សាកេត, រាជធានី​ទាំង ៣ នេះ សឹង​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ​ស្រណុក​ក្សេម​ក្សាន្ត​សប្បាយ ធញ្ញាហារ​ទាំងឡាយ ក៏​បរិបូណ៌​ពោរ​ពេញ​ឥត​ខ្វះ​ខាត​ទាំង​ពល​ដំរី ពល​សេះ ពល​រទេះ ពល​ថ្មើរ​ជើង​ក៏​មាន​គ្រប់​គ្រាន់​អាច​ចេញ​ត​តាំង​ច្បាំង​នឹង​បច្ចាមិត្រ​ បាន​គ្រប់​វេលា ទាំង​សម្បូណ៌​ដោយ​សម្បត្តិ​យ៉ាង​សម្បើម មាន​មាស​ប្រាក់​លុយ​កាក់​កែវ​កង​ជា​ដើម ។ បើ​ព្រះ​អង្គ​មាន​ព្រះ​រាជ​បំណង​ចង់​បាន​នគរ​ទាំង​នោះ ខ្ញុំ​ព្រះ​អង្គ​នឹង​សូម​ព្រះ​រាជ​ទាន​ពល​ត្រឹម​បន្តិច​បន្តួច​រ៉ាប់​រង​ ទទួល យក​អាសារ​ទៅ​រឹប​ជាន់​ដណ្ដើម​យក​នគរ​ទាំង​នោះ​ឲ្យ​បាន​ដោយ​ឧបាយ ហើយ​នឹង​លើក​ថ្វាយ​ដល់​ព្រះ​អង្គ" ។
ព្រះ​រាជា​កាល​ទ្រង់​ជ្រាប​ថា នឹង​បាន​នគរ​ដ៏​មាំមួន​ទាំង​នោះ ក៏​ទ្រង់​សោមនស្ស​ចុះ​ព្រះហ្ឬទ័យ យល់​ព្រម​ឲ្យ​ព្រាហ្មណៈ​មាណព​នោះ​នាំ​ទ័ព​ទៅ​ច្បាំង កំណត់​វេលា​លើក​ទ័ព​ទៅ​ក្នុង​ថ្ងៃ​រះ​ឡើង ។ តែ​ទ្រង់​ភ្លេច​មិន​បាន​ព្រះ​រាជ​ទាននិវេសនដ្ឋាន កន្លែង​សំណាក់​អាស្រ័យ​នឹង​ស្បៀង​អាហារ​ដល់​ព្រាហ្មណៈ​មាណព​នោះ​សោះ ។
លុះ​ថ្ងៃ​រះ​ឡើង ព្រះ​អង្គ​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ឲ្យ​តម្រៀប​ពល​ឲ្យ​ចាត់​ទ័ព​យ៉ាង​ ស្រេច ត្រាស់​ឲ្យ​អាមាត្យាធិបតី​ទាំង​ឡាយ​ចូល​គាល់​ត្រាស់​ខសន្យា​ដែល​ទ្រង់​ សន្និដ្ឋាន​នឹង​ព្រាហ្មណៈ​មាណព ដោយ​សព្វ​គ្រប់ នឹង​ត្រាស់​ឲ្យ​ហៅ​មាណព​នោះ​ចូល​គាល់ ។ លំដាប់​នោះ ក៏​ត្រូវ​អាមាត្យាធិបតី​ទាំង​ឡាយ​ទូល​តឿន​ឲ្យ​ទ្រង់​រលឹក​ដល់​ការ​ដែល​មិន​ បាន​ប្រទាន​និវេសនដ្ឋាន​នឹង​ស្បៀង​អាហារ ដល់​ព្រាហ្មណៈ​មាណព​នោះ​ព្រោះ​ដូច្នោះ កាល​អាមាត្យាធិបតី​ទូល​សួរ ក៏​ទ្រង់​មិន​អាច​ប្រាប់​បាន​ក្នុង​ទី​បំផុត​ទ្រង់​បង្គាប់​ប្រាប់​ឲ្យ​ទៅ​ តាម​រក​ព្រាហ្មណៈ​មាណព​គ្រប់​ផ្លូវ​ថ្នល់​ច្រក​ល្ហក​ផ្សេង ៗ ក្នុង​ទី​ក្រុង​តែ​មិន​ប្រទះ​សោះ ។
ព្រះ​រាជា​គ្រា​ទ្រង់​ជ្រាប​ថា មិន​ឃើញ​ព្រាហ្មណៈ​មាណព​នោះ ក៏​អន់​ព្រះ​ហ្ឬទ័យ​យ៉ាង​ខ្លាំង​ទ្រង់​កើត​ទោមនស្ស​ទុក្ខ​ម្នេញ​ពេញ​ទៅ​ដោយ​ សោក​ស្ដាយ​យ៉ាង​លើស​លុប​លើស​លន់​ថា "ឱ ! ឥស្សរិយ​យស​ដ៏​ខ្ពស់​មហិមា​ដែល​អាត្មា​អញ​សំដៅ​ប៉ង​បំណង​ទុក​មក វិនាស​ខូច​អស់​ហើយ​ហ្ន៎ !!" ។ ទ្រង់​មាន​ព្រះ​រាជហ្ឬទ័យ​ខ្វក់​ខ្វល់ ក្រហល់​ក្រហាយ​សោក​ស្ដាយ​ព្រោះ​សេចក្ដី​ប្រាថ្នា​រួបរឹត រហូត​ដល់​ធ្លាក់​ព្រះ​លោហិត​យ៉ាង​ខ្លាំង បណ្ដាល​ទៅ​ជា​បក្ខន្ទិកាពាធ គឺ​ជម្ងឺ​ធ្លាក់​ឈាម​ពី​មាត់ ពួក​ពេទ្យ​មិន​អាច​ថែរក្សា​ឲ្យ​សះ​ជា​បាន​ព្រះ​ជា​រោគ​ចិត្ត​ឥត​ឃើញ​ស្លាក​ ស្នាម​អ្វី​បន្តិច​ឡើយ ។
សម្ដេច​សក្ករទេវរាជ ទ្រង់​ពិចារណា​ឃើញ​ថា ឥឡូវ​នេះ​អាកា​ប្រឈួន​ព្រោះ​សេចក្ដី​ប្រាថ្នា​របស់​ព្រះ​រាជា​កើត​ឡើង​ហើយ ល្មម​ដល់​ការ​ដែល​អាត្មា​អញ​នឹង​ថ្វាយ​ដម្បូន្មាន ឲ្យ​ទ្រង់​ភ្ញាក់​កំណើត​កើត​គំនិត​ឃើញ​ត្រូវ​មក​រក​ផ្លូវ​ស្ងប់​វិញ" ។ ទើប​ស្ដេច​ទ្រង់​យាង​មក​ដោយ​ក្លែង​ភេទ​ជា​ព្រាហ្មណ៍​បាន​ចូល​ទៅ​ធានា​ទទួល​ ក្នុង​ការ​រក្សា​ព្រះ​រាជា​ពាធ មុន​ដំបូង​ព្រះ​រាជា​ត្រាស់​នឹង​អាមាត្យ​ថា​ពេទ្យ​មុន ៗ ទាំង​អស់ មិន​អាច​កែ​ខៃ​ជម្ងឺ​នេះ​បាន ព្រាហ្មណ៍​នោះ​នឹង​ថែរក្សា​ដូច​ម្ដេច​កើត ? ចូរ​ឲ្យ​រង្វាន់​ហើយ​បង្គាប់​ឲ្យ​ត្រឡប់​ទៅ​វិញ​ចុះ ។ ទើប​ព្រាហ្មណ៍​ទូល​តប​ថា មិន​ចង់​បាន​រង្វាន់​អ្វី​ឡើយ គឺ​មាន​សេចក្ដី​តាំង​ចិត្ត​នឹង​ថ្វាយ​ការ​រក្សា​ព្យាបាល​រោគ​តែ​ម្យ៉ាង​ ប៉ុណ្ណោះ ។ គ្រា​ព្រះ​រាជា​ទ្រង់​អនុញ្ញាត​ហើយ ទើប​ក្រាប​ទូល​សួរ​អាការ​សមុដ្ឋាន​នៃ​រោគ ព្រះ​រាជា​ត្រាស់​ឲ្យ​ស្ដាប់​ដោយ​សព្វ​គ្រប់ ហើយ​ត្រាស់​អញ្ជើញ​ព្រាហ្មណ៍​ឲ្យ​ដាក់​ឱសថ​ដោយ​ពាក្យ​ថាៈ
ទីក្រុង​ដែន​ទាំង​បី                     ខ្ញុំ​ឃ្មាត​ខ្មី​ប្រាថ្នា​មក
បញ្ចាល​នឹង​កេកក                    កុរុរាជធានី ។
ជាង​នេះ​ណា​ព្រាហ្មណ៍​ណា    ខ្ញុំ​ប្រាថ្នា​យ៉ាង​ពេញ​ទី
អញ្ជើញ​ដាក់​ថ្នាំ​តាម​ពិធី          ចិត្ត​វកវីរ​កាម​នាំ​ទៅ ។
មាណព​ទើប​ទូល​ថា អាការ​ដែល​ទ្រង់​ប្រឈួន​នេះ នឹង​ថ្វាយ​ការ​រក្សា​ដោយ​ឱសថ​ធម្មតា​មិន​បាន​ទេ តែ​នឹង​សូម​ថ្វាយ​ការ​រក្សា​ដោយ​ឱសថ​ម្យ៉ាង​គឺ​ញាណ​ហើយ​ក្រាប​ទូល​ដោយ​ពាក្យ ​ជា​សុភាសិត​ថាៈ
បើ​ពស់​ចឹក​គង់​ពេទ្យ​ពស់​ចេះ​ផ្សែ​ផ្សំ                  គឺ​ដាក់​ថ្នាំ​រម្ងាប់​ពិស​កំណាច​បាន
បើ​ខ្មោច​ធ្វើ​គង់​គ្រូ​ខ្មោច​ចេះ​លំអាន                    កែ​ខៃ​បាន​ដោយ​អាគមមន្ត​គាថា ។
ឯ​ចំណែក​ប៉ែក​ជម្ងឺ​ឈឺ​ព្រោះ​កាម                       ចិត្ត​រហាម​តាម​ចំណង​នៃ​តណ្ហា
តើ​សំដៅ​នៅ​ស្លាក​ស្នាម​កន្លែង​ណា                  នរណា​ហ្ន៎​អាច​ដាក់​ថ្នាំ​ជម្ងឺ​ចិត្ត
ដល់​ជន​ល្មើស​ធម៌​នោះ​កើត ? ។
ឥន្ទព្រាហ្មណ៍ កាល​សំដែង​ដូច​នេះ​ហើយ ទើប​ពោល​ត​ទៅ​ឲ្យ​ទ្រង់​ជ្រាប ដោយ​ព្រះ​អង្គ​ឯង​ថា "មហារាជ ! មិន​គួរ​ឡើយ​ដែល​ទ្រង់​គ្រាន់​តែ​ឮ​សូរ​សៀង​សំនៀង​ស័ព្ទ​ប្រាប់​ត្រឹម​ ប៉ុណ្ណោះ ក៏​ចុះ​ព្រះ​ទ័យ​លៃ​បំណង​ប៉ង​ប្រាថ្នា​ការ​ក្នុង​លោក​ឲ្យ​ជោក​ដល់​ម្ល៉េះ​ទេ នេះ​ព្រោះ​សេចក្ដី​ប្រាថ្នា​ទើប​ក្លាយ​ទៅ​ជា​សមុដ្ឋាន​នៃ​ការ​ប្រឈួន​ដ៏​ ខ្លាំង​ក្លា​ស្ទើរ​នឹង​អស់​ព្រះ​ជន្ម សូម​ព្រះ​អង្គ​ទ្រង់​រំពៃ​រំពឹង​ពិនិត្យ​គិត​មើល​ដោយ​ព្រះ​អង្គ​ឯង​ចុះ​ថា ព្រះ​អង្គ​ទ្រង់​ប្រាថ្នា​រាជ​សម្បត្តិ​ទាំង​ប៉ុណ្ណោះ​យក​មក​ធ្វើ​ម៉េច ? បើ​ប្រសិន​ជា​ទ្រង់​បាន​គ្រប់​គ្រង​រាជ​សម្បត្តិ​ក្នុង​នគរ​ទាំង​នោះ ទ្រង់​នឹង​បរិភោគ​ឧបភោគ​ទាំងឡាយ​លើស​ពី​មួយ​ឆ្អែត​ទៅ​ឬ ? ព្រះ​អង្គ​ទ្រង់​សោយ​ក្រយា​ស្ងោយ​មិន​ហួស​ពី​មួយ​ឆ្អែត​ដោយ​ពិត មិន​គួរ​តាំង​ព្រះ​ហ្ឬទ័យ​ឲ្យ​ថ្លស់​ធ្លោយ​ទៅ​ក្នុង​អំណាច​តណ្ហា​ឬ​កាម​គឺ​ ចំណង់​ការ​​ចង់​នេះ ឡើយ​ដែល​ឈ្មោះ​ថា​កាម​ឬ​តណ្ហា​នេះ ជា​មូល​នៃ​វិបត្តិ​គ្រប់​ប្រការ កាល​ចំរើន​កើន​ឡើង​លើ​រូប​ណា រមែង​ធ្វើ​នរៈ​នោះ​ឲ្យ​បាន​ទទួល​ទុក​ទោស​ទាំង​ក្នុង​លោក​នេះ ដូច​ទ្រង់​បាន​ជួប​ប្រទះ​ក្នុង​ពេល​នេះ​ឯង ទាំង​ក្នុង​លោក​ខាង​មុខ អាច​នាំ​ទៅ​សោយ​ទុក្ខ​ក្នុង​អបាយ​មាន​នរក​ជា​ដើម" ។ ឥន្ទព្រាហ្មណ៍​បាន​សម្ដែង​អំពី​កាមាទីនវទោស នឹង​ពណ៌នា​គុណ​នៃ​ការ​ស្ងប់​ចាក​កាម​ឲ្យ​ទ្រង់​ជ្រាប​ដោយ​ច្បាស់​លាស់ ។
ព្រះ​រាជា​កាល​ទ្រង់​សវនាការ​ពាក្យ​ពន្យល់​ដោយ​និរយភ័យ​ព្រម​ទាំង​ឱវាទ​នោះ​ ហើយ ក៏​ទ្រង់​កើត​ព្រះ​ប្រាជ្ញា​ញាណ​គឺ​សេចក្ដី​ដឹង​ច្បាស់​ឡើង​ភ្លាម ប្រាជ្ញា​ញាណ​នោះ ទុក​ដូច​ជា​ឱសថ​យ៉ាង​វិសេស កំចាត់​សោក​ឲ្យ​បាត់​ប្រឈួន​ក្នុង​ខណៈ​នោះ​ឯង ។ ត​អំពី​នោះ ក៏​ទ្រង់​លះ​លែង​សេចក្ដី​ប្រាថ្នា​ឈប់​យាត្រា​លើក​ទ័ព​ទៅ​ញាំ​ញី​រដ្ឋ​សីមា​ អាណាចក្រ​ដទៃ​ៗ ទ្រង់​ពេញ​ព្រះ​ហ្ឬទ័យ​ក្នុង​រាជ​សម្បត្តិ​របស់​ព្រះ​អង្គ ទ្រង់​បំពេញ​កុសល​ចរិយា​ផ្សេង ៗ នឹង​គ្រប់​គ្រង​ប្រជាជន​ដោយ​ធម៌ ស្រុក​នគរ​ក៏​ចំរើន​រុង​រឿង​សុខ​សាន្ត​បាន​សប្បាយ​ធូរ​ទូលាយ​ត​រៀង​ទៅ​ហោង ។
(រឿង​នេះ​ប្រែ​ចាក​កាម​នឹត​សុត្តជាតក ខុទ្ទនិកាយ ទុកនិបាត)
គតិ​របស់​រឿង
រឿង​នេះ បាន​គតិ​ដែល​គួរ​គិត​យ៉ាង​នេះ
១- ក្ដី​បំណង​ប៉ង​ប្រាថ្នា តម្រេក​ត្រេក​ត្រអាល ស្រើប​ស្រាល​តក់​ស្លុត​រន្ធត់ រំភើប​ញាប់​ញ័រ​កក្រើក​ខ្វើក​តាម​ខ្យល់​ខ្វល់​តាម​រលក​ហៅ​ថា "តណ្ហា" ជា​សភាវៈ​ឥត​មាន​រូប​រាង​រៅ​សណ្ឋាន​ទ្រង់​ទ្រាយ​យ៉ាង​នេះ យ៉ាង​នោះ​ទេ គ្រាន់​តែ​ជា​នាម​ធម៌ សម្រាប់​កសាង​កំណើត​ឲ្យ​សត្វ កើត​ក្នុង​ភព​បី​ជា​ថ្មី​ទៀត ច្រើន​រាប់​មិន​បាន​ប្រមាណ​មិន​អស់, ជា​សភាវៈ​ដក់​ដិត​ជិត ជាប់​នៅ​ក្នុង​ចិត្ត​គំនិត​របស់​មនុស្ស​សត្វ​ទេពតា​ទួទៅ នាំ​ឲ្យ​ត្រូវ​ការ​ចំណង់​ចង់​បាន​វត្ថុ​កាម​នឹង​កិលេស​កាម គឺ រូប សំឡេង ក្លិន រស សម្ផស្ស សក្តិយស​កេរ្តិ៍​ឈ្មោះ ទ្រព្យ​សម្បត្តិ អាយុ ពណ៌ កំឡាំង​នឹង​សេចក្ដី​សុខ ។
២- ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​តាម​ពិត​ថា មនុស្ស​សត្វ​ទេពតា​ទាំង​អស់​សុទ្ធ​តែ​លិច​លង់​ទៅ​ក្នុង​ផ្លូវ​តណ្ហា​ជា​ និច្ច ចង់​បាន​នេះ ចង់​បាន​នោះ មិន​ឈប់​ឈរ មិន​ឆ្អែត​ឆ្អន់ មិន​គ្រប់​គ្រាន់ មិន​ធុញ​ទ្រាន់​មិន​ជិន​ណាយ បាន​ហើយ​ចង់​បាន​ទៀត ឆ្លៀត​រក​មក​បន្ថែម​គ្មាន​ផ្លូវ​បន្ធូរ​បន្ថយ​ដោយ​មិន​ចេះ​ធួន​ល្មម ។ វត្ថុ​កាម​នឹង​កិលេស​កាម ដែល​រក​បាន​មក​មិន​មែន​យក​ទៅ​ណា គឺ​ត្រូវ​ការ​បំពេញ​បំពោរ​កាយ​ឲ្យ​សប្បាយ​ដល់​ចិត្ត​ប៉ុណ្ណោះ រន្ធ​ភ្នែក​តូច​សោះ​ទេ តែ​យក​រូប​មក​ដាក់​មិន​ចេះ​ពេញ ឬ​ថា​ភ្នែក​មិន​ចេះ​ឆ្អែត​នឹង​ការ​មើល​រូប​សោះ រន្ធ​ត្រចៀក​នោះ​ក៏​តូច​ដែរ​តែ​មិន​ឆ្អែត​នឹង​សម្លែង ច្រមុះ​មិន​ឆ្អែត​នឹង​ក្លិន អណ្ដាត​មិន​ឆ្អែត​នឹង​រស កាយ​មិន​ឆ្អែត​នឹង​សម្ផស្ស ម្រាម​ដៃ​មិន​ឆ្អែត​នឹង​ចិញ្ចៀន កដៃ​មិន​ឆ្អែត​នឹង​ខ្សែ​ដៃ ឬ​នាឡិកា​ដៃ ត្រចៀក​មិន​ឆ្អែត​នឹង​កាវ-ទំហូ ក​មិន​ឆ្អែត​នឹង​ខ្សែ​ក សេដ្ឋី​មិន​ឆ្អែត​នឹង​បុណ្យ​សេដ្ឋី មេឃុំ​មិន​ឆ្អែត​នឹង​យស​មេឃុំ​ចៅ​ហ្វាយ​ស្រុក​មិន​ឆ្អែត​នឹង​យស​ចៅ​ហ្វាយ​ ស្រុក ចៅហ្វាយ​ខត្ត​មិន​ឆ្អែត​នឹង​យស​ចៅ​ហ្វាយ​ខេត្ត រដ្ឋមន្ត្រី​មិន​ឆ្អែត​នឹង​យស​រដ្ឋមន្ត្រី មហាក្សត្រិយ៍​មិន​ឆ្អែត​នឹង​រាជ​សម្បត្ត ដូច​សមុទ្រ​មិន​ឆ្អែត​នឹង​ទឹក ភ្លើង​មិន​ឆ្អែត​នឹង​ឧស​ដូច្នោះ ចេះ​តែ​សេចក្ដី​ខ្វះ​ខាត​នៅ​ជា​និច្ច ម្ល៉ោះ​ហើយ​ក៏​ខំ​ប្រឹង​ប្រែង​ស្វែង​រក​វត្ថុ​កាម​នឹង​កិលេស​កាម​នោះ មក​បម្រើ​កាយ​ចិត្ត​ឥត​គិត​ដល់​ការ​នឿយ​ហត់ ព្រះ​សុគត​សម្ពុទ្ធ​ទើប​ត្រាស់​ថា "ឩនោ លោកោ អតិត្តោ តណ្ហា ទាសោ សត្វ​លោក​មាន​សេចក្ដី​ខ្វះ​ខាត​នៅ​ជា​និច្ច មិន​ចេះ​ឆ្អែត​មិន​ចេះ​ឆ្អន់ សុទ្ធ​តែ​ជា​បាវ​ព្រាវ​ខ្ញុំ​កំដរ​របស់​តណ្ហ" ។
៣- ក្នុង​បណ្ដា​ហេតុ ឬ សមុដ្ឋាន​នៃ​ទុក្ខ​សោក​រោគ​ភ័យ​តាំង​ពី​ចំណែក​តូច រហូត​ដល់​ចំណែក​ធំ មិន​មាន​អ្វី​ដែល​ក្រៃ​លែង​ជាង​អវិជ្ជា​សេចក្ដី​មិន​ដឹង​តាម​ពិត គំនិត​ដឹង​ខុស ចូល​ចិត្ត​ខុស​នេះ​ទេ ។ ព្រោះ​ថា​អវិជ្ជា​កាល​កើត​ឡើង​ក្នុង​ចិត្ត រមែង​រុំ​រឹត​ទឹក​ចិត្ត​ឲ្យ​ងងល់​ងងឹត​ឥត​ពន្លឺ​រស្មី និយាយ​ខុស ធ្វើ​ខុស ធ្វើ​ខុស​ជា​និច្ច ។ ព្រោះ​ដូច្នោះ មនុស្ស​ដែល​មាន​អវិជ្ជា​ជា​ក្អែល​នៅ​ខាង​ក្នុង​ហើយ ទើប​មាន​ចំណុច​ចំណង់​ចង់​បាន​អ្វី​ៗ មិន​កំណត់ ដោយ​ខុស​បទ​មិន​ត្រូវ​បែប ឃ្លៀង​ឃ្លាត​ចាក​ធម៌ ទុក​ជា​នរណា​ក្ដៅ​ក្រហាយ​ដោយ​សារ​ខ្លួន​យ៉ាង​ណា ក៏​មិន​គិត ។ អវិជ្ជា​នឹង​តណ្ហា ទើប​មាន​ដំណើរ​ជា​គូ​គ្នា ប្រែ​ថា "ព្រោះ​មិន​ដឹង​តាម​ពិត ទើប​នាំ​ចិត្ត​ឲ្យ​គិត​ប្រាថ្នា" ។ តណ្ហា គឺ​សេចក្ដី​ប្រាថ្នា​នេះ​ឯង​ជា​ទុក្ខ​សមុទ័យ​គឺ​ហេតុ​ឲ្យ​កើត​ទុក្ខ, ឲ្យ​កើត​យ៉ាង​ណា​ខ្លះ ? ឲ្យ​កើត​ទុក្ខ​យ៉ាង​នេះ​គឺ​ហេតុ​ឲ្យ​កើត​ទុក្ខ, ឲ្យ​កើត​ទុក្ខ​យ៉ាង​ណា​ខ្លះ ? ឲ្យ​កើត​ទុក្ខ​យ៉ាង​នេះ​គឺ​នាំ​ឲ្យ​កើត​ទុក្ខ​ក្នុង​ការ​ស្វែង​រក បើក​មិន​បាន​សម​បំណង​ក៏​ឲ្យ​កើត​ទុក្ខ ប្រសិន​បើ​រក​បាន​មក ក៏​កើត​ទុក្ខ​នឹង​ការ​ថែរក្សា​ទៀត ភ័យ​ថប់​វានាស​ទៅ​វិញ ដោយ​អគិភ័យ ឧទកភ័យ ចោរ​ភ័យ​ឬ​ឧបស័គ្គ​ណា​មួយ ។ "ទ្រព្យ​ច្រើន​ព្រួយ​រក្សា ទ្រព្យ​តិច​ណា​ព្រួយ​រិះ​គិត" នឹង​នាំ​ឲ្យ​បាន​ជួប​ប្រទះ​ជាតិ​ទុក្ខ ជរា​ទុក្ខ មរណ​ទុក្ខ​ជា​ដើម ។
៤- តណ្ហា​តែង​មាន​គ្រប់​គ្នា​ជា​ធម្មតា តែ​ថា​កុំ​ឲ្យ​ជ្រុល​ជ្រួស​ហួស​ជ្រុង​ពេក កុំ​ឲ្យ​ល្មោភ​លោភ​ល្មើស​ល្មម​ព្រម​នៅ​ក្រោម​តណ្ហា​រហូត​ដល់​ហៅ​ថា "តណ្ហា​ខ្វាក់" នោះ​មិន​កើត​ទេ ព្រោះ​តណ្ហា​ខ្វាក់​ឥត​គិត​បាប​បុណ្យ​គុណ​ទោស​អ្វី​ឡើយ គិត​ឲ្យ​តែ​ខាង​បាន ឲ្យ​តែ​ប្រទះ​ដៃ​ឥត​ស្គាល់​អាយុ​ជីវិត​ទ្រព្យ​សម្បត្តិ​កូន​ប្រពន្ធ​នរណា ត្រូវ​សម្លាប់​សំឡេះ​ក៏​សម្លាប់​សម្លេះ ត្រូវ​លួច​ក៏​លួច​ប្លន់​ក៏​ប្លន់ ត្រូវ​ចាក់​កាប់​ក៏​ចាក់​កាប់ ត្រូវ​ស៊ី​ក៏​ស៊ី ផឹក​ក៏​ផឹក​ជា​ដើម កាល​បើ​បណ្ដែត​បណ្ដោយ​តាម​តណ្ហា​ខ្វាក់​បែប​នេះ ប្រាកដ​ជា​ខ្នោះ​ឃ្នាង​គុក​ច្រវាក់​គ្រោះ​ថ្នាក់​បក់​ដៃ​ហៅ​ហើយ លុះ​ស្លាប់​ទៅ ត្រូវ​ទទួល​ទុក្ខ​ក្នុង​អបាយ​ទៀត ។
៥- កាម​ឬ​តណ្ហា​រាប់​ថា​ជា​ទោស​របស់​ចិត្ត​យ៉ាង​សំខាន់ ជន​ដែល​ត្រូវ​កាម​តណ្ហា​គ្រប​សង្កត់ រមែង​ងងឹត​មិន​ដឹង​ខ្លួន​ប្រហែល​នឹង​មនុស្ស​ខ្មោច​ចូល​ត្រឡប់​ត្រូវ​ទៅ​ជា​ ខុស​ៗ ទៅ​ជា​ត្រូវ​វិញ, ដើម្បី​ប្រើ​ឧបាយ​ជួយ​ជន​ពួក​នេះ​ឲ្យ​ដឹង​ខ្លួន ក្រៅ​ចាក​អ្នក​មាន​បញ្ញា​ក្នុង​សមុដ្ឋាន​នៃ​រោគ​នេះ​ហើយ មិន​មាន​នរណា​នឹង​ជួយ​បាន ថ្នាំ​ធម្មតា​យក​ទៅ​កែ​កុន​រក្សា​ឲ្យ​ជា​សះ​ស្បើយ​មិន​បាន​ឡើយ ។
វិធី​រក្សា​ការពារ​រោគ​ចិត្ត​ដូច្នេះ ដែល​បាន​ផល​មក​ហើយ គឺ
ក/ ជួយ​ដាស់​តឿន​ក្រើន​រំលឹក អ្នក​ដែល​ត្រូវ​រោគ​តណ្ហា​គ្រប​សង្កត់​ឲ្យ​កើត​ហិរិអៀន​ខ្មាស​ដល់​ចិត្ត ឱត្តប្បៈ ខ្ពើម​រអើម​ខ្លាច​រអា​ចំពោះ​បាប ។
ខ/ ពន្យល់​ឲ្យ​ឃើញ​ទោស​នៃ​កាម​តណ្ហា​ថ​ជា​អណ្ដូង​នៃ​ទុក្ខ​សោក​រោគ​ភ័យ​ទាំង​ ពួង នឹង​ឲ្យ​ឃើញ​គុណ​នៃ​សេចក្ដី​ប្រាស​ចាក​តណ្ហា​ថា​ជា​ប្រឡាយ​នាំ​មក​នូវ​ សេចក្ដី​ត្រជាក់​ត្រជំ ស្ងប់​ស្ងាត់​សុខ​ស្ងៀម​នៃ​ចិត្ត ។
ពុទ្ធ​ភាសិត
យស្ស តិណ្ណោ កាមបង្កោ មទ្ទិតោ កាមកណ្ដ កា
មោហក្ខយមនុប្បត្តោ សុខទុក្ខេ ន វេធតិ ។
បុគ្គល​ឯ​ណា​ឆ្លង​នៅ​ភក់                 គឺ​កាម​លាមក​ដ៏​សាវា
នឹង​ញាំ​ញី​ដក​នូវ​បន្លា                      គឺ​កាម​តណ្ហា​ចាក​ចិត្ត​ជាប់ ។
បុគ្គល​នោះ​ឯង​នឹង​អស់​ទៅ            នូវ​មោហៈ​ធម៌​ជា​លំដាប់
ជា​អ្នក​មិន​តក់​ស្លុត​ញ័រ​ញាប់            ក្នុង​សុខ​ទុក្ខ​សព្វ​ប្រការ​ឡើយ ។
ចប់
ប្រភព http://www.budinst.gov.kh/?q=node/275

សម្មទិដ្ឋិកថា

ព្រះ​អាចារ្យ​ អាំ-សាម៉ុល វត្ត​មហាមន្រ្ដី ភ្នំពេញ
ទេសនា​ដាក់​វិទ្យុ​ឃោសន​សព្ទ​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ១៥ រោច ខែ​កត្ដិក​ឆ្នាំ​កុរនព្ធស័ក
ព.ស. ២៤៩០ ត្រូវ​នឹង​ថ្ងៃ ១២ ធ្នូ ឆ្នាំ ១៩៤៧

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
ខ្ញុំ​ព្រះ​ករុណា​ សូម​ក្រាប​ថ្វាយ​បង្គំ ចំពោះ​ព្រះ​អរហំ​សម្មាសម្ពុទ្ធ​ជា​ម្ចាស់ ព្រម​ទាំង​ព្រះ​សទ្ធម្ម​នឹង​ព្រះ​សង្ឃ ដោយ​សេចក្ដី​គោរព ។
ពេល​នេះ​ អាត្មា​ភាព​ត្រូវ​វេន​សំដែង​ធម្មទេសនា​ផ្សាយ​តាម​វិទ្យុ​ស័ព្ទ​អាត្មា​ភាព​ នឹង​សំដែង​អំពី សម្មាទិដ្ឋិ គឺ​អង្គ​ទី​១ ក្នុង​អដ្ឋង្គិកមគ្គ ដើម្បី​ចែក​ជូន​ពុទ្ធសាសនិក​ជន ដូច​ត​ទៅ​នេះ ៖
ទិដ្ឋិ ប្រែ​ថា "សេចក្ដី​យល់​ឃើញ", សម្មា ប្រែ​ថា "ប្រពៃ, ត្រូវ" សម្មាទិដ្ឋិ ប្រែ​ថា "សេចក្ដី​យល់​ឃើញ​ត្រូវ, យល់​ឃើញ​ប្រពៃ" ។ សម្មាទិដ្ឋិ​នោះ បាន​ខាង​បញ្ញា ដែល​ជា​សោភន​ចេត​សិក​ដ៏​ក្លា​ហាន​តោង​យក​ព្រះ​និញ្វន​មក​ជា​អារម្មណ៍ ដឹង​ច្បាស់​ក្នុង​អរិយ​សច្ចទាំង​៤ មាន​ទុក្ខ​សច្ច​ជា​ដើម ហើយ​ប្រតិ​បត្តិ​ជីក​គាស់​រំលើង​បង់​នូវ​អវិជ្ជា​នឹង​តណ្ហា​ឲ្យ​អស់​ទៅ ។ សម្មាទិដ្ឋិ​នេះ​ជា​គូ​សត្រូវ ឬ​ជា​ទំនាស់​អវិជ្ជា​នឹង​តណ្ហា​ឲ្យ​អស់​ទៅ ។ សម្មាទិដ្ឋិ​នេះ​ជា​គូសត្រូវ ឬ​ជា​ទំនាស់​នឹង​មិច្ឆាទិដ្ឋិ ។ ឯមិច្ឆាទិដ្ឋិ ប្រែ​ថា "សេចក្ដី​យល់​ឃើញ​ខុស, ពុំ​ឃើញ​ប្រពៃ" ។ ដែល​ពុំ​ឃើញ​ប្រពៃ​ដូច្នេះ​តើ​មក​អំពី​អ្វី? គឺ​មក​តែ​អំពី​អវិជ្ជា។ ឯសម្មាទិដ្ឋិ ដែល​ថា​យល់​ឃើញ​ត្រូវ​នោះ ព្រោះ​មាន​វិជ្ជា ។
ចុះ​អវិជ្ជា​ជា​ឈ្មោះ​របស់​អ្វី? វិជ្ជា​ជា​ឈ្មោះ​របស់​អ្វី? ទោស​នឹង​អានិសង្ស​របស់​អវិជ្ជា​នឹង​វិជ្ជា​នោះ​ដូច​ម្តេច?
អវិជ្ជា​ជា​ឈ្មោះ​របស់​សេចក្ដី​មិន​ចេះ​ដឹង, សេចក្ដី​មិន​ចេះ​មិន​ដឹង​ហៅ​ថា សេចក្ដី​ល្ងង់, បើ​មិន​ចេះ​អក្សរ​នឹង​លេខ ហៅ​ថា ល្ងង់​ក្នុង​អក្សរ​នឹង​លេខ, មិន​ចេះ​ធ្វើ​ការ​ណា ហៅ​ថា ល្ងង់​ក្នុង​ការ​នោះ, បើ​មិន​ចេះ​គិត​ហៅ​ថា ល្ងង់​ក្នុង​ការ​គិត, អ្នក​ណា​មាន​សេចក្ដី​ល្ងង់ អ្នក​នោះ​ឈ្មោះ​ថា​មនុស្ស​ឥត​មាន​ចំណេះ​វិជ្ជា, អ្នក​ណា​ឥត​មាន​ចំណេះ​វិជ្ជា អ្នក​នោះ​ឈ្មោះ​ថា​មនុស្ស​ល្ងង់ៗ​ នោះ​បើ​នឹង​ធ្វើ​ការ​អ្វី ការ​នោះ​ច្រើន​តែ​មិន​កើត បើ​ទុក​ជា​កើត​ក៏​ច្រើន​តែ​មិន​ល្អ, បើ​នឹង​និយាយ​ពាក្យ​ណា ពាក្យ​នោះ​ច្រើន​មិន​ប្រាកដ, បើ​នឹង​គិត​ហេតុ​ណា ហេតុ​នោះ​មិន​ចេញ​មក​សំដែង​ឲ្យ​ប្រាកដ​ថា​ខុស ឬ​ត្រូវ​បាន​ទេ ។ មនុស្ស​ល្ងង់​ឧបមា​ដូច​មនុស្ស​ខ្វាក់ ធម្មតា​មនុស្ស​ខ្វាក់​កម្រ​នឹង​ដើរ​តាម​ផ្លូវ​ត្រង់​នឹង​រហ័ស​ឆាប់​បាន​ឡើយ ព្រោះ​មាន​សេចក្ដី​ញញើត​ញញើម​រួញ​រា​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​ជា​និច្ច ម្ល៉ោះ​ហើយ​សេចក្ដី​មិន​ប្រាកដ​ក្នុង​ចិត្ត​នោះ ធ្វើ​ដំណើរ​មិន​ឲ្យ​ប្រាកដ​ថា​ទៅ​មុខ ឬ​ទៅ​ខាង ច្រើន​ទីស​ទាស​ដូច​គ្នា​នឹង​មនុស្ស​ល្ងង់ បើ​នឹង​ធ្វើ ឬ​និយាយ​ ឬ​គិត ក៏​ឥត​មាន​ប្រាកដ​ក្នុង​ចិត្ត, សេចក្ដី​មិន​ប្រាកដ​នេះ​ឯង មិន​អាច​នឹង​ធ្វើ​ប្រយោជន៍​ដែល​ខ្លួន​ត្រូវ​ការ​ឲ្យ​សម្រេច​បាន​ឡើយ ។
មាន​ពុទ្ធភាសិត​មួយ​កន្លែង​សំដែង​ថាៈ មោហៈ​គឺ​សេចក្ដី​ល្ងង់ បើ​មាន​ច្រើន​ក្នុង​សន្ដាន​ចិត្ត​អ្នក​ណា​មួយ​ហើយ អាច​នឹង​ធ្វើ​អ្នក​នោះ​មិន​ឲ្យ​ស្គាល់​សេចក្ដី​អាក្រក់​ល្អ​នឹង​ការ​ខុស​ ត្រូវ​បាន​ឡើយ ។
មាន​សុភា​សិត​មួយ​បទ​ទៀត​សំដែង​ថា៖
វិជ្ជា​វិសេស​លើស​ទ្រព្យ​ធន ចោរ​មិន​អាច់​ប្លន់​ឆក់​លួច​បាន
វិជ្ជា​គ្មាន​ថ្លៃ​នឹង​ប្រមាណ ប្រើ​ចេះ​តែ​បាន​គ្រប់​វេលា ។
បណ្ដា​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល មាន​ក្នុង​លោក​នេះ ទោះ​ជា​របស់​ឥត​វិញ្ញាណ​ដូច​យ៉ាង​លុយ​កាក់​ប្រាក់​កាស​កែវ​កង​ជា​ដើម​ក្ដី ទោះ​ជា​របស់​មាន​វិញ្ញាណ​ដូច​យ៉ាង​ខ្ញុំ​កំដរ​ប្រសុ​ស្រី​គោ​ក្របី​សេះ​ដំរី ​ជា​ដើម​ក្ដី​វិជ្ជា​ចំណេះ​ការ​ចេះ​ដឹង​ក្នុង​អក្សរ ក្នុង​លេខ​នព្វន្ដ​គុណហា ក្នុង​ភាសា​ជន​ជាតិ​តាង​ប្រទេស​ផ្សេងៗ ក្នុង​ការ​គូរ​វាស​ឆ្លាក់​ក្បូរ​ក្បាច់​រចនា ចំណេះ​វិជ្ជា​ខាង​ហត្ថកម្ម​កសិកម្ម​វណីជ្ជកម្ម​ជា​ដើម​នេះ​ឯង ប្រសើ​វិសេស​ថ្លៃ​ថ្លា​ជាង​ទ្រព្យ​សម្បត្តិ​គ្រប់​មុខ ដែល​ជា​ទ្រព្យ​ឥត​វិញ្ញាណ​មាន​វិញ្ញាណ​នោះ​វិញ ព្រោះ​ថា​ទ្រព្យ​សម្បត្តិ​ទាំង​នោះ មិន​ជា​របស់​មាន​ខ្លឹម​សារ​ឋិត​ថេរ​យូរ​ប៉ុន្មាន គង់​មាន​វិនាស​ទៅ​ដោយ​ភ័យ​ច្រើន​ប្រការ ដូច​យ៉ាង​ភ័យ​អំពី​ចោរ​លួច​ប្លន់​ឆក់​ដណ្ដើម, ភ័យ​អំពី​ភ្លើង​ឆេះ​ផ្ទះ​សម្បែង, ភ័យ​អំពី​ទឹក​លិច, ឬ​វិនាស​ទៅ​ដោយ​ល្បែង​បៀ​ប៉ោ​ជា​ដើម ។ ឯ​ចំណេះ​វិជ្ជា​នេះ ផុត​ស្រឡះ​អំពី​ភ័យ​ទាំង​ឡាយ​មាន​ចោរ​ភ័យ​ជា​ដើម​នោះ គឺ​ថា​ភ័យ​ទាំង​ឡាយ​មាន​ចោរ​ភ័យ​ជា​ដើម​នោះ មិន​អាច​នឹង​បៀត​បៀន​ចំណេះ​វិជ្ជា ដោយ​ការ​លួច​ប្លន់​ឆក់​ដណ្ដើម កំហែង​គម្រាម​ម្ចាស់​ចំណេះ​វិជ្ជា​នោះ​បាន​ឡើយ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ពោល​ថា ចំណេះ​វិជ្ជា​នោះ​វិសេស​ថ្លៃ​ថ្លា​ជាង​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ។
ម្យ៉ាង​ទៀត ចំណេះ​វិជ្ជា​នេះ នឹង​កាត់​ថ្លៃ​ថា​មាន​ដំឡៃ​ប៉ុណ្ណេះ​ ប៉ុណ្ណោះ​មិន​ទាំង​បាន​ផង, ព្រោះ​ថា​ជន​ណា​មួយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ធន​ធាន​ច្រើន តែ​ជា​អ្នក​ខ្ជិល​ច្រអូស​ក្នុង​ការ​រៀន​សូត្រ ?ជន​នោះ​បង់​បាន​ចំណេះ​វិជ្ជា​ហើយ​យក​ប្រាក់​កាស​មាន​ចំនួន​ច្រើន​ពាន់​ ច្រើន​ហ្មឺន ទៅ​ដូរ​ឬ​ទិញ​ចំណេះ​វិជ្ជា​នោះអំពី​អ្នក​ណា​មួយ ហើយ​ប៉ង​នឹង​ធ្វើ​ចំណេះ​វិជ្ជា​នោះ​ឲ្យ​រត់​ចូល​ទៅ​ក្នុង​មាត់​ឬ​ក្នុង​ ចំពោះ ដោយ​មិន​បាច់​រៀន​សូត្រ​នោះ​មិន​បាន​ឡើយ កុំ​ថា​តែ​គ្រូ​ឬ​អ្នក​មាន​ចំណេះ​វិជ្ជា​នោះ នៅ​ជា​បុថុជ្ជន​ដូច​យ៉ាង​យើង​រាល់​រូប​ឡើយ សូម្បី​តែ​ព្រះ​លោក​នាថ​ជា​ម្ចាស់ ដែល​ព្រះ​អង្គ​ជា​ឯក​អគ្គបុគ្គល​ជា​ឆ្នើម​ជន ជា​អង្គ​អរហន្ដ​យ៉ាង​ថ្លៃ​ថ្លា វិសេស​ទាំង​អម្បាល​ហ្នឹង ក៏​ព្រះ​អង្គ​មិន​អាច​នឹង​ចាប់​ទាញ​ចំណេះ​វិជ្ជា​ជា​លោកិយ​ឬ​លោកុត្តរៈ ច្រក​បញ្ចូល​ឲ្យ​ចូល​ទៅ​ក្នុង​មាត់​ឬ​ក្នុង​ពោះ​នៃ​មនុស្ស​ខ្ជិល​នោះ​បាន​ទេ កុំ​ថា​ដល់​ទៅ​ចំណេះ​វិជ្ជា​ដែល​ធំៗ ដែល​ថ្លៃ​ថ្លា​នោះ​ឡើយ សូម្បី​តែ​កំទេច​កំទី​ចំណេះ​វិជ្ជា ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ចំណេះ​វិជ្ជា​កាត់​ថ្លៃ​មិន​បាន ។ ម្យ៉ាង​ទៀត ទ្រព្យ​សម្បត្តិ​ទាំង​ពួង​ប្រើ​ចេះ​តែ​អស់​ទៅៗ​តិច​ទៅៗ, បើ​មិន​ខំ​រក​ថែម​ទៀត បាន​តែ​ខាង​ចាយ​យ៉ាង​នោះ ក៏​មុខ​ជា​ខាន​ប្រើ​ប្រាស់ ។ ឯ​ចំណេះ​វិច្ជា​វិញ​មិន​ដូច្នោះ​ទេ ប្រើ​ច្រើន​ទៅ​ក៏​រឹង​រឹត​តែ​ចំរើន​ឡើងៗ មិន​ចេះ​ថយ មិន​ចេះ​ស្រក មិន​ចេះ​អស់, ដូច​អ្នក​ចេះ​ចំណេះ​វិជ្ជា​ខាង​ច្បាប់​ទម្លាប់, អ្នក​នោះ បើ​បាន​ទៅ​សំដែង​ប្រាប់​ឬ​ពន្យល់​អ្នក​ណា ឬ​ទៅ​បង្រៀន​គេ​ហើយ ច្បាប់​ទម្លាប់​នោះ ក៏​រឹង​រឹត​តែ​ចាំ​ស្ទាត់​ប្រាកដ​ឡើង​ រឹង​រឹត​តែ​បែក​ព្រោង​ព្រាត​ឡើង, ឬ​ក៏​ដូច​ជា​អ្នក​ចវ​អកស្រ​កាព្យ​ឃ្លោង, អ្នក​នោះ​បើ​បាន​សំដែង​ប្រាប់​ពន្យល់ ឬ​តែង​ញឹក​ញយ​ហើយ អក្សរ​នឹង​កាព្យ​ឃ្លោង​នោះ ក៏​រឹង​រឹត​តែ​ស្ទាត់​ជំនាញ​សរសេរ​រហ័ស​រហួន ឯ​កាព្យ​ឃ្លោង​កាន់​តែ​ពីរោះ​ឡើងៗ បែក​ឡើងៗ លែង​ចាំ​បាច់​នឹក​នា គ្រាន់​តែ​ថា​បានៗ ។ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ថា ចំណេះ​វិជ្ជា​ប្រើ​មិន​ចេះ​អស់​ទេ ចេះ​តែ​ចំរើន​ទៅ​ខាង​មុខ​ជា​និច្ច ។
មិន​តែ​ប៉ុណ្ណេះ ចំណេះ​វិជ្ជា​អាច​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្រប់​ពេល​វេលា​ដោយ​ហេតុ​នេះ​ហើយ បាន​ជា​ថា​ចំណេះ​វិជ្ជា​នេះ​ជា​មិត្ត​ទី​មួយ របស់​មនុស្ស​ប្រុស​ស្រី ។ មួយ​វិញ​ទៀត ចំណេះ​វិជ្ជា​អាច​នឹង​ធ្វើ​អ្នក​ទ្រ​ទ្រង់​ ឲ្យ​គេ​កោត​ខ្លាច​គោរព​ប្រណិប័តន៍ គឺ​ថា​ជន​ណា​មួយ​ដែល​មាន​ពូជ​ពង្ស​ថោក​ទាប ឬ​មាន​រូប​វិកល​វិការៈ​យ៉ាង​ណា​ក៏​ដោយ បើ​មាន​ចំណេះ​វិជ្ជា​ចេះ​ជ្រៅ​ជ្រះ​ក្បោះ​ក្បាយ​ហើយ ជន​នោះ​បើ​ទៅ​ក្នុង​ទី​ណា​មួយ​ចំណេះ​វិជ្ជា​នេះ ក៏​ហាក់​ដូច​ជា​ទៅ​ចាប់​ទាញ​មនុស្ស​ប្រុស​ស្រី​ ឲ្យ​ក្រោក​ចាក​ទី​កន្ែលង​ឡើង គោរលព​ប្រណិប័តន៍​កោត​ក្រែង​ចំពោះ​ជន​នោះ​ឯង ។
ម្យ៉ាង​ទៀត​ចំណេះ​វិជ្ជា​នេះ អាច​នឹង​ធ្វើ​មនុស្ស​ម្នាក់​ឲ្យ​មាន​ដំឡៃ​ស្មើ​នឹង​មនុស្ស​មួយ​ពាន់​នាក់​ មួយ​ហ្មឺន​នាក់ ឬ​ច្រើន​ជាង​នេះ​ទៅ​ទៀត សេចក្ដី​នេះ​យ៉ាង​ណា ? ថា​ដូច​ជា​អ្នក​ណា​មួយ ដែល​គេ​ចេះ​ចំណេះ​ផ្លូវ​លោក​ផ្លូវ​ធម៌​សព្វ​គ្រប់​គ្មាន​ចន្លោះ ព្រម​ទាំង​ចំណេះ​វិជ្ជា​សម្រាប់​ស្រុក​ទេស​របស់​ខ្លួន នឹង​ចំណេះ​វិជ្ជា​សម្រាប់​តាង​ប្រទេស​ផ្សេងៗ ហើយ​អ្នក​នោះ​ក៏​បាន​ទទួល​នូវ​ឥស្សរភាព​ជា​ធំ បើ​ប្រសិន​ជា​មាន​កំហុស​អ្វី​គួរ​ដល់​បព្វាជនីយកម្ម​ក្ដី គួរ​ផ្ដាច់​បង់​ជីវិត​ក្ដី មនុស្ស​ប្រុស​ស្រី​ទាំង​ឡាយ ទាំង​ពាន់​ហ្មឺន​នាក់​គួរ​ប្រថុយ​ជីវិត​ប្ដូរ​ជំនួស​មនុស្ស​ម្នាក់​នេះ​ដែរ នេះ​ដោយ​ហេតុ​អ្វី? ក៏​ដោយ​ហេតុ​តែ​ចំណេះ​វិជ្ជា​នេះ​ហើយ ដែល​ជា​មនុស្ស​ម្នាក់​ឲ្យ​មាន​ដំឡៃ ប្រហែល​នឹង​មនុស្ស​ទាំង​ពាន់​ទាំង​ហ្មឺន​នាក់​នេះ​ឯង គួរ​ឲ្យ​អស្ចារ្យ​ណាស់​ហ្ន៎! ចំណេះ​វិជ្ជា​នេះ​មាន​គុណ​ប្រយោជន៍​ច្រើន​ប្រការ​ណាស់ ដោយ​ហេតុ​នេះ​ហើយ​គួរ​តែ​សាធុជន​ប្រុស​ស្រី​ក្មេង​ចាស់​គ្រហស្ថ​បព្វជិត ខំ​ស្វះ​ស្វែង​រក​រៀន​ចំណេះ​វិជ្ជា​ផ្លូវ​លោក​ផ្លូវ​ធម៌ ឲ្យ​បាន​ចេះ​ដឹង​គ្រប់ៗ គ្នា​ឡើង កុំ​គប្បី​ធ្វេស​ប្រហែស​ឡើយ ។
ម្យ៉ាង​ទៀត​អ្នក​ដែល​មាន​កូន ត្រូវ​រំឭក​ដាស់​តឿន​កូន​ឲ្យ​រៀន​ចំណេះ​វិជ្ជា​ ឲ្យ​បាន​ចេះ​ដឹង​ឡើង ព្រោះ​កូន​ដែល​គ្មាន​ចំណេះ​វិជ្ជា ជា​មនុស្ស​ល្ងង់​មិន​ប្រព្រឹត្ត​តាម​ច្បាប់​ នឹង​មាន​ប្រយោជន៍​អ្វី​ដោយ​សារ​កូន​ដូច្នោះ​ប្រៀប​ឧបមា​ដូច​ភ្នែក​ខ្វាក់ នឹង​មាន​ប្រយោជន៍​អ្វី​ដោយ​ភ្នែក​ខ្វាក់​នោះ​មាន​តែ​សេចក្ដី​អផ្សុក​ព្រួយ​ ចិត្ដ​តែ​ម្យ៉ាង ។
កូន​មាន​៣ គឺ​កូន​ដែល​មិន​ទាន់​កើត១, កូន​ដែល​កើត​ហើយ​ស្លាប់​បាត់​ទៅ​វិញ​១, កូន​ដែល​កើត​ហើយ​នៅ​រស់ តែ​ជា​មនុស្ស​ល្ងង់​ខ្លៅ​១, បណ្ដា​កូន​ទាំង​៣​នេះ គួរ​យក​កូន​២​ខាង​ដើម ព្រោះ​ថា​បើ​មាន​ទុក្ខ​ព្រួយ​ក៏​មាន​តែ​មួយ​លើក​ក៏​បាត់​ទៅ, ឯកូន​មួយ​ទី​បំផុត​នោះ​មិន​គួរ​យក​ឡើយ​ព្រោះ​កូន​នោះ​នឹង​នាំ​បណ្ដាល​ ឲ្យ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ជា​និច្ច ។
ក្នុង​គម្ពីរ​លោក​នីតិបករណៈ​សំដែង​ថា៖
មាន​កូន​មិន​ឲ្យ​កូន​សូត្រ​រៀន ចំណេះ​របៀន​ការ​នានា
មាតា​លោក​ថា​ជា​វេរា បិតា​ទុក​ជា​សត្រូវ​ធំ ។
កូន​ពេញ​រូប​ពាស​ពត់​មិន​ឡើង ហៅ​ថា​មិន​ថ្កើង​ក្នុង​ជំនុំ
ប្រៀប​ដូច​កុក​គ្រោង​ចូល​ទ្រនំ កណ្ដាល​ជំនុំ​នៃ​រាជ​ហង្ស ។
ដែល​នា​សុភាសិត​ខ្លះ​មក​ទុក​ក្នុង​ទី​នេះ ដើម្បី​ឲ្យ​ឃើញ​ថា សេចក្ដី​ល្ងង់​នេះ បើ​កើត​មាន​ដល់​អ្នក​ណា​ហើយ នឹង​ត្រឡប់​ទៅ​ជា​ទោស ធ្វើ​អ្នក​នោះ​ឲ្យ​បាន​ដល់​នូវ​សេចក្ដី​មិន​ចំរើន នឹង​ទន់​ទាប​ថយ​ថោក តាំង​ពី​ជាតិ​នេះ​ដរាប​ដល់​ជាតិ​ខាង​មុខ ។ ឯ​ទោស​នៃ​សេចក្ដី​ល្ងង់​ដែល​នឹង​ឃើញ​ក្នុង​ជាតិ​នេះ ដូច្នេះ៖
១- បើ​ល្ងង់​ក្នុង​វិធី​អក្សរ គឺ​មិន​ចេះ​សរសេរ មិន​ចេះ​មើល នឹង​នាំ​ឲ្យ​ខាត​បង់​នូវ​ប្រយោជន៍​ដូច្នេះ គឺ​មិន​អាច​មើល​សាស្រ្ដា ឬ​សៀវភៅ​ ដែល​មាន​ច្បាប់​ប្រដៅ​នាំ​ឲ្យ​កើត​គំនិត​ប្រាជ្ញា ឬ​មិន​អាច​សរសេរ​សំបុត្រ​កត់​ហេតុ​ណា​នីមួយ ដែល​ខ្លួន​ត្រូវ​ការ​ផ្ញើ​ទៅ​ញាតិ​មិត្ត​បាន ។
២- អ្នក​ដែល​មិន​មាន​ចំណេះ​វិជ្ជា​អ្វី បើ​នៅ​អាស្រ័យ​ជ្រក​កោន​ក្នុង​សំណាក់​អ្នក​ធំ​ហើយ ចេះ​គោរព​ប្រណិប័តន៍​យ៉ាង​ណា​ក៏​ដោយ អ្នក​ធំ​នោះ​ ក៏​មិន​អាច​លើក​តំកើង​អ្នក​នោះ ឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ​យស​ស័ក្ដិ​បាន​ឡើយ ព្រោះ​លោក​យល់​ថា​ជា​មនុស្ស​ល្ងង់ បើ​គ្រាន់​បើ​ណាស់ បាន​ត្រឹម​តែ​សេចក្ដី​សុខ​ជាន់​ទាប់​ប៉ុណ្ណោះ តែ​ក៏​គង់​មិន​រួច​អំពី​ជា​អ្នក​បំរើ​គេ​ដែរ ។
៣- មនុស្ស​ល្ងង់​នោះ បើ​មាន​យសស័ក្ដិ ដោយ​អំណាច​ព្រេង​សំណាង​ជួយ​ឧបត្ថម្ភ បើ​និយាយ​ការ​អ្វី​ទៅ​រក​គេ គេ​ពុំ​សូវ​ជឿ​តាម​ពុំ​កោត​ខ្លាច ព្រោះ​ដឹង​ថា ខ្លួន​ជា​មនុស្ស​ល្ងង់ ។
៤- មនុស្ស​ល្ងង់ ជា​មនុស្ស​ខ្សត់​មិត្ត​សំឡាញ់ ព្រោះ​គេ​មិន​សូវ​ត្រូវ​ការ​យក​ខ្លួន​ធ្វើ​ជា​មិត្ត​សំឡាញ់​ឡើយ ព្រោះ​ហេតុ​អ្វី? ព្រោះ​គេ​ដឹង​ថា ខ្លួន​ជា​មនុស្ស​ល្ងង់ បើ​នឹង​ពឹង​រក​យក​ទៅ​ធ្វើ​ការ​អ្វី ឬ​ជួយ​ពិគ្រោះ​ការ​អ្វី​ក៏​មិន​កើត​ទាំង​អស់ បើ​ទុក​ណា​ជា​មាន​មិត្ត​សំឡាញ់ ក៏​ច្រើន​តែ​បាន​មិត្ត​សំឡាញ់​ដែល​ជា​មនុស្ស​ល្ងង់​ដូច​គ្នា ។
៥- មនុស្ស​ល្ងង់​បើ​ជា​អ្នក​រក​ស៊ី ក៏​មិន​អាច​នឹង​ធ្វើ​សម្បត្តិ​ ឲ្យ​ចំរើន​ដូច​អ្នក​ដែល​ចេះ​ដឹង​បាន​ឡើយ ព្រោះ​ខ្លួន​មិន​ស្គាល់​កាល​គួរ​នឹង​កាល​មិន​គួរ ។
៦- មនុស្ស​ល្ងង់​មិន​ដែល​បាន​សេចក្ដី​សរសើរ អំពី​សំណាក់​អ្នក​ប្រាជ្ញ​ណា​មួយ​ដល់​ម្តង​ឡើយ បើ​បាន​សរសើរ​ខ្លះ​តែ​អំពី​សំណាក់​នៃ​មនុស្ស​ល្ងង់​ជាង​ខ្លួន ។ ទោស​នៃ​សេចក្ដី​ល្ងង់​សង្ខេប​ខ្លី​តែ​ប៉ុណ្ណោះ ។
អនិសង្ស​នៃ​ការ​ចេះ​ដឹង ដែល​ឃើញ​ច្បាស់​ក្នុង​ជាតិ​នេះ ដូច្នេះ៖
១- បើ​ចេះ​វិធី​លេខ​ឬ​អក្សរ គឺ​ចេះ​សរសេរ​ឬ​មើល នឹង​នាំ​ឲ្យ​មាន​ប្រយោជន៍ អាច​មើល​សាស្រ្ដា​ឬ​សៀវភៅ ដែល​ជា​ច្បាប់​ប្រដៅ នាំ​ឲ្យ​កើត​គំនិត​ប្រាជ្ញា ឬ​អាច​សរសេរ​សំបុត្រ​គត់​ហេតុ​ណា​នីមួយ ដែល​ខ្លួន​ត្រូវ​ការ​ផ្ញើ​ទៅ​ញាតិ​មិត្រ​បាន ។
២- អ្នក​ដែល​មាន​ចំណេះ​វិជ្ជា បើ​នៅ​ធ្វើ​ការ​ក្នុង​សំណាក់​អ្នក​ធំ ដោយ​យក​ចិត្ត​ទុក​ដាក់ អ្នក​ធំ​នោះ​លោក​នឹង​ស្រឡាញ់​រាប់​អាន ហើយ​អាច​ទំនុក​បំរុង​ឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ យស​ស័ក្ដិ​ថ្កើង​ថ្កាន​ឡើង​បាន ព្រោះ​លោក​យល់​ថា​ខ្លួន​មាន​ចំណេះ​វិជ្ជា ។
៣- អ្នក​មាន​ចំណេះ​វិជ្ជា បើ​ជា​អ្នក​មាន​យសស័ក្ដិ ក៏​មាន​សេចក្ដី​ថ្កំ​ថ្កើង​រុង​រឿង​ក្នុង​ទី​ប្រជុំ បើ​និយាយ​ការ​អ្វីៗ គេ​ក៏​ជឿ​ស្ដាប់​តាម ព្រោះ​គេ​យល់​ថា​ជា​អ្នក​ចេះ ។
៤- អ្នក​ចេះ ជា​មនុស្ស​សម្បូណ៌​ទៅ​ដោយ​មិត្រ​សំឡាញ់ ព្រោះ​ថា អ្នក​ឯទៀត​គេ​ច្រើន​ត្រូវ​ការ​យក​អ្នក​មាន​ចំណេះ​វិជ្ជា​នោះ ធ្វើ​ជា​ទី​ពឹង​ក្នុង​ពេល​ដែល​មាន​កិច្ច​ធុរៈ​អ្វីៗ​បាន ។
៥- អ្នក​ចេះ​ បើ​តាំង​ខ្លួន​ជា​អ្នក​រក​ស៊ី​តាម​ធម្មតា​វិញ ក៏​មាន​សេចក្ដី​ចំរើន​ក្នុង​ការ​រក​ស៊ី​នោះ ព្រោះ​ជា​អ្នក​មាន​គំនិត​ចេះ​គិត​ស្គាល់​ទំនង​នៃ​ការ​រកស៊ី​ មាន​ស្គាល់​ការ​គួរ​នឹង​មិន​គួរ​ជា​ដើម ។
៦- អ្នក​មាន​ចំណេះ​វិជ្ជា រមែង​បាន​ទទួល​នូវ​សេចក្ដី​សរសើរ អំពី​សំណាក់​អ្នក​ប្រាជ្ញ​ជា​រឿយៗ ។
ហេតុដូច្នេះ អស់​លោក​ទាំង​ឡាយ​គួរ​ខ្ពើម គួរ​ស្អប់​សេចក្ដី​ល្ងង់ ពុំ​បណ្ដោយ​ចិត្ត​ឲ្យ​សេចក្ដី​ល្ងង់​ចូល​មក​លុក​លុយ​បាន​ឡើយ គួរ​តាំង​សេចក្ដី​ព្យាយាម ប្រឹង​ប្រែង​ស្វះ​ស្វែង​រក​រៀន​ចំណេះ​វិជ្ជា​ មក​ទុក​ដាក់​ក្នុង​ខ្លួន ដើម្បី​នឹង​បំបាត់​បង់​នូវ​សេចក្ដី​ល្ងង់​ចេញ​បន្ដិច​ម្ដងៗ ជា​លំដាប់​ត​ទៅ ។
វិជ្ជា​ជា​ឈ្មោះ​របស់​សេចក្ដី​ចេះ​ដឹង បើ​អ្នក​ណា​មាន​ចំណេះ​វិជ្ជា​ហើយ​អ្នក​នោះ រមែង​បាន​នូវ​អានិសង្ស​ដូច​ពណ៌នា​មក​នេះ ។ ហេតុ​ដូច្នេះ ចូរ​ពួក​យុវជន យុវនារី​ទាំង​ឡាយ ខំ​រក​រៀន​ចំណេះ​វិជ្ជា ឲ្យ​បាន​ចេះ​ដឹង​មាំ​មួន ដើម្បី​នឹង​ជួយ​ជ្រោម​ជ្រែង​ជាតិ សាសនា មហាក្សត្រ របស់​យើង​ឲ្យ​បាន​ថ្កុំ​ថ្កើង​រុង​រឿង ឲ្យ​បាន​ដើរ​ទាន់​សម័យ​នឹង​គេ​ឡើង ។
អាត្មាភាព​សំដែង​អរិយមគ្គទី​១ គឺ​សម្មាទិដ្ឋិ ចប់​ដោយ​សង្ខេប​តែ​ប៉ុណ្ណេះ ។ 
ប្រភព http://www.budinst.gov.kh/?q=node/285

ធម៌​សង្គ្រោះ

របស់​ព្រះ​មហា ឡាច វត្ត​នួនមុនីរាម ក្រុង​ភ្នំពេញ
ទេសនា​ដាក់​វិទ្យុ​ឃោសនសព្ទ​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ១៥ កើត ខែ​អស្សុជ
ឆ្នាំ​ជូត សំរិទ្ធិស័ក ព. ស. ២៤៩១ (១៨- ១០ - ៤៨)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
ខ្ញុំ​ព្រះ​ករុណា សូម​នមស្សការ ចំពោះ​ព្រះ​ពុទ្ធ ព្រះ​ធម៌ នឹង​ព្រះ​សង្ឃ ដោយ​សេចក្ដី​គោរព ជា​សង្ខេប​តែ​ប៉ុណ្ណេះ ។
លំដាប់​ពី​នេះ​ទៅ អាត្មា​ភាព នឹង​ប្រារព្ធ​សំដែង​ព្រះ​សទ្ធម្ម​ទេសនា​ដូច​ត​ទៅ​នេះ៖
ទានញ្ច បេយ្យវជ្ជញ្ច អត្ថចរិយា ច យា ឥធ
សមានត្តតា ច ធម្មេសុ តត្ថ តត្ថ យថារហំ ។
ឯតេ ខោ សង្គហា លោកេ រថស្សាណីវយាយតោ
ឯតេ ច សង្គហា នាស្ស ន មាតា បុត្តការណា
លភេថ មានបូជំ វា បិតា វា បុត្តការណាតិ ។
វេលា​នេះ អាត្មា​ភាព បាន​ដក់​ស្រង់​ព្រះ​ពុទ្ធ​ដីកា​មួយ​កន្លែង​ដែល​មាន​មក​ក្នុង​គម្ពីរ​ ទីឃនិកាយ ត្រង់​សិង្គាលោវាទ​សូត្រ យក​មក​សំដែង ដើម្បី​ថ្វាយ​ដល់​ទ្រង់​នឹង​អស់​លោក​អ្នក​សាធុ​សប្បុរស​ទាំងឡាយ​ដែល​ជា​អ្នក ​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា ជា​ហេតុ​ធ្វើ​ខ្លួន​ឲ្យ​ដល់​នូវ​អរិយធម៌ ដែល​ជា​ធម៌​របស់​ព្រះ​អរិយ​បុគ្គល​ទាំងឡាយ មាន​ព្រះ​សម្មា​សម្ពុទ្ធ​ជាដើម ។
សម​ដូច​ធម្មភាសិត ដែល​បាន​និពន្ធ​ទុក​ខាង​ដើម​ថា ទានញ្ចបេយ្យវជ្ជញ្ច ។ល។ បិតា វា បុត្តការណា ដូច្នេះ​ជាដើម ប្រែ​ថា ធម៌​សម្រាប់​សង្គ្រោះ​របស់​មនុស្ស​ក្នុង​លោក​មាន ៤ យ៉ាង គឺៈ ១- ទាន, ២ - បេយ្យវជ្ជ, ៣- អត្ថ​ចរិយា, ៤- សមានត្តតា ។
នឹង​លើក​យក​មាតិកា​ខ​ទី ១ មក​អធិប្បាយ​ជា​បព្វភាគ ឲ្យ​ឃើញ​ថា ការ​ឲ្យ​នូវ​វត្ថុ​ដែល​គួរ​ឲ្យ មាន​វត្ថុ​សម្រាប់​ទទួល​ទាន នឹង​វត្ថុ​សម្រាប់​ប្រើប្រាស់​ជាដើម នេះ​ឈ្មោះ​ថា​ទាន, ប៉ុន្តែ​ទាន​នេះ មាន​ច្រើន​យ៉ាង​គឺ មាន​ក្នុង​ព្រះ​សូត្រ ១០, ព្រះ​វិន័យ ៤, ព្រះ​អភិធម្ម ៦, តែ​បើ​បំព្រួញ​រួបរួម​នូវ​ទាន​ទាំងអស់​នោះ​ឲ្យ​ខ្លី​ចុះ​មក ដើម្បី​ជា​សេចក្ដី​ងាយ​កំណត់​សំគាល់​ចាំ​បាន​នោះ មាន​ត្រឹម​តែ​ពីរ​យ៉ាង​គឺៈ អាមិស​ទាន ១, ធម្មទាន ១ ។
ការ​ចែក​នូវ​ភោគ​ទ្រព្យ​របស់​ខ្លួន ឲ្យ​ដល់​មនុស្ស​កំសត់​ទុគ៌ត​អនាថា ឬ​សមណ​ព្រាហ្មណ៍​ដែល​បួស​ក្នុង​ព្រះ​ពុទ្ធសាសនា ឬ​បូជា​មាតា​បិតា​ដែល​លោក​មាន​គុណ​ចំពោះ​បុត្រា​បុត្រី​ទាំងអស់​គ្នា នេះ​ហៅ​ថា អាមិស​ទាន ។
បើ​ចែក​ទៅ​តាម​អ្នក​ឲ្យ​មាន​ពីរ​យ៉ាង គឺៈ ១- សង្ឃ​ទាន, ២- បាដិ​បុគ្គល​ទាន, មាតា​បិតា​ចែក​ទ្រព្យ​សម្បត្តិ​ដល់​កូន​ប្រុស​ស្រី មាន​សំពត់​អាវ​ដី​ស្រែ​ចម្ការ គោ​ក្របី​ជាដើម ឈ្មោះ​ថា​បាដិ​បុគ្គលិក​ទាន ឬ​ហៅ​ថា អសាអារណ​ទាន ។
ទាយក​ឲ្យ​ទេយ្យ​វត្ថុ​របស់​ខ្លួន​ដល់​បុគ្គល​ដទៃ មិន​ចំពោះ​មុខ​ថា​ព្រះ​ថេរ​អង្គ​នេះ​នោះ​ដូច្នេះ​ជាដើម ឈ្មោះ​ថា​សង្ឃ​ទាន ឬ​ហៅ​ថា សាធារណ​ទាន ។
ឯ​ធម្ម​ទាន​នោះ បាន​ដល់​ការ​ចែក​រំលែក​នូវ​ធម្ម​វិន័យ ដែល​ខ្លួន​បាន​រៀន​ចេះ​ចាំ​មក​ហើយ គឺ​ត្រូវ​ប្រៀន​ប្រដៅ​ណែនាំ​បុគ្គល​ដទៃ ដែល​ល្ងិត​ល្ងង់​ខ្លៅ​ជាង​ខ្លួន ឲ្យ​បាន​ដឹង​នូវ​ធម៌​ដែល​អាច​ធ្វើ​ខ្លួន​ឲ្យ​បាន​ទទួល​​យក​នូវ​សេចក្ដី​សុខ​ ក្នុង​លោក​ទាំង​ពីរ ពុំ​នោះ​សោត​ដូចជា​មន្ត្រី​ធំ - តូច ដែល​ជា​អ្នក​ចេះ​ចាំ​ច្បាប់​ក្បួន​ប៉ែក​ខាង​ផ្លូវ​លោក ត្រូវ​ប្រដៅ​ណែនាំ​ដល់​អាណា​ប្រជានុរាស្ត្រ ដើម្បី​ធ្វើ​ជាតិ​របស់​ខ្លួន​ឲ្យ​ឡើង​កាន់​អារ្យ​ធម៌​មិន​សង្កត់​សង្កិន​រឹប ​ជាន់​ដោយ​ឥស្សរភាព​របស់​ខ្លួន​ទេ នេះ​ហៅ​ថា​ធម្មទាន ។ បើ​បុគ្គល​មាន​សង្គហធម៌​ទី ១ ដក់​ជាប់​ក្នុង​ចិត្ត​ហើយ ទោះបី​គ្រហស្ថ​បព្វជិត​មន្ត្រី - តូច ក៏​អាច​ធ្វើ​ខ្លួន​ឲ្យ​ជាទី​រាប់អាន​នៃ​ជន​ដទៃ​បាន, នេះ​ជា​សង្គហធម៌​ទី ១ ។
កាល​បើ​ឲ្យ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​និយាយ​ពាក្យ​ពិរោះ គួរ​ឲ្យ​ចាប់​ចិត្ត​ផង ទោះបី​ឲ្យ​ច្រើន​ក៏​ដូចជា​ឲ្យ​តិច ព្រោះ​មិន​ពោល​វាចា​ពីរោះ​ផ្អែម​ចំពោះ​អ្នក​ផង​ដែល​ទទួល​យក​ទេយ្យ​វត្ថុ​នោះ បាន​ជា​ព្រះ​ឈ្នះ​មារ​ជា​ម្ចាស់​ទ្រង់​សំដែង​នូវ​បេយ្យវជ្ជ ជា​សង្គហធម៌​ទី ២ ។
បើ​បុគ្គល​ណា​ជា​អ្នក​មាន​វាចា​ពីរោះ​ផ្អែម គួរ​ឲ្យ​ពេញ​ចិត្ត​ចាប់​ចិត្ត​ដូច​ជា​មាតា​បិតា ហៅ​បុត្រា​បុត្រី អា​នាង ម៉ែ នាង​ដូច្នេះ ជា​ហេតុ​ធ្វើ​ចិត្ត​កូន​ឲ្យ​ស្រឡាញ់​រាប់អាន​ដោយ​សារ​ពាក្យ​នោះ​ផង ឬ​ក៏​ចៅហ្វាយ​ហៅ​រក​បាវព្រាវ ដោយ​សំដី​ទន់ភ្លន់​ពីរោះ​ផ្អែម ជា​គ្រឿង​ធ្វើ​អ្នក​បំរើ​នោះ​ឲ្យ​ស្មោះ​ស្ម័គ្រ​ចំពោះ​ខ្លួន អាច​បំរើ​ខ្លួន​ឥត​គិត​នឿយហត់​សោះ បើ​ជា​ពួក​ក្រុម​រាជការ​វិញ ត្រូវ​ពោល​ពាក្យ​រ៉ាក់ទាក់​តាម​ថ្នាក់ តាម​ជាន់ ស្គាល់​ចាស់​ព្រឹទ្ធាចារ្យ កាល​បើ​មន្ត្រី​ណា​មាន​វាចា​ដ៏​សភាព​រាបសា​ដូច្នេះ ជា​គ្រឿង​ពូត​ផ្គំ​រីក​ពូន​សេចក្ដី​ល្អ​របស់​ខ្លួន​ផង ជា​ឧបាយ​ធ្វើ​ឲ្យ​រាស្ត្រ​ស្រឡាញ់​ផង បើ​នឹង​ទៅ​ឈរ​នៅ​ទី​ណា ជា​ទី​រាប់អាន ឬ​ជា​របស់​អាណា​ប្រជានុរាស្ត្រ​បុណ្យ​ស័ក្តិ​ទៀត​សោត​ក៏​ឡើង​ដោយ​ផល​ដែល​ ខ្លួន​ប្រព្រឹត្ត​ល្អ ចុះ​បើ​មនុស្ស​មាន​សំដី​ជូរ​ប្រៃ​ល្វីង​ទ្រគោះ​បោះ​បោក​អសុរោះ ដោយ​អំណាច​ឥស្សរភាព​របស់​ខ្លួន កុំ​ថា​ឡើយ​តែ​គ្រឿង​បូជា ដោយ​ហោច​ទៅ​សូម្បី​តែ​ឈ្មោះ​ក៏​មិន​នឹក​ផង បើ​ប៉ែក​ខាង​បព្វជិត​វិញ ត្រូវ​និយាយ​ពាក្យ​ឲ្យ​សមរម្យ​តាម​ភាព​ជា​សមណ​ភេទ មិន​និយាយ​ញុះញង់​ចាក់​ដោត​ត្លុក​កំប្លែង​លេង​សើច​ក្អាកក្អាយ​ដូចជា​គ្រហស្ថ ​នោះ​ទេ ទើប​រាប់​ថា​បេយ្យវជ្ជ​ជា​សង្គហធម៌​ទី ២ ។
ការ​ឲ្យ​នឹង​និយាយ​ពីរោះ ជា​គុណ​សម្បត្តិ​ដ៏​សំខាន់​មែន​ហើយ តែ​បើ​ជា​មនុស្ស​មើល​បំណាំ មិន​ធ្វើ​កិច្ច​ធុរៈ​អ្វី​មួយ​ដែល​ជា​ប្រយោជន៍​ដល់​ពួក​ក្រុម​ញាតិ​មិត្ត​ កូន​ចៅ​ទេ ជា​ហេតុ​ធ្វើ​អំពើ​នោះ ឲ្យ​អន្តរាយ​សាប​សូន្យ​បាត់បង់​ទៅ​វិញ​ជា​មិន​ខាន ឬ​ក៏​តាំង​នៅ​ដែរ តែ​មិន​បាន​ជាប់​នៅ​យូរ​ឡើយ ព្រោះ​ហេតុ​នោះ បាន​ជា​សម្ដេច​ព្រះ​បរម​សាស្តាចារ្យ ទ្រង់​សំដែង​អត្ថ​ចរិយា ជា​សង្គហធម៌​ទី ៣ ។
បើ​បុគ្គល​ណា​មួយ​ជា​អ្នក​ធ្វើ​នូវ​អំពើ​ដែល​ជា​ប្រយោជន៍​ដល់​ជន​ដទៃ ដូច​យ៉ាង​មាតា​បិតា​ជួយ​ធ្វើ​កិច្ច​ធុរៈ កូន​ប្រុស - ស្រី មាន​សង់​គេហស្ថាន​ឲ្យ​ជាដើម ឬ​ក៏​ពួក​បព្វជិត​ដែល​ជា​អ្នក​ប្រាជ្ញ បាន​រៀន​ចេះ​ចាំ​ព្រះ​ពុទ្ធវចន​ច្រើន ហើយ​ទូន្មាន​ប្រៀន​ប្រដៅ​ដល់​គ្រហស្ថ​ដែល​មិន​ទាន់​មាន​ទាន សីល ភាវនា ឲ្យ​មាន​ទាន សីល ភាវនា​ឡើង មិន​តែ​ប៉ុណ្ណោះ សូម្បី​ពួក​ក្រុម​នាហ្មឺន​រាជការ​ធំ - តូច ដែល​ជា​អ្នក​ចេះ​ចាំ​ច្បាប់​ក្បួន​ប៉ែក​ខាង​ផ្លូវ​លោក​ច្រើន ក៏​ត្រូវ​ណែនាំ​ពួក​រាស្ត្រ​ដែរ ឬ​ក៏​ពួក​រាស្ត្រ​ចូល​ទៅ​ប្ដឹង​ក្នុង​ក្រសួង​ផ្សេង ៗ ត្រូវ​ជួយ​យក​អាសា​ផង មិន​ត្រូវ​សង្កត់​សង្កិន​អ្នក​ម្ខាង​ឲ្យ​ខូច​ប្រយោជន៍ ហើយ​ស្រឡាញ់​ពេញ​ចិត្ត​អ្នក​ម្ខាង​ដែល​បន់​ស្រន់​ដោយ​ទេព្រក្ស​នោះ​ទេ ការ​ធ្វើ​ចិត្ត​ជា​អសប្បុរស​ដូច្នេះ មិន​មែន​ជា​ឧបាយ​ធ្វើ​ប្រទេស​ជាតិ​មាតុភូមិ​ឲ្យ​ឡើង​កាន់​វឌ្ឍន​ធម៌​ឡើយ មាន​តែ​បំផ្លិច​បំផ្លាញ​ជាតិ ឬ​ធ្វើ​ជាតិ​របស់​ខ្លួន​ឲ្យ​ធ្លាក់​ថោក​ទាប បើ​បុរស​ស្ត្រី មន្ត្រី​ធំ - តូច​ឯ​ណា​លះ​វៀរ​នូវ​អំពើ​ណា​ដែល​ធ្វើ​ទៅ​មិន​សម្រេច​ប្រយោជន៍​ដល់​បុគ្គល​ ដទៃ​ទេ ត្រូវ​កុំ​ធ្វើ តែ​ត្រូវ​ធ្វើ​អំពើ​ដែល​ជា​ប្រយោជន៍​វិញ ទើប​រាប់​ថា អត្ថ​ចរិយា​ជា​សង្គហធម៌​ទី ៣ ។
ការ​ឲ្យ​នឹង​និយាយ​ពីរោះ នឹង​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍ ជា​ការ​ប្រពៃ​ណាស់​ហើយ ប៉ុន្តែ​ធ្វើ​ខ្លួន​ឲ្យ​ស្មើ​ក្នុង​កុសល​ធម៌​ទាំង​ពួង ឬ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​ស្មើ​ដល់​ជន​ដទៃ ទើប​អាច​អប់រំ​នូវ​សេចក្ដី​ល្អ​នោះ​ឲ្យ​រឹងរឹត​តែ​ឋិតថេរ​យឺនយូរ​ត​ទៅ​ទៀត ព្រោះ​ហេតុ​នោះ បាន​ជា​សម្រេច​ព្រះ​លោក​នាថ​សាស្តាចារ្យ ទ្រង់​សំដែង​នូវ​សមានត្តតា ជា​សង្គហធម៌​ទី ៤ ។
បើ​បុគ្គល​ឯ​ណា​ធ្វើ​ខ្លួន​ស្មើ​ចំពោះ​បុគ្គល​ដទៃ មិន​សំដែង​អាការ​ក្អេងក្អាង​ក្រអឺត​ក្រទម​ជា​អ្នក​សភាព​រាបសា គួរ​ឲ្យ​អ្នក​ផង​ក្រឡេក​មើល​ទៅ​តែង​ស្រឡាញ់​រាប់អាន​ដោយ​ឫកពា​មារយាទ​របស់​ ខ្លួន ដូច​យ៉ាង​ពួក​ញាតិ​មិត្ត​ដែល​មាន​វ័យ​តិច​ជាង ប៉ុន្តែ​មាន​យស​សក្តិ​បរិបូណ៌​ដោយ​ភោគ​ទ្រព្យ​សម្បត្តិ​បរិវារ ត្រូវ​គោរព​កោត​ក្រែង​ដល់​ក្រុម​ញាតិ​មិត្ត​ដែល​មាន​វ័យ​ចំរើន​ជាង ជា​ឧបាយ​មួយ​យ៉ាង ដែល​អាច​តាំង​វង្ស​ត្រកូល ឬ​ញាតិ​មិត្ត​ឲ្យ​មាន​សេចក្ដី​ស្និទ្ធស្នាល​ស្មោះ​ស្ម័គ្រ​ឥត​មាន​ល្អៀង​ឡើយ ទាំង​មាតា​បិតា​របស់​ខ្លួន​ទៀត​សោត ក៏​រីករាយ​សប្បាយ​ចិត្ត​ដោយ​សារ​កូន​ចេះ​គួរ​សម​ផង ពុំ​នោះ​សោត​ដូច​ពួក​រាជការ ត្រូវ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​ស្មើ​ក្នុង​កុសល​ធម៌​ទាំង​ពួង​ជា​គ្រឿង​ដំកល់​ ខ្លួន ឬ​ដំកើង​ខ្លួន​ឲ្យ​ល្អ​ក្នុង​លោក​ទាំង​ពីរ ម្យ៉ាង​ទៀត ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ស្មើ​ចំពោះ​ពួក​បណ្ដា​រាស្ត្រ​ដែល​មាន​វ័យ​ចាស់​ជាង​ ខ្លួន​មិន​ត្រូវ​ធ្វើ​ក្អេងក្អាង​គ្រប​សង្កត់​ជន​ដទៃ ដោយ​អានុភាព​របស់​ខ្លួន​ទេ ការ​ដែល​តាំង​ខ្លួន​មាន​សភាព​បែប​នេះ ជា​ហេតុ​ធ្វើ​ខ្លួន​ឲ្យ​ជា​ទី​រាប់អាន​របស់​មហា​ជន​មិន​ខាន​ឡើយ ទើប​រាប់​ថា​សមានត្តតា ជា​សង្គហធម៌​ទី​៤ ។
សង្គហ​វត្ថុ​ទាំង ៤ យ៉ាង​នេះ មាន​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា​ហើយ អាច​យឹត​យោង​បុគ្គល​នោះ​ឲ្យ​ឡើង​កាន់​ឋានៈ​ដ៏​ខ្ពង់ខ្ពស់ ឬ​ជា​ឧបាយ​ឲ្យ​កើត​សាមគ្គី​ធម៌ គឺ​សេចក្ដី​ព្រមព្រៀង​គ្នា​ជា​ពួក​ក្រុម​ផង ប៉ុន្តែ​សង្គហធម៌​ទាំង ៤ យ៉ាង​នេះ ដែល​ដុះ​ដាល​កើត​មាន​ឡើង​ក្នុង​សន្ដាន​នៃ​បុគ្គល​នីមួយ ៗ មិន​មែន​កើត​ឡើង​ឯង ៗ ទេ លុះ​ណា​តែ​អាស្រ័យ​គ្រឿង​ផ្សំ គឺ​ការ​សិក្សា​រៀន​សូត្រ​ទើប​កើត​ឡើង​បាន មិន​មែន​តែ​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ទេ សូម្បី​ផ្លូវ​លោក​ក៏​ដូច​គ្នា​ដែរ សម​ដូច​ព្រះ​បរម​ពុទ្ធោវាទ​ថាៈ
យោគា វេ ជាយតេ ភូមិ អយោគា ភូរិសង្ខយោ
"ប្រាជ្ញា​កើត​ឡើង​ព្រោះ​គ្រឿង​ផ្សំ ការ​អស់​ទៅ​នៃ​ប្រាជ្ញា ព្រោះ​ខ្វះ​គ្រឿង​ផ្សំ" ។
ហេតុ​នេះ យុវជន កុមារា - កុមារី​ទាំងឡាយ ត្រូវ​ខំ​ស្វះ​ស្វែង​រៀន​សូត្រ​លេខ​នព្វន្ត អក្សរសាស្ត្រ ទាំង​ប៉ុន្មាន​ឲ្យ​មាំមួន​ឡើង ដើម្បី​ពូន​ប្រាជ្ញា​របស់​អ្នក​ផង នឹង​ធ្វើ​ប្រទេស​ជាតិ​មាតុភូមិ​របស់​អ្នក​ឲ្យ​ឡើង​កាន់​វឌ្ឍន​ធម៌​ផង ព្រោះ​ថា​ក្នុង​ស្រុក​ប្រទេស​ណា​មាន​មនុស្ស​សិក្សា​រៀន​សូត្រ​ច្រើន ស្រុក​ប្រទេស​នោះ តែង​មាន​សេចក្ដី​ចំរើន​ជានិច្ច ។
បើ​ប្រាស​ចាក​ការ​សិក្សា​រៀន​សូត្រ​ហើយ កុំ​ថា​ឡើយ​តែ​ការ​កសាង​ជាតិ ដោយ​ហោច​ទៅ សូម្បី​តែ​សេចក្ដី​ចិញ្ចឹម​ជីវិត​ផ្ទាល់​ខ្លួន​ក៏​លំបាក​ដែរ បើ​យុវជន​កុមារា​កុមារី​ណា ឃើញ​សេចក្ដី​វិនាស​នឹង​សេចក្ដី​ចំរើន​ដូច​ពណ៌នា​មក​ខាង​លើ​នេះ ត្រូវ​ប្រឹងប្រែង​ក្នុង​ការ​រៀន​សូត្រឲ្យ​មុត​មាំ​មិន​ត្រូវ​ខ្ជិល​ច្រអូស​ ឡើយ ។
អាត្មា​ភាព​សំដែង​មក ក្នុង​ធម៌​សង្គ្រោះ​ទាំង ៤ យ៉ាង ព្រម​ទាំង​លើក​គាថា​យក​មក​ជា​ពស្ដុតាង ក៏​សន្មត​ថា ចប់ តែ​ប៉ុណ្ណេះ ។
ធម្ម​ទេសនា​នុភាវេន និទ្ទុក្ខា ហោន្តុ សព្វទា ដោយ​អានុភាព​នៃ​ធម្ម​ទេសនា​នេះ សូម​ពុទ្ធ​បរិស័ទ​នឹង​ជន​រួម​ជាតិ ព្រម​ទាំង​ជន​រួម​លោក​ទាំងឡាយ កុំ​ឲ្យ​មាន​ទុក្ខ​សព្វ ៗ កាល ឯវំ ។
ចប់ 
ប្រភព http://www.budinst.gov.kh/?q=node/286

អបាយមុខ

ព្រះ​គ្រូ​សិរីសោភ័ណ កឹម - តូរ ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក
ទេសនា​ដាក់​វិទ្យុ​ឃោសនសព្ទ​នៃ​ប្រទេស​កម្ពុជា
កាល​ពី​ថ្ងៃ ៨ កើត​ខែ​កត្ដិក ឆ្នាំ​កុរ​នព្វស័ក ព. ស. ២៤៩០
( ២០ - ១១ - ៤៧ )
ន មត្ថុ រតនត្តយស្ស
សូម​នមស្សការ​ថ្វាយ​បង្គំ ចំពោះ​ព្រះ​រតន​ត្រ័យ គឺ :
ព្រះ​ពុទ្ធ​, ព្រះ​ធម៌​, ព្រះ​សង្ឃ ដោយ​សេចក្ដី​គោរព ។
លំដាប់​អំពី​បទ​នមស្សការ​នេះ​ទៅ​, អាត្មាភាព​សូម​សំដែង​អបាយ​មុខ ៦ យ៉ាង ដែល​សម្ដេច​ព្រះ​សព្វញ្ញុពុទ្ធ​ទ្រង់​ទេសនា​ប្រារព្ធ​ចំពោះ​សិង្គាលមាណព ក្នុង​គម្ពីរ​ទីឃនិកាយ ត្រង់​សិង្គាលោវាទសូត្រ​ដូច​សេចក្ដី​តទៅ​នេះ :
អបាយមុខ​ប្រែ​ថា : " ហេតុ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស " ។ អ្នក​ដែល​បាន​ប្រព្រឹត្ត​អបាយ​មុខ​នេះ នឹង​ជួប​សេចក្ដី​វិនាស​ឃើញ​ទាន់​ហន់​ក្នុង​លោក​នេះ ។ អបាយមុខ​នោះ​មាន ៦ យ៉ាង គឺ :
១- ការ​ផឹក​ទឹក​ស្រវឹង គឺ​សុរា​និង​មេរ័យ - សុរា​និង​មេរ័យ​នេះ ជា​ទឹក​សម្រាប់​បំពុល ឬ សម្រាប់​បង្វិល​ចិត្ត​មនុស្ស​ឲ្យ​ខុស​ប្រក្រតី ។ មនុស្ស​អ្នក​ក្រេប​លេប​ទឹក​ស្រវឹង​ចូល​ទៅ​ហើយ​, ទឹក​នោះ​អាច​កំដៅ​ហទយៈ​គឺ​បេះ​ដូង​ឲ្យ​ញាប់​ញ័រ​ ច្រើន​តែ​បណ្ដាល​ឲ្យ​កើត​សេចក្ដី​ក្លាហាន​ព្រហើន​កោងកាច​ប្រមាថ​មើល​ងាយ​ អ្នក​ដទៃ​, អំពើ​ខុស​យល់​ថា​ត្រូវ​, អំពើ​ត្រូវ​យល់​ថា​ខុស​វិញ ។ មនុស្ស​បើ​មិន​ទាន់​ត្រូវ​សុរា​ចូល​ទៅ​ដល់​ទេ តែង​ឫកពា​សុភាព​រាបសា ដឹង​ខុស​ត្រូវ​គួរ​សម តែ​វេលា​ណា​ត្រូវ​សុរា​ហើយ អំណាច​សុរា​នេះ​បង្វិល​ឲ្យ​ចិត្ត​ខុស​ប្រក្រតី​មួយ​រំពេច​គឺ​បញ្ចេញ​ការៈ​ ថោកទាប​ដោយ​ផ្លូវ​កាយ​និង​វាចា​, ទៅ​ជា​មនុស្ស​ច្រងេង​ច្រងាង​ទទ្រាក់ទទ្រើក​ញញាក់​ញញ័រ ទាំង​សំដី​សោត​ទៀត​ក៏​និយាយ​ច្រំ​ដែល​ៗ​មិន​ទៅ​មុខ ចេញ​លំនាំ​ប្រហែល​គ្នា​នឹង​មនុស្ស​ឆ្កួត ។ មនុស្ស​ប្រមឹក​ញៀន​សុរា​នេះ រមែង​ទទួល​រង​ទុក្ខ​ទោស​គ្រោះ​ថ្នាក់ ៦ យ៉ាង អាច​ឃើញ​ជាក់​ច្បាស់​ដោយ​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​គឺ :
ក) អ្នក​ប្រមឹក​សុរា តែង​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​កញ្ជះកញ្ជាយ​, យក​ទៅ​ទិញ​ដូរ​សុរា​ខ្លះ សាច់​ខ្លះ ឬ​េបស់​អ្វី​ឯ​ទៀត​ខ្លះ សម្រាប់​ក្លែម​ជាមួយ​នឹង​សុរា អ្នក​ខ្លះ​ថា​ផឹក​តែ​ម្នាក់​ឯង​​មិន​សូវ​ឆ្ងាញ់ មិន​សូវ​សប្បាយ​ទេ​, លុះ​ត្រា​តែ​មាន​គ្នា​ទើប​ហ៊ឺហារ​សប្បាយ ម៉្លោះ​ហើយ​ក៏​ហៅ​រក​បបួល​មនុស្ស​ណា​ដែល​មាន​ចរិយា​ថោក​ទាប​ដូច​ខ្លួន​ដែរ​ មក​ស៊ី​ផឹក​ជាមួយ ។ អ្នក​ប្រមឹក​សុរា​បែប​នេះ គ្មាន​ពេល​ឱកាស​នឹង​ធ្វើ​ការ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​អ្វី​ទេ​, មាន​តែ​ផ្លូវ​ចាយ​វាយ​បំផ្លេច​បំផ្លាញ​តែ​ម្យ៉ាង​, កាល​បើ​ប្រាក់​កាស​សម្រាប់​ចាយ​ធម្មតា​មិន​គ្រប់​គ្រាន់​ទេ​, ក៏​តោង​លក់​ផ្ដាច់ ឬ​បញ្ចាំ​កេរ្តិ៍​មត៌ក មាន​ផ្ទះ​សម្បែង​ដី​ស្រែ​ចំការ​ច្បារ​ដំណាំ​ជាដើម ដរាប​ទាល់​តែ​ងស់​រលីង ក៏​តាំង​សំកុក​កើត​ទុក្ខ​មុខ​ស្ងួត​អស់​ទាំង​គ្រួសារ ធ្លាក់​ខ្លួន​ទៅ​ជា​មនុស្ស​អនថា​ឥត​ទីពឹង ក្រ​រហេម​រហាម ក្លាយ​ទៅ​ជា​ចោរ​លួច​ប្លន់​ក៏​មាន ។
ខ) អ្នក​ប្រមឹក​សុរា ពេល​ណា​ស្រវឹង​ស៊ប់​ហើយ ក៏​តាំង​ង្ក​ហេតុ​រក​រឿង​ឈ្លោះ​ចេរ​ប្រទេច​ប្រពន្ធ​កូន​ឯង​, បើ​រក​រក​រឿង​ប្រពន្ធ​កូន​របស់​ខ្លួន​មិន​បាន​តេ​, ក៏​បែរ​ទៅ​រក​រឿង​ឈ្លោះ​នឹង​របស់​បករើ​ប្រាស់ មាន​ពាង​ចាន​និង​ឆ្នាំង​ជាដើម វាយ​សំពង​ខ្ទេច​ខ្ទី​បែក​បាក់​អស់​ក៏​មាន​, បើ​មិន​ដូច្នោះ​ទេ​, បង្ក​ហេតុ​រក​រឿង​អ្នក​ផង​ជិត​ខាង គេ​អត់​មិន​បាន​ក៏​កើត​ទៅ​ជា​ជេរ​​តប​វាយ​​ដំកាប់​ចាក់​គ្នា​ទៅវិញ​ទៅ​មក ជាប់​គុក​ច្រវាក់​បង់​ទ្រព្យ​ថែម​ទៀម​ក៏​មាន ។
គ) អ្នក​ប្រមឹក​សុរា ឈ្មោះ​ថា​ជា​អ្នក​បង្ក​រោគ​ផ្សេង​ៗ ឲ្យ​កើត​ចម្រើន​នៅ​ក្នុង​រាង​កាយ​របស់​ខ្លួន មាន​រោគ​ងងឹត​ភ្នែត ខូច​ក្រពះ​ពោះវៀន ខូច​សួត​ជាដើម ឆាប់​ចាស់​ជរា​អាយុ​ខ្លី ដោយ​អំណាច​សុរា​ក៏​មាន ។
ឃ) អ្នក​ប្រមឹក​សុរា មាន​កិត្តិស័ព្ទ​កេរ្តិ៍​ឈ្មោះ​មិន​ល្អ ជាទី​ខ្ពើម​រអើម​របស់​ពួក​សប្បុរស​, ទាំង​សំដី​និយាយ​កិច្ចការ​អ្វី​សោត​ទៀត គេ​ក៏​មិន​សូវ​ជឿ​ស្ដាប់​មិន​ជា​យក​ប្រមាណ​, បើ​ទុក​ជា​មាន​កូន​កម្លោះ​ក្រមុំ​ច្រូង​ច្រាង គេ​ក៏​មិន​ត្រូវ​ការ ថែម​ទាំង​គេ​ដៀល​ថា " ពូជ​ប្រមឹក​សុរា​កុំ​ចូល​ទៅ​ជិត នាំ​ឲ្យ​សៅហ្មង​ដល់​ពូជ​ពង្ស​ត្រកូល​របស់​យើង " យ៉ាង​នេះ​ក៏​មាន ។
ង) អញនក​ប្រមឹក​សុរា វេលា​ស្រវឹង​ស៊ប់​ហើយ ឥត​មាន​សេចក្ដី​អៀន​ខ្មាស់​ទេ​, អវយវៈ​ដែល​គេ​ត្រូវ​បិទបាំង ខ្លួន​ឯង​ទៅ​ជា​​សើយ​លាត់​បញ្ចេញ​អាការ​កិរិយា​ឲ្យ​គេ​ឃើញ​ជាក់​ស្ដែង ជួន​កាល​ដើរ​ស្រែក​រឡេរឡ​ប៉ប៉ាច់ប៉ប៉ោច​តាម​ផ្លូវ​ដូច​ឆ្កួត សំដែង​អាការៈ​ថោកា​ទាប​ក៏​មាន​, ខ្លះ​ស្រវឹង​ក្អួត​ដួល​ដេក​ស្ដឹង​ស្ដូក​ហាក់​ដូច​ស្លាប់ តាម​ចន្លោះ​ផ្លូវ ឬ​សំយាប​ផ្ទះ​គេ​ក៏​មាន​, មិន​តែ​ប៉ុណ្ណោះ ចិត្ត​ធំ​ព្រហើន​ហ៊ាន​កាប់​សម្លាប់​ឥត​កោត​ញញើត​យ៉ាង​នេះ​ក៏​មាន ។
ច) អ្នក​ប្រមឹក​សុរា ឈ្មោះ​ថា​អ្នក​ធ្វើ​ចំណេះ​វិជ្ជាព្រម​ទាំង​ប្រាជ្ញា​ស្មារតី​ឲ្យ​អន់​ថយ​ ខ្សោយ​ចុះ​ទៅ​ជា​ដរាប​, បើ​នឹង​គិត​ការ​អ្វី ឬ​ធ្វើ​ការ​អ្វី ច្រើន​ធ្វើ​ប្រថុយ​ទៅ​ទាំង​កម្រោល​ឥត​ដឹង​ខុស​ត្រូវ ។
អ្នក​ប្រមឹក​សុរា​មិន​មែន​ធ្វើ​ថោក​ត្រឹម​តែ​ខ្លួន​ឯង​មួយ ឬ​គ្រួសារ​របស់​ខ្លួន​មួយ​ទេ​, បាន​ឈ្មោះ​ថា​ធ្វើ​ជាតិ​និង​ប្រទេស​ឲ្យ​ថោក​ថែម​ទៀត ។ ហេតុ​នេះ​, អស់​លោក​អ្នក​កាន់​អំណាច គួរ​តែ​ផ្ចាញ់​ផ្ចាល​បំបាត់​សភាព​ប្រមឹក​បែប​នេះ ក្នុង​ស្រុក​នីមួយ​ៗ​កុំ​ឲ្យ​មាន ទើប​នឹង​មានសេចក្ដី​ចម្រើន ។
សេចក្ដី​ដែល​បាន​ពណ៌នា​មក​នេះ​ឈ្មោះ​ថា អបាយមុខ​ទីមួយ ។
២- ការ​ដើរ​លេង​ក្នុង​វេលា​យប់​ខុស​កាល - ពេល​ដែល​គេ​ត្រូវ​សម្រាក​សម្ងំ​ដេក​ពួន ខ្លួន​ដើរ​លេង​ជជ្រក​​មមក​តាម​ច្រក​ល្ហក​ផ្លូវ​តូច​ធំ​ហួស​ពេលវេលា ចោល​ប្រពន្ធ​កូន​ទ្រពញយ​សម្បត្តិ​នៅ​ឯ​ផ្ទះ ឥត​មាន​អ្នក​ណា​គ្រប់​គ្រង​រក្សា ឈ្មោះ​ថា​បើក​ឱកាស​ឲ្យ​ដល់​សត្រូវ​គឺ​ចោរ​ប្រមាថ​មើល​ងាយ​ដល់​ទ្រព្យ​ សម្បត្តិ​ក៏​មាន​, ជួន​កាល​ខ្លួន​ឯងដើរ​លេង​ទៅ​ក៏​ត្រូវ​ទទួឡ​គ្រោះ​ថ្នាក់ មាន​ពស់​ក្អែប​ខាំ​ទិច​ជាដើម​ក៏​មាន​, ពុំ​នោះ​សោត​មាន​អ្នក​ផងគេ​រង្កៀស​សង្ស័យ​ថា អ្នក​នេះ​ហៃ​ដើរ​ពេល​យប់ ប្រហែល​ជា​អ្នក​រក​ស៊ី​ដោយ​​ផ្លូវ​ទុច្ចរិត​ទេ​ដឹង ? ជួន​កាល​មាន​ចោរ​លួច​ឆក់​ទ្រពញយ​សម្បត្តិ​របស់​គេ​ពិត​ហើយ​វា​ភៀស​គេច​ខ្លួន ​បាត់​ទៅ ទទួល​គេ​ឃើញ​ខ្លួន​ដើរ​ទៅ​, ម្ចាស់​ទ្រព្យ​គេ​ក៏​ចោទ​ប្រកាន់​ខ្លួន​ថា​ជា​ចោរ ហើត​ក៏​នាំ​គ្នា​ចាប់​ចង​ធ្វើ​ទុក​ទោស ដាក់​ពិន័យ​ជាប់​គុក​ច្រវាក់​បង់​ទ្រព្យ​ធន​ក៏​មាន ។ នេះ​ឈ្មោះ​ថា អបាយមុខ​ទី ២ ។
៣- ការ​ដើរ​មើល​ល្បែង​មហា​ស្រព​ផ្សេង​ៗ - បុរស​ក្ដី​ស្រ្តី​ក្ដី កាល​បើ​ដឹង​ឮ​ថាល្ែង​ច្រៀង​រាំ​ត្លុក​កំប្លែង មាន​នៅ​ក្នុង​ទី​ណា​ក៏​ដើរ​ចូល​ទៅ​កាន់​ទី​នោះ ហើយ​ស្ដាប់ ឬ​មើល​ល្បែង​នោះ​ៗ​ដោយ​សេក្ដី​សប្បាយ​ជាប់​ចិត្ត​ភ្លេច​ខ្លួន​ឥត​នឹក​នា​ដល់ ​ប្រពន្ធ​កូន ឬ​ប្ដី​សី​ទ្រព្យ​សម្បត្តិ​ដែល​នៅ​ក្នុង​ផ្ទះ​, មិន​តែ​ប៉ុណ្ណោះ ខាត​ទាំង​ប្រាក់​កាស​ដែល​ត្រូវ​ចាយ​ក្នុង​ល្បែង​នោះ​ៗ​ផង​, ខាត​ទាំង​ពេល​ដេក​អត់​ងងុយ​ផង​, ខាត​ទាំង​ពេល​ដែល​ត្រូវ​ប្រកប​ការងារ​រក​ស៊ី​ផង ។ ធម្មតា​អ្នក​មើល​ល្បែង​មិន​អាច​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ស្ងាត់​បាន​ទេ​, ឈ្មោះ​ថា​ជា​អ្នក​ព្រងើយ​បណញដែត​បណ្ដោយ​ចិត្ត​ឲ្យ​រវើរវាយ​វក់​ទៅ​ក្នុង​កាម ​គុណ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ក៏​មាន​, ជួន​កាល​ស្រី​លះ​លែង​ប្ដី​របស់​ខ្លួន រត់​ទៅ​តាម​ប្រុស​អ្នក​លេង​ល្បែង​ក៏​មាន​, ចំណែក​ប្រុស​លបលាក់យក​ទ្រព្យ​របស់​ទៅ​ឲ្យ​ស្រី​, ចំណែក​ស្រី​លបលាក់​យក​ទ្រពញយ​របស់​ទៅ​ឲ្យ​ប្រុស ។ រឿង​ទាំង​នេះ​ក្នុង​សម័យ​បច្ចុប្បន្ន​ឥឡូវសឹង​មាន​ជា​ច្រើន​នៅ​ស្រុក​ក្រៅ​ និង​ទី​ក្រុង​, បើ​បុរស​ឬ​ស្រី្ត​មាន​សភាព​យ៉ាង​នោះ ដែល​ជា​អ្នក​មាន​អំនាច កាល​បើ​ប្រាក់​កាស​សម្រាប់​ចាយ​ចាត់​ចែង​​មិន​គ្រប់​គ្រាន់​ទេ ក៏​តាំង​ប្រើ​ឧបាយកល​សង្កត់​សង្កិន​ដោយ​ផ្លូវអយុត្តិធម៌ ឥត​អាណិត​អាសូរ​ដល់​អ្នក​ផង ដើម្បី​យក​ទៅ​បង្រ្គប់​បំប៉ន​កាម​គុណ​ទាំង​នោះ ។ រឧង​នេះ​គួរ​ឲ្យ​សង្វេគ គួរ​ឲ្យ​នឹក​ស្ដាយ​ពេក​ណាស់​, បើ​ប្រសិន​ជា​យក​ចិត្ត​ទុក​ដាក់​ទំនុក​បម្រុង​ស្រុក​ទេស ឲ្យ​បាន​ប្រហែល​គ្នា​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​មាតុ​គ្រាម​វិញ​, ស្រុក​ទេស​មុខ​តែ​នឹង​បាន​សេចក្ដី​ចម្រើន​ថ្កុំថ្កើង​ទាន់​សម័យ​មិន​ខាន ។ សេចក្ដី​ដែល​បាន​ពណ៌នា​មក​នេះ​ឈ្មោះ​ថា អបាយមុខ​ទី ៣ ។
៤- ការ​លេង​ល្បែង​ភ្នាល់​គ្នា​ស៊ី​សង - ល្បែង​ភ្នាល់​ស៊ីសង​នេះ​មាន​ច្រើន​យ៉ាង រាប់​តាំង​ពី​បៀ​នឹង​ធួរ​ជាដើម​ទៅ ។ បុរស​ស្រ្តី​អ្នក​ចូល​ចិត្ត​ប្រព្រឹត្ត​លេង​ល្បែង​ស៊ីសង​ឯ​ណា​នីមួយ សុទ្ធ​តែ​មាន​បំណង​ចង់​បាន​ប្រយោជន៍​ចំណេញ​មក​ឆាប់​ៗ​, ប៉ុន្តែ​ហេតុ​ការណ៍​ពិត​នោះ មិន​មែន​ត្រូវ​ដូច​គំនិត​ដែល​ប៉ង​នោះ​ទេ​, បើ​ទុក​ជា​ត្រូវ​បំណង​ខ្លះ​ក៏​មាន​តិច​ណាស់​ក្នុង​លោក​នេះ​, គួរ​អស់​លោក​អ្នក​ពិចារណា​មើល​ដូច្នេះ​ថា អ្នក​មាន​ភោគ​សម្បត្តិ​ច្រើន​រាប់​ម៉ឺន​សែន​នៅ​ជុំ​វិញ​ខ្លួន​សព្វ​ថ្ងៃ​នេះ តើ​គេ​មាន​មក​អំពី​លេង​ល្បែង ឬ​គេ​មាន​មក​អំពី​ប្រកប​សិប្បកម្ម និង​ពាណិជកម្ម ? ។ ធម្មតា​អ្នក​ប្រព្រឹត្ត​លេង​ល្បែង​ភ្នាល់​គ្នា​, មិន​ដែល​អ្នក​ណា​មួយ​មាន​កំណើត​ទៅ​ជា​មនុស្ស​គ្រាន់​បើ​ទេ​, ច្រើន​តែ​ទទួល​រង​គ្រោះ​ថ្នាក់​​សេចក្ដី​វិនាស​ច្រើន​ប្រការ​គឺ : អ្នក​ប្រព្រឹត្ត​លេង​ល្បែង កាល​បើ​ខ្លួន​ឈ្នះ​​ក៏​ប្រើ​អំណាច​រំលោភ​​អូស​យក​ទ្រព្យ​សម្បត្តិ​​អំពី​ អ្នក​ចាញ់​ៗ ក៏​កើត​សេចក្ដី​ក្ដៅ​ក្រហាយ​ចង​ពៀរ​ព្យាបាទ​គ្នា​ទៅវិញ​ទៅ​មក​ក៏​មាន​, អ្នក​ចាញ់​តែង​ដេក​កើត​ទុក្ខ​ថ្ងូរ​ដក​ដង្ងើម​ធំ​ស្ដាយ​ទ្រព្យ​សម្បត្តិ ដែល​វិនាស​ទៅ​រហូត​ដល់​លែង​ចង់​រស់​នៅ​ជា​មនុស្ស ដោយ​ប្រើ​វិធី​ចង​សម្លាប់​ខ្លួន​ឯង​​ជា​ដើម​ក៏​មាន​, អ្នក​លេង​ល្បែង​ច្រើន​មាន​ឧបាយ​កុហក​ភូត​ភរ​បោក​ប្រាស​គេ​ឲ្យ​តែ​បាន​ដល់​ដៃ ឬ​ទោះបី​ទៅ​និយាយ​ពឹង​ពាក់​ប្រស្រ័យ​កិច្ចការ​អ្វី​ៗ នឹង​គេ​ៗ ក៏​មិន​ជឿ​មិន​យក​ជា​ប្រមាណ ម៉្លោះ​ហើយ​ក៏​ធ្លាក់​ខ្លួន​ទៅ​ជា​មនុស្ស​ថោក​ឥត​គេ​ត្រូវ​ការ​រាប់​រក ។ ម្យ៉ាង​ទៀត ល្បែង​ស៊ី​សង​អស់​នេះ​ច្រើន​ធ្វើ​ទុក្ខ​ដល់​អ្នក​នៅ​ទំនេរ​, ជួន​កាល​ប្ដី​ទៅ​ធ្វើ​ការ​បាត់ ប្រពន្ធ​នៅ​ផ្ទះ​ទំនេរ​ឥត​ការ​អ្វី​ធ្វើ ក៏​តាំង​វ៉ៃ​ភ្នែន​តទល់​នឹង​ប្រុស​ៗ ឬ​នឹង​ស្រី​ៗ​ដូច​គ្នា តាំង​ពី​ព្រលឹម​ទល់​ថ្ងៃ​ត្រង់ តាំង​ពី​បែរ​ពី​ថ្ងៃ​ត្រង់​ទល់​ល្ងាច​, ជួន​កាល​ក៏​ចាញ់​ងស់​រលីង​ពី​ខ្លួន ហើយ​ក៏​តាំង​លក់ ឬ​បញ្ចាំ​គ្រឿង​អលង្ការ សម្រាប់​តាក់​តែង​រាង​កាយ​យក​មក​លេង​ទៀត​, កាល​ណា​បើ​ប្ដី​ដឹង​ក៏​កើត​ទៅ​ជា​ជម្លោះ​ទាស់​ទែង​លែង​លះ​គ្នា​ក៏​មាន ។ នេះ​ឈ្មោះ​ថា​អបាយមុខ​ទី ៤ ។
៥- ការ​សេព​គប់​នឹង​បាប​មិត្រ - មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​អាក្រក់ ជា​ហេតុ​នាំ​ឲ្យ​កើត​សេចក្ដី​វិនាស​ដល់​ខ្លួន ឬ​ដល់​អ្នក​ដទៃ​, មនុស្ស​នោះ​គេ​ហៅ​ថា បាប​មិត្រ ។ បើ​អស់​លោក​អ្នក​ចង់​ស្គាល់​ថា​មនុស្ស​បែប​ណា​ជា​បាប​មិត្រ​នោះ តោង​ពិនិត្យ​សង្កេត​ដោយ​ផ្លូវ​កាយ - វាចា​នឹង​ចិត្ត ក៏​នឹង​អាច​ដឹង​បាន ។ បណ្ដា​មនុស្ស​ក្នុង​លោក​, អ្នក​ណា​មួយ​ទោះ​ជា​មនុស្ស​ជាន់​ខ្ពស់​ក្ដី ជាន់​កណ្ដាល​ក្ដី ជាន់​ទាប​ក្ដី សុទ្ធ​សឹង​តែ​មាន​ការងារ​ត្រូវ​ធ្វើ​ជា​ប្រក្រតី​, បើ​មនុស្ស​សប្បុរស​ល្អ ការងារ​ចេញ​មក​តាម​ផ្លូវ​កាយ​ក៏​ល្អ ចេញ​មក​តាម​ផ្លូវ​វាចា​ក៏​ល្អ ចេញ​មក​តាម​ផ្លូវ​ចិត្ត​ក៏​ល្អ​, មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​ជា​អ្នក​មាន​ករុណា​អាណិត​អាសូរ​ចំពោះ​អ្នក​ដទៃ​ជានិច្ច​, ធ្វើ​ការងារ​អ្វី​មិន​អាង​យសស័ក្ដិ មិន​អាង​អំណាច មិន​លំអៀង​ព្រោះ​ស្រឡាញ់ ព្រោះ​ស្អប់ ព្រោះ​ខ្លាច​ទេ​, ព្រោះ​មនុស្ស​បែប​នេះ​ហៅ​ថា​កល្យាណ​មិត្រ​, គួរ​សេព​គប់​រាប់​រក​យក​មិត្រ​ជា​សំឡាញ់ ។ មនុស្ស​ណា​ជា​អ្នក​ប្រព្រឹត្ត​លេង​ល្បែង​ភ្នាល់​ស៊ីសង​, ជា​អ្នក​លេង​ស្រី​, ជា​អ្នក​លេង​ផឹក​សុរា​, ជា​អ្នក​បញ្ឆោត​បោក​ប្រាស​អ្នក​ដទៃ​ដោយ​ឧបាយកល​ណាមួយ​, ជា​អ្នក​ប្រើ​អំណាច​រំលោភ​សង្កត​សង្កិន​អ្នក​ដទៃ ដោយ​អាង​យសសក្ដិ ឬ​ដោយ​ងាង​ទ្រព្យ​សម្បត្តិ មនុស្ស​បែប​នេះ​ហៅ​ថា​បាប​មិត្រ​, កុំ​ចូល​ទៅ​សេព​គប់​រាប់​រក​យក​ជា​មិត្រ​សំឡាញ់​ឡើយ ។
សេចក្ដី​ដែល​ពណ៌នា​នេះ ចាត់​ជា​អបាយមុខ​ទី ៥ ។
៦- ការ​ខ្ជិល​​ច្រអូស - សេចក្ដី​ខ្ជិល​នេះ បើ​មាន​នៅ​លើ​រូប​បុគ្គល​ណា​ហើយ អាច​នឹង​ពន្លិច​បន្ទាប​បុគ្គល​នោះ ឲ្យ​ធ្លាក់​ទៅ​ជា​មនុស្ស​ក្រី​ក្រ​ល្ងង់​ខ្លៅ មិន​មាន​ចំណេះ​វិជ្ជា​នឹង​ភោគ​សម្បត្តិ ។ ធម្មតា​មនុស្ស​ដែល​លុះ​ក្នុង​អំណាច​នៃ​សេចក្ដី​ខ្ជិល បើ​នឹង​ធ្វើ​ការ​អ្វី​ឬ​រៀន​ចំណេះ​អ្វី​ច្រើន​ប្រើ​អាការ​ទម្រន់​ដោយ​យក​ អ្វី​ម្យ៉ាង​ៗ ​មក​ធ្វើ​ជា​លេស​គ្រឿង​អាង​របស់​ខ្លួន គឺ​អ្នក​ខ្លះ​អាង​ថា ថ្ងៃ​នេះ​នៅ​ព្រឹក​ណាស់​, ល្ងាច​ណាស់​, ត្រជាក់​ណាស់​, ក្ដៅ​ណាស់​, ឃ្លាន​ណាស់​, ស្រេក​ណាស់ ធ្្វើ​ការ ឬ​រៀន​អ្វី​ពុំ​ទាន់​កើត​ទេ ចាំ​សម្រាក​ខ្លួន ឬ​ចាំ​បរិភោគ​អ្វី​បន្ដិច​សិន សឹម​ធ្វើ​ការ ឬ​សឹម​រៀន​, ការ​ទម្រន់​ខ្ជិល​បែប​នេះ​ហើយ ដែល​ជា​ប្រធាន​ធ្វើ​បុគ្គល​នោះ​ឲ្យ​ដល់​នូវ​ភាព​ជា​មនុស្ស​ថោក​ទាប​ឥត​គេ​ ត្រូវ​ការ​រាប់​រក ។ ម្យ៉ាង​ទៀត​អស់​លោក​អ្នក​ដែល​ជា​មេបា​ក្នុង​គ្រួសារ ឬ​ក្រុម​មួយ​ៗ ខ្លះ​មិន​សូវ​ប្រឹតប្រៀន​រំលឹក​ដាស់​តឿន​កូន​ចៅ ឬ​អ្នក​ដែល​នៅ​ក្រោម​បង្គាប់​របស់​ខ្លួន ឲ្យ​ខំ​ប្រឹង​ធ្វើ​ការ ឬ​ឲ្យ​ខំ​ប្រឹង​រៀន​តាម​មុខ​ការ​របស់​វា​ទេ​, ច្រើន​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​ក្មេង​​នៅ​ទំនេរ​ខ្ជិល​ដើរ​លេង​តាម​អំពើ​ចិត្ត​ , លុះ​យូរ​ទៅ​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ល្ងង់​ខ្លៅ​ខ្សត់​ខ្សោយ​ចំណេះ​វិជ្ជា​នឹង ​ភោគ​​សម្បត្តិ​, មិន​តែ​ប៉ុណ្ណោះ មនុស្ស​ល្ងង់​ឈ្មោះ​ថា​ ធ្វើ​ជា​ត្រកូល​នឹង​ស្រុក​ទេស​ឲ្យ​ថោក​ទាប​ថែម​ទៀត ។ សូម​អស់​លោក​អ្នក​ពិនិត្យ​សង្កេត​មើល​ទោស​របស់​មនុស្ស​ខ្ជិល សព្វ​ថ្ងៃ​នេះ​ចុះ​, នៅ​ក្នុង​ក្រុង​ឃើញ​មាន​នៅ​ដេរ​ដាស​ទាំង​ស្រី ទាំង​ប្រុស​, ខ្លះ​ដេក​ដើរ​អង្គុយ​រដូក​រណែល​ក្រោម​ម្លប់​ឈើ ឬ​តាម​សំយាប​ផ្ទះ ក្បែរ​ចិញ្ចើម​ថ្នល់​, រក​ស៊ី​គ្រាន់​តែ​ឲ្យ​រស់​ត្រឹម​មួយ​ថ្ងៃ​ៗ​ប៉ុណ្ណោះ​, បើ​នឹង​ធ្វើ​ការ​ឥត​មាន​ឧបាយ​គំនិត​ណា​ថា​អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ​យ៉ាង​នោះ​ ទើប​​ល្អ​ដូច្នេះ​សោះ​ឡើយ​, មនុស្ស​បែប​នេះ​ហើយ ដែល​សំដែង​អាការ​ឲ្យ​ឃើញ​​ថោក​ទាប​ដល់​ជាតិ​នឹង​ស្រុក​ទេស ។ នេះ​ជា​ឈ្មោះ​ថា អបាយមុខ ទី ៦ ។
មនុស្ស​ខ្ជិល​ដូច​បាន​ពណ៌នា​មក​ទាំង​នេះ ប្រសិន​បើ​រាជការ​បង្កើត​របរ​ការ​អ្វី​មួយ ដើម្បី​តម្រូវ​ដល់​មនុស្ស​ទាំង​នេះ​ឲ្យ​មាន​ការ​ធ្វើ​ឡើង តទៅ​ប្រហែល​ជា​​នឹង​មាន​សេចក្ដី​ចម្រើន​ដល់​រាជ​ការ​វិញ​ពុំ​ខាន ។
អាត្មាភាព​សំដែង​អំពី​អបាយមុខ​ទាំង ៦ យ៉ាង ចប់​ត្រឹម​តែ​ប៉ុណ្ណោះ ។
ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា
សោកប្បត្តា ច និស្សោកា ហោន្តុ សព្វេបិ ចាណិនោ ។
សព្វ​សត្វ​ដែល​ដល់​ហើយ​នូវ​ទុក្ខ សូម​ឲ្យ​បាត់​ទុក្ខ​ទៅ ! ដែល​ដល់​ហើយ​ភ័យ​នូវ​ សូម​ឲ្យ​បាត់​ភ័យ​ទៅ ! ដែល​ដល់​ហើយ​នូវ​សោក សូម​ឲ្យ​ជា​អ្នក​បាត់​សោក​ទៅ ! ។
ធម្មទេសនាវសេន កម្ពោជរដ្ឋវាសិនោ
វុឌ្ឈឹ វិរុឡ្ហឹ បប្បោន្តុ សន្តិភាវញ្ច នាញ្ញថា ។
ដោយ​អំណាច​នៃ​ព្រះ​ធម្មទេសនា ( នេះ ) សូម​ឲ្យ​ប្រជាជន​ទាំង​ឡាយ​អ្នក​នៅ​ក្នុង​កម្ពុជរដ្ឋ ដល់​នូវ​ការ​លូត​លាស់​ចម្រើន​នឹង​សន្តិភាព កុំ​បី​ឃ្លាត​ក្លាយ​ទៅ​ជា​ប្រការ​ដទៃ​ឡើយ ! ។ 
ប្រភព http://www.budinst.gov.kh/?q=node/288

ឃរាវស​ធម៌

ព្រះ​អរិយ​កស្សប កែវ - អ៊ួច វត្ត​បទុមវតី ក្រុង​ភ្នំពេញ
ទេសនា​ដាក់​វិទ្យុ​ឃោសនសព្ទ​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ១៤ ខែ​អស្សុជ
ឆ្នាំ​ជូត សំរិទ្ធិស័ក ព. ស. ២៤៩១ (១ - ១១ - ៤៨)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
សូម​ក្រាប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ អរហន្ត​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ ព្រម​ទាំង​ព្រះ​សទ្ធម្ម នឹង​ពពួក​នៃ​ព្រះ​អរិយ​សង្ឃ ដោយ​សេចក្ដី​គោរព ។ រួច​ហើយ​អាត្មា​ភាព​នឹង​សំដែង​ព្រះ​ធម្ម​ទេសនា អំពី​ឃរាវាស​ធម៌ ជា​ធម៌​សម្រាប់​ឃរាវាស អ្នក​មាន​ផ្ទះ​សំបែង ផ្សាយ​តាម​វិទ្យុ​កម្ពុជា​ចែក​ជូន​អស់​លោក - អ្នក​ទាំងឡាយ​ស្ដាប់ ដូច​តទៅ​នេះ ។
ក៏​ធម៌​សម្រាប់​ឃរាវាស​មាន ៤ ប្រការ គឺៈ
១- សច្ចៈ = សេចក្ដី​ពិត​ត្រង់​ដល់​គ្នា​នឹង​គ្នា
២- ទមៈ = ការ​សង្កត់​ចិត្ត​ទុក
៣- ខន្តិៈ = អំណត់​អត់​ធន
៤- ចាគៈ = បែង​ចែក​របស់​ទ្រព្យ​ខ្លួន​ដល់​មនុស្ស​ដែល​គួរ​ចែក​ឲ្យ ។
អធិប្បាយៈ ជន​អ្នក​គ្រប់គ្រង​ផ្ទះ​ដែល​បាន​នាម​បញ្ញត្តិ​ថា គ្រហស្ថ​សម​គួរ​ជា​អ្នក​មាន​សទ្ធា ជឿ​ក្នុង​កម្មស្សកតាញាណ គឺ​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន បើ​មិន​ដូច្នោះ ក៏​នឹង​ស្វែង​រក​ផល​នៃ​ឃរាវាស ក្នុង​ផ្លូវ​ដែល​ប្រកប​ដោយ​ទោស មិន​ប្រយ័ត្ន​ចំពោះ​បាប​កម្ម នឹង​ធ្វើ​អ្វី​ក៏​មិន​គិត​ថា​ជា​ទុច្ចរិត​សាប​សូន្យ ជា​មនុស្ស​ឃើញ​តែ​ខាង​បាន ចំពោះ​ខ្លួន​ដោយ​ចំណែក​មួយ មិន​រើស​ផ្លូវ​រក​ស៊ី​យ៉ាង​មិច្ឆា​អាជីវៈ បៀតបៀន​អ្នក​ដទៃ​ឲ្យ​ខូច​ប្រយោជន៍, ទោស​ទាំង​ពួង​នេះ​មាន​មក​អំពី​គ្មាន​សទ្ធា​ជា​ខាង​ដើម កាល​ធ្វើ​ដូច្នោះ ការ​គ្រប់គ្រង​ឃរាវាស​ក៏​តាំង​នៅ​មិន​ជាប់ សូម្បី​តាំង​ឡើង​បាន​ហើយ​ក៏​មិន​តាំង​នៅ​យឺត​យូរ បើ​បុគ្គល​តម្រង់​នូវ​ឃរាវាស មាន​សទ្ធា​ជឿ​កម្ម​ផល ក៏​នឹង​តាំង​ខ្លួន​ទុក​ក្នុង​ផ្លូវ​ដែល​ប្រពៃ ប្រកប​ការងារ​ចាក​ទោស មិន​សំឡឹង​ឃើញ​តែ​ប្រយោជន៍​ចំពោះ​ខ្លួន ចេះ​សំឡឹង​ដល់​អ្នក​ដទៃ​ខ្លះ រក​ស៊ី​ក្នុង​ផ្លូវ​សមា​អាជីវៈ ដូច្នេះ​អាច​គ្រប់គ្រង​ផ្ទះ​សំបែង​ឲ្យ​បរិបូណ៌​បាន​ហើយ​តាំង​ត្រកូល​ឲ្យ​ថា​ វរៈ​រឹងប៉ឹង​ដោយ​បរិបូណ៌​បាន ហើយ​តាំង​ត្រកូល​ឲ្យ​ថា​វរៈ​រឹងប៉ឹង​ដោយ​បរិបូណ៌​ពេញ​លេញ ។
សទ្ធា​ជា​គុណ​ជាតិ​ដែល​គប្បី​ប្រាថ្នា​មុន ព្រោះ​ធម៌​ធម៌​សាម័ញ្ញ​របស់​គ្រហស្ថ, សម្តេច​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់ ត្រាស់​ចាត់​ជា​គុណ​បទ​របស់​បុគ្គល​អ្នក​គ្រប់គ្រង​ផ្ទះ បាន​លើក​ឡើង​តាំង​ជា​បឋម ទ្រង់​ត្រាស់​សំដែង​ចំពោះ​គុណ​ឯ​ទៀត ៤ ស្ថាន មាន​ពាក្យ​សត្យ គឺ​ពាក្យ​ពិត​ជាដើម ដោយ​សេចក្ដី​ជា​គិហិធម៌ ។
សេចក្ដី​ពិត​ត្រង់ នោះ​ជា​គុណ​សំខាន់​គួរ​គប់​រក​របស់​ប្រជាជន​តាំង​តែ​អំពី​ត្រកូល​មួយ​ដូចជា​ ស្វាមី នឹង​ភរិយា មាតា​បិតា ព្រម​ទាំង​បុត្តធីតា ។
បើ​ស្វាមី​នឹង​ភរិយា​ប្រព្រឹត្ត​ឲ្យ​ស៊ី​គំនិត​ដល់​គ្នា​នឹង​គ្នា មិន​ជា​ទី​ទុក​ចិត្ត​បាន​ទេ ចំណែក​ភរិយា​នឹង​រង្គៀស​ក្នុង​ស្វាមី​ថា ប្រហែល​មាន​សេចក្ដី​ត្រេកអរ​នឹង​ស្រី​ដទៃ ម្ល៉ោះ​ហើយ​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន ក៏​មាន​តែ​យក​ទៅ​ជប់លៀង​បុរស​ដទៃ មិន​សុចរិត​ត្រង់​នឹង​ស្វាមី​របស់​ខ្លួន ឯ​ស្វាមី​ក៏​សង្ស័យ​ក្នុង​ភរិយា​ថា ប្រហែល​ប្រព្រឹត្ត​ក្រៅ​ចិត្ត​ខ្លួន ហើយ​ទៅ​គប់​នឹង​បុរស​ដទៃ ម្ល៉ោះ​ហើយ​មិន​រក​ស៊ី​ដោយ​សុចរិត ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ខ្ជះ​ខ្ជាយ​ឥត​សណ្ដាប់ ។ ដូច្នេះ​ត្រកូល​នោះ​ក៏​រក​សេចក្ដី​សប្បាយ​គ្មាន ។ បើ​ជន​រាល់​គ្នា ប្រព្រឹត្ត​សុចរិត​ឲ្យ​ជា​ទី​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​នឹង​នៅ​ដោយ​ សេចក្ដី​ពេញ​ចិត្ត​ត្រជាក់​ចិត្ត ជួយ​ធ្វើ​គ្នា ជួយ​រក​គ្នា មាន​នាទី​រីករាយ​សប្បាយ ។
ប្រការ​មួយ​ទៀត មាតា​បិតា នឹង​បុត្ត​ក៏​ដូច​គ្នា បើ​ប្រព្រឹត្ត​មិន​ឲ្យ​ជាទី​ទុក​ចិត្ត​ទៅ​បាន ក្នុង​ការ​ជាប់​ទាក់ទង​ដោយ​ទ្រព្យ​សម្បត្តិ​ក្ដី ដោយ​ការ​គ្រប់គ្រង​គ្រួសារ​ក្ដី ដោយ​ហេតុ​យ៉ាង​ដទៃ​ក្ដី ដូច្នេះ​ត្រកូល​នោះ​ក៏​រក​សេចក្ដី​សុខ​គ្មាន បើ​ប្រព្រឹត្ត​សុចរិត​ឲ្យ​ជា​ទី​ទុក​ចិត្ត ជឿ​គ្នា​ទៅ​វិញ​ទៅ​មក ត្រកូល​នោះ​ក៏​នៅ​ជា​សុខ​សប្បាយ​ចំរើន​យឺន​យូរ​តទៅ ។
បុត្រ​ដែល​មាន​ចិត្ត​ល្អ​ជា​តួ​យ៉ាង គឺ​ព្រះ​បទុម​កុមារ ជា​ព្រះ​ឱរស​ព្រះ​ចៅ​ពារាណសី ព្រះ​បិតា​ស្ដេច​ទៅ​ក្រាប់​ប្រាម​សត្រូវ​ដែល​ចលាចល​តាម​ជាយ​ព្រះ​អាណា​ខេត្ត ទ្រង់​ប្រោស​ព្រះ​បទុម​កុមារ​រក្សា​ព្រះ​នគរ ព្រះ​មហេសី​របស់​ព្រះ​បិតា​មាន​ចិត្ត​ប្រដិព័ទ្ធ​នឹង​ព្រះ​បទុម​កុមារ តែ​ព្រះ​បទុម​កុមារ​មិន​ព្រម​ស្ម័គ្រ​រួម​សំវាស ដូច្នេះ​ចាត់​ថា​ជា​សិរី​របស់​ត្រកូល, សេចក្ដី​មិន​ត្រង់​ដល់​គ្នា​នឹង​គ្នា បើ​ប្រព្រឹត្ត​ទៅ​ក្នុង​រវាង​ចៅហ្វាយ​នាយ នឹង​បាវព្រាវ​ក្ដី ប្រព្រឹត្ត​ទៅ​ក្នុង​ញាតិ​មិត្រ​ក្ដី ក្នុង​ទី​បំផុត​រហូត​ដល់​មនុស្ស​អ្នក​ទិញ​ឬ​អ្នក​លក់​ក្ដី រីក​ទៅ​បាន​ត្រឹម​ណា សេចក្ដី​សាប​សូន្យ ក៏​រមែង​មាន​ទៅ​ត្រឹម​ណោះ ។
ចំណែក​សច្ឆៈ សេចក្ដី​ពិត​ត្រង់​ផ្សាយ​បាន​ទៅ​ត្រឹម​ណា ក្នុង​ពួក​មនុស្ស​នោះ ៗ តាំង​អំពី​ជាន់​ចៅហ្វយ​នាយ នឹង​បាវព្រាវ សេចក្ដី​ចំរើន​ក៏​មាន​ទៅ​ត្រឹម​ណោះ ។ ពុទ្ធាទិ​បណ្ឌិត ទ្រង់​ឃើញ​អំណាច​ប្រយោជន៍​ដូច្នេះ​ហើយ ទើប​ទ្រង់​ប្រដៅ​ឲ្យ​មនុស្ស​ក្នុង​លោក​មាន​សច្ចៈ គឺ​សេចក្ដី​ប្រព្រឹត្ត​ឲ្យ​សុចរិត​ទៀង​ត្រង់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​និយាយ​តែ​ពាក្យ​ពិត ឲ្យ​រក្សា​បដិញ្ញា គឺ​សញ្ញា​ដែល​ល្អ ធម៌​ល្អ ដែល​មិន​បាន​ឲ្យ​ទុក្ខ​ដល់​អ្នក​ណា ៗ ហើយ​ប្រព្រឹត្ត​ជា​ធម៌​ក្នុង​បុគ្គល នឹង​កិច្ចការ​នោះ ៗ ទ្រង់​សរសើរ​សេចក្ដី​សត្យ​ទុក មាន​ដើម​ថា​ជា​រស​ដ៏​លើស​លប់ ជាង​រស​ទាំងឡាយ​ជា​វាចា​មិន​ស្លាប់ គឺ​មិន​ចេះ​ប្រែប្រួល នឹង​ជា​ហេតុ​ឲ្យ​មាន​ឈ្មោះ​ពីរោះ​ជា​ទី​រាប់​រក​មហា​ជន ។
ការ​សង្កត់​ចិត្ត​ទុក នោះ​ជា​គុណ​ដ៏​សំខាន់​ប្រការ​មួយ​របស់​ជន​អ្នក​នៅ​រួម​គ្នា ក្នុង​ត្រកូល ក្នុង​ពួក​មនុស្ស​ទាំងឡាយ រមែង​មាន​អធ្យាស្រ័យ​ផ្សេង​គ្នា ដូច​យ៉ាង​មនុស្ស​ខ្លះ រមែង​ស្រវឹង​ទៅ​ដោយ​ទោសៈ មនុស្ស​ខ្លះ​មាន​ចិត្ត​ត្រជាក់ មាន​អ្វី​មក​ខ្ទប់​ប៉ះ​ក៏​ព្រងើយ​បាន ។ បើ​មនុស្ស​អធ្យាស្រ័យ​កាច​មិន​មាន​សតិ​ដែល​នឹង​ទប់​ទល់ តែង​ប្រព្រឹត្ត​ទៅ​តាម​សង្កិលេស​ធម៌​ដែល​កើត​ឡើង ក៏​នឹង​ចរចា​អាក្រក់​ដល់​គេ​ខ្លះ កាប់​ប្រហារ​គេ​ខ្លះ​យ៉ាង​នេះ​ជាដើម សាមគ្គី​ក៏​មិន​អាច​តាំង​នៅ​បាន, ស្វាមី​ភរិយា​ក៏​នឹង​បែក​បាក់​គ្នា​ទៅ ព្រោះ​ហេតុ​នោះ មិន​ត្រូវ​ពោល​ពាក្យ​អាក្រក់​ដល់​មនុស្ស​អ្នក​គប់​រក​ផង​ឡើយ ។ ពុទ្ធាទិ​បណ្ឌិត​ទ្រង់​ឃើញ​ទោស​យ៉ាង​នេះ ទើប​ប្រដៅ​ឲ្យ​មាន​ឧបាយ​សង្កត់​ចិត្ត​របស់​ខ្លួន ទុក​ក្នុង​កាល​ដែល​សង្កិលេស​ធម៌​អកុសល​កើត​ឡើង គ្រប​សង្កត់ កុំ​ឲ្យ​វិល​វល់​ទៅ​តាម​អំណាច​អកុសល​នោះ ៗ តែ​កិលេស​ដែល​ជា​អនុស័យ​រមែង​ដេក​សង្កត់​ទុក ដើម្បី​នឹង​កើត​ឡើង ដូច​គ្រាប់​កាំភ្លើង​ដែល​គ​ច្រក​ទុក មិន​ទាន់​លោះ​កៃ​ដូច្នោះ កាល​អារម្មណ៍​មក​ជន្ល មក​ប្រាកដ​ក្នុង​ទ្វារ រមែង​កើត​ទាន់​លំបាក​សតិ​នឹង​ឃុំ​ឃាត់​បាន ដោយ​ហេតុ​នោះ​លោក​ទើប​ប្រដៅ​ឲ្យ​មាន​សតិ​រក្សា​ទ្វារ​ខាង​ក្រៅ គឺ​ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត កាល​ណា​អារម្មណ៍ គឺ រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ មក​ប្រាកដ​ក្នុង​ទ្វារ​ខាង​ក្រៅ​ក្ដី កាល​សេចក្ដី​នឹក​គិត​កើត​ឡើង​ក្នុង​ទ្វារ​ខាង​ក្នុង​ក្ដី​កុំ​ឲ្យ​អារម្មណ៍​ អម្បាល​ណោះ ធ្វើ​ឲ្យ​ចិត្ត​សៅហ្មង​បាន ។ ជា​អ្នក​សង្កត់​ចិត្ត​ទុក​នោះ មាន​ទីឃាវុ​កុមារ​ជា​តួ​យ៉ាង ។
អំណត់​អត់​ធន នោះ​ជា​គុណ​ដ៏​សំខាន់​ប្រការ​មួយ របស់​ជន​អ្នក​ជាប់​នៅ​ក្នុង​ជំនុំ តាំង​អំពី​ត្រកូល​ជា​មួយ​គ្នា, ជន​ទាំងឡាយ​អ្នក​មាន​ចិត្ត​វិល​វល់​ដោយ​អំណាច​ទោសៈ សម​គួរ​នឹង​តាំង​នៅ​ក្នុង​ទមៈ គឺ​ចេះ​សង្កត់​ចិត្ត​ខ្លួន តែ​ថា​មិន​មែន​ជា​នាទី​អ្នក​រាល់​គ្នា នឹង​ធ្វើ​បាន​ទាំងអស់​គ្រប់​គ្នា​ទេ ព្រោះ​សង្កិលេស​ធម៌ ដែល​ជា​ម្ចាស់​ផ្ទះ​រមែង​កើត​ឡើង លំបាក​សតិ​នឹង​ឃុំ​ឃាត់​បាន​ទាន់​ទី ដូច​ពោល​ហើយ​អំពី​ខាង​ដើម បើ​ទោសៈ​កើត​ឡើង​ហើយ ញ៉ាំង​សាមគ្គី​សេចក្ដី​ព្រមព្រៀង​ឲ្យ​វិនាស​ទៅ នាំ​សេចក្ដី​ក្ដៅ​ក្រហាយ​មក​ដល់​ខ្លួន នឹង​ពួក​គណៈ ដោយ​ហេតុ​នោះ ពុទ្ធាទិ​បណ្ឌិត​ទ្រង់​ត្រេកអរ​ក្នុង​សេចក្ដី​ស្ងប់ ទើប​ទ្រង់​ប្រដៅ​ឲ្យ​ជន​តាំង​ខ្លួន​នៅ​ក្នុង​ខន្តិ​ធម៌ ឲ្យ​ចេះ​អត់​ធន់​ចំពោះ​ហេតុ​នោះ ៗ ដែល​នាំ​ឲ្យ​កើត​ទោសៈ ដើម្បី​រក្សា​ខ្លួន នឹង​អ្នក​ដទៃ​ទាំង​ពីរ​ចំណែក ។
ការ​បែង​ចែក​វត្ថុ​ឲ្យ​អ្នក​ដទៃ ជា​កិច្ច​សំខាន់​ប្រការ​មួយ​របស់​ជន​អ្នក​នៅ​ក្នុង​ពួក​គណៈ ។ ក្នុង​ត្រកូល​មួយ ស្វាមី​នឹង​ភរិយា មាតា​បិតា នឹង​បុត្ត​ធីតា ត្រូវ​សង្គ្រោះ​គ្នា ដោយ​ការ​ឲ្យ​របស់​ទ្រព្យ, ញាតិ​នឹង​ញាតិ មិត្ត​នឹង​មិត្ត ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​វិញ​ទៅ​មក ឲ្យ​នូវ​វត្ថុ​ដែល​ជា​ឧបាយ​ចង​មេត្រី, តែ​ការ​ឲ្យ​យ៉ាង​នេះ​ចាត់​ថា​សង្គ្រោះ ។ អ្នក​មាន​អធ្យាស្រ័យ​ផ្សព្វ​ផ្សាយ​មេត្តា​ដល់​មនុស្ស​ទាល់​ក្រ លះ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ឲ្យ​ដើម្បី​ទំនុក​បំរុង​ដោយ​ឋានៈ ដើម្បី​ឧបត្ថម្ភ​ផង​គ្នា ដូច្នេះ​ហៅ​ថា​ទានៈ ។ មនុស្ស​ទាំងឡាយ​កើត​មក​ក្នុង​លោក​នេះ អំពើ​កម្ម​តាក់តែង​ឲ្យ​ជា​អ្នក​មាន​ប្រភេទ​ផ្សេង​គ្នា ពួក​ខ្លះ​ទាល់​ក្រ សូម្បី​គ្រាន់​តែ​រក​ចិញ្ចឹម​ជីវិត​ក៏​បាន​ដោយ​លំបាក មនុស្ស​ខ្លះ​មិន​ធ្លាក់​ខ្លួន​ដល់​ទៅ​ម្លឹង​ទេ ប៉ុន្តែ​តាំង​ខ្លួន​ឲ្យ​មួន​មាំ​មិន​កើត មនុស្ស​ខ្លះ​ជា​សេដ្ឋី​បរិបូណ៌​ដោយ​ទ្រព្យ​សម្បត្តិ សូម្បី​ក្នុង​ផ្លូវ​ដទៃ​ក៏​នៅ​ផ្សេង ៗ គ្នា​ទៀត ដូច​មនុស្ស​ពិការ ឬ​មាន​កំឡាំង តែ​មនុស្ស​អម្បាល​ណោះ មាន​សុខ​មាន​ទុក​មិន​ច្រើន​តិច​ជាង​គ្នា បណ្ឌិត​ពិចារណា​ឃើញ​ដូច្នេះ​ហើយ ទើប​ប្រដៅ​ឲ្យ​ចេះ​មាន​ចិត្ត​អាណិត​អាសូរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ឲ្យ​ដែល​ហៅ​ថា​ទាន ។
ប្រជាជន​ទាំងឡាយ ជា​អ្នក​គ្រប់គ្រង​ផ្ទះ ចូរ​ញ៉ាំង​ធម៌ ៤ ប្រការ​នេះ ឲ្យ​លូត​លាស់​គ្រប់​ពេល គង់​បាន​សេចក្ដី​សុខ ចំរើន ក្នុង​ត្រកូល​គ្រួសារ​របស់​អ្នក​តរៀង​ទៅ ។
ចូរ​អ្នក​សាង​ធម៌​នេះ ឲ្យ​បាន​កើត​ឡើង​ដូច​ពោល​ខាង​ដើម គង់​នឹង​បាន​ចៀសវាង​អំពី​សេចក្ដី​ក្ដៅ​ក្រហាយ មាន​តែ​សេចក្ដី​សុខ​កាយ សុខ​ចិត្ត រហូត​តាំង​ពី​លោក​នេះ​ទៅ​លោក​ខាង​មុខ ។
សំដែង​អំពី​ធម៌ សម្រាប់​ឃរាវាស ៤ ប្រការ គឺៈ សច្ចៈ ១, ទម្មៈ ១, ខន្តិ ១, ចាគៈ ១, ចប់​ដោយ​សេចក្ដី​សង្ខេប​តែ​ប៉ុណ្ណេះ ឯវំ ។
ចប់ 
ប្រភព http://www.budinst.gov.kh/?q=node/290

ខោមទុស្សសូត្រ​កថា

អ្នក​អង្គ​ម្ចាស់​ស៊ីសុវត្ថិ - កេតសមារ័ក្ស វត្ត​បទុមវតី ក្រុង​ភ្នំពេញ
ទេសនា​ដាក់​វិទ្យុ​ឃោសនសព្ទ​នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ៨ រោច ខែ​កត្ដិក ឆ្នាំ​ជូត សំរិទ្ធិស័ក
ព. ស. ២៤៩១ (២៤ - ១១ - ៤៨)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
ពេល​នេះ​អាត្មា​ភាព​នឹង​សម្ដែង "ខោមទុស្សសូត្រ" ផ្សាយ​តាម​វិទ្យុ​ឃោសនសព្ទ​នៃ​ប្រទេស​កម្ពុជា ចែក​ជូន​ដល់​ទ្រង់​នឹង​អស់​លោក​អ្នក​ទាំង​ពួង ដើម្បី​ឲ្យ​កើត​សតិ​បញ្ញា នឹង​សេចក្ដី​ជ្រះ​ថ្លា ដូច​មាន​ព្រះ​បាលី​ថា នេសា សភា យត្ថ ន សន្តិ សន្តោ ជាដើម ។
សម័យ​មួយ​សម្ដេច​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​ខោមទុស្ស​និគម, វេលា​ព្រឹក ១ ស្ដេច​ចូល​ទៅ​បិណ្ឌបាត បាន​ជួប​នឹង​ពួក​ព្រាហ្មណ៍ ។ មាន​ព្រាហ្មណ៍ ១ នាក់​ជា​នាយក​ធំ​ក្នុង​ទី​ប្រជុំ​នោះ បាន​ឃើញ​ព្រះ​ពុទ្ធ​អង្គ​ក៏​មាន​វាចា​ពោល​មើលងាយ​ថា មិន​មាន​ជន​ពួក​ណា​ដឹង​សេចក្ដី​សមាគម​របស់​យើង​ទេ សូម្បី​សមណៈ​នេះ​ក៏​មិន​ដឹង ។ គ្រា​នោះ សម្ដេច​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ប្រដៅ​ពួក​ព្រាហ្មណ៍​នោះ​ថា នេសា សភា យត្ថ ន សន្តិ សន្តោ ដូច្នេះ​ជាដើម សេចក្ដី​ថា សប្បុរស​អ្នក​ស្ងប់​រៀបរយ​មិន​មាន​ក្នុង​ពួក​ឯ​ណា ពួក​នោះ​មិន​ឈ្មោះ​ថា "សភា" អ្នក​ណា​មិន​និយម​ធម៌ អ្នក​នោះ​មិន​ឈ្មោះ​ថា​សប្បុរស អ្នក​ដែល​លះ រាគៈ ទោសៈ មោហៈ បាន ហើយ​និយាយ​ធម៌ បាន​ឈ្មោះ​ថា​ជា​សប្បុរស ។
អធិប្បាយ​សេចក្ដី​ថាៈ មនុស្ស​ទាំងឡាយ​ក្នុង​លោក​មិន​រើស​ថា​ជាតិ​ណា ភាសា​ណា​ទេ សូម្បី​នឹង​មាន​បុណ្យ មាន​រិទ្ធី ក៏​នឹង​នៅ​តាម​ទំនើង​ខ្លួន​មួយ​មិន​បាន តោង​អាស្រ័យ​អ្នក​ដទៃ ព្រោះ​អ្នក​នៅ​ក្នុង​លោក​សន្ធិវាស​នេះ រមែង​មាន​កិច្ច​ការងារ​ទាក់ទង​ដល់​គ្នា​នឹង​គ្នា ដូច​មនុស្ស​នៅ​ក្នុង​ទូក​មួយ​ដូច្នោះ ។ ជា​ធម្មតា​របស់​មនុស្ស​ពួក​ច្រើន រមែង​មាន​សេចក្ដី​ឃើញ​រួម​គ្នា​ខ្លះ មនុស្ស​ខ្លះ​មាន​អធ្យាស្រ័យ​ល្អ ប្រកប​ដោយ​មេត្តា មនុស្ស​ខ្លះ​មាន​អធ្យាស្រ័យ​កាច​ប្រាស​ចាក​មេត្តា​ករុណា មនុស្ស​យើង​មាន​ចិត្ត​ផ្សេង​គ្នា​ដូច្នេះ ទើប​ជា​ហេតុ​ឲ្យ​សំដែង​កិរិយា​ចេញ​មក​ឲ្យ​ប្រាកដ​ដល់​ភ្នែក​លោក ដូច​មាន​ពាក្យ​តិះដៀល នឹង​សរសើរ​ថា អ្នក​នោះ​ជា​មនុស្ស​មិន​ល្អ អ្នក​នោះ​ជា​មនុស្ស​សភាព​រៀបរយ អ្នក​នោះ​ជា​សម្បត្តិ​មនុស្ស​ល្អ អ្នក​នោះ​ជា​សម្បត្តិ​នៃ​មនុស្ស​អាក្រក់ គួរ​គប់ គួរ​និយាយ គួរ​និយម​រាប់អាន​ដូច្នេះ​ជាដើម ប្រាកដ​មាន​ក្នុង​លោក​យើង​សព្វ​ថ្ងៃ​នេះ ។ លោក​អ្នក​ជ្រាប​ស្រាប់​ហើយ​ថា មនុស្ស​ពួក ១, គណៈ ១, សមាគម ១, ជាតិ ១, ឬ​រហូត​ដល់​ផ្សេង​ជាតិ ផ្សេង​ភាសា ដែល​បាន​រួម​គ្នា​ទៅ​នេះ រមែង​មាន​ល្អ​នឹង​អាក្រក់ ទៅ​ច្រឡូក​ច្រឡំ​លាយ​គ្នា​ស្មើ ដូច្នេះ​ហើយ ផល​ក៏​គង់​មាន​ថា បើ​គណៈ​ណា ពួក​ណា សមាគម​ណា ទី​ប្រជុំ​ណា​មាន​មនុស្ស​ល្អ ជា​អ្នក​ណែនាំ​ជា​ប្រធាន ពួក​ជន​នោះ ៗ រមែង​មាន​រាសី​សុវត្ថិភាព ចំរើន​ដោយ​លំដាប់ ចំណែក​ពួក​ណា ដែល​ប្រាស​ចាក​មនុស្ស​ល្អ​ហើយ ពួក​នោះ​ក៏​រមែង​រៀបរោយ​ហោច​ស្ដួច​ទៅ​កាន់​សេចក្ដី​វិនាស ហិនហៃ​ជា​លំដាប់​តែ​ម្ដង ប្រហែល​គ្នា​នឹង​ទូក​ដែល​គ្មាន​ចង្កូត​ដូច្នោះ ។ មនុស្ស​ទាំងឡាយ​អ្នក​ប្រជុំ​គ្នា ដោយ​កិច្ចការ​នីមួយ ទោះ​ជា​គតិលោក​ក្ដី គតិធម៌​ក្ដី ជា​ធម្មតា​ទៅ​ឯង ដែល​នឹង​មាន​ពាក្យ​ជជែក​ប្រកែក​គ្នា កើត​ជា​មាត់​ករ​ឡើង ព្រោះ​មាន​សេចក្ដី​ឃើញ​ផ្សេង​គ្នា ឬ​យល់​ផ្សេង​គ្នា មនុស្ស​ខ្លះ​ជា​មេ​មានៈ​ទិដ្ឋិ​រឹង ប្រកាន់​សេចក្ដី​ដឹង​ឃើញ​របស់​ខ្លួន​ជា​ប្រមាណ សេចក្ដី​ខុស​ត្រូវ​ល្អ​អាក្រក់​យ៉ាង​ម៉េច ក៏​មិន​ស្ដាប់​ពាក្យ​របស់​អ្នក​ដទៃ​ឡើយ កាល​បើ​ដូច្នេះ ទើប​លោក​ពោល​ថា បើ​ប្រាស​ចាក​អ្នក​ស្ងប់​រម្ងាប់​ជា​គោល​ជា​ប្រធាន​ចាំ​បង្ហាញ​សេចក្ដី​ខុស​ ត្រូវ​ដាស់​តឿន ណែនាំ​ឬ​កាត់​សេចក្ដី​យ៉ាង​ដាច់​ខាត​ក្នុហង​ពួក​នោះ​ហើយ សេចក្ដី​បែក​ខ្ញែក​គ្នា សេចក្ដី​វិវាទ សេចក្ដី​ប្រេះ​ឆា​ក៏​នឹង​កើត​ឡើង ក្នុង​ទី​បំផុត មនុស្ស​ពួក​នោះ ក៏​ត្រូវ​ប្រាស​ចាក​សេចក្ដី​ព្រមព្រៀង​នូវ​គ្នា​នឹង​គ្នា នឹង​គ្រប់គ្រង​រក្សា​គ្នា​ជា​ពួក​មិន​ជាប់ មាន​តែ​ប្រទូសរ៉ាយ​បៀតបៀន​ដល់​គ្នា​នឹង​គ្នា ដរាប​ក្លាយ​ទៅ​ជា​ទោសៈ កើត​សេចក្ដី​បដិឃៈ ឃ្នាន់ខ្នាញ់​មើល​មុខ​គ្នា​មិន​ត្រង់ ។ បើ​មាន​សេចក្ដី​ប្រទូសរ៉ាយ​គ្នា​ហើយ ពួក​នោះ​នឹង​ឈ្មោះ​ថា ជា​ទី​ប្រជុំ​យ៉ាង​ដូចម្ដេច​បាន ។ ពួក​ប្រជុំ​ដែល​នឹង​បាន​នាម​ថា សភា​នោះ ត្រូវ​មាន​ច្បាប់​ទំនៀម​ទម្លាប់ ដែល​ត្រូវ​តាម​ធម៌​ជា​គោល ព្រម​ដោយ​លោក​អ្នក​ស្ងប់​ស្ងៀម​រៀបរយ​ជា​ប្រធាន​ចាំ​អធិប្បាយ​សេចក្ដី​ខុស​ ត្រូវ​ពន្យល់ ចង្អុល​ឲ្យ​ឃើញ​ច្បាស់ ហើយ​ប្រាថ្នា​របស់​ជា​ប្រធាន ដើម្បី​នឹង​ដឹកនាំ​ទៅ​កាន់​សាមគ្គី​ធម៌​ដរាប​ទៅ ពួក​នោះ​ទើប​នឹង​ឈាន​ជំហាន ដំណើរ​ទៅ​មុខ​កាន់​សុវត្ថិ​ចំរើន​បាន​ប្រាស​ចាក​ឧបសគ្គៈ​ផ្សេង ៗ ដែល​នឹង​ចូល​មក​ទទឹង​ទាស់​រារាំង ។
ខ​នេះ​គប្បី​ឃើញ​ក្នុង​ទីឋាន ប្រជុំ​នាន​ដែល​បាន​នាម​ថា សភា ដែល​តាំងឡើង​ក៏​មាន​ច្រើន ការ​ដែល​ចាប់​ឲ្យ​មាន​សភា​នាយក នឹង​ឧបនាយក​រហូត​ដល់​សមាជិក​នៃ​សភា​ជាដើម​នេះ ក៏​ដើម្បី​ប្រាថ្នា​នឹង​ធ្វើ​ពួក​ប្រជុំ​នោះ ៗ ឲ្យ​ឈាន​ជំហាន​ទៅ​កាន់​សេចក្ដី​សាមគ្គី​ព្រមព្រៀង​ជា​មួយ​គ្នា មិន​ប្រព្រឹត្ត ដើម្បី​កល​ហវិវាទ បែក​ខ្ទាំ​ប្រែះ​ឆា​ដល់​គ្នា​នឹង​គ្នា ទើប​សម្ដេច​ព្រះ​ទសពល​ជា​ម្ចាស់ ទ្រង់​ឃើញ​ថា​មនុស្ស​មាន​អធ្យាស្រ័យ​ល្អ ប្រព្រឹត្ត​ល្អ​ដោយ​ត្រៃ​ទ្វារ អ្នក​ស្ងប់​រៀបរយ ព្រម​ទាំង​ប្រកប​ដោយ​ប្រីជា​ញាណ​រមែង​ជា​បន្ទាត់ ឬ​ប្រមុខ​របស់​គណៈ​ផ្សេង ៗ ដែល​ប្រជុំ​គ្នា​ជា​ពួក​ដូច្នោះ ព្រះ​អង្គ​ទើប​បាន​ត្រាស់​ពុទ្ធវចនៈ នេះ​ល្មម​ជា​គ្រឿង​កំណត់​ថា នេសា សភា យត្ថ ន សន្តិ សន្តោ ប្រែ​សេចក្ដី​ថា​មនុស្ស​អ្នក​ស្ងប់​រៀបរយ​មិន​មាន​ក្នុង​ពួក​ឯ​ណា ពួក​នោះ មិន​ឈ្មោះ​ថា​សភា​ដូច្នេះ ។
ប្រការ​មួយ​ទៀត មនុស្ស​ទាំងឡាយ គ្រប់​រូប គ្រប់​នាម គ្រប់​ពួក មិន​កំណត់​ប្រភេទ​នឹង​ភូមិ​ជាន់​ថា​ក្សត្រ ឬ គហបតី សេដ្ឋី រាស្ត្រ​ទេ ក្រ​ណាស់​ដែល​នឹង​ដឹង​បាន​ថា អ្នក​នេះ​ល្អ អ្នក​នេះ​អាក្រក់ តែ​ដូច្នេះ​ក៏​មិនមែន​ហើយ បើ​ប្រសិន​ជា​អ្នក​មាន​បញ្ញា ប្រើ​សេចក្ដី​សង្កេត​មើល​កិរិយា​មនុស្ស​ទាំងឡាយ គង់​សំដែង​កិរិយា​ឲ្យ​ចេញ​មក​ប្រាកដ​ខាង​ក្រៅ​តាម​ផ្លូវ​កាយ​វាចា អាច​កំណត់​សំគាល់​ដឹង​បាន​ថា មនុស្ស​នេះ​ល្អ - អាក្រក់ អ្នក​នេះ​គំនិត​ជ្រៅ ឬ អ្នក​នេះ​គំនិត​រាក់ សេចក្ដី​ដឹង​ជ្រៅ ឬ រាក់ បើ​ពោល​ជា​ធម៌ គង់​អាង​ហេតុ​ផល​ជា​បង្អែក អាច​ពិសោធ​ឲ្យ​ឃើញ​សេចក្ដី​ពិត​បាន ជា​វាចា​ដែល​ត្រូវ​តាម​បណ្ឌិត​និយម មិន​កន្លង​សម័យ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​បៀតបៀន​ខ្លួន​នឹង​អ្នក​ដទៃ និយាយ​ពាក្យ​តែ​សុភាសិត​ជា​ពាក្យ​ពិត​ជា​ពាក្យ​ប្រកប​ដោយ​មេត្តា​ចិត្ត ជា​ពាក្យ​ទន់​ផ្អែម ដែល​ប្រកប​ដោយ​ប្រយោជន៍​ជា​ផល​សម្រេច​មក​ពី​សម្មាទិដ្ឋិ សេចក្ដី​ឃើញ​ប្រពៃ នឹង​សម្មាសង្កប្បោ ដំរិះ​ប្រពៃ​ជា​បទដ្ឋាន ។ ប្រការ​មួយ​ទៀត អ្នក​ដែល​និយាយ​សំដី គួរ​និយាយ​កថា​វត្ថុ មាន​អប្បិច្ចក​ថា​ជាដើម និយាយ​ដឹកនាំ​ឲ្យ​មាន​សេចក្ដី​ប្រាថ្នា​តិច មិន​ឲ្យ​មាន​សេចក្ដី​ប្រាថ្នា​ច្រើន ដោយ​ប្រកាន់​គោល​ធម៌​គឺ អត្តញ្ញូតា សេចក្ដី​ស្គាល់​ប្រមាណ​ខ្លួន​ជាដើម អ្នក​និយាយ​ធម៌​មាន​ឡាក់ឋាន រមែង​បាន​នាម​តាម​សាសន​វោហារ​ថា​ជា​សប្បុរស​គឺ​មនុស្ស​ល្អ អ្នក​ដែល​និយាយ​មិន​ចូល​ជា​រឿងរ៉ាវ មិន​ប្រកប​ដោយ​អត្ថ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ជា​វាចា​ដែល​ប្រាសចាក​ឡាក់ឋាន នឹង​រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​បៀតបៀន​ខ្លួន​នឹង​អ្នក​ដទៃ ដូច​វាចា​ទាប​អាក្រក់​ធ្វើ​អ្នក​ដទៃ​ឲ្យ​ឈឺ​ចិត្ត​ក្ដៅ​ក្រហាយ កោស​រូស​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ ជា​ខ្សែ​ឈ្នួន​នៃ​សេចក្ដី​ប្រែះឆា​បែប​ទំលាយ ជិត​ដល់​សេចក្ដី​ក្រោធ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​សមាធិ​ធម៌ ម្យ៉ាង​ទៀត​សូម្បី​អ្នក​ដែល​ពោល​វាចា កោស​រូស​ជេរ​ត្នះ តិះ​ដៀល​អ្នក​ដទៃ ឈ្មោះ​ថា​ជា​អ្នក​ពោល​វាចា​មាន​ទោសៈ​ជា​គ្នា នៅ​អែបនែប​ជា​មួយ បុគ្គល​អ្នក​និយាយ​មិន​ជា​ធម៌ ឃើញ​តែ​សេចក្ដី​ល្អ សេចក្ដី​ត្រូវ​របស់​ខ្លួន​ជា​ប្រមាណ យ៉ាង​នេះ​នឹង​ឈ្មោះ​ថា​សម្បុរស​ដូចម្ដេច​បាន គួរ​ហៅ​ថា​សប្បុរស គឺ​មនុស្ស​ពាល​វិញៈ បើ​ទុក​ជា​រៀន​សូត្រ​ចេះ​ដឹង​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​គង់​មិន​ផុត​អំពី​នាម​ជា​មនុស្ស​ថោកទាប គ្មាន​សេចក្ដី​គិត - សេចក្ដី​សិក្សា - ដំរះ​ចេះ​ដឹង ជា​មនុស្ស​ល្ងង់​ខ្លៅ​គ្មាន​បញ្ញា ។ លោក​អ្នក​ប្រាថ្នា​ជា​បណ្ឌិត ឬ​ប្រាថ្នា​មង្គល​សួស្ដី​ដល់​ខ្លួន គួរ​លះ​វៀរ កុំ​គប់​សមាគម​នឹង​មនុស្ស​ដូច្នេះ ព្រោះ​ការ​នៅ​រួម​ដោយ​មនុស្ស​ចំពូក​នេះ ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ​ទោស​ជា​ដរាប សម​ដូច​ពុទ្ធភាសិត​ចង​ទុក​ថាៈ ពាល​សង្គត ចារី ហិ ទីឃមទ្ធាន សោចត‍ិ សេចក្ដី​ថា ជន​អ្នក​គប់​រក​មនុស្ស​ពាល​ទាំងឡាយ​រមែង​សោយ​សោក អស់​កាល​ដ៏​យូរ, រាគញ្ច ទោសញ្ច បហាយ មោហំ អ្នក​ដែល​លះបង់​នូវ​រាគៈ ទោសៈ មោហៈ បាន​ហើយ និយាយ​ជា​ធម៌ ឈ្មោះ​ថា​សប្បុរស​យ៉ាង​ខ្លាំង ។
រួម​សេចក្ដី​ព្រះ​ធម្ម​ទេសនា​ដូច​បាន​ពណ៌នា​មក​នេះ ជា​អត្ថាធិប្បាយ​ក្នុង​សោមទុស្សសូត្រ ដោយ​សង្ខេប​ជា​អវសាន​ទេសនា កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ទេសនា​ចប់​ហើយ ពួក​ព្រាហ្មណ៍​ក្នុង​ខោមទុស្ស​និគម​ក៏​នាំ​គ្នា​ត្រេកអរ​ទទួល​ឱវាទ ប្រកាស​ថ្វាយ​ខ្លួន ជា​ឧបាសក​ក្នុង​ព្រះ​ពុទ្ធសាសនា ដរាប​អស់​ជិវិត​ដោយ​ប្រការ​ដូច្នេះ ។
រតនយានុភាវេន ដោយ​អានុភាព​នៃ​ព្រះ​រតនត្រៃ សូម​ចូល​មក​ជា​បដិពាហរោបាយ ការពារ​បិទបាំង​រាំងរា​ឧបទ្ទវន្តរាយ នឹង​រោគាភ័យ​ឧបទ្រព​ចង្រៃ កុំ​ឲ្យ​កើត​មាន ដល់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ទាំង​ប្រជាជន​ក្នុង​កម្ពុជរដ្ឋ​ទាំង​មូល សូម​បាន​ដល់​នូវ​ការ​លូតលាស់​សួស្តី ប្រកប​ដោយ​សេចក្ដី​ថ្កុំថ្កើង​រុងរឿង​គ្រប់​ប្រការ កុំ​បី​ឃ្លៀងឃ្លាត​ឡើយ ឯវំ ។
ចប់ 
ប្រភព http://www.budinst.gov.kh/?q=node/293

វិនយ​កថា

ព្រះ​បាឡាត់​អរិយកស្សបៈ តុង - ឈួន ក្រុងភ្នំពេញ
ទេសនា​ដាក់​វិទ្យុ​ឃោសនសព្ទ​នៃ​ប្រទេស​កម្ពុជា
កាល​ពី​ថ្ងៃ​ ១៥ កើត​ខែ​កត្តិក ឆ្នាំ​កុរនព្វសក ព. ស. ២៤៩០ ( ២៧ - ១១ - ៤៧ )
នមោ រស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
វេលា​នេះ​, អាត្មា​ភាព​ ត្រូវ​វេន​សមដែង​វទ្យុ​ធម្មទេសនា​ចែកជូន​អស់​-​អ្នក​សប្បុរស​ទាំង​លាយ​ស្ដាប់ ។
អាត្មា​ភាព​នឹង​សំដែង​ធម៌​វិនយកថា ពណ៌នា​អំពី​ច្បាប់ ។
សួរ​ថា : អ្វី​ដែល​ហៅថា​ វិន័យ ? ឆ្លើយ​ថា : ច្បាប់​ដែល​អ្នក​ប្រាជ្ញ​តែង​តាំង​ឡើង ទុក​សម្រាប់​ប្រដៅ​មនុស្ស​ទួទៅ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ​ជា​បែប​ផែន​តែ​មួយ ហៅ​ថា វិន័យ​, ការ​នាំ​ចេញ​នូវ​ទោស​កំហុស​ផ្សេង​ៗ ក៏​ហៅ​ថា វិន័យ ដែរ ។
វិន័យ​នេះ យើង​ត្រូវ​សិក្សា​រៀន​សូត្រ​ឲ្យ​ចេះ​ចាំ​ស្ទាត់​គ្រប់​រយៈ មាត្រា​, បើ​ចេះ​ចាំ​ហើយ​ត្រូវ​មាន​សញ្ញា​ការ​កត់​សំគាល់​ថ្នាក​ជាន់​ឲ្យ​ស្គាល់​ ប្រាកដ ។ បើ​ស្គាល់​មុត​មុត​ហើយ ទើប​អាច​ទូន្មាន​ពត់​កាយ - វាចា​រាប​ដល់​ចិត្ត​ឲ្យ​មាន​របៀប​រាប​សារម្យទម​ល្អ​ទៅ​បាន ពុំ​ច្រឡើស​បើស ពុំ​ឆ្គាំ​ឆ្គង​ខុស​កាលៈទេសៈ ។ ព្រោះ​ថា មនុស្ស​ក្នុង​សលក​លោក​មិន​ថា​ស្រី - បុរស គ្រហស្ថ​បព្វជិត​ទេ សុទ្ធ​តែ​ប្រាថ្នា​​សេចក្ដី​ល្អ សេចក្ដី​សុខ សេចក្ដី​ចម្រើន​គ្រប់​ៗ​រូប​ ។ ឯ​គុណ​សេចក្ដី​ល្អ​ទាំង​នោះ ពុំ​មែន​កើត​ឡើង​ឯង​ៗ​តែ​ម្ដង​ទេ​, លុះ​តែ​មនុស្ស​ណា​កសាង​សន្សំ​ប្រតិបត្តិ​តាម​វិន័យ ទើប​គុណ​នឹង​សេចក្ដី​ល្អ​ទាំង​នោះ​កើត​មាន​ដល់​អ្នក​នោះ ។ ករ​ដែល​គេ​យើង​ទាំង​អស់​គ្នា​នឹង​ប្រតិបត្តិ​វិន័យ​នោះ ត្រូវ​ចេះ​ស្គាល់​វិន័យ​ជា​មុន​សិន ទើប​ប្រតិបត្តិ​បាន​ស្រួល ។
ដូច​ក្រុម​គ្រួ​សារ​ឬ​វង្ស​ត្រកូល​នីមួយ​ៗ ដែល​នឹង​មាន​ឫកបារ​មារយាទ​សណ្ដាប់​ធ្នាប់​ល្អ ចរិយា​ល្អ ពុំ​ច្រឡោង​ខាម​នោះ ក៏​ព្រោះ​តែ​ក្រុម​គ្រួសារ​វង្ស​ត្រកូល​នោះ​មាន​វិន័យ គឺ​សេចក្ដី​ចេះ​ចាំ​ស្គាល់​ច្បាស់​ហើយ​គោរព​ប្រតិបត្តិ​ថែម​ទៀត ទើប​គេ​បាន​ទទួល​ផល​​គឺ​សេចក្ដី​ល្អ​ទាំង​នោះ ។ តែ​បើ​ចេះ​ចាំ​ស្គាល់​ហើយ​ៗ ពុំ​ព្រម​បង្អោន​ខ្លួន​គោរព​វិន័យ​យក​មក​ជា​ខ​ប្រតិបត្តិ​ទេ​នោះ​ក៏​ពុំ​អាច ​នឹង​រក​សេចក្ដី​ល្អ ឬ​ជួប​ប្រទះ​នឹង​សុន្ទរចរិយា​បាន​ឡើយ ។
វិន័យ​ដែល​ថា​នាំ​នូវ​ទោស​កំហុស​ផ្សេង​ៗ នោះ បាន​ដល់​ទោស គឺ​កំហុស​ដែល​នឹង​កើត​មាន​ឡើង ព្រោះ​រពិស​កាយ - វាចា​នឹង​ភាន់​គំនិត ។ ចុះ​បើ​យើង​ព្រម​សុខ​ចិត្ត​បង្អោន​វិន័យ​យក​មក​ប្រតិប្តិ ឲ្យ​ត្រូវ​តាម​រយៈ​មាត្រា​នឹង​ថ្នាក់​ជាន់​សព្វ​គ្រប់​ហើយ តើ​ទោស​សេចក្ដី​សុខ​នឹង​កើត​ឡើង​តាម​ផ្លូវ​ណា​បាន ។ ហេតុ​នេះ​បាន​ជា​ពោល​ថា វិន័យ​នាំ​ចេញ​នូវ​ទោស​កំហុស​ផ្សេង​ៗ ។
វិន័យ​តាម​ផ្លូវ​ពុទ្ធ​សាសនា ព្រះ​សម្ពុទ្ធ​ទ្រង់​ប្រដៅ​ជា​សាធារណៈ​ទួទៅ​ពុំ​មាន​លក្ខខ័ណ្ឌ​ទេ ទុក​ជា​មនុស្ស​ថ្នាក​ណា​ជាន់​ណា​ឬ​សាសន៍​ណា​ជាតិ​ណា​ក៏​ដោយ ចេះ​តែ​បង្អោន​មក​ជា​ខ​វត្ត​ប្រតិបត្តិ​បាន ធ្វើ​ខ្លួន​ឲ្យ​បាន​ទទួល​សន្ដិសុខ​​ដូច​គ្នា ។
វិន័យ​ចំណែក​ខាង​អាណា​ចក្រ​វិញ ដែល​លោក​តែង​តាំង​ឡើង​ត្រូវ​មាន​លក្ខ័ណ្ឌ​, ព្រោះ​មនុស្ស​បែង​ទៅ ជា ៤ វណ្ណៈ គឺ : ក្សត្រិយ៍ ព្រាហ្មណ៍​, វេស្សៈ​, សុទ្រៈ ។
ក្សត្រិយ៍​នឹង​ព្រាហ្មណ៍​រាប់​ថា​ជា​ត្រកូល​ខ្ពង់​ខ្ពស់​, វេស្សៈ នឹង​សុទ្រៈ រាប់​ថា​ជា​ត្រកូល​ថោក​ថយ​ចុះ​មក​ទៀត តែ​វេស្សៈ​គង់​នៅ​គ្រាន់​​បើ​ជាង​សុទ្រៈ ។ សូម្បី​ដូច្នោះ វណ្ណៈ ទាំង ៤ នេះ​ក៏​ត្រូវ​ប្រតិបត្តិ​វិន័យ​ដុច​គ្នា​ដែរ​តែ​គេ​គង់​គរោព​រាប់​អានលើក​ ដំកើង​ខត្តិយ​ត្រកូល​ជា​ទី​បំផុត ព្រោះ​គេ​ទុក​ជា​តំណាង​ជាតិ​នឹង​ប្រមុខ​នៃ​ជាតិ​របស់​គេ ។
ម្យ៉ាង​ទៀត វិន័យ​តាម​ផ្លូវ​អាណា​ចក្រ គេ​តែង​តាំង​ឡើង​ពុំ​សាថារណៈ​ទួទៅ​របស់​រដ្ឋ​​ដទៃៗ​ឡើយ គឺ​ជា​ច្បាប់​សម្រាប់​ដែន​របស់​គេ​ៗ ប៉ុណ្ណោះ​, ពួក​មនុស្ស​ទាំង​អស់ ក្នុង​រដ្ឋ​មណ្ឌល​នោះ​ៗ ត្រូវ​តែ​នាំ​គ្នា​ប្រតិបត្តិ​តាម​ទើប​ដំណើរ​ទៅ​តាម​ផ្លូវ​ល្អ ទាំង​គេច​វៀះ​ឲ្យ​ផុត​អំពី​ទោស​សេចក្ដី​ខុស​ទៅ​បាន ។
សេចក្ដី​ល្អ​បំផុត គឺ​ពួក​មនុស្ស​ទាំង​អស់​ក្នុងរដ្ឋ​មណ្ឌល​នោះ​ៗ ព្រម​សុខ​ចិត្ត​ដាក់​ខ្លួន​ឲ្យ​តាំង​នៅ​ក្រោម​វិន័យ ដែល​តែង​តាំង​ឡើង​ជា​ច្បាប់​សម្រាប់​រដ្ឋ​នោះ​ៗ ។
កាល​ដែល​យើង​នឹង​ប្រគល់​ខ្លួន​ឲ្យ​តាំង​នៅ​ក្រោម​វិន័យ​ស៊ប់សួន​បាន​នោះ លុះ​ត្រា​តែ​ខំ​បណ្ដុះ​នូវ​ហិរោត្តប្បធម៌ ឲ្យ​លូត​លាស់​ចម្រើន​ឡើង​ក្នុង​សន្ដាន​របស់​យើង​ជា​ជំនួយ​ផង​, ព្រោះ​ហិរោត្តប្បធម៌​នេះ លោក​ពោល​ថា​ជា​ធម៌​គ្រប់​គ្រង​លោក​ទាំង​មូល ឲ្យ​ដំណើរ​ទៅ​កាន់​អារ្យធម៌​នឹង​វឌ្ឍនធម៌​បាន ។
ចុះ​អ្វី​ដែល​ហៅ​ថា​ហិរោត្តប្បធម៌ ? សេចក្ដី​ខ្មាស​នឹង​សេចក្ដី​ខ្លាច​អំពើ​អាក្រក់​​គ្រប់​យ់ាង​ហៅ​ថា​ ហិរោត្តប្បធម៌ ។ បើ​ពួក​ទាំង​អស់​ក្នុង​រដ្ឋមណ្ឌល​នោះ​ៗ បាន​បង្អោន​ធម៌​ទាំង​ពីរ​នេះ មក​ផ្ទុក​ក្នុង​ខន្ធ​សន្ដាន​បាន​ហើយ នឹង​អាច​ឧបត្ថម្ភ​ខ្លួន​ឲ្យ​តាំង​នៅ​ក្រោម​វិន័យ​ទៅ​អនា​គត​បាន​វែង​ឆ្ងាយ​, ហើយ​នឹង​បាន​ជា​គតិ​ល្អ​របស់​បច្ចា​របស់​ជនតាជន គឺ​ជន​ដែល​កើត​ខាង​ក្រោយ​ត​ៗ​មក ។
ក្នុង​ដែន​នីមួយ​ៗ ដែល​នឹង​ដំណើរ​ទៅ​កាន់​អារ្យ​ធម៌​បាន​នោះ លុះ​តែ​អស់​លោក​ជា​រដ្ឋាភិបាល នឹង​ជា​ឥស្សរជន នឹង​ប្រជា​និករ​ព្រម​ចូល​ចិត្ត​គំនិត​គ្នា​គោរព​ប្រតិបត្តិ​វិន័យ​តែង​តាំង​ ឡើង ដោយ​មាន​ហិរោត្តប្បធម៌​ជា​រណប​ផង ។ បើ​ថា​ពុំ​ចូល​ចិត្ត​គំនិត​គ្នា​ឲ្យ​រឹង​ប៉ឹង​ក្នុង​ការ​ប្រតិបត្តិ​វិន័យ​ ទេ​, ដែន​មុខ​ជា​នឹង​បែរ​មុខ​ទៅ​កាន់​លុជ្ជនធម៌ គឺ​សេចក្ដី​អាប់​ឱន​ចុះ​ថយ​ទៅ​ពុំ​ខាន​ឡើយ ។
ហេតុ​នេះ សូម​អស់​លោក​ជា​ឥស្សរជន ព្រម​ទាំង​ប្រជាជន​ក្នុង​ខេមររដ្ឋ​ទាំង​មូល សូម​ជួយ​ណែនាំ​ពន្យល់​គ្នា​ឲ្យ​ចេះ​គោរព​ប្រតិបត្តិ​វិន័យ ដោយ​ហិរោត្តប្បធម៌​ជា​ជំនួយ​ឲ្យ​រឹង​ប៉ឹង​គ្រប់​ៗ​គ្នា​ឡើង ទើប​ខេររដ្ឋ​យើង នឹង​ធ្វើ​ដំណើរ​ស្ទុះ​លឿន​ជឿន​ទៅ​កាន់​វឌ្ឍនធម៌​បាន​ឆាប់​រហ័ស ។
កាល​បើ​អស់​លោក-អ្នក​មាន​សមត្ថភាព បាន​ជ្រាប​អត្ថរស់​វិន័យ​ច្បាស់​លាស់​ហើយ ត្រូវ​ពិនិត្យ​មើល​មនុស្ស​ទាំង​អស់​ក្នុង​ចំណោម​ខេររដ្ឋ​យើង តើ​សព្វ​ថ្ងៃ​នេះ សម្បូណ៌​អ្នក​គោរព​ប្រតិបត្តិ​វិន័យ ដោយ​មាន​ហិរោត្តប្បធម៌​ជា​សម្លៀក​បំពាក់​ហើយ​ឬ​នៅ ? បើ​សម្បូណ៌​គ្រប់​គ្រាន់​ហើយ​ក៏​សូម​ជួយ​គាំពារ​រក្សា​ឲ្យ​រឹង​រឹត​តែ​មាំ​ មួន​ឡើង​, បើ​មិន​សម្បូណ៌ទេ សូម​ជួយ​ណែនាំ​ពន្យល់​ឲ្យ​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​គោរព​ប្រតិបត្តិ​វិន័យ​ឲ្យ​ពេញ​ជំហរ​គ្រប់​ៗ​គ្នា​ឡើង ។
ព្រោះ​ខេររដ្ឋ​យើង​សម័យ​នេះ មិន​ថា​រូប​ណា​ជា​រូប​ណា​ទេ គឺ​ព្រម​ព្រៀង​គ្នា​ទាំង​អស់ មាន​ព្រះ​រាជា​ជា​ប្រមុខ សុខ​ព្រះ​ទ័យ សុខ​ចិត្ត​បង្អោនករជ្ជកាល​ទាំង​ស្រុង​ឲ្យ​តាំង​នៅ​ក្រោម​ច្បាប់​សម្រាប់​ដែន ដោយ​យល់​ថា​ជា​វិន័យ​សម្រាប់​ខេររដ្ឋ ដែល​នឹង​ប្រដៅ​មនុស្ស​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ មាន​បែប​ផែន​ល្អ ។
វិន័យ​នេះ​នឹង​ចេះ​ដឹង​ឯង​ក៏​ទេ​ដែរ ត្រូវ​តែ​ប្រឹង​រៀន​សូត្រ​ទន្ទេញ​ទើប​អាច​នឹង​ចេះ​ចាំ​បាន​ ។ ហេតុ​នេះ សូមនរជន​នឹង​នារី​ភាព​ព្រម​ទាំង​យុវជន​យុវនារី​រួម​ជាតិ ដែល​កាន់​លទ្ធី​ពុទ្ធ​សាសនា​ដូច​គ្នា​ទាំង​ឡាយ​ចូរ​អ្ន​ក​ស្ទុះ​ក្រោក​ចាក​ ចេញ​សេចក្ដី​ខ្ជិល​ច្រអូស ដែល​ជា​គ្រឿង​មន្ទិល​សៅហ្មង​ដល់​ជនជាតិ​របស់​អ្នក ។ ចូរ​អ្នក​ខិត​ខំ​ឧស្សាហ៍​ប្រកប​កិច្ច​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត​, ឲ្យ​ពេញ​កម្លាំង​គ្រប់​គ្នា​ឡើង​តាំង​ពី​ឥឡូវ​នេះ​ទៅ ដោយ​សមត្ថភាព​នឹង​សាមគ្គី​ធម៌ ទើប​អ្នក​នឹង​បាន​ដល់​នូវ​សុខ​ចម្រើន​គ្រប់​ប្រការ ។
ក្នុង​ទី​បំផុត​នេះ សូម​ថ្វាយ​ព្រះ​ពរ​ព្រះ​រាជ​សិរី​សួរស្ដី​ព្រះ​ជន្ម​សុខ​គ្រប់​ប្រការ​ចុរ​ មាន​ដល់​សម្ដេច​ព្រះ​បរមពិត្រ​ព្រះ​រាជ​សម្ភា​ ជា​ឯក​អគ្គ​សាសនូបត្ថម្ភក៍​ដ៏​ទ្រង់​នូវ​ព្រះ​គុណធម៌​មហា​ប្រសើរ​រាល់​យប់​ ថ្ងៃ នឹង​សូម​អស់​ពួក​ប្រជានិករ​ក្នុង​ខេររដ្ឋ​ទាំង​មូល​គ្រប់​ជាន់ ចូរ​សាមគ្គី​ព្រម​ព្រៀង​យ៉ាង​សុខ​ស្ងប់ ប្រសព្វ​ពរ​ទាំង​បួន​ប្រការ​គ្រប់​ទិន​ទិវារ​រាត្រី​ចុះ ។
សំដែង​មក​ក្នុង​វិនយកថា ពោល​អំពី​ច្បាប់​ប្រដៅ​មនុស្ស​ទាំង​គ្រហស្ថបព្វជិត​ឲ្យ​មាន​របៀប​រៀបរយ​ល្អ មាន​សណ្ដាប់​ធ្នាប់​ល្អ​ដោយ​សង្ខេប​ប៉ុណ្ណេះ ឯវំ ។
( ចប់​វិនយកថា ) 
ប្រភព http://www.budinst.gov.kh/?q=node/295