วันพุธที่ 18 พฤษภาคม พ.ศ. 2554

សត្តធន​សូត្រ

ឲកញា​ភក្តី​រាជា​យ៉ាំង​អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់
រៀប​រៀង
ឯវម្មេសុតំ ឯកំសម​យំភគវា សាវត្ថិ​យំ​វិហរតិ ជេតវនេ​អនាថ​បិណ្ឌិកស្សអារាមេ ។
ឯតំ​សុត្តំ រីសត្តធន​សូត្រ គឺ​ខ្ញុំ​អានន្ទ​ថេរ​ស្តាប់​យើយ​អំពី​ទី​ចំពោះ​ព្រះ​ភក្រ្ត​នៃ​ព្រះ​ដមាន​ បុណ្យ​ជា​ម្ចាស់, ដោយ​អាការ​តែ​ម្តង ក៏​ចង់​ចាំ​ទ្រ​ទ្រង់​ដោយ​សោត​វិញ្ញាណ​វិថី​មាន​មនោ​វិញ្ញាណ​ជា​ប្រធាន ពុំ​មាន​ឲ្យ​ឃ្លៀង​ឃ្លាត​ដោយ​អក្ខរ​ព្យញ្ជន​ឯ​ណា​និមួយ​ឡើយ ,
ក្នុង​កាល​សម័យ​ថ្ងៃ ១ សម្តេច​ព្រះ​បរម​គ្រូ​សាស្តា​ជា​ម្ចាស់​ទ្រង់​សម្រេច​ព្រះ​ឥរិយាបថ​ទាំង ៤ គង់​នៅ​ក្នុង​វិហារ​ព្រះ​ជេតពន​ជា​អារាម​នៃ​អនាថ​បិណ្ឌិក​សេដ្ឋី សាង​ថ្វាយ​ទៀប​ក្រុង​សាវត្ថី​រាជា​ធានី​និវេស​ស្ថាន គ្រា​កាល​នោះ​ឯង ព្រះ​ដមាន​ព្រះ​ភាគ​ជា​ម្ចាស់ ទ្រង់​បន្ទូលត្រាស់​ហៅ​នូវ​ព្រះ​ភិក្ខុ​ទាំង​ឡាយ​ថា ភិក្ខវោ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទើប​ព្រះ​ភិក្ខុ​ទាំង​ឡាយ​ឆ្លើយ​ទទួល​ព្រះ​ពុទ្ធ​ដិកា​ថា ភទ្ទន្តេ​ដូច្នេះ សម្តេច​ព្រះ​ជិន​វង្ស​ត្រាស់​ថា សត្ថិមានិ ភិក្ខ​វេធ​នានិ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​ទាំង​ឡាយ​នេះ​មាន ៧ ប្រកា​កតមានិត្ត ទ្រព្យ​ទាំង​ឡាយ ៧​ប្រការ​នេះ សទ្ធាធនំ ទ្រព្យ​គឺ​សទ្ធា ១ សីល​ធនំ ទ្រព្យ​គឺ​សីល​១, ហិរិធនំ ទ្រព្យ​គឺ​ហិរិ១, ឱតប្បធនំ ទ្រព្យ​គឺ​ឱតប្ប១, សុតធនំ ទ្រព្យ​គឺ​សុត១, ចាគធនំ ទ្រព្យ​គឺ​ចាគ​១, បញ្ញាធនំ ទ្រព្យ​គឺ​បញ្ញា​១, កតមញ្ចភិក្ខ​វេ សទ្ធាធនម ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​សទ្ធា​តើ​ដូច​ម្តេច, ឥធភិក្ខវេ អរិយ​សាវ​កោស​ទ្ធោ​ហោតិ, ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អឬិយ​សាវក​ក្នុង​សាសនា​នេះ មាន​សទ្ធា​ជឿ​នូវ​ពោធិញាណ​នៃ​ព្រះ​តថាគត​ដូច្នេះ​គឺ, ឥតិបិ សោភគវ អរហំ សម្មា​សម្ពុទ្ធោ វិជ្ជាចរណ​សម្បន្នោ សុគតោ លោកវិទូ អនុត្ត​រោ​បុរិសទ​ម្មសារថិ សត្ថាទេវ​មនុស្សានំ ពុទ្ធោ ភគវាតិ, ដូច្នេះ​ថា ព្រះ​ដ៏​មាន​ព្រះភាគ​ជា​ម្ចាស់​នោះ ជា​ព្រះ​អរហំ ដោយ​ហេតុ​ដូច្នេះ​ផង, ជា​ព្រះ​សម្មា​សម្ពុទ្ធ ដោយ​ហេតុ​ដូច្នេះ​ផង, ដល់​ព្រម​ដោយ​វិជ្ចា ៣ វិជ្ជា​៨​ នឹង​ចរណ ១៥ ដោយ​ហេតុ​ដូច្នេះ ខ្លះ, សុគតោ មាន​ព្រះ​ដំណើរ​ល្អ​ដោយ​ហេតុ​ដូច្នេះ​ខ្លះ, អនុត្តរោ​បុរិសទម្មសារថិ ជា​នាយ​សារ​ថី ទូន្មាន​នូវ​បុរស​គួរ​ដល់​ទូន្មាន​មាន​បុគ្គល​ដទៃ​ក្រៃ​លែង​ពុំ​មាន ដោយ​ហេតុ​ដូច្នេះ​ខ្លះ, សត្ថា​ទេវមនុស្សានំ ជា​សាស្តា​ប្រដៅ​នៃ​ទេវតា​នឹង​មនុស្ស​ទាំង​ឡាយ ដោយ​ហេតុ​ដូច្នេះ​ខ្លះ, ពុទ្ធោ ត្រាស់​ដឹង (គឺ​ថា​រីក​ពេញ​ទី) ដោយ​ហេតុ​ដូច្នេះ​ខ្លះ, ភាគវា មាន​ចំណែក​គឺ​បារមី​ធម៌ ដោយ​ហេតុ​ដូច្នេះ​ខ្លះ, ឥទំវុច្ចតិ​ភិក្ខ​វេសទ្ធាធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​នេះ​ឯង​គឺ​តថាគត ពោល​ថា​ទ្រព្យ​គឺ​សទ្ធា, កតមញ្ច​ភិក្ខ​វេសីលធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​សីល​តើ​ដូច​ម្តេច, ឥធភិក្ខ​វេ​អរិយ​សាវកោ បាណាតិ​បា​តា​បដិវិរតោ​ហោត, អទិន្នា​ទា​នាប​ដិវិរ​តោ​ហោតិ កាមេ​សុមិច្ឆា​ចារាប​ដិវិរ​តោ​ហោតិ, មុសាវា​ទាប​ដិវិរ​តោ​ហោតិ សុរា​មេរយម​ជ្ជបមាទដ្ឋា​នាប​ដិរិវតោ​ហោតិ,ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា វៀរ​ចំពោះ​ចាក​បាណា​តិ​បាត ការ​សម្លាប់​សត្វ​មាន​ជីវិត, វៀរ​ចំ​ពោះ​ចាក​អទិន្នាទាន ​ការ​កាន់​យក​នូវ​ទ្រព្យ គឺ​ម្ចាស់​ពុំ​បាន​ឲ្យ​ដោយ​កាយ​ដោយ​វាចា, វៀរ​ចំពោះ​ចាក​មុសាវាទ ការ​ពោល​កុហក់​បញ្ឆោត, វៀរ​ចំពោះ​ចាក​សុរាមេរយ​មជ្ជបមាទ​ដ្ឋាន, ហេតុ​ជា​ទី​ដំកល់​នូវ​សេចក្តី​ប្រមាទ​គឺ​ក្រេប​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា ៥ យ៉ាង​នឹង​មេរយ​៥​យ៉ាង, ​ឥទំវុច្ច​តិភិក្ខ​វេសីលធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ ព្រះ​តថា​គត​ពោល​ថា ទ្រព្យ​គឺ​ហិរិ​តើ​ដូច​ម្តេច ,ឥធភិក្ខវេ អរិយ​សាវកោ ហិរិមា​ហោតិ បិរិយ​តិកាយ​ទុច្ចរិតេន វចីទុច្ច​រិតេន មនោ​ទុច្ចរិ​តេន​ហិរិយ​តិ បាប​កានំ អកុសលានំ ធម្មានំ សមា​បត្តិយា, ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា​នេះ មាន​សេចក្តី​អៀន​ខមាស់​អមពី​កាយ​ទុច្ច​រិត ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ ខ្មាស់​អំពី​ចីទុច្ចរិត ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​វាចា ខ្មាស់​អំពី​មនោទុច្ចរិត, ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​ចិត្ត, ខ្មាស់​អមពី​កិរិយា​ដល់​ព្រម​នៃ​ធម៌​ទាំង​ឡាយ ដ៨លាមក​ជា​អកុសល​ឥទំ​វុច្ច​តិភិក្ខ​វេហិរិធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ​តថាគត​ពោល​ថា ទ្រព្យ​គឺ​ហិរិ, កតមញ្ចភិក្ខ​វេឱតប្បធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​គឺ​ឱតប្ប​តើ​ដូច​ម្តេច,ឥធភិក្ខ​វេ អរិយ​សាវកោ ឱតប្បីហោតិ ឱតប្បតិកាយ​ទុច្ចរិតេន វចីទុច្ចរិតេន មនោទុច្ចរិតេន ឱតប្បតិ បាប​កានំ​អកុសលានំ ធម្មានំ សមាបត្តិយា,ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយសាវក​ក្នុង​សាសនា​នេះ មាន​សេចក្តី​ក្តៅ​ក្រហាយ​តក់​ស្លុត អមពី​កាយ​ទុច្ចរិត អមពីវចី​ទច្ចរិត, អំពី​មនោទុច្ចរិត អំពី​កិរិយា​ដល់​ព្រម​នៃ​ធម៌​ទាំង​ឡាយ ដ៏​លាមក​ជា​អកុសល, ឥទំវុច្ចតិភិក្ខ​វេ​ឱតប្បធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​នេះ​ឯង​ហើយ គឺ​តថាគត​ពោល​ថា​ទ្រព្យ​គឺ​ឱតប្បកត​មញ្ចភិក្ខវេសុតធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទ្រព្យ​គឺ​សុត​តើ​ដូច​ម្តេច ,ឥធភិក្ខ​វេអរិយសាវកោ ពហុស្សុតោ​ហោតិ សុតធរោ​សុត​សន្និច្ចយោ យេ​តេ​ធម្មា​អាទិកល្យាណា មជ្ឈេក​ល្យាណា បរិយោសាន​កល្យាណា សាត្ថំ​សព្យញ្ជនំ កេវ​លំបរិបុណ្ណំ​បរិសុទ្ធំ ព្រហ្មចរិយំ​អភិវទន្តិ តថា​រូប​ស្សធម្មា​សុតា​ហោន្តិ​ធតា​វច​សាប​រិចិត្តា មនសានុបេក្ខិតា​ ទិដ្ឋិយា​សុប្បដិវទ្ធា​ឥទំវុច្ចតិសុត​ធនំ, ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា​នេះ ជា​ពហូសូត្រ អ្នក​ទ្រ​ទ្រង់​នូវ​សូត្រ អ្នក​សន្សម​នូវ​សូត្រ ធម៌​ទាំង​ឡាយ​ឯណា​មាន​ពីរោះ​ក្នុង​ខាង​ដើម មាន​ពីរោះ​ក្នុង​កណ្តាល​មាន​ពីរោះ​ក្នុង​ទី​បំផុត សម្តែង​នូវ​ព្រហ្មចរិយ​ប្រកប​ដោយ​អត្ថ​ប្រកប​ដោយ​ព្យញ្ជន បរិសុទ្ធ​បរិបូរណ៌ ពុំ​មាន​សេស​សល់​ធម៌​ទាំង​ឡាយ​មាន​សភាព​ដូច្នោះ គឺ​អរិយ​សាវក​នោះ ស្តាប់​ហើយ​ទ្រ​ទ្រង់​ហើយ ស្ទាត់​ហើយ​ដោយ​វាចា សំឡឹង​រឿយៗ ដោយ​ចិត្ត​ចាក់​ឆ្លុះ​ដោយ​ប្រពៃ​ដោយ​ទិដ្ឋិ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ​តថាគត​ពោល​ថា ទ្រព្យ​គឺ​សុត, កតមញ្ច​ភិក្ខ​វេចាគ​ធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​ចាគ​តើ​ដូច​ម្តេច,ឥធភិក្ខវេ អរិយសាវកោ វិតមល​មច្ឆេរេន ចេតសា​អគារំ​អជ្ឈាវសតិ មុត្តចាគោ បីយតបាណី វោស្សគ្គរតោ​យាច​យោ​គោ ទាន​សំវិភាគ​រតោ,
ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក ក្នុង​សាសនា​នេះ មាន​ចិត្ត​មាន​មន្ទិល គឺ​សេចក្តី​កំណាញ់ ប្រាស​ចេញ​ហើយ មាន​ទាន​បរិច្ចាគ​រួច​ស្រឡះ​ហើយ មាន​ដៃ​របស់​ខ្លួន​លាង​ស្អាត​ហើយ ត្រេក​អរ​ហើយ​ក្នុង​កិរិយា​លះ​បង់ មុខ​គួរ​ដល់​កិរិយា​សូម​ត្រេក​អរ​ហើយ​ក្នុង​ទាន​នឹង​ចំណែក​ស្មើ នៅ​គ្រប​គ្រង​នូវ​ផ្ទះ, ឥទំវុច្ចតិ​ភិក្ខ​វេចាគ​ធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ឯង​ហើយ​គឺ​តថាគត​ពោល​ថា​ទ្រព្យ​គឺ​ចាគ, កតមញ្ចភិក្ខ​វេបញ្ញាធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​គឺ​បញ្ញា​តើ​ដូច​ម្តេច,ឥធភិក្ខ​វេអរិយ​សាវកោ បញ្ញាវាហោតិ ឧភយត្ថគា​មិនិយា​ខយញ្ច អត្ថញ្ច គន្តុំ បរិច្ឆិន្ទិតុំ បញ្ញាយ​សម​ន្នាគ​តោ​អរិយាយ​និព្វេ​ធិតាយ សម្មាទុក្ខ​ខយ​គាមិយា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ជន​អរិយ​សាវក​ក្នុង​សាសនា​នេះ មាន​បញ្ញា​ប្រកប​ដោយ​បញ្ញា​ដ៏​ប្រសើរ ជា​គ្រឿង​ត្រាស់​ដឹង​ដើម្បី​ដល់ ដើម្បី​កំណត់ នូវ​កិរិយា​អស់​ទៅ នូវ​កិរិយា​ចំរើន​ជា​ទី​ដល់​ក្នុង​ហេតុ​ទាំង​ពីរ ជា​ទី​ដល់​នូវ​សេចក្តី​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ,ឥទំវុច្ចតិភិក្ខ​ វេបញ្ញាធនំ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​នេះ​ហើយ​គឺ​តថាគត​ពោល​ថា ទ្រព្យ​គឺ​បញ្ញា ឥមានិខោភិក្ខវេសត្តធនានិ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទ្រព្យ​ទាំង​ឡាយ​នេះ ហៅ​ថា​ទ្រព្យ​៧​ប្រការ ព្រះ​បរម​សាស្តា​ចារ្យ ព្រះ​អង្គ​ញាំង​សូត្រ​ឲ្យ​ចប់​ហើយ ព្រះ​អង្គ​កាន់​យក​នូវ​កំបូល​ទេសនា ដោយ​បទ​គាថា​ទាំង​ឡាយ​ថា,
សទ្ធាធនំ​សីល​ធនម ហិរិឱតប្បិយធនំ សុតញ្ចចាគោច​បញ្ញា​វសត្តមំ​យស្សឯតាធនាសន្តិ ឥត្ថិ​យាបុរិសស្សវា អទឡិ​ទ្ធោ​តិតី​អាហុ អមោឃំតស្សជីវិតំ តស្មាសទ្ធញ្ចសីល​ញ្ចបសាទធម្មទស្សនម អនុយុញ្ជថមេធាវី សរំពុទ្ធានសាសនន្តិ,
អធិប្បាយ​ថា ទ្រព្យ​ទាំង​ឡាយ​នេះ ទ្រព្យ​គឺ​សទ្ធា ១, ទ្រព្យ​គឺ សីល១, ទ្រព្យ​គឺ​ហិរិ១, គឺ​ឱតប្ប១ គឺ​សុត​១, គឺចាគ១, ទ្រព្យ​ជា​គំរប់​៧ គឺ​បញ្ញា​១, មាន​ដល់​បុគ្គល​ឯណា ទោះ​ជា​ស្រ្តី​ក្តី, បុរសក្តី, អ្នក​ប្រាជ្ញ​ទាំង​ឡាយ ហៅ​នូវ​បុគ្គល​នោះ​ថា ពុំ​មែន​មនុស្ស​ក្រខ្សត់​ឡើយ ជីវិត​របស់​អ្នក​នោះ ពុំ​បាន​សោះ​សូន្យ​ទទេ ហេតុ​ដូច្នោះ​បុគ្គល​ជា​អ្នក​ប្រាជ្ញ កាល​នឹក​រលឹក​នូវ​ពាក្យ​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទាំង​ឡាយ​ហើយ​ចូល​ ប្រកប​រឿយៗ​នូវ​សទ្ធា​នឹង​សីល នូវ​កិរិយា​ខើញ​នូវ​បសាទ​ធម៌​នេះ​ហោង ៕

សត្តធន​សុត្តំនិដ្ឋិតំ ចប់​សត្តធនសូត្រ​តែ​ប៉ុណ្ណេះ 
ប្រភព http://www.budinst.gov.kh/?q=node/194

វិធី​តុប​តែង​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​ចម្រើន​ឡើង នៅ​ក្នុង​នគរ​កម្ពុជា

ដើម្បី​នឹង​បាន​តប​ស្នង​ឆ្លង​សទ្ធា របស់​ព្រះ​រាជ​បណ្ណាល័យ​ ដែល​បាន​ផ្សាយ​ធម៌​នឹង​វិន័យ​ច្រើន​មុខ​​នៅ​នា​នគរ​ខេមរ​នេះ ជា​សេចក្ដី​ប្រយោជន៍​ធំ​ដល់​កល្យាណ​សប្បុរស​ទាំង​អស់​គ្នា ខ្ញុំ​សូម​អធិប្បាយ​ជា​បែប​ខ្លី​ៗ អំពី​ព្រះ​ពុទ្ធ​សាសនា ក្នុង​នគរ​កម្ពុជា​យើង​នេះ ។
បពិត្រ​សាធុ​ជន​ទាំង​ឡាយ សាសនា​​ព្រះ​ឈ្នះមារ​ជា​ម្ចាស់​ក្នុង​បូរី​យើង​សព្វ​ថ្ងៃ​នេះ ពុំ​បាន​រុងរឿង​វិសេស​ប៉ន្មាន​ទេ ព្រះ​ពុទ្ធសាសនា​ដែល​បាន​ថ្កុងថ្កើង​រុងរឿង​ឡើង​ដោយ​សារ​តែ​ពុទ្ធិបរិស័ទ​ឈឺ ​ឆ្អាល​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ គោរព​ប្រតិបត្តិ​ធម៌​និង​វិន័យ ត្រឹម​ត្រូវ​ត្រង់​តាម​ពុទ្ធោវាទ សម​នឹង​សេចក្ដី​ដែល​មាន​ក្នុង​បច្ឆុមពុទ្ធវចន​ ដែល​ព្រះ​អណាវរញាណ​បាន​ប្រារព្ធ ចំពោះ​នឹង​ព្រះ​អានន្ទ នៅ​ក្នុង​នគរ​កុសិនារា ។
ខ្ញុំ​មាន​ចិត្ត​សង្ស័យ​ណាស់ ហេតុដូចម្ដេច​បាន​ជា​នគរ​ខ្មែរ​យើង សាសនា​ព្រះ​ភគវន្តមុនី​សាស្ដា​ពុំ​បាន​ប្រសើរ​ប៉ុន្មាន តាម​សេចក្ដី​អត្តកាត់​ប្រមាណ​ស្មាន​របស់​ខ្ញុំ យល់​ឃើញ​ថា ដូច​នេះ ។
ប្រការ ១- ពួក​ប្រាជ្ញរាជ​បណ្ឌិត​ជាតិ​ខ្មែរ​មាន​តិច​ណាស់
ប្រការ ២- ពួក​ប្រាជ្ញ​រាជ​បណ្ឌិត​នោះ ពុំ​មាន​ធម៌​សាមគ្គី​សម​គ្គារស​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​កិរិយា​សម្ដែង​ចែង​អធិប្បាយ​ផ្សាយ​ធម៌​នឹង​វិន័យ ។
ប្រការ ៣- ពុទ្ធសាសនិក​ជន​មាន​លទ្ធិ មាន​ប្រកាន់​អួត​អាង​ថា​ខ្លួន​សិក្សា​ធម៌​វិន័យ​ត្រឹម​ត្រូវ​ហើយ តាម​បង្គាប់​របស់​គ្រូ​អាចារ្យ​អំពី​ដើម​រៀង​មក ។
ប្រការ ៤- ពុទ្ធសាសនិក​ជន​នោះ បែក​ទៅ​ជា​ពួក​ជា​កង​ជា​និកាយ ពុំ​មាន​ចិត្ត​វិស្សារាប់​អាន​គ្នា ហេតុ​ទាំង ៤ ប្រការ​នេះ​ជា​ប្រធាន ធ្វើ​ឲ្យ​សាសនា​ព្រះ​អនា​វរញាណ​ពុំ​ចម្រើន​កើន​ឡើង​ឲ្យ​ជា​ភិយ្យោភាព​ ក្រៃលែង​តទៅ​ទៀត​បាន ។
សប្បុរស​គប្បី​យល់​ថា​តម្រិះ​វិជ្ជា កើត​មាន​មក​អំពី​សូត្រ​រៀន​ដូច​មាន​បូរាណ​ភាសិត​មួយ​ថា ចេះ​មក​ពី​រៀន មាន​មក​ពី​រក​ក្នុង​នគរ​ខ្មែរ​យើង​មាន​​សាលា​បរិយត្តិ​បាលី​មួយ ជា​ទី​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​បរិបូណ៌​ច្រើន​ឡើង ដើម្បី​នឹង​បាន​ជួយ​ពត់​តម្រង់​ព្រះ​ពុទ្ធ​សាសនា ព្រះ​វិន័យ​បិដក​សឹង​មាន​ក្នុងមន្ទីរ​នោះ​គ្រប់​គ្រាន់​ល្មម​ប្រើ​ការ​បាន​ ដោយ​ងាយ​ស្រួល​ណាស់ គួរ​យើង​ទាំងអស់​គ្នា​សូត្រ​រៀន​ព្រះ​បរិយត្តិ​ឲ្យ​ចេះ​ដឹង ប្រឹង​ជួយ​សាលា​បាលី​ដែល​ជា​អាយុ​ព្រះ​ពុទ្ធ​សាសនា ជា​រាជ​កេរ្តិ៍​របស់​ព្រះ​ករុណា​បរម​រាជា​នុកោដ្ឋ​ជា​ម្ចាស់​ជីវិត​យើង បុប្ផា​ផ្កា​ទាំង​ឡាយ​ស្រស់​ល្អ​ស្រួល​ក្នុង​វេលា​ដែល​ដើម​រុក្ខា​មាន​ជីវិត ​រស់​នៅ បើ​ប្រសិន​ណា​ជា​ដើម​រុក្ខា​ត្រូវ​កំដៅ​ព្រះ​អាទិត្យ​ខ្លាំង​បេក ស្លាប់​ទៅ​កាល​ណា​បុប្ផា​ទាំង​ឡាយ​នោះ នឹង​ស្រពោន​ស្រទន់​ស្លោក​រុសរាយ​លើ​បថវីថាន​ពុំ​ខាន បាន​សេចក្ដី​គណនា​ឧបមា​បីដូច​ជា​សាលា​បរិយត្តិ បើ​ពុំ​បាន​រុង​រឿង​តទៅ ព្រះ​ពុទ្ធសាសនា​ក៏​សឹង​វិនាស​បន្តិច​ម្ដង​ៗ​ពី​នគរ​ខ្មែរ​យើង ហេតុ​យើង​គប្បី​ពិចារណា​ឲ្យ​បាន​ផូរផង់​ឆ្ងាយ​ទូលាយ នឹង​បាន​ឃើញ​យល់​នៅ​ប្រយោជន៍​របស់​សាលា​នេះ​បុគ្គល​ណាមួយ​មាន​ចិន្ដា​សទ្ធា​ ជួយ​ជ្រំជ្រែង សាលា​បាលី​បុគ្គល​នោះ​ខ្ញុំ​ហាន​ពោល​ថា​បាន ធ្វើ​បដិបត្តិ​បូជា​ដល់​សម្ដេច​ព្រះ​ជិន​ស្រី​ម្ចាស់​លោក ។
ក្នុង​ច្បាប់​នា​គ្រប់​ប្រទេស​គ្រប់​តំបន់ ដែល​សម្រាប់​ប្រៀន​ប្រដៅ​បណ្ដា​រាស្ត្រ នោះ​គេ​តែង​រំឭក​ដល់​ធម៌​សាមគ្គី​សាមគ្គា គឺ​សេចក្ដី​ព្រម​ព្រៀង​គ្នា​ក្នុង​កិរិយា​ធ្វើ​ការ​និមួយ​ៗ សេចក្ដី​ព្រម​ព្រៀង​គ្នា​នាំ​មក​នូវ​សេចក្ដី​សុខ បណ្ដាល​សេចក្ដី​ចម្រើន​ឲ្យ​កើន​ឡើង ធម៌​នេះ​អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត​ក្នុង​ខេមរមណ្ឌល​ពុំសូវ​មាន​ គួរ​ណាស់​គិត​ឃើញ​ថា អាត្មា​អញ​ពុំ​ស្គាល់​ធម៌​វិន័យ​ឲ្យ​បាន​អស់​លក្ខណ​ទេ​មាន​គេ​ឯ​ទៀត​ដែល​គេ​ បាន​សិក្សា​ច្រើន​ចេះ​ជាង​អាត្មា​អញ គួរ​អញ​រាប់​អាន​គេ ដើម្បី​នឹង​បាន​សង្គ្រោះ ជួយ​ជ្រោមជ្រែង​ពួក​ខ្លៅ​ល្ងង់​កុំ​ឲ្យ​អវិជ្ជា​មក​គ្រប់​សង្កត់​ពេក អ្នក​ប្រាជ្ញ​ណា​គិត​បែប​នេះ ខ្ញុំ​ពោល​ថា​អ្នក​ប្រាជ្ញ​នោះ​បាន​ធ្វើ​បដិបត្តិ​បូជា​ហើយ​ដល់​ព្រះ​ដ៏​មាន ​បុណ្យ​អនន្តគុណ​ជា​ម្ចាស់​លើ​ត្រៃ​ភព ។
ពុទ្ធ​សាសនិក​ជន​ទាំង​អស់​សិក្សា​ធម៌​វិន័យ​អំពី​សំណាក់​សាស្តាចារ្យ​ផ្សេង​ ៗ គ្នា មាន​គ្រូ​អាចារ្យ​ខ្លះ​ក៏​ចេះ​ធម៌​អាថ៌​ជ្រៅជ្រះ​ជម្រះ​មន្ទិល​សង្ស័យ​បាន មាន​ខ្លះ​ចេះ​ស្ដួច​ស្ដើង ហើយ​ដំកើង​ដំឡើង​ស័ក្ខិ​ខ្លួន​ជា​អ្នក​ចេះ​ដឹង​ពហុសូត្រ ប្រឹង​ប្រដៅ​ឲ្យ​កូន​សិស្ស​ប្រតិបត្តិ​តាម​ក្បួន​ខ្នាត​កម្លៅ​របស់​ខ្លួន​ ជួន​ត្រូវ​ជួន​ខុស ចំណែក​ខាង​កុលបុត្រ​វិញ ក៏​ប្រឹង​ប្រែង​ជឿ​គ្រូ​អស់​ពី​ពោះ អួត​ប្រាប់​គេ​ថា​គ្រូ​អាត្មា​ចេះ​នាស់ ជួន​កាល​ប្រព្រឹត្ត​លើ​ខុស​បង់ ប្រកាន់​ថា​ជា​ត្រូវ​តម្រូវ​តាម​ឱវាទ​គ្រូ​បាធ្យាយ កុល​បុត្រ​ធ្វើ​បែប​នេះ កុល​បុត្រ​នោះ ឈ្មោះ​ហៅ​ថា​ ធ្វើ​បញ្ញា​ពុំ​ឲ្យ​មាន​រស្មី ហៅ​ថា​មនុស្ស​គ្មាន​តេជ​ក៏​បាន កុបុត្រ​ទាំង​អស់​គ្នា​ត្រូវ​គិត​ឲ្យ​ឃើញ​ថា ពាក្យ​ឯណា ដែល​ពោល​ទៅ​ហើយ​នាំ​នៅ​សេចក្ដី​សុខ​ដល់​រូប​អ្នក​ដទៃ នឹង​រូប​អាត្មា ពាក្យ​នេះ​ជា​ពាក្យ​ត្រូវ កិរិយា​ធ្វើ​ទាន​សីល​ភាវនា​ឯ​ណា​១​ដែល​ត្រឹម​ត្រូវ​តាម​ពុទ្ធ​បញ្ញត្តិ នឹង​ពុទ្ធានុញ្ញាត គ្មាន​ច្រឡំ​ច្រឡូក​នឹង​សាសន៍​ដទៃ កិរិយា​នោះ​ហៅ​ថា​របស់​ពុទ្ធបរិស័ទ​ពិត​ប្រាកដ កុលបុត្រ​ណា​គិត​ឃើញ​ដូច​នេះ​ កុលបុត្រ​នោះ​ខ្ញុំ​ពោល​ថា បាន​ធ្វើ​បដិបត្តិ​បូជា​ដល់​ព្រះ​បរម​គ្រូ​លោក​នាថ​សាស្តា​លើ​ទេវតា​មនុស្ស​ យក្ស​ទាំង​ឡាយ ។
កុលបុត្រ​អួត​អាង​​ប្រកាន់​ដោយ​រៀង​ខ្លួន​​នៅ​គ្រូ​អាចារ្យ​នាំ​បំបែក​ទៅ​ជា ​ពួក ម្លោះ​ហើយ​សាមគ្គី​សាមគ្គា​មាន​ទៅ​ដោយ​ពួក​ ដោយ​កង​ដូច​ជា​បណ្ដា​រាស្ត្រ​ចិន មិន​ទួទៅ​មិន​ចេះ​ស្រឡាញ់​រាប់​អាន​អ្នក​នៅ​ក្នុង​ម្លប់​សាសនា​ជា​មួយ ធ្វើ​បែប​នេះ​ហៅ​ថា​មនុស្ស​ពុំ​ចេះ​ស្រឡាញ់​ជាតិ បើ​ប្រសិន​ណា​ជា​យើង​នាំ​គ្នា​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​យើង​ដូច​នេះ​ត​រៀង ​ទៅ ព្រះ​ពុទ្ធ​សាសនា​​នឹង​វិនាស​អន្តរាយ​ដោយ​ស្នាដៃ​របស់​យើង​ពុំ​ខាន ។ ខ្ញុំ​សូម​លើក​យក​វត្ថុ​និទាន​មួយ​មក​អធិប្បាយ​ជូន​មហា​សប្បុរស​ទាំង​អស់​ គ្នា គ្រាន់​ជា​ទី​សណ្ដាប់​គិត​ត​ទៅ​កាល​ក្រោយ​ៗ​ទៀត ។
សេចក្ដី​អធិប្បាយ​ថា កាល​ពី​អតីត​ប្រព្រឹត្ត​កន្លង​ទៅ​ហើយ​មាន​ពាណិជ្ជ ១០០ នាក់ នាំ​ទំនិញ​ទៅ​លក់ បើក​ភត្រា​ឆ្ពោះ​ទៅ​កាន់​នគរ​មួយ លុះភេត្រា​បាន​ដល់​កណ្ដាល​មហា​សមុទ្រ​កាល​ណា ក៏​កើត​ហេតុ​វិវាទ​ឈ្លោះ​គ្នា ក្នុង​វិធី​គិត​ប្រាក់​ចំណូល​ចំណាយ ម្លោះ​ហើយ​ពួក​ពាណិជ្ជ​ក៏​ពុំ​បាន​សេចក្ដី​សុខ​រៀង​ខ្លួន​ឡើយ ខ្លះ​ចូល​ចិត្ត​ថា គួរ​នាំ​ទំនិញ​បក​ត្រឡប់​មក​គេហដ្ឋាន​វិញ​ខ្លះ​ថា​គួរ​នាំ​ទំនិញ​ទៅ​លក់​ឲ្យ ​ងស់​សិន​ទើប​នឹង​គិត​គ្នា​ជា​ក្រោយ​ទៀត ប្រកែក​ជជែក​គ្នា​ទៅ​វិញ​ទៅ​មក ទោស​គឺ​ខឹង​ក៏​មាន​ឡើង​រាល់​ខ្លួន អ្នក​ខ្លះ​ស្ទុះ​ទៅ​សម្រូត​ក្ដោង​ផ្ដាច់​ខ្សែ​សាវ អ្នក​ខ្លះ​ចែវ​ភេត្រា​ទៅ​កាន់​ខាង​មុខ អ្នក​ខ្លះ​ចែវ​ចំពោះ​ថយ​មក​ក្រោយ ភេត្រា​ទៅ​ណា​ពុំ​រួច លុះ​ព្រះ​អាទិត្យ​ជិត​អស្ដង្គត់​វេលា​ណា ព្ធ​ដ៏កាល​​នោះ​មាន​វាយោ​ពាយុ​១​យ៉ាង​ធំ មក​បក់​ផាត់​សំពៅ​នោះ​ធ្លុះ​ធ្លាយ​លិច​ទៅ ឯ​ពួក​ពាណិជ្ជ​ទាំង ១០០ នាក់ ក៏​បាន​ទៅ​ជា​ចំណី​របស់​ត្រីឆ្លាម​ថ្ករពិន្ទ​ក្នុង​មហា​សមុទ្រ​ជ្រៅ ។
សប្បុរស​ស្ដាប់​រឿង​នេះ​ចុះ ឯ​សំពៅ​នោះ​មាន​ឧបមា​បីដូច​​ជា​ព្រះ​ពុទ្ធ​សាសនា ពួក​ពាណិជ្ជ​ទាំង ១០០ នាក់ ដូច​ជា​ពុទ្ធសាសនិកជន​រាល់​គ្នា បញ្ជី​ដូច​ជា​កិរិយា​ប្រតិបត្តិ​ដល់​ធម៌​នឹង​វិន័យ បើ​ប្រសិន​ណា​ជា​យើង​គ្មាន​សេចក្ដី​រាប់​អាន​គ្នា​ពឹង​គ្នា រក​គន្លង​ពិត​របស់​ពុទ្ធភាសិត ប្រព្រឹត្ត​តែ​គិត​រក​ហេតុ​ថ្កើង​រឿង​សាសនា​ព្រះ​សាក្យមុនីគោតម​បរម​គ្រូ នឹង​វិនាស​ឆាប់​ដូច​ជា​ភេត្រា​របស់​នាយ​ពាណិជ្ជ ឯ​រូប​អាត្មា​យើង​រក​សេចក្ដី​សុខ​បាន​មក​ពី​បទ​ណា ក្នុង​ឥធលោក​និង​បរលោក​នាយ យើង​សោយ​ទុក្ខ​វេទនា​ដូច​ពាណិជ្ជ ក្នុ​ពោះ​សត្វ​ត្រី​ក្នុង​សមុទ្រ ។
ខ្ញុំ​ពន្យល់​អំពី​របៀប​ធ្វើ​ព្រះ​ពុទ្ធ​សាសនា ឲ្យ​ចម្រើន​ឡើង​ពុំ​ទាន់​បរិបូណ៌​អស់​សេចក្ដី​នៅ​ឡើយ ប៉ុន្តែ​ខ្ញុំ​សូម​សមតិ​ចាត់​ថា​ជា​ចប់​ចុះ តាម​សម័យ​ខ្ញុំ​មាន​ពេល​ខ្លី​ពេក​ណាស់ ប៉ុន្តែ​មុន​ឈប់​អធិប្បាយ​នេះ ខ្ញុំ​សូម​ធ្វើ​បណាម​១ រំឭក​ដល់​ព្រះ​ករុណា​ស៊ីសុវត្ថិ៍​បរមរាជានុកោដ្ឋ និង​ដល់​គុណ​វិសេស​របស់​ព្រះ​រាជ​បណ្ណាល័យ​ជា​បទ​ឃ្លោង​ខាង​ក្រោម​នេះ ។
អហំ​តាំង​ថា ខ្ញុំ​សូម​បង្គំ​ដោយ​ហត្ថា ដល់​ព្រះ​មហាករុណា​ក្សត្រ ខត្តិយាស៊ីសុវត្ថិ៍ ។ បរមរាជានុកោដ្ឋ ព្រះ​ទ័យ​សោត​ល្អ​​សែន​ថ្វាត់ ព្រះ​បញ្ញា​ថ្លា​ក្ដាត់ បាន​ចាត់​ចែង​តែង​សាសនា ។ បង្កើត​បណ្ណាល័យ ជា​និស្ស័យ​នៃ​បណ្ដា ពុទ្ធ​បរិសទ្យា នាំ​បញ្ញាញាណ​សម្ភារ ។ ព្រះ​រាជបណ្ណាល័យ​វិស័យ​ក្រៃ​ក្រពារ​នា ផ្សាយ​ធម៌​វិន័យា កើន​លាភាជន​ទាំង​ឡាយ ។ ប្រៀប​ធៀប​ដូច​ព្រះ​ច័ន្ទ្រ​រះ​ចាក់​ស្បាន់​ស្រស់​ក្បស់​ក្បាយ កណ្ដាល​ស្រុក​យើង​អាយ កើត​សប្បាយ​កាយមុហិមា ។ កំចាត់​បំបាត់​សោក ទាំង​ងងុយ​ងោក​រោគ​អវិជ្ជា ចេះ​ស្គាល់​ដល់​ធម្មា វិន័យ​ត្រឹម​ត្រូវ​ត្រង់ ។ សាសនា​ព្រះ​សម្ពុទ្ធ ចៅចោម​ម្កុដ​ល្អ​កន្លង នឹង​បាន​ធំ​ចម្បង ដូច​បំណង​អ្នក​រាល់​គ្នា ដែល​កបដួងទ័យា ជួយព្យាបាល​បណ្ណាល័យ ។ ទិញ​សៀវភៅ​សូត្រ​រៀន ទុក​ទូន្មាន​ប្រៀន​ដួង​ចៃ ឲ្យ​ស្គាល់​រាល់​តម្លៃ វចន​ថ្លៃ​ព្រះ​សាស្ដា​ ។ សព្វ​ទុក្ខ​នឹង​សព្វ​លោក ទាំង​សព្វរោគ​ដ៏​ហាន​ក្លា កុំ​បី​ពាល់​កាយ ដល់​មហា​ជន​រាល់​អង្គ ។ ទេវតា​ក្នុង​លោក​ធាតុ សូម​ខ្មី​ឃ្មាត​ឆ្លៀត​តម្រង់ ធ្វើ​សាសនា​ឲ្យ​ត្រង់ ត្រូវ​គន្លង​ទំនង​ខ្នាត ។ ធ្វើ​ចិត្ត​អស់​សត្វ​លោក ពុំ​ស្មោក​គ្រោក​ខំ​ឱហាត រៀន​សូត្រ​សិល្ប៍​សាស្ត្រ សង្វាត​គិត​ការ​ល្អ​ហើយ ។ 
ប្រភព http://www.budinst.gov.kh/?q=node/201

ធម្មវិភាវិនី

ព្រះ​គ្រូ​សុវឌ្ឍញ្ញាណ សូរ - ហាយ ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក
រៀប​រៀង
ប្រែ​តាម​អត្ថ​នឹង​វីគ្គហៈ​របស់​ធម្មៈ
ពាក្យ​ថា​ធម្មៈ​ឬ​ធម៌​ព្រះ​សម្ពុទ្ធ​ទ្រង់​សំដែង​សំដៅ​យក​សេចក្ដី​ច្រើន​ យ៉ាង​ដែល​ធ្លាប់​មាន​ប្រាកដ​មក​ក្នុង​គម្ពីរ​ព្រះ​សូត្រ​ព្រះ​វិន័យ នឹង​ព្រះ​អភិធម្ម​ដោយ​ច្រើន ពាក្យ​នេះ​ហាក់​ដូច​ជា​សម្រាប់​ប្រើ​សាធារណៈ​ក្នុង​ទី​ផ្សេង ៗ ស្រេច​ហើយ​តែ​នឹង​សមរម្យ​ទៅ​តាម​ដំណើរ​សេចក្ដី​ដូច​ត​ទៅ​នេះ៖
១ - ធម្មៈ ប្រែ​ថា « សភាវៈ​គឺ​សេចក្ដី​ពិត ឬ​ថា​ចិត្ត​នឹថ​ចេតសិក​ខាង​កុសល, អកុសល​នឹង​អព្យាកតៈ » ដូច​បទ​ថាៈ កុសលា ធម្មោ​អកុសលា ធម្មា អព្យាកតា ធម្មា ។
២ - ធម្មៈ ប្រែ​ថា « ប្រាជ្ញា » ដូច​បទ​ថាៈ សច្ចំ ធម្មោធិតិ នាកោ, សច្ចៈ ធម្មៈ ធិតិ ចាគៈ ( នេះ​ជាយ​រាវាស​ធម៌ ) ពាក្យ​ថា​ធម្មៈ ក្នុង​ទី​នេះ ជា​ឈ្មោះ​ប្រាជ្ញា ។
៣ - ធម្មៈ ប្រែ​ថា « ប្រាជ្ញា » ដូច​បទ​ថាៈ ធម្មោ ហវេ រក្ខតិ ធម្មចារី បុណ្យ​ហ្នឹង​ឯង​រមែង​រក្សា​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌ ។
៤ - ធម្មៈ ប្រែ​ថា « បញ្ញត្តិ ឬ​លំនាំ​ភាសា​គឺ​ច្បាប់​ដែរ​គេ​តាំង​ទុក​នឹង​លំនាំ​សំឡេង » ដូច​បទ​ថាៈ បញ្ញត្តិ​ធម្មា និរុត្តិ​ធម្មា ធម៌​គឺ​បញ្ញត្តិ ធម៌​គឺ​លំនាំ​ភាសា ។
៥ - ធម្មៈ ប្រែ​ថា « អាបត្តិ » ដូច​បទ​ថាៈ ចត្តារោ ងារាជិកា ធម្មា អាបត្តិ​បារាជិក ៤ ។
៦ - ធម្មៈ ប្រែ​ថា « បរិយត្តិ​គឺ​ការ​សិក្សា » ដូច​បទ​ថាៈ ឥធ ភិក្ខវេ ធម្មំ បរិយោបុណាតិ សុត្តំ គេយ្យំ ។ ល ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ភិក្ខុ​ក្នុង​សាសនា​នេះ​តែង​រៀន​នូវ​បរិយត្តិ​គឺ​ សុត្ត តេយ្យ ។ល ។
៧ - ធម្មៈ ប្រែ​ថា « ទេសនា » ដូច​បទ​ថាៈ ធម្មំ វោ ភិក្ខវេ ទេសិស្សាមិ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នឹង​សំដែង​ធម៌​ទេសនា​ចំពោះ​អ្នក​ទាំង​ឡាយ ។
៨ - ធម្មៈ ប្រែ​ថា « និស្សត្តិនិជ្ជីវៈ គឺ​សភាវៈ មិន​មែន​ជា​សត្វ មិន​មែន​ជា​ជីវិត » ដូច​បទ​ថាៈ តស្មឹ ខោ បន សមយេ ធម្មា ហោន្តិ សភាវៈ​ដែល​មិន​មែន​ជា​សត្វ​ជា​បុគ្គល មិន​មែន​ជា​ជីវិត រមែង​មាន​ក្នុង​សម័យ​នោះ​េង ។
៩ - ធម្មៈ ប្រែ​ថា « ប្រក្រតី, ធម្មតា » ដូច​បទ​ថាៈ អនិច្ចា វត សង្ខារា ឧប្បទវយធម្មិនោ ឱហ្ន៎​សង្ខារ​ទាំង​ឡាយ​មិន​ទៀង​មាន​ការ​កើត​ឡើង​នឹង​សូន្យ​ទៅ​ជា​ប្រក្រតី​ឬ ​ជា​ធម្មតា ។
១០ - ធម្មៈ ប្រែ​ថា « វិការៈ​គឺ​របស់​ប្រែ​ប្រួល » ដូច​បទ​ថាៈ វយធម្មា សង្ខារា សង្ខារ​ទាំង​ឡាយ មាន​ការ​សាប​សូន្យ​ជា​គ្រឿង​ប្រែប្រួល ។
១១ - ធម្មៈ ប្រែ​ថា «គុណ​ឬ​ពរ » ដូច​បទ​ថាៈ ន ហិ ធម្មោ អធម្មោ ច ឧភោ សមវិបាកិនោ, ចត្តារោ ធម្មា វឌ្ឍន្តិ សភាវៈ​ពីរ​យ៉ាង​គឺ​គុណ ១ ទោស ១ ឲ្យ​ផល​មិន​ស្រប​គ្នា​ទេ, ពរ ៤ ប្រការ​រមែង​ចំរើន ។
១២ - ធម្មៈ ប្រែ​ថា « ការ​ប្រព្រឹត្តិ​មាន​សណ្ដាប់​ធ្នាប់​ល្អ ឬ​ឫកពា » ដូច​បទ​ថាៈ សីលវា កល្យាណ​ធម្មោ បុគ្គល​មាន​សីល​មាន​សណ្ដាប់​ធ្នាប់​ល្អ ។ សោតា​បន្នោ អវិនិបាតធម្មោ សោតាបន្ន​បុគ្គល​មាន​សណ្ដាប់​ធ្នាប់​មិន​ធ្លាក់​ចុះ ។ ពាលា ធម្មា បណ្ឌិតា ធម្មា ឫកពា​ជា​របស់​ជនពាល ជា​របស់​បណ្ឌិត ។
១៣ - ធម្មៈ ប្រែ​ថា « សមាធិ » ដូច​បទ​ថាៈ ភាវិតធម្មោ កតសមណ​ធម្មោ មាន​សមាធិ​ចំរើន​ហើយ មាន​សមាធិ​បរិកម្ម​ស្រេច​ហើយ ។
១៤ - ធម្មៈ ប្រែ​ថា « បច្ចុប្បន្ន » ដូច​បទ​ថាៈ ធម្មដ្ឋិតតា ធម្មនិយាមតា ស្ថិត​នៅ​ឬ​កំណត់​នៅ​ក្នុង​បច្ចុប្បន្ន ។ ទិដ្ឋិធម្មិកោ អត្ថោ ប្រយោជន៍​បច្ចុប្បន្ន ។
១៥ - ធម្មៈ ប្រែ​ថា « ហេតុ ឬ​ប្រវេណី » ដូច​បទ​ថាៈ ធម្មប្បដិសម្កិទា ធម្មញ្ញតា បែក​ធ្លាយ​ប្រាជ្ញា​ក្នុង​ហេតុ ដឹង​ច្បាស់​ហេតុ ។ ឯសំ ធម្មោ សនន្តនោ ប្រវេណី​នេះ ជា​របស់​មាន​មក​ក្នុង​កាល​មុន ។
១៦ - ធម្មៈ ប្រែ​ថា « សាសនា » ថា « សេចក្ដី​ពិត » ដូច​បទ​ថាៈ ស្វាក្ខាតោ ធម្មោ សាសនា​មាន​លំអ​បទ​ដើម​ឬ​ពីរោះ​បទ​ដើម ។ ញេយ្យធម្មោ ញាត​ធម្មោ សេចក្ដី​ពិត​ដែល​តថាគត​គប្បី​ដឹង សេចក្ដី​ពិត​ដែល​តថាគត​ដឹង​ហើយ ។ ធម្មានុធម្មប្បដិបន្នោ បុគ្គល​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​សមគួរ​ដល់​សេចក្ដី​ពិត ។
១៧ - ធម្មៈ ប្រែ​ថា « បរមត្ថសច្ច » ថា « មគ្គផល - និព្វាន » ដូច​បទ​ថាៈ ទិដ្ឋធម្មោ បត្តធម្មោ បាន​ឃើញ​បរមត្ថសច្ច បាន​លុះ​បរមត្ថសច្ច ។ ភធិគតោ ខោ ធម្មោ មគ្គផល និព្វាន​តថាគត​បាន​ហើយ ។ ឧទាហរណ៍ ដែល​សំដែង​មក​នេះ​ជា​សេចក្ដី​រួប​រួម​អត្ថ​របស់​ពាក្យ​ថា​ធម្មៈ​ប៉ុណ្ណេះ ។
លំដាប់​ពី​នេះ​នឹង​ពោល​អំពី​វិគ្គហៈ របស់​ធម្ម ត​ទៅ​ទៀត ធម្មស័ព្ទ​នេះ​មាន​វិត្គហៈ ច្រើន​យ៉ាង តែ​ក្នុង​ទី​នេះ នឹង​ស្រង់​យក​ត្រឹម ៥ យ៉ាងៈ
១ - ចក្ខុសុ អងាយេសុ សំសារេ សត្តេ អបតមានេ នារេតីតិ ធម្មោ សភាព​គឺ​សេចក្ដី​ពិត​ឯ​ណា រមែង​ទ្រទ្រង់​នូវ​សត្វ​ទាំង​ឡាយ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​ទាំង ៤ ឬ​ក្នុង​សំសារវដ្ត​សភាព​នោះ​ឈ្មោះ​ថា​ធម៌ ។
២ - សលក្ខណំ នារេតីតិ ធម្មោ សភាព​ឯ​ណា​រមែង​ទ្រទ្រង់​ទុក​នូវ​លក្ខណៈ​របស់​ខ្លួន​គឺ​កុសល​ទាំង ៤ មាន​កាមាវចរ​កុសល​ជា​ដើម សភាព​នោះ​ឈ្មោះ​ថា​ធម៌ ។
៣ - បាបកេ អកុសលេ ធម្មេ ធុនាតីតិ ធម្មោ សភាព​ឯ​ណា​រមែង​កំចាត់​នូវ​អកុសល​ធម៌​ដ៏​លាមក​ចេញ ( ចាក​ខន្ធ​សន្ដាន ) សភាព​នោះ​ឈ្មោះ​ថា​ធម៌ ។
៤ - សោតា​បន្នោទីហិ អរិយេហិ នារិយតីតិ ធម្មោ ​សភាព​ឯ​ណា​ដែល​ព្រះ​អរិយ​ទាំង​ឡាយ មាន​ព្រះ​សោតា​បន្ន​បុគ្គល​ជា​ដើម តែង​ទ្រទ្រង់​ទុក ( ចាំ​ទុក​ក្នុង​សន្ដាន ) សភាព​នោះ​ឈ្មោះ​ថា​ធម៌ ។
៥ - យថា​នុសិដ្ឋំ បដិបជ្ជមានេ ចតូសុ អបាយេសុ អបតមានេ សត្តេ កត្វា ធារេតីតិ ធម្មោ សភាព​ឯណា​ទ្រទ្រង់​ធ្វើ​នូវ​ពួក​សត្វ​ដែល​ប្រតិបត្តិ​សមគួរ​ដល់​ពាក្យ​ប្រៀន ​ប្រដៅ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយ​ទាំង ៤ សភាព​នោះ​ឈ្មោះ​ថា​ធម៌ ។
អត្ថ​នឹង​វិគ្គហៈ របស់​ធម្មៈ ដូច​ពោល​មក​នេះ​ជា​សេចក្ដី​ជ្រាល​ជ្រៅ​ទៅ​តាម​បែប​ហួស​វិស័យ​សោត​វិញ្ញាណ​ របស់​អ្នក​ដែល​មិន​បាន​រៀន បែប​ផែន​ប្រែ​បាលី តែ​ទុក​ជា​យ៉ាង​ណា​ក៏​គង់​យល់​សេចក្ដី​ខ្លះ​ពុំ​ខាន ។ ពាក្យ​ថា​ធម្មៈ​ឬ​ធម៌​មួយ​ម៉ាត់​នេះ បើ​ទុក​ជា​មិន​មាន​បទ​គុណ​ស័ព្ទ គឺ​កុសល​ឬ​អកុសល​នៅ​ជិត​ខាង គង់​យើង​សង្កេត​យល់​បាន​តាម​ដំណើរ​សេចក្ដី ។ ធម្ម​ស័ព្ទ​នេះ​កម្រ​នឹង​និយាយ​ឲ្យ​ច្បាស់ ប្រែ​ស្រាយ​ឲ្យ​ចំ​មក​ជា​ពាក្យ​ខ្មែរ​យើង​បាន ដំណើរ​នេះ​ជា​វិស័យ​របស់​អ្នក​រៀន​វិធី​ប្រែ​បាលី​ទើប​អាច​នឹង​យល់​បាន​ដោយ​ ងាយ ប៉ុន្តែ​អ្នក​ដែល​មិន​បាន​រៀន​របៀប​ប្រែ​បាលី​ក៏​គង់​មាន​ន័យ​ក្នុង​ផ្ទៃ​ សេចក្ដី​នោះ ៗ បើក​ឱកាស​ឲ្យ​យល់​បាន ដូច​យល់​ថា​នេះ​ជា​ភាវេតព្វ​ធម៌ ( ធម៌​គួរ​ចំរើន ) នេះ​ជា​បហាគព្វ​ធម៌ ( ធម៌​គួរ​លះបង់ ) តែ​ប៉ុណ្ណេះ​ក៏​អាច​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​សាសនា​ធម៌​បាន ឬ​ធម៌​ដែល​មាន​មក​ក្នុង​ពួក​ផ្សេង ៗ យើង​អាច​សន្និដ្ឋាន​បាន​ឥត​ភ័ន្តច្រឡំ​ថា នេះ​ជា​ធម៌​ដ៏​ល្អ នេះ​ជា​ធម៌​ដ៏​លាមក​ដូច្នេះ​ជា​ដើម ។
សេចក្ដី​របស់​ធម្មៈ ដែល​មាន​ក្នុង​អត្ថ​នឹង​វិគ្គហៈ ដូច​ពោល​មក​នេះ​សំដៅ​យក​វត្ត​ចរិយា​ដែល​គួរ​ប្រព្រឹត្ត​បាន​ទាំង​ផ្លូវ​លោក​ ផ្លូវ​ធម៌ ឬ​សេចក្ដី​ល្អ​ដែល​ជា​ច្បាប់​ម្យ៉ាង សម្រាប់​បន្ថយ​កំឡាំង​សេចក្ដី​អាក្រក់​របស់​ពួក​មនុស្ស ដើម្បី​លើក​កំឡាំង​សេចក្ដី​ល្អ​ឲ្យ​មាន​បរិបូណ៌ នឹង​បាន​ឈាន​ទៅ​រក​សេចក្ដី​ចំរើន​ឲ្យ​មាន​ដំឡៃ មាន​បែប​ផែន​សណ្ដាប់​ធ្នាប់​ល្អ​ប្លែក​អំពី​ពួក​សត្វ​តិច្ឆាន ព្រោះ​ថា​ការ​បរិភោគ​ក្ដី ដេក​ក្ដី ភិត​ភ័យ​ក្ដី រួម​សំវាស​នឹង​មេថុន​ក្ដី ទាំង ៤ យ៉ាង​នេះ​មាន​ស្មើ​គ្នា ទាំង​មនុស្ស​ទាំង​សត្វ​តិរច្ឆាន​ប៉ុន្មាន ធម៌​ទុក​ជា​ក្រិត្យ​ក្រម​សម្រាប់​ប្រព្រឹត្ត​ឲ្យ​សម​ស័ក្តិ​ជា​មនុស្ស ឬ​ថា​ធម៌​នេះ​ជា​សញ្ញាប័ត្រ​សម្រាប់​មនុស្ស​ក៏​បាន ព្រោះ​ថា​មនុស្ស​យើង​ត្រូវ​តែ​ដំកល់​ខ្លួន​នៅ​ក្នុង​សីលធម៌​ណាមួយ ទុក​ជា​គោល​ដ៏​សំខាន់​សម្រាប់​ត្រកូល​របស់​ខ្លួន​បើ​មិន​ច្រើន​ក៏​តិច ដែល​ហៅ​ថា​ត្រកូល​មាន​ធម៌​ដើម្បី​ជា​តម្រាប់​ដល់​បុត្ត​ធីតា​ត​រៀង​ទៅ កាល​បើ​ប្រាស​ចាក​សីលធម៌​ហើយ​មុខ​ជា​នឹង​រសាត់​អណ្ដែត​ទៅ ប្រទះ​ប៉ះ​ទង្កិច​នឹង​សេចក្ដី​ទុក្ខ​លំបាក ដូច​ចក​នឹង​សំឡី​ដែល​រសាត់​អណ្ដែត​ទៅ​តាម​ខ្យល់ ឬ​ដូច​រថយន្ត​នឹង​នាវា​ដែល​គ្មាន​ចង្កូត​គ្មាន​គ្រឿង​ទប់ មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​សីលធម៌​ខ្ជាប់​ខ្ជួន​នោះ​ដូច​រថយន្ត​នឹង​នាវា​ ដែល​មាន​ចង្កូត មាន​យុថ្កា​សម្រាប់​ទប់ ។
ពិត​ណាស់ ព្រះ​ធម៌​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​សំដែង​ទុក​ហើយ​នោះ​ជា​ច្បាប់​ដ៏​ល្អ ​វិសេស សម្រាប់​តម្រូវ​ដល់​ប្រជាជន​ជាតិ​មនុស្ស​គ្រប់​ជាន់ បើក​ឱកាស​ឲ្យ​ប្រព្រឹត្ត​ប្រតិបត្តិ​ជឿ​កាន់ ដើម្បី​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ​ឈម​មុខ​ត្រង់​ទៅ​រក​សេចក្ដី​សុខ​ក្សេម​ ក្សាន្ត​ចៀស​ចាក​គ្រោះ​ថ្នាក់ ទុក្ខ​ភ័យ​តាំង​អំពី​លោក​នេះ រហូត​ដល់​ខាង​មុខ ។
អំពី​ប្រវត្តិ​នឹង​កិត្តិគុណ​របស់​ធម្មៈ​ក្នុង​ពុទ្ធ​សាសនា៖
ធម្មៈ​គឺ​សេចក្ដី​ពិត​តែង​ចាប់​កំណើត​នៅ​ក្នុង​លោក​ជា​ធម្មតា ស្ថិត​នៅ​ជា​ចន្លោះ​នៃ​សេចក្ដី​វិនាស ធម្មតា​វត្ថុ​អ្វី ៗ ទាំង​អស់​ក្នុង​លោក មាន​ប្រាក់​មាស​ជា​ដើម​ដែល​បុគ្គល​តាក់​តែង​សិទ្ធ​សូន​ធ្វើ​ឡើង រមែង​មាន​រូប​ប្រែ​ប្រួល​ទៅ​ផ្សេង ៗ តាម​កាល​សម័យ​ដែល​និយម​រាប់​អាន ជួន​កាល​វត្ថុ​ដែល​មិន​មែន​ជា​ប្រាក់​មាស​សុទ្ធ​ទេ តែ​គេ​ក្រឡៃ​ធ្វើ​ដោយ​ក្លែង​ក្លាយ​ឲ្យ​មាន​ព័ណ៌​ដូច​ប្រាក់​មាស​សុទ្ធ​ក៏​ បាន ប៉ុន្តែ​របស់​ក្រឡៃ​នោះ​មិន​យូរ​ប៉ុន្មាន​នឹង​ប្រាកដ​ដល់​ភ្នែក​អ្នក​ផង​ដែល ​អាច​ដឹង​បាន ។ របស់​នោះ​រមែង​ត្រឡប់​ទៅ​ជា​របស់​ថោក​ទាប​ឥត​ថ្លៃ នាំ​ឲ្យ​ខូច​សេចក្ដី​ប្រាថ្នា​របស់​អ្នក​ត្រូវការ​ទួទៅ ក្នុង​ទី​បំផុត​របស់​ដែល​បន្លំ​នោះ​ប្រែ​ទៅ​ជា​វត្ថុ​ប្រើ​ប្រាស​ពុំ​កើត សេចក្ដី​នេះ​យ៉ាង​ណា​មិញ ក្បួន​តម្រា​ច្បាប់​ទម្លាប់ ក្នុង​លិទ្ធិ​ណា​មួយ ដែល​គេ​ហៅ​ថា​ធម៌ ដោយ​សេចក្ដី​សន្មតិ​របស់​គេ​ដែល​តាក់​តែង​ឡើង​ដោយ​ឧបាយ​មិន​សម​ហេតុ​ផល គឺ​ថា​ដំណើរ​មិន​ពិត, ក្បួន​ច្បាប់​ទាំង​នោះ គង់​ត្រូវ​អ្នក​ផង​ដែល​មាន​ប្រាជ្ញា​ល្អ យល់​ទាស់​ឬ​ចាប់​សេចក្ដី​ខុស​បាន ថា​ជា​លទ្ធិ​មិន​ពិត បើ​ជា​មិន​មាន​អ្នក​ណា​ចាប់​ថ្នាក់​បាន​ភ្លាម ៗ ក៏​គង់​គេ​ដឹង​បាន ឬ​គេ​រាង​ចាល​ក្នុង​កាល​ដែល​ឲ្យ​ផល​មិន​ស័ក្ដិ​សិទ្ធិ លទ្ធិ​នោះ​ក៏​ទៅ​ជា​របស់​រៀវរោយ សាប​រលាប លែង​មាន​អ្នក​ណា​ចុះ​ចូល​ត្រូវការ​ប្រតិបត្តិ​ជឿ​កាន់​ក៏​យ៉ាង​នោះ​ដែរ ចំណែក​ខាង​ធម្មៈ គឺ​សេចក្ដី​ពិត​ជា​សភាព​មាន​អាយុ​ជីវិត​រស់​នៅ​ក្នុង​លោក មិន​ចេះ​រៀវរោយ​ថយ​ចុះ​ដូច្នេះ​ឡើយ ។
ស្វាក្ខាធម៌ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​របស់​យើង ទ្រង់​បាន​ត្រាស់​ដឹង​ឡើង​ហើយ ទ្រង់​ប្រកាស​ប្រដៅ​ប្រជាជន​ក្នុង​លោក កាល​ដើម​ដំបូង មិន​សូវ​មាន​មនុស្ស​ជ្រះ​ថ្លា​ជឿ​កាន់​ច្រើន​ប៉ុន្មាន លុះ​ដល់​កាល​ខាង​ក្រោយ​មក ទើប​ពួក​ទេវតា​នឹង​មនុស្ស​បាន​ដឹង​ឮ​សុះសាយ​ច្រើន​គ្នា​ស្ងើច​សរសើរ ថា ឱហ្ន៎​នេះ​ជា​ធម៌​ពិត ប្រព្រឹត្ត​ទៅ​តាម​សេចក្ដី​សុខ​ក្សេម​ក្សាន្ត រួច​នាំ​គ្នា​ប្រតិបត្តិ​កាន់​តាម រហូត​បាន​មគ្គផល​និព្វាន​តាម​និស្ស័យ​វាសនា យ៉ាង​សក្ដិសិទ្ធិ​ដូច​ទឹក​សម្រាប់​លត់​ភ្លើង ។ ធម្មៈ គឺ​សេចក្ដី​ពិត នៃ​អាយុ​ជីវិត​ដ៏​មាំមួន ជា​របស់​មិន​ចេះ​ចាស់​មិន​ចេះ​ស្លាប់ អាច​រស់​នៅ​ទាំង​មាន​ដំឡៃ​អង្វែង​ត​ទៅ​មិន​ចេះ​ចុះ​ថ្លៃ​ឡើយ សេចក្ដី​នេះ​គប្បី​សន្និដ្ឋាន​បាន​ដោយ​ងាយ ដូច​យ៉ាង​ព្រះ​ធម៌​របស់​ព្រះ​សម្ពុទ្ធ​នៃ​យើង​ទាំង​ឡាយ ដែល​ព្រះ​អង្គ​សំដែង​ឡើង​តាម​ពិត មិន​វីបរីត​ខុស​ចាក​សេចក្ដី​ពិត បើ​យើង​គិត​តាំង​អំពី​ឆ្នាំ​ដែល​ព្រះ​អង្គ​បរិនិព្វាន​មក​ដល់​ឥឡូវ​នេះ​បាន ២៤៨៩ ឆ្នាំ​ហើយ ទោះ​បី​យូរ​អង្វែង​មក​ប៉ុណ្ណោះ ព្រះ​ធម៌​ក៏​នៅ​ថ្មី​ទៀង​ទាត់​ដដែល​ដូច​ប្រក្រតី​ឥត​មាន​ចាស់​គ្រាំ​គ្រា ប្រែ​ប្រួល ខូច​ដំឡៃ​យ៉ាង​ណា ៗ ឡើយ សម​ដូច​ពុទ្ធ​ភាសិត​ថាៈ
ជីន្តេិ វេ រាជរថា សុចិត្តា អថោ សរីរម្បិ ជរំ ឧបេតិ
សតញ្ច ធម្មោ ន ជរំ ឧបេតិ សន្ដោ ហវេ សព្ភិ បវេទយន្តិ
សេចក្ដី​ថា រាជ​រថ​ទាំង​ឡាយ ដែល​នាយ​ជាង​រចនា​ល្អ​ហើយ រមែង​ចាស់​គ្រាំ​គ្រា​ទៅ​ពុំ​បាន មិន​ត្រឹម​តែ​រថ​ទាំង​ឡាយ​ប៉ុណ្ណោះ​ឡើយ ទោះ​ទាំង​សរីរៈ​រាង​កាយ ( របស់​សត្វ​ទាំង​ឡាយ ) ក៏​គង់​ដល់​នូវ​សេចក្ដី​ចាស់​គ្រាំ​គ្រា​ដូច្នោះ​ដែរ មាន​តែ​ធម៌​របស់​ពួក​សម្បុរស​ទើប​មិន​ដល់​នូវ​សេចក្ដី​ចាស់​គ្រាំ​គ្រា ពួក​សប្បុរស​តែង​ចរចារ​ជា​មួយ​នឹង​សប្បុរស​ផង​គ្នា យ៉ាង​នេះ​ឯង ។ ពុទ្ធ​ភាសិត​ដូច​ពោល​មក​នេះ​ជា​គ្រឿង​អាង​ដើម្បី​បញ្ជាក់​ពាក្យ​ថា​ធម៌​ឲ្យ​ ឃើញ​ពិត ថា​ជា​សភាព​មិន​ចេះ​ចាស់​គ្រាំ​គ្រា កាល​បើ​មិន​មាន​សេចក្ដី​ចាស់​ទេ សេចក្ដី​ឈឺ​ចាប់​ក៏​មិន​មាន កាល​បើ​មិន​មាន​សេចក្ដី​ឈឺ​ចាប់​ទេ សេចក្ដី​ស្លាប់​ក៏​មិន​មាន ។ ពាក្យ​ថា​ធម្មៈ​ដែល​អធិប្បាយ​មក​នេះ​សំដៅ​យក​សេចក្ដី​ពិត ដែល​សំដែង​អំពី​សេចក្ដី​ល្អ​អាក្រក់ ជា​សភាព​ឥត​រូប មាន​តែ​នាម ៗ ដែល​ចាប់​កំណើត​នៅ​ក្នុង​លោក​សម្រាប់​ដឹង​បាន​ដោយ​បញ្ញា​ចក្ខុ​ប៉ុណ្ណោះ ឥត​មាន​នរណា​ស្រាវជ្រាវ​រក​ប្រវត្តិ​ឲ្យ​ឃើញ​ថា​ធម៌​នេះ​ចាប់​កំណើត​ពី​កាល​ ណា ៗ បាន​ឡើយ ដូច​ភ្លើង​នឹង​ខ្យល់​ដែល​គេ​មិន​អាច​ដឹង​ដើម​កំណើត​បាន​ដូច្នោះ​ដែរ គឺ​ជា​ធម្មជាតិ​តែង​កើត​មាន​នៅ​ក្នុង​លោក​ជា​ធម្មតា ។
សេចក្ដី​ខាង​លើ​នេះ ល្មម​យល់​បាន​ថា អំពើ​ល្អ​អាក្រក់​ជា​របស់​ឋិត​ឋេរ​រស់​នៅ​ពាស​ពេញ​លោក ទាំង​មគ្គផល​និព្វាន ក៏​មាន​នៅ​ប្រាកដ​មិន​ត្រូវ​វិនាស​បាត់​បង់​ចាក​លោក​ដោយ​អន្តរាយ​ណា​មួយ សូម្បី​លោក​ធាតុ​ទាំង​មូល​ត្រូវ​ភ្លើង​ឆេះ អំពើ​នឹង​មគ្គផល​និព្វាន​អាច​តាំង​នៅ​ដដែល ទោះ​បី​នរណា​ក៏​លុប​លាង​ចេញ​ពុំ​បាន ចំណែក​ខាង​ពាក្យ​រចែក​រចាក​ថា ធម៌​ថ្មី​ធម៌​ចាស់ នោះ​នឹង​ទន្រ្ទាន​ចូល​មក​កាត់​កំផែង​គឺ​សេចក្ដី​ពិត​មិន​បាន​ឡើយ ។ បុណ្យ​គឺ​អំពើ​ល្អ បាប​គឺ​អំពើ​អាក្រក់​គុណ​គឺ​សេចក្ដី​ចំរើន ទោស​គឺ​សេចក្ដី​វិនាស ទាំង ៤ យ៉ាង​នេះ​ជា​ដើម ឈ្មោះ​ថា​ប្រវត្តិ​គឺ​ដំណឹង​ឬ​កំណើត​របស់​ធម៌ ដែល​ជា​សេចក្ដី​ពិត​មាន​នៅ​ប្រចាំ​លោក​សូម្បី​ក្នុង​កាល​កប្ប​ខាំង​កំបាំង​ បាត់​ស្ងាត់ គឺ​កាល​ដែល​មិន​មាន​ព្រះ​ពុទ្ធ​ត្រាស់​ឡើង ឬ​មិន​មាន​អ្នក​ប្រាជ្ញ​ក៏​ដោយ​ក៏​គង់​បុណ្យ បាប គុណ ទោស ឋិតថេរ​តាំង​នៅ​ជា​ប្រក្រតី​ឥត​មាន​សាប​រលាប​រលត់​បាត់​ទេ តាំង​ប្រជាជន​ក្នុង​លោក​ក៏​មិន​ដែល​ឮ​និយាយ​ថា ឥឡូវ​នេះ​បុណ្យ បាប គុណ ទោស គាស់​គ្រាំ​គ្រា​ណាស់ ឈឺ​ដុន​ដាប​ណាស់ ឬ​ថា ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ​ឡើយ ពាក្យ​ដែល​គេ​និយាយ​រចែក​រចាក​ជា ធម៌​ថ្មី ធម៌​ចាស់​នោះ​ត្រឡប់​ទៅ​ជា​ឥត​ប្រយោជន៍​ទទេ ។ បើ​បុគ្គល​ប្រុស​ស្រី​ឯ​ក្នុង​លោក​មាន​កាយ​វាចា​ចិត្ត ប្រព្រឹត្ត​ល្អ​ត្រូវ​តាម​សីលធម៌ មាន​ព្រហ្មវិហារ​ផ្សាយ​ទៅ​ក្នុង​ពួក​សត្វ មាន​កតញ្ញូកតវេទី ចំពោះ​លោក​អ្នក​មាន​គុណ​គឺ​មាតា​បិតា​ជា​ដើម បុគ្គល​នោះ​ក៏​រមែង​បាន​បុណ្យ​ចួប​ប្រទះ​សេចក្ដី​ចំរើន បើ​ជា​មាន​កាយ​វាចា​ចិត្ត ប្រព្រឹត្ត​អាក្រក់​ខុស​ចាក​សីលធម៌​មិន​មាន​ព្រហ្ម​វិហារ​ផ្សាយ​ទៅ​ក្នុង​ ពួក​សត្វ មិន​មាន​កតញ្ញូកតវេទី​ចំពោះ​លោក​អ្នក​មាន​គុណ​ទេ ក៏​រមែង​បាន​បាប ទទួល​ទោស​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​មាន​នរណា​ប្រគល់​បុណ្យ​ប្រគល់​បាប​ឲ្យ​ទេ នេះ​ជា​សេចក្ដី​សំដែង​ឲ្យ​ឃើញ​ថា បុណ្យ​បាប​មិន​ចេះ​វិនាស អ្នក​ណា​ធ្វើ​ក្នុង​កាល​ណា អ្នក​នោះ​ត្រូវ​បាន​ក្នុង កាល​នោះ​ឬ​កាល​ខាង​មុខ ៗ ។ បុណ្យ​បាប​គុណ​ទោស​ទាំង​នេះ​ឯង​ហៅ​ថា​ធម៌, មួយ​ទៀត​ក្នុង​គម្ពីរ​អដ្ឋកថា​ឧទាន​ខុន្ទរា​និកាយ មាន​សេចក្ដី​ថា​ពួក​ធម៌​ជា​កុសល ហៅ​ថា​សកធម៌ គឺ​ជា​ផ្លូវ​ដ៏​ពិត​មួយ​យ៉ាង​សម្រាប់​នាំ​មក​នូវ​សុខ​សួស្ដី នាំ​មក​នូវ​សេចក្ដី​ចំរើន ដល់​បុគ្គល​អ្នក​ប្រព្រឹត្ត​សុចរិត, ពួក​អកុសល​ហៅ​ថា​បរធម៌​គឺ​ជា​ផ្លូវ​ពិត​ដោយ​ឡែក សម្រាប់​នាំ​មក​នូវ​ទុក្ខ នាំ​មក​នូវ​សេចក្ដី​វិនាស​ដល់​បុគ្គល​អ្នក​ប្រព្រឹត្ត​ទុច្ចរិត ចំណែក​ខាង​ពួក​កុសល​ធម៌ មាន​សីល សមាធិ បញ្ញា ជា​ដើម​ដែល​ធ្វើ​ប្រយោជន៍​ឲ្យ​ដល់​ខ្លួន​ដូច​ជា មាតា​បិតា​ធ្វើ​ប្រយោជន៍​ដល់​បុត្ត​ធីតា ព្រោះ​ហេតុ​នោះ​ទើប​លោក​ហៅ​ថា​សកធម៌, ពួក​អកុសល​ធម៌ មាន​រាគៈ ទោសៈ មោហៈ ជា​ដើម ដែល​នាំ​បណ្ដាល​ធ្វើ​ប្រយោជន៍​ឲ្យ​វិនាស ដូច​ជា​បច្ចាមិត្ត ជា​សឹក​សត្រូវ​មក​ពី​ខាង​ក្រៅ មក​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍ ព្រោះ​ហេតុ​នោះ​ទើប​លោក​ហៅ​ថា​បរធម៌ ។
បុណ្យ បាប គុណ​ទោស សកធម៌ បរធម៌ ដូច​សំដែង​មក​នេះ ឈ្មោះ​ថា​ប្រវត្តិ​របស់​ធម៌ ដែល​ជា​ដើម​ពូជ​ចាប់​កំណើត​កើត​ឯង​ហើយ​ចាក់​ឫស​ជាប់​នៅ​ទៀង​ទាត់​ជា​ធម្មតា មិន​ចេះ​ចាស់​គ្រាំ​គ្រា​ឬ​វិនាស​សាប​សូន្យ​ដោយ​ពិត តែ​ជា​របស់​ស្ងាត់​កំបាំង​អំពី​បញ្ញា​របស់​បុថុជ្ជន ដូច​ភ្លើង​ជា​របស់​មាន​នៅ​ទៀង​ទាត់​តែង​ចាប់​កំណើត​ដាច់​នៅ​នឹង​អាកាស ឬ​នៅ​ក្នុង​ដើម​ឈើ កាល​បើ​គេ​ចេះ​វិជ្ជា​ខាង​គ្រឿង​ផ្សំ ត្រូវ​តាម​ហេតុ​ផល​ល្អ ភ្លើង​ក៏​ឆេះ​លះ​អណ្ដាត​ឡើង បើ​មិន​ចេះ​គ្រឿង​ផ្សំ​ទេ ភ្លើង​មិន​អាច​ឆេះ​ឡើង​បាន​មួយ​ទៀត​ភេសជ្ជៈ​ថ្នាំ​កែ​រោគ​ដែល​កើត​អំពី​ជាតិ ​ឈើ ឬ​អំពី​ធាតុ​អ្វី​ផ្សេង ៗ ក៏​ជា​របស់​ស្ថិត​នៅ​មាន​នៅ​ជា​ធម្មតា មិន​ចេះ​វិនាស, គ្រូ​ពេទ្យ​អ្នក​ចេះ​ចាំ​ក្បួន​តម្រា​រមែង​ផ្សំ​ធាតុ​ឬ​លំអិត​អ្វី​ផ្សេង ៗ ឲ្យ​ទៅ​ជា​ភេសជ្ជៈ​កែ​រោគ​បាន​ដោយ​ងាយ ពាក្យ​ដែល​យើង​ធ្លាប់​និយាយ​ថា ភ្លើង​រលត់ នេះ​ជា​សេចក្ដី​សន្មតិ​គឺ​ភ្លើង​គ្រាន់​តែ​រលត់​បាត់​អំពី​ចង្កៀង​ប៉ុណ្ណោះ នឹង​ថា​រលត់​បាត់ ទៅ​ចាក​លោក​មែន​ទែន​ក៏​ទេ សេចក្ដី​យ៉ាង​ណា​មិញ ដំណឹង​នឹង​កិត្តិគុណ​ព្រះ​ធម៌​ជា​សភាព​ដែល​ពិត​ប្រាកដ​រមែង​មាន​នៅ​ដោយ​ មាំមួន មិន​ចេះ​ប្រែ​ប្រួល​វិនាស​សាប​សូន្យ មិន​ចេះ​ស្លាប់​ក៏​យ៉ាង​នោះ​ដែរ ។ ពាក្យ​ដែល​យើង​និយាយ​ថា​ព្រះ​ធម៌​សាប​សូន្យ ឬ​ថា​សាសនា​រៀវរោយ នេះ​ជា​សម្មតិ​វោហារ​គ្រាន់​តែ​ជា​ពាក្យ​សម្រាប់​ប្រើ​ហៅ​បណ្តោះ​អាសន្ន ឬ​ពាក្យ​ថា សាប​សូន្យ​រៀវរោយ​នោះ​គ្រាន់​តែ​សំដៅ​យក​ថា​ព្រះ​ធម៌​សាប​សូន្យ​ចាក​ខន្ធ​ សន្ដាន​របស់​បុគ្គល​អ្នក​សិក្សា​រៀន​សូត្រ​ប្រតិបត្តិ​ប៉ុណ្ណោះ ។ មគ្គផល​និព្វាន​ឈ្មោះ​ថា​កិត្តិគុណ​របស់​ធម៌ តែង​ឮ​ខ្ចរ​ខ្ចាយ​នៅ​ក្នុង​លោក​ដោយ​ហូរ​ហែរ​ជា​ដរាប​មក​មិន​ដាច់ ព្រោះ​ហេតុ​នោះ​បុគ្គល​អ្នក​ស៊ើប​ដំណឹង​រក​ធម៌​ក្នុង​លោក​នេះ តែង​មាន​តែ​រាល់ ៗ កាល តាម​សេចក្ដី​ប្រតិបត្តិ​ក្នុង​សាសនា​របស់​គេ ប៉ុន្តែ​ច្រើន​តែ​ប្រទះ​ទៅ​លើ​ផ្លូវ​វាង ដោយ​អំណាច​អវិជ្ជា​នាំ​សត្វ​ឲ្យ​វង្វេង ឬ​ដោយ​គំនិត​យល់​ខុស​តាម​លិទ្ធិ​របស់​គ្រូ​ដោយ​ខ្លួន ៗ ។ ក្នុង​កាល​ចន្លោះ​ព្រះ​ពុទ្ធ​ត្រាស់​ឡើង​គង់​ប្រាកដ​ថា មាន​បុគ្គល​ខ្លះ​ក្នុង​លោក​មាន​ចិត្ត​នឿយ​ណាយ​ចាក​កាម​គុណ នឹក​ភ្នក​ចង់​ស្វះ​ស្វែង​រក​ប្រវត្តិ​ពង្សាវតារ ដែល​ជា​ក្រសែ​នៃ​មោក្ខ​ធម៌​គឺ​ព្រះ​និព្វាន ហើយ​លះ​ភេទ​គ្រហស្ថ​ចេញ​ចាក​កាមារម្មណ៍ កាន់​ភេទ​ជា​តាបស​ឥសី​ប្រព្រឹត្ត​តប​វត្ត​ដើម្បី​ស្រូត​ទៅ​រក​ព្រះ​និព្វាន​ ជា​ធម្មតា ។ តាបស​ខ្លះ​ប្រទះ​បាន​តែ​ត្រឹម​ឈាន​សមាបត្តិ ឬ​អភិញ្ញា​ជា​លោកិយ​ប៉ុណ្ណោះ តាបស​ខ្លះ​ឃ្វាង​រហូត​ដោយ​ហេតុ​ខ្វះ​គ្រឿង​ផ្សំ ឬ​មាន​គ្រឿង​ផ្សំ​ធាតុ​វិជ្ជា​ប្រាជ្ញា​ស្មារតី​មិន​ទាន់​គ្រប់​គ្រាន់, ព្រះ​សម្ពុទ្ធ​របស់​យើង កាល​នៅ​ជា​ពោធិសត្វ ក៏​នៅ​ក្នុង​ពួក​តាបស​ដូច្នោះ​ដែរ ព្រះ​អង្គ​តែង​ជាប់​ព្រះ​ហ្ឫទ័យ​ក្នុង​ការ​ស្វែង​រក​ព្រះ​ធម៌​ទោះ​បី​ព្រះ​ អង្គ​បាន​ជា​ក្សត្រិយ៍​សោយ​រាជ្យ ដែល​គួរ​ស្រវឹង​ក្នុង​សម្បត្តិ​នឹង​យស​បរិវារ ទ្រង់​ក៏​មិន​ភ្លេច​អំពី​ដំណឹង​បុណ្យ​បាប តែង​ពេញ​ព្រះ​ហ្ឫទ័យ​ក្នុង​ភេទ​តាបស​ជា​រឿយ ៗ ខំ​ប្រព្រឹត្តិ​វត្ត​យ៉ាង​ឧក្រឹដ្ឋ​ជាង​តាបស​ឯ​ទៀត ៗ ជា​ដរាប​អស់​ច្រើន​ជាតិ​ណាស់ ។ ព្រះ​មហា​បុរស​មាន​ព្យាយាម​ក្លៀវក្លា អន្ទោក​អន្ទោល​មិន​តក់​មិន​លែង​ចោល​អំពី​ការ​ស្វែង​រក​មោក្ខធម៌​ព្រោះ​ អាស្រ័យ​ការ​ដឹង​ថា​មុខ​ជា​នឹង​បាន​ដូច​ប្រាថ្នា ព្រះ​អង្គ​ខំ​ប្រឹង​សន្សំ​សេចក្ដី​ល្អ​ល្អះ​សេចក្ដី​អាក្រក់ ចំណាំ​ប្រវត្តិ​របស់​ព្រះ​អង្គ​នឹង​ព្រះ​ធម៌​ដែល​ព្រះ​អង្គ​ធ្លាប់​ ប្រតិបត្តិ​មក​រៀង​រាប​ដរាប​ដល់​បច្ចិម​ជាតិ ទើប​បាន​គ្រឿង​ផ្សំ​ធាតុ​សព្វ​គ្រប់​ដែល​ហៅ​ថា​បារមី​ធម៌ ១០ ប្រការ​នោះ​ឯង ។
លុះ​ព្រះ​បរម​ពោធិសត្វ​មាន​បារមី​ធម៌ ចូល​មក​គ្រប់​គ្រាន់ ក៏​បាន​រំពឹង​ស្រាវជ្រាវ​រក​ពង្សាវតារ​ព្រះ​ធម៌​ជា​អនុលោម​ប្បដិលោម បាន​ឃើញ​ជាក់​ច្បាស់​ដោយ​សព្វ​ញ្ញុត​ញ្ញាណ ហើយ​ទ្រង់​សំដែង​បើក​បង្ហើប​បង្ហាញ​ធម៌​នោះ ៗ ដល់​ពួក​ពុទ្ធ​បរិស័ទ​ឲ្យ​ភ្លឺ​ច្បាស់​ហាក់​ដូច​ជា ព្រះ​ច័ន្ទ​រះ​ឡើង​ក្នុង​ថ្ងៃ ១៥ កើត ។ ព្រះ​ធម៌​ដែល​ចាប់​កំណើត​នៅ​ក្នុង​ផ្ទៃ​លោក​ធាតុ​ជា​យូរ​លង់​មក​ហើយ​នោះ​ ស្រាប់​តែ​ផុះ​អណ្ដែត​ឡើង ហាក់​ដូច​ជា​ប្រសូត​ចាក​លោក​ធាតុ​មក​ប្រតិស្ឋាន​ថ្មី ៗ ចំពោះ​ព្រះ​ភ័ក្រ្ត​ព្រះ​ដ៏​មាន​ព្រះ​ភាគ នេះ​ឯង​ហៅ​ថា​ព្រះ​អង្គ​ត្រាស់​ដឹង ។ មូល​ហេតុ​ដែល​នាំ​ឲ្យ​ពួក​តាបស​ឯ​ទៀត ៗ ក្ដី​តាបស​គឺ​ព្រះ​ពោធិសត្វ​ក្ដី ខំ​សង្វាត​បំពេញ​បារមី​ធម៌​ទាំង​នោះ ក៏​ព្រោះ​អាស្រ័យ​ការ​ដឹង​ក្លិន​ក្រអូប ការ​ចាំ​ប្រវត្តិ​នឹង​កិត្តិគុណ​របស់​ធម្មៈ​ជាប់​ហែ ៗ មក ដូច​ដំណឹង​ថា​មាស​ពេជ្រ​ជា​បច្ច័យ នាំ​ឲ្យ​គេ​ស្វែង​រក​មាស​ពេជ្រ គឺ​អាស្រ័យ​ការ​ដឹង​ជា​ដើម​ហេតុ ទើប​មាន​ការ​ស្វែង​រក​ជា​ខាង​ក្រោយ ត ៗ មក​រហូត​បាន​ដូច​ប្រាថ្នា ដំណឹង​ថា​មគ្គផល​ថា​និព្វាន​ក៏​រមែង​មាន​ក្លិន​ក្រអូប​ជាប់​នៅ​ក្នុង​លោក សូម្បី​មគ្គផល​ជា​ធម៌​នាំ​សត្វ​ឲ្យ​ឆ្លង​ឡើង​ចាក​លោក ព្រះ​និព្វាន​ជា​គុណ​ជាតិ​ផុត​ស្រឡះ​ចាក​លោក​ហើយ​ក៏​ពិត​មែន តែ​កិត្តិស័ព្ទ​រមែង​សល់​នៅ​ក្នុង​លោក​មិន​ចេះ​សាប​សូន្យ ។ លុះ​ព្រះ​អង្គ​បរិបូណ៌​ដោយ​ប្រាជ្ញា​ស្មារតី គ្រប់​គ្រាន់​ដោយ​សេចក្ដី​ត្រិះរិះ​ជ្រាប​ច្បាស់​ចំពោះ​ព្រះ​អង្គ​ហើយ​ទើប​ ទ្រង់​លើក​ស្រង់ ស្រាវជ្រាវ​ប្រមូល​យក ព្រះ​ធម៌​ដែល​មាន​នៅ​ក្នុង​លោក​ស្រាប់​នោះ​មក​សំដែង​សើរើ​ចែក​រលែក​ឲ្យ​មាន​ មេ​មាតិកា​ដោត​ក្រង​តម្រៀប ដូច​មាន​កម្រង​មាន​របៀប​ជា​គោល​ចារឹក​រាក់​ជ្រៅ សង្ខេប​ពិស្ដារ​ច្បាស់​លាស់​ជាក់​ស្ដែង​ឡើង​ដើម្បី​ឲ្យ​ពួក​ពុទ្ធ​បរិស័ទ​ និកាយ​របស់​ព្រះ​អង្គ ងាយ​ស្ដាប់​ងាយ​ពិចារណា​រក​ផ្លូវ​ប្រតិបត្តិ​ពួក​ប្រជាជន​អ្នក​មាន​សេចក្ដី​ ជ្រះ​ថ្លា​ក្នុង​ធម៌ គោរព​ចំពោះ​ព្រះ​អង្គ​ក៏​នាំ​គ្នា​ហៅ​ថា​ព្រះ​អង្គ​បាន​ត្រាស់ ដរាប​មក ។ ធម៌​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ទាំង​នោះ ក៏​គឺ​ធម៌​ដែល​ធ្លាប់​មាន​ស្រាប់​នៅ​ក្នុង​លោក​នោះ​ឯង ។ ព្រះ​បរម​សាស្ដាចារ្យ បាន​ត្រាស់​ដឹង​ធម៌​ឡើង​ក្នុង​លោក​ក្នុង​កាល​ណា​ម្ដង ៗ គួរ​ហៅ​ថា​អគ្គ​សង្គាយនា​មួយ​លើក​ហើយ ក្នុង​កាល​នោះ​រាប់​ថា សង្គាយនា​មុន​ដំបូង​បង្អស់ ជា​គុណ​ដ៏​ប្រសើរ​បំផុត​ធំ​បណ្ដាច់​ជាង​សង្គាយនា​របស់​ព្រះ​អរហន្ត​ទាំង​ឡាយ ដែល​ធ្វើ​ក្នុង​កាល​ជា​ខាង​ក្រោយ ។
ពណ៌នា​មក​អំពី​អត្ថ​នឹង​វិគ្គហៈ របស់​ធម្មៈ
ព្រម​ទាំង​ប្រវត្តិ​នឹង​កិត្តិគុណ​របស់​ធម្មៈ​ចប់​តែ​ប៉ុណ្ណោះ ។ 
ប្រភព http://www.budinst.gov.kh/?q=node/243

ធម្មាធិប្បាយ សោវចស្សតា

« ភាព​ជា​អ្នក​ដែល​គេ​ស្ដី​ថា​ងាយ​ឬ​ងាយ​ទូន្មាន »
លោក ស៊ីន - ហាន រៀបរៀង
បុគ្គល​ជា​ឥស្សរៈ​ក្ដី ជន​ជា​អ្នក​មាន​គុណ​សម្បត្តិ​ព្រម​ទាំង​មាន​អំណាច​វាសនា​ក្ដី តែង​មាន​មេត្តា​ប្រណី​ចំពោះ​អ្នក​តូច​ប្រាថ្នា​ឲ្យ​អ្នក​តូច​ស្ទុះ​លឿន​ទៅ​ កាន់​សេចក្ដី​ចំរើន រមែង​ទូន្មាន​ប្រៀន​ប្រដៅ​អ្នក​តូច​ឲ្យ​តាំង​នៅ​ក្នុង​គុណ​ធម៌​ផ្សេង ៗ ដើម្បី​ឲ្យ​ប្រព្រឹត្ត​ត្រឹម​ត្រង់​រៀបរយ​ល្អ ។ បើ​អ្នក​តូច​បាន​តាំង​នៅ​ក្នុង​ឱវាទ​បែប​នោះ​ហើយ នឹង​មាន​សួស្ដី​មង្គល​ភ្លឺ​រុង​រឿង​ព្រម​ទាំង​មាន​កិត្តិគុណ​ប្រាកដ​ច្បាស់​ ក្នុង​លោក ។ អ្នក​ដែល​មិន​តាំង​នៅ​ក្នុង​គុណ​ធម៌​បែប​នោះ​ទេ, សឹង​មាន​ន័យ​ផ្សេង​គ្នា ។
សេចក្ដី​អធិប្បាយ​នៃ​បុគ្គល​ទាំង​ពីរ​ប្រភេទ​នេះ ត្រូវ​ពោល​ឲ្យ​ជាក់​ច្បាស់​ដល់​លក្ខណៈ​ជា​មុន, ក៏​ឯ​លក្ខណៈ​ជា​អ្នក​ដែល​គេ​ស្ដី​ថា​ក្រ, ទូន្មាន​ប្រៀន​ប្រដៅ​ក្រ, គឺ​បាន​ដល់​មនុស្ស​មាន​មានះ នឹង​ទិដ្ឋិ​រឹង​ត្អឹង​ជា​អ្នក​ប្រាថ្នា​លាមក​លើក​ខ្លួន សង្កត់​សង្កិន​អ្នក​ដទៃ, មាន​សេចក្ដី​ក្រោធ​ប្រចាំ​នៅ​ក្នុង​សន្ដាន​ចង​សេចក្ដី​ក្រោធ​ទុក ជា​អ្នក​មាន​សេចក្ដី​ឈ្នានីស សូម្បី​នឹង​ពោល​វាចា​ឡើង​សោត​ក៏​អាក្រក់ បង្ហាញ​ឲ្យ​ឃើញ​បាន​ថា​លាយ​ឡំ​ដោយ​ទោសៈ​ពិត, កាល​បើ​មាន​អ្នក​ដទៃ​ដាស់​តឿន​ដោយ​ផ្លូវ​ដែល​ត្រូវ ក៏​ជជែក​ប្រកែក ​និយាយ​ផ្ចញ់​ឬ​ស្ទាក់​ដំណើរ​អ្នក​ដាស់​តឿន​ឲ្យ​គាំង​និយាយ​តប​ត​មិន​រួច, ហើយ​ក្លែង​និយាយ​បន្លប់​ត្រឡប់​ត្រឡិន​យក​រឿង​ដទៃ​ឆ្ងាយ ៗ មក​ពោល​សំដែង​សេចក្ដី​ក្រោធ​សេចក្ដី​ប្រទូសរ៉ាយ​ឲ្យ​ច្បាស់​ប្រាកដ, ទាំង​មាន​ឥស្សាមច្ឆរិយៈ នឹង​កល​កិច្ច​ពុត​ត្បុត​ច្រើន​ប្រការ នេះ​ជា​លក្ខណៈ​របស់​អ្នក​ដែល​គេ​ស្ដី​ថា​ក្រ, ទូន្មាន​ប្រៀន​ប្រដៅ​ក្រ ។ កាល​បើ​ប្រព្រឹត្ត​តាម​ឱវាទ​របស់​វុឌ្ឍបុគ្គល​រហូត​ដល់​មាន​សេចក្ដី​មិន​ជឿ - ស្ដាប់​ចំពោះ​ច្បាប់ រដ្ឋបាល​តុលាការ​ទៀត​ទេ រមែង​មាន​ទោសានុទោស​តាម​សមគួរ​ដល់​កំហុស​ដែល​បាន​ប្រព្រឹត្ត​ល្មើស ។ ឯ​ភាព​នៃ​បុគ្គល​ជា​អ្នក​ដែល​គេស្ដី​ថា​ក្រ, ទូន្មាន​ប្រៀន​ប្រដៅ​ក្រ, គង់​តែ​នឹង​បាន​ទទួល​ផល​អាក្រក់​ណា​មួយ​ជា​ប្រាកដ ។ ព្រោះ​ហេតុ​នោះ​ទើប​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ប្រដៅ​មិន​ឲ្យ​បុគ្គល​ជា​បុរស​ ស្ដ្រី​ប្រព្រឹត្ត​កាន់​កាប់​សេចក្ដី​ប្រដៅ​ក្រ​ទុក​ក្នុង​ខ្លួន​ឡើយ ដោយ​ហេតុ​ព្រះ​សម្ពុទ្ធ​ប្រាថ្នា​ផល​មិន​ដូច​គ្នា, បាន​ជា​ទ្រង់​ប្រៀន​ប្រដៅ​ឲ្យ​ជា​អ្នក​ដែល​គេ​ស្ដី​ថា​ងាយ​ទូន្មាន​ប្រៀន​ ប្រដៅ​ងាយ​វិញ។
សោរចស្សតា​នេះ បើ​អធិប្បាយ​សេចក្ដី​តាម​អនុមាន​សូត្រ​មជ្ឈិម​និកាយ មជ្ឈិម​បណ្ណា​សកៈ ដែល​ព្រះ​មោគ្គល្លាន​ត្ថេរ​សំដែង​ទុក​នោះ​មាន​សេចក្ដី​ថាៈ កាល​អ្នក​ដទៃ​ទូន្មាន​ប្រដៅ​ដោយ​ផ្លួវ​ដ៏​ល្អ ក៏​មាន​សេចក្ដី​អត់​ធន់​តាំង​ចិត្ត​ស្ដាប់​ដោយ​គោរព, ប្រាថ្នា​តែ​សេចក្ដី​ល្អ​ដល់​ខ្លួន​នឹង​អ្នក​ដទៃ មិន​លើក​ខ្លួន​មិន​សង្កត់​សង្កិន​គេ, មិន​ជា​អ្នក​ប្រាថ្នា​ខឹង​ក្រោធ មិន​បាន​ចង​សេចក្ដី​ខឹង​ក្រោធ​ទុក, មិន​ច្រណែន​ឈ្នានីស​ព្រោះ​សេចក្ដី​ក្រោធ​ខឹង, មាន​វាចា​ដ៏​ពិរោះ​សុភាព​រាបសា, មិន​បាន​ជជែក​វែក​និយាយ​ផ្ចញ់​ផ្ចាល់​ស្ទាក់​ផ្លូវ​ត្រឡប់​លើក​ទោស​ដល់​អ្នក ​ដទៃ, បើ​អ្នក​ដទៃ​ដាស់​តឿន​ហើយ មិន​បាន​យក​រឿង​រ៉ាវ​ដទៃ​មក​និយាយ​បន្លប់​ត្រឡប់​ត្រឡិន​ទេ, ទាំង​មិន​មាន​សេចក្ដី​ប្រទូសរ៉ាយ, សេចក្ដី​ក្រោធ​ខឹង​នឹង​សេចក្ដី​តូច​ចិត្ត​ឡើយ, ជា​អ្នក​បញ្ចេញ​វាចា​ឲ្យ​សម​នឹង​សេចក្ដី​ប្រព្រឹត្ត​របស់​ខ្លួន មិន​លុប​លាង​គុណ​គេ, មិន​លើក​ខ្លួន​ផ្ទឹម​នឹង​គេ, មិន​ជា​អ្នក​មាន​សេចក្ដី​កំណាញ់​ឫស្យា​នឹង​អាង​អួត​ មាន​មារយាទ​រម្យទម​រៀបរយ មិន​ចចេស​ចចើង​ស្មើង​កន្រ្ទើង​ប្រកែ​ប្រកាន់​ខ្លួន ។ កាល​បើ​ប្រកប​ដោយ​ធម៌​ទាំង​នេះ​ហើយ ត្រូវ​មាន​យោនិសោ​មនសិការ ត្រិះរិះ​ឲ្យ​ឃើញ​ជាក់​ច្បាស់​ដោយ​ប្រាជ្ញា​ញាណ ហើយ​កត់​សំគាល់​នាំ​យក​ទៅ​ប្រតិបត្តិ, សម​ដូច​ពុទ្ធ​ភាសិត​ថាៈ « សុស្សសំ លភតេ បញ្ញំ អ្នក​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​រមែង​បាន​បញ្ញា » ។ ទាំង​ត្រូវ​ធ្វើ​សេចក្ដី​ដឹង​ខ្លួន​ឲ្យ​ទាន់ ហើយ​ធ្វើ​ដំណើរ​បដិបទា​ឲ្យ​សម​ដល់​កាល​សម័យ សម​ដូច​ពុទ្ធ​ភាសិត​ថាៈ
អត្តោនញ្ចេ បិយំ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ
តិណ្ណមញ្ញតរំ យាមំ បដិជគ្គេត្យ បណ្ឌិតោ ។
សេចក្ដី​ថាៈ បណ្ឌិត​បើ​ដឹង​ថា​ខ្លួន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ឯង​ហើយ ត្រូវ​តែ​រក្សា​ថ្នាក់​ថ្នម​ខ្លួន​នោះ​ទុក​ឲ្យ​ល្អ​ក្នុង​យាម ( វ័យ ) ទាំង​បី​ណា​មួយ​កុំ​ខាន ។
អធិប្បាយ​ថាៈ ក្នុង​មួយ​រាត្រី​ចែក​ជា​យាម​បី ដែល​មាន​ឈ្មោះ​ហៅ​ថា​យាម​បាន​ដូច​ត​ទៅ​នេះ វេលា​នៃ​អាយុ​ខ័យ​ដែល​ចាត់​ជា​វ័យ​បី ក៏​គួរ​ហៅ​ថា​យាម​បាន​ដូច​គ្នា, ព្រោះ​ហេតុ​ដូច្នោះ ទើប​សម្ដេច​ព្រះ​វិជិតមារ​ទ្រង់​សម្ដែង​ធម្មីកថា​នេះ ហៅ​វ័យ​ថា​ជា​យាម ដើម្បី​ឲ្យ​មាន​សេចក្ដី​ស្រប​គ្នា លុះ​បុគ្គល​ជា​អ្នក​ស្ដី​ថា​ងាយ ទូន្មាន​​ប្រដៅ​ងាយ​បាន​ដឹង​ច្បាស់​ថា​ខ្លួន​ខុស គួរ​ប្រកប​កិច្ច​ជា​ប្រយោជន៍​សម្រាប់​ខ្លួន​ឲ្យ​សម្រេច​ក្នុង​យាម​ដើម ( បឋម​វ័យ ) បើ​ថា​ទៅ​ដឹង​ខ្លួន​ក្នុង​យាម​ទី​បំផុត ក៏​គួរ​ប្រញាប់​ប្រញាល់​ធ្វើ​ឲ្យ​សម្រេច​ទាន់​ពេល​វេលា កុំ​បង្អែ​បង្អង់​ថា​ចាំ​ធ្វើ​ក្នុង​ថ្ងៃ​ស្អែក​ឬ​ថ្ងៃ​ក្រោយ​ឡើយ កាល​បើ​រារង់​បណ្ដោះ​បណ្ដៃ​ដូច្នេះ​នឹង​ត្រឡប់​ក្លាយ​ទៅ​ជា​សេចក្ដី​ប្រមាទ ដឹក​នាំ​ចិត្ត​ឲ្យ​ទ្រេត​ទ្រោត​ទីស​ទាស​ខុស​ត្រូវ ហេតុ​នេះ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថាៈ
« ទន្ទំ ហិ ករតោ បុញ្ញំ បាប់ស្មឹ រមត៍ មនោ »
កាល​ធ្វើ​សេចក្ដី​ល្អ​យឺត​យូរ​ពេក​ទៅ ចិត្ត​ក៏​រមែង​ត្រេកអរ​ក្នុង​សេចក្ដី​អាក្រក់ ។ គួរ​នឹក​ដល់​ព្រះ​បរម​ពុទ្ធោ​វាទ​មួយ​ខ​ទៀត​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ត្រាស់​ថាៈ
« អជ្ជេវ កិច្ចមាតប្បំ កោ ជញ្ញា មរណ សុវេ »
ត្រូវ​តែ​ប្រឹង​ធ្វើ​កិច្ច​ក្នុង​ថ្ងៃ​នេះ​ឲ្យ​ហើយ​កុំ​ខាន, ព្រោះ​អ្នក​ណា​នឹង​អាច​ដឹង​បាន​ថា​សេចក្ដី​ស្លាប់​នឹង​មាន​មក​ក្នុង​ថ្ងៃ​ ស្អែក ? ។
អធិប្បាយ​ថាៈ គួរ​តែ​ធ្វើ​សេចក្ដី​ព្យាយាម​ឲ្យ​សម្រេច​កិច្ច​ដែល​ជា​ប្រយោជន៍​សម្រាប់​ ខ្លួន​ក្នុង​ថ្ងៃ​នេះ កុំ​រារង់​អល់​ឯក​បណ្ដោះ​បណ្ដៃ​ទៅ​ថ្ងៃ​ស្អែក​ឡើយ, ព្រោះ​ថា​គ្មាន​អ្នក​ណា​មួយ​អាច​ដឹង​បាន​ថា​អាត្មា​អញ​នឹង​ស្លាប់​ក្នុង​ ថ្ងៃ​នេះ​ឬ​ថ្ងៃ​ស្អែក​ទេ ។ ការ​ប្រញាប់​ខ្វល់​ខ្វាយ​ប្រកប​កិច្ច​ដេល​ជា​ប្រយោជន៍​ឲ្យ​ទាន់​កាល​សម័យ​ របស់​វ័យ​ចាត់​ជា​ផល​របស់​សោវចស្សតា ។ ក្នុង​ច្បាប់​ព្រះ​ពុទ្ធ​សាសនា​និយម​រាប់​អាន​យក​សោវចស្សតា​ធម៌​នេះ​ថា​ជា​ សេចក្ដី​ល្អ​របស់​អ្នក​ប្រព្រឹត្ត​ទាំង​ផ្លូវ​លោក​នឹង​ផ្លូវ​ធម៌​ទួទៅ ។
អ្នក​មាន​ប្រាជ្ញា​គួរ​ឃើញ​គុណ​របស់​សោ​វចស្សតា ដែល​ឲ្យ​ផល​អស្ចារ្យ ដូច​ទីឃាវុ​កុមារ​ដែល​បាន​ជា​សេចក្ដី​ធំ​លើ​ផែន​ទាំង​ពីរ គឺ​ដែន​កាសី​នឹង​កោសល ក៏​ព្រោះ​ផល​នៃ​គុណ​ធម៌​នេះ​ឯង​ដូច​សំដែង​ត​ទៅ​នេះ
កាល​ព្រះ​បាទ​ព្រហ្មទត្ត​នគរ​ពារាណសី ដែន​កាសី​លើក​ទ័ព​ទៅ​វាយ​ដែន​កោសល​បាន, ព្រះ​បាទ​ទីឃីតិ នគរ​សាវត្ថី​ដែន​កោសល​ទ្រង់​នាំ​ព្រះ​មហេសី​មាន​គភ៌​ទៅ​ក្នុង​ទី​បំផុត​ដែន, ថ្ងៃ​ក្រោយ​ទ្រង់​ប្រសូត​រាជ​បុត្រ​សន្មត​ព្រះ​នាម​ថា « ទីឃាវុ » ។ លុះ​ទីឃាវុ​កុមារ​បាន​វ័យ​ចំរើន​ល្មម​ដឹង​ក្ដី ព្រះ​បាទ​ព្រហ្មទត្ត​ចាប់​ព្រះ​បាទ​ទីឃីតិ​បាន​ឲ្យ​នាំ​ទៅ​សម្លាប់, គ្រា​នោះ​ទីឃាវុ​មក​ទាន់ ព្រះ​បាទ​ទីឃីតិ​ទ្រង់​ប្រដៅ​ថា « នែ​ទីឃាវុ​អ្នក​កុំ​ឃើញ​កាល​វែង​ពេក​ខ្លី​ពេក, ធម្មតា​ពៀរ​ពុំ​ដែល​រម្ងាប់​ដោយ​ពៀរ​ទេ តែង​សម្លាប់​ដោយ​ការ​ពុំ​ចង​ពៀរ » ទ្រង់​ផ្ដាំ​ស្រេច​គេ​ក៏​សម្លាប់​ទៅ ។
ចំណេរ​មក​ខាង​ក្រោយ ទីឃាវុ​បាន​ចូល​ថ្វាយ​ខ្លួន​ជា​ខ្ញុំ​រាជការ​យ៉ាង​ស្និទ្ធ​នឹង​ព្រះ​បាទ​ ព្រហ្មទត្ត, ថ្ងៃ​មួយ​ព្រះ​បាទ​ព្រហ្មទត្ត​ទ្រង់​ស្ដេច​ទៅ​ប្រពាត​ព្រៃ ទីឃាវុ​ជា​នាយ​សារថី​បរ​រាជ​រថ ។ ទីឃាវុ​បាន​ឱកាស​ក៏​បរ​រាជ​រថ​ទៅ​មុន​ពួក​ពល ។ វេលា​នោះ​ព្រះ​បាទ​ព្រហ្មទត្ត​ទ្រង់​ផ្ទំ​កើយ​ភ្លៅ​ទីឃាវុ​ដោយ​នឿយ​ព្រះ​កាយ ​ពល, កំពុង​តែ​ផ្ទំ​ស្កល់, ទីឃាវុ​លើក​ព្រះ​ខ័ន​ឡើង​ប៉ង​នឹង​សម្លាប់ តែ​នឹក​ភ្នក​ដល់​បណ្ដាំ​ព្រះ​បិតា​ក៏​ឈប់​ទៅ​វិញ គ្រាន់​តែ​ស្រែក​សន្ធាប់​ឲ្យ​ព្រះ​បាទ​ព្រហ្មទត្ត​ជ្រាប​ថា ជា​រាជ​បុត្រ​ព្រះ​បាទ​ទីឃីតិ​ប៉ុណ្ណោះ ។ គ្រា​នោះ​ក្សត្រ​ទាំង​ពីរ​ក៏​ប្រទាន​អភ័យ​ទៅ​វិញ​ទៅ​មក​ហើយ​ទ្រង់​ស្ដេច​ ត្រឡប់​ទៅ​ព្រះ​នគរ​វិញ, ព្រះ​បាទ​ព្រហ្មទត្ត​ក៏​ប្រទាន​ដែន​ទាំង​ពីរ​គឺ​ដែន​កោសល​នឹង​ដែន​កាសី​ឲ្យ​ ទីឃាវុ ព្រម​ទាំង​ប្រទាន​ព្រះ​រាជ​ធីតា​ជា​ព្រះ​រាជ​មហេសី​ផង ។
ព្រះ​បាទ​ទីឃាវុ​បាន​គ្រង​រាជ​ជា​ធំ លើ​ដែន​ទាំង​ពីរ​ក៏​ដោយ​សារ​ជា​បុគ្គល​ងាយ​ប្រដៅ គឺ​ស្ដាប់​ព្រះ​រាជោវាទ​យ៉ាង​ខ្លី​របស់​ព្រះ​បាទ​ទីឃីតិ​ជា​ព្រះ​បិតា​ដូច​ ពោល​មក​ខាង​ដើម​ហើយ​យក​ទៅ​ធ្វើ​តាម​លក្ខណៈ​សោវចស្សតា​នេះ​ឯង ។
ហេតុ​បេះ​បាន​ជា​ព្រះ​បរម​សាស្ដា​ទ្រង់​ត្រាស់​គុណ​ធម៌​នេះ​ថា​ជា​ធានាថករណ​ ធម៌ ក្នុង​នាថករណ​ធម្ម​សូត្រ​ទ្រង់​ត្រាស់​ថា​ជា​សួស្ដី​មង្គល ក្នុង​មង្គល​សូត្រ អ្នក​ដែល​តាំង​នៅ​ក្នុង​គុណ​សម្បត្តិ​ដូច្នេះ​ហើយ ព្រះ​អង្គ​ក៏​ទ្រង់​ត្រាស់​សរសើរ​ទុក ដើម្បី​ឲ្យ​អនុបរិស័ទ​នឹង​បាន​តាម​យក​ជា​តម្រាប់ ។ ដូច​យ៉ាង​ព្រះ​រាធត្ថេរ​លោក​ជា​អ្នក​ដែល​គេ​ស្ដី​ថា​ងាយ, ទូន្មាន​ប្រៀន​ប្រដៅ​ងាយ, កាល​បើ​ឧបជ្ឈាយ៍​នឹង​អាចារ្យ​ស្ដី​ថា ពោល​ប្រៀន​ប្រដៅ​ក៏​ធ្វើ​តាម​ឥត​ប្រកែក ដោយ​លោក​តាំង​នៅ​ក្នុង​លក្ខណៈ​នៃ​គុណ​ធម៌​នេះ ទាំង​ជា​អ្នក​មិន​មាន​សេចក្ដី​ប្រមាទ​ហើយ​ព្យាយាម​ខ្នះ​ខ្នែង​ប្រតិបត្តិ​ ដរាប​ដល់​បាន​សម្រេច​ព្រះ​អរហត្ត​ជា​បរិយោសាន ។ ហេតុ​នោះ ទើប​ព្រះ​អង្គ​ទ្រង់​ប្រទាន​ឱវាទ​ដល់​បរិស័ទ ដើម្បី​ធ្វើ​ខ្លួន​ឲ្យ​បាន​ទៅ​ជា​អ្នក​ដែល​គេស្ដី​ថា​ងាយ, ទូន្មាន​ប្រៀន​ប្រដៅ​ងាយ ជា​ហេតុ​នៃ​សេចក្ដី​ល្អ​គ្រប់​បែប, សាធុជន​ដែល​ដឹង​ថា​ខ្លួន​ឯង​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​នឹង​ប្រាថ្នា​សេចក្ដី ​ល្អ​ដល់​ខ្លួន គួរ​ប្រព្រឹត្តិ​កាន់​តាម​លក្ខណៈ សោវចស្សតា​នឹង​បាន​ទៅ​ជា​ពន្លឺ​ចំពោះ​ខ្លួន​ឯង រហូត​ដល់​ពួក​គណៈ​នឹង​ប្រទេស​ជាតិ ។
ចប់ 
ប្រភព http://www.budinst.gov.kh/?q=node/249

មន្ធាតុរាជ​ជាតក

អាចារ្យ គី-គឹមស៊ីវ ប្រែ​នឹង​រៀបរៀង
យាវតា ចន្ទិមសុរិយាតិ ឥទំ សត្ថា ជេតវនេ វិហរន្តោ ឧក្កណ្ឋិតភិក្ខុ អារព្ភ កថេសិ ។
សត្ថា រី​អង្គ​សម្ដេច​ព្រះ​បរមសាស្តា​ចរិយាវង្ស កាល​ស្ដេច​ទ្រង់​សម្រេច​សម្រាន្ត​ព្រះ​ឥរិយាបថ កំណត់​នៅ​ក្នុង​ព្រះ​វិហារ​ជេតពនសុគន្ធកុដីស្រីមហាវិហារ អារព្ភ ទ្រង់​ព្រះ​ប្រារព្ធ​ភិក្ខុ​អ្នក​អផ្សុក​មួយ​រូប​ឲ្យ​ជា​ហេតុ កាថេសិ ទើប​ទ្រង់​សំដែង​ជាតក​នេះ​ដោយ​គាថា​ចា យាវតា ចន្ទិមសុរិយាតិ ដូច្នេះ​ជាដើម ។
កិរ ដូច​បាន​ឮ​មក​ថា​មាន​ភិក្ខុ ១ រូប​ត្រាច់​ទៅ​បណ្ឌិបាត​ក្នុង​ក្រុង​សាវត្ថី បាន​ឃើញ​ស្រ្តី​មាន​កាយ​ប្រដាប់​ដោយ​គ្រឿង​អលង្ការ ក៏​កើត​សេចក្ដី​បដិព័ទ្ធ​ក្នុង​ស្រ្តី​នោះ ហើយ​មាន​សេចក្ដី​អផ្សុក​ប្រាថ្នា​នឹង​សឹក​ចេញ​ជា​ឃរាវាស ភិក្ខុ​ទាំងឡាយ​ដឹង​រឿង​នោះ ទើប​នាំ​ភិក្ខុ​នោះ​ទៅ​គាល់​សម្ដេច​ព្រោះ​លោក​នាថ​ហើយ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ភិក្ខុ​នេះ​ជា​អ្នក​មាន​សេចក្ដី​អផ្សុក ។
សម្ដេច​ព្រះ​បរមសាស្តា​មាន​ព្រះ​ពុទ្ធ​តម្រាស់​សួរ​ថា ម្នាល​ភិក្ខុ បាន​ឮ​ថា អ្នក​មាន​សេចក្ដី​អផ្សុក​ពិត​មែន​ឬ ។ ភិក្ខុ​នោះ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​អផ្សុក​ពិត​មែន ទើប​មាន​ព្រះ​ពុទ្ធ​តម្រាស់​ថា ម្នាល​ភិក្ខុ បើ​អ្នក​សឹក​ចេញ​ទោ​ជា​ឃរាវាស អ្នក​នឹង​អាច​ញ៉ាំង​សេចក្ដី​ប្រាថ្នា​ឲ្យ​ពេញ​បាន​ដែរ​ឬ ? ធម្មតា​តណ្ហា​គឺ​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​គុណ​ទាំង ៥ នេះ​ជា​របស់​ដែល​បុគ្គល​ណា​មួយ​មិន​គប្បី​ឲ្យ​ពេញ​បាន ប្រៀប​ដូច​មហា​សមុទ្រ​ដ៏​ធំ​ទូលាយ​មិន​ងាយ​នឹង​ឲ្យ​ពេញ​ដោយ​វារី​ដែល​ហូរ​មក ​អំពី​មហានទី​ទាំង ៥ ដូច្នោះ សូម្បី​បុរាណ​បណ្ឌិត​ទាំងឡាយ ដែល​បាន​សោយ​សិរិរាជ​សម្បត្តិ​ជា​បរម​ចក្រ​ពត្រាធិរាជ​មាន​អំណាច​ផ្សាយ​ទៅ​ ក្នុង​ទ្វីប​ធំ​ទាំង ៤ មាន​ទ្វីប​តូច ២ ពាន់​ជា​បរិវារ នឹង​បាន​សោយ​ទិព្វ​ស្រឹង្គារ​ក្នុង​ជាន់​ចាតុម្មហារាជិកា ទាំង​បាន​សោយ​ទិព្វ​សម្បត្តិ​ក្នុង​តាវត្តឹង្សទេវលោក​ឋឹត​នៅ​ក្នុង​វិមាន​ សម្ដេច​សក្កទេវរាជ​អស់​កាល​យូរ រហូត​សម្ដេច​មឃវា​កន្លង​ទៅ​ដល់ ៣៦ ព្រះ​អង្គ ក៏​នៅ​តែ​មិន​ញ៉ាំង​កាម​តណ្ហា​គឺ​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​គុណ​ទាំង ៥ ឲ្យ​បរិបូណ៌​ពេញ​ទី​បាន ម្នាល​ភិក្ខុ​អ្នក​អាច​នឹង​ធ្វើ​កាម​តណ្ហា​ឲ្យ​បរិបូណ៌​ពេញ​ទី​បាន​ដែរ​ឬ? កាល​មាន​ព្រះ​ពុទ្ធ​តម្រាស់​ដូច្នេះ​ហើយ ទើប​ទ្រង់​នាំ​រឿង​ក្នុង​អតីតកាល​មក​ត្រាស់​ទេសនា​ដូច​តទៅ​នេះ ។
អតីតេ បឋមកប្ប មហាសត្តោ នាម រាជា អហោសិ ។
ក្នុង​កាល​បឋមកប្ប​កន្លង​ទៅ​ហើយ មាន​ព្រះ​រាជា​មហាសម្មិតវង្ស ១ ព្រះ​អង្គ ព្រះ​រាជ​ឱរស​របស់​ព្រះ​អង្គ​នោះ បាន​ជា​ក្សត្រ​ទ្រង់​ព្រះ​នាម​ថា ព្រះ​ចៅ​រោជរាជ ព្រះ​រាជ​ឱរស​ព្រះ​ចៅ​រោជរាជ​នោះ បាន​ជា​ក្សត្រ​ទ្រង់​ព្រះ​នាម​ព្រះ​ចៅ​វររោជរាជ ព្រះ​រាជ​ឱរស​ព្រះ​ចៅ​វររោជរាជ​នោះ​បាន​ជា​ក្សត្រ​ទ្រង់​នាម​ថា ព្រះ​ចៅ​កល្យាណបតី ព្រះ​រាជ​ឱរស​ព្រះ​ចៅ​កល្យាណបតី​នោះ​បាន​ជា​ក្សត្រ​ទ្រង់​ព្រះ​នាម​ថា ជា​ព្រះ​ចៅ​ឧបោសថរាជ ព្រះ​រាជ​ឱរស​ព្រះ​ចៅ​ឧបោសថរាជ​នោះ​បាន​ជា​ក្សត្រ​ទ្រង់​ព្រះ​នាម​ថា ព្រះ​ចៅ​វរឧបោសថរាជ ព្រះ​រាជ​ឱរស​ព្រះ​ចៅ​វរឧបោសថរាជ​នោះ បាន​ជា​ក្សត្រយ៍​ទ្រង់​ព្រះ​នាម​ថា​ព្រះ​ចៅ​មន្ធាតុរាជ ព្រះ​ចៅ​មន្ធាតុរាជ​នោះ​ប្រកប​ដោយ​រាជរិទ្ធ​សក្តាតេជៈ​បរិបូណ៌​ដោយ​រ័តន៍​ ពិសេស ៧ ប្រការ ជា​បរម​ចក្រពត្រាជិរាជ មាន​បុញ្ញានុភាព​អស្ចារ្យ​ក្នុង​កាល​ដែល​ព្រះ​អង្គ​ទ្រង់​បត់​ព្រះ​ហស្ត​ខាង ​ឆ្វេង សណ្ដូក​ព្រះ​ហស្ត​ខាង​ស្ដាំ ភ្លៀង​កែវ ៧ ប្រការ​ក៏​បង្អុរ​ចុះ​មក​ប្រមាណ​ត្រឹម​ជា​នុមណ្ឌល ដូច​ជា​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​មក​អំពី​អាកាស ព្រះ​ចៅ​មន្ធាតុរាជ​ជា​មនុស្ស​អស្ចារ្យ​យ៉ាង​នេះ កាល​ព្រះ​អង្គ​ទ្រង់​វ័យ​នៅ​ជា​កុមារ​ប្រកប​ដោយ​ការ​លេង កំណត់​កាល​ដ៏​យូរ​បាន ៨ ម៉ឺន ៤ ពាន់​ឆ្នាំ កាល​បើ​សោយ​សិរិ​រាជ​សម្បត្តិ​ជា​បរម​ចក្រពត្រាធិរាជ កំណត់​កាល​បាន ៨ ម៉ឺន ៤ ពាន់​ឆ្នាំ ព្រះ​ជន្មាយុ​របស់​ព្រះ​ចៅ​មន្ធាតុរាជ​នោះ​មាន​កំណត់​បាន ១ អសង្ខេយ្យ ។
លុះ​ត​មក​មាន​មួយ​ថ្ងៃ​ព្រះ​ចៅ​មន្ធាតុ​បរមចក្រពត្រាធិរាជ​នោះ មិន​អាច​នឹង​ញ៉ាំង​កាម​តណ្ហា​ឲ្យ​ល្មម​ព្រះ​ទ័យ​បាន ទើប​ទ្រង់​សំដែង​អាការ​ដែល​ព្រះ​អង្គ​ទ្រង់​អផ្សុក គឺ​មិន​ត្រេកអរ​ក្នុង​រាជ​សម្បត្តិ ។ ពួក​អាមាត្យ​រាជ​បរិស័ទ ក្រាប​បង្គំ​ទូល​សួរ​ថា បពិត្រ​ព្រះ​អង្គ​ជា​សម្មិតទេវរាជ អាការ​ដែល​ព្រះ​អង្គ​ទ្រង់​អផ្សុក​នោះ បណ្ដាល​មក​អំពី​ហេតុ​អ្វី? នែ ! អាមាត្យ​ទាំងឡាយ យើង​ឃើញ​កំឡាំង​បុណ្យ​របស់​យើង​មាន​ច្រើន សិរីរាជ​សម្បត្តិ​ប៉ុណ្ណេះ​មិន​ល្មម​ដល់​សេចក្ដី​ត្រេកអរ​របស់​យើង​ទេ សិរិរាជ​សម្បត្តិ​ក្នុង​ឋាន​ណា​ហ្ន៎ ទើប​ជា​ទី​រីករាយ​ជាង​នេះ​? បពិត្រ​ព្រះ​អង្គ​ជា​សម្មតិទេវរាជ ទេវលោក ទើប​ជា​ទី​រម្មណីយ-​ដ្ឋាន សម្រាន្ត​ព្រះ​ទ័យ​ជាង​មនុស្ស​លោក​នេះ ។ ព្រះ​ចៅ​មន្ធាតុបរមចក្រពិត្ត បាន​ទ្រង់​ព្រះ​សណ្ដាប់​ដូច្នោះ​ហើយ ក៏​ទ្រង់​ធ្វើ​ចក្រ​កែវ​ឲ្យ​នាំ​ទៅ​ក្នុង​ខាង​មុខ ហើយ​ស្ដេច​យាត្រា​ព្រម​ដោយ​រាជ​បរិស័ទ​តាម​ចក្រ​កែវ​នោះ​ឡើង​ទៅ​កាន់​អាកាស​ វិថី ។
ចំណែក​ស្ដេច​ចាតុម្មហារាជិកា​ទាំង ៤ ឃើញ​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ ស្ដេច​មក​ក៏​កាន់​ទិព្វ​មាលា​មាន​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់ នាំ​ពួក​ទេពនិករ​ទាំងឡាយ​ជា​បរិវារ​មក​ធ្វើ​បច្ចុគមនាការ នា​ពាក់​កណ្ដាល​មាគ៌ា អញ្ជើញ​ស្ដេច​ឡើង​ទៅ​ប្រថាប់​ក្នុង​ជាន់​ចាតុម្មហារាជិកា ហើយ​ក៏​បង្វែរ​សិរី​សម្បត្តិ​ក្នុង​ជាន់​ចាតុម្មហារាជិកា​ថ្វាយ​ព្រះ​ចៅ​ មន្ធាតុបរមចក្រពត្តិ សូម្បី​បាន​សោយ​ទិព្វ​សម្បត្តិ​ក្នុង​ជាន់​ចាតុម្ម-​ហារាជិកា ព្រម​ដោយ​រាជ​បរិស័ទ​នឹង​ទេវបរិស័ទ​អស់​កាល​យូរ ក៏​នៅ​មិន​អាច​នឹង​ធ្វើ​សេចក្ដី​ប្រាថ្នា​ឲ្យ​ពេញ​បាន ទើប​សំដែង​អាការ​ដែល​ព្រះ​អង្គ​អផ្សុក​ទ្រង់​មិន​បាន​ត្រេកអរ​ក្នុង​ ទេវសម្បត្តិ​ក្នុង​ជាន់​ចាតុម្ម​ហារាជិកា​នោះ​ទៀត ។ សម្ដេច​ចាតុម្មហារាជិកា​ទាំង ៤ ក៏​ក្រាប​ទូល​បង្គំ​ទូល​សួរ​ថា បពិត្រ​មហារាជ​ព្រះ​អង្គ​អផ្សុក​ដោយ​ហេតុ​អ្វី? ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​ត្រាស់​ថា សិរី​សម្បត្តិ​ត្រឹម​ប៉ុណ្ណេះ​នៅ​មិន​ជា​ទី​ត្រេកអរ​ល្មម​ដល់​សេចក្ដី​ ប្រាថ្នា​របស់​យើង​ទេ ហើយ​ត្រាស់​សួរ​ថា សិរី​សម្បត្តិ​ក្នុង​ទីណាហ្ន៎ ទើប​ជា​ទី​ត្រេកអរ​វិសេស​ជាង​នេះ​ទៀត ? សម្ដេច​ចាតុម្មហារាជិកា​ទាំង ៤ ក្រាប​បង្គំ​ទូល​ថា បពិត្រ​មហា​រាជ ខ្ញុំ​ព្រះ​អង្គ​ទាំងឡាយ​នេះ​ជា​អ្នក​ទទួល​ធ្វើការ​ក្រោម​បង្គាប់​ស្ដេច​នៃ​ ទេវតា​ទេ ទី​ដែល​រម្មណីយដ្ឋាន​ជាង​នោះ​មាន​តែ​តាវត្តឹង្សទេវលោក​ឯណោះ ទើប​ជា​ទី​រីករាយ​ទៅ​ដោយ​កាមារម្មណ៍​ដ៏​ឧត្តម​ជាង​ជាន់​ចាតុម្មហារាជិការ​ នេះ ។ កាល​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ បាន​ទ្រង់​ព្រះ​សណ្ដាប់​ដូច្នោះ​ហើយ ទើប​ទ្រង់​ធ្វើ​ចក្កកែវ​ឲ្យ​នាំ​ទៅ​ក្នុង​ខាង​មុខ ព្រះ​អង្គ​ព្រម​ដោយ​រាជ​បរិស័ទ ក៏​ស្ដេច​បែរ​ព្រះ​ភក្រ្ត​ចំពោះ​ទៅ​តាវត្តឹង្សទេវលោក ។
លំដាប់​នោះ​សម្ដេច​សក្កទេវរាជ ទត​ព្រះ​នេត្រ​ឃើញ​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​ស្ដេច​មក ទើប​ទ្រង់​កាន់​ទិព្វ​មាលា​សុគន្ធ​ជាតិ មាន​អមរទេវតា​ចោម​រោម​ជា​បរិវារ ស្ដេច​ចេញ​ទៅ​ធ្វើ​បច្ចុគមនាការ​ទទួល​ចាប់​ព្រះ​ហស្ថ​ព្រះ​ចៅ​ មន្ធាតុបរមចក្រពត្តិ​ហើយ​ត្រាស់​ថា សូម​អញ្ជើញ​ស្ដេច​យាង​មក​ខាង​ណេះ លុះ​ព្រះ​ចៅ​មន្ធាតុរាជ​ស្ដេច​ទៅ​ដល់​សំណាក់​ស្ដេច​មឃវា​ហើយ ពួក​រតនបរិវា​យក​ពល​កែវ​ក៏​នាំ​ចក្កកែវ​ព្រម​ទាំង​រាជ​បរិស័ទ​ត្រឡប់​ចុះ​មក ​កាន់​មនុស្ស​លោក​វិញ ចំណែក​សម្ដេច​មឃវា​ទេវរាជ​នោះ លុះ​នាំ​ព្រះ​ចៅមន្ធាតុបរមចក្រពត្តិ​មក​ដល់​តាវត្តឹង្សទេវភព​ហើយ ក៏​បែង​ទិព្វ​សម្បត្តិ​ថ្វាយ​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​នោះ​ពាក់​កណ្ដាល​ ហើយ​ឲ្យ​ប្រថាប់​នៅ​ក្នុង​តាវត្តឹង្សទេវនគរ ។
ចាប់​ដើម​អំពី​នោះ​មក ព្រះ​រាជា​ទាំង​ពីរ​ព្រះ​អង្គ​គឺ ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ នឹង​សម្ដេច​កោសីយសក្កទេវរាជ​ក៏​សោយ​ទិព្វ​សម្បត្តិ​រជ្ជ​សុខ​ស្មើ​គ្នា​ ក្នុង​តាវត្តឹង្សទេវភព​នោះ​កំណត់​កាល​បាន ៣ កោដិ ៦០សែន​ឆ្នាំ លុះ​សម្ដេច​កោសីយសក្កទេវរាជ​អង្គ​នោះ​ព្រះ​ជន្មាយុ​ចុតិ​ទៅ សម្ដេច​សក្កទេវរាជ​អង្គ​ថ្មី​មក​ឧប្បត្តិ​ជំនួស​ឡើង​ទៀត ហើយ​សោយរជ្ជ​សុខ​ពាក់​កណ្ដាល​ដូច​អង្គ​មុន កាល​បើ​អស់​អាយុខ័យ​ហើយ​ចុតិ​ទៅ សក្កទេវរាជ​ដែល​ឧប្បត្ដិ​ឡើង​នឹង​ចុតិ​ទៅ​វិញ​ដោយ​ទំនង​នេះ រាប់​បាន ៣៦ ព្រះ​អង្គចំណែក​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​នោះ មាន​ព្រះ​សរីរកាយ​ជា​មនុស្ស​បាន​សោយ​ទិព្វ​សុទ្ធា​ភោជន៍​ដ៏​បរិសុទ្ធ​ទើប​ មិន​ចុតិ​ចាក​ទេវស្ថាន ។
លុះ​ដល់​សម្ដេច​សក្កទេវរាជ​អង្គ​ទី ៣៧ ឧប្បត្តិ​ឡើង​ក្នុង​តាវត្តឹង្ស​ទេវភព​ទៀត ក៏​បាន​សោយ​ទិព្វ​សម្បត្តិ​រជ្ជ​សុខ​ពាក់​កណ្ដាល​ដូច​អង្គ​មុនៗ ឯ​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​មាន​សេចក្ដី​ប្រាថ្នា​ក្នុង​បញ្ជពិធ​កាមគុណ​ មិន​មាន​ទី​បំផុត ក៏​កើត​សេចក្ដី​ខ្វល់ខ្វាយ​ចិត្ត​មិន​គាប់​ព្រះ​ទ័យ​ក្នុង​រជ្ជសុខ​ត្រឹម​ ប៉ុណ្ណេះ ទើប​ទ្រង់​ព្រះ​តម្រិះ​ថា​ប្រយោជន៍​អ្វី​ដែល​មក​សោយ​ទិព្វ​សម្បត្តិ​តែ​ ត្រឹម​ពាក់​កណ្ដាល​ប៉ុណ្ណេះ យើង​នឹង​ផ្ដាច់​ព្រះ​ជន្មជីព​សម្ដេច​មឃវា​អង្គ​ថ្មី​នេះ​ចេញ ហើយ​នឹង​អាច​សោយ​ទិព្វ​សម្បត្តិ​ក្នុង​ជាន់​តាវត្តឹង្ស​នេះ​ឲ្យ​ជា​បរមសុខ​ តែ​ម្នាក់​ឯង តែ​ទ្រង់​មិន​អាច​នឹង​ផ្ដាច់​ព្រះ​ជន្មជីព​ស្ដេច​មឃវា​នោះ​បាន​ឡើយ កាល​មិន​បាន​សម្រេច​ព្រះ​រាជ​បំណង​ដូច​ទ្រង់​ព្រះ​តម្រិះ​ទុក ក៏​កើត​ទុក្ខ​ទោមនស្ស​តូច​ព្រះ​ទ័យ​គ្រប់​ទិវា​រាត្រី ។
ធម្មតា​កាមគុណ គឺ​សេចក្ដី​ប្រាថ្នា​ក្នុង​កាមគុណ​នេះ​ជា​មូល​នៃ​សេចក្ដី​វិបត្តិ ព្រោះ​ហេតុ​នោះ អាយុ​សង្ខារ​របស់​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​ក៏​ត្រូវ​វិនាស​ទៅ ខណៈ​នោះ​ជរា​ក៏​ចូល​មក​បៀតបៀន​ព្រះ​សរីរកាយ​ឲ្យ​គ្រាំគ្រា​ទ្រុឌទ្រោម​ទៅ តែ​ធម្មតា​សរីរា​វយវៈ​មនុស្ស​ជាត​ទាំងឡាយ មិន​ដែល​បែក​ធ្លាយ​ក្នុង​ទេវលោក​នោះ​ឡើយ ព្រោះ​ហេតុ​ដូច្នោះ ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ ក៏​ត្រូវ​ចុតិ​ចាក​ទេវលោក​ចុះ​មក​នៅ​ក្នុង​ព្រះ​រាជ​ឧទ្យាន ។
ចំណែក​ឧ្យានបាល (អ្នក​រក្សា​សួន) បាន​ឃើញ​ស្ដេច​មន្ធាតុរាជ​ស្ដេច​មក​នៅ​ក្នុង​ឧទ្យាន​ដូច្នោះ នាំ​សេចក្ដី​នោះ ទៅ​ក្រាប​បង្គំ​ទូល​ដល់​រាជ​ត្រកូល​ៗ ក៏​នាំ​គ្នា​មក​តាក់តែង​ទី​ព្រះ​ក្រឡា​បន្ទំ​ក្នុង​ព្រះ​រាជ​ឧទ្យាន ថ្វាយ​ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​ផ្ទំ​ជា​អនុដ្ឋានសេយ្យាសន៍ ។
ក្នុង​ខណៈ​នោះ ពួក​សេវកាមាត្យ​ទាំងឡាយ​នាំ​គ្នា​ក្រាប​បង្គំ​ទូល​សួរ​ថា បពិត្រ​ព្រះ​អង្គ​ជាសម្មតិ​ទេវរាជ ឥឡូវ​នេះ​ព្រះ​អង្គ​នឹង​ឲ្យ​ខ្ញុំ​ទូល​បង្គំ​ទាំងឡាយ​ធ្វើ​ដូចម្ដេច​ក្នុង​ ទី​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​អង្គ? ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​ត្រាស់​ថា អ្នក​ទាំងឡាយ​ចូរ​ឲ្យ​ដំណឹង​នេះ​ដល់​មហាជន​ឲ្យ​បាន​ដឹង​គ្រប់​គ្នា​ថា ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​បាន​សោយ​រាជ​សម្បត្តិ​ជា​បរមចក្រពត្រាធិរាជ មាន​ឥស្សរភាព​ផ្សាយ​ទៅ​ក្នុង​ទ្វីប​ធំ​ទាំង៤ មាន​ទ្វីប​តូច២​ពាន់​ជា​បរិវារ​នឹង​បាន​សោយទិព្វ​សម្បត្តិ​ក្នុង​ជាន់​ ចាតុម្មហារាជិកា​ក៏​យូរ​អង្វែង ទាំង​បាន​ឡើង​ទៅ​សោយទិព្វ​សម្បត្តិ​ក្នុង​តាវត្តឹង្ស​ទេវលោក រហូត​ដល់​អស់​អាយុ​របស់​ព្រះ​ឥន្ទ្រ ៣៦ព្រះ​អង្គ ក៏​នៅ​មិន​អាច​ញ៉ាំង​សេចក្ដី​ត្រេកអរ សេចក្ដី​ប្រាថ្នា​ក្នុង​កាមារម្មណ៍​ឲ្យ​ពេញ​ព្រះ​ទ័យ​បាន ដល់​ទី​បំផុត​ក៏​ត្រូវ​ចុតិ​ឃ្លាត​ចាក​ទេវលោក​ចុះ​មក​ផ្ទំ​ក្នុង​ព្រះ​ រាជឧទ្យាន ឥឡូវ​នេះ​ស្ដេច​ទិវង្គត​ហើយ ។ ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​មាន​ព្រះ​រាជ​តម្រាស់​ផ្ដាំ​ដូច្នេះ​ហើយ ក៏​ស្ដេច​ទិវង្គត​ទៅ​តាម​យថាកម្ម​របស់​ព្រះ​អង្គ ។
សត្ថា តមំ ធម្មទេសនំ អាហរិត្វា សម្ដេច​ព្រះ​បរមសាស្តាចារ្យ​ទ្រង់​នាំ​ព្រះ​ធម្មទេសនា គឺ​ជាតក​នេះ​មក​សំដែង​ហើយ ទើប​ត្រាស់​នូវ​បទ​ព្រះ​គាថា​ទាំងឡាយ​ដូច​តទៅ​នេះ
យាវតា ចន្ទិមសុរិយា ហរិហរន្ត ទិសា ភន្តិ វិរោចមានា
សព្វេវ ទាសា មន្ធាតុ យេ បាណា បឋវិនិស្សិតា
ន កហាបណវស្សេន តិត្តំ កាមេ ន វិជ្ជតិ
អប្បសាទា ទុក្ខា កាមា ឥតិ វិញ្ញាយេ បណ្ឌិតោ
អបិ ទិព្វេសុ កាមេសុ រតឹ សោ នាធិកច្ឆតិ
តណ្ហក្ខយរតោ ហោតិ សម្មាសម្ពុទ្ធសាវកោ ។
សេចក្ដី​ថា​ព្រះ​ចន្ទ​នឹង​ព្រះ​អាទិត្យទាំងឡាយ​កាល​រះ​ឡើង​ដើរ​វិល​វង់​ ក្បែរ​ភ្នំ​សិនេរុរាជ មាន​រស្មី​ដ៏​ភ្លឺ​ស្វាង​រុងរឿង​ផ្សាយ​ទៅ​ក្នុង​ទិស​ទាំង ១០ ដោយ​ទី​មាន​កំណត់​ត្រឹម​ណា សត្វ​គឺ​មនុស្ស​ទាំងឡាយ​ដែល​អាស្រ័យ​នោះ​លើ​ផែនដី​ក្នុង​ទី​មាន​កំណត់​ត្រឹម ​ណោះ ជា​ខ្ញុំ​ព្រះ​ចៅ​មន្ធាតុរាជ​ទាំងអស់ ព្រះ​ចៅ​មន្ធាតុរាជ​កាល​ទ្រង់​មាន​ព្រះ​រាជ​បំណង​នឹង​សង្រ្គោះ​ដល់​មនុស្ស​ ដែល​ជា​ខ្ញុំ​ទាំង​ប៉ុណ្ណោះ ទ្រង់​ទះ​ព្រះ​ហស្ត​ក្នុង​កាល​ណា ក្នុង​កាល​នោះ ភ្លៀង​កែវ​ទាំង ៧ ប្រការ​ក៏​បវត្តនាការ​ធ្លាក់​ចុះ​មក សូម្បី​យ៉ាង​នោះ សេចក្ដី​ឆ្អែត​ក្នុង​វត្ថុ​កាម​នឹង​កិលេស​កាម ក៏​នៅ​មិន​ល្មម​ដល់​ព្រះ​ចៅ​មន្ធាតុរាជ​នោះ ក៏​បណ្ឌិត​កាល​ដឹង​ច្បាស់​ថា កាម​ទាំងឡាយ​មាន​សេចក្ដី​ត្រេកអរ​តិច គឺ​មាន​សេចក្ដី​សុខ​តិច ប្រកប​ទៅ​ដោយ​សេចក្ដី​ទុក្ខ​ច្រើន​ដូច្នេះ ក៏​មិន​សេចក្ដី​ត្រេកអរ​ក្នុង​កាម​ទាំងឡាយ ១ ទៀត​សាវក​របស់​ព្រះ​សម្មាសម្ពុទ្ធ​ជាម្ចាស់ លោក​ក៏​មិន​មាន​សេចក្ដី​ប្រាថ្នា​នឹង​ត្រេកអរ​ក្នុង​កាម​ដ៏​ជា​ទិព្វ​នោះ​ ឡើយ លោក​ប្រាថ្នា​ត្រេកអរ​តែ​ក្នុង​ព្រះ​និព្វាន​ធម៌​ដែល​ជា​ទី​អស់​ទៅ​នៃ​តណ្ហា ​ដោយ​ចំណែក​មួយ​ប៉ុណ្ណោះ ។
កាល​សម្ដេច​ព្រះ​បរមសាស្តាចារ្យ ទ្រង់​នាំ​អតីត​និទាន​មក​ត្រាស់​ទេសនា​យ៉ាង​នេះ​ហើយ ទើប​ទ្រង់​ប្រកាស​នូវ​អរិយសច្ច​ទាំងឡាយ លុះ​ចប់​អរិយសច្ច​ហើយ ភិក្ខុ​ដែល​អផ្សុក​នោះ​ក៏​បាន​សម្រេច​សោតាបត្តិផល ព្រម​ទាំង​ភិក្ខុ​ទាំងឡាយ​ដទៃ​ក៏​បាន​សម្រេច​ផល​មាន​សោតាបត្តិផល​ជា​ដើម ទើប​សម្ដេច​ព្រះ​លោកុត្តមាចារ្យ​ទ្រង់​ប្រជុំ​ជាតក​ថា ព្រះ​ចៅ​មន្ធាតុបរមចក្រពត្តិ​ក្នុង​គ្រា​នោះ​គឺ​អង្គ​តថាគត​ហ្នឹង​ឯង ។
ចប់​មន្ធាតុរាជ​ចាតក ។ 
ប្រភព http://www.budinst.gov.kh/?q=node/258

និទានសុភាសិត "ខ្លាពឹងព្រៃ ព្រៃពឹងខ្លា"

(ព្យគ្ឃជាតក តិកនិបាត)
មហាឱម-ណាគ្រី
ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ប្រែរៀបរៀង
ក្នុង​អតីតកាល កាល​ព្រះ​ព្រហ្មទត្ត​គ្រប់​គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី ព្រះ​ពោធិសត្វ​ឧប្បត្តិ​ជា​រុក្ខ​ទេវតា​មួយ​អង្គ គង់​នៅ​ជាយ​ព្រៃ​ធំ​មួយ ។ មាន​រុក្ខ​ទេវតា​មួយ​អង្គ​ដទៃ​ទៀត នៅ​នឹង​ដើម​ឈើ​ដែល​ធំ​បំផុត​ក្នុង​ព្រៃ​ជិត​វិមាន​របស់​ព្រះពោធិសត្វ ។
ក្នុង​ព្រៃ​នោះ មាន​រាជសីហ៍​នឹង​ខ្លា​ធំ​អស្រ័យ​នៅ​ផង ព្រោះ​ដូច្នោះ​ទើប​មិន​មាន​មនុស្ស​ណា ហ៊ាន​ទៅ​ធ្វើ​ស្រែ​ចំការ​ក្នុង​ទី​ជិត​នោះ ឬ​កាប់​ដើម​ឈើ​ក្នុង​ព្រៃ​នោះ​ឡើយ ព្រោះ​ខ្លាច​សត្វ​ទាំង​ពីរ​នោះ​បៀត​បៀន ។ សត្វ​ទាំង​ពីរ​នោះ​ចាប់​ម្រឹគ​ជាតិ​ផ្សេង​ៗ ស៊ី​ជា​អាហារ ចោល​សាច់​នឹង​អវយវៈ​ដែល​ស៊ី​សេស​សល់​ទុក​សំណល់​ក្នុង​ទី​នោះ​ៗ ហើយ​រក​ស៊ី​ទៀត​ត​ទៅ ។ ព្រៃ​នោះ​មាន​ក្លិន​ឆ្អាប​ឆ្អេះ​ស្អុយ​អសោច៍​ទៅ​ដោយ​ខ្មោច​អសុភ​នៃ​ម្រឹគ​ ជាតិ ។
គ្រា​នោះ រុក្ខ​ទេវតា​ដែល​នៅ​នឹង​ដើម​ឈើ​ធំ ជា​អ្នក​ខ្លៅ​ល្ងង់​មិន​ស្ទង់​ឲ្យ​យល់​ដល់​ហេតុ​ការណ៍ ថ្ងៃ​មួយ​បាន​និយាយ​នឹង​ព្រះពោធិសត្វ​ថា "សំឡាញ់ ! ព្រៃ​នេះ​មាន​ក្លិន​ស្អុយ​អសោចិ៍​ពន់​ពេក​ណាស់ ព្រោះ​តែ​រាជសីហ៍​នឹង​ខ្លា​ធំ​ជា​ហេតុ យើង​នឹង​ដេញ​វា​ឲ្យ​ទៅ​កុំ​ឲ្យ​នៅ​ទៅ​ទៀត !" ។ ពោធិសត្វ​ពោល​ឃាត់​ថា "នែ​សំឡាញ់ ! វិមាន​របស់​យើង​តាំង​នៅ​បាន​ព្រោះ​អាស្រ័យ​សត្វ​ទាំង​ពីរ​នោះ បើ​យើង​ដេញ​វា​ទៅ​ហើយ​វិមាន​យើង​មុខ​ជា​វិនាស​មិន​ខាន មនុស្ស​ទាំង​ឡាយ​កាល​មិន​ឃើញ​ដាន​ជើង​រាជសីហ៍​នឹង​ខ្លា​ធំ ក៏​នឹង​នាំ​គ្នា​មក​កាប់​ឈើ​រើ​ព្រៃ ជីក​គាស់​ឲ្យ​ស្រឡះ​ទៅ​ជា​វាល​នឹង​ធ្វើ​ស្រែ​ចំការ​មិន​ខាន អ្នក​កុំ​ចូល​ចិត្ត​យ៉ាង​នេះ​ឡើយ !" ។
កាល​ព្រះ​ពោធិសត្វ​ថ្លែង​ហេតុ​យ៉ាង​នេះ​ហើយ ទេវតា​ឆោត​ខ្លៅ​នោះ​មិន​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​សោះ ថ្ងៃ​មួយ​បាន​សំដែង​រូបារម្មណ៍​ដ៏​ធំ​ពន្លឹក​គួរ​ខ្លាច បន្លាច​លង​គ្រហឹម​គម្រាម ដេញ​រាជសីហ៍​នឹង​ខ្លា​ធំ​ឲ្យ​រត់​បាត់​អស់​ទៅ ។
មនុស្ស​ទាំង​ឡាយ កាល​មិន​ឃើញ​ដាន​ជើង​របស់​សត្វ​ទាំង​ពីរ​នោះ ក៏​សំគាល់​ថា​រាជសីហ៍​នឹង​ខ្លា​ធំ​នៅ​ព្រៃ​ដទៃ​ហើយ ទើប​នាំ​គ្នា​កាប់​គាស់​ដើម​ឈើ​ក្នុង​ព្រៃ​អស់​ជា​ច្រើន ។ រុក្ខ​ទេវតា​នោះ លុះ​ឃើញ​ព្រឹត្តិការណ៍​ដូច្នោះ​កើត​ឡើង ទើប​ចូល​ទៅ​រក​ព្រះ​ពោធិសត្វ​ហើយ​និយាយ​ថា "សំឡាញ់ ! ខ្ញុំ​មិន​បាន​ធ្វើ​តាម​ពាក្យ​របស់​អ្នក ដេញ​សត្វ​ទាំង​ពីរ​នោះ​ឲ្យ​រត់​អស់​ទៅ ឥឡូវ​ពួក​មនុស្ស​ដឹង​ថា​សត្វ​ទាំង​នោះ​មិន​នៅ ទើប​នាំ​គ្នា​ចូល​ទៅ​កាប់​គាស់​ឈើ​ក្នុង​ព្រៃ​អស់​ជា​ច្រើន បើ​យ៉ាង​នេះ តើ​យើង​គិត​ដូច​ម្ដេច​ទើប​ស្រួល !" ។ ព្រះ​ពោធិសត្វ​បាន​ពន្យល់​ដឹង​នាំ​ប្រាប់​ឧបាយ​ថា "ឥឡូវ​សត្វ​ទាំង​ពីរ​នោះ ទៅ​នៅ​ក្នុង​ព្រៃ​ឯ​ណោះ អ្នក​ទៅ​បបួល​វា​ឲ្យ​ត្រឡប់​មក​វិញ​ចុះ" ។ រុក្ខ​ទេវតា​ក៏​ចូល​ទៅ​ក្នុង​ព្រៃ​នោះ​តាម​ពាក្យ​ពោធិសត្វ​អង្គុយ​ផ្គង​ អញ្ជលី​ខាង​មុខ​សត្វ​ទាំង​ពីរ ហើយ​អង្វរ​រក​ឲ្យ​ត្រឡប់​ទៅ​នៅ​ព្រៃ​ដដែល​វិញ ។ សត្វ​ទាំង​ពី​នោះ ទោះ​បី​ទេវតា​អង្វរ​យ៉ាង​ណា​ៗ ក្ដី​ក៏​បដិសេធ​យ៉ាង​ដាច់​ខាត​ថា "អ្នក​ចូរ​ទៅ​ចុះ យើង​មិន​ទៅ​ទេ" រុក្ខ​ទេវតា​ទាល់​គំនិត ក៏​ត្រឡប់​មក​កាន់​ព្រៃ​ជា​កន្លែង​ដើម​របស់​ខ្លួន​វិញ ។ មនុស្ស​ទាំង​ឡាយ ក៏​នាំ​គ្នា​ជីក​គាស់​កាប់​រំលើង​រំលំ​ដើម​ឈើ់​រហូត​អស់​ព្រៃ មិន​យូរ​ប៉ុន្មាន​ក៏​ធ្វើ​ផែនដី​នោះ​ឲ្យ​ទៅ​ជា​ស្រែ​ប្រកប​ការ​កសិកម្ម​អស់​ ទៅ ។
គតិ​របស់​រឿង
រឿង​នោះ​ពន្យល់​ឲ្យ​ដឹង​ថា ​                   "ខ្លា​ពឹង​ព្រៃ ព្រៃ​ពឹង​ខ្លា
ខ្លា​នៅ​ព្រៃ​បិទ                                         ព្រៃ​សណ្ឋិត​ព្រោះ​ខ្លា​នៅ
ដី​ត្រជាក់​ព្រោះ​ស្មៅ                                ស្មៅ​លូត​លាស់​ព្រោះ​ដី​ល្អ ។
អ្នក​មាន​រក្សា​ខ្សត់                                    ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ
អ្នក​ប្រាជ្ញ​រក្សា​ខ្លៅ                                    ដូច​សំពៅ​ពឹង​សំប៉ាន ។
រជាការ​បាន​ប្រាក់​ខែ                               ក៏​ព្រោះ​តែ​រាស្ត្រ​បង់​ពន្ធ
រាស្ត្រ​សុខ​ចាក​អាសន្ត                            ព្រោះ​រាជការ​ជួយ​ការពារ ។
ហេតុ​នេះ​ត្រូវ​ស្ម័គ្រ​ស្មោះ                        ជួយ​សង្រ្គោះ​គ្នា​នឹង​គ្នា
ទើប​បាន​សុខ​សាន្ត​ជា                             អស់​វេលា​យូរ​យារ​អើយ !!! ។
សុភាសិត
ការ​ជក់​អាភៀន​ការ​ញៀន​កញ្ឆា              ការ​ផឹក​សុរា​ហ៊ឺហា​ហ៊ឹក​ហ៊ាក់
ការ​លេង​ល្បែង​ភ្នាល់​បៀរ​ប៉ោ​ឡុក​ឡាក់             ឥត្ថីធុត្តៈ​ការ​លេង​ស្រី​ញី ។
ការ​ដើរ​លេង​យប់​យឺម​យូរ​ហួស​យាម                  ការ​ជាប់​ទាក់​ទាម​សេព​គប់​សម្ភី
នឹង​មនុស្ស​អាក្រក់​លាមក​ផឹក​ស៊ី                          ទាំង​នេះ​នាំ​វិនាស​អន្ដរ​ធាន ។
មហា ឱម-ណាគ្រី 
ប្រភព http://www.budinst.gov.kh/?q=node/268

សង្គហធម៌


របស់​ព្រះ​វិន័យ​ធម្ម យូរ - ប៉ុណ្ណ
នៅ​វត្ត​ឧណ្ណាលោម
ជា​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ ក្រុង​ភ្នំពេញ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
វេលា​នេះ អាត្មា​ភាព​នឹង​សំដែង​អំពី​សង្គហធម៌ ដែល​ជា​ធម៌​សម្រាប់​សង្គ្រោះ​ដល់​គ្នា​នឹង​គ្នា ។, សូម​អស់​លោក​អ្នក​ទាំងឡាយ​ចាំ​ស្ដាប់​ដុច​សំដែង​ត​ទៅ​នេះៈ
កិច្ច​ឬ​ឧបាយ​ដែល​សម្រាប់​សង្គ្រោះ​ឬ​ស្រោច​ស្រង់​គ្នា​នឹង​គ្នា​ឲ្យ​បាន​មូលមិត្រ​ហៅ​ថា សង្គហៈ ។ សង្គហៈ​នេះ​ចែក​ចេញ​ជា ៤ យ៉ាង​គឺៈ
១- ទានៈ ការ​ចែក​រលែក​ឲ្យ
២- បេយ្យវជ្ជៈ ការ​ពោល​ពាក្យ​ពីរោះ គួរ​ឲ្យ​ចាប់​ចិត្ត
៣- អត្ថចរិយា ការ​ប្រព្រឹត្ត​ឲ្យ​ជា​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា
៤- សមានត្តតា ភាព​ជា​អ្នក​តាំង​ខ្លួន​ឲ្យ​ស្មោះ​ស្មើ​ចំពោះ​បុគ្គល​ផង​គ្នា ។
សង្គហធម៌​ទាំង ៤ យ៉ាង​នេះ តែង​ប្រមូល​ជន​ទាំងឡាយ​ឲ្យ​មូលមិត្រ​គ្នា​ក្នុង​សកល​លោក ។ បើ​សង្គហធម៌​នេះ​មិន​មាន​ហើយ សាមគ្គី​គឺ​ការ​ព្រមព្រៀង​មូលមិត្រ​គ្នា ក៏​នឹង​ធ្លុះ​ធ្លាយ​បែក​បាក់​ទៅ​ពុំ​ខាន ។ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សរសើរ​សង្គហធម៌​នេះ ថា​ជា​កិច្ច​យ៉ាង​ប្រសើរ​បំផុត​ក្នុង​លោក ។
ឯ​ការ​សង្គ្រោះ​នេះ ជា​បវេណី​របស់​បុគ្គល​អ្នក​ស្ថិត​នៅ​ក្នុង​ទី​ជា​បព្វការី ដូចជា​មាតា​បិតា​មាន​ភារៈ​ខាង​សង្គ្រោះ​បុត្រ​ធីតា, អាចារ្យ​មាន​ភារៈ​ខាង​សង្គ្រោះ​សិស្ស, ចៅហ្វាយ​នាយ​មាន​ភារៈ​ខាង​សង្គ្រោះ​ទាសកម្មករ, ឥស្សជន​មាន​ព្រះ​រាជា​ជាដើម មាន​ភារៈ​ខាង​សង្គ្រោះ​ដល់​ប្រជារាស្ត្រ ។
ជន​ដែល​បាន​ធ្វើ​សេចក្ដី​សង្គ្រោះ​ចំពោះ​រូប​ណា​មួយ​ហើយ ជន​នោះ​ឈ្មោះ​ថា​ជា​បព្វការី, ជន​ជា​បព្វការី​នោះ​ក៏​គួរ​ទទួល​យក​កិច្ច​ដែល​គេ​ត្រូវ​ធ្វើ​មក​វិញ ។ សូម្បី​តែ​ជន​អ្នក​តូច​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​មាន​ចិត្ត​មេត្តា​សង្គ្រោះ​ដល់​ញាតិ​ឯ​ទៀត ៗ ក៏​គង់​មាន​អ្នក​ដទៃ​គេ​រាប់អាន ជួយ​លើក​ដំកើង​ឲ្យ​ទៅ​កាន់​ទី​ជា​ធំ​បាន ។ ព្រោះ​ហេតុ​នោះ​បាន​ជា​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ទ្រង់​មាន​បំណង​នឹង​នាំ​សត្វ​ឲ្យ​បាន​សម្រេច​គុណ​សម្បត្តិ​គឺ​ការ​តាំង​ ខ្លួន​ត្រូវ​ក្នុង​ធម៌ ទើប​ទ្រង់​សំដែង​នូវ​សង្គហ​ឧបាយ​នេះ​ទុក​ជា​ផ្លូវ​ដូច​ន័យ​ដែល​បាន​ពោល​មក​ ខាង​ដើម រួម​ចូល​ដោយ​សង្ខេប​ជា ៤ គឺៈ ទានៈ បេយ្យវជ្ជៈ អត្ថ​ចរិយា, សមានត្តតា ដូច្នេះ ។
ទី ១ ទានៈ ការ​ឲ្យ​នោះ ចែក​ចេញ​ជា ២ យ៉ាង គឺ​ឲ្យ​សំដៅ​ចំពោះ​រូប​បុគ្គល​ម្នាក់ ៗ ហៅ​ថា​អសាធារណ​ទាន ១, ឲ្យ​ជា​សាធារណៈ​ទួទៅ​មិន​សំដៅ​ចំពោះ​រូប​បុគ្គល​ម្នាក់ ៗ ហៅ​ថា សាធារណ​ទាន ១ ។ ដូចជា​មាតា​បិតា​ឲ្យ​អាហារ គ្រឿង​ប្រដាប់​ស្លៀកពាក់​ដល់​បុត្រ​ធីតា​ក្នុង​វេលា​ដែល​នៅ​កំឡោះ​ក្រមុំ ឬ​ឲ្យ​ទ្រព្យ​សម្បត្តិ​ធ្វើ​ជា​ដើម​ទុន ឲ្យ​ទី​ឋាន​ផ្ទះ​សម្បែង ក្នុង​កាល​ដែល​បុត្រ​ធីតា​ចំរើន​វ័យ​ហើយ, ចៅហ្វាយ​នាយ​ឲ្យ​ភោគ​សម្ប័ទ​ដល់​ទាសកម្មករ ញាតិ​មិត្រ​ចែក​ចាយ​គ្រឿង​ប្រើប្រាស់ នឹង​ភោជនាហារ​ដល់​គ្នីគ្នា ។ បុត្រ​ធីតា​ដែល​មាន​ផ្ទះ​សម្បែង​ហើយ បាន​ជូន​ភោជនាហារ គ្រឿង​ស្លៀកពាក់​ដល់​មាតា​បិតា​ដែល​ចាស់​ជរា, ទាសកម្មករ​ធ្វើ​ការងារ ឬ​ជូន​របស់​ដល់​ចៅហ្វាយ​នាយ​ជា​ហេតុ​សំដែង​សេចក្ដី​ចង​មេត្រី​ទៅ​រក​ចៅហ្វាយ ​នាយ, យ៉ាង​នេះ​ហៅ​ថា អសាធារណ​ទាន គឺ​បូជា​ឬ​តប​គុណ​ចំពោះ​រូប​បុគ្គល​ម្នាក់ ៗ ។
ឥស្សរជន ឬ​អ្នក​មាន​ទ្រព្យ​សម្បត្តិ ជា​អ្នក​មាន​ចិត្ត​ផ្សាយ​មេត្តា​អាណិត​អាសូរ​ប្រណី​ដល់​មហា​ជន ហើយ​លះបង់​សេចក្ដី​កំណាញ់ បរិច្ចាគ​ទ្រព្យ​ជួស​គេ​ឲ្យ​លើក​ថ្នល់ ជីក​ព្រែក ធ្វើ​ស្ពាន ដើម្បី​ជា​ផ្លូវ​គមនាគមន៍​ទៅ​មក​បាន​ស្រួល, សង់​សាលា ដាំ​ដើម​ឈើ ជីក​ស្រះ​ដើម្បី​ជា​ទី​សំណាក់​អាស្រ័យ​ដល់​មនុស្ស​អាគន្តុកៈ តាំង​បង្កើត ឬ​ទំនុក​បម្រុង​ធ្វើ​ផ្ទះ​ពេទ្យ​ជា​ទី​ព្យាបាល​រោគ​សព្វ​យ៉ាង, តាំង​បង្កើត ឬ​ទំនុក​បម្រុង​សាលា​បង្រៀន​ជា​ទី​ឲ្យ​ចំណេះ​វិជ្ជា​ដល់​កុមារា​កុមារី ។ យ៉ាង​នេះ​ហៅ​ថា​ឲ្យ​ឬ​សង្គ្រោះ​ជា​សាធារណៈ​មិន​ចំពោះ​រូប​បុគ្គល ។ ទាន​មាន​សភាព​យ៉ាង​នេះ​អាច​ឲ្យ​សេចក្ដី​សុខ​ដ៏​ធំ​ទូលាយ ជាង​ឲ្យ​ចំពោះ​រូប​បុគ្គល​ម្នាក់ ៗ ព្រោះ​ពង្រីក​មេត្តា​ចិត្ត​ផ្សាយ​ទៅ​ក្នុង​លោក​ទាំង​មូល ។ ទានៈ​ការ​ឲ្យ​ឬ​សង្គ្រោះ​ដោយ​ផ្សាយ​មេត្តា​ចិត្ត​យ៉ាង​នេះ ចាត់​ជា​បារមី ១ ហៅ​ថា ទាន​បារមី ។ ទាម​បារមី​នេះ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ធ្លាប់​បាន​បំពេញ​បាន​សន្សំ​មក​ច្រើន​ ជាតិ​ឥត​គណនា​ឡើយ, លុះ​ព្រះ​អង្គ​បាន​ត្រាស់​ហើយ​ទ្រង់​សំដែង​នូវ​សង្គហ​ទាន​នេះ ថា​ជា​កន្លែង ឬ​ដំណើរ​នៃ​សេចក្ដី​សុខ​ក្នុង​លោក​នេះ នឹង​លោក​ខាង​មុខ, នេះ​ជា​សង្គហ​ទី ១ ។
ទី ២ បេយ្យវជ្ជៈ បើ​គ្រាន់​តែ​ឲ្យ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ពោល​ពាក្យ​ពិរោះ​គួរ​ឲ្យ​ចាប់​ចិត្ត​ផង​ទេ, វត្ថុ​ដែល​ឲ្យ​នោះ បើ​ទុក​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ចុះ ក៏​ប្រាកដ​ហាក់​ដូចជា​តិច, បើ​ពោល​ពាក្យ​ពិរោះ​គួរ​ឲ្យ​ស្រណោះ​ចាប់​ចិត្ត, ភ័ស្ដុភា​ដែល​ឲ្យ​នោះ សូម្បី​តិច​តួច​សោះ ក៏​ប្រាកដ​ហាក់​ដូចជា​ច្រើន, ព្រោះ​ធ្វើ​ឲ្យ​កើត​សេចក្ដី​ស្រឡាញ់​ពេញ​ចិត្ត ធ្វើ​អ្នក​ដែល​មាន​ឧបការៈ​ឲ្យ​ជា​ទី​រាប់អាន​ក្រៃលែង​ឡើង​។ ព្រោះ​ហេតុ​នោះ​បាន​ជា​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ចាត់​បេយ្យវជ្ជៈ ថា​ជា​សង្គហ​ទី ២ ។
បេយ្យវជ្ជៈ ប្រែ​ថា​ពាក្យ​ដែល​ពិរោះ​គួរ​ពេញ​ចិត្ត គួរ​ចាប់​ចិត្ត ចែក​ចេញ​ជា ២ យ៉ាង​គឺៈ បិយវាចា បាន​ខាង​វាចា​ពីរោះ​ទន់​ផ្អែម ធ្វើ​អ្នក​និយាយ​ឲ្យ​ជា​ទី​ស្រឡាញ់​របស់​អ្នក​ស្ដាប់ ១, អត្តសញ្ហិតា វាចា វាចា​ប្រកប​ដោយ​ប្រយោជន៍ ១ ។
បិយវាចា អាច​នឹង​ទាញ​ចិត្ត​មនុស្ស​ក្នុង​លោក​ឲ្យ​ស្រឡាញ់​រាប់អាន​គ្នា​បាន, ដូចជា​មាតា​បិតា ចរចា​នឹង​បុត្រ​ធីតា​ដោយ​ពាក្យ​ទន់​ផ្អែម​ដូច​ហៅ​ថា កូន ថា នាង ដូច្នេះ​ជាដើម ពាក្យ​នេះ​គួរ​ឲ្យ​ចាប់​ចិត្ត​ដល់​បុត្រ​ធីតា​ពន់ពេក ធ្វើ​ឲ្យ​កើត​សេចក្ដី​ស្រឡាញ់ ។ បុត្រ​ធីតា​ដែល​ចេះ​និយាយ​ពាក្យ​ពិរោះ​គួរ​ឲ្យ​ចាប់​ចិត្ត, មាតា​បិតា​ក៏​ស្រឡាញ់​ពេញ​ចិត្ត ។ ជន​ជា​ឥស្សរ​ដែល​ឈ្លាស​ក្នុង​ការ​បដិសន្ថារ​ពោល​ពាក្យ​រាក់ទាក់​ប្រស្រ័យ​ រួសរាយ​ដល់​អ្នក​តូច​ទួទៅ​គ្រប់​ជាន់ គ្រប់​ថ្នាក់, រមែង​ធ្វើ​ខ្លួន​ឲ្យ​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត​របស់​មនុស្ស​ទាំងឡាយ ចេះ​និយាយ​ដឹកនាំ​អ្នក​តូច​ឲ្យ​មាន​គំនិត​ធ្វើ​កិច្ចការ​ដោយ​សេចក្ដី​ ប្រឹងប្រែង ហើយ​ឲ្យ​ជា​សុចរិត​បាន​ផង ។ វាចា​ទន់ភ្លន់​នេះ​ឯង បើ​ទុក​ជា​មនុស្ស​នោះ​ពី​ដើម​ធ្លាប់​ទាស់ទែង​ខ្វែង​គំនិត​គ្នា ដល់​ទៅ​មើល​មុខ​គ្នា​មិន​ត្រង់​ក៏​ដោយ កាល​បើ​បាន​ឮ​សំដី​ពិរោះ​ញយ ៗ ក៏​អាច​នឹង​ស្រាយ​កំហឹង​នោះ​បាន ។ ដូចពាក្យ​បុរាណ​លោក​ពោល​ថា "សំដី​ជា​ឯ្ លេខ​ជា​ទោ" សំដី​នេះ​លើក​ទុក​ជា​ទី​មួយ ចំណេះ​វិជ្ជា​លើក​ទុក​ជា​ទី​ពីរ ។ អ្នក​ដែល​មាន​ចំណេះ​យ៉ាង​ណា​ក៏​ដោយ​ចុះ, ប៉ុន្តែ​បើ​ពោល​វាចា​មិន​ជា​ទី​គាប់​ចិត្ត​ជា​វាចា​គំរោះ​គំរើយ​មិន​ពេញ​ ចិត្ត​អ្នក​ស្ដាប់ អ្នក​មាន​ចំណេះ​នោះ ក៏​ឥត​មាន​គេ​រាប់​រក​ទៅ​វីញ ។ ជន​អ្នក​ខ្សត់​ខ្សោយ​ចំណេះ​វិជ្ជា​សោះ​ទេ, ប៉ុន្តែ​បើ​មាន​វាចា​ពិរោះ ចេះ​ឱន​លំទោន​សុភាព​រាបសា​ល្អ​គួរ​ឲ្យ​ពេញ​ចិត្ត, គង់​មាន​អ្នក​ដទៃ​គេ​រាប់​រក​គេ​ជួយ​សង្គ្រោះ គេ​បូជា ឬ​ឲ្យ​វត្ថុ​នេះ​នោះ​ពុំ​ខាន ។ ទាំង​នេះ​ក៏​ដោយ​សា​វាចា​ពិរោះ ។ ប៉ុន្តែ​មនុស្ស​ម្នាក់ ៗ មិន​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ឥត​ចំណេះ​វិជ្ជា​ទេ, ត្រូវ​តែ​ខំ​ប្រឹង​រៀន​សូត្រ​ជា​ដរាប ។
អត្ថសញ្ហិតា វាចា វាចា​ប្រកប​ដោយ​ប្រយោជន៍ ។ ជន​អ្នក​ស្រឡាញ់​សេចក្ដី​សុខ-ចំរើន និយាយ​តែ​សំដី​ណា​ដែល​ប្រកប​ដោយ​ប្រយោជន៍ ជា​សំដី​មាន​តម្លៃ​ឲ្យ​អ្នក​ស្ដាប់​ចូល​ចិត្ត​ចង់​ស្ដាប់, ហើយ​អ្នក​ស្ដាប់​នោះ យក​ទៅ​ធ្វើ​តាម ប្រតិបត្តិ​តាម​ទៅ ក៏​រមែង​កើត​ផល​កើត​ប្រយោជន៍ ។ សំដី​យ៉ាង​នេះ ចាត់​ជា​សំដី​បាន​ការ ជា​សំដី​អ្នក​ប្រាជ្ញ ។
ព្រះ​បរម​សាស្ដា ទ្រង់​ទេសនា​ដឹកនាំ​វេនយ្យ​សត្វ ឲ្យ​ឃើញ​ដោយ​បញ្ញា​ថា យ៉ាង​នេះ​ជា​ធម៌ យ៉ាង​នោះ​មិន​មែន​ជា​ធម៌, ទ្រង់​ពន្យល់​ឲ្យ​លះ​អកុសល​ចេញ ហើយ​ឲ្យ​សមាទាន​យក​កុសល​ធម៌​វិញ ឲ្យ​អាច​ហាន​ឲ្យ​រីករាយ​ក្នុង​ធម៌​នោះ ៗ ទ្រង់​បណ្ដុះ​សេចក្ដី​រាប់អាន​របស់​មហា​ជន​ទាំង​គ្រហស្ថ​ទាង​បព្វជិត​ឲ្យ​ មាន​កំឡាំង​តាំង​នៅ​អស់​កាល​ដ៏​យូរ​អង្វែង ។ ព្រះ​ពុទ្ធសាសនា​ដែល​នឹង​អាច​តាំង​នៅ​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ក៏​អាស្រ័យ ព្រះ​ពុទ្ធ​វាចា ជា​សច្ច​វាចា ជា​អត្ថសញ្ហិតា វាចា, វាចា​ពិត, វាចា​មាន​ប្រយោជន៍ ។ វាចា​មាន​ប្រយោជន៍​នេះ ជា​សំដី​កាត់​ថ្លៃ​ពុំ​បាន ។ ការ​ពោល​ពាក្យ​ពីរោះ​យ៉ាង​នេះ ចាត់​ជា​សង្គហធម៌​ទី ២ ។
ទី ៣ អត្ថចរិយា កិរិយា​ប្រព្រឹត្ត​ជា​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា​នោះ គឺ បើ​ប្រសិន​ជា​ឲ្យ ឬ​និយាយ​ពាក្យ​ពីរោះ ជា​គុណ​ចាប់​ចិត្ត​ចង​មេត្រី​ទុក​បាន​យ៉ាង​ស្និទ​ក៏​ពិត, ប៉ុន្តែ​បើ​ជា​មនុស្ស​ចេះ​តែ​មើល​បំណាំ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ប្រព្រឹត្ត​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា គឺ​ថា​មិន​ហុច​ប្រយោជន៍​ឲ្យ គ្រាន់​តែ​ឲ្យ​របស់​ប្រើប្រាស់ នឹង​និយាយ​តាម​ការ​សម្រួល​ប៉ុណ្ណោះ ការ​ជិត​ស្និទ្ធ​នោះ​ក៏​នឹង​សាប​រលាប​ទៅ​វិញ​បាន​ដោយ​ងាយ ។ ព្រោះ​ហេតុ​នោះ អត្ត​ចរិយា​ការ​ប្រព្រឹត្ត​ជា​ប្រយោជន័​ដល់​គ្នា​នឹង​គ្នា​នេះ ក៏​ជា​គុណ​យ៉ាង​សំខាន់​អាច​យឹត​យោង​គ្នា​នឹង​គ្នា​ឲ្យ​ទៅ​កាន់​សេចក្ដី​ សុខ-ចំរើន​ត​វែង​ទៅ​បាន ។
ឯ​ការ​យឹត​យោង​ឲ្យ​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា​នោះ ដូចជា​មាតា​បិតា​ខ្វល់ខ្វាយ​ធ្វើ​ប្រយោជន៍​ឲ្យ​បុត្រ​ធីតា គឺ​ខំ​ស្វះ​ស្វែង​រក​ទ្រព្យ​សម្បត្តិ ចំណេះ​វិជ្ជា ផ្ដល់​ឲ្យ​បុត្រ​ធីតា​តាម​ជាន់​តាម​ថ្នាក់, ចំណែក​បុត្រ​ធីតា​វិញ​ក៏​ជួយ​ខ្វល់ខ្វាយ​ក្នុង​កិច្ចការ​របស់​មាតា​បិតា គឺ​ថា​ត្រូវ​ចិញ្ចឹម​គាត់​ដោយ​ការ​តប​គុណ ។ ឥស្សរ​ជន​ជួយ​ធុរៈ​ដល់​អ្នក​ត្រូវ​ការ​ពឹងពាក់​ព្យាបល​ទំនុក​បម្រុង​ឲ្យ​មាន ​កេរ្តិ៍​ឈ្មោះ​យស​សក្ដិ៍ ប្រកដ​ក្នុង​ទី​ប្រជុំ​ជន, រមែង​ជា​ទី​និយម​រាប់អាន​របស់​អ្នក​ពឹងពាក់, អ្នក​ដែល​ពឹងពាក់​សោត​ទៀត​ក៏​ត្រូវ​ធ្វើ​កិច្ចការ​របស់​លោក​ឲ្យ​សម្រេច​តាម​ ទំនង​ដែល​លោក​ប៉ុនប៉ង ធ្វើ​ខ្លួន​ឲ្យ​លោក​ជឿជាក់​នឹង​ទុក​ចិត្ត​បាន ឲ្យ​លោក​ស្រឡាញ់​រឹងរឹត​តែ​ខ្លាំង​ឡើង ។
មិត្រ​សំឡាញ់ ក៏​ត្រូវ​ជួយ​ខ្វល់ខ្វាយ​កិច្ច​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​កម្លាំង​កាយ​ខ្លះ ដោយ​កំឡាំង​វាចា​ខ្លះ កំឡាំង​គំនិត​ខ្លះ កំឡាំង​ទ្រព្យ​ខ្លះ ឲ្យ​សម​តាម​ទំនង​ពុទ្ធ​ភាសិត​ថា អត្ថម្ហិ ជាតម្ហិ សុខា សហាយា មិត្រ​សំឡាញ់​ទាំងឡាយ កាល​បើ​ធុរៈ​កើត​ឡើង, រមែង​ជួយ​នាំ​ឲ្យ​បាន​សេចក្ដី​សុខ ទើប​មាន​មេត្រី​ចិត្ត​រាប់​រក​គ្នា​យ៉ាង​ស្និទ្ធ ។ សូម្បី​ញាតិ​ក៏​ដូច​គ្នា ត្រូវ​តែ​ជួយ​ធុរៈ​គ្នា​តាម​លំដាប់​ញាតិ, មិន​ចាំបាច់​ញាតិ​សាច់​សាលោហិត​ជិត​គ្នា​ទេ ឲ្យ​តែ​រួម​ជាតិ​ជា​មួយ​គ្នា ក៏​ត្រូវ​តែ​ជួយ​ផ្ដល់​ប្រយោជន៍​ឲ្យ​តាម​សមគួរ យ៉ាង​នេះ​ទើប​រាប់​រក​គ្នា​ទៅ​ពេល​មុខ​បាន​ស្រួល​ល្អ ។ ឯ​ការ​ដឹកនាំ​តាម​ផ្លូវ​ធម៌​ទៀត​សោត ក៏​ត្រូវ​បបួល​គ្នា​ឲ្យ​បរិច្ចាគ​ធនធាន​ធ្វើ​កុសល​ដើម្បី​ញ៉ាំង​គ្នីគ្នា​ ឲ្យ​ស្រុះ​ស្រួល​គំនិត​ក្នុង​ការ​បុណ្យ​នោះ ឲ្យ​ចេះ​ស្និទ្ធ​ស្នាល​គ្នា​ត​ទៅ ។ ដូច​ជន​អ្នក​មាន​សីលធម៌​ល្អ អាច​ដឹកនាំ​អ្នក​ឥត​សទ្ធា ឥត​សីល ឲ្យ​មាន​សីល កំណាញ់​ស្វិតស្វាញ ឲ្យ​មាន​ចិត្ត​ទូលាយ​បរិច្ចាគ​ទ្រព្យធ្វើ​បុណ្យ អ្នក​ល្ងង់​ខ្លៅ​ឲ្យ​មាន​ប្រាជ្ញា ។ យ៉ាង​នេះ​ឈ្មោះ​ថា​ប្រព្រឹត្ត​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា រាប់​ថា​ជា​សង្គហ ទី ៣ ។
ទី ៤ សមាត្តតា ភាព​ជា​អ្នក​តាំង​ខ្លួន​ឲ្យ​ស្មោះ​ស្មើ​ទៅ​រក​បុគ្គល​ផង​គ្នា​តាម​សមគួរ​ នោះ, គឺ​បុគ្គល​សូម្បី​គ្រាន់​តែ​ឲ្យ ឬ​និយាយ​ពាក្យ​ពិរោះ​ព្រម​ទាំង​ជួយ​ខ្វល់ខ្វាយ​ធ្វើ​ប្រយោជន៍ ឬ​ណែនាំ​ប្រាប់​ប្រយោជន៍​ដល់​គ្នា​នឹង​គ្នា​តែ​ប៉ុណ្ណោះ, តែ​បើ​មិន​ចេះ​រៀបចំ​ខ្លួន​ប្រាណ​ឲ្យ​សម​តាម​អត្តភាព គឺ​មិន​ស្គាល់​ធំ-តូច-ខ្ពស់-ទាប ជា​អ្នក​ប្រកាន់​មានះ ក្អេងក្អាង​មើល​ងាយ​គេ ធ្វើ​ឫកពា​ក្រអឺត​ក្រអោង​យ៉ាង​នេះ​ទេ, សេចក្ដី​រាប់អាន​គ្នា​ក៏​នឹង​សាប​រលាប​ទៅ​វិញ ។ លុះ​តែ​អាស្រ័យ​នូវ​សេចក្ដី​ស្មោះ​ស្មើ តាំង​ខ្លួន​ឲ្យ​សម​តាម​អត្តភាព​ផង, ទើប​សេចក្ដី​រាប់អាន​នោះ​នឹង​មាន​កម្លាំង​អាច​តាំង​នៅ​បាន​យូរ​អង្វែង​ទៅ​ បាន ។
ជន​អ្នក​មាន​វ័យ​តិច សូម្បី​វិសេស​ជាង​ដោយ​យស​សក្ដិ ដោយ​អំណាច ដោយ​ភោគ​សម្ប័ទ ដោយ​បរិវារ​ប៉ុន​ណា, ក៏​ត្រូវ​តាំង​ខ្លួន​ឲ្យ​សម​តាម​បែប​ភាព យស​សក្ដិ​ជាដើម​ប៉ុណ្ណោះ, គឺ​ត្រូវ​តែ​គំនាប់​គាប់​សួរ​ដល់​ជន​អ្នក​មាន​វ័យ​ចំរើន​ជាង​ខ្លួន, ពី​ដើម​មក​ធ្លាប់​រាប់អាន​យ៉ាង​ណា ខាង​ក្រោយ​មក​ក៏​ត្រូវ​រាប់អាន​យ៉ាង​នោះ ។ ជន​ទាំងឡាយ ដែល​បាន​ទទួល​សេចក្ដី​គោរព​កោត​ក្រែង​យ៉ាង​នេះ​ហើយ, ក៏​រមែង​ស្រឡាញ់​ពេញ​ចិត្ត​សំដែង​អាការ​រាប់​រក​ទៅ​វិញ ។
ពួក​ញាតិ​ដែល​មាន​វ័យ​ស្មើ ៗ គ្នា​ទៀត​សោត ក៏​ត្រូវ​សំដែង​សេចក្ដី​រាប់អាន​គ្នា​ដោយ​ពេញ​ចិត្ត​ចំពោះ​ញាតិ​ផង​គ្នា, ទោះ​និយាយ​ស្ដី​ក្ដី ធ្វើ​ការងារ​អ្វី​ក្ដី ដេក-ដើរ-ឈរ-អង្គុយ​ក្ដី ក៏​ត្រូវ​ប្រតិបត្តិ ត្រូវ​ធ្វើ ត្រូវ​និយាយ​ស្ដី​ឲ្យ​សម​តាម​អត្តភាព​របស់​ខ្លួន ។ ញាតិ​ដែល​ជា​អ្នក​ធំ​មាន​មេត្តា​រាប់​រក​ញាតិ​ដែល​ជា​អ្នក​តូច ស្និទ្ធស្នាល​គ្នា​ទៅ​វិញ​ទៅ​មក ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​គាំពារ​វង្ស​ត្រកូល​របស់​ខ្លួន​ឲ្យ​ចំរើន, សេចក្ដី​សាមគ្គី​នៃ​ញាតិ​នេះ, រមែង​ញ៉ាំង​សេចក្ដី​សុខ​ឲ្យ​កើត​មាន​ទួទៅ​សព្វ​គ្នា, ដូច​មាន​ពុទ្ធ​ភាសិត​ថា ធីរោ ច សុខ សំវាសោ ញាតីនំវ សមាគមោ អ្នក​ប្រាជ្ញ​ដែល​មាន​មនុស្ស​មក​នៅ​រួម​ជា​មួយ​ហើយ, រមែង​ញ៉ាំង​សុខ​ឲ្យ​កើត​ដូច​ជា​គ្នា​ជួប​ជុំ គឺ​សេចក្ដី​ព្រមព្រៀង​នៃ​ញាតិ​ដូច្នោះ​ដែរ ។
មួយ​ទៀត​ជន​ដែល​អាស្រ័យ​នៅ​ក្នុង​គណៈ​ដូច​ជា​ភិក្ខុ​សង្ឃ ដែល​អាស្រ័យ​នៅ​ជា​មួយ​គ្នា​បាន ក៏​ដោយ​អំណាច​មាន​ធម៌​ស្មើ​គ្នា ។ បើ​មិន​ដូច្នោះ​ទេ ក៏​មិន​អាច​នឹង​រក្សា​សាមគ្គី​ឲ្យ​គង់​នៅ​បាន​ឡើយ ។ ព្រោះ​ហេតុ​នោះ បាន​ជា​លោក​ដែល​ជា​ប្រធាន​នៃ​គណៈ​ត្រូវ​បំភ្លឺ​ដើម្បី​ឲ្យ​មនុស្ស​ទាំងឡាយ​ ក្នុង​គណៈ និយម​ធ្វើ​តាម​សណ្ដាប់​ធ្នាប់​របស់​គណៈ កំចាត់​បង់​នូវ​មនុស្ស​ដែល​ល្មើស​ចេញ ហើយ​រក្សា​សាមគ្គី​របស់​គណៈ​ឲ្យ​តាំង​នៅ​មាំមួន​ឡើង ។
សមានត្តតា​នេះ បើ​ធ្វើ​ឲ្យ​សម​ដល់​ហេតុ​ផល​របស់​បុគ្គល​ឬ​គណៈ​ហើយ រមែង​យឹតយោង​បុគ្គល​នឹង​គណៈ​នោះ ឲ្យ​តាំង​នៅ​ក្នុង​សាមគ្គី​ធម៌​យ៉ាង​ជិត​ស្និទ្ធ​បាន នេះ​ចាត់​ជា​សង្គហ​ទី ៤ ។
សង្គហធម៌​ទាំង ៤ ចប់​តែ​ប៉ុណ្ណេះ ។
កាល​បើ​ចប់​ធម៌​ទេសនា​ហើយ​សូម​ផ្សាយ​ចំណែក​កុសល ដល់​អស់​លោក-អ្នក​ទាំងឡាយ ដែល​ឋិត​នៅ​ក្នុង​កម្ពុជ​រដ្ឋ​ទាំង​មូល សូម​ឲ្យ​បាន​សេចក្ដី​សុខ-ចំរើន​ត​រៀង​ទៅ ។
ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា
សោកប្បត្តា ច និស្សោកា ហោន្តុ សព្វេបិ បាណិនោ ។
សព្វ​សត្វ​ទាំងឡាយ​ដែល​ដល់​នូវ​សេចក្ដី​ទុក្ខ ក៏​ឲ្យ​បាត់​ទុក្ខ​ទៅ, ដែល​ដល់​នូវ​ភ័យ ក៏​ឲ្យ​បាត់​ភ័យ​ទៅ, ដែល​ដល់​នូវ​សេចក្ដី​សោក ក៏​ឲ្យ​បាត់​សោក​ទៅ (ដោយ​អំណាច​ធម៌​ទេសនា​នេះ) ។
សំដែង​អំពី​សង្គហធម៌ ៤ យ៉ាង​ចប់​តែ​ប៉ុណ្ណេះ 
ប្រភព http://www.budinst.gov.kh/?q=node/271